សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

វ៉ាន វ៉ុន ក្លាយជា​កីឡាករប៉ារ៉ាហ្គេមកម្ពុជាដំបូងគេ ឈ្នះ​បាន​មេដាយ​ក្នុងការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម នៅប្រទេស​ជប៉ុន

កីឡាករ វ៉ាន វ៉ុន ពេលប្រកួតសាកល្បងជាមួយមិត្តរួមក្រុម ក្នុងអំឡុងពេលហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយការប្រឹងប្រែងនេះ បានជួយឱ្យរូបគេដណ្តើមបានមេដាយសំរឹទ្ធ ជាប្រវត្តិសាស្រ្តលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន។ (ខេមបូចា/ស៊ា បញ្ញា)
កីឡាករ វ៉ាន វ៉ុន ពេលប្រកួតសាកល្បងជាមួយមិត្តរួមក្រុម ក្នុងអំឡុងពេលហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយការប្រឹងប្រែងនេះ បានជួយឱ្យរូបគេដណ្តើមបានមេដាយសំរឹទ្ធ ជាប្រវត្តិសាស្រ្តលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន។ (ខេមបូចា/ស៊ា បញ្ញា)

ម្ចាស់មេដាយមាស​កីឡាអាស៊ានប៉ារ៉ាហ្គេម វ៉ាន វ៉ុន បាន​ក្លាយ​ជា​កីឡាកររ​កម្ពុជា​ដំបូង​គេ ដែល​ដណ្តើមបាន​មេដាយ​​ជូ​ន​កម្ពុជា ក្នុងការ​ប្រកួត​កីឡាអាស៊ីប៉ារ៉ាហ្គេម លើក​ទី​៥ ឆ្នាំ២០២៦ នៅទីក្រុងណាហ្គោយ៉ា ប្រទេស​ជប៉ុន បន្ទាប់ពី​កម្ពុជា​បានទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាង​១៥​ឆ្នាំ ហើយគ្រប់​គ្នា​បាន​សាទរ​ខ្លាំង ព្រោះ​នេះជាមេដាយ​ដ៏មានតម្លៃ​របស់​ក្រុម​អត្តពលិកប៉ារ៉ាហ្គេមកម្ពុជា សម្រាប់​ការ​ខិតខំប្រឹងប្រែង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំមក​នេះ។

តាំងតែពី​ព្រឹត្តិការណ៍​កីឡាអាស៊ីប៉ារ៉ាហ្គេម ត្រូវបាន​បង្កើត​ឡើង និង​រៀបចំ​ឱ្យមានការ​ប្រកួត​ជា​ផ្លូវ​ការ ជាលើក​ទី​១ ឆ្នាំ​២០១០ នៅប្រទេស​ចិន កម្ពុជា​តាម​រយៈ​គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក​កម្ពុជា (NPCC) តែងតែបញ្ជូនប្រតិភូ​កីឡា​ទៅចូល​រួម​ការ​ប្រកួត ដែល​៤​ឆ្នាំមានម្តង​នេះ ជាបន្តបន្ទាប់ ប៉ុន្តែការ​ចូល​រួម​៤​លើក​កន្លងមកនេះ ​កម្ពុជា មិន​​ធ្លាប់ដណ្តើម​បានមេដាយ​នោះទេ គឺ​អត្តពលិកប៉ារ៉ាហ្គេមកម្ពុជា​ភាគ​ច្រើន ធ្លាក់នៅក្នុង​វគ្គជម្រុះ។

តែទោះបីជា​យ៉ាងណា សម្រាប់ការ​ចូលរួម​ព្រឹត្តិការណ៍​កីឡាអាស៊ី ឆ្នាំ​២០២៦ នៅ​ប្រទេស​ជប៉ុន​លើកនេះ កីឡាករ​អត្តពលកម្មផ្នែក​រទេះរុញ វ៉ាន វ៉ុន បាន​ធ្វើ​ឱ្យ​គ្រប់​គ្នាមានការ​ភ្ញាក់​ផ្អើល ខណៈ​រូបគេបែរជាអាច​យក​ឈ្នះ​កីឡាករ​ចិន (២នាក់) កីឡាករ​ឥណ្ឌូនេស៊ី (១នាក់) និង​ថៃ (២នាក់) ដើម្បី​ទទួលបានចំណាត់ថ្នាក់លេខ​១ ក្នុង Heat 2 សម្រាប់ការ​ប្រកួតជម្រុះលើ​​​វិញ្ញាសាប្រណាំងរទេះចម្ងាយ ១០០ម៉ែត្រ ​ប្រភេទកម្រិតពិការ T54 នោះ។

