សាលាឧទ្ធរណ៍ភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្រេចតម្កល់សាលក្រមតុលាការជាន់ទាបដោយផ្តន្ទាទោសអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដាក់ពន្ធនាគារចំនួន២៧ឆ្នាំដដែល ពីបទសន្និដ្ឋិភាពជាមួយបរទេស បន្ទាប់ពីសវនាការរយៈពេលពីរថ្ងៃចុងក្រោយនៅពីដើមខែនេះ។ យោងតាមលោក ផែង ហេង មេធាវីរបស់លោក កឹម សុខា។
លោក ផែង ហេង មេធាវីលោក កឹម សុខា បានប្រាប់អ្នកសារព័ត៌មានថា អតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការ ពីបទក្បត់ជាតិ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។
លោកមេធាវី បានបន្តថា សាលាឧទ្ធរណ៍ភ្នំពេញ បានបន្ថែមទោសលើ លោក កឹម សុខា ដោយហាមឃាត់លោក កឹម សុខា ចេញទៅក្រៅប្រទេស ក្នុងរយៈពេល៥ឆ្នាំ។
ស្ថាបនិកវ័យ៧២ឆ្នាំនៃគណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវបានរំលាយចោល ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ២៧ឆ្នាំក្នុងឆ្នាំ២០២៣ ដោយជាប់ឃុំក្នុងផ្ទះនៅក្រុងភ្នំពេញ។ លោកត្រូវបានកាត់ទោសពីបទក្បត់ជាតិ ជុំវិញការចោទប្រកាន់ថាលោកបានគប់គិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកូនប្រុសរបស់លោក ហ៊ុន ម៉ាណែត កំពុងកាន់តំណែងនេះ។ លោក កឹមសុខា បានបដិសេធការចោទប្រកាន់ចាប់តាំងពីលោកត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០១៧។
តុលាការថ្នាក់ទាបក៏បានដកហូតសិទ្ធិនយោបាយរបស់លោក និងហាមឃាត់លោកមិនឱ្យជួបជាមួយជនបរទេស ឬនរណាម្នាក់នៅខាងក្រៅគ្រួសាររបស់លោក។ អ្នកជំនាញអង្គការសហប្រជាជាតិបាននិយាយថា ករណីនេះមានហេតុផលនយោបាយ និងឆ្លុះបញ្ចាំងពីគំរូនៃសកម្មភាពផ្លូវច្បាប់ដ៏ទូលំទូលាយប្រឆាំងនឹងឥស្សរជនប្រឆាំង។
ក្នុងអំឡុងពេលសវនាការនៅថ្ងៃព្រហស្បតិ៍ មេធាវីការពារក្តីរបស់លោក កឹម សុខា បានអំពាវនាវឱ្យតុលាការលុបចោលការផ្តន្ទាទោសនេះ ដោយអះអាងថា មិនមានភស្តុតាងគ្រប់គ្រាន់ ហើយថាគ្មានប្រទេសបរទេសណាមួយត្រូវបានកំណត់អត្តសញ្ញាណថាបានគប់គិតជាមួយគាត់នោះទេ៕










