សាលាឧទ្ធរណ៍ភ្នំពេញនឹងប្រកាសសាលដីកាលើអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ពាក់ព័ន្ធនឹងបទក្បត់ជាតិ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីសវនាការរយៈពេលពីរថ្ងៃចុងក្រោយនៅពីដើមខែនេះ។
យោងតាមលិខិតជូនដំណឹងរបស់សាលាឧទ្ធរណ៍ភ្នំពេញនៅថ្ងៃទី២១ ខែមេសា បានឱ្យដឹងថា សាលាឧទ្ធរណ៍ភ្នំពេញនឹងប្រកាសសាលដីកាលើសំណុំរឿងព្រហ្មទណ្ឌ ដែលមានជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្និដ្ឋិភាពជាមួយបរទេស នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។
ជាមួយគ្នានេះ មេធាវីរបស់ លោក កឹម សុខា គឺ លោក ផែង ហេង ក៏បានផ្សាយលើហ្វេសប៊ុករបស់លោកថា ទីបំផុត សាលាឧទ្ធរណ៍ភ្នំពេញ ដាក់ថ្ងៃប្រកាសសាលដីកា សម្រាប់សំណុំរឿង ឯកឧត្តម កឹម សុខា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៦។
ស្ថាបនិកវ័យ៧២ឆ្នាំនៃគណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវបានរំលាយចោល ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ២៧ឆ្នាំក្នុងឆ្នាំ២០២៣ ដោយជាប់ឃុំក្នុងផ្ទះនៅក្រុងភ្នំពេញ។ លោកត្រូវបានកាត់ទោសពីបទក្បត់ជាតិ ជុំវិញការចោទប្រកាន់ថាលោកបានគប់គិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកូនប្រុសរបស់លោក ហ៊ុន ម៉ាណែត កំពុងកាន់តំណែងនេះ។ លោក កឹមសុខា បានបដិសេធការចោទប្រកាន់ចាប់តាំងពីលោកត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០១៧។
តុលាការថ្នាក់ទាបក៏បានដកហូតសិទ្ធិនយោបាយរបស់លោក និងហាមឃាត់លោកមិនឱ្យជួបជាមួយជនបរទេស ឬនរណាម្នាក់នៅខាងក្រៅគ្រួសាររបស់លោក។ អ្នកជំនាញអង្គការសហប្រជាជាតិបាននិយាយថា ករណីនេះមានហេតុផលនយោបាយ និងឆ្លុះបញ្ចាំងពីគំរូនៃសកម្មភាពផ្លូវច្បាប់ដ៏ទូលំទូលាយប្រឆាំងនឹងឥស្សរជនប្រឆាំង។
ក្នុងអំឡុងពេលសវនាការនៅថ្ងៃព្រហស្បតិ៍ មេធាវីការពារក្តីរបស់លោក កឹម សុខា បានអំពាវនាវឱ្យតុលាការលុបចោលការផ្តន្ទាទោសនេះ ដោយអះអាងថា មិនមានភស្តុតាងគ្រប់គ្រាន់ ហើយថាគ្មានប្រទេសបរទេសណាមួយត្រូវបានកំណត់អត្តសញ្ញាណថាបានគប់គិតជាមួយគាត់នោះទេ៕