ការ​​​ប្រើ​ថិរវេលា ១៤.៣១​វិនាទី ដើម្បី​ទទួលបាន​លេខ​១ ក្នុង Heat 2 នេះ បានជួយ​ឱ្យ វ៉ាន វ៉ុន ទទួលបានឱកាស​ឡើង​ទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រជាមួយ​កីឡាករ​ខ្លាំងចំនួន​៧នាក់ មកពី Heat ផ្សេងៗ​​ទៀត ហើយ​តាម​រយៈការ​ប្រកួត​យ៉ាងស្វិតស្វាញ​នោះ វ៉ាន វ៉ុន ធ្វើ​បាន​កាន់​តែ​ល្អ ដោយប្រើ​ថិរវេលា​ត្រឹម ១៤.១០ ដើម្បី​ទទួលបានចំណាត់​ថ្នាក់លេខ​៣ និង​ឈ្នះ​បានមេដាយ​សំរឹទ្ធ ជូនកម្ពុជាជា​លើក​ដំបូង។

លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិ​ប៉ារ៉ាហ្គេមឡាំពិកកម្ពុជា បាន​​ចាត់​ទុក វ៉ាន វ៉ុន ជា «វីរបុរស»​ ដែលបាន​ឈ្នះមេដាយ​​ឱ្យកម្ពុជា នៅកីឡាអាស៊ីប៉ារ៉ាហ្គេម ជាប្រវត្តិសាស្រ្តលើក​ដំបូង​​នេះ ដោយ​ការ​ប្រកួត​កីឡាអាស៊ីប៉ាហ្គេម លើក​ទី​៥ ឆ្នាំ​២០២៦នេះ កម្ពុជា បានបញ្ជូនក្រុមអត្តពលិក​ចំនួន​១៧នាក់​ទៅ​ចូលរួម​​ប្រកួត​ប្រជែង​ ជាមួយ​​កីឡាករ​កីឡាការិនីប៉ារ៉ាហ្គេមជាង​ ៣ ០០០នាក់​មកពី​ទូទាំងទ្វីបអាស៊ី។

លោក​ យី វាសនា ដែលកំពុងដឹកនាំ​ក្រុម​អត្តពលិកជនមានពិការភាពនៅប្រទេសជប៉ុន​នោះ បានបញ្ជាក់​តាមការ​ះ​នុម​េ​១ រ​ប្រកួត​កីឡាអាស៊ីបោះក់​ផើត​ប្រវត្តិសាស្រ្ត​បង្ហោះសារ​ថា៖​ «បងប្អូនបានមេដាយ១ហើយ អស្ចារ្យណាស់ អបអរសាទរទាំងអស់គ្នា វ៉ាន វ៉ុន ជាវីរបុរសរកបានមេដាយទី១មុនគេ សម្រាប់កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥​របស់កម្ពុជាយើង។ ខ្ញុំស្រក់ទឹកភ្នែកមិនដឹងខ្លួនដោយក្តីរំភើប និងគោរពដឹងគុណជាទីបំផុត នូវការបង្កើតនិងផ្តល់កិត្តិយសសម្រាប់ជនពិការ ប្រជាជន និងប្រទេសជាតិយើង»។

ចំណែក​លោក សំហេង បុរស អនុប្រធាន​គណៈកម្មាធិការជាតិ​ប៉ារ៉ាហ្គេមឡាំពិកកម្ពុជា ដែលត្រូវបានចាត់តាំង​ជា​ប្រធានប្រតិភូ​ដឹកនាំ​ក្រុម​កីឡាប៉ារ៉ាហ្គេមកម្ពុជា ទៅ​ចូល​រួមការ​ប្រកួត​កីឡាអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ​២០២៦នេះ តំណាងឱ្យ​លោក​ឧបនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ានី បាន​កោត​សរសើរ​ខ្លាំង​ពី​សមត្ថ​ភាព​របស់ វ៉ាន វ៉ុន ដែលបានប្រើ​អស់​ថាមពល និង​បច្ចេក​ទេស ដើម្បី​វ៉ា​គូ​ប្រកួត​ រហូត​ទទួលបានមេដាយសំរឹទ្ធ។

