សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ការ​ស្ទង់មតិបង្ហាញថា យុវជនកម្ពុជាប្រឈមមុខនឹងការកេងប្រវ័ញ្ចផ្លូវភេទ និងការឆបោកតាមអនឡាញ

ភាគីពាក់ព័ន្ធ រួមទាំងយុវជន បានពិភាក្សាអំពីលទ្ធផល នៃការសិក្សាស្រាវ​ជ្រាវ​មួយស្តីពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ នៅក្នុង​សិក្ខាសាលាមួយ ដែលរៀបចំឡើងដោយអង្គការសេចក្តីសង្ឃឹម​ពិភព​លោក​អន្តរជាតិ​នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)
ភាគីពាក់ព័ន្ធ រួមទាំងយុវជន បានពិភាក្សាអំពីលទ្ធផល នៃការសិក្សាស្រាវ​ជ្រាវ​មួយស្តីពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ នៅក្នុង​សិក្ខាសាលាមួយ ដែលរៀបចំឡើងដោយអង្គការសេចក្តីសង្ឃឹម​ពិភព​លោក​អន្តរជាតិ​នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

យោងតាមអង្គការសេចក្តីសង្ឃឹម​ពិភព​លោក​អន្តរជាតិប្រចាំនៅកម្ពុជា​ បាន​ឱ្យ​ដឹង​ថា​ យុវជនចំនួន៣០ភាគរយ ក្នុងចំណោមយុវជនសរុប១៤៧នាក់ ដែលបានចូលរួមក្នុងការស្ទង់មតិមួយ​ស្តីពីហានិភ័យដែលកុមារ និងយុវជនត្រូវប្រឈមនោះ ត្រូវបានរកឃើញថា ធ្លាប់រងការ​​កេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ ខណៈ ៥២ភាគរយ អះអាង​ថា ពួកគេធ្លាប់ជួបប្រទះករណីឆ​​បោកតាមប្រព័ន្ធអនឡាញ។

កាល​ពី​ព្រឹកថ្ងៃទី២៨ ខែតុលា អង្គការនេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្តីពី ការរំលោភបំពាន និង​​ការ​កេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ (OCSEA) និងការឆបោកតាមប្រព័ន្ធអនឡាញ។ នៅ​ក្នុង​សិក្ខាសាលា​ពិព្រោះ​យោបល់​នេះមាន​ការ​ចូល​រួម​ពី​ភាគីពាក់ព័ន្ធចំនួន១២០នាក់ ដើម្បីធ្វើបទបង្ហាញអំពីលទ្ធផល នៃការស្រាវជ្រាវ ប្រមូលមតិត្រឡប់​ និងរៀបចំផែនការសកម្មភាព ដោយផ្អែកលើការស្រាវជ្រាវដែលដឹកនាំដោយយុវជន។

សិក្ខាសាលានេះក៏មានគោលបំណងពង្រឹងបណ្តាញរវាងមេដឹកនាំយុវជន និងអង្គការយុវជននានាទូទាំងប្រទេសកម្ពុជា ព្រមទាំងលើកទឹកចិត្តយុវជនឱ្យជំរុញឥរិយាបថវិជ្ជមាននៅតាម​អនឡាញ និងការពារកុមារនៅក្នុងសហគមន៍របស់ពួកគេ។

ការសិក្សាមួយ​នៅឆ្នាំ២០២៦នេះ​ ដែលដឹកនាំដោយយុវជន មាន​ចំណងជើងថា សំឡេងយុវជន ដើម្បីទប់ស្កាត់ការរំលោភបំពាន និង​ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ (OCSEA) និងការឆបោកតាមអនឡាញនៅកម្ពុជា និង​សម្របសម្រួលដោយអង្គការសេចក្តីសង្ឃឹម​ពិភព​លោក​អន្តរជាតិប្រចាំកម្ពុជា បានលើកឡើងពីហានិភ័យនានា ដែលកុមារ និងយុវជន​កំពុងប្រឈម។

លទ្ធផល នៃការសិក្សានេះ បានបង្ហាញថា ការរំលោភបំពាន និង​ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ (OCSEA) និងការឆបោកតាមអនឡាញ នៅតែជាកង្វល់ធ្ងន់ធ្ងរ និង​កំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជា។ កុមារ និងយុវជនប្រឈមមុខនឹងហានិភ័យកាន់តែខ្លាំង​ឡើង​ ដោយសារកង្វះចំណេះដឹងអំពីសុវត្ថិភាពឌីជីថល ការជឿទុកចិត្តខ្លាំងពេកលើទំ​នាក់​ទំនងតាមអនឡាញ ការខ្វះការត្រួតពិនិត្យពីឪពុកម្តាយ ភាពងាយរងគ្រោះផ្នែកផ្លូវចិត្ត និងសម្ពាធផ្នែកសេដ្ឋកិច្ច។

