ប្រជាពលរដ្ឋសហគមន៍កោះមាស ប្រមាណជិត ១០០នាក់ បានប្រមូលផ្តុំគ្នាប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកជាលើកទី២ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ដោយស្នើសុំឱ្យរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធផ្តល់បណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ដើម្បីធានាសិទ្ធិរស់នៅ និងបំបាត់ការភ័យខ្លាចចំពោះការបណ្តេញចេញពីលំនៅឋានទាំងបង្ខំ។
ពលរដ្ឋនៅកោះមាស តែងតែធ្វើការតវ៉ា និងស្នើសុំកិច្ចអន្តរាគមន៍ទៅគ្រប់ក្រសួងស្ថាប័នរដ្ឋពាក់ព័ន្ធ ជាច្រើនលើកច្រើនសារមកហើយ ចាប់តាំងពីពួកគាត់បានទទួលព័ត៌មានថា រដ្ឋាភិបាល បានសម្រេចផ្តល់ដីកោះមាសទំហំជាង ៣៤០ហិកតានេះ ទៅឱ្យក្រុមហ៊ុនអ្នកឧកញ៉ា ឃុន សៀ បើទោះបីជាប្រជាពលរដ្ឋបានអះអាងថា ពួកគាត់បានរស់នៅលើដីកោះនេះចាប់តាំងពីក្រោយឆ្នាំ១៩៧៩ ដោយមានការទទួលស្គាល់ពីអាជ្ញាធរយ៉ាងណាក្តី។
ក្នុងអំឡុងការប្រមូលផ្តុំ ដែលធ្វើឡើងនៅក្នុងសហគមន៍កោះមាស កាលពីថ្ងៃទី៤ ខែតុលាប្រជាពលរដ្ឋបានលើកបដាដែលមានសារដូចជា «ដីរបស់យើងមានប្លង់កម្មសិទ្ធិត្រឹមត្រូវ» និង «ដីមានប្លង់កម្មសិទ្ធិស្របច្បាប់ មានជីវិតរស់នៅសមរម្យ»។ ពួកគេក៏បានហែក្បួនទៅកាន់រោងអ្នកតា ដែលជាទីកន្លែងសម្រាប់គោរពបូជានៅក្នុងសហគមន៍ ដោយបួងសួងសុំសេចក្តីសុខ និងបន់ស្រន់សុំទាមទារការពារសិទ្ធិលំនៅឋាន។
ក្នុងអំឡុងពេលហែក្បួន ពួកគេបានស្រែកទាមទារសិទ្ធិរស់នៅលើដីកោះមាស ដោយអះអាងថា បានរស់នៅតាំងពីឆ្នាំ១៩៧៩ និងស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដោយពួកគេលើកឡើងថា៖ «ពួកយើងមានសិទ្ធិរស់នៅកន្លែងសមរម្យ សូមទាមទារដីកម្មសិទ្ធិរបស់ពួកយើងទាំងអស់គ្នា»។
លោក ជុំ ជំអឿន ដែលជាប្រជាពលរដ្ឋក្នុងសហគមន៍កោះមាស បាននិយាយថា ការប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកនេះ គឺដើម្បីបង្ហាញពីការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ និងទាមទារសិទ្ធិរស់នៅលើទឹកដីកោះមាសនេះ។
លោកបន្តថា ប្រជាពលរដ្ឋមានការព្រួយបារម្ភដោយសារកន្លងមកមានការគំរាមកំហែង ខណៈអ្នកភូមិចង់បានសិទ្ធិរស់នៅដោយគ្មានការភ័យខ្លាច។
លោកនិយាយថា៖«យើងចង់ទាមទារលើសិទ្ធិលំនៅឋានលើទឹកដីកោះមាសដែលជាទឹកដីមួយ ដែលយើងមានប្លង់កម្មសិទ្ធិ តាំងពីឆ្នាំ៧៩មក។ ដូច្នេះយើងមានសិទ្ធិរស់នៅកន្លែងនេះ មិនអាចមានអ្នកណាដកហូតសិទ្ធិយើងបានទេ។ អ៊ីចឹងយើងនៅតែទាមទារទោះបីជាមានការគំរាមគំហែង ក៏ពួកយើងនៅតែទាមទារយកសិទ្ធិយើង»។