បើទោះបីជា វ៉ាន វ៉ុន នៅមិនទាន់អាច​ដណ្តើម​បានមេដាយខ្ពស់ជាង​នេះ គឺមេដាយមាស​ ដែលបាន​ទៅ​កីឡាករ​ថៃ Paeng Nuea ជាមួយ​ថិរវេលា ១៣.៤៩​វិនាទី និង​មេដាយ​ប្រាក់បាន​ទៅ​​កីឡាករ Alqarni ដោយប្រើពេល ១៣.៩៨វិនាទី ប៉ុន្តែ​លោក សំហេង បុរស ដែលនៅជាប់នឹងការ​ប្រកួត​នោះ បានអះអាងថា វ៉ាន វ៉ុន ធ្វើ​បានល្អបំផុត​ហើយ ក្នុងការនាំ​យកមោទនភាព​មកជូនប្រទេស​ជាតិ។

លោក​បានបញ្ជាក់តាមការ​បង្ហោះសារ​បែបនេះ​ថា៖​ «មេដាយ​សំរឹទ្ធដំបូងគេ​ នៅ​កម្រិតអាស៊ី! អបអរសាទរ លោក វ៉ាន វ៉ុន ដែលដណ្តើមបានមេដាយសំរឹទ្ធ ក្នុងវិញ្ញាសាប្រណាំងរទេះចម្ងាយ ១០០ម៉ែត្រ ក្នុងការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥ ឆ្នាំ២០២៦ នៅទីក្រុងណាហ្គោយ៉ា ប្រទេសជប៉ុន។ លទ្ធផលនេះ គឺជាមោទនភាពសម្រាប់កម្ពុជា និងជាសក្ខីភាពនៃការខិតខំប្រឹងប្រែង ការតស៊ូ និងការប្តេជ្ញាចិត្តរបស់កីឡាករកម្ពុជា​លើឆាកអន្តរជាតិ។ សូមអបអរសាទរ​​ចំពោះ​​សមិទ្ធផលដ៏អស្ចារ្យមួយនេះ»។

ពិតណាស់ មុន​ការ​ឈានទៅដណ្តើមបានមេដាយសំរឹទ្ធ​​កីឡាអាស៊ី​ប៉ារ៉ាហ្គេមនេះ វ៉ាន វ៉ុន បានឆ្លង​កាត់ការ​លំបាក​ជា​ច្រើន ដើម្បី​សម្រួច​សមត្ថ​ភាព​ខ្លួនឯង។ បើ​ទោះបីជា​រូបគេ ធ្លាប់បានឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធជា​ច្រើន នៅលើ​ឆាក​អន្តរជាតិ ជាពិសេស​ការ​បង្កើត​ប្រវត្តិសាស្រ្ត​ឈ្នះមេដាយមាស​ចំនួន៣ ក្នុងការ​ប្រកួតស៊ីហ្គេម ឆ្នាំ​២០១៣ និង​ការ​បន្ត​ឈ្នះមេដាយ​ស៊ីហ្គេម​ជា​ច្រើន​ទៀត ប៉ុន្តែ វ៉ាន វ៉ុន ពិតជាបានដាក់ចិត្ត និង​ហ្វឹកហាត់​ខ្លាំង សម្រាប់​ត្រៀមការ​ប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ​២០២៦នេះ។

កីឡាករ​វ័យ​៤០ឆ្នាំ​រូបនេះ តែងមាន​វត្តមាន សម្រាប់ការ​ហ្វឹកហាត់ជាមួយមិត្ត​រួមអាជីព នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ពួកគេ​បាន​ហ្វឹកហាត់ និង​ប្រកួត​សាក​ល្បង​សមត្ថភាព​គ្នាជា​ប្រចាំ ដើម្បី​ពង្រឹង​សមត្ថ​ភាព​ខ្លួនឯង ហើយ​ការ​ខិតខំនេះ ពិតជាបានជួយ​ឱ្យ​រូបគេ សម្រេច​គោល​ដៅ ក្នុងការ​ឈ្នះ​មេដាយ​សំរឹទ្ធ ពីការ​ប្រកួត​កីឡាអាស៊ីប៉ារ៉ាហ្គេម​នេះ។

តែទោះបីជា​យ៉ាងណា វ៉ាន វ៉ុន បានអះអាង​ថា សមិទ្ធ​ផលជោគជ័យ​យ៉ាង​ធំធេងនេះ វាមិនមែនកើត​ឡើង ដោយសារ​តែការ​ខំប្រឹងប្រែង​របស់​គេម្នាក់ឯង​នោះ​ទេ ប៉ុន្តែជាការ​រួមចំណែក​ពី​ថ្នាក់​ដឹកនាំ និង​ប្រជាជនកម្ពុជា ជាពិសេស​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាប្រធាន និង​លោក ហ៊ុន ម៉ានី ជាអនុប្រធាន​គណៈកម្មាធិការជាតិ​ប៉ារ៉ាឡាំពិកកម្ពុជា ដែល​ផ្តល់​​ទាំង​សម្ភារ និងឱកាស​សម្រាប់​ក្រុមអត្តពលិកប៉ារ៉ាហ្គេមទាំងអស់ បាន​ចេញទៅប្រកួត​ ដណ្តើម​យកមេដាយ​ជូនជាតិ។

