សាលាដំបូងរាជធានីភ្នំពេញ បដិសេធក្នុងការទទួលយកលិខិតសុំច្បាប់របស់លោក រ៉ុង ឈុន ដែលសុំចាកចេញពីរាជធានីភ្នំពេញរយៈពេលប៉ុន្មានថ្ងៃ ដើម្បីទៅចូលរួមបុណ្យភ្ជុំបិណ្ឌជាមួយសាច់ញាតិ នៅស្រុកកំណើត ក្នុងស្រុកស្អាង ខេត្តកណ្ដាល។
នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន បានដាក់លិខិតស្នើសុំច្បាប់ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយសុំចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ ដែលមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែកញ្ញា រហូតដល់១២ ខែតុលា ឆ្នាំ២០២៦
យ៉ាងណាក៏ដោយ បើតាមលោក រ៉ុង ឈុន មន្រ្តីរដ្ឋបាលនៅតុលាការជាន់ទាប ពុំព្រមទទួលយកលិខិតរបស់លោកទុកសម្រាប់ពិចារណានោះទេ បើទោះបីជាព្រះរាជអាជ្ញាអនុញ្ញាត ឬមិនអនុញ្ញាតនាពេលខាងមុខក៏ដោយ។
លោក អះអាងទៀតថា ការសម្រេចយកលិខិតមកដាក់នៅសាលាដំបូងនេះ បន្ទាប់ពីតុលាការកំពូល ដែលលោកស្នើសុំច្បាប់ផងដែរនោះ បានជូនដំណឹងមកលោកថា សំណុំរឿងរបស់លោកបានបង្វែរទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយតុលាការកំពូលមិនអាចពិនិត្យមើលសំណើររបស់លោកបានទេ។
លោក និយាយថា៖ «ចំពោះខ្ញុំមានការខកចិត្ត គ្រាន់តែសុំច្បាប់រយៈពេល១៥ថ្ងៃហ្នឹង ឬអាចថា ១ថ្ងៃ ២ថ្ងៃ ៣ថ្ងៃ ឱ្យខ្ញុំបានចូលរួមបុណ្យប្រពៃណីនៅស្រុកកំណើតមួយពេលទៅ វាជាការល្អ ប៉ុន្តែអ្វីដែលយើងរំពឹងទុក បែរជាការខកចិត្តយកមែនទែន ហើយនៅតែជារឿងមួយអយុត្តិធម៌សម្រាប់ខ្ញុំ ហើយសេរីភាពនៅតែតូចចង្អៀតមែនទែនសម្រាប់ខ្ញុំ»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ និងអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល មិនអាចទំនាក់ទំនងបានទេ ខណៈផ្ញើសំណួរតាមតេលេក្រាមនៅមិនទាន់មានការឆ្លើយតប។
បើតាមលោក ឈុន មន្រ្តីរដ្ឋបាលនៃសាលាដំបូង បានប្រាប់លោកថា លិខិតរបស់លោកមិនអាចទទួលយកបាន ពីព្រោះសាលដីកាជាស្ថាពររបស់តុលាការកំពូល បានបញ្ជាក់រួចហើយថា លោកមិនអាចចាកចេញពីភ្នំពេញបានឡើយ។
លោក ឈុន ក៏បានសម្ដែងការហួសចិត្ត ចំពោះការមិនទទួលលិខិតរបស់ពលរដ្ឋដូចជាលោក បើទោះបីការសម្រេចយ៉ាងដូចម្ដេចនៅពេលខាងមុខក៏ដោយ។
ជុំវិញករណីនេះ អ្នកវិភាគនយោបាយ និងសង្គមលោក មាស នី មានប្រសាសន៍ថា លោកមិនមានសង្ឃឹមថា តុលាការផ្ដល់ការអនុគ្រោះឱ្យលោក រ៉ុង ឈុន នោះទេ ប៉ុន្តែលោកលើកឡើងថា បើនិយាយពាក្យ ផ្សះផ្សាជាតិ ករណីបុណ្យភ្ជុំបិណ្ឌនេះ សូម្បីតែប្រេតក៏ត្រូវបានដោះលែងឱ្យមកជួបជុំសាច់ញតិផងដែរ។
លោក និយាយថា៖ «ជាទូទៅយើងតែងតែនិយាយពាក្យផ្សះផ្សាជាតិ បើសិនជានិយាយរឿង ផ្សះផ្សាជាតិ រឿងបុណ្យទាន ប្រពៃណី សូម្បីតែប្រេត ក៏គេដោះលែងមកជួបជុំបងប្អូនគ្រួសារដែរ ប៉ុន្តែករណីនេះ វាហាក់បីជាមិនមានការយករឿងបុណ្យទានអី យកមកដាក់ដើម្បីធ្វើការសម្របសម្រួល ឈានទៅរកការផ្សះផ្សាជាតិស្រួលបួល។ ជូនកាលច្បាប់ ប៉ុន្តែប្រពៃណីខ្លះក៏មានការអនុគ្រោះដែរ»។
ចំណែកប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា មានប្រសាសន៍ថា សំណើររបស់ប្រជាពលរដ្ឋ តុលាការគួរតែទទួលយក ដោយពួកគេគ្រាន់តែប្រើប្រាស់សិទ្ធិរបស់ខ្លួន ក្នុងការស្នើទៅកាន់តុលាការ ហើយការសម្រេចបែបណា ជាករណីដាច់ដោយឡែក។
លោកថ្លែងថា៖«យើងសោកស្ដាយណាស់ដែលតុលាការ សាលាដំបូង មិនបានទទួលយកសំណើរបស់លោក រ៉ុង ឈុន ហើយខ្ញុំគិតថា រឿងពាក់ព័ន្ធនឹងករណីលោក រ៉ុង ឈុន នេះ ជាករណីមួយដែលស្ថិតនៅក្នុងការតាមដាន ការយកចិត្តទុកដាក់ពីសហគមន៍ជាតិ អន្តរជាតិ ដែលគេយល់ថា ករណីលោក រ៉ុង ឈុន ជាទូទៅ គេមើលឃើញថា ជាករណីដែលពាក់ព័ន្ធរឿងនយោបាយ ច្រើនជាងរឿងអនុវត្តច្បាប់»។
តុលាការកំពូល កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ កាត់ទោសលោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ដោយព្យួរទោស និងពិន័យជាប្រាក់ ៤លានរៀលព្រមទាំងហាមធ្វើដំណើរចេញពីរង្វង់រាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទ«មិនរាងចាល» ដូចអ្វីដែលសាលាដំបូងរាជធានីភ្នំពេញសម្រេចកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។
កាលពីសប្ដាហ៍មុន តុលាការកំពូល ក៏បានបដិសេធសំណើសុំច្បាប់ទៅចូលរួមបុណ្យភ្ជុំ នៅស្រុកកំណើតរបស់លោក រ៉ុង ឈុន ម្ដងរួចមកហើយ ដោយសំអាងថា សេចក្តីសម្រេចរបស់តុលាការកំពូលកន្លងមក ដែលផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៤ឆ្នាំ លើទីប្រឹក្សាគណបក្សកម្លាំងជាតិរូបនេះ ថាជាសាលដីកាស្ថាពរ។
តាមរយៈលិខិតមួយច្បាប់ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ជីវ កេង ប្រធានតុលាការកំពូលបានប្រាប់ទៅលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិថា តុលាការកំពូល មិនអាចពិចារណាលើពាក្យស្នើសុំច្បាប់របស់លោកឡើយ ពីព្រោះថា សាលដីកាចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ របស់តុលាការកំពូល គឺជាសេចក្តីសម្រេចស្ថាពរនិងមានអានុភាពអនុវត្តហើយត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តជាសមត្ថកិច្ច តាមមាត្រា ៤៩៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌរួចហើយ។
លិខិតរបស់តុលាការកំពូលនេះ គឺជាការឆ្លើយតបទៅនឹងលិខិតរបស់លោក រ៉ុង ឈុនចុះថ្ងៃទី២២ ខែកញ្ញា ដែលបានដាក់ពាក្យសុំច្បាប់ទៅតុលាការកំពូល ដើម្បីទៅចូលរួមពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ នៅស្រុកកំណើតរបស់លោក ក្នុងស្រុកស្អាងខេត្តកណ្តាល។










