កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មជុំទីបីលើក្រុមហ៊ុនព្រីនស៍ គ្រុប (Prince Group) ជាក្រុមហ៊ុនមេ ដែលមានមូលដ្ឋាននៅកម្ពុជា ដោយបានបញ្ចូលបុគ្គលចំនួន៤រូបបន្ថែមទៀត និងអង្គភាពចំនួន៤១ផ្សេងទៀតនៅក្នុងបញ្ជីទណ្ឌកម្ម។
ការដាក់ឈ្មោះនៅក្នុងបញ្ជីទណ្ឌកម្មនេះ គឺសំដៅលើបុគ្គលចំនួនបួន រូមមាន ឈីវ យ៉ុង (Qiu Yong) ចាវ ម៉ឹងយ៉ាវ (Zhao Mengyao) វីសាល ប៉ាង (Visal Pang) និង ហឺ យូជីង (He Yujing)។ យោងតាមកំណត់ត្រាស្ដីពីការផ្តល់សញ្ជាតិ ដែលមាននៅក្នុងសៀវភៅរាជកិច្ច បុគ្គលទាំងនេះសុទ្ធតែមានសញ្ជាតិកម្ពុជា លើកលែងតែឈ្មោះ ចាវ ម្នាក់ប៉ុណ្ណោះ។
ដោយប្រើប្រាស់អក្សរកាត់សម្រាប់ពាក្យថា អង្គការឧក្រិដ្ឋកម្មឆ្លងដែន (TCO) ក្រសួងរតនាគារសហរដ្ឋអាមេរិកបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ចំណាត់ការនៅថ្ងៃនេះ គឺជាការកំណត់គោលដៅបន្ថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធផ្នែកសាជីវកម្ម និងហិរញ្ញវត្ថុ ដែលបានជួយឱ្យមេដឹកនាំ ព្រីនស៍ គ្រុប ដែលជាអង្គការឧក្រិដ្ឋកម្មឆ្លងដែន អាចលាក់បាំងទ្រព្យសម្បត្តិ គេចវេះពីទណ្ឌកម្ម ដែលបានដាក់ពីមុន និងបន្តចូលប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិបាន»។
សហរដ្ឋអាមេរិក និងអង់គ្លេស បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនព្រីនស៍ គ្រុប ជាលើកដំបូងនៅក្នុងខែតុលា ឆ្នាំ២០២៥ ដោយចោទប្រកាន់ថា ក្រុមហ៊ុននេះបានដំណើរការទីតាំងប្រតិបត្តិការ ឆបោក ដែលមានជនរងគ្រោះពីការជួញដូរមនុស្សត្រូវបានបង្ខំឱ្យធ្វើការនៅទីនោះ ព្រមទាំងបានលាងលុយកខ្វក់រាប់ពាន់លានដុល្លារ ដែលបានមកពីការលួចតាមរយៈការឆបោកតាមអនឡាញ។ ក្រុមហ៊ុននេះ បានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តកំហុសអ្វីឡើយ។
ស្ថាបនិករបស់ក្រុមហ៊ុនព្រីនស៍ គ្រុប គឺលោក ចេន ហ្ស៊ី (Chen Zhi) ដែលធ្លាប់ជាទីប្រឹក្សារបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងជាទីប្រឹក្សារបស់ឪពុកលោក គឺលោក ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា។ លោក ចេន ហ្ស៊ី ត្រូវបានដកហូតសញ្ជាតិកម្ពុជា និងបញ្ជូនទៅកាន់ប្រទេសចិនវិញកាលពីខែមករា។
គោលដៅថ្មីៗជាច្រើនមានទំនាក់ទំនងជាមួយលោក ឈិន ប៉ូ (Chen Bo) ជានាយកប្រតិបត្តិមួយរូប នៃក្រុមហ៊ុនព្រីនស៍ គ្រុប ដែលត្រូវបានដាក់ទណ្ឌកម្មកាលពីខែមិថុនា រួមទាំងក្រុមហ៊ុនកម្ពុជាចំនួន១១ ដូចជា Prince International Airlines CB General Insurance និងក្រុមហ៊ុនឆ្នោត Asian Welfare Lotteries។
ធនាគារពាណិជ្ជ CCU Commercial Bank ដែលលោក ឈិន ប៉ូ គឺជាប្រធាន ក៏ត្រូវបានដាក់ទណ្ឌកម្មកាលពីខែមិថុនា និងត្រូវបានដកហូតអាជ្ញាប័ណ្ណកាលពីខែសីហាផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ធនាគារជាតិ នៃកម្ពុជាបានបញ្ជាក់ត្រឹមតែថា «ការសម្រេចចិត្តនេះ គឺផ្អែកលើការមិនអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានប៉ុណ្ណោះ»។
ក្រសួងរតនាគារសហរដ្ឋអាមេរិកបានលើកឡើងថា អ្នកស្រី ហឺ យូជិង ដែលត្រូវបានកំណត់អត្តសញ្ញាណថា ជាភរិយារបស់លោក ឈិន ប៉ូ គឺជាអ្នកកាន់កាប់ទ្រព្យសម្បត្តិជំនួសឱ្យលោកឈិន ប៉ូ។ លោក វិសាល ប៉ាង ជាសហនាយកគ្រប់គ្រងក្រុមហ៊ុនមួយចំនួនជាមួយលោក ឈិន ប៉ូ ត្រូវបានដាក់ទណ្ឌកម្ម រួមជាមួយនឹងអាជីវកម្មចំនួន១១ កន្លែងផ្សេងទៀត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក ដែលក្នុងនោះរួមមានសណ្ឋាគារ Marco Polo និងកម្មវិធីអ៊ែប ឈ្មោះ super app U-Life។ អង់គ្លេសក៏បានដាក់ទណ្ឌកម្មលើលោក វិសាល ប៉ាង រួចហើយ កាលពីខែមីនា។
លោក ឈីវ យ៉ុង ដែលមន្ត្រីអាមេរិកបានលើកឡើងថា ធ្លាប់ធ្វើការឱ្យក្រុមហ៊ុនមួយ ដែលគ្រប់គ្រងដោយលោក ចេន ហ្ស៊ី និងកាន់លិខិតឆ្លងដែនកម្ពុជា សេនលូសៀ និងតួគីនោះ ត្រូវបានដាក់ទណ្ឌកម្ម រួមជាមួយក្រុមហ៊ុនចំនួន១៤ ផ្សេងទៀត ដែលមានមូលដ្ឋាននៅហុងកុង និងកោះវើជីនរបស់អង់គ្លេស។
ចំណែកឈ្មោះ ចាវ ម៉ឹងយ៉ាវ ដែលចាត់ទុកថា ជាជំនួយការផ្ទាល់ខ្លួនរបស់លោក ឈីវ យ៉ុង មានមូលដ្ឋាននៅហុងកុងនោះ ក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីទណ្ឌកម្មផងដែរ ដោយសារបានដើរតួនាទីជាលេខាក្រុមហ៊ុន និងជាសហនាយក នៃក្រុមហ៊ុនមួយចំនួន ដែលគ្រប់គ្រងដោយលោក ឈីវ។
យោងតាមក្រសួងរតនាគារសហរដ្ឋអាមេរិកបានឱ្យដឹងទៀតថា ក្រុមហ៊ុនចំនួន៤ផ្សេងទៀតដែលមានមូលដ្ឋាននៅសិង្ហបុរី ម៉ូរីស និងម៉ាឡេស៊ី មានទំនាក់ទំនងជាមួយបុគ្គលឈ្មោះ តៃ អាន (Dai An) និងឈ្មោះ ថេត លី (Thet Li) ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍ គ្រុប និងធ្លាប់ត្រូវបានដាក់ទណ្ឌកម្មកន្លងមក។
ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មដាច់ដោយឡែកលើបុរសជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះ ឈុយ កុកវ៉ា (Chui Kok Wa) ដោយចោទប្រកាន់ថា បុគ្គលរូបនេះបានដឹកនាំបណ្តាញឆបោកមួយដែលមានមូលដ្ឋាននៅប្រទេសម៉ាដាហ្គាស្ការ ដែលបានបោកយកប្រាក់ពីជនជាតិអាមេរិកជាង ៤០០ ០០០ដុល្លារ។ ព្រះរាជអាជ្ញាអាមេរិក ដែលបានចោទប្រកាន់បុរសរូបនេះ ជាផ្លូវការកាលពីខែតុលា បានអះអាងថា ក្រុមរបស់បុគ្គលរូបនេះ ទំនងជាបានផ្លាស់ទីពីប្រទេសកម្ពុជាទៅកាន់ទីនោះ បន្ទាប់ពីមានការបង្ក្រាប។
លោក ស្កុត បេសសិន (Scott Bessent) រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រសួងរតនាគារសហរដ្ឋអាមេរិកនឹងបន្តកំណត់គោលដៅលើបណ្តាញទាំងនោះនៅគ្រប់កម្រិត ចាប់តាំងពីមេដឹកនាំ រហូតដល់រចនាសម្ព័ន្ធក្រុមហ៊ុន និងអ្នកសម្របសម្រួលផ្នែកហិរញ្ញវត្ថុ ដែលជួយឱ្យពួកគេអាចធ្វើសកម្មភាពបានដោយគ្មានទោសទណ្ឌ។
កាលពីខែមុន អាជ្ញាធរកម្ពុជាបានឱ្យដឹងថា ខ្លួនបានកំណត់អត្តសញ្ញាណក្រុមហ៊ុនចំនួន១៩៨ ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនព្រីនស៍ គ្រុប ក្នុងនោះមាន៩៨ក្រុមហ៊ុន បានចុះបញ្ជីនៅកម្ពុជា និង១០០ក្រុមហ៊ុនទៀតកំពុងប្រតិបត្តិការនៅបរទេស។ តុលាការបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនសង្ស័យចំនួន៣២នាក់ ហើយអាជ្ញាធរកំពុងស្នើសុំកិច្ចសហការពីប៉ូលិសអន្តរជាតិ ដើម្បីស្វែងរកជនសង្ស័យ២៩នាក់ផ្សេងទៀត ដែលបានរត់គេចខ្លួនទៅក្រៅប្រទេស។
នៅប្រទេសសិង្ហបុរី អ្នកស្រី ការ៉េន ជិន (Karen Chen) ជាជនជាតិសិង្ហបុរី និងជាដៃគូរបស់លោក ចេន ហ្ស៊ី ត្រូវបានតុលាការចោទប្រកាន់កាលពីថ្ងៃសុក្រ បន្ទាប់ពីត្រូវបានឃាត់ខ្លួននៅពេលដែលអ្នកស្រីត្រឡប់មកដល់ប្រទេសសិង្ហបុរីវិញ។
លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយពាក់ព័ន្ធនឹងថា តើអាជ្ញាធរកំពុងស៊ើបអង្កេតលើបុគ្គល ដែលទើបត្រូវបានដាក់ទណ្ឌកម្ម រួមទាំងក្រុមហ៊ុនរបស់ពួកគេ ដែលមានមូលដ្ឋាននៅកម្ពុជា ឬថា តើបុគ្គលទាំងនោះនៅតែស្ថិតក្នុងប្រទេសកម្ពុជាឬយ៉ាងណានោះទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ US Hits Prince Group With Third Round of Sanctions










