ថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តដល់ប្រជាកសិករ ឱ្យចូលរួមជាមួយសហគមន៍កសិកម្មទំនើប ដែលអាចផលិតបានច្រើន ថ្លៃដើមទាប និងមានទីផ្សារធានាពិតប្រាកដ ខណៈកសិករបានត្អូញត្អែរពីតម្លៃស្រូវមិនមានស្ថិរភាព គឺនៅតែជាបញ្ហាប្រឈមខ្លាំងរបស់កសិករ។
បច្ចុប្បន្នវិស័យកសិកម្មកម្ពុជា ដែលមានកសិករ ១,៨លានគ្រួសារ ក៏ប្រឈមនឹងការផលិតនៅមានលក្ខណៈបែកខ្ញែក ខ្វះការសម្របសម្រួលគ្នា ដែលធ្វើឱ្យថ្លៃដើមខ្ពស់ គុណភាពមិនស្មើគ្នា និងការផ្គត់ផ្គង់មិនមានស្ថិរភាពរួមទាំងការកែច្នៃនៅមានកម្រិតទាបនៅឡើយផងដែរ។ នេះបើយោងតាមថ្នាក់ដឹកនាំក្រសួងកសិកម្ម អ្នកជំនាញ និងកសិករ។
នៅថ្ងៃបិទបញ្ចប់វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌល កោះពេជ្រ នៅថ្ងៃទី២៥ ខែតុលាលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានពន្យល់ថា សហគមន៍កសិកម្មទំនើប ដែលបច្ចុប្បន្នត្រូវបានបង្កើតឡើងបានចំនួន៤០ គឺជាយន្តការរបស់រាជរដ្ឋាភិបាល ដើម្បីផ្លាស់ប្តូរទម្រង់ការធ្វើកសិកម្មរបស់កម្ពុជា ពីការធ្វើខ្នាតតូច លក្ខណៈគ្រួសារ ទៅជា «កសិ-ពាណិជ្ជកម្ម» ដែលមានការរៀបចំច្បាស់លាស់ ផលិតបានច្រើន ថ្លៃដើមទាប និងមានទីផ្សារធានាពិតប្រាកដ។
បច្ចុប្បន្ន ក្រសួងកសិកម្មបាននិងកំពុងអនុវត្តគម្រោងគោលដៅចំនួន១០ ដើម្បីតភ្ជាប់ទីផ្សារ និងជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ ដោយផ្តោតលើដំណាំយុទ្ធសាស្ត្រសំខាន់ៗ រួមមាន ស្រូវ-អង្ករ ស្វាយចន្ទី ម្រេច ទុរេន និងបន្លែសុវត្ថិភាព ជាដើម ដើម្បីឆ្លើយតបទៅនឹងតម្រូវការបរិភោគប្រចាំថ្ងៃក្នុងស្រុក កាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស និងធានាសុខុមាលភាពអ្នកបរិភោគ។
បើតាមអ្នកនាំពាក្យក្រសួងកសិកម្ម ការផលិតរបស់កសិករកម្ពុជានាពេលបច្ចុប្បន្ននៅមានលក្ខណៈបែកខ្ញែក ខ្វះការសម្របសម្រួលគ្នា ដែលធ្វើឱ្យថ្លៃដើមខ្ពស់ គុណភាពមិនស្មើគ្នា និងការផ្គត់ផ្គង់មិនមានស្ថិរភាព។ ទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែង និងការកែច្នៃផលិតផលកសិកម្ម។ ដូច្នេះលោក ហ្វីណង់ បញ្ជាក់ថា៖ «ការជំរុញបង្កើតសហគមន៍កសិកម្មទំនើប គឺជាគន្លឹះសំខាន់ក្នុងការប្រមូលផ្តុំផលិតកម្ម កាត់បន្ថយថ្លៃដើម លើកកម្ពស់គុណភាព និងបង្កើនតម្លៃបន្ថែម ដើម្បីលើកកម្ពស់ជីវភាពកសិករ និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាឱ្យកាន់តែរឹងមាំ»។
