សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ពលរដ្ឋខេត្តមណ្ឌលគិរី ដែលរងផលប៉ះពាល់​ពី​គម្រោងស្ដារបរិស្ថាន តវ៉ាសុំកិច្ចអន្តរាគមន៍​ពីអាជ្ញាធរពាក់ព័ន្ធ

ពលរដ្ឋប្រមាណ២០០នាក់ បានប្រមូលផ្តុំគ្នានៅមុខសាលាឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ដើម្បីស្នើសុំអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ជួយអន្តរាគមន៍កុំឱ្យប៉ះពាល់លំនៅឋានពួកគេ ក្នុងការអនុវត្តគម្រោងស្តារបរិស្ថាន និងរែងមាសក្នុងដីស្របច្បាប់របស់ពួកគេ។ (រូបភាពផ្តល់ឱ្យ)
ពលរដ្ឋប្រមាណ២០០នាក់ បានប្រមូលផ្តុំគ្នានៅមុខសាលាឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ដើម្បីស្នើសុំអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ជួយអន្តរាគមន៍កុំឱ្យប៉ះពាល់លំនៅឋានពួកគេ ក្នុងការអនុវត្តគម្រោងស្តារបរិស្ថាន និងរែងមាសក្នុងដីស្របច្បាប់របស់ពួកគេ។ (រូបភាពផ្តល់ឱ្យ)

ប្រជាពលរដ្ឋនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលប៉ះពាល់ពីគម្រោងពង្រីកប្រឡាយ ស្ដារ​បរិស្ថាន ស្នើសុំអាជ្ញាធរពាក់ព័ន្ធអន្តរាគមន៍យ៉ាងណាកុំឱ្យប៉ះពាល់លំនៅឋានពលរដ្ឋ ខណៈ​ពលរដ្ឋ​​អះអាងថា គម្រោងនេះប៉ះពាល់លំនៅឋាន និងដីពួកគេជាង១០០គ្រួសារដែល​សុទ្ធតែ​មាន​បណ្ណកម្មសិទ្ធិស្របច្បាប់។

ការស្នើសុំនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរមូដ្ឋានបានលើកផែនទីស្ដារ និងកែលម្អ អូក្លេរ នៅតំបន់ភូមិពូទុង និងភូមិពូហ៊ួង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សេចក្ដីប្រកាសរបស់មន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងរ៉ែ និងថាមពល បានអនុញ្ញាតឱ្យក្រុមហ៊ុន APEX POWER CO,.LTD ធ្វើប្រតិបត្តិការ​ធនធានរ៉ែមាស លើផ្ទៃដី ១ ៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលមានរយៈពេល៥ឆ្នាំ តាមអាជ្ញាបណ្ណចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។

បើតាមមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរីដដែល ក្រុមហ៊ុននេះអាចចាប់ផ្តើមប្រតិបត្តិការ​អាជីវកម្ម ក៏ដូចជារៀបចំខ្សែច្រវាក់ផលិតកម្មស្របតាមផែនការ ចាប់ពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ​២០២៦​។ ដំណាក់កាលដំបូង ក្រុមហ៊ុននឹងរៀបចំទីតាំងសម្រាប់ធ្វើការិយាល័យ អគារ​ស្នាក់​នៅ​របស់បុគ្គលិក ទីតាំងសាងសង់ខ្សែច្រវាក់ផលិតកម្មចម្រាញ់រ៉ែមាស និង​ទីតាំង​ទុក​ដាក់​កាក​សំណល់​រ៉ែ។

យ៉ាងណាមិញ តាមលិខិតរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី៣១ ខែសីហា​ ឆ្នាំ២០២៦ ក្រសួងរ៉ែ និងថាមពល ស្នើសុំឱ្យសាលាដំបូងខេត្តមណ្ឌលគិរី សម្របសម្រួលឱ្យក្រុមហ៊ុន APEX POWER CO,.LTD អនុវត្តគម្រោងស្ដារបរិស្ថាន ដោយប្រមូលកាកសំណល់រ៉ែ ដែលមាន​បរិមាណ ១០ម៉ឺនម៉ែត្រគួប ក្នុងបរិវេណអនុវត្តគម្រោងអាជីវកម្មរបស់ក្រុមហ៊ុន យកទៅរក្សាទុក​នៅទីតាំងស្តុកកាកសំណល់ ដែលមានទំហំ៥ ហិកតា។ ទោះជាយ៉ាងណាលិខិតដដែល​នេះ​អះអាង​ថា ក្នុងទីតាំងអនុវត្តគម្រោងនេះ មានទីតាំងខ្លះជាទីតាំងអនាធិបតេយ្យរ៉ែមាស ដែល​តម្រូវ​​ឱ្យអនុវត្តតាមនីតិវិធីរបស់ច្បាប់។

