អង្គការលើកលែងទោសអន្តរជាតិ បានភ្ជាប់ក្រុមហ៊ុនសន្តិសុខឯកជនយ៉ាងហោចណាស់ចំនួន៥ ទៅនឹងការរំលោភបំពាននៅតាមទីតាំងឆបោកតាមអនឡាញក្នុងប្រទេសកម្ពុជា ដោយលើកឡើងថាសន្តិសុខរបស់ក្រុមហ៊ុនទាំងនេះបានឃុំខ្លួនកម្មករដែលត្រូវបានជួញដូរមនុស្សនៅខាងក្នុងទីតាំងទាំងនោះដោយមានទាំងការវាយដំ និងឆក់ចរន្តអគ្គិសនីលើអ្នកដែលប្រឆាំង ហើយនៅទីតាំងមួយនោះសន្តិសុខបានឈរមើលអ្នកគ្រប់គ្រងរំលោភស្ត្រីជាច្រើនទៀតផង។
នៅក្នុងរបាយការណ៍មួយដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ អង្គការសិទ្ធិមនុស្សនេះក៏បានភ្ជាប់មន្ត្រីជាន់ខ្ពស់ក្នុងជួរយោធា និងនគរបាលទៅនឹងក្រុមហ៊ុន និងទីតាំងឆបោកមួយចំនួនផងដែរ។ អង្គការនេះបានឱ្យដឹងថា ទាហាន និងមន្ត្រីនគរបាលដែលកំពុងបម្រើការងារមានទំនាក់ទំនងជាមួយទីតាំងឆបោកយ៉ាងហោចណាស់ចំនួន២២ ក្នុងចំណោមទីតាំងចំនួន៨៦ ដែលត្រូវបានកត់ត្រាទុក។
អង្គការលើកលែងទោសអន្តរជាតិបានឱ្យដឹងថា ក្រុមហ៊ុនសន្តិសុខទាំង៥ រួមមានក្រុមហ៊ុនសន្តិសុខលាភសំណាង, ក្រុមហ៊ុន Security Response, ក្រុមហ៊ុនសន្តិសុខZD, ក្រុមហ៊ុនសន្តិសុខតារាស៊ីឃ្យួរឹធី សឺវីស និងក្រុមហ៊ុនBest (Cambodia) Security Service ដែលសុទ្ធតែបានចុះបញ្ជីនៅកម្ពុជា បានផ្តល់សន្តិសុខឱ្យទីតាំងឆបោកតាមអនឡាញយ៉ាងហោចណាស់ចំនួន២៣ ក្នុងរយៈពេលជាច្រើនឆ្នាំ។ ក្នុងករណីខ្លះ សូម្បីតែក្រោយពេលរដ្ឋាភិបាលចាប់ផ្តើមបង្ក្រាបទូទាំងប្រទេសលើឧស្សាហកម្មនេះនៅខែកក្កដា ឆ្នាំ២០២៥ក៏ដោយ ក៏ក្រុមហ៊ុនទាំងនេះនៅតែបន្តផ្តល់សេវាយាមកាមដល់ទីតាំងទាំងនោះដដែល។
លោកស្រី Agnès Callamard អគ្គលេខាធិការអង្គការលើកលែងទោសអន្តរជាតិបានមានប្រសាសន៍ថា៖ «អស់រយៈពេលជាច្រើនឆ្នាំមកហើយ អ្នករួចជីវិតពីទីតាំងដ៏គួរឱ្យរន្ធត់ទាំងនេះបានរៀបរាប់ថា ពួកគេបានជួបសមាជិកកងយោធពលខេមរភូមិន្ទ ឬនគរបាលនៅខាងក្នុងទីតាំងទាំងនោះ។ ការរៀបរាប់ទាំងនេះនៅមិនទាន់អាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ រហូតមកដល់ពេលនេះ»។
អង្គការលើកលែងទោសអន្តរជាតិ ដែលបានចេញផ្សាយរបាយការណ៍ជាបន្តបន្ទាប់រិះគន់ការឆ្លើយតបរបស់កម្ពុជាចំពោះឧស្សាហកម្មឆបោកតាមអនឡាញ បានចោទប្រកាន់អាជ្ញាធរថាបានបរាជ័យក្នុងការស៊ើបអង្កេតក្រុមហ៊ុនសន្តិសុខនិងបណ្តាញដែលមានទំនាក់ទំនងជាមួយទីតាំងឆបោកទាំងនោះ។ ឧស្សាហកម្មនេះរកចំណូលបានរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិឆ្នាំ២០២៣ បានប៉ាន់ប្រមាណថា មនុស្សប្រមាណ ១០០០០០នាក់ អាចត្រូវបានឃុំខ្លួន និងបង្ខំឱ្យធ្វើការក្នុងប្រតិបត្តិការឆបោកនៅកម្ពុជា។
លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនបានឆ្លើយតបនឹងសំណួរថា តើក្រសួងនឹងស៊ើបអង្កេតក្រុមហ៊ុនទាំង៥ និងបុគ្គលផ្សេងទៀតដែលមានឈ្មោះក្នុងរបាយការណ៍នេះ ឬយ៉ាងណានោះទេ។ លោក ឆាយ គឹមខឿន អ្នកនាំពាក្យនគរបាលជាតិ និងលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ក៏មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយដែរ។
នៅក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សរទៅកាន់អង្គការលើកលែងទោសអន្តរជាតិ ក្រសួងមហាផ្ទៃបានឱ្យដឹងថា អាជ្ញាធរបានចុះបង្ក្រាបទីតាំងឆបោកចំនួន៨៣២ និងបញ្ជូនជនសង្ស័យចំនួន ៣ ៤៧៧នាក់ទៅតុលាការ ចន្លោះខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ ហើយមន្ត្រីនគរបាលចំនួន៧៧នាក់ត្រូវបានដាក់វិន័យ។ អង្គការដដែលបានលើកឡើងថា ក្រសួងមិនបានបញ្ជាក់អំពីការស៊ើបអង្កេតណាមួយលើក្រុមហ៊ុន ឬមន្ត្រីដែលមានឈ្មោះក្នុងរបាយការណ៍នោះទេ។
ការរកឃើញទាំងនេះផ្អែកលើការចុះទៅកាន់ទីតាំងឆបោកចំនួន៨២ របស់អង្គការនេះក្នុងចន្លោះឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ តាមរយៈការសម្ភាសអ្នករួចជីវិតចំនួន១៥១នាក់ វីដេអូ និងរូបថតជាង២៥ ០០០ពីគណនីបណ្តាញសង្គមរបស់សន្តិសុខ រូបភាពផ្កាយរណប និងកំណត់ត្រាក្រុមហ៊ុន។

ក្រុមហ៊ុនសន្តិសុខលាភសំណាង( Leap Somnang Security) បានផ្តល់អ្នកសន្តិសុខឱ្យទីតាំងឆបោកតាមអនឡាញយ៉ាងហោចណាស់ចំនួន១៥ ដែលជាចំនួនច្រើនជាងគេក្នុងចំណោមក្រុមហ៊ុនទាំងអស់ដែលមានឈ្មោះក្នុងរបាយការណ៍។ អង្គការលើកលែងទោសអន្តរជាតិបានឱ្យដឹងថា ក្រុមហ៊ុននេះស្ថិតក្រោមការគ្រប់គ្រងរបស់លោក បាន់ សុផាត ជាវរសេនីយ៍ឯកក្នុងជួរកងយោធពលខេមរភូមិន្ទ ដែលធ្លាប់បង្ហាញខ្លួនជាសាធារណៈថាជាប្រធានក្រុមហ៊ុន។ ទីតាំងឆបោកចំនួន៣ ដែលក្រុមហ៊ុននេះផ្តល់សេវាសន្តិសុខឱ្យ ត្រូវបានភ្ជាប់ទៅនឹងឧកញ៉ា លី គួង ដែលត្រូវបានចាប់ខ្លួនកាលពីខែមករា ពាក់ព័ន្ធនឹងបទចោទដែលរួមមានឧក្រិដ្ឋកម្មមានអង្គការចាត់តាំង ការសម្អាតប្រាក់ និងការជ្រើសរើសមនុស្សដោយខុសច្បាប់ដើម្បីកេងប្រវ័ញ្ច។
លោក សុផាត បានបដិសេធថា លោកមិនមានកម្មសិទ្ធិ តួនាទីជានាយក ឬតួនាទីគ្រប់គ្រងនៅក្នុងក្រុមហ៊ុននេះទេ ហើយក៏មិនបានចូលរួមក្នុងការរំលោភបំពានណាមួយដែរ។ លោកបាននិយាយថា លោកគ្រាន់តែជាទីប្រឹក្សារបស់ម្ចាស់ក្រុមហ៊ុនប៉ុណ្ណោះ។ លោកបានទទួលស្គាល់ថា លោកធ្លាប់ធ្វើនាមបណ្ណដែលបង្ហាញថាលោកជាប្រធានក្រុមហ៊ុន និងបានជួយផ្សព្វផ្សាយក្រុមហ៊ុននេះ។
អង្គការលើកលែងទោសអន្តរជាតិក៏បានភ្ជាប់លោក ឡាយ ចន្នី ស្នងការរងនគរបាលខេត្តស្វាយរៀងទៅនឹងក្រុមហ៊ុន Best Security ដោយនិយាយថា លេខទូរសព្ទចំនួនពីរដែលបង្ហាញនៅលើផ្លាកសញ្ញាក្រុមហ៊ុនក្នុងក្រុងបាវិត ជាប់ព្រំដែន ជាលេខរបស់លោក។ អង្គការនេះបាននិយាយ ថា លោកធ្លាប់ចូលរួមក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងដែលសង្ស័យថាពាក់ព័ន្ធនឹងការឆបោក។ ប្រធានក្រុមហ៊ុនBest Security បានប្រាប់អង្គការលើកលែងទោសអន្តរជាតិ ថា លោក ឡាយ ចន្នី ជាម្ចាស់អគារដែលក្រុមហ៊ុនរបស់លោកជួលធ្វើជាសាខាក្នុងខេត្ត ហើយលោកបានអនុញ្ញាតឱ្យក្រុមហ៊ុនដាក់លេខទូរសព្ទរបស់លោកលើផ្លាកសញ្ញា ដើម្បីជួយសម្រួលដល់អតិថិជនក្នុងតំបន់។ ប្រធានក្រុមហ៊ុនរូបនេះបានបន្ថែមថា លោក ចន្នី មិនមានតួនាទីក្នុងការគ្រប់គ្រងក្រុមហ៊ុននោះទេ។
របាយការណ៍នេះក៏បានរកឃើញថា ឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន ដែលអង្គការនេះ ពិពណ៌នាថាជាសមាជិកអង្គភាពកងអង្គរក្សនាយករដ្ឋមន្ត្រី ហាក់ដូចជាទទួលផលប្រយោជន៍ផ្ទាល់នៅក្នុងគម្រោងអភិវឌ្ឍន៍មួយក្នុងខេត្តបន្ទាយមានជ័យ ដែលមានទីតាំងឆបោកមួយស្ថិតនៅក្នុងនោះ។ ដីនោះកំពុងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនអចលនទ្រព្យរបស់ភរិយាលោក។ អ្នករួចរស់ជីវិតពីរនាក់បានប្រាប់អង្គការលើកលែងទោសអន្តរជាតិ ថា មានរថយន្តមួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទដឹកពួកគេទៅកាន់ទីតាំងនោះ ហើយអង្គការនេះបាននិយាយថា ទាហានម្នាក់ដែលហាក់ដូចជាកំពុងស្ថិតក្នុងដំណែងបានបណ្តុះបណ្តាលសន្តិសុខនៅទីនោះ។ របាយការណ៍អង្គការនេះមិនបានបញ្ចូលការឆ្លើយតបពីលោក ឡាយ ចន្នី ឬលោក តឹក ប៊ុនធឿន ឡើយ។
អង្គការលើកលែងទោសអន្តរជាតិ បានឱ្យដឹងថា ខ្លួនក៏បានកំណត់អត្តសញ្ញាណបុគ្គល១៩នាក់ផ្សេងទៀតផងដែរដែលហាក់ដូចជាជាទាហាន ឬមន្ត្រីនគរបាល នៅទីតាំងឆបោកចំនួន១២ ក្នុងនោះមានទីតាំងមួយចំនួនដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនសន្តិសុខលាភសំណាង, ក្រុមហ៊ុនសន្តិសុខ Security Response និង ក្រុមហ៊ុនសន្តិសុខតារាស៊ីឃ្យួរឹធី សឺវីស (Dara Security Service)។
របាយការណ៍នេះក៏បានតាមដានទំនាក់ទំនងអាជីវកម្មរវាងក្រុមហ៊ុនសន្តិសុខចំនួនពីរ និងបុគ្គលដែលមានទំនាក់ទំនងជាមួយសេដ្ឋកិច្ចឆបោកផងដែរ។ អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា ក្រុមហ៊ុនសន្តិសុខ Security Response មានទំនាក់ទំនងជិតស្និទ្ធ ជាមួយធនាគារ Panda Commercial Bank និងក្រុមហ៊ុន Huione Group ដោយសារតែមាននាយក និងប្រតិបត្តិការអាជីវកម្មរួម ។ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានកាត់ផ្តាច់ក្រុមហ៊ុន Huione Group ចេញពីប្រព័ន្ធហិរញ្ញវត្ថុអាមេរិក ដោយចោទប្រកាន់ថាក្រុមហ៊ុននេះពាក់ព័ន្ធនឹងការសម្អាតប្រាក់។
ធនាគារជាតិនៃកម្ពុជាបានបិទធនាគារ Panda Bank កាលពីខែកុម្ភៈ ប៉ុន្មានខែបន្ទាប់ពីសារព័ត៌មានខេមបូចា បានចេញផ្សាយព័ត៌មានមួយដែលរកឃើញថាមានថ្នាក់ដឹកនាំត្រួតស៊ីគ្នារវាងធនាគារនេះ និង Huione Pay ដែលជាផ្នែកផ្តល់សេវាទូទាត់ប្រាក់របស់ក្រុមហ៊ុន Huione Group។ ធនាគារជាតិបានបញ្ជាក់ថា ខ្លួនបានដកហូតអាជ្ញាបណ្ណធនាគារនេះ ដោយសារស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារបានធ្លាក់ចុះ។
អង្គការលើកលែងទោសអន្តរជាតិក៏បានភ្ជាប់ក្រុមហ៊ុន ZD Security ដែលពីមុនមានឈ្មោះថា BIC Security ទៅនឹងក្រុមហ៊ុន ZhengHeng Group ដែលចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មកាលពីឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការប្រើប្រាស់ពលកម្មដោយបង្ខំនៅគម្រោងអភិវឌ្ឍន៍ Long Bay របស់ក្រុមហ៊ុននេះ ដែលជាទីតាំងមួយដែលអង្គការនេះ បានលើកឡើងថា ត្រូវបានយាមការពារដោយក្រុមហ៊ុន ZD Security។ យោងតាមរបាយការណ៍ដដែល លោក Deng Pibing ប្រធានក្រុមហ៊ុន ZhengHeng ធ្លាប់ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនសន្តិសុខនេះ រហូតដល់ខែតុលា ឆ្នាំ២០២៣។ ក្រុមហ៊ុន ZhengHeng បានបដិសេធថា ខ្លួនមិនបានពាក់ព័ន្ធនឹងការរំលោភបំពានដែលត្រូវបានចោទប្រកាន់នោះទេ។
លោក យឹម លក្ខណ៍ ដែលជាកូនប្រុសរបស់អតីតឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក៏ធ្លាប់ជានាយកម្នាក់របស់ក្រុមហ៊ុនសន្តិសុខនេះផងដែរ។ មេធាវីរបស់លោក លោក យឹម លក្ខណ៍ បាននិយាយថា លោក លក្ខណ៍ មិនមានការពាក់ព័ន្ធនឹងការរំលោភបំពានទាំងនោះឡើយ ហើយអង្គការលើកលែងទោសអន្តរជាតិក៏បានបញ្ជាក់ថា ខ្លួនមិនបានធ្វើការសន្និដ្ឋានអំពីការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់លោក លក្ខណ៍ ដែរ។
កាលពីថ្ងៃអង្គារ តុលាការថៃបានចេញដីកាចាប់ខ្លួន លោក លក្ខណ៍ និងមនុស្ស៦នាក់ផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ថាបានសម្អាតប្រាក់ដែលបានមកពីបណ្តាញឆបោកនៅអាស៊ីអាគ្នេយ៍។ អាជ្ញាធរថៃបាននិយាយថា ពួកគេនឹងរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមនេះដែលមានតម្លៃជាង១ពាន់លានដុល្លារ។ លោក លក្ខណ៍ បានបដិសេធការចោទប្រកាន់ទាំងនេះ។
ក្រុមហ៊ុនសន្តិសុខ Security Response បានបដិសេធការចោទប្រកាន់ ដោយនិយាយថា ខ្លួនប្រកបអាជីវកម្មដោយស្របច្បាប់ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាសន្តិសុខដែលបានចុះបញ្ជីត្រឹមត្រូវ។ ក្រុមហ៊ុន Best Security បាននិយាយថា កំណត់ត្រារបស់ខ្លួនមិនបង្ហាញថាធ្លាប់បានផ្តល់សន្តិសុខឱ្យទីតាំងដែលអង្គការលើកលែងទោសអន្តរជាតិ បានភ្ជាប់ទៅនឹងក្រុមហ៊ុននេះឡើយ ហើយបានលើកឡើងថា ឯកសណ្ឋានរបស់ខ្លួនអាចត្រូវបានគេយកទៅចម្លង។ ចំណែកក្រុមហ៊ុន ZD Security មិនបានឆ្លើយតបនឹងអង្គការលើកលែងទោសអន្តរជាតិទេ។
របាយការណ៍ដដែលបានសង្កត់ធ្ងន់ថា៖ «ការទទួលខុសត្រូវគឺមានសារៈសំខាន់ណាស់សម្រាប់ជនរងគ្រោះ និងអ្នករួចរស់ជីវិតពីការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ»។
អង្គការលើកលែងទោសអន្តរជាតិក៏បានអំពាវនាវឱ្យកម្ពុជាផ្អាកអាជ្ញាបណ្ណរបស់ក្រុមហ៊ុនសន្តិសុខដែលមានភស្តុតាងគួរឱ្យជឿជាក់ថាបានជាប់ពាក់ព័ន្ធនឹងការរំលោភបំពាន និងស៊ើបអង្កេតយោធា និងនគរបាលដែលត្រូវបានសង្ស័យថាមានការពាក់ព័ន្ធ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodian Soldiers, Police Tied to Firms Guarding Abusive Scam Compounds, Amnesty Says