ហានិភ័យទាំងនេះ ត្រូវបានរាយការណ៍ថា កើត​មាន​នៅរាជធានីភ្នំពេញ តំបន់ប្រជុំជន​ក្រុងផ្សេងទៀត និងសហគមន៍នៅ​តាមបណ្តាខេត្ត។ ភាគីពាក់ព័ន្ធក៏បានរាយការណ៍ផងដែរថា កុមារ ដែលមានអាយុពី៣ឆ្នាំ​ ដល់​១៣ឆ្នាំ ធ្លាប់ជួប​ប្រទះ​​សម្ភារៈរំ​លោភ​បំ​ពានផ្លូវភេទកុមារ (CSAM) ខណៈយុវជនដែលមានអាយុពី១៥ ដល់​ ៣០ឆ្នាំ ងាយរងគ្រោះ​ជាពិសេសចំពោះការគំរាមទារប្រាក់តាមអនឡាញ​​ ដោយប្រើប្រាស់រឿងអាស្រូវផ្លូវភេទ។

យោងតាមការស្រាវជ្រាវដដែល​នេះ​ ជនឆ​បោកតាមអនឡាញប្រើប្រាស់ល្បិចកលផ្សេងៗគ្នា រួមមាន ការប្រើតំណភ្ជាប់ក្លែងក្លាយ ការលួចទិន្នន័យ ការផ្តល់ជូនការងារក្លែងក្លាយ ការឆ​បោក​ដោយសន្យា​ផ្តល់​រង្វាន់ និងការកេងប្រវ័ញ្ចតាមរយៈកម្មវិធីស្វែងរកដៃគូស្នេហាជាដើម​។

របាយការណ៍ស្រាវជ្រាវនេះ បានលើកឡើងថា៖ «ការយល់ដឹងអំពីការរំលោភបំពាន និង​ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ (OCSEA) និងការឆបោកតាមអនឡាញ ក្នុងចំណោមកុមារ និងយុវជន នៅមានកម្រិតនៅឡើយ ដែល​នេះបង្ហាញពីតម្រូវ​ការ​បន្ទាន់ក្នុង​ការពង្រឹង​ការ​លើកកម្ពស់​ការយល់ដឹង ការបង្ការ និងការផ្តល់ការគាំទ្រដោយមានការសម្របសម្រួលរវាងភាគីពាក់ព័ន្ធនានា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»។

ភាគីពាក់ព័ន្ធ រួមទាំងយុវជន បានពិភាក្សាអំពីលទ្ធផល នៃការសិក្សាស្រាវ​ជ្រាវមួយស្តីពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ នៅក្នុងសិក្ខាសាលាមួយ ដែលរៀបចំឡើងដោយអង្គការសេចក្តីសង្ឃឹម​ពិភព​លោក​អន្តរជាតិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

ការ​អំពាវនាវឱ្យពង្រឹង​វិធានការ​បង្ការ

ផូ ម៉ារីហ្សា​ ជាតំណាងយុវជនម្នាក់ដែល​បានចូលរួមក្នុងការស្រាវជ្រាវនេះ បានប្រាប់ខេមបូចា​ព័ត៌មាន​ថា ការសិក្សានេះ គ្របដណ្តប់លើរាជធានីភ្នំពេញ និងខេត្តមណ្ឌលគិរី ដោយបានធ្វើការ​ស្ទង់មតិលើមនុស្សប្រហែល ៥២០នាក់។

ផូ ម៉ារីហ្សា បាន​និយាយថា ក្នុងចំណោមអ្នក ដែលត្រូវបានស្ទង់មតិមាន ២១៩នាក់បានរាយការណ៍ថា ពួកគេបានជួបប្រ​ទះនឹងការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ​។ អ្នកចូលរួមស្ទង់មតិប្រហែល ៣០០នាក់បានជួបប្រទះនឹងការឆបោកតាមអន​ឡាញ​ ហើយ៦០% នៃក្រុមដដែល​នេះ​​ មិនដឹងថា ត្រូវស្វែងរកជំ​នួយនៅឯណាឡើយ។

