ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦នេះ មានទណ្ឌិតចូលរួមកម្មវិធីអប់រំកែប្រែក្រៅប្រព័ន្ធ កម្មវិធីបំណិនជីវិត និងចលនាប្រឡងប្រណាំងកែប្រែខ្លួន ចំនួន ១ ៨៩៧ នាក់ ក្នុងនោះមានស្ត្រីចំនួន ១៦៧នាក់។ យោងតាមហ្វេសប៊ុកផេករបស់អគ្គនាយដ្ឋានពន្ធនាគារ ចុះផ្សាយថ្ងៃទី៩ ខែកក្កដា។
នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ពួកគេត្រូវបានវាយតម្លៃថាមានការកែប្រែខ្លួនល្អ ប្រព្រឹត្តល្អ ហើយមួយចំនួនត្រូវបានរៀបចំលើកបញ្ជីឈ្មោះស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស។
អគ្គនាយកដ្ឋានពន្ធនាគារ បានលើកឡើងថា ជាមួយគ្នានេះដែរ មានទណ្ឌិតចំនួន ១ ៧១២នាក់ បានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លីលើជំនាញចម្រុះ រៀបចំដោយអង្គភាពផ្ទាល់ និងក្រោមការគាំទ្រពីមជ្ឈមណ្ឌលជាតិ ព្រមទាំងអង្គការដៃគូនានា។
ដោយឡែក អគ្គនាយកដ្ឋានពន្ធនាគារ បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការ និងគ្រប់គ្រងចំពោះជំងឺឆ្លង ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើអ្នកមានជំងឺដែលងាយប្រឈមគ្រោះថ្នាក់ដូចជាជំងឺបេះដូង វិបល្លាសស្មារតី និងជនជាប់ឃុំដែលគ្មានសាច់ញាតិជាទីពឹងពាក់។
របាយការណ៍បង្ហាញថា តាមរយៈការពង្រឹងសេវាប៉ុស្តិ៍សុខភាពពន្ធនាគារ និងការកែប្រែគុណភាពម្ហូបអាហារឱ្យកាន់តែប្រសើរឡើង ក្នុងឆមាសទី១នេះ ករណីសង្គ្រោះបន្ទាន់ ឬការបញ្ជូនជនជាប់ឃុំទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ ព្រមទាំងអត្រានៃការស្លាប់ ជារួមបានមានការថយចុះគួរឱ្យកត់សម្គាល់។ យោងតាមអគ្គនាយកដ្ឋានពន្ធនាគារ។
អគ្គនាយកដ្ឋានពន្ធនាគារ បានបន្ថែមថា គិតមកដល់បច្ចុប្បន្ន នៅទូទាំងប្រទេសមានជនជាប់ឃុំសរុបចំនួន ៦៧ ៦៧៧ នាក់ ក្នុងនោះមានស្ត្រីចំនួន ៤ ៥៣០នាក់ រួមមាន ជនត្រូវចោទមានចំនួន ២២% ជនជាប់ចោទមានចំនួន ១០% ពិរុទ្ធជនមានចំនួន ៣៧% និងទណ្ឌិតមានចំនួន ៣១%។
លោក ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានថ្លែងកាលពីថ្ងៃទី៤ ខែកក្កដា ថា នៅកម្ពុជា មន្ត្រីអនុរក្សពន្ធនាគារម្នាក់ត្រូវទទួលបន្ទុកមើលអ្នកជាប់ឃុំចន្លោះពី២០ទៅ២៥នាក់ ខណៈនៅប្រទេសកូរ៉េខាងត្បូង មន្ត្រីម្នាក់ទទួលខុសត្រូវលើអ្នកជាប់ឃុំត្រឹមតែ៣នាក់ប៉ុណ្ណោះ។
លោក សាណាត បានឱ្យដឹងថា ចំនួនអ្នកជាប់ឃុំបានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ មានអ្នកជាប់ឃុំសរុបចំនួន ៦៧ ៦៧៧ នាក់ ក្នុងនោះមានស្ត្រីចំនួន ៤ ៥៣០ នាក់ អនីតិជនចំនួន ៣ ០៤៧ នាក់ និងជនបរទេសចំនួន ៧ ៤៣៤ នាក់។ ចំណោមអ្នកជាប់ឃុំនោះមាន ៥១ភាគរយ ជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ខណៈ ២ ៥៥៤នាក់ ត្រូវបានឃុំខ្លួនក្នុងសំណុំរឿងឆបោកតាមអនឡាញ និង ៣ ០១០ នាក់ ពាក់ព័ន្ធនឹងករណីក្មេងទំនើង។
លោក សាណាត មានប្រសាសន៍ថា៖ «ក្នុងរយៈពេលត្រឹម៦ខែកន្លងមកនេះ ចំនួនអ្នកជាប់ឃុំបានកើនឡើងជិត ៥ ០០០ នាក់»។ លោកបន្ថែមថា៖ «នៅចុងឆ្នាំ២០២៨ ចំនួនអ្នកជាប់ឃុំសរុបអាចនឹងកើនឡើងដល់ប្រមាណ ៨៥ ០០០ នាក់»។
លោកបានបន្តថា ការកកស្ទះនៅក្នុងពន្ធនាគារបានធ្វើឱ្យពិបាកក្នុងការបែងចែកអ្នកជាប់ឃុំទៅតាមប្រភេទបទល្មើស កម្រិតហានិភ័យផ្នែកសន្តិសុខ និងស្ថានភាពសុខភាព ស្របតាមស្តង់ដារច្បាប់ ហើយថែមទាំងបង្កើនហានិភ័យសន្តិសុខនៅក្នុងពន្ធនាគារទៀតផង។
ស្ថានភាពនេះក៏បានធ្វើឱ្យមន្ត្រីអនុរក្សពន្ធនាគារម្នាក់ត្រូវទទួលបន្ទុកមើលអ្នកជាប់ឃុំពី២០ទៅ២៥ នាក់ ដែល «លើសឆ្ងាយពីចំនួនដែលត្រូវបានណែនាំគឺពី៦ទៅ១០នាក់»។ ជាមួយគ្នានេះ អ្នកជាប់ឃុំម្នាក់ៗមាន «ទំហំកន្លែងរស់នៅត្រឹមតែ១.០៥ម៉ែត្រការ៉េប៉ុណ្ណោះ» ខណៈស្តង់ដារអប្បបរមារបស់អង្គការសហប្រជាជាតិ កំណត់ថា គួរមានទំហំយ៉ាងហោចណាស់៣.៤ម៉ែត្រការ៉េសម្រាប់អ្នកជាប់ឃុំម្នាក់។
លោក សាណាត បានថ្លែងថា៖ «ការដាក់អ្នកជាប់ឃុំជាច្រើននាក់ក្នុងបន្ទប់ឃុំតែមួយ បានបង្កឱ្យមានសម្ពាធផ្លូវអារម្មណ៍ និងផ្លូវចិត្ត»។ លោកបន្ថែមថា អ្នកជាប់ឃុំមួយចំនួនបានបង្ហាញគំនិតចង់ធ្វើអត្តឃាត ប៉ុនប៉ងរត់គេចពីពន្ធនាគារ ឬមានគំនិតបះបោរនៅក្នុងពន្ធនាគារ។
លោក អំ សំអាត នាយកប្រតិបត្តិនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ បានលើកឡើងនៅថ្ងៃទី៧ ខែកក្កដា ថា អាជ្ញាធរគួរពង្រឹងវិធានការទប់ស្កាត់បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ខណៈតុលាការគួរកាត់បន្ថយការបញ្ជូនជនសង្ស័យទៅឃុំខ្លួនបណ្តោះអាសន្ន ពង្រីកការផ្តន្ទាទោសដោយការបម្រើការងារសហគមន៍ និងបង្កើនការដោះលែងដោយមានលក្ខខណ្ឌសម្រាប់អ្នកជាប់ឃុំដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
លោក សំអាត បានផ្ដល់អនុសាសន៍ឱ្យដោះលែងសកម្មជនដែលត្រូវបានឃុំខ្លួន ដោយសារការអនុវត្តសិទ្ធិ និងសេរីភាពដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញផងដែរ៕