វ៉ុន និយាយ​ថា៖ «ការ​ទទួលបានជោគជ័យនេះ កើតចេញពីការ​ខិតខំប្រឹង​ប្រែង​របស់​ខ្ញុំមួយជំហាន ហើយមួយជំហាន​ទៀត គឺ​ការ​ផ្តល់​នូវ​សម្ភារ រួមទាំង​ការ​ជួយទំនុក​បម្រុង​ពី​ឯកឧត្តម ហ៊ុន ម៉ានី ជាពិសេស​សម្តេច​បវរធិបតី ​ជាប្រធាន ដែល​តែងតែ​ជួយ​លើកស្ទួយ​វិស័យកីឡាជនពិការ​របស់​យើង​រហូត គឺមិន​ថា​ការ​ប្រកួត​នៅក្នុងស្រុក និងក្រៅ​ប្រទេស សម្តេច​តែង​យក​ចិត្តទុកដាក់ និងបញ្ជូន​ក្រុម​អត្តពលិកជនពិការ​របស់​យើង​ទៅ​ចូលរួម»។

 វ៉ាន វ៉ុន បានបន្ថែមថា៖ «អ៊ីចឹង​ភាព​ជោគ​ជ័យនេះ បានកើត​ឡើង​ដោយសារ​ការ​ប្រឹង​ប្រែង​របស់​ខ្ញុំ និង​ថ្នាក់ដឹកនាំ​ទាំងអស់ ដែលបានជួយ​ទំនុកបម្រុង និង​ផ្តល់ជាកម្លាំង​ចិត្ត ធ្វើ​ឱ្យ​យើងមានការ​ប្រឹងប្រែង​ហ្វឹកហាត់ និង​ប្រកួត​រហូត​ទទួលបានជ័យជម្នះដ៏ធំនេះ។ ខ្ញុំមានការរំភើប​ខ្លាំង​ណាស់ ព្រោះមេដាយ​ដ៏មានន័យ​នេះ មិន​មែន​​តែខ្ញុំ​ម្នាក់​ឯងធ្វើ​បាន​នោះ​ទេ តែទាំងអស់គ្នា រួមទាំង​ប្រជាជន​កម្ពុជាទាំងអស់ ដែលបានគាំទ្រដល់​​វិស័យ​កីឡាជនពិការឱ្យមានការ​រីកចម្រើន និងដណ្តើមបានមេដាយជូនជាតិ»។

តាមរបាយការណ៍លោក យី វាសនា មុនចេញ​ទៅ​ប្រកួត​កីឡាអាស៊ីប៉ារ៉ាហ្គេម លើក​ទី​៥ ឆ្នាំ២០២៦នេះ បានឱ្យ​ដឹងថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ​ធ្លាប់​បាន​ដឹកនាំប្រតិភូ និងអត្តពលិកប៉ារ៉ាហ្គេមកម្ពុជា ចូលរួមការប្រកួតខ្នាតអន្ដរជាតិសំខាន់ៗចំនួន ៣កម្រិត រួមមានកម្រិតអាស៊ាន អាស៊ី និងពិភពលោក។

សម្រាប់កម្រិតអាស៊ី កម្ពុជាបានចូលរួមការប្រកួតអាស៊ីប៉ារ៉ាហ្គេម ចំនួន ៤លើក ចាប់តាំងពីឆ្នាំ២០១០ និងការប្រកួតយុវជនអាស៊ីប៉ារ៉ាហ្គេម (Asian Youth Para Games) ចំនួន ២លើក។ ជាលទ្ធផលនៃការចូលរួមប្រកួតលើឆាកអន្តរជាតិនានា ក្រុមអត្តពលិកប៉ារ៉ាហ្គេមកម្ពុជា បានសម្រេច​ស្នាដៃដណ្តើមមេដាយជូនជាតិសរុបចំនួន ២៨១ ក្នុង​នោះ​មានមេដាយ​មាស៤៦ ប្រាក់១១៣ និងសំរឹទ្ធ១២២។

ចំណែក​ការ​ប្រកួត​កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី​៥ ឆ្នាំ​២០២៦នេះ កម្ពុជា បានបញ្ជូន​កីឡាករ​កីឡាការិនីប៉ារ៉ាហ្គេមចំនួន​​១៧នាក់ទៅ​ចូល​រួម។ ពួកគេ​ត្រូវ​ប្រកួត​ប្រជែង​នៅ​ប្រភេទ​កីឡាចំនួន​៥ រួមមាន​អត្តពលិក ហែល​ទឹក វាយកូនឃ្លីលើតុ បូស្យា និងបាល់បោះជិះរទេះនារី ចាប់​ពីថ្ងៃទី ១៨ ដល់ទី​ ២៤ ខែតុលា ហេតុ​នេះ​កម្ពុជា នៅមានអត្តពលិក​ជាច្រើន​ទៀត ដែល​ត្រូវ​ប្រកួត​ដណ្តើម​យក​មេដាយ ដោយ​លោក យី វាសនា រំពឹង​ថា អាច​នឹង​ដណ្តើមបានមេដាយ​បន្ថែម​ទៀត​។

កីឡាការិនី វិត ចន្ថា បានរត់ប្រណាំងជាមួយកីឡាករមានពិការភាពដូចគ្នា នៅពេលហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយល្ងាចថ្ងៃពុធ​ ទី២១ ខែតុលា ស្រ្តីវ័យ៤៤ឆ្នាំរូបនេះ ត្រូវប្រកួតផ្តាច់ព្រ័ត្រ លើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ ក្នុងព្រឹត្តិការកីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥ ឆ្នាំ២០២៦ នៅជប៉ុន។ (ខេមបូចា/ស៊ា បញ្ញា)

យ៉ាងណាមិញ កីឡាការិនីពិការជើងស្តាំ វិត ចន្ថា ដែល​ធ្លាប់​ឈ្នះមេដាយមាស​​ជាច្រើន ក្នុង​ការ​ប្រកួត​អាស៊ានប៉ារ៉ាហ្គេម​នោះ នឹ​ង​ត្រូវប្រកួត​ផ្តាច់​ព្រ័ត្រ លើ​វិញ្ញាសា​រត់ល្បឿនចម្ងាយ ១០០ម៉ែត្រ T64 នៅល្ងាច​ថ្ងៃពុធនេះ បន្ទាប់ពី​នាង​របូតឱកាសប្រជែងមេដាយលើ​វិញ្ញាសាលោតចម្ងាយ ក្នុង​ព្រឹត្តិការណ៍​កីឡាអាស៊ីប៉ារ៉ាហ្គេម​ លើកទី​៥ ឆ្នាំ២០២៦ នៅជប៉ុននេះ។

​កីឡាការិនី វិត ចន្ថា របស់កម្ពុជា នឹងត្រូវ​ប្រជែងយកមេដាយ ក្នុងវិញ្ញាសាមួយរត់ល្បឿន ១០០ម៉ែត្រនេះ ជាមួយអត្ដពលិក ៤នាក់​ទៀត គឺកីឡាការិនីកាហ្សាក់ស្ថាន Suleimenova Aisulu, កីឡាការិនី Takakuwa saki និងកីឡាការិនី Yamashitaa Chie របស់ម្ចាស់ផ្ទះជប៉ុន និងកីឡាការិនីមីយ៉ាន់ម៉ា Lar Win Law ខណៈការ​បង្ហាញ​ខ្លួននៅ​កីឡាអាស៊ីប៉ារ៉ាហ្គេម លើកនេះ ចន្ថា ចង់បំបែកំណត់​ត្រាខ្លួនឯង ដែល​ធ្លាប់​ធ្វើ​បាន ក្នុងការ​ប្រកួត​អាស៊ានប៉ារ៉ាហ្គេម កន្លងមក​ព្រោះ​នេះក៏អាចជាពេល​វេលាចុ​ងក្រោយ សម្រាប់ការ​បង្ហាញ​ខ្លួន នៅលើឆាកអន្តរជាតិ​ផងដែរ ខណៈ​នាងមាន​វ័យ​៤៤ឆ្នាំទៅ​ហើយ​នោះ។

គួររំឭកថា វិត ចន្ថា ធ្លាប់មានកំណត់ត្រាមេដាយអន្ដរជាតិជាច្រើន ក្នុងនោះមានដូចជា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី៩ ឆ្នាំ២០១៧ ឈ្នះ​មេដាយប្រាក់១ និងសំរឹទ្ធ១, ព្រឹត្តិការណ៍កីឡាអាស៊ាន​ប៉ារ៉ា​ហ្គេម លើកទី១១ ឆ្នាំ២០២២ ឈ្នះ​មេដាយមាស២ និងប្រាក់១ ហើយ​ចុង​ក្រោយព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា ដោយ​ឈ្នះបាន​មេដាយមាស៣តែម្នាក់​ឯង៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម