សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ថ្នាក់​ដឹក​នាំជាន់​ខ្ពស់​ក្រុម​ហ៊ុន​ព្រីនស៍​ ដែលជាប់ទណ្ឌកម្ម​មាន​ផ្ទះ​តម្លៃ​​រាប់​លាន​ដុល្លារ​នៅ​អាមេរិក​

រូបភាព​ពី​ផ្កាយ​រណប​​បង្ហាញ​ឲ្យ​ឃើញ​ពី​គេហដ្ឋាន​ដ៏​ប្រណីត​នៅ​ជាយ​ក្រុង​មួយកន្លែង​​នៅ​ក្នុង​តំបន់​ Orange County ក្នុង​រដ្ឋកាលីហ្វ័រញ៉ា ដែល​គេ​ហដ្ឋា​នេះ​ត្រូវ​បាន​ទិញ​កាលពី​ឆ្នាំ​២០២០ ដោយ​ TZHY LLC ជា​ក្រុម​ហ៊ុន​ចុះបញ្ជី​នៅ​រដ្ឋកាលីហ្វ័រញ៉ា គ្រប់​គ្រង​ដោយ​ថ្នាក់​ដឹក​នាំជាន់ខ្ពស់​របស់​ក្រុម​ហ៊ុន​ព្រីនស៍​ គ្រុប ឈ្មោះ Bo Lei។ (រូបភាព៖ Apple Maps)
រូបភាព​ពី​ផ្កាយ​រណប​​បង្ហាញ​ឲ្យ​ឃើញ​ពី​គេហដ្ឋាន​ដ៏​ប្រណីត​នៅ​ជាយ​ក្រុង​មួយកន្លែង​​នៅ​ក្នុង​តំបន់​ Orange County ក្នុង​រដ្ឋកាលីហ្វ័រញ៉ា ដែល​គេ​ហដ្ឋា​នេះ​ត្រូវ​បាន​ទិញ​កាលពី​ឆ្នាំ​២០២០ ដោយ​ TZHY LLC ជា​ក្រុម​ហ៊ុន​ចុះបញ្ជី​នៅ​រដ្ឋកាលីហ្វ័រញ៉ា គ្រប់​គ្រង​ដោយ​ថ្នាក់​ដឹក​នាំជាន់ខ្ពស់​របស់​ក្រុម​ហ៊ុន​ព្រីនស៍​ គ្រុប ឈ្មោះ Bo Lei។ (រូបភាព៖ Apple Maps)

ថ្នាក់​ដឹក​នាំជាន់​ខ្ពស់​ក្រុម​ហ៊ុន​ព្រីនស៍​ គ្រុប​ ដែល​រង​ទណ្ឌកម្ម​បាន​ប្រើ​ក្រុម​ហ៊ុន​អន្តរ​ការី​របស់​ខ្លួន ​ដើម្បីទិញ​លំនៅ​ឋាន​ប្រណីត​​តម្លៃ​រាប់​លាន​ដុល្លារ​មួយ​កន្លែង​នៅ​​​តំបន់​ជាយក្រុង​មួយ​កន្លែង​ ​ក្នុង​រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក​។ នេះ​បើ​តាមកំណត់​ត្រា​​សាជីវកម្ម និង​អចលនទ្រព្យ​​។

លោក Bo Lei ជា​អតីត​នាយក​ក្រុម​ហ៊ុន​ព្រីនស៍ គ្រុប ដែល​ជាប់ពាក់​ព័ន្ធ​នឹង​បណ្ដាញឆបោក​តាម​អនឡាញ។ លោក​គឺជា​​អ្នក​ជំនួញ​ជន​ជាតិ​ចិន និង​បាន​ទទួល​សញ្ជាតិ​ខ្មែរ​នៅ​ឆ្នាំ​២០១៨​។ បើ​តាម​កំណត់​ត្រា​ក្រុម​ហ៊ុន និង​ទ្រព្យ​សម្បត្តិ​​​​ពី​អាជ្ញាធរ​រដ្ឋកាលីហ្វ័រញ៉ា បាន​ឲ្យ​ដឹង​ថា ​លោក Bo Lei បាន​ប្រើ​ក្រុម​ហ៊ុន​ចុះ​បញ្ជី​នៅ​អាមេរិក​ដើម្បី​ទិញ​ផ្ទះ​តម្លៃ​៣,៧​លាន​ដុល្លារ​នៅ​​តំបន់ Orange County ក្នុង​រដ្ឋកាលីហ្វ័រញ៉ា កាលពី​ឆ្នាំ​២០២០។ លំនៅ​ឋានជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន​ព្រីនស៍​នេះ ​គឺ​ជា​ទ្រព្យ​ដំបូង​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ក្នុង​បញ្ជី​អចលនទ្រព្យអាមេរិក​ដែល​តម្លៃផ្ទះ​មាន​រហូតដល់​៥,៧​លាន​ដុល្លារនាពេល​បច្ចុប្បន្ន​​។

ការ​ទិញ​នេះ​បាន​ឆ្លុះ​បញ្ជាំង​ពី​គម្រោង​វិនិយោគ​លើ​អចលនទ្រព្យ​ដ៏​ធំ​ដោយ​ក្រុម​ហ៊ុន​ពាក់ព័ន្ធ​នឹង​ព្រីនស៍ គ្រុប ដែល​ការ​វិនិយោគ​​នោះ​មាន​នៅ​ចក្រភព​អង់គ្លេស ជប៉ុន តៃវ៉ាន់ និង​សិង្ហបុរី​។ ប្រធានក្រុម​ហ៊ុន​ព្រីនស៍​ គ្រុប លោក ចេន ហ្ស៊ី ដែល​ត្រូវ​បានធ្វើ​បត្យាប័ន​ទៅ​កាន់​ប្រទេស​ចិន​កាល​ដើម​ឆ្នាំ​នេះ កំពុង​ប្រឈម​មុខ​នឹង​បទ​ចោទ​ជា​ច្រើន​សំណុំ​រឿង​នៅ​តុលាការប្រទេស​ចិន។ លោក ចេន ហ្ស៊ី​ បាន​កាន់​កាប់​អចលនទ្រព្យ​យ៉ាង​តិច​១៩​កន្លែង​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ រួម​ជាមួយ​ក្រុម​ហ៊ុន​អន្តរការី​របស់​គាត់​ផ្សេង​ទៀត ដែល​អចលនទ្រព្យ​ទាំង​នេះ រួម​មាន ​អាគារ​ពាណិជ្ជកម្ម និង​អាគារ​លំនៅ​ឋាន​ប្រណីត​ផ្សេង​ទៀត​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​។​

លោក Bo Lei ​ទំនង​ជា​បាន​ប្រើ​ទំនាក់ទំនង​របស់​ក្រុម​ហ៊ុន​ដើម្បី​ទិញ​អចលនទ្រព្យ​នៅ​រដ្ឋកាលីហ្វ័រញ៉ា​។ លោក​ដាក់​ឈ្មោះ​ជាក្រុម​ហ៊ុន​ចុះបញ្ជី និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​ TZHY LLC ដែល​ជាក្រុម​ហ៊ុន​ចុះ​បញ្ជី​មាន​កំណត់ ធ្វើ​ប្រតិបត្តិ​ការនៅ​ក្នុង​រដ្ឋកាលីហ្វ័រញ៉ា ក្នុង​ឆ្នាំ​២០២០ ដោយ​​ប្រើ​ឈ្មោះ​ជា​ក្រុម​ហ៊ុន​ធ្វើ​អាជីវកម្ម​ «គ្រប់​គ្រង​អចលនទ្រព្យ»។​ លោក ក៏​បាន​ប្រើក្រុមហ៊ុន​​នេះ​ទិញ​ផ្ទះ​មាន​ប្រាំ​បន្ទប់​គេង​នៅ​ទី​តាំង​ជាប់មាត់​សមុទ្រ​មួយ​កន្លែងទៀត​នៅ​ឆ្នាំ​ដដែល​​ក្នុង​​តំបន់ Orange County។ នេះ​បើ​តាម​ឯកសារ​អាជីវកម្ម​ដែល​ខេមបូចា​ទទួល​បាន​។​

អ្នក​សារព័ត៌មាន​ខេមបូចា​បាន​ផ្ញើ​អ៊ីម៉ែល​ទៅ​កាន់​ក្រុមហ៊ុន​​តាម​រយៈអាសយដ្ឋាន​អ៊ីម៉ែល​ដែល​បាន​ដាក់​សម្រាប់​ចុះ​បញ្ជី តែ​មិនមានការ​ឆ្លើយ​តប​។​ អ្នក​សារព័ត៌មាន​ក៏​បាន​ផ្ញើ​សារតាម​អ៊ីម៉ែល និង​លេខ​ទូរសព្ទ​ដែល​ចុះបញ្ជី​ថាជារបស់​លោក Bo Lei និង​អាសយដ្ឋាន​របស់​លោក​នៅ​កម្ពុជា ប៉ុន្តែមិនមានការ​ឆ្លើយ​តប​ដូច​គ្នា​។ លោក Cayenne Kuang ភ្នាក់ងារ​អចលនវត្ថុ​ដែល​បាន​ឈ្មួញ​កណ្តាល​ទិញ​នោះ​មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។​

ការ​ស៊ើប​អង្កេត​នេះ​រក​ឃើញ​ការ​ជាប់​ពាក់​ព័ន្ធ​ជាមួយ​ក្រុម​ហ៊ុន​ Prince Huan Yu (អាមេរិក) ដែល​ជាក្រុមហ៊ុន​​ចុះបញ្ជី​នៅកាលីហ្វ័រញ៉ា​ក្នុង​ឆ្នាំ​២០២០។ ដូច​គ្នា​ដែរ លោក Bo Lei ជានាយក​ប្រតិបត្តិ និង​ជានាយក​តែម្នាក់​គត់​​​របស់​ក្រុម​ហ៊ុន​ តាមរយៈ​ឯកសារបញ្ជាក់​ចុង​ក្រោយ​​​នៅ​ខែកញ្ញា ឆ្នាំ​២០២៥​។ ក្រុម​ហ៊ុន​នេះ​ចុះ​បញ្ជី​ធ្វើ​អាជីវកម្ម​ជាភ្នាក់​ងារ «​តុបតែង​អាគារ​ផ្នែក​ខាង​ក្នុង» និង​ «គ្រប់គ្រង​គម្រោង»។ ដូចគ្នានេះ​ដែរ ក្រុម​ហ៊ុន​ក៏​ប្រើ​ឈ្មោះ​ដូច​គ្នា គឺ Prince Huan Yu នៅ​កម្ពុជា ហើយក៏​រង​នូវ​ទណ្ឌកម្ម​ពី​អាមេរិក​ដូច​គ្នា។​

ក្រុម​ហ៊ុន Prince Huan Yu (អាមេរិក) មាន​អាសយដ្ឋាន​ដូច​គ្នា​នឹង​ក្រុម​ហ៊ុន​ផ្សេង​ទៀត​ដូច​ជា Realty YKP Group Holdings Inc។ នេះ​បើ​តាម​ឯកសារ​របស់​ក្រុម​ហ៊ុន​ចុះបញ្ជី​កាល​ពី​ឆ្នាំ​២០២០​។ ក្រុម​ហ៊ុន​បាន​ដាក់​ឈ្មោះ​លោក Bo Lei ជានាយក​ប្រតិបត្តិ និង​ជានាយក​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុម​ហ៊ុន​។ កំណត់ត្រា​របស់​ក្រុម​ហ៊ុន​ក៏​បាន​បង្ហាញ​ថា​ Realty YKP ជា​ក្រុម​ហ៊ុន​ចុះ​បញ្ចី​មួយ​របស់​ TZHY​ ដែរ​។​

បើ​តាម​កំណត់ត្រាដដែល លោក Bo Lei ក៏​បានប្រើ​អាសយដ្ឋាន​ក្រុមហ៊ុនអចលនទ្រព្យ​ Laguna Niguel ក្នុង​ការ​ចុះបញ្ជី​ក្រុម​ហ៊ុន​​ TZHY ទោះបីជា​អាសយដ្ឋាននេះជា​របស់ LLC មិន​មែន​ជា​កម្មសិទ្ធិ​របស់​លោក​ក្ដី​។

ទីតាំង​អចលនទ្រព្យ​ Laguna Niguel ​ដែល​គេ​អាច​រក​ឃើញ​នៅ​ក្នុង​វិបសាយ​ភ្នាក់​ងារ​អចលនទ្រព្យ​ Redfin’s។ Redfin បានវាយ​តម្លៃ​ថា​តម្លៃ​អចលនទ្រព្យនេះ​នាពេល​បច្ចុប្បន្ន​មាន​ជាង ៥,៧លាន​ដុល្លារ​។ រូបភាព​ថ្ងៃទី​៦ ខែសីហា ឆ្នាំ២០២៦។ (រូបភាព៖ Redfin)​

​កំណត់​ត្រា​អចលនទ្រព្យ​បាន​បង្ហាញ​ថា​ការិយាល័យ​គ្រប់​គ្រង​ទ្រព្យសម្បត្តិ​បរទេស​នៃ​ក្រសួង​ហិរញ្ញវត្ថុអាមេរិក បាន​បង្កក​គណនី​ធនាគារ​ដែល​ពាក់​ព័ន្ធ​នឹង​ TZHY កាលពី​ខែវិច្ឆិកា ឆ្នាំ២០២៥​។ គណនី​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ទូទាត់​ការ​ចំណាយ​ប្រចាំ​ខែ​របស់​ម្ចាស់​ផ្ទះ ប៉ុន្តែ​ប្រតិបត្តិការ​ចំណាយ​នេះ​ត្រូវ​បានបញ្ឈប់​នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ពោល​គឺ​មួយ​ខែ​ក្រោយ​លោក Bo Lei ត្រូវ​បាន​អាមេរិក​ដាក់​ទណ្ឌ​កម្ម​។​​

ឯកសារ​មានកាល​បរិច្ឆេទចុះ​​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បាន​សរសេរថា៖ «គណនី​ត្រូវ​បាន​បង្កក/បញ្ជូន​ត្រឡប់ ដោយ OFAC តាមរយៈ ACH…9019»​។​

ផ្អែក​តាម​កំណត់​ត្រានេះ TZHY មិនមាន​ការ​ធ្វើ​ប្រតិបត្តិការ​ចំណាយ​ណា​មួយ​ទៀត​ទេ​ទៅ​កាន់​សមាគមន៍​ម្ចាស់​ផ្ទះ ក្រៅតែពី​មូលប្បទានបត្រ​មួយ​សន្លឹក​តម្លៃ​៣០០​ដុល្លារ​។ គិត​មក​ដល់​ខែឧសភា ឆ្នាំ​២០២៦ ក្រុម​ហ៊ុន​បាន​ជំពាក់​សមាគម​ម្ចាស់​ផ្ទះ​ចំនួន​៧ ៧៦៥​ដុល្លារ​ដែល​ត្រូវ​បង់​។​

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ​មិន​បាន​ឆ្លើយ​តបភ្លាមៗ​ទៅ​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​របស់​អ្នក​សារព័ត៌មាន​ខេបូចានោះទេ។​

OFAC បាន​ដាក់​ឈ្មោះ​លោក​ Bo Lei កាលពី​ខែ​តុលា ឆ្នាំ២០២៥ ទៅ​ក្នុង​ផ្នែក​មួយ​នៃ​ក្រុម​ហ៊ុន ព្រីនស៍ គ្រុប ដែល​ត្រូវ​រង​ទណ្ឌកម្ម ក្រោម​ការ​ចោទ​ថា​បានធ្វើ​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ ដោយ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្មដោយ​បង្ខំ និង​រក​ប្រាក់​បាន​រាប់​ពាន់​លាន​ដុល្លារ​ពី​ប្រតិបត្តិការ​ខុស​ច្បាប់​មួយ​នេះ។ យ៉ាងណា ក្រុម​ហ៊ុន​ព្រីនស៍​ គ្រុប បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់ទាំងនេះ។​

ផ្អែក​តាម​ឯកសារ​ដែល​មាន លោក Bo Lei ពេល​ខ្លះ​ក្រុម​ប្រទេស​លោក​ខាង​លិច​ហៅ​ថា Lei Bo កន្លង​មក​ក៏​​ធ្លាប់​ធ្វើ​ជា​ប្រធាន​ក្រុម​ហ៊ុន​ Prince Huan Yu Real Estate (Cambodia) Group និង​បាន​គ្រប់​គ្រង​​ចាត់​ចែង​លើ​ការ​សាង​សង់​កន្លែង​កម្សាន្ដ Golden Fortune Resorts World Co. Ltd. ដែល​ជា​ប់​សង្ស័យថាជា​មជ្ឈមណ្ឌល​ឆបោក​អនឡាញ​មួយ​កន្លែង​ក្នុង​ក្រុង​សំពៅពូន ខេត្តកណ្ដាល និង​ទីតាំង​នោះ​រងការចោទ​ថា​ជាប់ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​ដោយ​បង្ខំ និង​ប្រព្រឹត្ត​អំពើ​ឆបោក​។​

លោក Bo Lei មាន​វ័យ​៤៨ឆ្នាំ មក​ពីក្រុង​  Chongqing ប្រទេសចិន និង​ធ្លាប់​ជា​សហនាយក​ជាមួយ​លោក ចេន ហ្ស៊ី ក្នុង​ក្រុម​ហ៊ុន ​ Prince Huan Yu Real Estate។ លោក ចេន ហ្ស៊ី រង​ការ​ចោទ​ប្រកាន់ថា​បាន​កាន់​កាប់​ Bitcoin តម្លៃ​១៥​ពាន់​លាន​ដុល្លារបានពី​អំពើឆបោក​តាមអនឡាញ​ ហើយ​ទ្រព្យ​សម្បត្តិ​ទាំង​នេះ​ត្រូវ​បាន​ក្រ​សួង​យុត្តិធម៌​អាមេរិក​រឹបអូសក្នុង​ប្រតិបត្តិការ​ប្រឆាំង​នឹង​អំពើ​ឆបោក​ដ៏ធំ​មួយ​ប្រឆាំង​នឹង​លោក ចេន ហ្ស៊ី​។​

OFAC និង​បណ្ដាញ​បង្ក្រាម​បទល្មើស​ហិរញ្ញវត្ថុអាមេរិក មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​លើ​សំណើ​សុំ​អត្ថាធិប្បាយ​លើ​ករណី​នេះ​ទេ​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Sanctioned Prince Executive Owns Multi-Million Dollar Home in US

ព័ត៌មានថ្មី

អត្ថបទពេញនិយម