សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អង្គការយូនីសេហ្វ​រាយការណ៍ថា បាតុ​ភូត​អែលនីញ៉ូកំពុងធ្វើឱ្យកុមារជាង១,៣លាននាក់នៅកម្ពុជាប្រឈមនឹងហានិភ័យ

សាលារៀនមួយកន្លែង នៅក្នុងស្រុកពួក ខេត្តសៀមរាប ត្រូវបានជន់លិច ​ខណៈ​តំបន់ខ្លះនៃតំបន់នោះបានជួបប្រទះការ​ធ្លាក់​ភ្លៀងខ្លាំងកាល​ពី​ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ប៉ា តុងចិន)
សាលារៀនមួយកន្លែង នៅក្នុងស្រុកពួក ខេត្តសៀមរាប ត្រូវបានជន់លិច ​ខណៈ​តំបន់ខ្លះនៃតំបន់នោះបានជួបប្រទះការ​ធ្លាក់​ភ្លៀងខ្លាំងកាល​ពី​ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ប៉ា តុងចិន)

យោងតាមអង្គការយូនីសេហ្វ​ (UNICEF) បាន​ឱ្យដឹង​ថា បាតុភូតអែលនីញ៉ូត្រូវបានគេព្យាករណ៍​ថា នឹងមាន​ឥទ្ធិ​ពល​កាន់តែខ្លាំងឡើងនាពេលអនាគត បើធៀបនឹងស្ថានភាព​បច្ចុប្បន្ន (២០២៦-២០២៧) ដោយមានកុមារកម្ពុជាប្រហែល១,៣ លាននាក់ប្រឈមនឹង​ផលប៉ះពាល់ទាក់ទងនឹងអាកាសធាតុ ដោយសារតែបាតុ​ភូត​អែលនីញ៉ូ ដែលអាចធ្វើឱ្យមានគ្រោះរាំងស្ងួត ទឹកជំនន់ និងស្ថានភាព​អាកាសធាតុ​អាក្រក់​​ផ្សេងទៀតកាន់តែធ្ងន់ធ្ងរឡើងៗ។ 

នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក កុមារ​ជាង១៩០លាន​នាក់​ក្នុង​ប្រទេស​ជិត១០០ ត្រូវ​​គេ​រំពឹង​ថា ​នឹង​ជួបប្រទះ​ «ស្ថានភាពរាំង​​​ស្ងួត​ឬ​សើម​ខុស​ធម្មតា» ចន្លោះ​ពី​ខែ​តុលា​ដល់​ខែ​ធ្នូ ឆ្នាំ២០២៦ ដោយសារ​បាតុភូតអែលនីញ៉ូ​។ 

បាតុភូត​អែលនីញ៉ូបណ្តាលឱ្យមានការឡើងកំដៅ ដែលផ្លាស់ប្តូរគំរូធាតុអាកាស​ពិភពលោក ដោយនាំមកនូវគ្រោះរាំងស្ងួត និងសីតុណ្ហភាពខ្ពស់នៅតាម​តំបន់មួយចំនួន ខណៈពេលបង្ក​ឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅតំបន់ផ្សេងទៀត​។ ស្ថានភាពធ្ងន់ធ្ងរទាំងនេះអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លទ្ធភាព​របស់​កុមារ​ក្នុង​ការទទួលបានទឹក​ស្អាត អាហារ ជីវភាពរស់នៅ និងសេវាកម្មសំខាន់ៗដូចជា ការថែទាំសុខភាព និងការអប់រំ។ 

លោក Sanjay Wijesekera នាយកប្រចាំតំបន់របស់អង្គការយូនីសេហ្វ​ ប្រចាំតំ​បន់​អាស៊ី និងប៉ាស៊ីហ្វិក បានលើក​ឡើង​នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សម្រាប់កុមាររាប់លាននាក់នៅទូទាំងតំបន់ បាតុភូតអែលនីញ៉ូអាចធ្វើឱ្យវិបត្តិដែលមានស្រាប់កាន់តែធ្ងន់ធ្ងរឡើង។ គ្រួសារជាច្រើនកំពុងប្រឈមមុខនឹងវិបត្តិអាកាសធាតុ ជម្លោះ ការផ្លាស់ទីលំនៅ និងការលំបាកផ្នែកសេដ្ឋកិច្ចរួចទៅហើយ ហើយបាតុភូតអែលនីញ៉ូអាចគំរាមកំហែងបន្ថែមទៀតដល់សុខភាព អាហារូបត្ថម្ភ ការអប់រំ និងសុវត្ថិភាពរបស់កុមារ។ 

លោក Wijesekera បានមានប្រសាសន៍ថា៖ «យើងដឹងថា ការគំរាមកំហែងនេះនឹងមកដល់ ហើយយើងនៅតែមានឱកាស ដើម្បីធ្វើសកម្មភាព។ យើងមិនអាចរង់ចាំរហូត​ដល់​ប្រភពទឹករីងស្ងួត​​ អាហារឡើងថ្លៃរហូត​គ្មាន​លទ្ធភាព​ទិញ​បាន​ឬកុមារត្រូវបង្ខំឱ្យ​បោះបង់ការ​សិក្សា​ ទើប​យើងចាប់ផ្តើម​ឆ្លើយតបនោះទេ។ ការចាត់​វិធានការ​​ចាប់ពីពេល​នេះ អាចជួយធានា​សេវាកម្មសំខាន់ៗបន្ត​ដំណើរការ និងទទួលបានការគាំទ្រដល់កុមារ គ្រួសារ និងសហគមន៍ដែលងាយរងគ្រោះ មុនពេលតម្រូវការកើនឡើង»។  

អង្គការយូនីសេហ្វកំពុងធ្វើការជាមួយរដ្ឋាភិបាល និងដៃគូនៅក្នុងតំបន់ ដើម្បីពង្រឹងប្រព័ន្ធព្រមានជាមុន ការរៀបចំទុកជាមុន​នូវ​សម្ភារផ្គត់ផ្គង់​សម្រាប់គ្រាអាសន្ន​ ការពារសេវាកម្មសំខាន់ៗ និងកសាងភាពធន់នឹងអាកាសធាតុ។ ការផ្តល់មូលនិធិគ្រប់គ្រាន់ ទាន់ពេលវេលា និងអាចបត់បែនបាន រួមទាំងការចាត់វិធានការទុកជាមុន គឺមានសារៈសំខាន់ណាស់ក្នុងការជួយសហគមន៍ត្រៀម​ខ្លួន​ និងឆ្លើយតបមុនពេលស្ថានការណ៍​កាន់តែ​ធ្ងន់​ធ្ងរ​ឡើង។ 

ស្ថាប័ន​អង្គការសហប្រជាជាតិ​បាន​ប៉ាន់ប្រមាណ​ថា សាលារៀន​ចំនួន ៣ ៨៧២ កន្លែង និង​មណ្ឌល​សុខភាព​ចំនួន៤០១កន្លែង ដែល​ស្មើនឹង​ប្រហែល​មួយភាគបី​នៃ​ចំនួន​សរុប​ទូទាំងប្រទេស កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​គ្រោះមហន្តរាយ ដូចជា​​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ និង​ទឹកជំនន់​ជាដើម។ 

ក្នុងឱកាស​ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ធានាការត្រៀមលក្ខណៈសម្រាប់​ហានិភ័យ​នៃគ្រោះមហន្តរាយ ដោយសារគ្រោះមហន្តរាយអាកាសធាតុកាន់តែខ្លាំងឡើង។ លោក​បាន​ណែនាំ​ស្ថាប័ន​​ពាក់​ព័ន្ធ​ចាត់ទុក​ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាភារកិច្ចស្នូល និងអនុវត្តផែនការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ និងផែនទីបង្ហាញផ្លូវស្តីពី​ប្រព័ន្ធ​ប្រកាស​ឱ្យ​ដឹង​ជាមុនរបស់កម្ពុជា​។ 

យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) បាន​ឱ្យ​ដឹង​ថា​ កាលពីខែកក្កដា ​គ្រោះរាំងស្ងួតដែលពាក់​ព័ន្ធ​នឹងអែលនីញ៉ូ បានប៉ះពាល់ដំ​ណាំ​ស្រូវ​ជិត ២៩០ ០០០ហិកតានៅទូទាំងខេត្តចំនួនប្រាំបី។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ ស្រូវ​វស្សាប្រហែល ១៥០ ០០០ ហិកតា ដែលស្មើប្រហែល៥ភាគរយ នៃផ្ទៃដី​សរុប​បីលានហិកតា ត្រូវបានជន់លិច ហើយគ្រួសារជាង ៥៧ ០០០ គ្រួសារនៅក្នុងខេត្តចំនួន១០ ត្រូវបានជម្លៀសចេញ។ 

អ្នកស្រី ថៃ ថន ជនភៀសសឹក​ម្នាក់ រស់នៅក្នុងជម្រកបណ្ដោះអាសន្នដែលផ្តល់ដោយរដ្ឋាភិបាលនៅភូមិរង់​ចាំ​ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានខេមបូចា​ថា អ្នកស្រីបានឮអំពីអែលនីញ៉ូ និងរបៀបដែលវានឹងប៉ះពាល់ដល់សុខភាពកុមារ។

ដោយមានកូនតូចៗបីនាក់អាយុពី៣ឆ្នាំ​ទៅ១២ឆ្នាំ អ្នក​ស្រី​បានសង្កេតឃើញដោយផ្ទាល់ពីរបៀប​ដែលសីតុណ្ហភាពក្តៅ​ខ្លាំងធ្វើឱ្យកូនៗរបស់អ្នក​ស្រី​ឈឺ ហើយ​​កាន់តែធ្ងន់ធ្ងរឡើង ដោយ​សារ​កង្វះអាហារូបត្ថម្ភ ដែលអ្នក​ស្រី​មិនអាចមានលទ្ធភាពរក​បាន ដោយសារតែការលំបាកផ្នែកសេដ្ឋកិច្ច។

អ្នក​ស្រី​បាននិយាយថា៖ «កូនៗរបស់ខ្ញុំច្រើនតែមានជំងឺ​គ្រុនក្តៅនៅពេលសីតុណ្ហភាក្តៅខ្លាំង​។ ដោយសារតែស្ថានភាពសេដ្ឋកិច្ច ខ្ញុំអាចទិញត្រឹម​តែថ្នាំ​ប៉ារ៉ាសេតាម៉ុល ដើម្បីបន្ធូរបន្ថយជំងឺរបស់ពួកគេ។ នៅឯជម្រកបណ្ដោះអាសន្ន យើងមិនអាចរ​កប្រាក់ចិញ្ចឹមជីវិតបានសមរម្យ​ទេ ព្រោះខ្វះឱកាស និងការគាំទ្រស្បៀង​អា​ហារ ថ្នាំពេទ្យ និងសម្ភារចាំបាច់មួយចំនួនសម្រាប់ការ​រស់នៅ»។

អ្នកស្រី ថៃ ថន បាន​និយាយថា៖ «ខ្ញុំក៏ចង់ស្វែងរកការគាំទ្រដែរ ប៉ុន្តែខ្ញុំមិនដឹងត្រូវ​ធ្វើ​របៀប​ម៉េច​ទេ។ ខ្ញុំត្រូវការអង្ករ និងគ្រឿង​ផ្គត់​ផ្គង់​ផ្សេងៗទៀត ដើម្បីឲ្យយើងមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគ»។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ កង្វះអាហារូបត្ថម្ភនៅតែជាកង្វល់៖ អត្រា​​កុមារអាយុក្រោម៥​ឆ្នាំ ដែល​មាន​បញ្ហាក្រិនបានធ្លាក់ចុះពី៣២ភាគរយ ក្នុងឆ្នាំ២០១៤ មកត្រឹម២២ភាគរយ ប៉ុន្តែបញ្ហា​កុមារ​ដែលមាន​ស​ភាពស្គម​ស្គាំង​ដោយ​សារ​ខ្វះអាហារូបត្ថម្ភ​នៅតែមានប្រហែល ១០ភាគរយ ដោយគ្រួសារជនបទ និងគ្រួសារក្រីក្ររងផលប៉ះពាល់ច្រើនជាងគេ​។ 

លោក យី គឹមថាន នាយកស្តី​ទី​ប្រចាំប្រទេស នៃអង្គការ Plan International Cambodia បានមានប្រសាសន៍ថា លោក​កំពុងធ្វើការជាមួយរដ្ឋាភិបាល ដើម្បីផ្តល់ការ​គាំទ្រដល់កុមារ ដូចជាអនាម័យ ការអប់រំសុខភាព និងការតស៊ូមតិ ដើម្បីសិទ្ធិកុមារ។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាល​ត្រូវតែត្រៀមខ្លួនឱ្យបានល្អដើម្បីផ្តល់ជម្រកសុវត្ថិភាពដល់កុមារ ការថែទាំសុខភាព និងឱកាសទទួល​បាន​ការ​អប់រំក្នុងអំឡុងពេលមានគ្រោះមហន្តរាយធម្មជាតិ។