ម៉ារីហ្សា បានព្រមានថា ប្រសិនបើគ្មានការឆ្លើយតបជាប្រព័ន្ធនិង​មានការសម្របសម្រួលទេនោះ កុមារ និងយុវជននឹងបន្តប្រឈមនឹងផលវិបាក នៃការកេងប្រវ័ញ្ច និងការឆបោកតាមអនឡាញ ខណៈការយល់ដឹង ការស្វែងរកជំនួយ និងការឆ្លើយតបចំពោះបញ្ហាទាំងនេះ នៅមានកម្រិត​​។

យុវតី​រូបនេះ​បាននិយាយ​ថា៖ «យើងគួរតែបង្កើនការយល់ដឹងជាសាធារណៈ ជាពិសេសតាមរយៈ​ក្រសួងពាក់​ព័ន្ធ​ រួមទាំងការផ្តល់ការបណ្តុះបណ្តាលនៅតាម​សាលារៀន និងការប្រើប្រាស់ប្រ​ព័ន្ធផ្សព្វផ្សាយ ដើម្បីជួយឱ្យកុមារ និងយុវជនយល់ដឹងអំពីហានិភ័យនានា និង​ចេះការ​ពារ​ខ្លួន​»។

ម៉ារីហ្សា សង្ឃឹមថា ភាគីពាក់ព័ន្ធនឹងប្រើប្រាស់លទ្ធផល នៃការស្រាវជ្រាវនេះ ដើម្បីឆ្លើយតប និងទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ ព្រមទាំងការឆបោក ដែលផ្តោត​គោលដៅលើកុមារ និងយុវជននៅក្នុងប្រទេសកម្ពុជា។

ម៉ារីហ្សា បាននិយាយថា៖ «ខ្ញុំចង់ឃើញកុមារ និងយុវជនមានសុវត្ថិភាពនៅលើប្រព័ន្ធ​អនឡា​ញ​ ព្រមទាំងមានលទ្ធភាពចូលរួមក្នុងការទប់ស្កាត់បញ្ហាទាំងនេះ»។

ការឆ្លើយតបដែលមានការសម្របសម្រួល

លោកស្រី​ ញ៉េប សុភាព រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា ការរំលោភបំពាន និងការកេងប្រវ័ញ្ចលើកុមារ និងយុវជនតាមប្រព័ន្ធអន​ឡាញ គឺជាបញ្ហាសកលមួយ ដែលកំពុងប៉ះពាល់​ដល់ប្រទេសកម្ពុជាផងដែរ។

លោកស្រី​បានអំពាវនាវដល់ភាគីពាក់ព័ន្ធនានា រួមទាំង​ឪពុកម្តាយ និងអាណាព្យាបាល អង្គការ​សង្គមស៊ីវិល ស្ថាប័នអនុវត្តច្បាប់ និងក្រុមហ៊ុនបច្ចេកវិទ្យារួមគ្នាទប់ស្កាត់ការរំលោភបំពាន ប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ច និងការពារកុមារ។

ស្របពេល​ដែល​លទ្ធភាពទទួលបានសេវ៉ា​អ៊ីនធឺណិតកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា កុមារ និងយុវជនប្រើប្រាស់អ៊ីនធឺណិតកាន់តែច្រើនឡើង។ លោកស្រីបានលើកឡើងថា ការ​សិក្សាសកលនាពេល​ថ្មីៗនេះ ស្តីពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅកម្ពុជា បានរកឃើញថា ជាង​៨០ភាគរយ នៃ​កុមារ ដែលមានអាយុពី១២ ដល់​១៧ឆ្នាំ បានប្រើប្រាស់អ៊ីនធឺណិត និងភ្ជាប់ទំនាក់ទំនង​តាម​​អនឡាញញឹកញាប់ជាងមនុស្សពេញវ័យ។

កម្រិតនៃគ្រោះថ្នាក់ដែលកុមារ និងយុវជនបានជួបប្រទះ បានបញ្ជាក់ឱ្យឃើញពីភាពចាំបាច់នៃការស្តារនីតិសម្បទាទាំងផ្នែករាងកាយ និងផ្លូវចិត្ត ដោយមានការគាំទ្រពីឪពុកម្តាយ និងអា​ណាព្យាបាល អ្នកឯកទេស និងសហគមន៍។

លោកស្រី សុភាព បានមានប្រសាសន៍ថា ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ បានរៀបចំផែន​ការសកម្មភាពឆ្នាំ២០២១-២០២៥ ដើម្បីទប់ស្កាត់ និងឆ្លើយតបទៅនឹងការរំលោភបំពាននិង​ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។

ក្រសួងរបស់លោកស្រីក៏បានអនុវត្តយុទ្ធនាការសម្រាប់គ្រួសារផងដែរ​ ដើម្បីលើកកម្ពស់ការយល់ដឹង ទប់ស្កាត់អំពើហិង្សា ជៀសវាងការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់ និងប្រ​យុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។

លោកស្រី សុភាព បានថ្លែងថា៖ «យើងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការការ​ពារ​កុមារ ដែលនឹងរាប់បញ្ចូល​ការការពារកុមារពីការរំលោភបំពាន និងការកេងប្រវ័ញ្ច រួមទាំងការរំលោភបំពាន ដែលប្រព្រឹត្តឡើងតាមប្រព័ន្ធអនឡាញផងដែរ»។

លោកស្រី​បានបង្ហាញក្តីសង្ឃឹមថា ភាពជាដៃគូក្នុងចំណោមភាគីពាក់ព័ន្ធនានានឹងអាចដោះស្រាយបញ្ហាផ្សេងៗ ព្រមទាំងកសាងអនាគតឌីជីថល ដែលមានសុវត្ថិភាពជាងមុន សម្រាប់កុមារ និងយុវជនកម្ពុជា។

លោក​ស្រីបន្តទៀត​ថា៖ «ខ្ញុំសង្ឃឹមថា តាមរយៈភាពជាដៃគូរបស់យើង យើងអាចដោះស្រាយ​បញ្ហាទាំងនេះ និងបោះជំហាន​ទៅរកអនាគតមួយ​ប្រកបដោយក្តីសង្ឃឹម និងសុវត្ថិភាព សម្រាប់កុមារ និងយុវជននៅក្នុងប្រទេសកម្ពុជា។ សូមឱ្យយើងទាំងអស់គ្នាធ្វើការរួមគ្នា ដើម្បីសុវត្ថិភាពឌីជីថល»។

កិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ

យោងតាមអង្គការយូនីសេហ្វ​ (UNICEF) ប្រចាំនៅ​កម្ពុជាបាន​ឱ្យ​ដឹង​ថា​ កុមារជាង១៦០ ០០០ នាក់នៅក្នុងប្រទេសនេះ ធ្លាប់បានជួបប្រទះការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទតាមប្រ​​ព័ន្ធអនឡាញ។

របាយការណ៍មួយរបស់អង្គការយូនីសេហ្វ បានប៉ាន់ប្រមាណថា កុមារប្រហែល ២០លាននាក់ ដែលមានអាយុពី១២ ទៅ១៧ឆ្នាំ នៅក្នុងប្រទេសចំនួន២១ ឬស្មើនឹង ១នាក់ក្នុងចំណោម៥ នាក់ បានរងគ្រោះដោយសារ​ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ​តាមរយៈប្រព័ន្ធ​បច្ចេកវិទ្យា ក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ។

របាយការណ៍ ដែលមានចំណងជើងថា៖ «តាមរយៈក្រសែភ្នែករបស់​កុមារ៖ របៀបដែលបច្ចេកវិទ្យា​ឌីជីថលអាចបង្កឱ្យមានការរំលោភបំពានផ្លូវភេទលើកុមារ» ដែលបានចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា គឺផ្អែកលើការស្ទង់មតិ ដែលតំណាងឱ្យកម្រិតទូទាំងប្រទេស​​ ទៅលើកុមារប្រ​មាណ ២១ ០០០នាក់ ដែលប្រើប្រាស់អ៊ីនធឺណិត ព្រមទាំងការរៀបរាប់ពីបទពិសោធន៍ផ្ទាល់​​ នៃការ​រំលោភបំពាន ដែលពួកគេបានជួបប្រទះ។

កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១២ ដែលត្រូវបានរួមបញ្ចូលនៅក្នុងការស្រាវ​ជ្រាវជុំទីមួយ ដែលបានធ្វើឡើងក្នុងឆ្នាំ២០២០ និង២០២១ ក្រោមគម្រោង «ការ​បញ្ឆប់គ្រោះថ្នាក់នៅ​កម្ពុជា» ដែលទទួលបាន​មូលនិធិពីអង្គការ​ Safe Online។

លោកស្រី អ៊ីម៉េលីតា សាន់តូស ហ្គដដាដ (Emelita Santos Goddard) នាយិកាប្រចាំប្រទេសនៃអង្គការសេចក្តីសង្ឃឹម​ពិភព​លោក​អន្តរជាតិ (World Hope International) បានប្រាប់សារព័ត៌មានខេមបូចា​​ថា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងការឆបោកតាមអនឡា​ញ កំពុងក្លាយជាក្ដីបារម្ភកាន់តែខ្លាំងឡើង ដោយការសិក្សាស្រាវជ្រាវបានបង្ហាញថា យុវជនកាន់​តែងាយរងគ្រោះដោយ​សារ​ការកេងប្រវ័ញ្ចទាំងនេះ។

