តុលាការកំពូល នៅព្រឹកថ្ងៃទី៣ ខែកក្កដានេះ បានសម្រេចតម្កល់សាលដីកាផ្តន្ទាទោស លោក កើត សារ៉ាយ ឱ្យជាប់ពន្ធនាគារចំនួន៤ឆ្នាំដដែល បទញុះញង់បង្កឱ្យមានការវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទមិនរាងចាល។ យោងតាមលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ បានលើកឡើង។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ បានឱ្យដឹងថា តុលាការកំពូល នៅព្រឹកថ្ងៃទី៣ ខែកក្កដានេះ បានសម្រេចតម្កល់សាលដីកាផ្តន្ទាទោស លោក កើត សារ៉ាយ ឱ្យជាប់ពន្ធនាគារចំនួន៤ឆ្នាំដដែល ពីបទញុះញង់បង្កឱ្យមានការវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទមិនរាងចាល។
លោក អែម ចន្ថា មេធាវីរបស់លោក កើត សារ៉ាយ បានលើកឡើងថា លោកមានការសោកស្តាយយ៉ាងខ្លាំង ដោយសារតុលាការកំពូលមិនបានពិចារណាលើអង្គច្បាប់ ដែលថាកូនក្តីលោកជាប់ពាក់ព័ន្ធនឹងបទញុះញង់ និងបទមិនរាងចាល ព្រោះអ្វីដែលកូនក្តីរបស់លោកធ្វើហ្នឹង ក្នុងនាមគាត់ជាមន្ត្រីសង្គមស៊ីវិល និងក្នុងនាមជាសមាគម ដែលនិយាយពីសកម្មភាពរបស់ខ្លួន ហើយទាមទារឱ្យមានដំណោះស្រាយពីអាជ្ញាធរ ក៏ដូចជាការផ្តល់ព័ត៌មាន ឬការផ្តល់ជាជម្រើសក្នុងការស្វែងរកដំណោះស្រាយ ផ្ទុយទៅវិញ បែរជាតុលាការកំពូលតម្កល់សាលដីកា។
សំណុំរឿង លោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ត្រូវបានជំនុំជម្រះនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅតុលាការកំពូល ហើយប្រកាសសាលដីកានៅថ្ងៃនេះ។
សាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់ការផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលបួនឆ្នាំលើសកម្មជន លោក កើត សារ៉ាយ ពីបទញុះញង់ និងមិនរាងចាល នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ។
សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ឱ្យជាប់ពន្ធនាគាររយៈពេលបួនឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានរៀល (ប្រហែល ៥០០ ដុល្លារ) ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ពីបទញុះញង់ក្នុងសំណុំរឿងជម្លោះដីធ្លីនៅខត្តព្រះវិហារ។
លោក សារ៉ាយ អាយុ ៣១ ឆ្នាំ ត្រូវបានចាប់ខ្លួនក្នុងខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីគាត់បានជួបជាមួយអ្នកភូមិដែលរងផលប៉ះពាល់ដោយជម្លោះដីធ្លីដ៏យូរអង្វែងមួយនៅក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ នៅពេលនោះ អ្នកស្រុកកំពុងស្វែងរកកន្លែងជ្រកកោននៅក្នុងព្រៃក្បែរនោះ បន្ទាប់ពីរត់គេចខ្លួនចេញពីផ្ទះរបស់ពួកគេ ដោយសារការភ័យខ្លាចការចាប់ខ្លួនដោយកងកម្លាំងប្រដាប់អាវុធ បន្ទាប់ពីការផ្តល់ដីសម្បទានចំនួន ៩ ០០០ ហិកតាទៅឱ្យក្រុមហ៊ុនកៅស៊ូ Seladamex ក្នុងឆ្នាំ២០១១។
តុលាការបានចោទប្រកាន់លោក សារ៉ាយ ក្រោមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ក៏ដូចជាមាត្រា ៨៨ នៃច្បាប់ដូចគ្នា ពីបទ «ប្រព្រឹត្តបទបជ្ឈិម បន្ទាប់ពីត្រូវបានកាត់ទោសពីបទមជ្ឈិមមួយផ្សេងទៀត» ដែលធ្វើឱ្យទោសជាប់ពន្ធនាគាររបស់គាត់កើនឡើងទ្វេដង។ លោក សារាយ បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ ដោយមេធាវី និងក្រុមសិទ្ធិមនុស្សបានអះអាងថា មិនមាន «ចេតនាឧក្រិដ្ឋ» ក្នុងការចូលរួមជាមួយអ្នកភូមិនោះទេ។
នេះមិនមែនជាការប្រឈមមុខផ្នែកច្បាប់លើកដំបូងរបស់លោក សារាយ នោះទេ។ ក្នុងឆ្នាំ ២០២១ លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ២០ខែ ពីបទចូលរួមក្នុងការតវ៉ាដោយសន្តិវិធីគាំទ្រលោក រ៉ុង ឈុន មេដឹកនាំសហជីពដែលត្រូវបានជាប់ពន្ធនាគារនៅពេលនោះ៕