លោក​បាន​មានប្រសាសន៍​ថា៖ «អង្គការ Plan International កំពុង​ធ្វើការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (NCDM) ដើម្បី​បង្កើត​គោលនយោ​បាយ​ដែល​បាន​គ្រោងទុក​ជាមុន ដើម្បី​ឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយ​បែបនេះ​។ ជាទូទៅ ដៃគូ​ពាក់ព័ន្ធ​ត្រូវតែ​ធ្វើការ​រួមគ្នា​លើ​​គ្រប់​វិស័យ​ដូចជា សុខាភិបាល អប់រំ ការគ្រប់គ្រង​ទឹក ក៏ដូចជា​កសិកម្ម»។

លោកបានបន្ថែមថា អាជ្ញាធរត្រូវបង្កើតការយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិដល់​ឪពុកម្តាយ ដើម្បីឲ្យពួកគេត្រៀមខ្លួនបានល្អផងដែរ។ ចំពោះការអប់រំ ពេលវេលាសិក្សា​ត្រូវតែផ្តល់អាទិភាព ដោយផ្អែកលើផលប៉ះពាល់ជាក់ស្តែងដូចជាពេលកម្តៅ​កើន​ឡើង​ និងណែនាំកុមារឱ្យផឹកទឹកឱ្យបានគ្រប់​គ្រាន់ និងរក្សាអនាម័យល្អ។

លោក រស់ សុដ្ឋា​ នាយកប្រតិបត្តិ នៃអង្គការ​សម្ព័ន្ធភាពការ​ពារ​សិទ្ធិមនុស្សកម្ពុជា (CHRAC) បានមាន​ប្រសាសន៍​ថា គ្រោះមហន្តរាយធម្មជាតិកំពុងគំរាមកំហែងដល់​អាយុជីវិតរបស់កុមារនៅកម្ពុជា។ លោកបានបន្ត​ថា ទឹកជំនន់ ព្យុះ និងកម្តៅ​ខ្លាំងបានធ្វើឱ្យគ្រួសារពលរដ្ឋ​ផ្លាស់ទីលំនៅ ខូចខាតហេដ្ឋារចនាសម្ព័ន្ធ រំខានដល់​វិស័យកសិកម្ម និងជីវភាពរស់នៅ និងបានបន្ថែម​បន្ទុកលើជីវភាពរស់នៅរបស់គ្រួសារពលរដ្ឋ​ ជាពិសេសគ្រួសារងាយរងគ្រោះ និងក្រីក្រ។ 

លោក សុដ្ឋា បាន​លើកឡើង​ថា៖ «ផលប៉ះពាល់ពីគ្រោះមហន្តរាយអាច​ប៉ះពាល់ដល់សុខភាព និងការអប់រំរបស់កុមារ។ ប្រសិនបើឪពុកម្តាយកំពុងប្រឈមមុខនឹងការលំបាកផ្នែកសេដ្ឋកិច្ច វាក៏នឹងប៉ះពាល់ដល់អនាគតរបស់ពួកគេផងដែរ។ ដូច្នេះ រដ្ឋាភិបាលត្រូវតែផ្តល់ការគាំទ្រទាន់ពេលវេលា»។

លោកបានបន្តថា៖ “ជាឧទាហរណ៍ អំឡុងពេលទឹកជំនន់ថ្មីៗនេះ រដ្ឋាភិបាលគួរតែប្រើប្រាស់ថវិកា និងអនុវត្តសកម្មភាពដែលបានគ្រោងទុកជាមុន រួមទាំងការផ្លាស់ទីសត្វពាហនៈ ការពង្រឹងជម្រកស្នាក់​នៅ​ ឬការផ្តល់គ្រឿងឧបភោគបរិភោគ​មុនពេលវិបត្តិកើតឡើងពេញលេញ។ ការ​ធ្វើ​បែប​នេះអាចកាត់បន្ថយទុក្ខវេទនា និងការខាតបង់ ស្រប​ពេលពង្រឹងភាពធន់របស់សហគមន៍”។

លោកបានបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយបែបនេះ រដ្ឋាភិបាលគួរតែត្រៀមខ្លួនមុនពេលគ្រោះមហន្តរាយ​ឈានដល់កម្រិតកំពូល​ ដើម្បីការ​ពារ​អាយុជីវិត រក្សាសេវាកម្មសំខាន់ៗ ការពារស្បៀងអាហារ ទឹក និងផ្តល់​ជំ​នួយ​ទៅដល់គ្រួសារដែលងាយរងគ្រោះបំផុតឱ្យបានទាន់​ពេល​វេលា​៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម