អង្គការសង្គមស៊ីវិល សមាគម និងសហជីពបង្ហាញក្ដីព្រួយបារម្ភថា ការអនុវត្តសេរីភាពតាមច្បាប់មូលដ្ឋាន រួមមាន សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិជួបជុំជាសាធារណៈ នៅមិនទាន់អនុវត្តឱ្យបានពេញលេញ និងមានការរឹតត្បិត ទោះបីជារដ្ឋាភិបាលលើកឡើងពីការធានាសិទ្ធទាំងនេះក៏ដោយ។ ពួកគេស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជាបើកលំហសិទ្ធិសេរីភាពទាំងនេះឡើងវិញឱ្យស្របតាមលទ្ធិប្រជាធិបតេយ្យ និងគោរពច្បាប់ជាមូលដ្ឋាន។
ការលើកឡើងនេះធ្វើឡើងក្នុងសន្និសិទ្ធសារព័ត៌មានស្ដីពីការរំសាយការប្រារព្វទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្រោយសាលារាជធានីភ្នំពេញបដិសេធសំណើរបស់ពួកគេ ដែលស្នើសុំរៀបចំព្រឹត្តិការណ៍សាធារណៈ ដើម្បីរំលឹកខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាព នៅទីតាំងសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រោមហេតុផលពីក្តីបារម្ភអំពី«សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ»។
តាមរយៈកំណត់ហេតុអង្គប្រជុំរវាងតំណាងសាលាក្រុងរាជធានីភ្នំពេញ និងក្រុមអង្គការសង្គមស៊ីវិល កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ សាលារាជធានីភ្នំពេញបានស្នើឱ្យតំណាងគណៈកម្មការរៀបចំផ្លាស់ប្ដូរទីតាំងរៀបចំពីសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទៅទីតាំងឯកជន ឬទីស្នាក់ការរបស់ខ្លួនវិញ។
ដំបូងឡើយអ្នកចូលរូមជាង ៥០០នាក់មកពីក្រុមសង្គមស៊ីវិល សហជីព និងសមាជិកគណបក្សប្រឆាំង គ្រោងរៀបចំពិធីរំលឹកខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ នៅទីតាំងសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ កាលពីឆ្នាំ២០១៩ ក្រុមអ្នករៀបចំក៏ត្រូវបានគេបដិសេធមិនអនុញ្ញាតឱ្យធ្វើការដើរក្បួនចេញពីសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែរ ហើយពួកគេបានសម្រេចចិត្តទៅរៀបចំកម្មវិធីនោះនៅទីតាំងថ្មីនៃសួនសេរីភាព (Freedom Park) ដែលស្ថិតនៅជាយក្រុងភាគខាងជើងវិញ។
មុនពេលសន្និសិទ្ធសារព័ត៌មានចាប់ផ្ដើម អាជ្ញាធរខណ្ឌដង្កោរបានមកឃ្លាំមើលការរៀបចំរបស់ក្រុមអង្គការសង្គមស៊ីវិល។ អាជ្ញាធររូបនោះអះអាងថា ខ្លួនគ្រាន់តែមកឃ្លាំមើលតាមការបញ្ជារបស់ថ្នាក់លើ មិនបានមកក្នុងគោលបំណងបង្កការរំខានណាមួយឡើយ។
លោក រស់ សុដ្ឋា ជាប្រធាន និងជានាយកប្រតិបត្តិនៃ អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា (CHRAC) ថ្លែងពីក្ដីព្រួយបារម្ភ និងការខកចិត្តពីការរឹតត្បិតរបស់អាជ្ញាធររាជធានីភ្នំពេញ ដែលហាមមិនឱ្យក្រុមអង្គការសង្គមស៊ីវិលអនុវត្តសិទ្ធិរបស់ខ្លូនឱ្យបានពេញលេញ និងត្រឹមត្រូវតាមច្បាប់ក្នុងការជួបជុំអបអរទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលជាទិវាប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា។ លោកបន្តថា ក្រុមអង្គការសង្គមស៊ីវិលក៏បានស្នើសុំប្រារព្វនៅទីតាំងផ្សេងទៀត ដូចជា ស្តាតអូឡាំពិក និងសាលមហោស្របណាមួយ ពីសាលាដំបូងរាជធានីភ្នំពេញ តែលោកថាសាលាដំបូងរាជធានីភ្នំពេញស្នើឱ្យក្រុមអង្គការសង្គមស៊ីវិល ស្នើទៅអាជ្ញាធរដែលគ្រប់គ្រងទីតាំងទាំងនោះទៅវិញ។