លោកស្រីបានលើកឡើងថា លទ្ធផលទាំងនេះ គឺផ្អែកលើការសិក្សារយៈពេល ៣សប្តាហ៍ ដែល​មានយុវជនជាង ៥២០នាក់ចូលរួម នៅក្នុងរាជធានីភ្នំពេញ និងខេត្តមណ្ឌលគិរី។ អ្នកចូលរួមប្រមាណ ៧០ភាគរយ បានបង្ហាញឆន្ទៈក្នុងការចាត់វិធានការដោះស្រាយបញ្ហាទាំងនោះ ដែលលោកស្រីបាន​ចាត់ទុក​ថា ជាបញ្ហាប្រឈមផង​ និងជាឱកាសផង។

លោកស្រី ហ្គដដាដ​ បានមានប្រសាសន៍ថា៖ «វាជារឿងគួរឱ្យព្រួយបារម្ភ ដែលយុវជនខ្លួនឯងក្លាយជាជនរងគ្រោះ ឬរងការកេងប្រវ័ញ្ច ប៉ុន្តែក៏ជារឿងគួរឱ្យរីករាយផងដែរ ដែលយុវជនទាំងនោះ​ មានឱកាសក្នុងការចាត់វិធានការដោយខ្លួនឯង»។

លោកស្រីបានមានប្រសាសន៍ថា អង្គការរសេចក្តីសង្ឃឹម​ពិភព​លោក​អន្តរជាតិ គ្រោងនឹងផ្តោតលើរាជធានីភ្នំពេញ និងខេត្តមណ្ឌលគិរី ដោយសហការជាមួយអង្គការសង្គមស៊ីវិល និងស្ថាប័ន​​រដ្ឋាភិបាល ដើម្បីពង្រីកវិសាលភាពការងារ​របស់ខ្លួន។

លោកស្រី ហ្គដដាដ​ បាន​អះអាង​​ថា ការបង្កើតឧបករណ៍អនឡាញ ដែលងាយស្រួលចូលប្រើ​ប្រាស់ អាចជួយកុមារ និងយុវជនការពារខ្លួនឯងបាន ដោយ​បន្ថែម​ថា ការកេងប្រវ័ញ្ចតាមអនឡាញ គឺជាបញ្ហាមួយ ដែលមិនមែនកើតឡើងតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបានរាលដាលហួសពីព្រំដែនកម្ពុជាទៅទៀត។

លោកស្រី​ក៏បានអំពាវនាវឱ្យមានការសម្របសម្រួលកាន់តែរឹងមាំពីសំណាក់រដ្ឋាភិបាល នៅក្នុង​ការរៀបចំផែនការ និងការរៀបចំថវិកា ដើម្បីធានាថា ជនរងគ្រោះពីការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ព្រមទាំងជនរងគ្រោះពីការឆបោកតាមអន​ឡាញ អាចទទួលបានការគាំទ្រ។

លោកស្រីបានលើកឡើងថា អាជ្ញាធរមូលដ្ឋាន ជាពិសេសនៅថ្នាក់ឃុំ និងភូមិ ចាំបាច់​ត្រូវមាន​សមត្ថភាពកាន់តែខ្លាំង និងការចូលរួមបន្ថែមទៀតនៅក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ។

ដោយសំដៅទៅលើមន្ត្រីថ្នាក់មូលដ្ឋាន លោកស្រី ហ្គដដាដ​ បានមានប្រសាសន៍ថា៖ «ប្រសិន​បើ​យើងផ្តល់អំណាចដល់​ពួកគេ​ និងពង្រឹងសមត្ថភាពពួកគេ នោះពួកគេនឹងបង្កើតឱ្យមានការផ្លាស់ប្តូរដ៏ធំមួយ»។

ការស្រាវជ្រាវដោយអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ​ (International Justice Mission) និងទិន្នន័យពីមជ្ឈមណ្ឌលជាតិសហរដ្ឋអាមេរិកសម្រាប់កុមារបាត់ខ្លួន និងកុមាររងការកេងប្រវ័ញ្ច (U.S. National Center for Missing and Exploited Children) បានភ្ជាប់​ករណី នៃការគំរាម​ទារប្រាក់និង​ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារនៅទូទាំងពិភពលោកទៅ​នឹងទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ និងប្រតិបត្តិការ​ជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Survey Shows Cambodian Youth Face Online Sexual Exploitation, Scams

ព័ត៌មានថ្មី

អត្ថបទពេញនិយម