នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងកសិកម្ម ក្រសួងធនធានទឹក និងអាជ្ញាធរពាក់ព័ន្ធ ចុះដល់មូលដ្ឋានដើម្បីផ្តល់ពូជស្រូវ និងដំណាំដល់កសិករដែលរងគ្រោះដោយទឹកជំនន់ឆ្នាំនេះ ដើម្បីស្តារផលដំណាំឡើងវិញ និងបន្តផ្តល់ស្បៀងសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលខ្វះខាត។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ក្រសួងកសិកម្ម ត្រៀមជួយមើលនៅគ្រាប់ពូជស្រូវ កន្លែងណាដែលអាចស្តារបាន កន្លែងណានៅទឹកមិនទាន់ជួយបាន យើងផ្តល់ស្បៀងមួយចំនួន ក្រសួងកសិកម្ម និងក្រសួងធនធានទឹកជួយមើល»។
លោកនាយករដ្ឋមន្ត្រីថ្លែងបែបនេះ ខណៈដែលអញ្ជើញចុះចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅខេត្តបាត់ដំបងជាង ១ម៉ឺនគ្រួសារ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ។
លោកនាយករដ្ឋមន្ត្រីបានចាត់ទុកការផ្តល់ពូជស្រូវជូនកសិករដើម្បីស្តារឡើងវិញនៅខេត្តបាត់ដំបងនេះ គ្រាន់តែជានិម្មិតរូបប៉ុណ្ណោះ ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះទូទាំងប្រទេសប្រមាណ ១២ម៉ឺនគ្រួសារ លើ ៧ខេត្ត ដែលក្នុងនោះខេត្តបាត់ដំបងរងគ្រោះច្រើនជាងគេរហូតដល់ជាង ៦ម៉ឺនគ្រួសារ។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា៖ «ចឹងសុំអាជ្ញាធរបណ្តាខេត្តពាក់ព័ន្ធ សហការជាមួយគណៈពង្រឹងថ្នាក់ជាតិចុះជួយ ដល់ប្រជាពលរដ្ឋឱ្យគ្រប់ទីកន្លែង ..ព្រោះចុងខែ១១នេះចាប់ផ្តល់ធ្វើស្រូវប្រាំង ចម្ការអីបន្តទៀត»។
បន្ថែមពីនោះ លោកនាយករដ្ឋមន្ត្រីក៏បានឱ្យពិនិត្យមើលការស្តារឡើងវិញផ្លូវដែលខូចខាត និងសិក្សាបន្ថែមលើប្រព័ន្ធប្រឡាយ ទំនប់ទឹក ដើម្បីត្រៀមបង្ការទៅថ្ងៃក្រោយ ដើម្បីបញ្ចៀសបាននូវទឹកជំនន់ធំដូចឆ្នាំនេះ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «ខេត្តបន្ទាយមានជ័យ..ប្រឡាយយើងធ្វើបានជាង១រយគីឡូ បន្តទៅចាក់ទៅទន្លេសាប យើងបន្តថែមទៀត ចឹងត្រូវយកពេលហ្នឹង សិក្សាបន្តទៀត កន្លែងណាដែលត្រូវធ្វើអាងស្តុកទឹក ធ្វើទំនប់បង្ហៀរយ៉ាងម៉េចដើម្បីយើងសិក្សា ពេលទឹកស្រកសល់ទឹក កន្លែងណាដែលត្រូវដោះស្រាយទឹកសម្រាប់កសិកម្ម កន្លែងណាដោះស្រាយទឹកសម្រាប់ហូប»។
លោក ហ៊ុន ម៉ាណែត បន្តថា៖ «ចឹងយើងគ្រប់គ្រងទាំងពីរហ្នឹង ខែវស្សាកុំឱ្យលិចលង់ ខែប្រាំងកុំឱ្យខ្វះខាតទឹក ចឹងយើងបន្តធ្វើអាងទឹក ទំនប់ច្រើន ត្រូវសម្ពោធទំនប់ដូនទ្រីនៅចុងឆ្នាំនេះ ..ទំនប់បានធ្វើហើយសម្រាប់ស្ទឹងពោធិសាត់អាចស្តុកទឹកបាន១២០០លានគូប ធំណាស់ កន្លែងខ្លះយើងបានទំនប់ហ្នឹងបូកជាមួយវីរីអគ្គិសនី បានទាំងភ្លើង បូកទាំងទឹក»។
កសិករអ្នកស្រី គឹម ហឿន ដែលកំពុងដឹកពូជស្រូវ ១០០គីឡូក្រាម និងថវិកា ១០ម៉ឺនរៀល តាមម៉ូតូ ដែលទើបទទួលបានពីលោកនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ស្រូវ ២,៥ហិកតារបស់គាត់ ដែលដល់ពេលប្រមូលផល ត្រូវបានលិចខូចអស់កាលពីមុនបុណ្យភ្ជុំបិណ្ឌ។ កសិករមកពីស្រុកសង្កែរូបនេះបាននិយាយថា គាត់មិនទាន់អាចដាំដុះស្រូវឡើងវិញបាននៅឡើយទេ ដោយសារតែទឹកមិនទាន់ស្រកអស់នៅឡើយទោះបីបានជំនួយពូជស្រូវក៏ដោយ។
អ្នកស្រីបន្ថែមថា៖ «ឥឡូវទឹកមិនទាន់ស្រកទេ ទឹកកន្លែងខ្លះនៅត្រឹមជង្គង់ ខ្លះលើជង្គង់ អ្នកខ្លះបូមទឹកចេញ រួចព្រោះថ្មី តែភ្លៀងមកលិចខូចទៀត ចំណែកខ្ញុំអត់ពូជអត់អី ទឹកលិចមួយសារខូចស្រូវអស់ មិនទាន់អាចធ្វើទៀតទេ រង់ចាំទឹកស្រក»។
អ្នកស្រីបានបន្តថា ឆ្នាំទៅគាត់ដាំដុះស្រូវ OM ជាង ២ហិកតា ទទួលបានផលជាង ១០តោន តែដោយសារតម្លៃស្រូវធ្លាក់ចុះ លក់បានត្រឹមតែ ៧៣០រៀល ក្នុងមួយគីឡូក្រាម បើទូទាត់ថ្លៃជី ថ្នាំ ពូជ ភ្ជួររាស់ និងកម្លាំងពលកម្មដែលអ្នកស្រីទិញ និងជួលគេទាំងអស់ គឺមិនសល់នោះទេ។ ចំណែកដើមដៃឆ្នាំនេះ ស្រូវខូចអស់ទៀត ធ្វើឱ្យបំណុលកាន់តែកើនឡើង។
អ្នកស្រីបន្តថា៖ «ខ្ញុំសុំឱ្យតម្លៃស្រូវបានឡើងមួយគីឡូ លើសមួយពាន់រៀលទើបអាចចំណេញ ព្រោះជីឡើងថ្លៃមួយការ៉ុងជាង១៦ម៉ឺនហើយ»។

កសិករម្នាក់ទៀត លោកស្រី ខា អាយុ ៥៨ឆ្នាំ មកពីស្រុកបាណន់ ដែលកំពុងអង្គុយចាំរថយន្តមកដឹកពូជស្រូវដែលទទួលបានត្រឡប់ទៅភូមិវិញ បានឱ្យដឹងដែរថា ឆ្នាំនេះទឹកឡើងលឿនខ្លាំងដោយសារទឹកភ្លៀងធ្លាក់ជាប់ ទឹកស្ទឹងសង្កែឡើង និងទឹកហូរធ្លាក់ពីអាងកំពីងពួយផង ស្រូវដែលពេញប្រមូលផលរបស់គាត់ ៥ហិកតា និងស្រូវអ្នកភូមិជាច្រើនទៀតត្រូវបានលិចលង់តាមទឹក។
កសិកររូបនេះនិយាយថា គាត់បានបង្ខំចិត្តច្រូតស្រូវប្រដេញទឹកបានខ្លះ ដោយមួយហិកតាបានតែមួយធុងប៉ុណ្ណោះ (១ធុង = ១ ២០០គីឡូក្រាម) បើមិនលិចទឹក គាត់អាចប្រមូលផលបាន ៥ធុង ក្នុងមួយហិកតា។
លោកស្រី សុខា បាននិយាយថា៖ «យើងមិនទាន់អាចព្រួសស្រូវបាននៅឡើយទេ ឥឡូវនៅទឹកច្រើន ពាក់កណ្តាលខែ១១ អាចធ្វើម្តងទៀត ទឹកនៅលិចភ្លឺនៅឡើយ វាហូរនៅយឺត»។
កសិកររូបនេះបានសង្ឃឹមលើការបង្កបង្កើនផលចុងដៃនេះបានផលល្អ និងលក់បានតម្លៃសមរម្យ អាចដោះបំណុលដែលជំពាក់គេថ្លៃជី និងថ្នាំកាលពីដើមដៃ។
លោកស្រី សុខា បាននិយាយថា៖«សង្ឃឹមចុងដៃបានរួចខ្លួនវិញ សុំឱ្យតម្លៃស្រូវបាន៩០០ជាង ទៅ១០០០រៀលមួយគីឡូបានហើយ កុំឱ្យដូចឆ្នាំទៅមិញបាន៦០០ជាងមួយគីឡូ ហើយសុំ ជី និងប្រេង ឱ្យតម្លៃថោកជាងមុន»។
យោងរបាយការណ៍របស់រដ្ឋបាលខេត្ត ឆ្នាំនេះជំនន់ទឹកភ្លៀងបានប៉ះពាល់ ១៤ក្រុង-ស្រុក ក្នុងខេត្តបាត់ដំបង លើ ៨៨ឃុំ-សង្កាត់ ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។ ស្រូវដែលរងផលប៉ះពាល់មានចំនួនជាង ១២ម៉ឺនហិកតា ក្នុងនោះខូចខាតជាង ៧ម៉ឺនហិកតា។ បន្ថែមពីនោះ ជំនន់រហ័សនេះបានប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាង ៥ម៉ឺនខ្នង ប៉ះពាល់ផ្លូវជាតិ និងផ្លូវខេត្តជាង ២០០គីឡូម៉ែត្រ ព្រមទាំងប៉ះពាល់សាលារៀន មណ្ឌលសុខភាព និងវត្តអារាមមួយចំនួនផងដែរ។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងចំណោមស្រូវដែលខូចខាតជាង ៧ម៉ឺនហិកតានៅខេត្តបាត់ដំបង នឹងត្រូវធ្វើការស្តារឡើងវិញប្រមាណ ៤៩ ០០០ហិកតា នារដូវប្រាំងខាងមុខ។
លោក សុខ លូ បានបញ្ជាក់ថា ពេលនេះរាជរដ្ឋាភិបាលបានផ្តល់ពូជស្រូវដល់កសិករដែលត្រូវស្តារឡើងវិញចំនួនជាង ៤ ៣០០គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋដែលត្រូវទទួលបានពូជស្រូវជាង ១៥ ០០០គ្រួសារ និងបានផ្តល់កញ្ចប់ស្បៀងដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ជាង ៦ ៣០០គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋ ៣៤ ៧៨០គ្រួសារ ដែលត្រូវចែកបន្តបន្ទាប់នាពេលខាងមុខនេះ។
លោកបន្ថែមថា កន្លងមករដ្ឋបាលខេត្តក៏បានទទួលស្បៀង និងថវិកាពីប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងសប្បុរសជននានា ផ្តល់ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងជាបន្តបន្ទាប់ផងដែរ នៅអំឡុងពេលរងគ្រោះភ្លាមៗ។
លោក សុខ លូ បានបន្ថែមថា៖ «រដ្ឋបាលខេត្តបានកៀងគរ សប្បុរសជន ក្រុមការងារ និងទទួលបានស្បៀងសង្គ្រោះបន្ទាន់ពីរលើក៦ពាន់ឃីដ ពីគណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា សរុបជារួម បាន២១ ០៤៨គ្រួសារ »។
ទោះបីយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទន្ទឹមនឹងធ្វើការស្តារផលដំណាំឡើងវិញ និងគិតគូរផ្តល់ស្បៀងសង្គ្រោះបន្ទាន់ ក៏ត្រូវគិតគូរពីការរក្សាទឹកទុកប្រើប្រាស់ផងដែរ ខណៈការព្យាករណ៍បង្ហាញថា ប្រទេសកម្ពុជាក៏ត្រូវទទួលនូវបាតុភូតអ៊ែលនីញ៉ូ (El Niño) បណ្តាលឱ្យក្តៅខ្លាំងនាពេលខាងមុខផងដែរ។
