សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ជីគីមី​បន្ត​ឡើងថ្លៃ​ធ្វើ​ឱ្យ​ថ្លៃដើមដាំដុះ​របស់កសិករ​កើនឡើង​ ខណៈ​កម្ពុជា​បន្តនាំចូល​ជីគីមី១​លាន​​តោន​​​ក្នុង​​មួយឆ្នាំ

កសិករម្នាក់កំពុងបាចជីក្នុងស្រែនៅក្នុងខេត្តស្វាយរៀងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)
កសិករម្នាក់កំពុងបាចជីក្នុងស្រែនៅក្នុងខេត្តស្វាយរៀងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

ជីគីមីនៅ​តែ​​បន្ត​​ហក់​ឡើងថ្លៃ ​ធ្វើ​ឱ្យ​ថ្លៃដើមសម្រាប់​ដាំដុះ​របស់កសិករ​​បន្ត​កើនឡើង​ ខណៈ​​បច្ចុប្បន្ន​ការផលិតជីក្នុង​ស្រុក​​បាន​ត្រឹម​៨០​ម៉ឺន​តោន ​និង​ត្រូវ​បន្ត​នាំចូល​ជីគីមី​ពី​បរទេស​​ដល់ ​១លាន​តោន​ថែមទៀត ​ដោយ​ត្រូវ​ចំណាយ​ថវិកា​ពី ៣០០​ទៅ​៤០០​លាន​ដុល្លារ​​ក្នុង​១ឆ្នាំៗ។

កាល​ពីឆ្នាំ២០២៣​ កម្ពុជា​បាន​នាំចូល​ជីគីមី​កសិកម្មមក​​ពីជាង​៣០​ប្រទេស​មាន​​ប្រមាណ ៧៨​ម៉ឺន​​តោន​។ ឆ្នាំ​២០២៤​ឡើង​ដល់ ​៩៦​ម៉ឺន​តោន​ ឆ្នាំ២០២៥​ កើន​​ដល់​ ១លាន​តោន​​ ហើយ​​បើ​គិត​ត្រឹម​រយៈ​ពេល​​៩​ខែ ​​ឆ្នាំ​២០២៦​នេះ កម្ពុជា​​បាន​នាំចូល​ជីគីមី ​​៦៥​ម៉ឺន​តោន​។ នេះ​បើ​យោង​តាម​តួលេខ​របស់​អគ្គ​នាយកដ្ឋាន​គយ​ និង​រដ្ឋាករ​​។

​ទាក់​ទង​នឹង​ជី​កសិកម្ម​នេះ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​ថ្លែងថា ការ​នាំចូល​ជី​របស់​កម្ពុជា​ប្រមាណ ១លាន​តោន​ជារៀង​រាល់​ឆ្នាំនេះ គឺ​​ត្រូវ​​ចំណាយ​​ថវិកា​ទៅ​ទិញ​​ចន្លោះ​ពី ​៣០០​ទៅ​ ៤០០​លាន​ដុល្លារក្នុង​១ឆ្នាំៗ។

លោក​ ​ច័ន្ទវាសនា​ បាន​ឱ្យ​ដឹង​ថា ៖«បច្ចុប្បន្ន​កម្ពុជា​មាន​ក្រុមហ៊ុន​ដែល​ធ្វើការ​នាំចូល​ផ្គត់​ផ្គង់ និង​​ចែក​ចាយ​ជីកសិកម្ម​​សរុប​ប្រមាណ ១៦៣​ក្រុម​ហ៊ុន​។ ក្រុម​ហ៊ុន​ទាំង​នេះ​បាន​ទៅ​ទិញ​ជី​​ពី​៣៤​ប្រទេស​ទូទាំង​ពិភពលោក ​​យក​មក​លក់​ជូន​បងប្អូន​ប្រជាកសិករ​តាម​រយៈ​ដេប៉ូ​ដែល​លក់ជី​ លក់​ថ្នាំកសិកម្ម​ នៅ​តាម​​​ឃុំ​ តាម​ស្រុក​ដែល​ប្រហែល​ ៤៥០០​ដេប៉ូនៅ​ទូទាំង​ប្រទេស»។

ក្នុង​ចំណោម​ ​៣៤​ប្រទេស​ដែល​​កម្ពុជា​បាន​នាំជីចូល​ ​មាន​ពីប្រទេសវៀត​ណាម ថៃ​ ឡាវ ប្រ៊ុយ​ណេ​ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី​ ចិន ជប៉ុន​ រហូតដល់​ប្រទេស​នានានៅ​តំបន់​អឺរ៉ុប ​​នៅ​​អាហ្វ្រិក​ និង​ក៏​ទៅ​ដល់​ប៉ែក​ខាង​ទ្វីប​អាមេរិក​ផងដែរ​។

នៅពេល​សួរថា តើ​ក្រសួង​កសិកម្ម​ បាន​ធ្វើ​អ្វីខ្លះ ទាក់​ទង​ការ​គ្រប់គ្រងធាតុ​ចូល​និង​ជីកសិកម្ម​ ? លោក​ ច័ន្ទ​វាសនា ​ថ្លែងថា ​ក្រសួង​កសិកម្ម ​ផ្តល់​អាទិភាព​​លើ​រឿង​មួយ​ចំនួន ​ក្នុង​នោះ​ត្រូវ​ធានា​ធ្វើយ៉ាងម៉េច​ឱ្យ​មាន​ជី​គ្រប់គ្រាន់​និង​គ្រប់​ពេល​វេលា​សម្រាប់​ផ្គត់​ផ្គង់​ជូន​ប្រជាកសិករ​ ដែល​ត្រូវ​ការជី​សម្រាប់​ដាំដុះ។ លោក​បញ្ជាក់ថា ៖«ទី២​ ត្រូវ​ធានាថា ​ជីដែល​នាំ​ចូល​មកនេះ ​គឺ​ជាជី​ដែល​​​មាន​គុណភាព ​ជួយ​ដល់ការលូតលាស់​ដំណាំ​របស់កសិករបានល្អ។ ចំណុច​ទី៣​ ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យ​ជីដែល​នាំ​ចូល​យក​មកលក់​​មាន​តម្លៃ​សមរម្យ ​មានការប្រកួត​ប្រជែង ​​មិន​ផ្តាច់​មុខ​ ដើម្បី​បាន​ជាប្រយោ​ជ​ន៍​​ដល់​កសិករ​»។

ហេតុដូច្នេះ​ហើយទើប​មាន​ការអនុញ្ញាត​ឱ្យក្រុម​ហ៊ុន​រហូត​ដល់​ជាង​១៦០​​ធ្វើការ​នាំចូល ​និង​ចែក​ចាយ​ជីកសិកម្ម ដើម្បី​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង ​ខណៈ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​​ភាគច្រើន ​ពុំ​មាន​ដើម​ទុន​ច្រើន​​ដល់​ ៣០០-៤០០​លាន​ដុល្លារ​​ក្នុងការ​នាំចូល​ជីនោះទេ។ លោក ​គង់ ច័ន្ទវាសនា​បាន​ថ្លែង​បែបនេះ​នៅក្នុងកិច្ច​ពិភាក្សា​«វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE26)» នៅកោះពេជ្រ​​កាល​ពីថ្ងៃទី​២៤​ ខែតុលា។

បើ​តាម​ប្រភពពីកសិករ និង​អ្នក​ជំនាញ​មួយ​ចំនួនក្នុង​ឆ្នាំ​២០២៦​នេះ​ ជីគីមី​កសិកម្ម ​បាន​ហក់​ឡើង​ថ្លៃដល់​ពី​ ២៥​ទៅ​ ៣០​ភាគរយ។

លោក​ ច័ន្ទ សុភ័ក្រ ​​ជាកសិករនៅក្នុង​ខេត្ត​តាកែវ​បាន​អះអាងថា ជីកសិកម្ម​បាន​ឡើងថ្លៃពី១០០ដុល្លារ​​ទៅ​២០០ដុល្លារក្នុង​១​តោន ​បូក​ទាំង​ថ្លៃដឹក​ជញ្ជូន​គឺ​ឡើង​សរុប​ប្រមាណ ៣០ភាគ​រយ។ លោក​ចោទសួរថា៖«តើកសិករផលិត(ដាំ)អ្វី និងដោយវិធីណាដើម្បីបានចំណេញពីការ​ធ្វើ​កសិកម្ម?​»។

ចំណែក​លោក​ បូ ពៅ កសិករ ដំណាំកាកាវ នៅ​ភូមិនាងលេម ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង​បាន​ឱ្យ​ដឹងថា បញ្ហាប្រឈម​របស់កសិករ​ដែល​តែង​តែកើតឡើង​ជារៀង​រាល់​ឆ្នាំ​​គឺ​ការ​ខ្វះទឹកធ្វើស្រែ និងទឹកលិចស្រែ​ដោយ​សារ​តែ​ខ្វះប្រព័ន្ធធារាសាស្រ្ត។ បន្ថែមពីនេះ​ ជីគីមី​ ថ្នាំគីមីកសិកម្ម​ឡើង​ថ្លៃ និង​ការ​ខ្វះទីផ្សារសម្រាប់លក់​កសិផល​ក្នុង​តម្លៃ​សម​រម្យនៅ​តែ​ជាបញ្ហា​ប្រឈម​ដែល​​ធ្វើ​ឱ្យ​កសិករជួប​ការលំបាក​យ៉ាងខ្លាំង​។

ដើម្បី​ជួយ​ដល់​កសិករ​ លោក​ បូ ពៅ​​ បាន​អំពាវនាវ​ឱ្យរដ្ឋាភិបាល ក្រសួង​ពាក់​ព័ន្ធ ​និង​អាជ្ញាធរ កសាងប្រព័ន្ធធារាសាស្រ្ត និងអាងស្តុកទឹកឱ្យ​មាន​ទឹក​ខួប​ប្រាំង​ខួប​វស្សា កំណត់តម្លៃកសិផល និងត្រូវមានទុន​បម្រុងសម្រាប់ទិញកសិផលពីកសិករពេលឈ្មួញបន្ទាបតម្លៃ​ផងដែរ។

លោក​បន្ថែម​ថា៖ «រឹតបណ្តឹងការនាំចូលបន្លែ ត្រី សាច់ ផ្លែឈើមានសារធាតុគីមី ហើយលើកស្ទួយ​កសិកផលក្នុងស្រុក។ ត្រូវចាត់តាំងមន្រ្តីជំនាញចុះជួយបច្ចេកទេសដល់កសិករ ឱ្យបានជាប្រចាំ និងទៀងទាត់។ រដ្ឋាភិបាលត្រូវប្រើមន្រ្តីឱ្យត្រូវជំនាញនិងមានទំនួលខុសត្រូវចំពោះកាតព្វកិច្ច»។

បន្ថែម​ពីនេះ​លោក​ថា ក្រសួងជំនាញពាក់ព័ន្ធជាច្រើនត្រូវ​កំណត់តម្លៃកសិផលលើទីផ្សារ មិនត្រូវបណ្តោយឱ្យឈ្មួញក្រឡុកតម្លៃតាមចិត្តនោះទេ ហើយ​រដ្ឋត្រូវបង្កើតធនាគារកសិករដោយយកអត្រាកាប្រាក់ទាបបំផុត។

កសិករ​រូបនេះ​និយាយ​ថា៖ «ដំណាំកាកាវត្រូវការទឹកតែខ្វះប្រព័ន្ធស្រោចស្រប់និងប្រភពទឹក ការប្រើប្រាស់ថ្នាំគីមីមិនសូវមានប្រសិទ្ធភាព ចំណាយកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ»។

មន្ត្រីក្រសួង​កសិកម្ម​ចុះត្រួត​ពិនិត្យ​ជីនៅកន្លែង​ស្តុកជី​របស់ក្រុម​ហ៊ុនវីរៈ​ប៊ុន​ថាំ ​កាលពីថ្ងៃទី​១០​ខែតុលា ឆ្នាំ២០២៦។ (រូបភាព៖ ក្រសួង​កសិកម្ម)

បើតាមលោក គង់ ច័ន្ទវាសនា ​ក្រៅ​ពី​មាន​ក្រុម​ហ៊ុន​នាំចូល​​លក់​និង​ចែកចាយ​ជីកសិកម្ម​ចំនួន​១៦៣ កម្ពុជា​ក៏មានក្រុម​ហ៊ុន​ និង​សិប្បកម្ម​​ផលិតជី​ធម្មជាតិ​ឬក៏ជីសរីរាង្គ​ក្នុងស្រុក​ចំនួន ​៣១​ដែល​អាច​ផលិតជីបាន​ប្រមាណ​៨ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​ដើម្បី​ផ្គត់​ផ្គង់​ទីផ្សារក្នុងស្រុក​ផងដែរ​។

នៅពេល​សួរថា តើ​កម្ពុជា​ដល់​ពេល​ហើយ​ឬនៅ ​ក្នុង​ការ​បើកឱ្យមាន​​រោង​ចក្រ​ផលិតជី​គីមី​លោក​ ច័ន្ទវាសនា ​​ថ្លែង​ថា កម្ពុជា​​ស្វាគមន៍​ជានិច្ច ខណៈ​ក្នុង​រយៈ​ពេល ​៣ឆ្នាំ​ដែល​លោក​ទទួល​គ្រប់គ្រង​ការ​ងារ​គ្រប់គ្រង​ធាតុចូល​​ជាពិសេស​ជី និង​ថ្នាំ​កសិកម្ម​​នេះ​ លោក​បាន​ជួប​ក្រុម​ហ៊ុន​បរទេស​មក​ពីបណ្តា​ប្រទេស​នានា​​មិន​តិច​ជាង​១០​នោះទេ​។ លោក​បាន​ផ្តល់​ព័ត៌មាន​ដល់​ក្រុម​ហ៊ុន ទាំង​នោះ​ ក៏​ប៉ុន្តែ​ក៏ស្ងាត់​ទៅ​វិញ​​បាន​ន័យ​ថា រហូតមក​ដល់​​ពេល​​នេះ​មិន​ទាន់​មាន​ក្រុម​ហ៊ុន​ណាមួយបាន​សម្រេច​ដាក់​ទុន​មក​​បង្កើត​រោង​ចក្រ​ផលិតជីខ្នាតធំនៅកម្ពុជា​នៅឡើយ​ទេ​។

លោក​បន្តទៀតថា៖ «​មូល​ហេតុ​ដែលមិន​ទាន់​មាន​ក្រុម​ហ៊ុន​បរទេស​មក​បង្កើត​រោងចក្រ​ផលិត​ជីនៅកម្ពុជា​ អាច​មក​ពីប្រទេស​កម្ពុជា​ មិន​មាន​វត្ថុធាតុដើម​ដូចជារ៉ែ សម្រាប់​ផលិតជីគីមី ហើយ​​កម្ពុជា​ក៏​មិនមាន​រោងចក្រ​ចម្រាញ់​ប្រេងកាត​ នៅ​ស្រុកខ្មែរ​ដែល​អាច​សល់​កាកសំណល់​ពីប្រេងកាត​នេះ​យក​ទៅផលិតជីដែរ​»។

​បន្ថែម​ពីនេះលោកថា​ ​ក្រុម​ហ៊ុន​មុន​នឹងគេមក​បោះ​ទុន​វិនិយោគ​រាប់​រយ​លាន​ដុល្លារនៅកម្ពុជា​​គេត្រូវ​ការ​សិក្សា​ឱ្យ​បាន​ច្បាស់​លាស់ ​ថាតើ​គេយក​វត្ថុធាតុដើម​មកពីណា ​ទីផ្សារ​នៅកម្ពុជា​ទំហំ​ប៉ុន្មាន​​ធៀប​ជាមួយ​នឹង​តម្លៃនៃក្រុម​ហ៊ុន​នាំចូល​​ជាដើម។

លោក​ ចាន់​ សុផល ​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​​បាន​ថ្លែងថា ​បញ្ហា​អាកាស​ធាតុ​ជាពិសេសគ្រោះ​រាំង​ស្ងួត​ និង​ការ​កើនឡើង​នៃថ្លៃដើម​កសិកម្ម​ ដែល​មួយ​ផ្នែក​ដោយ​សារ​ការឡើង​ថ្ងៃប្រេង​សាកល​ និង​ការ​ឡើង​ថ្លៃ​​ជីកសិកម្ម​​រហូត​ដល់​ប្រមាណ ៣០ភាគ​រយបាន​ធ្វើ​ឱ្យ​ថ្លៃដើម​ផលិត​មាន​តម្លៃខ្ពស់​ធ្វើ​ឱ្យ​កសិករ​ជួប​ការលំបាក។

ក្នុង​ស្ថានភាព​ជីឡើង​ថ្លៃ​ អ្នក​ជំនាញ​រូប​នេះបាន​ជំរុញ​ឱ្យ​កសិករ​ប្រើ​ប្រាស់​ជី​សរី​រាង្គ​លាយ​ជាមួយ​ជីគីមី​ដើម្បី​ជួយ​រក្សា​គុណភាព​ដី និង​បង្កើន​ទិន្នផល​ស្រូវ។ លោក​ជំរុញ​ឱ្យ​កសិករ​ចូល​រួម​​បង្កើត​សហគមន៍កសិកម្ម​​​ដើម្បី​អាច​​រួមគ្នា​ទិញ​ជី​ក្នុង​បរិមាណច្រើន​មាន​​តម្លៃ​​ថោក​។​

បន្ថែម​​ពីនេះ​ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​បាន​ជំរុញឱ្យ​រដ្ឋាភិបាល​សិក្សា​លើ​ការលើក​លែងពន្ធ​ ក្នុង​​ការ​ដំឡើង​ប្រព័ន្ធ​សូឡា​​ សម្រាប់​ក្រុម​ហ៊ុន​ផលិត​ជីក្នុង​ស្រុក​ដើម្បី​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម​​ និង​អាច​ផ្គត់​ផ្គង់​ជីក្នុង​តម្លៃ​សមរម្យ​ដល់​កសិករ។

លោក​បញ្ជាក់​ថា៖«ក្រសួង​កសិកម្ម​បាន​បង្ហាញការ​គាំទ្រ​​ខ្លាំង​ទៅលើ​ការ​ផលិត​ជីក្នុង​ស្រុក​​រួម​ទាំង​ការ​នាំចូលជីពីប្រទេសណា ​ដែល​ផលិតជីច្រើន ក្នុង​បរិមាណ​ច្រើន​ដើម្បីឱ្យ​បាន​ធូរថ្លៃ​​ជាដើម​។ ប៉ុន្តែលើសពីនោះ​ក្នុង​នាម​​រដ្ឋាភិបាល​មិន​មែន​តែក្រសួង​កសិកម្ម​មួយ​ទេ​ ខ្ញុំ​យល់​ថា រឿង​ថាមពល​អគ្គិសនី​សំខាន់​ខ្លាំងណាស់នៅ​ក្នុង​ការ​ផលិត​ជីកំប៉ុស្តិ​ពីព្រោះ​រោង​ចក្រ​​តែង​តែ​ត្រូវ​ការថាមពល​អគ្គិសនី»។

សម្រាប់​លោក​ ចាន់ សុផល រដ្ឋាភិបាល​គួរ​មាន​គោល​នយោបាយ​ឱ្យ​រោង​ចក្រ​ផលិត​ជីកំប៉ុស្តិ៍​ ​ប្រើ​ប្រាស់​ប្រព័ន្ធ​សូឡា​ដោយ​ពុំ​មានការ​បង់​ពន្ធ​​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ថ្លៃដើម​នៃការ​ផលិតជី​ចុះ​ថោក ដែល​វាក៏​ធ្វើ​ឱ្យ​តម្លៃ​ជី​ចុះ​ថោក​ផងដែរ។

ចំណែក​លោក ​ពៅ ធួន ​អ្នក​គ្រប់​គ្រង​ទូទៅ​នៃក្រុម​ហ៊ុន​វីរៈ​ប៊ុនថាំ​បាន​ឱ្យ​ដឹងថា បច្ចុប្បន្ន​ក្រុម​ហ៊ុន​របស់​លោក​កំពុង​ប្រមូល​ទិញ​កាកសំណល់​បន្លែផ្លែឈើ​លាមក​សត្វ​និង​សំណល់​សរីរាង្គ​ផ្សេងៗ​​យក​ទៅផលិតជីកសិកម្ម​នៅ​ខេត្ត​កំពង់​ស្ពឺ​​។

លោក​បាន​អំពាវ​នាវឱ្យ​កសិករប្រើប្រាស់ជីសរីរាង្គលាយ​ជាមួយ​ជីគីមី​ជំនួស​ការ​ប្រើជីគីមីសុទ្ធ​​ដើម្បី​លើកកម្ពស់កសិផល ​និង​កាត់បន្ថយហានិភ័យ​នៃ​ការ​ប្រើប្រាស់​សារធាតុ​គីមីលើស​កម្រិត​ដែល​អាច​ប៉ះពាល់​ដល់​ការនាំចេញ​កសិផល​ទៅ​ទីផ្សារអន្តរជាតិ។ នៅ​ពេល​មាន​ការ​​លាយ​ផ្សំជីនៅក្នុង​ដីឱ្យស្រូវ​ឱ្យ​​បន្លែ​មាន​សារធាតុជី​​សរីរាង្គនៅក្នុង​ហ្នឹង​ បាន​ន័យ​ថា គុណភាពនៃបន្លែ​នៃអង្ករ​ស្រូវ​គឺ​មាន​គុណភាពល្អ។

លោក​បញ្ជាក់​ថា៖ «អ៊ីចឹងកសិផល​​យើង​ងាយ​ស្រួល​ជ្រៀត​ចូល​ក្នុង​ទីផ្សារអន្តរជាតិ បើសិន​បន្លែ​ស្រូវ​យើង​វាមាន​គុណភាពល្អ។ សូម​បងប្អូន​ងាក​មក​ប្រើ​បូក​ផ្សំគ្នាជីគីមីខ្លះ​ជីធម្មជាតិ​ខ្លះ​​ធ្វើ​ឱ្យ​ដំណាំ​ស្រូវ​យើង​មាន​គុណភាព​។ ខ្ញុំ​ប្រឡូក​ហើយ ស្រូវ​នៅ​បាត់​ដំបង​ក្តី បន្ទាយ​មាន​ជ័យក្តី​​ នៅ​ពេល​ដែល​ស្រូវ​ប្រើជីគីមី​បូក​ផ្សំជាមួយ​ជីធម្មជាតិ​ ចូល​រោងម៉ាស៊ីន​មួយណាក៏គេទទួល​ស្គាល់​ថាល្អដែរ»។

បើ​តាម​​លោក ​​បូ ពៅ​ ដែល​ជា​កសិករនៅ​ខេត្ត​បាត់​ដំបង នាពេល​បច្ចុប្បន្នក្រៅ​ពី​ជីគីមី និង​ថ្នាំកសិកម្ម​ឡើង​ថ្លៃ​ ប្រជាកសិករ​ដែល​មិន​សូវ​មាន​ចំណេះ​​ដឹង ​ក៏​ត្រូវ​ខាត​បង់​នឹងការទិញ​​ជី​ និង​ថ្នាំកសិកម្ម​​ក្លែង​បន្លំ ដែល​គ្មាន​គុណភាព​​ពី​ឈ្មួញ​ខិល​​ខូច​មួយ​ចំនួន​ផងដែរ ខណៈ​ចាប់​តាំង​ពី​មាន​ការ​បិទច្រក​ព្រំដែន​ជាមួយ​ថៃ​មក​ នៅ​ស្រុក​របស់​លោក​មាន​ឈ្មួញ​លក់​ជី​និង​ថ្នាំកសិកម្ម​ច្រើន​ណាស់​ទាំង​ផ្ទាល់​និង​តាម​អនឡាញ​។

លោក​បញ្ជាក់​ថា៖ «ទិញ​តាម​អនឡាញ​អន​អីហ្នឹង ​អាថ្នាំ​ក្លែង​បន្លំ​ វាអត់​គុណភាព​​ ធម្ម​តាទិញ​ប៉ុណ្ណឹង​ប្រើ​ត្រូវ​ប្រើ​គ្រប់​ ដល់​យក​អាថ្នាំ​ជី​អត់​គុណភាព​យក​មក​ប្រើ​វាអត់​ត្រូវ​ដល់ អ៊ី​​ចឹង​ត្រូវ​ចំណាយ​លុយ​ទិញ​​ជីទិញ​ថ្នាំ​ផ្សេង​ទៀត។ ​ដល់​ចឹង​ខាតពេល​ខាត​លុយ​ហើយ​អាដំណាំ​នៅ​មាន​​បញ្ហា​ដដែល​»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម