លោក ឃុត សឿម ជាសកម្មជនព្រៃឈើម្នាក់ ក្នុងចំណោមរាប់រយនាក់ នៅតំបន់ព្រៃឡង់ ដែលតែងតែឆ្លៀតពេលវេលាពីការធ្វើស្រែចម្ការ ចុះល្បាតព្រៃ ដើម្បីចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ ដោយសារតែបារម្ភពីការបាត់បង់ព្រៃឈើ ខណៈបច្ចុប្បន្នជនខិលខូចមួយចំនួន នៅតែបន្តកាប់ដឹកជញ្ជូនឈើ និងកាប់រុករានដីព្រៃយកធ្វើជាកម្មសិទ្ធិ។
ក្រសួងបរិស្ថានទទួលស្គាល់ថា បច្ចុប្បន្នពិតជានៅកើតមានបទល្មើសព្រៃឈើ និងការកាប់រុករានព្រៃយកដីមួយចំនួនមែន ហើយមន្ត្រីពាក់ព័ន្ធ តែងតែធ្វើការបង្ក្រាបដោយគ្មានការលើកលែង ដើម្បីការពារព្រៃឈើ។ ជាមួយគ្នានេះដើម្បីពង្រីកគម្របបៃតងក្រសួងបរិស្ថានបាននិងកំពុងពង្រីកការដាំកូនឈើបន្ថែមឱ្យបាន ១០លានដើមជារៀងរាល់ឆ្នាំផងដែរ។
លោក ឃុត សឿម រស់នៅតំបន់ព្រៃឡង់ ក្នុងឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ ដែលជាក្រុមស្នូល នៃបណ្តាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ បានប្រាប់សារព័ត៌មានខេមបូចានៅថ្ងៃទី២៥ ខែសីហា បន្ទាប់ពីចេញពីល្បាតព្រៃ ៣យប់៤ថ្ងៃ ដែលមានបណ្តាញសហគមន៍ពីខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ចូលរួមសរុប ៣៣នាក់ថា បច្ចុប្បន្នបទល្មើសព្រៃឈើ ដូចជាការកាប់ឈើ ការដឹកជញ្ជូនឈើ និងការកាប់រុករានព្រៃយកដី គឺនៅតែបន្តកើតឡើង។
បុរសដែលបានចូលរួមល្បាតព្រៃ ចាប់តាំងពីឆ្នាំ២០០០ រូបនេះ បញ្ជាក់ថា ការចុះល្បាតព្រៃលើកនេះ ក៏មានមន្ត្រីឧទ្យានុរក្ស ២នាក់ មកពីខេត្តស្ទឹងត្រែងចូលរួមផងដែរ។
លោកបន្តថា ដោយសារតែស្រឡាញ់ព្រៃឈើ ចង់ការពារនិងអភិរក្សព្រៃឈើឱ្យបានគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយ ទើបរូបលោក និងបណ្តាញសហគមន៍ដទៃទៀត បានចូលរួមក្នុងបណ្តាញសហគមន៍ព្រៃឡង់ ដើម្បីចុះល្បាតព្រៃក្នុង ១ខែ ១ដង ឬ ២ដង។
បុរសវ័យ ៣៨ ឆ្នាំរូបនេះ បានជំរុញឱ្យអ្នកពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការបង្ក្រាបការកាប់ឈើ នៅក្នុងតំបន់ព្រៃឡង់ដើម្បីអភិរក្សព្រៃឈើ ដែលនៅសេសសល់ចុងក្រោយនេះ ឱ្យបានគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយ ពីព្រោះព្រៃឈើ ក្រៅពីធ្វើឱ្យមានលំនឹងអាកាសធាតុ វាក៏ជាប្រភពនៃជីវៈចម្រុះ និងចំណីអាហារ សម្រាប់មនុស្ស និងសត្វផងដែរ។
ទាក់ទងនឹងការចុះល្បាតព្រៃលោក សឿម បានឱ្យដឹងថា មានជួបបញ្ហាប្រឈមមួយចំនួន ដូចជា ជនល្មើស គឺសុទ្ធតែមានអាវុធកែច្នៃ ធ្វើឱ្យមានហានិភ័យសម្រាប់សហគមន៍ដែលចូលទៅហាមឃាត់ពួកគេ មិនឱ្យកាប់ឈើ និងមានការលំបាកក្នុងការហូបចុក ការស្នាក់នៅកណ្តាលព្រៃ នៅពេលមានភ្លៀង ឬម៉ូតូខូចនៅកណ្តាលព្រៃជាដើម។
បន្ថែមពីនេះ លោក សឿមបន្តថា៖ «បញ្ហាមួយទៀត កន្លងមកពេលយើងចុះល្បាតព្រៃ មន្ត្រីតែងតែចោទប្រកាន់យើងថា យើងក្រុមអត់ច្បាប់ ក្រុមចូលព្រៃដោយគ្មានការអនុញ្ញាតជាដើម។ ហីពួកគាត់តែងតែមិនទទួលស្គាល់របាយការណ៍ដែលយើងរកឃើញបទល្មើស។ មានការស្តីបន្ទោសមានការលាបពណ៌ ពេលខ្លះថា យើងធ្វើបម្រើអ្នកនេះ បម្រើអ្នកនោះជាដើម»។
លោកឱ្យដឹងថា ចាប់តាំងពីក្រសួងបរិស្ថាន ប្រកាសស្វាគមន៍អ្នកស្រឡាញ់ធនធានធម្មជាតិចូលរួមល្បាតព្រៃ ដើម្បីថែរក្សាព្រៃឈើ កាលពីដើមខែសីហាមក រហូតមកដល់ពេលនេះមន្ត្រីឧទ្យានុរក្សនៅក្នុងខេត្តព្រះវិហារ នៅមិនទាន់មានកិច្ចសហការល្អ ដោយស្មោះត្រង់ស្មើមុខស្មើមាត់នៅឡើយទេ។
បើតាមសមាជិកស្នូលសហគមន៍ព្រៃឡង់រូបនេះ នៅពេលពួកលោកស្នើទៅមន្ត្រីឧទ្យានុរក្សនៅតាមច្រកតំបន់នីមួយៗ ដើម្បីចូលល្បាតព្រៃ មន្ត្រីឧទ្យានុរក្សទាំងនោះ ហាក់មិនសូវផ្តល់តម្លៃ និងក៏មិនសូវបានចូលរួមល្បាតព្រៃ ជាមួយសហគមន៍ឡើយ ដោយពួកគាត់តែងតែនិយាយថា រវល់កិច្ចការនេះកិច្ចការនោះនិងថាអត់មានកម្លាំងអីជាដើម។
លោកបន្ថែមថា៖ «ហីនៅពេលបទល្មើសកើតឡើងដូចជាការដឹកជញ្ជូនឈើ ក៏ដូចមិនឃើញមានចំណាត់ការអ្វី ធ្វើឱ្យយើងទុកចិត្តបាននៅឡើយទេ។ ការដឹកជញ្ជូនឈើនៅមានជារឿយៗ និងការកាប់ឆ្កាព្រៃ រុករានយកដី ក៏នៅតែកើតមានដែរ មិនទាន់បញ្ឈប់បាននៅឡើយទេ»។

សារព័ត៌មានខេមបូចា មិនអាចទាក់ទងលោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើការលើកឡើងនេះបានឡើយ នៅថ្ងៃទី២៥ ខែសីហា។ ប៉ុន្តែយ៉ាងណាក្តីកាលពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក សុភេទ បានដឹកនាំមន្ត្រីឧទ្យានុរក្ស រដ្ឋបាលស្រុក ក្រុមការងារ WCS និងសហគមន៍ ចុះល្បាតនៅព្រៃសហគមន៍តំបន់ការពារធម្មជាតិត្មាប៉ើយ នៃដែនជម្រកសត្វព្រៃ គូលែន-ព្រហ្មទេព ស្រុកជាំក្សាន្ត និងនៅដែនជម្រកសត្វព្រៃ ឆែប-ព្រះរកា ស្រុកឆែប ខេត្តព្រះវិហារ។ នេះបើយោងតាមហ្វេសប៊ុកមន្ទីរបរិស្ថានខេត្តព្រះវិហារ។
ចំណែកលោក ម៉ិញ នី ជាក្រុមស្នូលនៃបណ្តាញសហគមន៍ព្រៃឡង់ រស់នៅក្នុងស្រុកសណ្តាន់ខេត្តកំពង់ធំ ក៏បានប្រាប់សារព័ត៌មានខេមបូចា កាលពីថ្ងៃទី២៣ ខែសីហាដែរថា បច្ចុប្បន្នបទល្មើសកាប់ឈើ និងការដឹកជញ្ជូនឈើ រួមទាំងការកាប់រុករានព្រៃវាទយកដី គឺនៅតែបន្តកើតឡើងជាហូរហែនៅមិនទាន់អាចទប់ស្កាត់បាននៅឡើយទេ។
បុរសវ័យជាង៦០ឆ្នាំរូបនេះលើកឡើងថា ពេលខ្លះសមត្ថកិច្ចពាក់ព័ន្ធមានមន្ត្រីឧទ្យានុរក្សនិងមន្ត្រីគណៈបញ្ជាការស្រាល ដែលទទួលខុសត្រូវក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ក៏បានចុះទៅត្រួតពិនិត្យទីតាំងកាប់រំលំដើមឈើ និងទីតាំងកាប់រុករានដីព្រៃ ដែលសហគមន៍បានរាយការណ៍ដែរក៏ប៉ុន្តែបទល្មើសនៅតែបន្តកើតឡើង។
លោក ម៉ិញ នី ដែលចូលរួមល្បាតព្រៃជាមួយបណ្តាញសហគមន៍ដទៃទៀតជាង ២០ឆ្នាំមកហើយបញ្ជាក់ថា៖ «មន្ត្រីបានធ្វើការបង្ក្រាបខ្លះៗជាហូរដែរ ប៉ុន្តែបទល្មើសកាប់ឈើនៅតែកើតមាន នៅក្នុងព្រៃ ហើយការដឹកជញ្ជូនឈើ ក៏នៅតែកើតមានជាហូរហែនៅតាមដងផ្លូវជារៀងរាល់ថ្ងៃផងដែរ»។
បុរសចំណាស់រូបនេះ បានប៉ាន់ប្រមាណថា ព្រៃឡង់បច្ចុប្បន្នអាចនៅសល់យ៉ាងច្រើនត្រឹមប្រហែល ៣០ ភាគរយ ហើយបើសិនជាចរន្តនៃការកាប់ឈើ និងការកាប់រុករានវាទយកដីដូចបច្ចុប្បន្នមិនត្រូវបានទប់ស្កាត់ឱ្យមានប្រសិទ្ធភាព លោកបារម្ភថា ប្រហែលជា១០ឬ២០ឆ្នាំទៀត ព្រៃឡង់ អាចនឹងក្លាយទៅជាវាល លែងមានព្រៃឈើទៀតហើយ។
យោងតាមទំព័រហ្វេសប៊ុកឈ្មោះ «ព្រៃឡង់-Prey Lang» ចុះផ្សាយថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ប្រជាសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ បានរកឃើញឈើអារចំនួន ៤៩៤ សន្លឹក និងគល់ឈើកាត់រួច ២១គល់ រួមទាំងឧបករណ៍មួយចំនួន មានរណាយន្ត និងគោយន្តជាដើម ដែលជនល្មើសបានទុកក្នុងព្រៃជ្រៅ។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់សារព័ត៌មានខេមបូចាកាលពីថ្ងៃទី២៤ ខែសិហា ដោយទទួលស្គាល់ថា ការលួចកាប់ឈើ និងការកាប់រុករានដីព្រៃ គឺនៅតែបន្តកើតមានមួយចំនួនតូច ហើយក្រសួងបរិស្ថាន កំពុងបន្តចាត់វិធានការ ដើម្បីលុបបំបាត់។ ជាមួយគ្នានេះក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្ត្រសរសរស្តម្ភបៃតងជំហានទី ២នៃយុទ្ធសាស្ត្រចក្រា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម ជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍តំបន់ការពារធម្មជាតិ ក៏ដូចជាអង្គការសង្គមស៊ីវិល និងអ្នកស្រឡាញ់បរិស្ថាន ឱ្យចូលរួមកាន់តែប្រសើរថែមទៀត ក្នុងការរាយការណ៍ពីបទល្មើសព្រៃឈើ។
