គេហទំព័រភាសាអង់គ្លេសរបស់សារព័ត៌មានខេមបូចាត្រូវបានវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកាលពីថ្ងៃអាទិត្យ ដោយមានចរាចរណ៍ទិន្នន័យដែលបង្កើតឡើងដោយស្វ័យប្រវត្តិយ៉ាងច្រើនលើសលប់ចូលទៅក្នុងគេហទំព័រនេះ។ នេះគឺជាការវាយប្រហារលើកទីពីរនៅក្នុងឆ្នាំនេះ ដែលធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតចំពោះសារព័ត៌មានឯករាជ្យ។
ការវាយប្រហារនេះ ដែលគេស្គាល់ថា Distributed Denial-of-Service ឬហៅកាត់ថា DDoS បានបញ្ជូនចរាចរណ៍ទិន្នន័យក្លែងក្លាយក្នុងបរិមាណច្រើនខុសធម្មតាមកកាន់គេហទំព័រចេញពីបណ្តាញកុំព្យូទ័រ ដែលត្រូវបានគេលួចចូលគ្រប់គ្រង ដែលគេហៅថា botnet។ យោងតាមក្រុមការងារបច្ចេកទេសរបស់ខេមបូចាបានឱ្យដឹងថា គោលបំណងនៃការវាយប្រហារនេះ គឺដើម្បីធ្វើឱ្យគេហទំព័រនោះ គាំងដំណើរការ និងរារាំងអ្នកអានមិនឱ្យចូលទៅអានអត្ថបទព័ត៌មាននានាបាន។
ក្រុមអ្នកវាយប្រហារតាមបែប DDoS ចូលគ្រប់គ្រងកុំព្យូទ័រ ឬឧបករណ៍ជាច្រើនផ្សេងទៀតដែលភ្ជាប់អ៊ីនធឺណិត ដែលជារឿយៗ ម្ចាស់ឧបករណ៍ទាំងនោះមិនបានដឹងខ្លួនឡើយ ហើយប្រើប្រាស់ឧបករណ៍ទាំងនោះ ដើម្បីបញ្ជូនទិន្នន័យយ៉ាងច្រើនលើសលប់ទៅកាន់សេវូបករណ៍ (servers) ដែលអាចបណ្តាលឱ្យគេហទំព័រដំណើរការយឺត ឬគាំងតែម្តង។ ស្ថាប័នសារព័ត៌មានឯករាជ្យ និងក្រុមអង្គការសិទ្ធិមនុស្ស តែងតែជាគោលដៅនៃការវាយប្រហារទាំងនេះ។
ការវាយប្រហារនេះ បានចាប់ផ្តើមនៅវេលាម៉ោងប្រហែល ៨:៤៥នាទីព្រឹកថ្ងៃអាទិត្យ នៅពេលដែលមានចរាចរណ៍ទិន្នន័យស្វ័យប្រវត្តិក្នុងចំនួនច្រើនបានសម្រុកចូលទៅកាន់ទំព័រដើមនៃខេមបូចាព័ត៌មាន។ នៅពេលដែលការវាយប្រហារនេះ ឈានដល់កម្រិតខ្ពស់បំផុត គេហទំព័រនេះបានទទួលសំណើប្រហែល ១ ០០០ដងក្នុងមួយវិនាទី។ សំណើនីមួយៗ គឺប្រៀបដូចជាសកម្មភាពរបស់នរណាម្នាក់កំពុងព្យាយាមបើកមើលទំព័រនោះ។ ក្រុមការងារបច្ចេកទេសបានកត់ត្រាទុកនូវអ្វី ដែលហៅថា «សំណើដែលមានចេតនាអាក្រក់» សរុបចំនួនប្រហែល ១២ ៥២០។
គេមិនដឹងថា អ្នកណានៅពីក្រោយការវាយប្រហារនោះទេ។ ការវិភាគបឋមបានរកឃើញថាចរាចរណ៍ទិន្នន័យស្វ័យប្រវត្តិនេះ ត្រូវបានបញ្ជូនមកតាមរយៈអាសយដ្ឋានអ៊ីនធឺណិតជាច្រើន ដែលភ្ជាប់ទៅនឹងក្រុមហ៊ុនផ្តល់សេវា cloud រួមទាំងក្រុមហ៊ុន Oracle Cloud ក្រុមហ៊ុន Alibaba Cloud និង Contabo ក៏ដូចជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតរបស់ចិនផងដែរ។
បើទោះជាមានការវាយប្រហារបែបណាក៏ដោយ ក៏គេហទំព័រខេមបូចាព័ត៌មាននៅតែអាចដំណើរការបានតាមអនឡាញ។ ប៉ុន្តែសេវាសុវត្ថិភាពគេហទំព័រ ដែលគេហទំព័រនេះ កំពុងប្រើប្រាស់ បានព្រមានថា ចរាចរណ៍ទិន្នន័យ ដែលមានចេតនាអាក្រក់នេះ អាចបន្តកើតមានទៀត។ បញ្ហានេះ អាចធ្វើឱ្យគេហទំព័រយឺត ឬតម្រូវឱ្យអ្នកអានឆ្លងកាត់ការត្រួតពិនិត្យបន្ថែម ដូចជាការបញ្ជាក់ថា ពួកគេជាមនុស្ស មុនពេលពួកគេអាចចូលអានអត្ថបទរឿងបាន។
យោងតាមក្រុមការងារបច្ចេកទេសឱ្យដឹងថា នេះគឺជាការវាយប្រហារតាមបែប DDoS លើកទីពីរហើយទៅលើគេហំទំព័រខេមបូចាព័ត៌មាន ចាប់តាំងពីស្ថាប័នព័ត៌មាននេះបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៩។ ការវាយប្រហារលើកទីមួយ ដែលខេមបូចាព័ត៌មានមិនធ្លាប់បានលាតត្រដាងពីមុនមកនោះ បានកើតឡើងនៅថ្ងៃទី២៣ ខែមករា នៅពេលដែលមានការកើនឡើងនៃចរាចរណ៍ទិន្នន័យស្រដៀងគ្នានេះ ដែលក្នុងកម្រិតខ្ពស់មានដល់ប្រហែល ៦៧០សំណើក្នុងមួយវិនាទី។
ការវាយប្រហារនេះកើតឡើងចំពេល ដែលមានក្តីបារម្ភកាន់តែច្រើនឡើង ជុំវិញការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដែលផ្តោតគោលដៅលើស្ថាប័នសារព័ត៌មានឯករាជ្យ និងអង្គការនានា ដែលតាមដានការគំរាមកំហែងដល់សេរីភាពសារព័ត៌មាន។
នៅថ្ងៃទី១២ ខែមករា គេហទំព័ររបស់គម្រោងរាយការណ៍ស្តីពីឧក្រិដ្ឋកម្ម ដែលមានការរៀបចំនិងអំពើពុករលួយ (Organized Crime and Corruption Reporting Project) ជាបណ្តាញសារព័ត៌មានស៊ើបអង្កេតអន្តរជាតិមួយ ត្រូវបានវាយប្រហារតាមបែប DDoS ក្នុងទ្រង់ទ្រាយធំ។
កាលពីខែមិថុនា ស្ថាប័នព័ត៌មានឥណ្ឌូនេស៊ី Tempo បានរាយការណ៍ថា ខ្លួនបានរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតរាប់លានដង បន្ទាប់ពីបានចេញផ្សាយព័ត៌មានអំពីការលេងល្បែងតាមអនឡាញ។ នៅដើមខែនេះ ការវាយប្រហារតាមបែប DDoS មួយ បានធ្វើឱ្យគេហទំព័រ Mapping Media Freedom ដែលជាកម្មវិធីសម្រាប់កត់ត្រាការគំរាមកំហែងចំពោះអ្នកសារព័ត៌មាននៅទូទាំងទ្វីបអឺរ៉ុប ត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្ន។
លោក ស្រេង សារ៉ែន អ្នកគ្រប់គ្រងកម្មវិធីឌីជីថលហាប់ នៃអង្គការអនាគតឌីជីថលកម្ពុជា បានអះអាងថា លោកសង្ស័យថា ការវាយប្រហារលើគេហទំព័រសារព័ត៌មានខេមបូចា គឺមានបំណងគំរាមកំហែងអ្នកសារព័ត៌មានឯករាជ្យ និងរារាំងអ្នកអានមិនឱ្យទទួលបានព័ត៌មាន ដែលគួរឱ្យទុកចិត្តបាន ហើយថាទំនងជាមាននរណាម្នាក់នៅពីក្រោយសកម្មភាពនេះ។
លោកបានបន្ថែមថា លោកមិនធ្លាប់បានឮអំពីការវាយប្រហារតាមបែប DDoS លើស្ថាប័នព័ត៌មាននៅក្នុងប្រទេសកម្ពុជាពីមុនមកទេ។ ទោះជាយ៉ាងណាក៏ដោយ ស្ថាប័នព័ត៌មានឯករាជ្យនៅក្នុងប្រទេសកម្ពុជា ធ្លាប់ប្រឈមនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតផ្សេងទៀតដែលមានការរៀបចំទុកមុន រួមទាំងយុទ្ធនាការបញ្ចេមតិចំអក និងការបញ្ចេញមតិដោយស្វ័យប្រវត្តិតាមកម្មវិធី bot៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ CamboJA News Website Hit by Second Cyberattack This Year










