អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានបញ្ចប់បេសកកម្មរយៈពេល១២ថ្ងៃរបស់លោក កាលពីសប្តាហ៍មុន ដោយបានជួបជាមួយពលរដ្ឋភៀសសឹកដោយសារជម្លោះព្រំដែនជាមួយប្រទេសថៃ មន្ត្រីរដ្ឋាភិបាល សកម្មជន និងអ្នកសារព័ត៌មានដែលកំពុងជាប់ឃុំ។
លោក Tom Andrews អតីតសមាជិកសភាសហរដ្ឋអាមេរិក ដែលបានចូលកាន់តួនាទីជាអ្នករាយការណ៍ពិសេសទទួលបន្ទុកកម្ពុជាកាលពីខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីលោកបានបំពេញតួនាទីដូចគ្នានេះសម្រាប់ប្រទេសមីយ៉ាន់ម៉ារយៈពេល៦ឆ្នាំ នឹងដាក់របាយការណ៍ពេញលេញរបស់លោកទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅខែតុលាខាងមុខ។
នៅចុងបញ្ចប់នៃបេសកកម្មរបស់លោក កាលពីថ្ងៃសុក្រ លោកបានផ្តល់បទសម្ភាសន៍ជាមួយលោក Coby Hobbs អ្នកសារព័ត៌មានរបស់ខេមបូចា ដើម្បីពិភាក្សាអំពីការការពារពលរដ្ឋភៀសសឹក សកម្មជនដែលកំពុងជាប់ឃុំ យុទ្ធនាការបង្ក្រាបការឆបោកតាមអនឡាញ វិសោធនកម្មថ្មីដែលអនុញ្ញាតឱ្យដកហូតសញ្ជាតិខ្មែរពីប្រជាពលរដ្ឋ និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំក្រោយ។
រយៈពេលកន្លះឆ្នាំបន្ទាប់ពីបទឈប់បាញ់ ប្រជាពលរដ្ឋកម្ពុជាជាង ២០ ០០០នាក់ដែលភៀសសឹកនៅតែមិនទាន់អាចត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញបាននៅឡើយទេដោយកម្ពុជាចោទថា កងទ័ពថៃនៅតែបន្តឈរជើងលើដីដែលកន្លងមកពលរដ្ឋខ្មែរធ្លាប់រស់នៅមិនមានការរំខាន។ តើការការពារ ឬជំនួយជាក់លាក់អ្វីខ្លះដែលគ្រួសារទាំងនេះនៅតែខ្វះខាត? ហើយតើការិយាល័យរបស់លោកមានឥទ្ធិពលកម្រិតណាដែរក្នុងការជំរុញឱ្យប្រទេសថៃដកកងទ័ព និងអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេបានវិញ?
ទស្សនៈវិស័យដែលខ្ញុំប្រើដើម្បីពិនិត្យមើលជម្លោះនេះ ហើយដែលខ្ញុំនាំមកក្នុងការពិភាក្សានេះគឺផ្អែកលើសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិជាមូលដ្ឋាន ដើម្បីដោះស្រាយវិបត្តិនេះក៏ដូចជាការការពារសិទ្ធិមនុស្សរបស់អ្នកដែលកំពុងរងទុក្ខពីបញ្ហានេះផងដែរ។ ទាំងច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំមុន មានការចែងយ៉ាងច្បាស់ពីកាតព្វកិច្ចផ្លូវច្បាប់ថា ប្រជាពលរដ្ឋមានសិទ្ធិវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។
ខ្ញុំបានឃើញលំនៅឋានដែលត្រូវបានសាងសង់ឡើងយ៉ាងល្អក្នុងរយៈពេលដ៏ខ្លីសម្រាប់ពលរដ្ឋភៀសសឹកដែលមិនអាចត្រឡប់ទៅផ្ទះវិញបានដោយសារជម្លោះ។ ការឃើញកុមារក្នុងជំរំលំនៅឋានបណ្តោះអាសន្នទាំងនេះតម្រង់ជួរទទួលអាហារពេលព្រឹក និងការជួបជាមួយប្រជាពលរដ្ឋដែលរងគ្រោះគឺជាបទពិសោធន៍ដ៏រំជួលចិត្ត។ វាជាពេលវេលាដ៏រំជួលចិត្តមែនទែនសម្រាប់ខ្ញុំ។ ជាញឹកញាប់យើងពិភាក្សាបញ្ហាទាំងនេះនៅទីក្រុងហ្សឺណែវ ឬទីក្រុងញូវយ៉ក ក្នុងកម្រិតវិភាគនិងបច្ចេកទេស ហើយយើងមើលរំលងទិដ្ឋភាពមនុស្សធម៌នៃបញ្ហាទាំងនេះ។
សម្រាប់ខ្ញុំ នោះហើយជាអ្វីដែលមានតម្លៃបំផុតពីការចុះទៅដល់ទីនោះ។ ខ្ញុំគិតថា គោលការណ៍មូលដ្ឋានពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅក្នុងករណីនេះ គឺមានភាពច្បាស់លាស់ណាស់។ ប្រជាពលរដ្ឋមានសិទ្ធិវិលត្រឡប់ទៅផ្ទះសម្បែង និងភូមិរបស់ពួកគេវិញ។ ពួកគេមានសិទ្ធិប្រកបរបរចិញ្ចឹមជីវិត។ ពួកគេមានសិទ្ធិឱ្យកូនៗទទួលបានការអប់រំ។ ពួកគេមានសិទ្ធិទទួលបានសេវាថែទាំសុខភាព។ ជាក់ស្តែង នេះមិនមែនគ្រាន់តែជាបញ្ហាសិទ្ធិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផលប្រយោជន៍រួមរបស់គ្រប់ភាគីផងដែរ។ តំបន់ព្រំដែននោះ ដូចដែលខ្ញុំបានដឹងនៅពេលទៅទីនោះ សេដ្ឋកិច្ចភាគច្រើនពឹងផ្អែកលើពាណិជ្ជកម្មឆ្លងដែន។ ដូច្នេះ ប្រសិនបើការធ្វើពាណិជ្ជកម្មត្រូវបានរំខាន នោះសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋទាំងសងខាងព្រំដែនក៏នឹងរងផលប៉ះពាល់ដែរ។ ដូច្នេះ ខ្ញុំយល់ថា ប្រសិនបើមានការប្តេជ្ញាចិត្តគោរពច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ព្រំដែន នោះនឹងមានផ្លូវទៅមុខសម្រាប់ដោះស្រាយវិបត្តិនេះ។
ឥឡូវនេះ ខ្ញុំមិនដឹងថាតើត្រូវការអ្វីខ្លះដើម្បីឈានទៅដល់ចំណុចនោះទេ។ ខ្ញុំក៏មិនចង់ធ្វើអត្ថាធិប្បាយពីទិដ្ឋភាពភូមិសាស្ត្រនយោបាយនៃជម្លោះនេះដែរ។ ប៉ុន្តែ ខ្ញុំពិតជាត្រៀមខ្លួនជាស្រេចក្នុងការពិភាក្សាជាមួយភាគីទាំងសងខាងពីបញ្ហានេះដោយផ្អែកលើទស្សនៈសិទ្ធិមនុស្ស ហើយនឹងខិតខំធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន ដើម្បីជួយសម្រួលឱ្យមានការឈានទៅមុខក្នុងការដោះស្រាយបញ្ហានេះ។
តើលោកធ្លាប់បានលើកឡើងពីបញ្ហានេះដោយផ្ទាល់ជាមួយភាគីថៃ ឬតាមរយៈប្រព័ន្ធអង្គការសហប្រជាជាតិហើយឬនៅ?
ទេ។ មកទល់ពេលនេះ ខ្ញុំមិនទាន់បានពិភាក្សាអំពីបញ្ហានេះជាមួយពួកគេនៅឡើយទេ។
ប្រទេសថៃបានថ្លែងកាលពីថ្ងៃសៅរ៍ថា មួយផ្នែកនៃតួលេខប្រជាពលរដ្ឋផ្លាស់ទីលំនៅដែលលោក Andrews បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្មរបស់លោក មិនអាចចាត់ទុកជាជនភៀសទីលំនៅក្នុងប្រទេស (Internally Displaced Persons) បានទេ ដោយអះអាងថា បុគ្គលទាំងនោះបានតាំងទីលំនៅក្នុងតំបន់ដែលប្រទេសថៃបានបើកជាជម្រកមនុស្សធម៌តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ ហើយមិនដែលវិលត្រឡប់ទៅកម្ពុជាវិញឡើយ។ កម្ពុជាបានច្រានចោលការអះអាងនេះ ដោយបញ្ជាក់ថា ភូមិទាំងនោះស្ថិតនៅលើទឹកដីរបស់កម្ពុជា។
មនុស្សរាប់សិបនាក់ រួមមានសកម្មជន អ្នកសារព័ត៌មាន មន្ត្រីគណបក្សប្រឆាំង និងប្រជាពលរដ្ឋទូទៅ ត្រូវបានចាប់ខ្លួន ឬចោទប្រកាន់ពាក់ព័ន្ធនឹងការបញ្ចេញមតិជុំវិញជម្លោះនេះ ដែលភាគច្រើនស្ថិតក្រោមបទចោទញុះញង់ ឬបទល្មើសពាក់ព័ន្ធនឹងសន្តិសុខជាតិ។ អង្គការសិទ្ធិមនុស្សលីកាដូបច្ចុប្បន្នបានកត់ត្រាអ្នកដែលខ្លួនហៅថា«អ្នកជាប់ឃុំដោយប្រើសិទិ្ធ»ប្រមាណ១២០នាក់ ដែលកំពុងជាប់ពន្ធនាគារក្រោមបទចោទដែលអង្គការនេះចាត់ទុកថាគ្មានមូលដ្ឋាន និងជាការប្រើច្បាប់ដើម្បីដាក់ទណ្ឌកម្មលើសេរីភាពនៃការបញ្ចេញមតិ។ តើសំណុំរឿងទាំងនេះបង្ហាញអ្វីខ្លះអំពីស្ថានភាពសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជានាពេលបច្ចុប្បន្ន? ហើយក្នុងអំឡុងទស្សនកិច្ចនេះ តើលោកបានលើកយកករណីជាក់លាក់ទាំងនេះទៅពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលដោយផ្ទាល់ដែរឬទេ?
ខ្ញុំគិតថា នៅមានការងារសំខាន់ៗជាច្រើនដែលត្រូវធ្វើ។ ចម្លើយគឺ បាទ ខ្ញុំបានលើកឡើងអំពីបញ្ហាទាំងនេះជាមួយមន្ត្រីរដ្ឋាភិបាល។ខ្ញុំយល់ថា ចាំបាច់ត្រូវពិនិត្យមើលទំនាក់ទំនងរវាងច្បាប់ និងដំណើរការតុលាការរបស់កម្ពុជា ជាមួយនឹងស្តង់ដារអន្តរជាតិ។ យើងមានមូលដ្ឋានមួយចំនួនដែលអាចប្រើប្រាស់ដើម្បីបន្តការពិភាក្សាទាំងនេះបាន។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សច្ចាប័ន ឬទទួលយកសន្ធិសញ្ញាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចំនួន៨ ក្នុងចំណោម៩។ លើសពីនេះ កម្ពុជាក៏បានទទួលយកអនុសាសន៍ប្រមាណ ៨៤ភាគរយ ពីយន្តការពិនិត្យជាសកលតាមកាលកំណត់ (Universal Periodic Review – UPR) ផងដែរ។ ការប្តេជ្ញាចិត្តទាំងនេះ ផ្តល់ជាមូលដ្ឋានឲ្យយើងជជែកជាមួយកម្ពុជា។
ខ្ញុំមានបំណងបន្តពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជាពីទំនាក់ទំនងរវាងស្តង់ដារអន្តរជាតិ ច្បាប់របស់កម្ពុជា និងការអនុវត្តច្បាប់ទាំងនោះពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ យើងមានការខ្វែងគំនិតគ្នាចំពោះសំណុំរឿងមួយចំនួនដែលបានពិភាក្សា។ ខ្ញុំមិនចង់និយាយលម្អិតអំពីខ្លឹមសារនៃការពិភាក្សាទាំងនោះទេ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលដែលខ្ញុំបានជជែកជាមួយ បានប្តេជ្ញាថានឹងបន្តចូលរួមពិភាក្សាលើបញ្ហាទាំងនេះ។ ខ្ញុំគិតថារឿងនេះសំខាន់។ ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា មិនគួរមាននរណាម្នាក់ត្រូវជាប់ពន្ធនាគារ ដោយសារតែការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួន ដូចជាសេរីភាពនៃការបញ្ចេញមតិ សេរីភាពក្នុងការបង្កើតសមាគម និងសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធីនោះឡើយ។ ខ្ញុំប្តេជ្ញាបន្តពិភាក្សាជាមួយរាជរដ្ឋាភិបាល ដើម្បីស្វែងរកដំណោះស្រាយសម្រាប់អ្នកដែលកំពុងជាប់ពន្ធនាគារដោយសារតែការអនុវត្តសិទ្ធិជាមូលដ្ឋានទាំងនេះ។
យុទ្ធនាការបង្ក្រាបការឆបោកតាមអនឡាញរបស់កម្ពុជាថ្មីៗនេះ គឺជាប្រតិបត្តិការដ៏សំខាន់បំផុតដែលមិនធ្លាប់មាន។ ទោះជាយ៉ាងណា អង្គការសិទ្ធិមនុស្សនានាដូចជាអង្គការលើកលែងទោសអន្តរជាតិបានលើកឡើងថាក្រុមកម្មករដែលត្រូវបានរំដោះ ឬរត់គេចចេញពីទីតាំងឆបោកទាំងនោះ ត្រូវបានគេរាយការណ៍ថា មិនទទួលបានការកំណត់អត្តសញ្ញាណជាជនរងគ្រោះនៃការជួញដូរមនុស្សឱ្យបានត្រឹមត្រូវនោះទេ។ ផ្ទុយទៅវិញ ពួកគេជាច្រើនត្រូវបានចាត់ទុកថាបានបំពានច្បាប់អន្តោប្រវេសន៍ និងត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងកន្លែងដែលមានភាពចង្អៀតណែន។ តើរដ្ឋាភិបាលបានផ្តល់ចម្លើយច្បាស់លាស់ដល់លោកដែរឬទេថា ហេតុអ្វីបានជាការកំណត់អត្តសញ្ញាណជនរងគ្រោះ មិនត្រូវបានអនុវត្តឱ្យបានទូលំទូលាយ? ហើយតើដំណើរ នៃយុទ្ធនាការនេះរហូតមកដល់ពេលនេះ ស្របតាមកាតព្វកិច្ចរបស់កម្ពុជាក្រោមពិធីសារប៉ាឡឺម៉ូ (Palermo Protocol) ដែរឬទេ?
ចម្លើយដែលខ្ញុំទទួលបាន គឺថាវាជាបញ្ហាកង្វះសមត្ថភាព។ ប៉ុន្តែ និយាយដោយត្រង់ទៅ ខ្ញុំនៅតែមានការសង្ស័យជាច្រើន ពីព្រោះខ្ញុំបានឮការពន្យល់ដែលផ្ទុយគ្នាយ៉ាងខ្លាំងអំពីអ្វីដែលកំពុងកើតឡើង។
មន្ត្រីមួយចំនួនបាននិយាយប្រាប់ខ្ញុំថា៖ «យើងមាននីតិវិធីរួចហើយ។ យើងកំពុងធ្វើការត្រួតពិនិត្យ។ យើងកំពុងថែជនរងគ្រោះនៃការជួញដូរមនុស្ស។ យើងកំពុងផ្តល់ការគាំទ្រដល់ពួកគេនៅតាមមណ្ឌលផ្សេងៗ»។ ប៉ុន្តែមន្រ្តីផ្សេងទៀតបែរជាថា៖ «ទេ យើងមិនមានទេ។ យើងមិនដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការនេះឡើយ»។
ចំណែកឯតួលេខដែលខ្ញុំទទួលបាន ក៏មានភាពខុសគ្នាពីអ្វីដែលគេបានប្រាប់ខ្ញុំដែរ។ ដូច្នេះ នេះគឺជាបញ្ហាមួយដែលខ្ញុំនឹងបន្តស៊ើបអង្កេតឱ្យបានស៊ីជម្រៅ។ ខ្ញុំនឹងព្យាយាមប្រមូលព័ត៌មានឱ្យបានច្រើនបំផុតតាមដែលខ្ញុំអាចធ្វើទៅបាន។ បន្ទាប់មក ផ្អែកលើព័ត៌មានដែលទទួលបាន ខ្ញុំនឹងពិភាក្សាអំពីទំនាក់ទំនងរវាងបញ្ហានេះជាមួយច្បាប់សិទ្ធិមនុស្ស និងវិធានការដែលអាចត្រូវអនុវត្ត ដើម្បីដោះស្រាយបញ្ហានេះបន្តទៅមុខ។ ប៉ុន្តែ អ្វីដែលច្បាស់នោះគឺវាពិតជាបញ្ហាមួយមែន។ រដ្ឋាភិបាលបានប្រាប់ខ្ញុំថា៖ «យើងដឹងថាប្រតិបត្តិការឆបោកទាំងនេះនៅតែបន្តកើតមាន»។ វាគ្រាន់តែផ្លាស់ប្តូរទម្រង់ប៉ុណ្ណោះ។ ប្រសិនបើមានប្រាក់រាប់ពាន់លានដុល្លារពាក់ព័ន្ធ នោះអ្នកពាក់ព័ន្ធនឹងរកវិធីបន្តសកម្មភាពទាំងនេះជានិច្ច។ ខ្ញុំត្រូវបានប្រាប់ថា ប្រតិបត្តិការមួយចំនួនបានផ្លាស់ទៅតំបន់ជនបទ។ ខ្លះដំណើរការនៅក្នុងអគារខុនដូ។ ខ្លះទៀតថែមទាំងប្រើរថយន្តជាមូលដ្ឋានប្រតិបត្តិការទៀតផង។ មានវិធីសាស្ត្រជាច្រើនដែលក្រុមទាំងនេះកំពុងប្រើ ដើម្បីបន្តអាជីវកម្មឆបោករបស់ពួកគេ។ ការដោះស្រាយបញ្ហានេះនឹងមិនមែនជារឿងងាយស្រួលឡើយ។ ទោះជាយ៉ាងណា រដ្ឋាភិបាលបានចាត់វិធានការយ៉ាងសកម្ម ដោយបិទទីតាំងប្រតិបត្តិការទាំងនេះ។ ខ្ញុំបានលើកឡើងថា ការអនុវត្តច្បាប់ត្រូវតែធ្វើឡើងនៅគ្រប់កម្រិត ហើយមិនគួរឱ្យនរណាម្នាក់រួចផុតពីការទទួលខុសត្រូវចំពោះអំពើទាំងនេះឡើយ។ ចំណែកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គ្រប់ករណីទាំងអស់ត្រូវគោរពនីតិវិធីត្រឹមត្រូវតាមច្បាប់ ហើយបុគ្គលគ្រប់រូបត្រូវបានសន្មតថាគ្មានទោស រហូតដល់តុលាការសម្រេចថាមានទោស។ ប៉ុន្តែ យើងនឹងបន្តតាមដានបញ្ហានេះយ៉ាងយកចិត្តទុកដាក់បន្តទៀត។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់របស់កម្ពុជា គ្រោងនឹងប្រព្រឹត្តទៅនៅឆ្នាំក្រោយ។ ដោយសារក្រុមអង្គការសិទ្ធិមនុស្សបានកត់ត្រាថា លំហនយោបាយកំពុងរួមតូច តើតាមទស្សនៈរបស់លោក លក្ខខណ្ឌអប្បបរមាអ្វីខ្លះដែលត្រូវមាន ដើម្បីឱ្យការបោះឆ្នោតនេះអាចចាត់ទុកថាមានភាពគួរឱ្យជឿទុកចិត្តបាន?
ខ្ញុំគិតថា ប្រជាពលរដ្ឋមានសិទ្ធិជាមូលដ្ឋានក្នុងការធ្វើការជ្រើសរើសដោយសេរី នៅពេលពួកគេទៅបោះឆ្នោត។ ពួកគេក៏មានសិទ្ធិទទួលបានព័ត៌មានគ្រប់គ្រាន់ ដើម្បីយកមកធ្វើជាមូលដ្ឋានក្នុងការសម្រេចចិត្តផងដែរ។គោលការណ៍ជាមូលដ្ឋាន គឺប្រជាពលរដ្ឋសមនឹងទទួលបានការគោរព និងការការពារសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធី និងសេរីភាពក្នុងការបង្កើតសមាគម។ ទម្រង់ផ្សេងៗនៃការគំរាមកំហែង ដែលខ្ញុំបានឮអំពីវា មិនថាបែបលាក់លៀម ឬបែបចំហនោះទេ ហើយដែលត្រូវបានប្រើដើម្បីដាក់សម្ពាធលើអ្នកនយោបាយ គណបក្សនយោបាយ និងក្រុមប្រឆាំង សុទ្ធតែជាបញ្ហាដែលត្រូវដោះស្រាយ។
សម្រាប់ខ្ញុំ អ្វីដែលសំខាន់ គឺត្រូវស្វែងរកការពិតឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន តាមរយៈការជួបសម្ភាសន៍ និងការពិភាក្សាជាមួយអ្នកដែលកំពុងត្រូវបានរារាំងមិនឱ្យមានឱកាសស្មើភាពក្នុងការបង្ហាញទស្សនៈ ឬផ្សព្វផ្សាយសាររបស់ពួកគេទៅកាន់សាធារណជន។
ការដាក់សម្ពាធកើតឡើងក្នុងទម្រង់ជាច្រើន។ ខ្ញុំបានជួបជាមួយក្រុមមួយដែលបានប្រាប់ខ្ញុំថា ពួកគេចង់ពង្រីកទីស្នាក់ការគណបក្ស ដោយចង់សង់បន្ថែមជាន់ទី២ ប៉ុន្តែពួកគេមិនត្រូវបានអនុញ្ញាតសាងសង់បន្ថែមឡើយ។ អ្នកផ្សេងទៀតបានប្រាប់ថា ពួកគេមិនអាចស្វែងរកទីតាំងសម្រាប់ជួលធ្វើស្នាក់ការបក្សបានទេ ទោះបីជាមានថវិកាគ្រប់គ្រាន់សម្រាប់ជួលក៏ដោយ ព្រោះម្ចាស់អគារខ្លាចផលវិបាកដែលអាចកើតមាន ប្រសិនបើពួកគេជួលទីតាំងឱ្យគណបក្សទាំងនោះ។ នេះហើយជាចំណុចដែលបង្ហាញឱ្យឃើញយ៉ាងជាក់ស្តែងថា សិទ្ធិមនុស្សជាមូលដ្ឋានទាំងនេះ ត្រូវបានគោរព ឬមិនត្រូវបានគោរព។ ខ្ញុំធ្លាប់ឆ្លងកាត់យុទ្ធនាការបោះឆ្នោតជាច្រើន។ នៅពេលខ្ញុំឈរឈ្មោះបោះឆ្នោត ខ្ញុំតែងតែទាមទារឱ្យមានភាពយុត្តិធម៌។ ខ្ញុំនឹងបន្តតាមដានស្ថានការណ៍នេះ។ នេះគឺជាការចាប់ផ្តើមអាណត្តិរបស់ខ្ញុំ ហើយខ្ញុំនឹងបន្តកាន់តួនាទីជាអ្នករាយការណ៍ពិសេសពេញមួយវដ្តនៃការបោះឆ្នោតទាំងពីរ។ ដូច្នេះ ខ្ញុំនឹងតាមដានបញ្ហានេះយ៉ាងយកចិត្តទុកដាក់។
កាលពីឆ្នាំមុន កម្ពុជាបានធ្វើវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដែលផ្តល់អំណាចឱ្យរដ្ឋាភិបាលដកហូតសញ្ជាតិពីបុគ្គលដែលត្រូវបានចាត់ទុកថាបានប្រព្រឹត្តអំពើក្បត់ជាតិ។ ដោយពិចារណាលើបរិយាកាសនយោបាយបច្ចុប្បន្នរបស់កម្ពុជា តើលោកមានការព្រួយបារម្ភកម្រិតណាចំពោះច្បាប់នេះ? ហើយថាតើលោកបានលើកយកបញ្ហានេះទៅពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលដែរឬទេ?
ខ្ញុំមានការព្រួយបារម្ភចំពោះច្បាប់មួយចំនួន រួមទាំងច្បាប់ស្តីពីសញ្ជាតិផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមធ្វើការជាមួយខ្ញុំ ដើម្បីពិនិត្យមើលជាប្រព័ន្ធនូវច្បាប់នានារបស់កម្ពុជា ដោយប្រៀបធៀបជាមួយច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្រោមយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR)។ នេះគឺជាបញ្ហាមួយដែលយើងនឹងសិក្សាឱ្យបានស៊ីជម្រៅ និងបន្តពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជា៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ UN Special Rapporteur Tom Andrews on Cambodia’s Border Crisis and Rights Record