លោកបន្តថា៖«សហគមន៍មូលដ្ឋាន និងអង្គការសង្គមស៊ីវិល អាចចូលរួមទប់ស្កាត់ សហការជាមួយមន្ត្រីឧទ្យានុរក្ស ក៏ដូចជាកងកម្លាំងអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងយុត្តិធម៌បន្ថែមទៀត ដើម្បីពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាគ្រប់គ្រងតំបន់ការពារធម្មជាតិទាំងនោះ»។
លើសពីនេះ ក្រសួងបរិស្ថានក៏នឹងជំរុញការផ្សព្វផ្សាយឱ្យសាធារណជនមានការយល់ដឹងពីតម្លៃនៃធនធានធម្មជាតិ ក៏ដូចជាចូលរួមក្នុងកិច្ចការការពារធនធានធម្មជាតិ និងធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋាន ជាពិសេសការផ្តល់ចំណេះដឹងថ្មីៗផ្នែកបច្ចេកវិទ្យាដល់មន្ត្រីឧទ្យានុរក្ស ដើម្បីឈានទៅការពារនិងគ្រប់គ្រងធនធានធម្មជាតិឱ្យបានល្អប្រសើរ។
បើតាមលោក ខ្វៃ អាទិត្យា ក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចាត់ឱ្យមន្រ្តីចុះល្បាតចំនួន៥ ៩៥៣ លើក បង្ក្រាបបទល្មើសធនធានធម្មជាតិសរុបចំនួន ៩៦៧ ករណី នៅទូទាំងប្រទេស ក្នុងនោះមានបទល្មើសព្រៃឈើចំនួន ៣១៨ ករណី ការបរបាញ់សត្វព្រៃ ២៤២ករណី បទល្មើសធនធានរ៉ែ ចំនួន១២ ករណី ការឈូសរានដីព្រៃ ២៦២ករណី។
ការពឹងផ្អែកទៅលើការរុករកអនុផលព្រៃឈើនៅតំបន់ព្រៃឡង់បានធ្លាក់ចុះ
អនុក្រឹត្យចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ថា ដែនជម្រកសត្វព្រៃព្រៃឡង់មានទំហំ ៤៨៩ ៦៦៣ហិកតា ស្ថិតក្នុងខេត្តចំនួន៤ គឺខេត្តក្រចេះ កំពង់ធំ ស្ទឹងត្រែង និងខេត្តព្រះវិហារ។

ព្រៃឡង់ គឺជាប្រភពធនធាន សម្រាប់ប្រជាពលរដ្ឋជាពិសេសជនជាតិដើមភាគតិច ដែលរស់នៅជុំវិញអាស្រ័យផលចិញ្ចឹមជីវិត តាំងពីបុរាណកាលមក ក្នុងការរុករកអនុផលព្រៃឈើ មានដូចជាដងជ័រទឹក យកឃ្មុំ បេះផ្សិត បេះផ្លែឈើ និងជីកមើមឈើព្រៃផ្សេងៗ ទៅតាមរដូវកាលរួមទាំងបោចវល្លិ ដើម្បីយកមកច្នៃធ្វើជាសម្ភារប្រើប្រាស់ផ្សេងៗជាដើម។
លោក មន ខ្លា អាយុ ៣៥ឆ្នាំ រស់នៅឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលរស់នៅពឹងអាស្រ័យទៅលើអនុផលព្រៃឈើ នៅតំបន់ព្រៃឡង់ បាននិយាយថា ការរស់នៅចិញ្ចឹមជីវិតរបស់គ្រួសារលោក ក្រៅពីធ្វើស្រែចម្ការ គឺលោកនិងប្រពន្ធតែងតែជិះគោយន្តចូលព្រៃ ដើរដងជ័រទឹក ពីមួយខែទល់មួយខែ ពីមួយឆ្នាំទល់មួយឆ្នាំ។ ក្រៅពីនេះគឺរកឃ្មុំ ប៉ុន្តែឃ្មុំគេយកតែនៅរដូវប្រាំងទេ ពីព្រោះរដូវប្រាំងទឹកឃ្មុំវាមានគុណភាពល្អ។
បុរសជនជាតិដើមភាគតិចកួយ ដែលមានកូន៣នាក់ក្នុងបន្ទុករូបនេះបានលើកឡើងថា៖ «ជ័រទឹក១កាន៣០លីត្រ លក់បាន៤ម៉ឺន ចំណែកទឹកឃ្មុំ១លីត្រ ក៏លក់បាន៤ម៉ឺនរៀលដែរ។ ប៉ុន្មានឆ្នាំនេះប្រាក់ចំណូលថយចុះ ដោយសារដើមជ័រច្បោះខ្ញុំ ត្រូវគេលួចកាប់ជាបន្តបន្ទាប់ជិតអស់នៅសល់តែប្រមាណ៣០ដើម។ ចំណែកទឹកឃ្មុំក៏រកមិនសូវបានច្រើនដូចមុនដែរ ដោយសារព្រៃឈើកាន់តែរួមតូច ខណៈអ្នករុកព្រៃរកទឹកឃ្មុំ មានកាន់តែច្រើន»។
បុរសជនជាតិដើមភាគតិចរូបនេះ អំពាវនាវឱ្យអ្នករស់នៅជុំវិញព្រៃឡង់ រូបរួមសហការគ្នាជួយការពារព្រៃឡង់ ឱ្យបានគង់វង្សយូរអង្វែង ដោយលោកដាក់ការព្រួយបារម្ភថា ប្រសិនបើព្រៃឡង់ត្រូវបានកាប់បំផ្លាញលឿនយ៉ាងគំហុក ដូចក្នុងរយៈពេល២០ឆ្នាំមកនេះ នោះព្រៃធម្មជាតិដែលនៅសេសសល់មួយនេះ អាចនឹងត្រូវកាប់បំផ្លាញអស់ទាំងស្រុងក្នុងរយៈពេលមិនដល់២០ឆ្នាំទៀតទេ។
លោកថ្លែងថា៖ «ពួកខ្ញុំអត់ចេះរកអីទេលោកគ្រូ ក្រៅពីធ្វើស្រែធ្វើចម្ការបន្តិចបន្តួចគឺមានតែចូលព្រៃដងជ័រទឹក រកឃ្មុំ បេះផ្សិត បេះអីតិចតួច បើទៅមុខទៀតគេកាប់ព្រៃវាទយកធ្វើចម្ការអស់ពួកខ្ញុំជនជាតិភាគតិច នឹងកាន់តែលំបាកហើយ»។
យ៉ាងណាក្តី អ្នកនាំពាក្យក្រសួងបរិស្ថានលើកឡើងថា សហគមន៍គឺជាចំណែកមួយដ៏សំខាន់ដែលពួកគាត់មានសិទ្ធិពេញលេញ ក្នុងការចូលរួមការពារធនធានធម្មជាតិ ខណៈបច្ចុប្បន្នមានសហគមន៍តំបន់ការពារធម្មជាតិចំនួន១៩៣ ត្រូវបានទទួលស្គាល់ដោយក្រសួងបរិស្ថាន និងកំពុងប្រតិបត្តិការចូលរួមការពារធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ។ ក្នុងនោះមានសហគមន៍ជាង៥០មានសក្តានុពលទេសភាពធម្មជាតិ ដែលពួកគាត់បានរៀបចំឱ្យមានការទាក់ទាញទេសចរ មានទីលំហែបៃតង នៅក្នុងសហគមន៍ទាំងនោះហើយពួកគាត់បានរកចំណូលជាបណ្តើៗ។
លោកបញ្ជាក់ថា៖ «ការបង្កើតឱ្យប្រជាសហគមន៍រកចំណូលបាន គឺជារឿងសំខាន់ណាស់ពួកគាត់បានចូលរួមការពារព្រៃឈើផង និងកាត់បន្ថយការពឹងពាក់ទៅលើព្រៃឈើ សត្វព្រៃងាកមកប្រកបរបរដាំដំណាំ ចិញ្ចឹមសត្វ ហើយនឹងផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិនៅក្នុងសហគមន៍ពួកគាត់»។
បើតាមលោក ខ្វៃ អាទិត្យា បច្ចុប្បន្នក្រសួងបរិស្ថានក៏បាន និងកំពុងបណ្តុះដើមឈើឱ្យបានច្រើនដើម្បីបង្កើតគម្របបៃតង ទៅតាមទស្សនវិស័យដោយ៣ឆ្នាំកន្លងមកនេះ ក្រសួងបានបណ្តុះកូនឈើបាន១០លានដើម ចែកជូនទៅសាធារណជនយកទៅដាំ។ ជាពិសេសនៅដើមឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន បានចែកជូនកូនឈើ ៥,៥លានដើម ទៅសាធារណជនចូលរួមដាំតាមសហគមន៍ ដាំស្តារព្រៃ និងដាំតាមទីសាធារណៈ ហើយឆ្នាំបន្តបន្ទាប់ក្រសួងនឹងជំរុញធ្វើយ៉ាងម៉េចឱ្យដាំបាន១០លានដើម ក្នុងមួយឆ្នាំដើម្បីបង្កើនគម្របបៃតង។
លោកបញ្ជាក់ថា៖ «ដូច្នេះកាលណាយើងដាំបានច្រើន ហើយយើងទប់ស្កាត់ការកាប់និងការទន្ទ្រានដីខុសច្បាប់ ទាំងយើងពង្រឹងច្បាប់ ឱ្យតែជួបជនល្មើសបំផ្លាញធនធានធម្មជាតិគឺយើងឃាត់ខ្លួននិងបញ្ជូនទៅតុលាការ ដែលនេះជាយុទ្ធសាស្ត្ររបស់យើង ដើម្បីសម្រេចទស្សនៈវិស័យឆ្នាំ២០៥០ជាប្រទេសអព្យាក្រឹត្យកាបូន»។
សម្រាប់ លោក សឿម ដែលតែងតែរស់នៅពឹងផ្អែកទៅលើការរុករកអនុផលព្រៃឈើផងដែរនោះ លើកឡើងថា លោកពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ចំពោះការបាត់បង់ព្រៃឈើ ពីព្រោះការបាត់បង់ព្រៃឈើ គឺបាត់បង់មុខរបរ និងបាត់បង់ប្រាក់ចំណូល ខណៈបច្ចុប្បន្នទាំងព្រៃឈើនិងសត្វព្រៃគឺមានការធ្លាក់ចុះយ៉ាងខ្លាំង បើប្រៀបធៀបកាលពី១០ឆ្នាំមុន។
កាលពីមុនមានដើមច្បោះជ័រទឹកច្រើន ដែលបងប្អូននៅជុំវិញព្រៃឡង់ អាចអាស្រ័យផលដងជ័រលក់បាន ថវិកាចិញ្ចឹមគ្រួសារ។ ប៉ុន្តែនៅពេលនេះគ្មានដើមច្បោះជ័រទឹកច្រើនដូចមុនទៀតទេ ដោយសារគេកាប់ដើមឈើទាល និងដើមត្រាចស្ទើរតែអស់ទៅហើយ។
ប៉ុន្តែយ៉ាងណាក្តីលោកថា៖ «បច្ចុប្បន្ននៅមានអនុផលព្រៃឈើដែលប្រមូលបានគឺមានផ្សិតកក់ ផ្សិតក្រៀក ផ្សិតក្ងោក មានផ្លែគុយ មានការយកឃ្មុំ និងការប្រមូលបន្លែឈើព្រៃរួមទាំងឫសឈើសម្រាប់ធ្វើឱសថបុរាណផ្សេងៗផងដែរ»។
បុរសអ្នកភូមិរួសរាន់ ដែលមានកូន២នាក់ក្នុងបន្ទុក និងមានដីស្រែ៥ហិកតារូបនេះ បច្ចុប្បន្នក៏នៅជាប់បំណុលធនាគារមួយចំនួន ដែលកំពុងខិតខំរកប្រាក់បង់សងយ៉ាងត្រដាបត្រដួសផងដែរ៕