លោកលើកឡើងថា កន្លងមក ប្រជាពលរដ្ឋបានដាក់ពាក្យប្តឹង និងស្នើសុំអន្តរាគមន៍ទៅកាន់ស្ថាប័នជាច្រើន រួមមានអាជ្ញាធរស្រុក អាជ្ញាធរខេត្ត ក្រសួងរៀបចំដែនដី ក្រសួងមហាផ្ទៃ រដ្ឋសភា ព្រឹទ្ធសភា និងក្រសួងអធិការកិច្ច ប៉ុន្តែមិនទាន់ឃើញដំណោះស្រាយណាមួយសមស្របនៅឡើយ។
លោកបញ្ជាក់ថា៖«ហើយក៏សុំស្នើរ អាជ្ញាធរដែលមានសមត្ថកិច្ចសូមមេត្តាធ្វើម៉េចជួយដោះស្រាយឲ្យយើងបានកម្មសិទ្ធិរស់នៅលើដីកោះមាសនេះ ហើយក៏សូមស្នើទៅដល់រាជរដ្ឋាភិបាលធ្វើម៉េចជួយខ្ញុំឲ្យខ្ញុំបានកម្មសិទ្ធិរស់នៅដើម្បីកុំឲ្យមានការភ័យខ្លាចឬការគំរាមគំហែងណាមួយពីសំណាកជនដែលមានអំណាចផ្សេងៗ»។
ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋម្នាក់ទៀត អ្នកស្រី ប៉ូ ស៊ីនួន ដែលអះអាងថា បានរស់នៅកោះមាសតាំងពីឆ្នាំ១៩៧៩ បាននិយាយថា ការមិនទទួលបានសិទ្ធិស្របច្បាប់ក្នុងការរស់នៅលើដីធ្លីបានធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាក និងព្រួយបារម្ភ។
អ្នកស្រីបានស្នើឱ្យរាជរដ្ឋាភិបាលជួយផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះមាស។ អ្នកស្រីថ្លែងប្រាប់ថា៖ «ស្នើសុំទៅកាន់រាជរដ្ឋាភិបាលឲ្យជួយចេញប្លង់កម្មសិទ្ធិឲ្យពួកខ្ញុំដែលរស់នៅលើកោះ ទាំងអស់នេះផង»។
លោក ឈឹម រី ប្រជាពលរដ្ឋម្នាក់ទៀត បាននិយាយថា ការរួមគ្នាប្រារព្ធទិវាសិទ្ធិលំនៅឋាននេះមានគោលបំណងលើកឡើងពីសិទ្ធិរស់នៅ និងសិទ្ធិគ្រប់គ្រងដីធ្លីរបស់ប្រជាពលរដ្ឋ។
លោកបានថ្លែងថា៖ «នេះជាទំនៀមទម្លាប់របស់យើងពីបុរាណមក យើងប្តឹងគ្រប់ស្ថាប័នរដ្ឋអស់ហើយ គ្មាននរណាដោះស្រាយ យើងធ្វើនេះមកប្តឹងដូនតាដែលថែរក្សាកោះមាស យើងមានលោកតា ពេជ្យលោកតាមាស លោកតាប្រាក់។ តើប្រជាជនរស់នៅពិតប្រាកដឬយ៉ាងណា សុំប្តឹងដល់អស់លោកដែលថែរក្សាទឹកដីនៅផ្លូវងងឹតនេះសូមលោកជួយធ្វើម៉េច ឲ្យយើងខ្ញុំមានសិទ្ធិរស់នៅលើដីនេះបានតទៅមុខទៀតដើម្បីបង្កបង្កើនផលចិញ្ចឹមជីវិតនិងគ្រួសារ គ្មានអ្នកមានទេ មានតែអ្នកក្រីក្រ»។
លោកបានស្នើឱ្យស្ថាប័នពាក់ព័ន្ធចុះពិនិត្យជាក់ស្តែងថាតើលំនៅឋានរបស់ប្រជាពលរដ្ឋជាសំណង់អនាធិបតេយ្យ ឬជាការរស់នៅរបស់ប្រជាពលរដ្ឋដែលមានប្រវត្តិកាន់កាប់នៅទីនោះ ហើយស្នើឱ្យពន្លឿនការធ្វើបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋទាំងអស់។
លោកបន្តថា៖ «ជាចុងក្រោយសូមសំណូមពរដល់សម្តេចធិបតី សម្តេច ហ៊ុន សែន និងអស់លោកដែលមានតួនាទីដូចជា ខាងនគរូបនីយកម្ម សូមលោកជួយរកយុត្តិធម៌ ឲ្យមកមើលឲ្យច្បាស់ទៅថាតើជាសំណង់អនាធិបតេយ្យឬក៏ប្រជាជនរស់នៅស្របច្បាប់ ហើយសូមឲ្យលោកជួយពន្លឿននូវការធ្វើប្លង់កម្មសិទ្ធិឲ្យយើងខ្ញុំ»។

ប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានស្រុកកៀនស្វាយ ខេត្តកណ្ដាល លោក តឹក ម៉េង មិនបានឆ្លើយតបនឹងសំណួរស្នើសុំពន្យល់លើបញ្ហាដីកោះមាសនេះទេ ប៉ុន្តែលោកបានផ្ញើឯកសារមួយចំនួន ដែលរដ្ឋាភិបាលបានសម្រេចផ្តល់ដីកោះទៅឱ្យក្រុមហ៊ុន ឃុន សៀ របស់អ្នកឧកញ៉ា ឃុន សៀ។
យោងតាមឯកសារទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ និងចុះហត្ថលេខាដោយរដ្ឋលេខាធិការ លោក ឈួន សុធី រាជរដ្ឋាភិបាលបានអនុញ្ញាត ឱ្យក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត ទិញផ្តាច់ដីកោះមាសទំហំជាង ៣៤០ហិកតា នៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងស្ថិតនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងតម្លៃ ជាង ១០,២លានដុល្លារអាមេរិកជាថ្នូរនឹងការសាងសង់សមិទ្ធផលជូនរដ្ឋ។
ដីនេះមានបណ្ណចំនួន២ គឺលេខ ១២១០០១០៤-០០១០ ចុះថ្ងៃទី២៣ កញ្ញា២០២១ និងលេខ ០៨០២០៨០១-០០០៩ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។ ឯកសារក៏កំណត់ឱ្យក្រុមហ៊ុន ឃុន សៀ ដោះស្រាយគោលនយោបាយដល់ប្រជាពលរដ្ឋដែលកំពុងកាន់កាប់ និងអាស្រ័យផលលើដីនេះ ចន្លោះពី ៥ ទៅ ៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េ និងអនុញ្ញាតឱ្យអាជ្ញាធរផ្ទេរសិទ្ធិកាន់កាប់ទីតាំងដីកោះនេះទៅក្រុមហ៊ុន ឃុន សៀ។
តាមឯកសារ ការទិញផ្តាច់នេះមានតម្លៃ ជាង ១០,២ លានដុល្លារអាមេរិក ដែលមិនមែនជាការបង់សាច់ប្រាក់ទៅរដ្ឋដោយផ្ទាល់ទេ ប៉ុន្តែជាតម្លៃសម្រាប់សាងសង់សមិទ្ធផលជូនរដ្ឋ។ ក្នុងនោះ ជាង ៥,៤ លានដុល្លារ សម្រាប់សាងសង់អគាររដ្ឋបាល និងជាង ៤,៧ លានដុល្លារ សម្រាប់ស្ថាបនាច្រាំងទន្លេ និងសួនច្បារនៅក្រុងតាខ្មៅខេត្តកណ្តាល។
លោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានឆ្លើយតបជាមួយសារព័ត៌មានខេមបូចាយ៉ាងខ្លីនៅថ្ងៃទី៥ ខែតុលានេះថា លោកអត់បានដឹងអំពីរឿងករណីដីកោះមាសច្បាស់លាស់នោះទេ ។
ចំណែកលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មិនបានឆ្លើយតប ទៅនឹងសំណើសុំធ្វើអត្ថាធិប្បាយលើបញ្ហាដីកោះមាសនេះទេ។
ជុំវិញបញ្ហានេះ លោក ស៊ាង មួយឡៃ ប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុងនៃសមាគមធាងត្នោត បានលើកឡើងថា តាមការសិក្សារបស់សមាគមកន្លងមក រដ្ឋាភិបាលបានជួលដីកោះមាសទៅឱ្យក្រុមហ៊ុន ឃុន សៀ ក្នុងរយៈពេល ៥០ឆ្នាំ ប៉ុន្តែក្រោយមកបានផ្លាស់ប្តូរពីការជួលទៅជាការលក់ដីឱ្យក្រុមហ៊ុននេះទៅវិញ ហើយក្រុមហ៊ុនបានទទួលបណ្ណកម្មសិទ្ធិលើដីកោះនេះ។
លោក ស៊ាង មួយឡៃ យល់ឃើញថា ការផ្ទេរដីទៅឱ្យក្រុមហ៊ុនឯកជនដោយមិនបានពិភាក្សាជាមួយប្រជាពលរដ្ឋដែលរស់នៅទីនោះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិលំនៅឋាន និងសិទ្ធិដីធ្លីរបស់ពួកគេ។
លោកបាននិយាយថា៖ «មែនទែនទៅដីនៅកោះមាសនេះយើងឃើញថាប្រជាពលរដ្ឋរស់នៅតាំងពីយូរមកហើយ ហើយក៏មានគ្រួសារខ្លះក៏មានបណ្ណស្លាបមាន់ទៅទៀតដែលជាបណ្ណសម្គាល់សិទ្ធិកាន់កាប់របស់គាត់។ អ៊ីចឹងការដកហូតដីទៅលក់ឲ្យក្រុមហ៊ុនដោយមិនបានជជែកពិភាក្សាជាមួយប្រជាពលរដ្ឋនោះវាធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋជាខ្លាំង ហើយជាពិសេសវាក៏បង្ហាញនូវភាពអយុត្តិធម៌ពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លីក៏ដូចជាសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋនេះផងដែរ»។
លោកបន្តថា ករណីនេះគួរត្រូវបានពិចារណាឱ្យបានទូលំទូលាយ ព្រោះលោកថា មានករណីប្រហាក់ប្រហែលគ្នានៅទីតាំងផ្សេងទៀត ដែលដីត្រូវបានចាត់ទុកជាដីរដ្ឋ ខណៈប្រជាពលរដ្ឋដែលកំពុងកាន់កាប់ និងអាស្រ័យផលលើដីនោះត្រូវបានស្នើឱ្យចាកចេញ។
បើតាមអនុក្រឹត្យ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានធ្វើអនុបយោគ ផ្ទៃដីកោះមាស ទំហំ ៣៤០ហិកតា ៦១អា ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងស្រុកល្វាឯម និងស្រុកកៀនស្វាយ ខេត្តកណ្តាល ជាដីឯកជនរបស់រដ្ឋ។ ជាមួយគ្នានោះ សេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ១០៨៩ សជណ.ដប ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានស្នើសុំអនុញ្ញាតជាគោលការណ៍ជួលអចិន្ត្រៃយ៍រយៈពេល៥០ឆ្នាំ អាចជួលបន្តជាថ្មី និងវិនិយោគអភិវឌ្ឍន៍លើកោះមាសទំហំជាង ៣៤០ហិកតា ឱ្យទៅក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត៕