ប្រជាពលរដ្ឋដែលប្រកបរបរជីករ៉ែលក្ខណៈគ្រួសារអស់រយៈពេលជិត៣០​ឆ្នាំមកហើយ អ្នកស្រី ផាត សុវណ្ណរ៉ុង មកពីភូមិភូមិពូទុង ប្រាប់សារព័ត៌មានខេមបូចាថា អ្នកស្រីពឹងផ្អែកលើ​របរជីករ៉ែ​លក្ខណៈគ្រួសារ ដោយរែងអាចម៍ដី ដែលមានផ្ទុករ៉ែមាសក្នុងតំបន់សហគមន៍ភូមិពូទុង។

អ្នកស្រីបន្តថា មុខរបរនេះជាមុខរបរតែមួយគត់ ដែលអ្នកភូមិនៃភូមិពូទុង​អាស្រ័យផល​សម្រាប់​ចិញ្ចឹមជីវិត ព្រោះអ្នកភូមិគ្មានដីស្រែចម្ការបង្កបង្កើនផលឡើយ។ សម្រាប់អ្នកស្រី សុវណ្ណរ៉ុង មុខរបរនេះអាចឱ្យអ្នកស្រីរកប្រាក់ចំណូលបាន២ម៉ឺនរៀលដែរ ក្នុងមួយថ្ងៃសម្រាប់ចិញ្ចឹម​ឪពុក​ម្ដាយ​ចាស់ជរា និងផ្គត់ផ្គង់ការសិក្សាកូនៗបីនាក់ទៀត។

 អ្នកស្រីបាននិយាយថា៖ «ខ្ញុំធ្វើតាំងពីខ្ញុំដឹងក្ដីមក តាំងពីជំនាន់ឪពុកខ្ញុំ ឆ្នាំ១៩៩០ ជាងមក ក៏ខ្ញុំ​ធ្វើ​មក ដល់ឆ្នាំ២០០៣ គេផ្អាកឱ្យធ្វើម្ដង ហើយគេឱ្យធ្វើលក្ខណៈគ្រួសារ​រហូត​ដល់​ឆ្នាំ​២០១៨ ក៏​ក្រសួងផ្អាកម្ដងទៀត។ ប្រជាជនអត់ដែលប្រព្រឹត្តបទល្មើសអីដែរ គឺធ្វើតែដីលើៗ​ទេ​។ មិន​ប៉ះ​ពាល់​​ដល់រ៉ែរបស់ក្រសួងអីទេ»។

ទោះជាយ៉ាងណា អ្នកស្រីថា តាំងពីក្រុមហ៊ុន APEX POWER CO,.LTD ចូលសាងសាង់ការដ្ឋាន​សម្រាប់អនុវត្តគម្រោងជីករ៉ែមាសមក ក្រុមហ៊ុនបានធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ​មិនឱ្យ​ប្រកប​របរ​ជីករ៉ែ​មាសលក្ខណៈគ្រួសារឡើយ ដោយអ្នកស្រីថា ក្រុមហ៊ុនអះអាងថាខ្លួនបាន​អាជ្ញាបណ្ណ​ស្រប​ច្បាប់​។ អ្នកស្រីបន្តទៀតថា ក្រុមហ៊ុននេះមានគម្រោងស្ដារបរិស្ថាន ដោយធ្វើការជីកប្រឡាយ​មាន​​​ប្រវែងទទឹង ២៤ម៉ែត្រ ដែលទំហំនេះ រំលោភលើដីសហគមន៍របស់ប្រជាពលរដ្ឋ ខណៈ​ពេល​កន្លងមកក្រុមហ៊ុននេះអះអាងថានឹងជីកតែប្រវែង ៨ម៉ែត្រប៉ុណ្ណោះ។

អ្នកស្រីត្អូញត្អែរថា៖ «ក្រុមហ៊ុនថ្មីនេះ គាត់ចាប់ផ្ដើមធ្វើទុក្ខបុកម្នេញប្រជាជន។ ពីដំបូងឡើយ​ការ​ស្ដារប្រឡាយអូរនេះ ក្នុងគម្រោងតែ៤ម៉ែត្រទេ។ ពេលប្រជាជនថាទៅគាត់ថាធ្វើ៨ម៉ែត្រ​ទៅ​ល្មមនឹងស្តង់ដារ ដើម្បីស្ដារបរិស្ថានហ្នឹង ហើយប្រជាជនស្នើថាបើស្ដារប្រឡាយអូរហ្នឹង សារធាតុ​រ៉ែមាសដែលគាត់អាចអាស្រ័យបានទុកឱ្យគាត់ទៅ ហើយគាត់ក៏យល់ព្រម។ ចុះឥឡូវ ហេតុអ្វីគម្រោងស្ដារបរិស្ថានថ្មីត្រូវធ្វើ ២៤ម៉ែត្រ?»។

អ្នកស្រីបន្តថា៖ «យើងអត់ទទួលយកការស្ដារប្រឡាយអូរហ្នឹងទេ ព្រោះវាមានផលប៉ះពាល់ ហើយយើងក៏រស់មិនបានអ៊ីចឹងណា។ យើងបានទៅសាលាឃុំ ដើម្បីស្នើសុំឱ្យ​មាន​ដំណោះ​ស្រាយ តែគេថាមិនមានសំណង ហើយក៏ត្រូវតែធ្វើដែរ។ យើងស្នើសុំថាឱ្យមានដំណោះ​ស្រាយ​រឿង​ស្ដារប្រឡាយហ្នឹងឱ្យត្រូវតាមការយល់ព្រមពីមុន»។

ចំណែកឯអ្នកស្រី អុល រ៉ាម៉ា ជាប្រជាពលរដ្ឋនៅភូមិពូទុងប្រាប់ថា​ ប្រជាពលរដ្ឋ​បានប្រមូលគ្នា​តវ៉ា​កាលពីថ្ងៃទី១៩ ​និងថ្ងៃទី២០ ខែតុលា ជំទាស់នឹងគម្រោងពង្រីកប្រឡាយ និងស្តារបរិស្ថាន​ដែលគាត់អះអាងថាប៉ះពាល់ដីពលរដ្ឋប្រមាណជាង១០០គ្រួសារ។

អ្នកស្រី រ៉ាម៉ា បន្តថា គម្រោងនេះប៉ះពាល់ដី និង​លំនៅឋានគាត់ទាំងពីរឡូត៍ដែលមាន​ទំហំ​​សរុប​ប្រមាណជាង១០០ម៉ែត្រការ៉េ ខណៈគាត់បានរស់នៅទីនោះតាំងពីឆ្នាំ២០០៦មក និង​មាន​បណ្ណ​កម្ម​សិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់។

អ្នកស្រី អុល រ៉ាម៉ា វ័យ ៣៦ឆ្នាំ បានលើកឡើងថា៖ «ប្រឡាយអូរពីដើមមានមែន ១ម៉ែត្រ​ជាងទេ​[…]ប៉ុន្មាន​ខែក្រោយគេដើរបិទប្រកាសឡើង ២០ម៉ែត្រជាង ហើយសុទ្ធតែផ្ទះប្រជាជន»។

អ្នកស្រី រ៉ាម៉ា ដែលមានកូន៣នាក់អាយុក្រោម១៥ឆ្នាំក្នុងបន្ទុកបានឱ្យដឹងទៀតថា ប្រមាណ ៧ខែ​​មកនេះ គាត់មានការលំបាកក្នុងការរកចំណូលផ្គត់ផ្គង់គ្រួសារ ដោយសារមានការហាមឃាត់ពី​សំណាក់​អាជ្ញាធរ​មិនឱ្យអ្នកស្រី និងពលរដ្ឋឯទៀតលក់សំណល់រ៉ែពីដីរបស់ខ្លួន។ ហើយករណី​ពង្រីក​ប្រឡាយនេះ បានធ្វើឱ្យគាត់បារម្ភពីការបាត់បង់លំដៅឋាន និង​ប៉ះពាល់​ដល់​ការ​សិក្សា​រៀន​សូត្រ​របស់កូនៗគាត់ថែមមួយទៀត។

អ្នកស្រី រ៉ាម៉ា ស្នើសុំទៅរាជរដ្ឋាភិបាលថា៖ «បើអាចស្នើរាជរដ្ឋាភិបាលបាន ខ្ញុំមិនចង់ឱ្យគាត់​កាយ​​(ធ្វើប្រឡាយ)ទេ ព្រោះវាប៉ះពាល់ច្រើន តែបើថាគេត្រូវតែធ្វើ សុំត្រឹម៨ម៉ែត្របានហើយ ៨ម៉ែត្រវាប៉ះតិចប៉ះប្រជាជនតិច ហើយសុំអាអាចម៍ដីគាត់កាយហ្នឹង ទុកឱ្យប្រជាជនអាស្រ័យ​ផល​ទៅ»។

លោក ឈិត សុផល នាយករងរដ្ឋបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ទៅកាន់ពលរដ្ឋដែលប្រមូលផ្តុំគ្នាតវ៉ាសុំកុំឱ្យអាជ្ញាធរអនុវត្តគម្រោងពង្រីកប្រឡាយ ស្តារបរិស្ថាន ប៉ះពាល់ដល់នៅឋានរបស់ពួកគាត់ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ (រូបភាពផ្តល់ឱ្យ)

លោក ឈិត សុផល ជានាយករងរដ្ឋបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា គម្រោង​ស្ដារ​បរិស្ថាន​របស់ក្រុមហ៊ុន APEX POWER CO,.LTD នឹងដំណើរការតាមសេចក្ដីប្រកាស​របស់​ក្រសួងរ៉ែ និងថាមពល ដូចដែលបានផ្សព្វផ្សាយជូនប្រជាពលរដ្ឋ។ លោកបន្តថា យ៉ាងណា​គម្រោង​នេះមិនទាន់បានចាប់ផ្ដើមនៅឡើយ ព្រោះក្រុមហ៊ុនកំពុងអនុវត្តទីតាំងផ្សេងគ្នា។​ ទាក់​ទិន​នឹងការទាមទាររបស់ប្រជាពលរដ្ឋ ដំណោះស្រាយត្រូវបានធ្វើឡើងប្រសិនបើប្រជាពលរដ្ឋ​មានកម្មសិទ្ធិស្របច្បាប់លើដីអនុវត្តគម្រោង។

លោកអះអាងថា៖ «ផលប៉ះពាល់គេដោះស្រាយតើ ប្រសិនបើចំដីគាត់ដែលស្របច្បាប់។ គាត់​​ស្នើសុំធ្វើរ៉ែ ធ្វើអីខ្ញុំមានសិទ្ធអីសម្រេច? យើងអនុវត្តតាមលិខិតរបស់ក្រសួងរ៉ែ គេ​ណែនាំ​ឱ្យធ្វើ​។ គេដឹកសារធាតុពុលចេញ ប៉ុន្តែវាមិនទាន់ដល់ដំណាក់កាលហ្នឹងទេ»។

ជុំវិញករណីនេះ លោក រ័ត្ន ថាវី អ្នកសម្របសម្រួលសមគមន៍អាដហុក​ប្រចាំខេត្តមណ្ឌលគិរី បានថ្លែងថា លោកមិនបានទទួលដំណឹងពីគម្រោងពង្រីកប្រឡាយស្ដារបរិស្ថាន នៅភូមិពូទុង និង​ភូមិពូហ៊ួង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ពីអាជ្ញាធរឡើយ។ លោក ថាវី ថា តាម​ច្បាប់ អាជ្ញាធរត្រូវតែផ្ដល់ដំណឹងដល់ពលរដ្ឋជាមុន នៅពេលរដ្ឋផ្ដល់សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ណាមួយ​វិនិយោគ ឬអភិវឌ្ឍន៍។

លោក រ័ត្ន ថាវី មានប្រសាសន៍ថា៖ «អាជ្ញាធរមានសមត្ថកិច្ច ត្រូវតែធ្វើការដោះស្រាយសំណង​ផលប៉ះពាល់​ជាមុនឱ្យគាត់ឱ្យបានសមរម្យនិងយុត្តិធម៌ដែលគាត់អាចទទួលយកបាន។ ដោះ​ស្រាយ​ឱ្យគាត់សិន ចាំធ្វើការអភិវឌ្ឍ កុំឱ្យពេលដែលអភិវឌ្ឍទៅអត់មានការដោះស្រាយទៅ វាមានភាពប្រទាំងប្រទើស មានបញ្ហា»។

រដ្ឋបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៨​ ខែកញ្ញា ឆ្នាំ២០២៦ បានអះអាងថា ការសិក្សាពី​ផល​ប៉ះពាល់​បរិស្ថាន (EIA) ជាមួយមន្ទីរពាក់ព័ន្ធ ខេត្តមណ្ឌលគិរី សម្រាប់គម្រោងអាជីវកម្មរ៉ែមាស របស់ក្រុមហ៊ុន អេធិច ផៅវ័រ ឯ.ក (APEX POWER CO., LTD.) ត្រូវបានធ្វើឡើងរួចរាល់ហើយ​ជាមួយអង្គភាពពាក់ព័ន្ធ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម