សំណុំរឿងវិវាទដីធ្លីរបស់ជនជាតិដើមភាគតិចកួយពីរនាក់ប្តីប្រពន្ធនៅខេត្តព្រះវិហារ ដែលតុលាការកំពូលបានបើកការជំនុំជម្រះនៅថ្ងៃទី៦ ខែតុលា នឹងត្រូវប្រកាសសាលដីកានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។
នៅខាងក្រៅបរិវេណតុលាការ មានពលរដ្ឋជាជនជាតិដើមភាគតិចជាង៤០នាក់ដែលចូលរួមគាំទ្រ ពួកគេមកពីភូមិចំនួន៣ គឺភូមិស្រែព្រាង ភូមិបុះធំ និងភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ បានលើកបដាដែលសរសេរជាសារផ្សេងៗ ក្រោមការឃ្លាំមើលពីសកម្មជនសិទ្ធិមនុស្ស និងសកម្មជនបរិស្ថាន ក៏ប៉ុន្តែត្រូវបានក្រុមសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ ហាមពួកគេមិនឱ្យលើកបដានោះទេ។ អ្នកខ្លះអង្គុយ ខ្លះឈរនៅក្រោមប្លប់ដើមឈើជាប់របងតុលាការកំពូល ដើម្បីរង់ចាំស្តាប់លទ្ធផលនៃការជំនុំជម្រះ។
តុលាការកំពូលបានបើកសវនាការជំនុំជម្រះបណ្ដឹងសាទុក្ខរបស់ជនជាតិដើមភាគតិចកួយ២នាក់ប្តីប្រពន្ធ មកពីភូមិស្រែព្រាង ឃុំប្រមេរ បន្ទាប់ពីតុលាការជាន់ទាបបានសម្រចកាត់ដីជនជាតិដើមភាគតិចទាំង២រូបនេះឱ្យបុគ្គលមួយរូប ដែលពលរដ្ឋអះអាងថា ជាអ្នកចំណូលស្រុកថ្មី។
សហមេធាវីការពារក្ដីឱ្យជនជាតិដើមភាគតិចកួយលោក បុណ្យ សុគុណ និងអ្នកស្រី សុខ មឿន គឺលោក លូត សាំង ប្រាប់សារព័ត៌មានខេមបូចានៅរសៀលថ្ងៃទី៦ ខែតុលានេះថា នៅក្នុងសវនាការមានការជជែកដេញដោលពីអង្គច្បាប់ ហើយលោកបានលើកពីប្រវត្តិនៃការកាន់កាប់ដីរបស់កូនក្ដីលោក ច្បាប់ភូមិបាលមាត្រា២៣ សិទ្ធិជនជាតិដើមភាគតិចដែលចែងក្នុងមាត្រា ៣១នៃរដ្ឋធម្មនុញ្ញ និងសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ ព្រមទាំងអនុក្រឹត្យលេខ ៨៣ ដែលផ្ដល់ឱ្យសហគមន៍ជនជាតិដើមភាគតិចចុះបញ្ជីដីជាកម្មសិទ្ធិសមូហភាព។
លោកមេធាវី លូត សាំង មានប្រសាសន៍ថា៖ «អ្វីដែលយើងបានលើកឡើងក្នុងអង្គច្បាប់នេះ គឺយើងមានភស្តុតាង មានឯកសារគ្រប់គ្រាន់ ទាំងលក្ខន្តិកៈដែលបញ្ជាក់ថាសហគមន៍ មានបញ្ជីឈ្មោះ មានលក្ខន្តិកៈ មានផែនទី មានរូបថតផ្ទះ ហើយគាត់រស់នៅដីហ្នឹងតាំងពីឆ្នាំ ២០០០រហូតមកដល់បច្ចុប្បន្ននេះ គាត់មិនដែលបានអាក់ខានទេ»។
លោកមេធាវីបន្តថា តុលាការកំពូលនឹងប្រកាសសាលដីកានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៨ព្រឹក ដោយលោកសង្ឃឹមថា ចៅក្រមនឹងកាត់ក្ដីរឿងដីធ្លីនេះដោយយុត្តិធម៌ ត្រឹមត្រូវតាមផ្លូវច្បាប់ និងផ្ដល់សិទ្ធិឱ្យកូនក្ដីលោកអាចគ្រប់គ្រងដីពួកគេវិញ។
ជនជាតិដើមភាគតិចកួយអ្នកស្រី សុខ មឿន ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីចេញពីសវនាការថា ការដែលគាត់និងស្វាមី ប្ដឹងទៅតុលាការកំពូល ព្រោះមិនសុខចិត្តនឹងការសម្រេចរបស់តុលាការជាន់ទាបដែលបានកាត់ដីអ្នកស្រីឱ្យបុគ្គលឈ្មោះ គីម ណុច ខណៈពួកគេទាំងពីរនាក់ប្តីប្រពន្ធជាម្ចាស់ដីដែលបានរស់នៅទីនោះតាំងពីឆ្នាំ២០០០មកម៉្លេះ។
អ្នកស្រី សុខ មឿន វ័យ៣៨ឆ្នាំប្រាប់ថា៖ «ខ្ញុំមករកយុត្តិធម៌នៅសាលាកំពូល(តុលាការកំពូល) ព្រោះដីគឺជាដីរបស់នាងខ្ញុំ មិនមែនដីបុគ្គលឈ្មោះ គីម ណុច នោះទេ។ នាងខ្ញុំរស់នៅនឹងដីនោះ ស្រុកកំណើតនៅនឹងនោះ ដូចគាត់ជាអ្នកចំណូលថ្មី គាត់មិនមែននៅក្នុងឃុំប្រមេរឯណា គាត់នៅក្នុងខេត្ត(ខេត្តស្វាយរៀង)ចំណាកស្រុកមកគាត់មិនមែននៅនេះទេ»។
អ្នកស្រី សុខ មឿន ឱ្យដឹងថា នៅក្នុងសវនាការ មានការសួរដេញដោលមេធាវីគាត់ភាគច្រើន និងបានសួរអ្នកស្រី២សំណួរដែរ។ អ្នកស្រី សុខ មឿន ប្រាប់ថា៖ «សួរនាងខ្ញុំបាន២ម៉ាត់៣ម៉ាត់ គាត់ថា រាល់ថ្ងៃនេះ បច្ចុប្បន្ននេះយើងរស់នៅកន្លែងហ្នឹងឬអត់? ខ្ញុំថារស់នៅនឹងកន្លែងដីខ្ញុំហ្នឹងឯង។ ឬមួយថាមានផ្ទះប៉ុន្មាន ៤គុណ៥(ម៉ែត្រ) ខ្ញុំថាមែន ខ្ញុំមានផ្ទះមែន។ គាត់ថាបានហើយគាត់សួរតែប៉ុណ្ណឹងឯង»។
ស្ត្រីជនជាតិដើមភាគតិចកួយរូបនេះសង្ឃឹមថា តុលាការកំពូលនឹងផ្ដល់យុត្តិធម៌ជូនគាត់ដោយកាត់ក្ដីឱ្យគាត់ឈ្នះវិញ ព្រោះដីដែលមានទំហំជាង២ម៉ឺនម៉ែត្រការ៉េនេះ គឺជាកម្មសិទ្ធិរបស់អ្នកស្រីពិតប្រាកដ។

ចំណែកឯពលរដ្ឋជនជាតិដើមភាគតិចកួយនៅភូមិបុះធំ អ្នកស្រី រដ្ឋ រចនា បានចំណាយប្រាក់ផ្ទាល់ខ្លួនចំនួន ៥ម៉ឺនរៀលដើម្បីធ្វើដំណើរពីខេត្តព្រះវិហារ មករាជធានីភ្នំពេញដើម្បីតាមដានសវនាការ និងគាំទ្រសមាជិកសហគមន៍របស់គាត់ដែលតុលាការកំពុងជំនុំជម្រះក្ដី។
អ្នកស្រី រដ្ឋ រចនា វ័យ ៣៣ឆ្នាំ លើកឡើងថា៖ «ខ្ញុំចង់បានតែភាពយុត្តិធម៌សម្រាប់សហគមន៍ទាំងមូល ដីរបស់ខ្ញុំអត់មានប៉ះពាល់ទេ ក៏ប៉ុន្តែដោយសារតែដីរួមសមាជិកសមូហភាពរបស់ជនជាតិដើមភាគតិចទាំងអស់ បើប៉ះពាល់ដល់សមាជិកណាម្នាក់ដូចប៉ះពាល់ដល់សមាជិកទាំងមូលតែម្ដងទាំង២៤០គ្រួសារ ហេតុនេះហើយបានពួកខ្ញុំនាំគ្នាមក»។
សារព័ត៌មានខេមបូចាមិនអាចទាក់ទងលោក គីម ណុច ដែលជាដើមបណ្ដឹងបានទេ ត្រឹមរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ខណៈលោកក៏បានចូលរួមសវនាការនៅតុលាការកំពូលផងដែរ។
លោក សិម លេម មេឃុំប្រមេរ បានប្រាប់ថា លោកមិនបានដឹងព័ត៌មានលំអិតពីបញ្ហាដីធ្លីនេះទេ ព្រោះលោកទើបចូលកាន់តំណែងក្រោយដីនោះមានជម្លោះ ទាល់តែមេឃុំចាស់ទើបដឹងច្បាស់។ តែយ៉ាងណាលោកមេឃុំ សិម លេម ដែលជាជនជាតិដើមភាគតិចកួយដែរនោះឱ្យដឹងថា ជនជាតិដើមភាគតិចកួយទាំង២រូបពិតជាកំពុងរស់នៅលើដីដែលមានជម្លោះនោះពិតប្រាកដមែននាពេញបច្ចុប្បន្ននេះ។ ក៏ប៉ុន្តែពួកគេទើបតែរស់នៅទីនោះក្រោយពីវាស់វែង និងចេញប្លង់កម្មសិទ្ធិរួច មិនមែនរស់នៅតាំងពីឆ្នាំ២០០០ ដូចការអះអាងឡើយ។
លោក សិម លេម មានប្រសាសន៍ថា៖ «គេចេញប្លង់ចេញអីរួចហើយបានប្រជាពលរដ្ឋទៅរស់នៅកន្លែងនោះ»។
យ៉ាងណាក្តី កញ្ញា រ៉ុម យ៉ារី ជាមន្ត្រីគម្រោងនៅអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ(PED) ដែលបានចូលឃ្លាំមើលនៅក្នុងសវនាការនៅតុលាការ យល់ឃើញថា ការដែលពលរដ្ឋជនជាតិដើមភាគតិចកួយទាំង២នាក់ប្តីប្រពន្ធ តតាំងក្ដីនៅតុលាការកំពូល គឺដើម្បីទាមទារសិទ្ធិពួកគេ។
កញ្ញា យ៉ារី លើកឡើងថា៖ «ដីធ្លីហ្នឹងវាមិនមែនត្រឹមតែជាទ្រព្យសម្បត្តិរបស់គាត់ទេ ប៉ុន្តែវាជាវប្បធម៌ និងបរិស្ថានរបស់គាត់ទាំងមូល ហើយការការពារដីធ្លីនេះគឺគាត់គ្រាន់តែការពារនូវសិទ្ធិរស់រានមានជីវិត សិទ្ធិដែលទាក់ទងនឹងសេដ្ឋកិច្ចរបស់គាត់តែប៉ុណ្ណោះ»។
កញ្ញា យ៉ារី ស្នើសុំឱ្យក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលពិនិត្យអង្គហេតុនៃរឿងនេះ ប្រវត្តិដីពលរដ្ឋ និងការកាន់កាប់ជាក់ស្ដែង និងផ្ដល់យុត្តិធម៌ដល់ពលរដ្ឋជនជាតិដើមភាគតិចទាំងពីររូប។
ចំណែកឯលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូថ្លែងថា អាជ្ញាធរពាក់ព័ន្ធ រួមទាំងតុលាការមានភារកិច្ចស៊ើបអង្កេតឱ្យបានច្បាស់លាស់ចំពោះករណីនេះ ដើម្បីកុំឱ្យប៉ះពាល់ជនជាតិដើមភាគតិច ប្រពៃណី ទំនៀមទម្លាប់ និងអត្តសញ្ញាណរបស់ពួកគេ។
លោក អំ សំអាត មានប្រសាសន៍ថា៖ «បញ្ហាហ្នឹងគួរតែមានការពិនិត្យដោះស្រាយឱ្យបានត្រឹមត្រូវទាំងអាជ្ញាធរមូលដ្ឋាន ឬក៏តុលាការ។ ការដោះស្រាយបញ្ហាដីធ្លីហ្នឹង វាជារឿងចាំបាច់បំផុតដើម្បីស្វែងរកយុត្តិធម៌ជូនភាគីទាំងសងខាង»។
គួរជម្រាបជូនថា សាលាដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសាលក្រមបង្គាប់ឱ្យជនជាតិដើមភាគតិចកួយ ដែលជាចុងចម្លើយគឺលោក បុណ្យ សុគុណ និងអ្នកស្រី សុខ មឿន ចាកចេញពីដីនៅភូមិបុះធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលមានផ្ទៃក្រឡាសរុប ២៤ ៨២០ម៉ែត្រការ៉េ និងត្រូវសងសំណងជំងឺចិត្តទៅដើមបណ្ដឹងគឺ លោក គីម ណុច ជាប្រាក់ចំនួន ១លានរៀល។ ហើយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ សាលាឧទ្ធរណ៍ត្បូងឃ្មុំ ក៏បានចេញសាលដីកាច្រានចោលបណ្ដឹងឧទ្ធរណ៍របស់ជនជាតិដើមភាគតិចកួយពីរនាក់ប្តីប្រពន្ធនេះ៕










