សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

 ស្ត្រីជនជាតិដើមភាគតិចមួយចំនួនលើកពីបញ្ហាប្រឈមក្នុងការធ្វើកសិកម្ម ខណៈកសិករ​ងាកធ្វើកសិកម្មបែបទំនើប

កញ្ញា ក្លាន សារិត ជាជនជាតិដើមភាគតិចចារ៉ាយមកពីខេត្តរតនគិរីបញ្ចេញមតិក្នុងសិក្ខាសាលាស្តីពី «សារៈសំខាន់នៃស្ត្រីក្នុងវិស័យកសិកម្ម៖ គុណតម្លៃដី កសិ-អេកូឡូស៊ី ភាពធន់ និងអាកាសធាតុនៅអាស៊ី» នៅរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ។ (ខេមបូចា/ហុង សេរីហ្វុង)
កញ្ញា ក្លាន សារិត ជាជនជាតិដើមភាគតិចចារ៉ាយមកពីខេត្តរតនគិរីបញ្ចេញមតិក្នុងសិក្ខាសាលាស្តីពី «សារៈសំខាន់នៃស្ត្រីក្នុងវិស័យកសិកម្ម៖ គុណតម្លៃដី កសិ-អេកូឡូស៊ី ភាពធន់ និងអាកាសធាតុនៅអាស៊ី» នៅរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ។ (ខេមបូចា/ហុង សេរីហ្វុង)

កសិករស្ត្រីជនជាតិដើមភាគតិចមួយចំនួនមកពីខេត្តរតនគិរី បានលើកឡើងថាពួកគេកំពុងប្រឈមបញ្ហាមួយចំនួនក្នុងការធ្វើកសិកម្មចិញ្ចឹមជីវិត ទាំងបែបបច្ចេកទេសកសិកម្មទំនើប ខណៈព្រួយបារម្ភពីការបាត់បង់គ្រាប់ពូជប្រពៃណី និងរបៀបធ្វើចម្ការវិលជុំជាដើមដែលជាអត្តសញ្ញាណពួកគេ។

ការលើកឡើងនេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ក្នុងសិក្ខាសាលាស្តីពី «សារៈសំខាន់នៃស្ត្រីក្នុងវិស័យកសិកម្ម៖ គុណតម្លៃដី កសិ-អេកូឡូស៊ី ភាពធន់ និងអាកាសធាតុនៅអាស៊ី» នៅរាជធានីភ្នំពេញ ដែលរៀបចំដោយអង្គការជាតិ​ និងអន្តរជាតិប្រមាណជាង៣០ស្ថាប័ន ក្នុងនោះមានវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) សម្ព័ន្ធដីធ្លីអន្តរជាតិ (ILC) អង្គការអុកស្វាម(Oxfam)។

ក្នុងសិក្ខាសាលានេះ មានការបែងចែកជាកិច្ចពិភាក្សាតាមក្រុមផ្សេងៗគ្នា ដោយមានក្រុមស្រ្តីជនជាតិដើមភាគតិច មកពីប្រទេសជាច្រើនរួមទាំងកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឡាវ ថៃ និងឥណ្ឌា។ ពួកគេបានលើកឡើងពីបញ្ហាច្បាប់ និងគោលនយោបាយជារួម ព្រមទាំងចន្លោះនៃអនុវត្តច្បាប់ និងគោលនយោបាយទាំងនោះនៅតំបន់អាស៊ី ដែលធ្វើឱ្យប៉ះពាល់សិទ្ធិរបស់ស្ត្រីក្នុងការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិ។

តំណាងជនជាតិដើមភាគតិចពីកម្ពុជាបានលើកឡើងក្នុងកិច្ចពិភាក្សាពីច្បាប់នៃការគ្រប់គ្រងដីធ្លីនៅកម្ពុជាថានៅមានភាពចន្លោះប្រហោងសម្រាប់ផ្តល់សិទ្ធិពេញលេញដល់ជនជាតិដើមភាគតិចក្នុងការគ្រប់គ្រងដីធ្លី ដែលអាចធ្វើឲ្យពួកគេបន្តរក្សាប្រពៃណី និងទំនៀមទម្លាប់ក្នុងការធ្វើចម្ការវិលជុំ។ ពួកគេក៏បាននិយាយអំពី​បញ្ហាចំណេះដឹងផ្នែកច្បាប់របស់ពួកគេនៅមានកម្រិតជាដើម។