លោកមានប្រសាសន៍ថា៖ «លទ្ធផលនៃការប្រជុំមិនបានដូចការរំពឹងទុកទេ។ យើងគិតថាយើងបានយោគយល់គ្នាច្រើនមកហើយ តែផ្ទុយទៅវិញលទ្ធផល ដែលបានសម្រេចក្នុងអង្គប្រជុំនេះគឺសេចក្ដីសម្រេចរបស់សាលាក្រុងមិនអនុញ្ញាតឱ្យយើងធ្វើនៅសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទេ។ ការប្រជុំគ្រាន់តែទៅទទួលលទ្ធផលដែលមិនអនុញ្ញាត ស្ដាប់នូវពាក្យពេជ្រដែលមិនសប្បាយចិត្តរបស់អាជ្ញាធរទៅលើគំនិតផ្ដូចផ្ដើម»។
លោក សុដ្ឋា បន្តលើកឡើងថា ហេតុផលសន្តិសុខសាធារណៈដែលសាលាក្រុងរាជធានីភ្នំពេញ ហាមមិនឱ្យប្រារព្វនៅទីតាំងសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គឺស្របពេលកម្ពុជាត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២0 ដែលកិច្ចប្រជុំកំពូលនេះគ្រោងនឹងប្រារព្ធឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោក នី សុខា ជាប្រធានសមាគមការពារមនុស្សកម្ពុជាហៅកាត់ថា អាដហុក (ADHOC) លើកឡើងថា នៅពេលរដ្ឋាភិបាលកម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ក្រោមក្រសែភ្នែកប្រទេសជាហត្ថលេខីចំនួន១៨ និងប្រធានអង្គការសហប្រជាជាតិ រដ្ឋាភិបាលកម្ពុជាសន្យាថា ប្រទេសកម្ពុជានឹងគោរពសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ លោកបន្តថា នៅក្នុងរដ្ឋធម្មនុញ្ញ រដ្ឋាភិបាលក៏បានធានាគោលការណ៍សិទ្ធិមនុស្ស ដែលក្នុងនោះមាត្រាទី៤១ នៃច្បាប់នេះក៏បានបញ្ជាក់ពីការធានាឱ្យមានសិទ្ធិជួបជុំដោយសន្តិវិធីផងដែរ។
លោកថ្លែងនៅក្នុងសន្និសិទ្ធថា៖ «រដ្ឋាភិបាលសន្យាថាគោរព និងប្រតិបត្តិសិទ្ធិមនុស្ស និងសេរីភាពជាមូលរដ្ឋាននៅកម្ពុជា ទី១ នេះជាការសន្យា។ ទី២ គាំទ្រសិទ្ធិរបស់ប្រជាពលរដ្ឋទាំងអស់នៅក្នុងការធ្វើសកម្មភាពជំរុញក្នុងការការពារសិទ្ធិ និងសេរីភាពមូលដ្ឋាន។ នេះគឺជាខ្លឹមសារនៃកិច្ចសន្យារបស់រដ្ឋាភិបាលនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»។
លោកបន្ថែមថា៖ «ឆ្នាំ១៩៩៣ គឺជាឆ្នាំចាប់ផ្ដើមនៃរដ្ឋាភិបាលដែលបានឯកភាពថានឹងដឹកនាំប្រទេសតាមដំណើរការប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ នេះជាការសំខាន់ ហើយដូច្នេះខ្ញុំគ្រាន់តែមានការសោកស្ដាយដែលអាជ្ញាធរ ពិសេសអាជ្ញាធររាជាធានីភ្នំពេញ ដែលលោកមិនអនុញ្ញាត ពីរឆ្នាំជាប់គ្នា»។
លោកលើកឡើងជាចម្ងល់ថា នៅឆ្នាំ២០២៥ អាជ្ញាធរបានហាមឃាត់មិនឱ្យក្រុមអង្គការសង្គមស៊ីវិលប្រារព្វធ្វើទិវានេះដែរ ក្រោមហេតុផលជម្លោះព្រំដែនកម្ពុជា និងថៃ ដែលក្រុមអង្គការសង្គមស៊ីវិលយល់ឃើញថាសមហេតុផល និងអាចទទួលយកបាន។ តែលោកថា៖ «ប៉ុន្តែនេះជាកត្តាមួយដែលមិនសមហេតុផលទេ ពីព្រោះថាប្រទេសយើងនៅពេលនេះមិនមានអីជាចម្បាំងអីដែលមិនអាចបង្កលក្ខណៈឱ្យយើងមិនអាចជួបជុំ»។
ចំណែក លោក មឿន តុលា ជាប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) បង្ហាញការព្រួយបាម្ភថា ការបន្តរឹតត្បិតសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិល សមាគម និងសហជីពអាចបង្កផលប៉ះពាល់ដល់ការចរចាលើពន្ធនាំចេញទៅក្រៅប្រទេសនានារបស់កម្ពុជា ដែលកម្ពុជាពឹងផ្អែកខ្លាំងលើវិស័យកាត់ដេរ ក្នុងនោះការនាំចេញទៅសហភាពអឺរ៉ុប។ លោកបន្តថា ប្រទេសហត្ថលេខីទាំង១៨ ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសក៏បានសន្យាថានឹងជួយស្ដារសេដ្ឋកិច្ចកម្ពុជា ដែលការណ៍នេះហើយទើបកម្ពុជាមានកិច្ចព្រមព្រៀងពហុសរសៃ (MMA)។
លោកថ្លែងថា៖ «យើងអត់ទាន់មានសមត្ថភាពនៅក្នុងការប្រកួត ស្មើមុខស្មើមាត់ជាមួយគេ។ ការដោះដូរពាណិជ្ជកម្មមានពីរសំខាន់ គឺទី១ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) មានន័យថាយើងអាចនាំទៅគេដោយសេរី ហើយគេក៏អាចនាំមកយើងដោយសេរី»។
លោកបន្ថែមថា៖ «កន្លងមកយើងចុះកិច្ចព្រមព្រៀងជាមួយចិន កូរ៉ែខាងត្បូង ប៉ុន្តែលទ្ធភាពរបស់យើងពិបាកនឹងដើរតាមហ្នឹង ដោយសារសន្ទស្សន៍អំពើពុករលួយនៅខ្ពស់។ ចំណុចទី២ ចំណាយរបស់យើងនៅច្រើនជាងគេ ចំណាយនៃការដឹកជញ្ជូន ទឹកភ្លើង អីចឹងចំណុចប្រកួតប្រជែងរបស់កម្ពុជាយើងនៅខ្សោយជាងគេ»។
នាយិកាមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អ្នកស្រី ឆន សុគន្ធា បានលើកឡើងពីកង្វល់ចំពោះការអនុវត្តសេរីភាពក្នុងការបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធីនៅកម្ពុជា ដោយថា ប្រជាពលរដ្ឋមួយចំនួននៅតែមានការភ័យខ្លាចនៅពេលចូលរួមសកម្មភាពសង្គម ឬបញ្ចេញមតិជាសាធារណៈ។
អ្នកស្រីបានថ្លែងថា៖ «ចឹងយើងមើលឃើញថា ស្ថានភាពសេរីភាពការជួបជុំ សេរីភាពនៅក្នុងការបញ្ចេញមតិយើងមើលឃើញថាយើងអត់មានសេរីភាព ពេញលេញនៅពេលចូលរួមឬក៏បញ្ចេញមតិអី ផ្សេងៗនឹងប្រកបដោយការភាពភ័យខ្លាច សួរថានៅពេលដែលយើងចូលរួមនៅការភ័យខ្លាចចឹង វាប៉ះពាល់អ្វីខ្លះ។ វាប៉ះពាល់ទៅដល់ជាមូលដ្ឋាន វាប៉ះពាល់ទៅដល់សេរីភាពនៅក្នុងពេលជួបជុំ ប៉ះពាល់ទៅដល់ការបញ្ចេញមតិដោយសារប្រទេសកម្ពុជា ជាប្រទេសមួយដែលប្រកាន់យកនូវសេរីពហុបក្ស កាបោះឆ្នោតមានការចូលរួមពីគ្រប់និន្នាការគណបក្សនយោបាយ»។
អ្នកស្រីបានបន្តថា ការតាមដាន និងការធ្វើទុក្ខបុកម្នេញលើសកម្មជនសហគមន៍នៅតាមមូលដ្ឋាន ដែលចូលរួមបញ្ចេញមតិយោបល់ ឬធ្វើការជាមួយអង្គការសង្គមស៊ីវិល អាចធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភក្នុងការប្រើប្រាស់របស់ខ្លួន ដោយស្ថានភាពបែបនេះអាចប៉ះពាល់ដល់ជាមូលដ្ឋានរបស់ពលរដ្ឋ ជាពិសេសសេរីភាពក្នុងការបញ្ចេញមតិ និងការជួបជុំ។
ជុំវិញការអំពាវនាវរបស់អង្គការសង្គមស៊ីវិល និងកង្វល់ពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិ ជុំវិញរឿងនេះ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបថាសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជាត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ប៉ុន្តែការអនុវត្តទាំងនេះត្រូវស្ថិតក្នុងក្របខណ្ឌច្បាប់។
លោកមានប្រសាសន៍ថា៖ «សេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជាត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់។ ឱ្យតែការបញ្ចេញមតិប្រព្រឹត្តទៅស្របតាមច្បាប់ គ្មានបញ្ហាអ្វីកើតឡើងទេ។ សព្វថ្ងៃនេះ នរណាក៏បញ្ចេញមតិដែរ នរណាក៏មានហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀត ដែលមួយថ្ងៃៗ មានមតិចម្រុះគ្រប់បែបយ៉ាង មតិរិះគន់ មតិគាំទ្រ មតិពិភាក្សាបញ្ហាសង្គម….ប៉ុន្តែ ពួកគេអត់មានបញ្ហាអីផង»។
ពាក់ព័ន្ធនឹងការមិនអនុញ្ញាតឱ្យអង្គការសង្គមស៊ីវិលរៀបចំពិធីជួបជុំរំលឹកខួបកិច្ចព្រមព្រៀងប៉ារីសនៅទីតាំងសួនច្បារខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក ប៉ែន បូណា បានណែនាំឱ្យសួរទៅសាលារាជធានីភ្នំពេញអំពីមូលហេតុនៃការសម្រេចចិត្តនេះ ដោយលោកលើកឡើងថា អាជ្ញាធរមូលដ្ឋានមានសម្រេចអនុញ្ញាត ឬមិនអនុញ្ញាតឱ្យរៀបចំកម្មវិធីនៅទីតាំងណាមួយ ក្រោមហេតុផលជាក់លាក់។
ជាមួយគ្នានេះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានបង្ហោះសារនៅលើបណ្តាញសង្គមកាលពីថ្ងៃទី២៣ ខែតុលា ដោយរំលឹកពីដំណើរការចរចាដែលឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងតួនាទីរបស់លោកក្នុងការចរចាជាមួយព្រះបាទ នរោត្តម សីហនុ និងភាគីពាក់ព័ន្ធផ្សេងទៀត។
លោក ហ៊ុន សែន បានសរសេរថា៖ «នៅក្នុងវេទិកាចរចាខ្ញុំជាមនុស្សដែលមានវ័យក្មេងជាងគេក្នុងចំណោមភាគីកម្ពុជានិងប្រតិភូពីប្រទេសដែលចូលរួមដែលចាប់ផ្តើមចរចាអាយុ៣៥ឆ្នាំនិងពេលចុះហត្ថលេខាអាយុ៣៩ឆ្នាំ។ អបអរសាទរខួបលើកទី៣៥ឆ្នាំនៃកិច្ចព្រមព្រៀងប៉ារីស២៣តុលា១៩៩១»។
ក្រោយសាលាក្រុងរាជធានីភ្នំពេញបដិសេធមិនឱ្យរៀបចំនៅទីតាំងសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អង្គការសង្គមស៊ីវិល សមាគម និងសហជីពជាង៣០ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយចាត់ទុកការបដិសេធនេះថា ជាការរំលោពសិទ្ធិសេរីភាពខាងការជូបជុំ និងបញ្ចេញមតិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ សេចក្ដីថ្លែងការណ៍រួមដដែលបន្តថា ការរឹតត្បិតនេះ និងធ្វើឱ្យលំហនៃការអនុវត្តសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋកាន់តែរួមតូច និងផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា។
លើសពីនេះ ពួកគេស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធបញ្ឃប់រាល់សកម្មភាពនៃការរឹតត្បិត ឬបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងជួបជុំជាសាធារណៈ ដោយអនុវត្តសិទ្ធិសេរីភាពនេះឱ្យបានពេញលេញ។
គិតត្រឹមខែតុលា អង្គការសិទ្ធិមនុស្សលីកាដូបានកត់ត្រាថាមានមនុស្សជាង ១០០ នាក់កំពុងជាប់ឃុំនៅពន្ធនាគារ ក្នុងនោះរួមមាន សកម្មជន សកម្មជនមកពីគណបក្សប្រឆាំង អ្នកសារព័ត៌មាន និងបុគ្គលសាធារណៈផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនក្រោមការចោទប្រកាន់នានា ដែលអង្គការនេះអះអាងថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពនយោបាយ ការធ្វើសកម្មភាពតស៊ូមតិ ឬការបញ្ចេញមតិរបស់ពួកគេ៕