ជាមួយគ្នានេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានថ្លែងនៅក្នុងពិព័រណ៍ CAFE26នេះផងដែរថា ថ្មីៗនេះកម្ពុជាបានសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់ក្នុងការនាំចេញអង្ករចំនួន១លានតោន ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវក្នុងវិស័យកសិកម្ម របស់រដ្ឋាភិបាល និងផ្លែផ្កានៃកិច្ចសហប្រតិបត្តិការណ៍រវាងតួអង្គពាក់ព័ន្ធក្នុងផ្នែកស្រូវអង្ករកម្ពុជា។
ប៉ុន្តែយ៉ាងណាក្តីលោករដ្ឋមន្ត្រីទទួលស្គាល់ថា៖ «ពិតណាស់យើងមិនអាចបញ្ចៀសនូវគ្រប់រាល់បញ្ហាដែលកើតមានបានទេ ក្នុងវិស័យកសិកម្ម និងស្បៀងនេះ យើងអាចកើតមានបញ្ហាគ្រោះធម្មជាតិ ជាទឹកជំន់ ឬក៏គ្រោះរាំងស្ងួត ដែលប៉ះពាល់ទៅដល់ការផលិត ប៉ះពាល់ទៅដល់ការផ្គត់ផ្គង់និងក៏មានបញ្ហាពាក់ព័ន្ធទៅនឹងទីផ្សារសាកលគឺការធ្លាក់ថ្លៃនៃតម្លៃកសិផលផងដែរ»។
ប៉ុន្តែយ៉ាងណាក្តីលោក ឌិត ទីណា បញ្ជាក់ថា រាល់ពេលមានបញ្ហាក្រសួងកសិកម្មតែងតែធ្វើយ៉ាងណាពង្រីកទីផ្សារ រកទីផ្សារជូនកសិករឱ្យបានមុនតាមរយៈការតភ្ជាប់ទីផ្សារ ការធ្វើកិច្ចសន្យាផលិតកម្ម ការផ្តល់ជូននូវបច្ចេកវិទ្យាផ្សេងៗ ដល់កសិករដើម្បីឱ្យអាចផលិតឱ្យបានល្អ។
ជាមួយគ្នានេះនៅពេលដែលក្រសួងកសិកម្មមើលឃើញថា កសិករបានជួបនូវបញ្ហាទីផ្សារគឺមន្ត្រីក្រសួងតែងតែចុះទៅជួយអន្តរាគមន៍ភ្លាមៗតាមលទ្ធភាពនៃស្ថានភាពដែលអាចធ្វើទៅ បានដែលធ្វើយ៉ាងណា មិនឱ្យកសិករប្រឈមនូវបញ្ហាដោយគ្មានការជួយនោះឡើយ។ ប៉ុន្តែផ្នែកផ្សេងទៀតពេលខ្លះបញ្ហាវាធំលើសពីអ្វីដែលយើងអាចធ្វើទៅបានដូចជាបញ្ហាទីផ្សារសាកលដូចជាបញ្ហាអាកាសធាតុជាដើម។
លោក ឌិត ទីណា ថ្លែងថា៖ «ក្រសួងតែងតែបន្តជួយដល់កសិករ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់មានលទ្ធភាពបន្តធ្វើកសិកម្មជាបន្តទៅទៀតពីមួយឆ្នាំទៅមួយឆ្នាំ។ អ្វីដែលក្រសួងបន្តធ្វើទៅមុខគឺតភ្ជាប់ខ្សែច្រវាក់តម្លៃដោះស្រាយបញ្ហារបស់កសិករជាលក្ខណៈបុរេសកម្ម»។

យ៉ាងណាក្តី លោក ឆៃ យ៉ា ជាកសិករនៅស្រុកថ្មគោលក្នុងខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានខេមបូចាថា ការលំបាកធំជាងគេ ដែលកសិករតែងតែជួបប្រទះជារៀងរាល់ឆ្នាំ គឺតម្លៃស្រូវគ្មានស្ថិរភាពសមរម្យ ដែលកសិករមិនអាចទទួលយកបាន ខណៈតម្លៃជីហក់ឡើងថ្លៃរហូតពីមួយឆ្នាំទៅមួយឆ្នាំ។
លោកថ្លែងថា៖ «តម្លៃជីឆ្នាំនេះនៅតែឡើងថ្លៃដដែល អ៊ីចឹងដល់ពេលយើងប្រៀបធៀបការចំណាយទៅលើដំណាំ ហើយនឹងយើងបានចំណូលមកទូទាត់ទៅ កសិករអត់ចំណេញទេ។ដោយឡែកឆ្នាំនេះយើងជួបបញ្ហារាំងស្ងួតផង និងបញ្ហាទឹកជំនន់លិចផងធ្វើឲ្យប្រជាពលរដ្ឋទើបតែខាតទាំងស្រុង»។
ទាក់ទងទៅនឹងការនាំចេញអង្ករបានជាង១លានតោន របស់កម្ពុជាក្នុងពេលថ្មីៗនេះ កសិករនៅស្រុកថ្មគោល ដែលមានដីស្រែប្រមាណជិត១០ហិកតារូបនេះ បានថ្លែងថា រូបលោកក៏ដូចជាកសិករដទៃទៀត គឺពុំមានការត្រេកអរអ្វីនោះទេ។ មិនត្រេកអរ ដោយសារតែការនាំចេញនេះមិនមែនជាការនាំចេញដោយរាជរដ្ឋាភិបាលផ្ទាល់ ឬក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលនោះឡើយ វាគឺជាការនាំចេញរបស់ឈ្នួញ។
លោក ឆៃ យ៉ា បញ្ជាក់ថា៖ «គឺនាយទុនជាអ្នកនាំចេញ ដូច្នេះហើយវាគ្មានផលចំណេញអ្វីដល់កសិករយើងឡើយ។ ទោះជានាំចេញបានមួយឆ្នាំពីរបីលានតោនក៏ដោយ ព្រោះលុយដែលចំណេញមិនបានចូលរដ្ឋទេ។ គឺបានទៅនាយទុនធំៗ ខុសពីប្រទេសជិតខាងដែលរដ្ឋជាអ្នកធ្វើការនាំចេញដោយផ្ទាល់ ឯនាយទុនជាអ្នកទិញនៅក្នុងស្រុក»។
នៅពេលដែលសួរថា តើសព្វថ្ងៃក្រសួងពាក់ព័ន្ធបានជួយអ្វីខ្លះដើម្បីសម្រាលទុក្ខលំបាករបស់កសិករ ? កសិករដែលហាក់មានការយល់ដឹងច្រើនលើវិស័យកសិកម្មរូបនេះថ្លែងថា មានតែក្រសួងកសិកម្មមួយទេ ដែលតែងតែចុះមកជួយកសិករបានមួយផ្នែក ប៉ុន្តែមិនមួយរយភាគរយទេ។ «ឯក្រសួងពាក់ព័ន្ធដទៃទៀតដូចជាមិនមានឃើញចុះមកជួយអ្វីទេ។ ចំណែកអាជ្ញាធរក៏មិនឃើញជួយអីដែរ។កុំឱ្យតែគាត់គប់គិតគ្នាគាបប្រជាពលរដ្ឋកសិករទៅបានហើយ ដូចជាក្រសួងធនធានទឹកនិងមន្ត្រីមូលដ្ឋានជាដើម»។
លោក ឆៃ យ៉ា ក៏បានចូលរួមជាមួយសហគមន៍កសិកម្មទំនើបនៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ផងដែរ។ លោកនិយាយថា៖«ខ្ញុំបានចូលរួមជាមួយសហគមន៍កសិកម្មទំនើបហើយ។ វគ្គទី១ ខ្ញុំចូល៤ហិកតា ពេលស្រូវជិតច្រូត។ គេរើសស្រូវណាស់បង។ និយាយផ្សេងធ្វើផ្សេង។ ឥឡូវដល់វគ្គទី២ នេះខ្ញុំចូល ៦ហិកតាទៀត តែមិនដឹងយ៉ាងម៉េចទេ»។

ទាក់ទងនឹងការកែច្នៃកសិផល បើតាមលោក ឃឹម ហ្វីណង់ មូលហេតុដែលកម្ពុជាមិនអាចធ្វើការកែច្នៃបាន គឺវាពាក់ព័ន្ធផ្ទាល់ទៅនឹងភាពរាយប៉ាយ។ លោកបញ្ជាក់ថា ៖«ភាពរាយប៉ាយនេះមានច្រើន។ បើយើងមើលមួយជ្រុងគឺយើងមើលពីខាងផ្នែកផ្គត់ផ្គង់។ អ្នកផលិតតូចៗហើយមិនមានការសហការគ្នាច្រើនទេ។ អ៊ីចឹងទេបើយើងមើលរូបភាពជារួមក្នុងវិស័យកសិកម្ម មានកសិករ ១,៨លានគ្រួសារ យើងផលិតមួយឆ្នាំបាន ១៤-១៥លានតោនស្រូវ ១លានតោន ស្វាយចន្ទី ដំឡូងមីក៏ច្រើនអីក៏ច្រើន»។
ប៉ុន្តែលោកថា តែបើយើងមើលឱ្យតូចមែនទែនតែម្តង ការផលិតរបស់របស់កសិករកម្ពុជានេះមិនមានការសម្របសម្រួលជារួមទេ។ «ហីបញ្ហានេះវាធ្វើឱ្យមានរឿងអីកើតឡើង? ថ្លៃដើមយើងខ្ពស់ ! នេះជាចំណុចមួយដែលយើងទទួលស្គាល់ ពីព្រោះការផលិតតូចៗហើយនៅរាយប៉ាយអ៊ីចេះ មិនអាចទៅធៀបទៅនឹងថ្លៃដើមដែលគេផលិតជាកម្រិតពាណិជ្ជកម្មទេ»។
បញ្ហាប្រឈមផ្សេងទៀត គឺគុណភាពផលិតផលកសិកម្មរបស់កម្ពុជា គឺពិបាករកស្តង់ដារតែមួយ ជួនក៏ល្អ ជួនក៏មិនល្អ ជួនក៏ត្រូវស្តង់ដារ ជួនក៏អត់ត្រូវស្តង់ដារ។ លោកបញ្ជាក់ទៀតថា៖«ការផ្គត់ផ្គង់បស់យើងមើលលេខជារួមយើងមានច្រើន។ តែបើយើងមើលពីស្ថិរភាពនៃការផ្គត់ផ្គង់គឺពិបាក។ ពេលដែលមានច្រើនគឺយើងច្រើនដំណាលគ្នាតែម្តង។ ប៉ុន្តែដល់ពេលអត់គឺយើងពិបាកក្នុងការស្វែងរក»។
បើតាមលោក ឃឹម ហ្វីណង់ បញ្ហាប្រឈមទាំងនេះគឺបានធ្វើឱ្យប៉ះពាល់ទៅដល់សមត្ថភាពនៃការប្រកួតប្រជែងរបស់កម្ពុជា។ ហេតុដូច្នេះពីខាងអ្នកផលិត ក្រសួងបានរៀបចំជាកម្មវិធីគោលនយោបាយអាទិភាពទី៦ ដែលយើងហៅថា កម្មវិធីគោលនយោបាយសហគមន៍កសិកម្មទំនើប គឺជាគោលនយោបាយសំខាន់។
លោកចាន់ សុផលប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយបានថ្លែងថា បើពិនិត្យជាទូទៅវិស័យកសិកម្មកម្ពុជាបច្ចុប្បន្ន មានការរីកចម្រើនគួរឱ្យកត់សម្គាល់បើប្រៀបធៀបកាលពីឆ្នាំកន្លងទៅ។
ប៉ុន្តែយ៉ាងណាក្តីលោកថា៖ «កសិករនៅតែប្រឈមនឹងបញ្ហាអាកាសធាតុជាពិសេសគ្រោះរាំងស្ងួតនិងការកើនឡើងនៃថ្លៃដើមកសិកម្ម ដែលមួយផ្នែកដោយសារការឡើងថ្ងៃប្រេងសាកល។ បន្ថែមពីនេះជីកសិកម្មក៏បានឡើងថ្លៃផងដែរ ដែលបានកើនឡើងរហូតដល់ប្រប្រមាណ៣០ភាគរយ»។
ក្នុងស្ថានភាពជីហក់ឡើងថ្លៃបែបនេះ អ្នកជំនាញរូបនេះបានជំរុញឱ្យកសិករប្រើប្រាស់ជីសរីរាង្គលាយជាមួយជីគីមីដើម្បីជួយរក្សាគុណភាពដី និងបង្កើនទិន្នផលស្រូវ។ ជាមួយគ្នានេះលោក ចាន់ សុផល ក៏គាំទ្រនិងជំរុញឱ្យកសិករចូលរួមបង្កើតសហគមន៍កសិកម្មផងដែរដើម្បីរួមគ្នាទិញជី ក្នុងបរិមាណច្រើនក្នុងតម្លៃថោក។
ជាមួយគ្នានេះប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានជំរុញឱ្យរដ្ឋាភិបាលសិក្សាលើការលើកលែងពន្ធលើការដំឡើងប្រព័ន្ធសូឡា សម្រាប់ក្រុមហ៊ុនផលិតជីក្នុងស្រុកដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម និងអាចផ្គត់ផ្គង់ជីក្នុងតម្លៃសមរម្យដល់កសិករ។
នៅក្នុងពិធីបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នេះ លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី ដែលជាតំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍គន្លឹះដល់ការបន្តអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ដោយលើកកម្ពស់ការកែច្នៃដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់សម្រាប់ការនាំចេញ ការពង្រីកទីផ្សារនៃការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។
បន្ថែមពីនេះលោកថា ត្រូវទាក់ទាញការវិនិយោគ ជំរុញកសិ-ពាណិជ្ជកម្ម និងការដឹកជញ្ជូន និងការកែលម្អបរិយាកាសធុរកិច្ច ជាពិសេសការបន្តប្រារព្ធវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ដោយយកកសិករជាស្នូល និងការពង្រឹងខ្សែច្រវាក់តម្លៃកសិ-ស្បៀងអាហារ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងកំណត់គោល ដៅថ្មីៗថែមទៀត៕