បន្ទាប់ពីបានពិភាក្សាជាក្រុមមួយព្រឹក កញ្ញា ក្លាន សារិត ជាជនជាតិដើមភាគតិចចារ៉ាយមកពីស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានផ្ដល់បទសម្ភាសន៍លម្អិតដល់ខេមបូចា អំពីបញ្ហាប្រឈមរបស់សហគមន៍គាត់។

សារិត បាននិយាយថាសព្វថ្ងៃនេះសហគមន៍របស់គាត់ជួបបញ្ហាប្រឈមពីការផ្លាស់ប្ដូររបៀបធ្វើកសិកម្ម ពីបែបប្រពៃណី ឬការធ្វើចម្ការវិលជុំ មកបែបកសិកឧស្សហកម្មវិញ ដោយសារបម្រែបម្រួលផ្នែកសង្គម និងតម្រូវការផ្នែកសេដ្ឋកិច្ច។

ស្ត្រីវ័យ២៨ឆ្នាំរូបនេះបន្ថែមថា ស្រ្តីជនជាតិដើមភាគតិចប្រឈមនឹងបញ្ហាកង្វះចំណេះដឹងផ្នែកបច្ចេកទេសធ្វើកសិកម្មទំនើប ឬហៅថាជាប្រភេទកសិឧស្សហកម្ម បន្ទាប់ពីពួកគេផ្លាស់ប្ដូរពីការធ្វើចម្ការវិលជុំ មកបែបទំនើប។ កសិករត្រូវចំណាយលើថ្នាំ និងជីកសិកម្មច្រើន ហើយតម្លៃនៃផលដំណាំលើទីផ្សារមិនសូវបានថ្លៃ។

សារិត បាននិយាយថា៖ «ស្ត្រីគាត់មានបន្ទុកកាន់តែច្រើនទៀតដែលគាត់ត្រូវថែទាំស្រែចម្ការផង ហើយគាត់ត្រូវថែទាំផ្ទះសម្បែងផង ហើយណាមួយការចំណាយទៅលើចំការរបស់ពួកគាត់ហ្នឹងវាចំណាយច្រើនជាងពួកគាត់បានទទួលផល»។ 

សារិត បានបន្ថែមថា៖ «អ្វីដែលជាការរំពឹងទុករបស់ពួកយើងគឺទាក់ទងនឹងការរកទីផ្សារឱ្យកសិករឱ្យវាសមរម្យ»។

ចំណែកឯ  កញ្ញា កុច សាដៀក ជាជនជាតិដើមភាគតិចកាវ៉ែតមកពីខេត្តរតនគិរី ប្រាប់ថា កាលពីមុនកសិករភាគច្រើនដាំដុះបែបចម្ការវិលជុំ ដោយដីដែលធ្លាប់ដាំដុះរួចអាចទុករហូតដល់១០ឆ្នាំទើបដាំម្ដងទៀត ដើម្បីឱ្យដីមានជីជាតិឡើងវិញ។ ក៏ប៉ុន្តែ សាដៀក ថាការធ្វើកសិកម្មបែបប្រពៃណីបានថយចុះដោយសារកំណើនប្រជាជន និងការពង្រីកតំបន់ការពារធម្មជាតិពីសំណាក់អាជ្ញាធរ ដែលបានហាមការធ្វើចំការវិលជុំនៅតំបន់នោះ។ ដោយសារបញ្ហានេះពួកគេបានងាកមកធ្វើកសិកម្មទំនើបវិញ ដោយត្រូវប្រើថ្នាំសម្លាប់សត្វល្អិត។

សាដៀក និយាយថា៖ «បច្ចុប្បន្នដោយសារយើងប្រើប្រាស់ថ្នាំគីមី ក៏ដូចជាគោយន្តអញ្ចឹងទៅ ត្រាក់ទ័រយើងឈូសដី ឬមួយក៏យើងបាញ់ស្មៅទៅធ្វើឱ្យដំណាំស្រូវ ដំណាំផ្សេងៗទៀតវាចាប់ផ្ដើមបាត់បង់គ្រាប់ពូជ»។

សម្រាប់​សាដៀក គាត់នៅបន្តធ្វើចម្ការវិលជុំ ហើយបានស្នើសុំឱ្យរាជរដ្ឋាភិបាលជួយរក្សាប្រពៃណីធ្វើចម្ការវិលជុំរបស់ពួកគេ ដែលជាបច្ចេកទេសកសិកម្មរក្សាបាននូវគ្រាប់ពូជប្រពៃណី។

សាដៀក និយាយថា៖ «បើសិនជាមានខាងរាជរដ្ឋាភិបាលគាត់អាចជាជួយសិក្សាពីការអនុវត្តចម្ការវិលជុំ ដោយសារអីវាពាក់ព័ន្ធនឹងគ្រាប់ពូជប្រពៃណីដែរ ហើយនិងចំណេះដឹងអត្តសញ្ញាណរបស់ជនជាតិដើមភាគតិច អ៊ីចឹងបើគាត់អាចសិក្សាឱ្យច្បាស់ពីហ្នឹង[…]ឱ្យដាក់បញ្ចូលក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល»។

សេចក្តីប្រកាសព័ត៌មានរបស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឱ្យដឹងថា កម្មករកសិកម្មជាស្រ្តីមានចំនួនពី ៧៨ ភាគរយទៅ ៨១ភាគរយ នៃកម្មករកសិកម្មសរុបនៅប្រទេសកម្ពុជា និងឡាវ។ យ៉ាងណាមិញ ស្ត្រីដែលកាន់កាប់ដីធ្លីជាមធ្យមគឺតិចជាង ១៥ភាគរយនៅទូទាំងអាស៊ី។

សេចក្តីប្រកាសព័ត៌មានរបស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាបន្ថែមថា៖ «បើគ្មានសិទ្ធិដីធ្លីមានសុវត្ថិភាពទេ ស្ត្រីរាប់លាននាក់ត្រូវបានដកចេញពីឱកាសទទួលបានឥណទាន សេវាកសិកម្ម និងកម្មវិធីរបស់រដ្ឋាភិបាល»។

ជាមួយគ្នានេះ តាមសេចក្តីប្រកាសព័ត៌មានដដែល អ្នកស្រី អានូ វឺម្មា (Anu Verma) ប្រធានសម្របសម្រួលតំបន់នៃ ILC Asia មានប្រសាសន៍ថា «ស្ត្រីជាកសិករមិនខ្វះចំណេះដឹង ភាពអង់អាច ឬដំណោះស្រាយនោះទេ។ អ្វីដែលពួកគាត់នៅខ្វះគឺការទទួលស្គាល់ សិទ្ធិ និងអំណាចក្នុងការសម្រេចចិត្ត»។

ស្ត្រីជាជនជាតិដើមភាគតិចឥណ្ឌាធ្វើបទបង្ហាញពីលទ្ធផលនៃកិច្ចពិភាក្សាក្រុម «ស្ត្រីជនជាតិដើមភាគតិច» ក្នុងសិក្ខាសាលាស្តីពី «សារៈសំខាន់នៃស្ត្រីក្នុងវិស័យកសិកម្ម៖ គុណតម្លៃដី កសិ-អេកូឡូស៊ី ភាពធន់ និងអាកាសធាតុនៅអាស៊ី» នៅរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ។ (ខេមបូចា/ហុង សេរីហ្វុង)

សារព័ត៌មានខេមបូចាមិនអាចសុំការអត្ថាធិប្បាយពីលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម ត្រឹមព្រឹកថ្ងៃទី១៧ ខែតុលានេះ។

លោក ស៊ូ សិរី អភិបាលរងខេត្តរតនគិរី បាននិយាយថា បញ្ហាទាំងអស់ដែលក្រុមកសិករស្ត្រីជនជាតិដើមភាគតិចលើក​ឡើង​នោះ ជាការងាររបស់មន្ទីរជំនាញ រួមមានមន្ទីរកសិកម្ម និងមន្ទីរពាណិជ្ជកម្មខេត្ត។ តែយ៉ាងណាលោកថា កន្លងមក អាជ្ញាធរបានជួយសម្របសម្រួលកសិករ ទាំងការចែករំលែកបច្ចេកទេសកសិកម្មទំនើប និងសម្រួល​តម្លៃកសិផលផង ទោះបីជាវាមានការលំបាកក្នុងបរិបទទីផ្សារសេរីក៏ដោយ។

លោក សិរី មានប្រសាសន៍ថា៖ «កន្លងមកគាត់នៅជឿប្រពៃណីគាត់ច្រើនដែរហ្នឹង ឥឡូវដល់យើងដាក់ការងារបច្ចេកទេសទំនើបមក គាត់ក៏រត់តាមយើង តែរត់មិនសូវទាន់ទេធ្វើម៉េចវាទាមទារចំណេះជំនាញដែរ[…]យើងនឹងព្យាយាមក្នុងនាមអាជ្ញាធរយ៉ាងម៉េចម៉ាក៏សម្របសម្រួលពួកគាត់ដើម្បីឱ្យដើរទាន់បច្ចេកវិទ្យាទំនើប»។ 

លោកបានបន្ថែម៖ «អាជ្ញាធរក៏គាត់នៅតែព្យាយាមជួយសម្របសម្រួលពាក់ព័ន្ធនឹងទីផ្សារហ្នឹងធ្វើម៉េចកុំឱ្យវាធ្លាក់ពេក។ គាត់រកទទួលទានអត់រួច ថ្លៃជី ថ្លៃអីៗហ្នឹងឥឡូវវាអីក៏ឡើងថ្លៃ ដល់ពេលរបស់យើងមានច្រើន លក់បានថោក»។

លោក សឿង សារឿន នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានប្រាប់សារព័ត៌មានខេមបូចាថា ជនជាតិដើមភាគតិចក្នុងតំបន់ និងប្រទេសកម្ពុជាប្រឈមបញ្ហាស្រដៀងគ្នា តួយ៉ាងដូចជាបញ្ហាប៉ះពាល់ពីក្រុមហ៊ុនវិនិយោគឯកជនចំពោះបរិស្ថាន និងប៉ះលើដីធ្លីពួកគេ ។ បញ្ហាបម្រែបម្រួលអាកាសធាតុបានប៉ះពាល់ដល់របរកសិកម្មជាដើម។

លោក សារឿន មានប្រសាសន៍បន្ថែមថា៖ «លទ្ធភាពទទួលបានការគាំទ្រនូវការកសាងសមត្ថភាពទន់ និងទីផ្សារហ្នឹង និងបច្ចេកវិទ្យា ក៏គាត់បានលើកឡើងនៅមានកម្រិតទៀតដែរ បើប្រៀបធៀបជាមួយនឹងសហគមន៍ផ្សេងទៀតមិនមែនជាជនជាតិដើមភាគតិច»។

លោកបានស្នើដល់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធឱ្យពិនិត្យច្បាប់ និងគោលនយោបាយដែលមានស្រាប់នូវចំណុចដែលមិនទាន់លើកកម្ពស់បរិយាប័នជនជាតិដើមភាគតិច ជំរុញជនជាតិដើមភាគតិចឱ្យប្រើប្រាស់សក្តានុពលរបស់ខ្លួន ជំនួយគាំទ្រថវិកា បច្ចេទេស ធ្វើឱ្យលក្ខខណ្ឌផ្ដល់ជំនួយមានភាពសាមញ្ញ និងពន្លឿនការចុះបញ្ជីដីសមហភាពរបស់ជនជាតិដើមភាគតិចជាដើម។

លោក សារឿន និយាយបន្ថែមថា៖ «រឿងទាំងអស់គឺអាចដោះស្រាយបាន បើសិនជាភាពជាដៃប្រកបដោយបរិយាប័ន សង្គមស៊ីវិល វិស័យឯកជន រដ្ឋ ដៃគូអភិវឌ្ឍន៍ និងសហគមន៍ធ្វើការរួមគ្នាក្នុងគោលដៅ ទិសដៅតែមួយ ដោយមិនមានរបាំង នោះការអភិវឌ្ឍលឿន»។

របាយការណ៍របស់អគ្គលេខាធិការដ្ឋានប្រជាជននិងអភិវឌ្ឍន៍នៃក្រសួងផែនការ និងអង្គការសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា ស្ដីពីស្ថានភាពប្រជាសាស្ដ្រ និងសង្គម-សេដ្ឋកិច្ច របស់ជនជាតិដើមភាគតិចនៅកម្ពុជា បច្ចុប្បន្នភាពឆ្នាំ ២០២៤ ដែលផ្សាយនៅទំព័រហ្វេប៊ុក Cambodia Indigenous Peoples Organization កាលពីឆ្នាំ២០២៥ ឱ្យដឹងថា​ ជំរឿនឆ្នាំ២០១៩ កម្ពុជាមានជនជាតិដើមភាគតិចចំនួន២២អំបូរសរុបចំនួន ១៧២.៩៨០នាក់ ដែលចំនួននេះ ស្មើនឹង១,១១ភាគរយ នៃប្រជាជនកម្ពុជាសរុប។ របាយការណ៍ដដែលឱ្យដឹងថា ជនជាតិដើមភាគតិចចំនួន៩៤ភាគរយ នៃចំនួនជនជាតិដើមភាគតិចសរុប រស់នៅក្នុងខេត្តខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ ស្ទឹងត្រែង និងខេត្តកំពង់ធំ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម