សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ប្រាសាទព្រះវិហារ កំពុង​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់​ បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​​យ៉ាងដំណំ​ពី​យោធាថៃ

ក្រុម​អ្នក​ជំនាញអាជ្ញាធរជាតិ​ព្រះវិហារ​កំពុង​រៀបចំទល់​ទ្រផ្នែក​មួយ​នៃ​ប្រាសាទ​ នៅថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ២០២៦។ (រូបភាព៖ អាជ្ញាធរជាតិ​ព្រះវិហារ)
ក្រុម​អ្នក​ជំនាញអាជ្ញាធរជាតិ​ព្រះវិហារ​កំពុង​រៀបចំទល់​ទ្រផ្នែក​មួយ​នៃ​ប្រាសាទ​ នៅថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ២០២៦។ (រូបភាព៖ អាជ្ញាធរជាតិ​ព្រះវិហារ)

អាជ្ញាធរជាតិ​ព្រះ​វិហារ ​កំពុងចុះ​​អនុវត្ត​គម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារដែល​រងការ​ខូចខាត​យ៉ាងដំណំ​ ដោយ​សារ​ការ​វាយ​ប្រហារ​របស់​យោធាថៃ ខណៈ​កម្ពុជា បាន​​ចេញ​មក​បដិសេធ​ជាថ្មីទៀត ចំពោះការចោទប្រកាន់ជាបន្តបន្ទាប់របស់​យោ​ធា​ថៃ ដែលថា កម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណ សម្រាប់គោលបំណងយោធា។

នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ កាលពីថ្ងៃទី​១៩ ខែ​តុលា បាន​រៀប​ចំ​​ប្រារព្ធ​ពិធី​សែនព្រេន​ បើក​អនុវត្ដគម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារលើកទី​២​ ដែលមានចំនួន ២៩ទីតាំង ក្នុងនោះនៅគោបុរៈទី១ មានចំនួន១០ទីតាំង, គោបុរៈ​ទីពីរ​ ៨ទីតាំង, ស្ពានហាលចន្លោះគោបុរៈទី២ និងទី៣ ចំនួន២ទីតាំង។

ចំណែក​នៅ​ គោបុរៈទី៣ចំនួន​ ៥ទីតាំង, គោបុរៈទី៤ ចំនួន​ ១ទីតាំង, ស្ពានហាលចន្លោះគោបុរៈទី៤ និងទី៥ ចំនួន​ ១ទីតាំង គោបុរៈទី៥ ចំនួន១ទីតាំង និងនៅខឿនទ្រក្បាលនាគខាងលិច (ថ្នាក់ទី១ ជណ្ដើរបុរាណខាងជើង) ចំនួន១ទីតាំង។

លោក​ គង់ ពុទ្ធិកា អគ្គនាយក​នៃអាជ្ញាធរជាតិព្រះវិហារ ​បាន​ប្រាប់​សារព័ត៌មាន​ខេម​បូចា​នៅថ្ងៃ​ទី​​២៣ ខែ​តុលានេះថា បច្ចុប្បន្ន​​អាជ្ញាធរ​ព្រះ​វិហារ​កំពុង​អនុវត្ត​គម្រោង​សង្គ្រោះ​បន្ទាន់​ប្រាសាទ​ព្រះ​វិហារ​ក្នុង​ដំណាក់​កាលទី​២។ ក្នុង​ដំណាក់​កាល​ទី២នេះ គឺយើង​គ្រោង​ធ្វើ​សកម្ម​ភាព​៣​សំខាន់​ៗ​។ ​ទី១ ​គឺ​ការបន្ត​ទល់​ទ្រ​ចំនួន​២៩​ទីតាំងទៀត ​​ដើម្បី​ទប់​ស្កាត់​ការដួល​រលំដោយ​ចៃដន្យ​ណាមួយ​។ ចំណុច​ទី២ ​លោក​បញ្ជាក់​ថា៖ «យើង​​គ្រោង​សាង​សង់​រោង​អភិរក្សនៅ​បរិវេណ​​ប្រា​សាទ​ដើម្បី​យើ​ង​ទុក​នូវ​បំណែក​ថ្ម​បំណែក​វត្ថុសិល្បៈ ដែល​បាន​បាក់​បែក​ខ្ទេច​ខ្ទី​ដោយ​សារគ្រាប់​កាំភ្លើង​របស់​យោធាថៃ​កាលពីឆ្នាំ​២០២៥»។

ចំណែក​ចំណុច​ទី៣ ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ​គ្រោង​​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ឈើ​​ដែល​តភ្ជាប់​គោបុរៈនីមួយ​ៗឡើង​វិញ​ បន្ទាប់​ពីត្រូវ​បាន​បំផ្លាញ​ផងដែរ​។​«អ៊ីចឹង​សកម្ម​ភាព​៣​នេះ​យើង​កំពុង​តែអនុវត្ត​ហើយ​ ហើយ​យើង​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២៦​នេះ»។

សូម​បញ្ជាក់​ថា បន្ទាប់ពីយោធាថៃ ​បាន​ប្រើយន្តហោះ ដ្រូន និង​កាំភ្លើង​ធុន​ធ្ងន់ ទម្លាក់​គ្រាប់​ និង​បាញ់​ស្រោច​មក​លើ​ប្រសាទ​ព្រះវិហារ​ ក្នុង​សង្គ្រាម​ឈ្លានពាន​ចំនួន​ ២លើក ​ក្នុង​ឆ្នាំ​២០២៥ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​ប្រមូល​បំណែក​ថ្មប្រាសាទ​ដែល​បាន​បាក់​បែកបាន​​ចំនួន ៨៤ ​៨០០​ដុំ​​ ចុះ​បញ្ជី និង​រក្សា​ទុក​ទល់​ទ្ររចនាសម្ព័ន្ធ​ប្រាសាទ​មាន​ហានីភ័យខ្ពស់​ចំនួន​២៣​ទីតាំង​​។

ចំពោះ​គម្រោង​ការ​ងារ​ក្រោយ​ពីការ​សង្គ្រោះ​បន្ទាន់​នេះ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ​នៅ​សល់​ការ​ងារ​​ជាច្រើន​​​ទៀត​ដែល​ត្រូវ​ធ្វើ​ ហើយ​ការងារ​សំខាន់​បំផុតនោះ គឺការងារ​ត្រូវ​ធ្វើ​ផែនការ​ដើម្បី​ជួស​ជុល​ប្រាសាទព្រះ​វិហារ​ឡើង​វិញ។

លោក​អគ្គនាយក​អាជ្ញាធរជាតិព្រះវិហារ​បាន​បញ្ជាក់​ថា៖ «​កន្លង​មក​យើង​មាន​ផែន​ការ​រួច​ហើយ​នៅក្នុង​ការ​ជួស​ជុល ​ក៏ប៉ុន្តែ​ការ​ខូច​ខាត​ដោយ​សារ​ការវាយ​ប្រហារ​របស់​យោធាថៃគឺ​មាន​ទំហំ​ធំធេង​ហើយ​ធ្វើ​ឱ្យ​ផែនការ​យើង​ដែល​បាន​ធ្វើ​កន្លង​មក ​​ត្រូវ​ក្លាយ​ជាអសារបង់​ហើយ​​ចំពោះ​អ្វី​ដែល​យើង​បាន​ខិតខំប្រឹង​ប្រែង​អភិរក្ស​ជួស​ជុល​ពីមុន​មក​ក៏​ត្រូវ​ខ្ទេច​ខ្ទី​អស់»។

ហេតុដូច្នេះ​អាជ្ញាធរ​ព្រះ​វិហារ​ ​ត្រូវ​ធ្វើ​ផែនការ​ឡើង​វិញ​ទាំ​ងកន្លែង​ដែល​មិន​ទាន់​បាន​ជួសជុល​និង​កន្លែង​ដែល​ជួស​ជុល​រួច ​គឺ​សុទ្ធ​តែ​ត្រូវការ​​អន្តរាគមន៍​ដើម្បី​ស្តារ​​សម្បត្តិបេតិកភណ្ឌ​ពិភព​លោក​​​មួយ​នេះឡើង​វិញ​។

លោក គង់ ពុទ្ធិកា ​ឱ្យ​ដឹងថា៖ ​«អ៊ីចឹង​ទេ ដំណាក់​កាល​បន្ទាប់​យើង​នឹង​ធ្វើ​ផែនការ​ជាមួយ​ដៃគូ​របស់​យើង ​ដែល​បាន​ជួយ​អភិរក្ស​ជួស​ជុល​ប្រាសាទ​ព្រះ​វិហារ​នេះ​កន្លងមក​គឺ​មាន​សហរដ្ឋ​អា​មេរិក ​មាន​ចិន ​និង​មាន​ឥណ្ឌានេះ ដែល​ពួក​គាត់​បាន​ខិតខំប្រឹងប្រែង​ជួយ​ពីមុន​ការ​ខូច​ខាតនឹង​ហី​យើង​បន្តធ្វើការ​ជាមួយ​ពួកគាត់​ទៀត​ដើម្បី​ធ្វើ​ផែនការ​ជួសជុល​ក្រោយ​ការ​ខូច​ខាតនេះ»។

ជាមួយគ្នា​នេះ ក្រសួងវប្បធម៌ កាលពីថ្ងៃទី​២២ ខែ​តុលា​ បានចេញសេចក្តីថ្លែងការណ៍បដិសេធដាច់​ខាត​​ជាថ្មី​ទៀត ការចោទប្រកាន់ដដែលៗរបស់ថៃ និងតវ៉ាចំពោះសកម្មភាពគ្មានការអនុញ្ញាត នៅតាមទីតាំងបេតិក​ភណ្ឌវប្បធម៌របស់កម្ពុជា​តាម​បណ្តោយ​ព្រំដែន​។

កម្ពុជាថា ការចោទប្រកាន់ដែលគ្មានមូលដ្ឋាន​របស់​ភាគីថៃ​នេះ បានបំភ្លៃការពិត បំភាន់ សាធារណមតិ និងបង្វែរការយកចិត្តទុកដាក់ចេញពីការបំផ្លិចបំផ្លាញ និងការខូចខាតដែលកងកម្លាំងប្រដាប់អាវុធថៃ បានបង្កឡើងចំពោះបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។

ក្រសួង​វប្បធម៌​​បញ្ជាក់​​ថា៖ «ប្រាសាទបុរាណ និងទីតាំងបុរាណវិទ្យា គឺជាទីតាំងដែលមានសារៈសំខាន់ផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំងជាទីកន្លែងសម្រាប់ការគោរពបូជាសាសនា ការអភិរក្ស ការស្រាវជ្រាវ ការអប់រំ និងទេសចរណ៍ មិនមែនជាមូលដ្ឋានយោធាឡើយ»។

អាជ្ញាធរជាតិ​ព្រះវិហារ​ប្រារព្ធពិធី​សែន​ព្រេនពេល​បើក​អនុវត្តគម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ នៅថ្ងៃទី១៩​ ខែតុលា ឆ្នាំ២០២៦។ (រូបភាព៖ អាជ្ញាធរជាតិ​ព្រះវិហារ)

ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ក្នុងករណីមានជម្លោះប្រដាប់អាវុធ និងអនុសញ្ញា ឆ្នាំ១៩៧២ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុង​​​ការការពារបេតិកភណ្ឌវប្បធម៌របស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ។

ទន្ទឹមនឹងនេះ កម្ពុជាតវ៉ាដាច់អហង្ការចំពោះវត្តមានរបស់កងកម្លាំងយោធាថៃ និងសកម្មភាពឯកតោភាគីនានា ដែលអាជ្ញាធរថៃ បានអនុវត្តនៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រា​សាទខ្នារ ព្រមទាំងទីតាំងបុរាណវិទ្យាផ្សេងទៀតរបស់កម្ពុជាតាមបណ្តោយព្រំដែនកម្ពុជា–ថៃ ដោយគ្មានការអនុញ្ញាតពីកម្ពុជា។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​វប្បធម៌។

បន្ថែម​ពីនេះ​ក្រសួង​វប្បធម៌ បាន​អំពាវនាវឱ្យអាជ្ញាធរថៃបញ្ឈប់ការចោទប្រកាន់ដដែលៗគ្មានមូលដ្ឋានទាំងនេះ បញ្ឈប់រាល់សកម្មភាពឯកតោភាគី នៅតាមទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា និងងាកមកដោះស្រាយបញ្ហាដែលនៅសេសសល់ តាមមធ្យោបាយសន្តិវិធី និងយន្តការទ្វេភាគីដែលបានបង្កើតឡើង ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC)។

បន្ថែមពីនេះ​កម្ពុជាទាមទារជាថ្មីឱ្យមានការប្រគល់ត្រឡប់មកវិញនូវវត្ថុបុរាណដែលត្រូវបានយកចេញពីប្រាសាទខ្នារ និងដែលបានដឹកយកទៅប្រទេសថៃ។

សូម​បញ្ជាក់​ថា កាលពីថ្ងៃទី​៣០ ខែ​កញ្ញា ​ឆ្នាំ​២០២៦ ​គណៈ​កម្មាធិការសម្របសម្រួល​អន្តរជាតិ​​សម្រាប់​ការ​អភិរក្ស ​និងការ​​លើក​តម្លៃ​ប្រាសាទព្រះ​វិហារ​(ICC-ព្រះ​វិហារ)​បានបើក​កិច្ច​ប្រជុំ​បច្ចេកទេស​លើក​ទី​១១​នៅ​ខេត្ត​សៀម​រាប។

កិច្ច​ប្រជុំ​ដែល​​មាន​តំណាង​ចូល​រួម​ពីប្រទេសចិន ​ឥណ្ឌា ​រួម​ទាំង​តំណាង​ពីរដ្ឋ​សមាជិក​ចំនួន​៥ប្រទេស​ ក្នុងនោះ​មាន​បែលហ្ស៊ិក ​​បារាំង ជប៉ុន​ សហរដ្ឋ​អាមេរិក​​ និង​ថៃ រួម​ទាំង​​​អ្នក​ជំនាញ​បេតិកភណ្ឌជាតិ ​និង​អន្តរជាតិ ​បាន​ផ្តោត​លើការ​​អន្តរាគមន៍​សង្គ្រោះ​​បន្ទាន់​ប្រាសាទព្រះ​វិហារ​។

លោក​ស្រី ភឿង សកុណា​​ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ មាន​ក្តីព្រួយ​បារម្ភ​ចំពោះ​ស្ថាន​ភាពខូច​ខាត​យ៉ាងធ្ងន់​ធ្ងរ​ លើ​ប្រាសាទព្រះវិហារ។ លោក​ស្រី​បាន​ថ្លែង​នៅក្នុង​កិច្ច​ប្រជុំ​កាល​ពីថ្ងៃទី​៣០ ខែ​កញ្ញា​នោះ​ថា៖ «តំបន់​បេតិកភណ្ឌពិភព​លោក ប្រាសាទ​ព្រះ​វិហារ​​ ត្រូវ​តែបន្ត​​បម្រើ​មុខងារ​ផ្នែក​វប្បធម៌ និងបេតិកភណ្ឌ​របស់​ខ្លួន ​ហើយ​តំបន់​នេះ មិន​ត្រូវបាន​និង​មិន​ធ្លាប់​ត្រូវ​បាន​ប្រើប្រាស់​​សម្រាប់​គោល​បំណង​យោធាឡើយ»។

ក្រុម​អ្នក​ជំនាញការ​អន្តរជាតិ​នៃ​គណៈ​កម្មាធិការបេតិកភណ្ឌ​ពិភពលោក ​និង​អ្នក​ជំនាញ​ស្តីពី​បេតិកភណ្ឌ ​និង​ប្រាសាទ​​របស់​អង្គការយូណេស្កូ ​ដែល​បាន​ចុះ​ពិនិត្យ​វាយ​តម្លៃ​ការខូច​ខាត​ប្រាសាទព្រះវិហារ​ ​កាលពីថ្ងៃទី១-៦ ខែ​មីនា ​ឆ្នាំ​២០២៦​ ​បាន​រក​ឃើញ​ថា មាន​ការ​ខូច​ខាត​ប្រា​សាទព្រះ​វិហារ​ចំនួន​៥៦២​កន្លែង ​​រួមជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្តនានា​ នៅ​បរិវេណ​លើភ្នំ​ប្រាសាទព្រះវិហារ ​និង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​សហគមន៍​ប្រជាជន​រស់នៅ​​ជុំ​វិញ​តំបន់​បេតិក​ភណ្ឌ។ នេះ​បើ​យោង​តាម​របាយការណ៍​​របស់​គណៈកម្មការបេតិកភណ្ឌ​ពិភពលោក​។

ទាក់​ទង​នឹងការ​សង្គ្រោះ​ប្រាសាទ អាជ្ញាធរជាតិ​ព្រះ​វិហារ​បាន​ឱ្យ​ដឹង​ថា នៅដំណាក់កាលទី១ ក្រុម​អ្នក​ជំនាញ​បានធ្វើការអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ ប្រាសាទព្រះវិហារមាន ចំនួន២៣ទីតាំង​រួច​មកហើយ ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥។

ចំពោះគម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារមានគោលបំណងដើម្បីទប់ស្កាត់​ការដួលរលំ និងការខូចខាតរចនាសម្ព័ន្ធសំណង់ប្រាសាទ ការពារតម្លៃបេតិកភណ្ឌប្រវត្តិសាស្ត ដើម្បីធានាថា ប្រាសាទព្រះវិហារនៅតែរឹងមាំ និងមានសុវត្ថិភាព មុននឹងឈានដល់ការជួសជុលនាពេលអនាគត។

លោក ​ហេង រតនា​ អគ្គនាយកមជ្ឈមណ្ឌល​ស៊ីម៉ាក់ ​បាន​ថ្លែង​​នៅក្នុង​​កិច្ចប្រជុំគណៈកម្មការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ (ICC-Preah Vihear) កាល​ពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ថា យោធា​ថៃ​បានទម្លាក់គ្រាប់បែក បាញ់ផ្លោង និងប្រើប្រាស់ដ្រូនបំផ្លិចបំផ្លាញប្រាសាទព្រះវិហារ ដែលជាមរតកមនុស្សជាតិគ្មានពីរលើលោក ជាស្នាដៃដ៏មហស្ចារ្យរបស់ដូនតាខ្មែរ និងជាបេតិក​ភណ្ឌ​ពិភពលោក។

លោក​បញ្ជាក់​ថា៖ «ការទម្លាក់គ្រាប់បែក និងការបាញ់ប្រហារបំផ្លិចបំផ្លាញនេះ គឺធ្វើឡើងដោយ​មានផែនការ គោលដៅ និងការដឹកនាំបញ្ជាយ៉ាងច្បាស់លាស់ ក្នុងបំណងកម្ទេចប្រា​សាទដ៏ថ្លៃថ្លាបំផុតនេះ ដែលភាគីថៃមិនអាចប្រកែកបានឡើយ។ ការបំផ្លិចបំផ្លាញនេះ ទាមទារឱ្យមានការជួសជុល និងថែទាំប្រាសាទឡើងវិញ ដោយត្រូវចំណាយពេលវេលា និងធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់»។

បើ​តាម​លោក ​គង់ ពុទ្ធិកា នា​ពេល​បច្ចុប្បន្ន​ ដោយ​សារ​ស្ថានភាពសន្តិសុខ ​និង​សុវត្ថិភាព​ផង​ហើយ​និងការ​ខូចខាត​នៅ​លើ​ប្រាសាទព្រះ​វិហារ​មាន​សភាពធ្ងន់​ធ្ងរ​ផង អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​មិន​ទាន់​បាន​សម្រេច​ឱ្យ​ភ្ញៀវ​ទេសចរ​ឡើង​ទៅ​លេង​​ប្រាសាទ​នៅ​ឡើយ​ទេ គឺ​អនុញ្ញាត​ឱ្យ​តែ​ក្រុម​មន្ត្រីជំនាញ​ឡើង​ទៅ​បំពេញ​ការ​ងារ​សិន​៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម