ប្រជាពលរដ្ឋភៀសសឹកមួយចំនួននៅខេត្តព្រះវិហារមិនបានទៅវត្តធ្វើបុណ្យតាមប្រពៃណី ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យកាន់បិណ្ឌនេះទេ ខណៈមួយចំនួនទៀតបានទៅតែមួយវត្ត ដោយសារជីវភាពខ្វះខាតខ្លាំង ហើយផ្ទះសម្បែងរបស់ពួកគេ ដែលធ្លាប់រស់នៅពីមុន ត្រូវបានបំផ្លិចបំផ្លាញដោយសារសង្រ្គាមឈ្លានពានរបស់ថៃ។
ពលរដ្ឋភៀសសឹករស់នៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ អ្នកស្រី កែវ ស្រីមុំ និយាយថា បច្ចុប្បន្នជីវភាពរបស់អ្នកស្រីជួបប្រទះការលំបាក ហើយក្នុងពេលបុណ្យកាន់បិណ្ឌនេះ អ្នកស្រីនៅមិនទាន់បានទៅវត្តធ្វើបុណ្យបានម្ដងនោះទេ ដោយសារគ្មានថវិកាទិញម្ហូបនិងនំចំណីសម្រាប់ទៅវត្ត ដូចឆ្នាំមុនៗឡើយ។
អ្នកស្រី កែវ ស្រីមុំ ជាជនភៀសសឹកមួយរូបក្នុងចំណោមជនភៀសសឹកជិត ២ម៉ឺននាក់ផ្សេងទៀតដែលកំពុងរស់នៅក្នុងជម្រកបណ្ដោះអាសន្នដែលរៀបចំដោយរាជរដ្ឋាភិបាល។ អ្នកស្រីមានសមាជិកគ្រួសារសរុបចំនួន៧នាក់ រួមទាំងកូនតូចម្នាក់អាយុ១១ខែក្នុងបន្ទុក ដែលបានរស់នៅក្នុងជម្រកបណ្ដោះអាសន្ននេះ អស់រយៈពេល៤ខែមកហើយ។
អ្នកស្រីនិយាយថា៖ «សម្រាប់ខ្ញុំបើអង្ករ ស្ករ ប៊ីចេង អត់ពិបាកទិញទេព្រោះបានអំណោយខ្លះ ប៉ុន្តែរឿងលុយគឺអត់សូវមានទេដោយសារគ្នាច្រើន ពេលខ្លះអត់លុយទិញម្ហូបក៏ជំពាក់គេចឹងទៅ ហើយពេលនេះជិតផុតភ្ជុំហើយក៏មិនទាន់បានទៅវត្តបានមួយវត្តផងព្រោះអត់លុយ»។
អ្នកស្រី ស្រីមុំ ដែលជាអ្នកភូមិតេជោបុស្សស្បូវ ខេត្តព្រះវិហារ ដែលនៅក្បែរនឹងព្រំដែនថៃ បានថ្លែងថា ជីវភាពរបស់អ្នកស្រី កាលពីមុនសង្គ្រាម មានភាពល្អប្រសើរមិនលំបាកខ្លាំងដូចពេលនេះទេ។ កាលនោះ គ្រួសាររបស់អ្នកស្រីប្រកបរបរធ្វើស្រែចម្ការ រួមទាំងស៊ីឈ្នួលដាំដំឡូង និងដកបន្លែ។
នៅក្នុងឱកាសភ្ជុំបិណ្ឌឆ្នាំនេះអ្នកស្រីរៀបរាប់ថា៖ «ខ្ញុំនឹកឃើញចង់តែយំព្រោះពិបាក ខ្ញុំចង់ទៅនៅផ្ទះវិញ អត់ចង់នៅនេះទេ នៅផ្ទះទោះម៉េចក៏បានហូបម្ហូបឆ្ងាញ់ ហូបបាយឆ្ងាញ់ដែរទោះហូបជាមួយអំបិលក៏ឆ្ងាញ់ដែរ នៅនេះហូបអីក៏អត់ដឹងឆ្ងាញ់សោះអត់ដូចនៅផ្ទះយើងទេ»។
អ្នកស្រីអះអាងថា សព្វថ្ងៃនេះ អ្នកស្រីគ្មានសូម្បីថវិកាទិញខោទឹកនោមឱ្យកូនតូច ដោយសារគ្មានអ្នកជួលឱ្យធ្វើនេះធ្វើនោះបន្តទៀត ស្របពេលដែលទីតាំងនៅជម្រកបណ្ដោះអាសន្ន ដាំបន្លែក៏មិនបាន ដោយសារលិចទឹកពេលភ្លៀង ហើយដើមឈើដែលទិញមកក៏ងាប់អស់។
អ្នកស្រីបន្តអះអាងថា ភាគច្រើនបន្លែអាចដាំបានបន្តិចបន្តួចនៅរដូវប្រាំង គ្រាន់ទុកបរិភោគ និងចែករំលែកជូនអ្នកភូមិខ្លះ ដោយមិនបានដាក់លក់ឡើយ។
ចំណែកឯប្ដីរបស់អ្នកស្រី ចេញទៅធ្វើការស៊ីឈ្នួលដកដំឡូងនៅស្រុកជាំក្សាន្ត ដែលឆ្ងាយពីភូមិ គ្រាន់បានប្រាក់កម្រៃខ្លះទុកសម្រាប់ទិញម្ហូបផ្គត់ផ្គង់គ្រួសារ និងមួយចំណែកទៀតសន្សំទុកបង់សងធនាគារ។
អ្នកស្រីបញ្ជាក់ថា៖ «ប្ដីខ្ញុំទៅធ្វើការដែរតែរកមកបង់អង្គការ [ធនាគារ] រកមិនចង់គ្រប់ផង។ ប៉ះថ្ងៃណាគេជួលក៏ធ្វើ ប៉ះថ្ងៃណាគេមិនជួលក៏តាមហ្នឹង ស៊ីឈ្មួលហ្នឹងធ្វើគិតជាថ្ងៃពេលខ្លះបាន ៥ម៉ឺន ខ្លះបានមិនដល់ ៥ម៉ឺនផង»។

ពលរដ្ឋភៀសសឹកមួយរូបទៀតគឺអ្នកស្រី អោម ចាន់នី អាយុ ៥៨ឆ្នាំ បច្ចុប្បន្នក៏រស់នៅក្នុងភូមិតាកឹងបៃតងដែរ លើកឡើងថា ភ្ជុំបិណ្ឌនេះ អ្នកស្រីទៅវត្តធ្វើបុណ្យ បានតែមួយវត្តប៉ុណ្ណោះ ព្រោះមិនសូវមានថវិកា ហើយការរស់នៅរាល់ថ្ងៃក៏មិនមានមុខរបរអ្វីច្បាស់លាស់ ខណៈកាលពីមុន អ្នកស្រីលក់ដូរចាប់ហួយនៅមុខផ្ទះ ហើយត្រូវបានខាតបង់ ដោយសារសង្រ្គាម និងគ្មានសេសសល់ថវិកាសម្រាប់ចាប់ផ្ដើមមុខរបរថ្មីឡើយ។
អ្នកស្រីបន្ថែមថា៖ «ពេលភ្ជុំបិណ្ឌនេះនៅក្នុងជំរំមិនមានរៀបចំអ្វីនោះទេ ចឹងមានតែទៅវត្តជិតនេះចម្ងាយប្រហែល២គីឡូដី ប៉ុន្តែអ្នកខ្លះគេមានបងប្អូនគេទៅលេងបងប្អូនគេទៅ គេបានទៅស្រុក ហើយពួកខ្ញុំមិនដឹងពេលណាទើបបានទៅ ព្រោះអត់មានអីត្រូវទៅ»។
ស្ត្រីដែលមានប្តីជាទាហានជួរមុខទិសព្រះវិហារ និងមានកូនប្រុសចំនួន២នាក់រូបនេះ ក៏ជាអ្នកភូមិបុស្សស្បូវផងដែរ។
ពលរដ្ឋភៀសសឹករូបនេះបន្តថា រាល់ថ្ងៃគាត់រស់នៅជាមួយចៅ២នាក់ ហើយមិនបានប្រកបរបរអ្វី ក្រៅពីដាំដំណាំបន្ដិចបន្តួចនៅជុំវិញផ្ទះដូចជា ននោង ត្រឡាច ល្ពៅ ត្រប់ ត្រកួន និងចញ្ចឹមមាន់ខ្លះៗ សម្រាប់ហូបប៉ុណ្ណោះ។
ពលរដ្ឋភៀសសឹកដែលមករស់នៅជម្រកបណ្ដោះអាសន្នក្នុងភូមិតាកឹងបៃតង ខេត្តព្រះវិហារនេះ ពីមុនធ្លាប់រស់នៅក្នុងតង់ និងនៅជំរំជនភៀសសឹកក្នុងវត្តពោធិ៍៥០០០ដើម ដែលជាទីតាំងទទួលជនភៀសសឹកឱ្យជ្រកកោនគេចពីសង្គ្រាមឈ្លានពានរបស់ថៃ។
អភិបាលរងខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា ឱ្យដឹងថា បច្ចុប្បន្នពលរដ្ឋភៀសសឹកនៅក្នុងភូមិតាកឹងបៃតងសរុបមាន៧៣០គ្រួសារ ហើយភាគច្រើនជាគ្រួសារកងទ័ពដែលកំពុងឈរជើងនៅជួរមុខ។
លោកឱ្យដឹងទៀតថា នៅឆ្នាំ២០២៦ រាជរដ្ឋាភិបាល សម្រេចឧបត្ថម្ភដល់ពលរដ្ឋភៀសសឹកទាំងនោះ ក្នុងមួយគ្រួសារចំនួន១០ម៉ឺនរៀល ជាកញ្ចប់ថវិកាគោល និងបន្ថែមចំនួន២ម៉ឺន៨ពាន់រៀលទៀត សម្រាប់សមាជិកក្នុងគ្រួសារមួយនាក់ ដែលលោកយល់ថា គ្រួសារនីមួយៗអាចទទួលបានថវិកាចន្លោះពី២០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀល ក្នុងមួយខែ តាមចំនួនសមាជិកគ្រួសារ។
បន្ថែមពីលើនេះ លោកថា ពលរដ្ឋភៀសសឹកក៏អាចទៅទទួលសេវាសាធារណៈផ្សេងៗដូចជាសេវាថែទាំសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ទោះបីជាមិនមានបណ្ណសមធម៌ (បណ្ណក្រីក្រ) ក៏ដោយ។
លោកថ្លែងថា៖ «ពលរដ្ឋភៀសសឹកបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលប្រចាំខែដោយក្នុងមួយគ្រួសារ មានកញ្ចប់ថវិកាគោល ១០ម៉ឺនរៀល បូករួមនឹងកញ្ចប់ថវិការបស់សមាជិកម្នាក់ៗ២៨ ០០០ រៀល បន្ថែមទៀត ដែលមានន័យថា គ្រួសារនីមួយៗ អាចបាន២០ទៅ៣០ម៉ឺនរៀលទៅតាមចំនួនសមាជិកគ្រួសាររបស់ពួកគាត់។ ប្រាក់ឧបត្ថម្ភប្រចាំខែនេះ គោលការណ៍របស់រដ្ឋាភិបាលគឺបើកឱ្យពួកគាត់ក្នុងឆ្នាំនេះសិន ដោយបញ្ចូលប្រាក់ទៅគណនីរបស់ពួកគាត់តាមរយៈធនាគាវីង»។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច លោក ជ័យ តិច យល់ថា ទោះបីជាមានការរៀបចំជម្រកបណ្ដោះអាសន្ន និងការយកចិត្តទុកដាក់មួយចំនួនទៀតសម្រាប់ពលរដ្ឋភៀសសឹកពីរដ្ឋាភិបាលក៏ដោយ គឺនៅតែប៉ះពាល់ដល់ជីវភាព និងការអប់រំរបស់កូនៗពួកគាត់ គឺការកង្វះអាហារូបត្ថម្ភ និងការនឹករលឹកភូមិកំណើត រួមទាំងភាពភ័យខ្លាចមួយចំនួនទៀតពីសង្រ្គាមដែលប៉ះទង្គិចដល់ផ្លូវចិត្តរបស់ពួកគាត់។
លោកសង្កត់ធ្ងន់ថា៖ «អង្គភាពពាក់ព័ន្ធគួរតែមានការរៀបចំកម្មវិធីរួមគ្នានៅក្នុងភូមិដែលមានពលរដ្ឋភៀសសឹករស់នៅ រៀបចំឱ្យមានកម្មវិធីសូត្រមន្ត កម្មវិធីកម្សាន្ត ការវេចនំអន្សម និងការហូបអាហារជុំគ្នាហើយចែកពួកគាត់យកទៅលំនៅឋាន ព្រោះនេះជារឿងល្អដែលជួយសម្រាលដល់វិបត្តិផ្លូវចិត្តរបស់ពួកគាត់»។
យោងតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នេះ ប្រជាពលរដ្ឋភៀសសឹកប្រមាណ ៦២៥ ០០០ នាក់ ក្នុងចំណោមជនភៀសសឹកសរុប ៦៤៩ ០០០ នាក់ បានវិលត្រឡប់ទៅកាន់លំនៅឋានវិញជាបន្តបន្ទាប់។ ទោះជាយ៉ាងណា នៅមានប្រជាពលរដ្ឋភៀសសឹកប្រមាណ ២៤ ០០០ នាក់ទៀត កំពុងបន្តស្នាក់នៅតាមមណ្ឌល និងជម្រកបណ្តោះអាសន្ន ដោយសារផ្ទះសម្បែងរបស់ពួកគេ ត្រូវបានបំផ្លិចបំផ្លាញ និងបញ្ហាប្រឈមផ្នែកសុវត្ថិភាព។
របាយការណ៍ដដែលបានគូសបញ្ជាក់ថា ការវាយប្រហារដោយគ្រាប់បែកចង្កោមប្រមាណ ១២ ទៅ ១៣ម៉ឺនគ្រាប់ពីសំណាក់យោធាថៃ បានបន្សល់ទុកនូវគ្រាប់មិនទាន់ផ្ទុះប្រមាណ ៦ទៅ៧លានគ្រាប់ ដែលប៉ះពាល់ដល់ផ្ទៃដីជិត ៣ ០០០ គីឡូម៉ែត្រក្រឡា។ ក្រៅពីនេះ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន ដូចជា ផ្ទះសម្បែង ១ ៥៥៨ ខ្នង សាលារៀន ២៦ កន្លែង មន្ទីរពេទ្យ/មណ្ឌលសុខភាព ១៤ កន្លែង ព្រមទាំងប្រាសាទបុរាណជាច្រើនត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ៕








