សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

តុលាការកំពូលសម្រេចឱ្យជនជាតិដើម​ភាគ​តិចកួយ​ពីរនាក់ប្តីប្រពន្ធនៅខេត្តព្រះវិហារ ចាកចេញពីដីជម្លោះ

មន្ត្រីសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌដូនពេញកំពុងហាមក្រុមពលរដ្ឋជនជាតិកួយមិនឱ្យលើបដានៅក្បែររបងតុលាការកំពូល នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ (ខេមបូចា/ហុង សេរីហ្វុង)
មន្ត្រីសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌដូនពេញកំពុងហាមក្រុមពលរដ្ឋជនជាតិកួយមិនឱ្យលើបដានៅក្បែររបងតុលាការកំពូល នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ (ខេមបូចា/ហុង សេរីហ្វុង)

តុលាការកំពូលប្រកាសសាលដីកានៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ តម្ដល់ការសម្រចរបស់​តុលាការជាន់ទាបចំពោះសំណុំ​​រឿង​វិវាទដីធ្លី​របស់ជនជាតិដើមភាគតិចកួយពីរនាក់ប្តីប្រពន្ធ​នៅ​ខេត្តព្រះវិហារ ដោយបង្គាប់ឱ្យពួកគេចាកចេញពីដី និងសងជំងឺចិត្តដើមបណ្ដឹង១លានរៀល។

ការសម្រេចនេះធ្វើឡើងបន្ទាប់ពីតុលាការកំពូលបានបើកសវនាការជំនុំជម្រះបណ្ដឹងសាទុក្ខរបស់ជនជាតិដើមភាគតិចទាំង២នាក់ កាលពី​ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។

សហមេធាវីការពារក្ដីឱ្យជនជាតិដើមភាគតិចកួយលោក បុណ្យ សុគុណ និងអ្នកស្រី​ សុខ មឿន គឺលោកមេធាវី លូត សាំង ប្រាប់សារ​ព័ត៌មានខេមបូចានៅថ្ងៃទី១៩ ខែតុលាថា តុលាការ​កំពូល​បានសម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ត្បូងឃ្មុំទុកជាបានការដដែលចំពោះសំណុំរឿងកូនក្ដីគាត់ ដោយបង្គាប់ឱ្យជនជាតិដើមភាគតិចទាំងពីររូបចុះចេញពីដី ព្រមទាំងសងជំងឺចិត្ត​​ដើម​បណ្ដឹង​ចំនួន១លានរៀល។

លោកមេធាវី លូត សាំង មានប្រសាសន៍ថា៖ «ខ្ញុំគិតថាតុលាការកំពូលកាត់ក្ដីមិនផ្អែក​ទៅលើ​អង្គហេតុ​អង្គ​ច្បាប់ទេ មានភាពលំអៀង។ ហេតុអីបានខ្ញុំហ៊ានថាអ៊ីចឹង? ព្រោះយើងមាន​ភស្តុតាង មានឯកសារ មានអីគ្រប់គ្រាន់ មានសាក្សី»។

ជនជាតិដើ​មភាគតិចកួយអ្នកស្រី​ សុខ មឿន លើកឡើងថា ការដែលតុលាការកំពូលតម្ដល់ការ​សម្រច​របស់តុលាការជាន់ទាបចំពោះសំណុំរឿងរបស់​​អ្នកស្រី ដោយបង្គាប់ឱ្យអ្នកស្រី ​និង​ស្វាមី​ចាកចេញពីដី និងសងជំងឺចិត្តដើមបណ្ដឹង១លានរៀលនោះវាជារឿងអយុត្តិធម៌។

អ្នកស្រី​ សុខ មឿន វ័យ៤២ឆ្នាំបានលើកឡើងថា៖ «សម្រាប់ខ្ញុំវាអត់យុត្តិធម៌ទេលោកគ្រូ សម្រាប់​សហគមន៍ជនជាតិដើមភាគតិចទទួលយកមិនបានទេ[…]គាត់ទើបតែមានប្លងរឹងឆ្នាំ២០១៣ ២០១៤ សម្រាប់សហគមន៍ជនជាតិដើមភាគតិចកួយអាស្រ័យផល​តាំងពី​ឆ្នាំ២០០០​រហូត​ដល់​ពេលបច្ចុប្បន្ន»។

ស្ត្រីជនជាតិដើមភាគតិចកួយរូបនេះថា ការដែលតុលាការកំពូលសម្រេចដូច្នេះប៉ះពាល់ដល់​ជីវភាព​គាត់ព្រោះលែងមានដីអាស្រ័យផលដាំដំណាំចិញ្ជឹមជីវិត និងមិនមានដីសម្រាប់​ចែក​កូនចៅ។ ការណ៍នេះ អ្នកស្រី​ សុខ មឿន ប្រកាន់ជំហរថា៖ «ទោះបីដូចថាខាងដើមបណ្ដឹង​មកបង្ខំនាងខ្ញុំចុះចេញពីដីហ្នឹង ក៏នាងខ្ញុំមិនចេញទេ នៅតែតស៊ូរស់ក្នុងដីហ្នឹង»។

អ្នកស្រី ម៉ៅ ធីតា អ្នកនាំពាក្យតុលាការកំពូលប្រាប់ថា អ្នកស្រីមិនបានដឹងព័ត៌មានទេ ពីព្រោះ​អ្នកស្រីជាប់រវល់នឹងភារកិច្ចនៅក្រៅកន្លែងធ្វើការនៅព្រឹកថ្ងៃទី១៩ ខែតុលានេះ។

អ្នកស្រី ម៉ៅ ធីតា មានប្រសាសន៍ថា៖ «ការឆ្លើយតបទៅហ្នឹង គឺខ្ញុំសុំពិភាក្សាជាមួយក្រុម​របស់ខ្ញុំ​ដែលត្រូវឆ្លើយហ្នឹង ហើយនឹងជម្រាបជូនលោក ព្រោះអីខ្ញុំព្រឹកមិញ​ខ្ញុំអត់បាននៅកន្លែង​ធ្វើការ​ទេ»។

ជុំវិញករណីនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បារម្ភថា ជនជាតិដើមភាគតិចទាំងពីររូបគ្មានដីរស់នៅ ព្រមទាំងបារម្ភពីការប៉ះពាល់វប្បធម៌ពួកគេ។

លោក អំ សំអាត មានប្រសាសន៍ថា៖ «ប្រសិនបើពួកគាត់មិនមានដីផ្សេងក្រៅពីដីដែលកំពុង​តែសម្រេចដោយតុលាការកំពូលទេ គឺពួកគាត់មិនដឹងថាទៅរស់នៅកន្លែងណា ចំណុចនេះ​វាក្លាយជាបន្ទុករបស់អាជ្ញាធរដែនដីដែលត្រូវជួយរកដីសង្គមកិច្ចសម្រាប់ពួកគាត់រស់នៅ ហើយ​ក៏អាចប៉ះពាល់ដល់អត្តសញ្ញាណ វប្បធម៌ និងប្រពៃណី របស់គាត់ជាជនជាតិដើម​ភាគ​តិច​កួយ ប្រសិនបើគាត់ទៅរស់នៅកន្លែងផ្សេងដែលមិនមែនជាសហគមន៍​ជនជាតិដើម​ភាគ​តិចកួយ»។

គួរជម្រាបជូនថា សាលាដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានចេញ​សាលក្រម​បង្គាប់ឱ្យជនជាតិដើមភាគតិចកួយ ដែលជាចុងចម្លើយគឺលោក បុណ្យ សុគុណ និង​អ្នកស្រី​ សុខ មឿន ចាក​ចេញពីដីនៅភូមិបុះធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែល​​មានផ្ទៃក្រឡាសរុប ២៤ ៨២០ម៉ែត្រការ៉េ និងត្រូវសងសំណងជំងឺចិត្តទៅដើមបណ្ដឹងគឺ លោក គីម ណុច ជាប្រាក់ចំនួន ១លានរៀល។ ហើយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ សាលា​ឧទ្ធរណ៍​ត្បូងឃ្មុំ ក៏​បានចេញសាលដីកាច្រានចោលបណ្ដឹងឧទ្ធរណ៍​របស់ជនជាតិដើម​ភាគតិច​កួយ​ពីរនាក់ប្តីប្រពន្ធនេះ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម