សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

រដ្ឋាភិបាលចែកពូជស្រូវដល់​ពលរដ្ឋនៅខេត្តពោធិ៍សាត់ជាង៧ពាន់គ្រួសារ បន្ទាប់​ពីដំណាំស្រូវប៉ះពាល់ដោយសារទឹកជំនន់

ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទទួលបានពូជស្រូវ និងស្បៀងពីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីស្រូវរបស់ពួកគេត្រូវបានខូចខាតដោយសារ​ជំនន់​ទឹកភ្លៀងកន្លងមក។ (STPM)
ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទទួលបានពូជស្រូវ និងស្បៀងពីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីស្រូវរបស់ពួកគេត្រូវបានខូចខាតដោយសារ​ជំនន់​ទឹកភ្លៀងកន្លងមក។ (STPM)

ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ចំនួនជាង៧ពាន់គ្រួសារ តំណាងឱ្យជាង១ម៉ឺនគ្រួសារ បាន​ទទួលពូជស្រូវពីរដ្ឋាភិបាលកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់។ 

នេះជាលើកទី២ហើយដែលរដ្ឋាភិបាលបានចែកពូជស្រូវ និងស្បៀងដល់ប្រជាពលរដ្ឋ ដែលលើកទី១ បានធ្វើឡើង​ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ជាង១ម៉ឺនគ្រួសារក្នុងខេត្តបាត់ដំបង។ តែយ៉ាងណាមិញ មានខេត្តចំនួន៧បានរងការប៉ះពាល់ពីគ្រោះធម្មជាតិ​ទឹកជំនន់។ 

លោកនាយករដ្ឋមន្រ្តីបានថ្លែងក្នុងកម្មវិធីចែកពូជស្រូវដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់​នៅថ្ងៃទី៥ ខែវិច្ឆិកាថា៖ «យើងមាន៧ ខេត្ត ដែលប៉ះពាល់នូវទឹកជំនន់ ១៣ម៉ឺនគ្រួសារ ជួបផ្ទាល់ ជាងមួយមុឺនគ្រួសារ នៅសល់ជាង១០មុឺនទៀតត្រូវជួយពួកគាត់ ជាពិសេស ការដាំដុះឡើងវិញ ក្រសួងកសិកម្មត្រូវចុះជួយ ព្រោះ ឥឡូវយើងព្យាករ និងកាត់បន្ថយហានិភ័យ អ៊ែលនីញ៉ូ (El Niño )»។​ 

ខេត្តពោធិ៍សាត់ ជាខេត្តមួយក្នុងចំណោមខេត្តទាំង៧ទៀត ដែលរងផលប៉ះពាល់ពីគ្រោះរាំងស្ងួត និង គ្រោះទឹកជំនន់កន្លងមកនេះ។

ស្របពេលជាមួយគ្នានេះ អភិបាលខេត្តពោធិ៍សាត់​ លោក ខូយ រីដា បានរាយការណ៏ថា​ ផ្ទៃដីប៉ះពាល់សរុបមាន ៧៣ ៣៨៧ ហិកតា។ លោកបន្តថា មន្ទីរជំនាញសង្គ្រោះបានទាន់ពេលវេលាចំនួន ៥០ ៧៦៨ ហិកតា ខូចខាតដំណាំស្រូវលើផ្ទៃដី ២២ ៩១៦​ ហិកតា និងផ្ទៃដីត្រូវស្តារឡើងវិញចំនួន ៣ ៣៧៧ ហិកតា។

បន្ទាប់ពីគ្រោះរាំងស្ងួត ធ្វើឱ្យខូចខាតដំណាំស្រូវនិងដំណាំផ្សេងៗ  លោកបន្តថា ខេត្តពោធិ៍សាត់ក៏ទទួលរងនូវឥទ្ធិពលភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលនាំឱ្យមានទឹកជំនន់ដល់តំបន់មួយចំនួន ហើយប៉ះពាល់ដល់ការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត ព្រមទាំងផលិតកម្មនិងកសិកម្មរបស់ប្រជាពលរដ្ឋ ។

ក្នុងនោះ មានកម្មវិធីចែកពូជស្រូវ និងស្បៀង មានពលរដ្ឋចំនួន ១ ៥៧៩ គ្រួសារ​ ទទួលស្រូវ​ពូជ ដើម្បីជួយសម្រួលដល់ការស្តារផលិតកម្មស្រូវឡើងវិញ និង៩ ៤២១គ្រួសារទទួលស្បៀង ដើម្បីជួយបំពេញតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ។

យោងតាមក្រសួងធនធានទឹក និងឧតុនិយមបាន​ឱ្យ​ដឹង​ថា រដូវវស្សាត្រូវបានបញ្ចប់នៅសប្តាហ៍ទីបីនៃខែតុលា ហើយបានព្យាករណ៍ថា លទ្ធភាព ១០០% ដែលបាតុភូត El Niño នឹងបន្តកើតមានរហូតដល់ខែកុម្ភៈ ឆ្នាំ ២០២៧។

តែយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា ការចែកពូជស្រូវជូនកសិករនៅខេត្តពោធិ៍សាត់នេះ មិនទាន់អាចដោះស្រាយបញ្ហា ការប្រឈមរបស់កសិករក្នុងខេត្តនេះបាននៅឡើយទេ ដោយសារក្រៅតែពីបញ្ហាគ្រោះធម្មជាតិ កសិករក៏រងគ្រោះពីរការបិទព្រំដែន។

ប្រជាពលរដ្ឋបង្ខំចិត្តច្រូតស្រូវប្រណាំងទឹកជំនន់ ដែលជន់លិចនៅចំណុចអាងភៀស ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ថ្ងៃទី ៣០ ខែ កញ្ញាឆ្នាំ២០២៦ ។ (ខេមបូចា/មាស ភារុណ)
ប្រជាពលរដ្ឋបង្ខំចិត្តច្រូតស្រូវប្រណាំងទឹកជំនន់ ដែលជន់លិចនៅចំណុចអាងភៀស ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ថ្ងៃទី ៣០ ខែ កញ្ញាឆ្នាំ២០២៦ ។ (ខេមបូចា/មាស ភារុណ)

ចំពោះផលប៉ះពាល់ជាក់ស្តែងនៅតាមសហគមន៍ លោក  វ៉ាន់ សារ៉ាន់ ដែលជាកសិកររស់នៅក្នុងឃុំស្វាយអាត់ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ផ្ទៃដីស្រែក្នុងឃុំរបស់លោកប្រមាណ ៤០០ទៅ៥០០ហិកតា បានរងការខូចខាត ដោយសារគ្រោះរាំងស្ងួត និងទឹកជំនន់ជាបន្តបន្ទាប់។ 

ក្នុងនោះ ដីស្រែដែលលោកធ្វើមានទំហំ១ហិកតា ក៏រងផលប៉ះពាល់ផងដែរ ក្នុងអឡុងពេលមានគ្រោះទឹកជំនន់។ លោកបានខាតបង់ទឹកប្រាក់ប្រមាណ ៨០ម៉ឺនរៀលពីការខូតខាតស្រូវនេះ។  លោកមិនមានផែនការក្នុងការធ្វើស្រែនារដូវប្រាំងឡើយ ដោយបារម្ភពីបញ្ហាគ្រោះរាំងស្ងួត។ 

លោកបាននិយាយថា៖ «ខ្ញុំខាត៨០មុឺន[រៀល] ហើយបើធ្វើស្រែប្រាំងទៀត បើអត់មានទឹកបូមទៀត ខ្លាចខាតកាន់តែខ្លាំង។»

តែយ៉ាងណាមិញ លោកសារ៉ាន់ មិនទាន់ទទួលបាន ស្បៀង ឬស្រូវពូជនៅឡើយទេ តែលោកបានសម្តែងការសប្បាយចិត្តដែលរដ្ឋាភិបាលបានចែកស្រូវពូជជូនពលរដ្ឋរងគ្រោះ។ 

អ្នកស្រី ច្រឹក សុភា អ្នកសម្របសម្រួលអង្គការសកម្មភាពសង្គមដើម្បីសហគមន៍ និងការអភិវឌ្ឍន៍ បានបង្ហាញការស្វាមគមន៍ចំពោះចំណាត់ការរបស់រដ្ឋាភិបាល​ ដោយលើកឡើងថា ការផ្តល់ពូជ ដល់កសិករដែលរងគ្រោះដោយគ្រោះមហន្តរាយ គឺជាការឆ្លើយតបដ៏ចាំបាច់មួយ ដើម្បី​ជួយស្តារ​ផលិតកម្មស្បៀង និងធានាសន្តិសុខស្បៀង។

តែយ៉ាងណាមិញ អ្នកស្រីក៏សង្កត់ធ្ងន់លើសារសំខាន់នៃការជ្រើសរើសពូជដែលសមស្របនឺងសណ្ឋានដី។  

អ្នកស្រីនិយាយថា៖ «វាកាន់តែចាំបាច់ ក្នុងការផ្តល់ឱ្យពួកគាត់ [កសិករ] នូវគ្រាប់ពូជ ដែលអាចដាំដុះសមស្របសណ្ឋានដី និងអាកាសធាតុនៅមូលដ្ឋាន។ ចំណុចសំខាន់មួយទៀត ប្រសិនបើពូជនោះ ជាពូជក្នុងស្រុកដែលមិនត្រូវការធាតុចូលកសិកម្ម ដូចជាជី ថ្នាំច្រើនលើសលុប។»

អ្នកស្រីបន្តថា ការលើកកម្ពស់ពូជក្នុងស្រុកពូជបុរាណជាការចាំបាច់ ព្រោះវាជាការជម្រុញរក្សាការពារ និងស្ដារអធិបតេយ្យអត្តសញ្ញាណរបសពួកកសិករខ្មែរ ព្រមទាំងជួយកាត់បន្ថយការពឹងផ្អែកលើពូជទីផ្សារ ដែលតម្រូវឱ្យមានការចំណាយប្រាក់ក្នុងទិញ ខណៈពូជមួយចំនួនធំមិនអាចរក្សាទុកសម្រាប់ដាំដុះនៅរដូវបន្ទាប់បានឡើយ។

អ្នកស្រីបានបន្ថែមថា អ្នកស្រីជំរុញឱ្យរដ្ឋាភិបាលគាំទ្រដល់កសិករខ្នាតតូច តាមរយៈការធានាលំនឹងតម្លៃកសិផលនៅពេលប្រមូលផល និង​ពិចារណាដោះស្រាយបំណុល​កសិករដែលអ្នកស្រីចាត់ទុកថា ជាបញ្ហាធ្ងន់ធ្ងរក្នុងជីវភាពរបស់ពួកគេ។

ព័ត៌មានថ្មី

រូបភាពសម្រាប់ពន្យល់ (ខេមបូចា /ស៊ើង និមល់)
របាយការណ៍​៖ កាស៊ីណូមួយ​ចំនួន​នៅក្រុងព្រះសីហនុ ដែល​ពាក់​ព័ន្ធ​នឹង​ទណ្ឌកម្ម ទទួលបាន​ទឹកប្រាក់​ភាគ​ច្រើន​​ នៃ​​រូបិយប័​ណ្ណ​គ្រីបតូ ដែល​មាន​តម្លៃ​​ជា​ង​១ពាន់លានដុល្លារ

អត្ថបទពេញនិយម