លោក ហ៊ុន ម៉ាណែត បានបន្ថែមថា៖ «ចាប់ពីខែនេះទៅមុខប្រយ័ត្នអត់ទឹកឡើងវិញ បាតុភូតអ៊ែលនីញូ ទូទាំងពិភពលោកកំពុងត្រៀមលក្ខណៈ ប្រើប្រាស់គ្រប់គ្រងទឹកឱ្យបាន កុំឱ្យឥឡូវសម្បូរទឹក ទៅចុងរដូវអស់ទឹកបាត់ យើងមើលតាមហ្នឹង ខិតខំ»។
លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានឱ្យដឹងថា អាងទឹកធំៗក្នុងខេត្តបាត់ដំបងបានស្តុកទឹកទុកពេញអាងអស់ហើយ និងបានគណនាបរិមាណទឹកដែលត្រូវទុកប្រើប្រាស់សម្រាប់ជីវភាពរស់នៅ និងទឹកសម្រាប់ស្រោចស្រពស្រូវវគ្គពីរនៅចុងរដូវវស្សានេះរួចហើយ ដែលតាមការព្យាករណ៍ រដូវប្រាំងនឹងចូលមកដល់ចុងខែតុលានេះ។
លោកប្រធានមន្ទីរបន្ថែមថា៖ «មន្ទីរបានកំណត់ទៅតាមប្រព័ន្ធធារាសាស្រ្តដែលមានប្រភពទឹកអាចឱ្យស្តារឡើងវិញតែចំនួន៤៩ ០០០ហិកតាប៉ុណ្ណោះ ដែលមានប្រព័ន្ធស្ទឹងមោងឬស្សី ប្រ័ពន្ធស្ទឹងសង្កែ ប្រ័ពន្ធស្ទឹងបវេលអត់មានទេ ប្រព័ន្ធអាងកំពីងពួយ គឺមានតែបីធំៗនេះ និងទីតាំងតូចៗ មានអាងភៀស អាងដង្កោរ អាងត្រជាក់ចិត្ត យើងផ្តល់ឱ្យគាត់ស្តារឡើងវិញតិចៗដែរ»។
លោក ខៃ សុដា បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កបង្កើនផលស្រូវតែទីតាំងដែលមន្ទីរជំនាញបានគណនារួចប៉ុណ្ណោះ ហើយមិនគួរបង្កបង្កើនផលស្រូវវគ្គពីរនៅទីតាំងណាដែលប្រព័ន្ធធារាសាស្ត្រមិនមានប្រភពទឹក ដែលអាចងាយនឹងរងហានិភ័យខូចខាតខ្ពស់នោះឡើយ។
លោក អ៊ិន គង់ជិត មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្ស លីកាដូ ប្រចាំតំបន់ បានសម្តែងក្តីរីករាយចំពោះការយកចិត្តទុកដាក់ និងគិតគូរខ្ពស់លើកសិករដែលរងគ្រោះដោយទឹកជំនន់កន្លងមក ព្រមទាំងការផ្តល់ពូជស្រូវជូនកសិករដើម្បីស្តារឡើងវិញនេះ។ ប៉ុន្តែលោកបញ្ជាក់ថា កសិករនៅតែមានកង្វល់នៅពេលដែលផលិតស្រូវបាន តែមិនមានតម្លៃខ្ពស់។ ក្នុងនាមសង្គមស៊ីវិល លោកស្នើឱ្យក្រសួង ក៏ដូចជាមន្ទីរពាណិជ្ជកម្មតាមខេត្ត ជួយរកទីផ្សារកសិផលឱ្យប្រជាពលរដ្ឋលក់បានតម្លៃសមរម្យ ដើម្បីទូទាត់ជាមួយការចំណាយផ្សេងៗ ខណៈតម្លៃប្រេងឡើងថ្លៃ បើមិនដូច្នេះទេ កសិករមិនអាចទប់ទល់នឹងការចំណាយខ្ពស់លើថ្លៃដើមបាននោះទេ។
លោក អ៊ិន គង់ជិត បានសំណូមពរបន្ថែមថា៖ «ស្នើមន្រ្តីធនធានទឹក ជួយគ្រប់គ្រង និងត្រៀមចែកចាយទឹកទៅតំបន់ណាដែលខ្វះខាត និងកន្លែងដែលនៅមានទឹកច្រើនគួរជួយរំដោះទឹកចេញដើម្បីឱ្យកសិករបានបង្កបង្កើនផលលើកទីពីរបានលឿន ចំណែកខាងមន្ទីរកសិកម្ម ត្រូវស្រាវជ្រាវប្រមូលទិន្នន័យថែមទៀតអំពីការខូចខាតរបស់ប្រជាពលរដ្ឋនៅតំបន់ រឺស្រុកផ្សេងទៀតដែលគាត់ត្រូវការចាំបាច់ក្នុងការជួយឧបត្ថម្ភគាំពារដល់ពួកគាត់បន្ថែម»៕









