សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អ្នកសារព័ត៌មាន​អនឡាញត្រូវបានតុលាការផ្តន្ទាទោស ក្រោយរាយការណ៍​ពីទាហាន​ជួរមុខ​ខ្វះទឹកប្រើប្រាស់

លោក លួត សុផល អ្នកសារព័ត៌មាននៅខេត្តឧត្តរមានជ័យ ត្រូវបានចាប់ខ្លួនកាលពី​ខែ​កុម្ភៈ ឆ្នាំ ២០២៦ បន្ទាប់ពីរាយការណ៍ព័ត៌មានថាកងទ័ពជួរមុខខ្វះទឹកប្រើប្រាស់។ តុលាការ​បាន​ផ្តន្ទាទោស​​​លោក​ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ។ (រូបថតពី​គណនី​ហ្វេសប៊ុក​​​របស់​លោក លួត សុផល)
លោក លួត សុផល អ្នកសារព័ត៌មាននៅខេត្តឧត្តរមានជ័យ ត្រូវបានចាប់ខ្លួនកាលពី​ខែ​កុម្ភៈ ឆ្នាំ ២០២៦ បន្ទាប់ពីរាយការណ៍ព័ត៌មានថាកងទ័ពជួរមុខខ្វះទឹកប្រើប្រាស់។ តុលាការ​បាន​ផ្តន្ទាទោស​​​លោក​ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ។ (រូបថតពី​គណនី​ហ្វេសប៊ុក​​​របស់​លោក លួត សុផល)

អ្នកសារព័ត៌មានអនឡាញម្នាក់ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ បន្ទាប់ពី​ផ្សព្វ​ផ្សាយព័ត៌មានដែលអាជ្ញាធរចាត់ទុកថា ធ្វើប៉ះពាល់ដល់ទឹកចិត្តកងទ័ព​កម្ពុជា​ក្នុងអំ​ឡុង​ពេល​មាន​ជម្លោះ​ព្រំដែនកម្ពុជា និងថៃ។ ក្រុមអង្គការការពារសេរីភាព​សារព័ត៌មាន​បានលើកឡើងថា វាធ្វើឱ្យប៉ះពាល់ដល់សេរីភាពសារព័ត៌មាន​នៅកម្ពុជា។

នៅថ្ងៃអង្គារនេះ សាលាដំបូងខេត្តឧត្តរមានជ័យបានសម្រេចថា លោក លួត សុផល មាន​ទោស​ពី​បទ​ «ធ្វើឱ្យខូចទឹកចិត្តកងទ័ព» និង «ញុះញង់ឱ្យប្រព្រឹត្តបទ​ឧក្រិដ្ឋជាអាទិ៍»។ នេះបើតាមការបញ្ជាក់ពី​អ្នក​នាំ​​​ពាក្យ​​សាលា​​ដំបូងលោក ហ៊ែល ឆេងហុង។​

លោក អែម ចន្ថា មេធាវី​ការពារក្តី លោក សុផល បានថ្លែងថា៖ «ខ្ញុំមិនអាចទទួលយកការ​សម្រេច​​នេះ​​បានទេ ព្រោះ​​​អ្វី​ដែលគាត់បានធ្វើ មិនមែនជាចេតនាប្រព្រឹត្តបទល្មើសឡើយ។ គាត់​គ្រាន់​តែចង់​ផ្តល់​ព័ត៌មាន​ដល់​​រដ្ឋាភិបាលប៉ុណ្ណោះ»។ លោកបន្ថែមថា លោកនឹងពិភាក្សាជាមួយកូនក្តីថា តើ​គួរប្តឹ​ង​ឧទ្ធរណ៍​ឬអត់​។

លោក ​សុផល ត្រូវបានចាប់ខ្លួនក្នុងខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីលោកបានផ្សាយ​ព័ត៌មាន​កាលពីថ្ងៃទី៧ ខែកុម្ភៈ អំពីកងទ័ពជួរមុខដែលប្រឈមនឹងការខ្វះទឹកប្រើប្រាស់។

ភរិយារបស់លោក លួត សុផល គឺអ្នកស្រី វឿន ឡាឡង់ បានសម្តែងការខកចិត្តចំពោះ​សាលក្រម​ដែល​​សម្រេច​ដាក់ពន្ធនាគារស្វាមីរបស់អ្នកស្រី។

អ្នកស្រីបាននិយាយថា៖ «វាមិនយុត្តិធម៌ទេ ព្រោះគាត់កំពុងផ្តល់ព័ត៌មានដែលមាន​ប្រយោជន៍​​ដល់​ប្រទេស​ជាតិ។ ផ្ទុយទៅវិញ គាត់ត្រូវបានចាប់ដាក់ពន្ធនាគារ។ គាត់គ្រាន់តែ​រាយការណ៍​ការ​ពិត​ប៉ុណ្ណោះ​។ គាត់មិនបានញុះញង់នរណាទេ»។

អ្នកស្រីបានអំពាវនាវឱ្យតុលាការដោះលែងស្វាមីខ្លួនជាបន្ទាន់ ដោយលើកឡើងថា អ្នកស្រី​នឹង​ត្រូវ​ទទួល​បន្ទុកផ្គត់ផ្គង់គ្រួសារតែម្នាក់ឯង ខណៈពួកគេមានកូនបីនាក់ដែលមានអាយុចន្លោះពី ៣ឆ្នាំ ដល់ ១៧ឆ្នាំ។

អ្នកស្រី ឡាឡង់ បានបន្តថា៖ «ចំណូលភាគច្រើនរបស់យើងបានមកពីគាត់។ ប៉ុន្តែពេលនេះ ខ្ញុំ​ត្រូវ​​សងបំណុលធនាគារជាង ៥០០ដុល្លារអាមេរិកក្នុងមួយខែ»។

សមាគម និងអង្គការសារព័ត៌មាននានាបានអំពាវនាវឱ្យរដ្ឋាភិបាល​ការពារអ្នក​សារព័ត៌មាន​ក្នុង​អំឡុង​​ពេលមានជម្លោះព្រំដែនកម្ពុជា និងថៃ ដោយលើកឡើងថា ការចោទប្រកាន់​ដោយ​ប្រើ​បទ​​ព្រហ្មទណ្ឌ​លើ​អ្នក​សារ​ព័ត៌មាន​បានប៉ះពាល់ដល់សេរីភាពសារព័ត៌មាន។

នាយិកាមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោកស្រី ឆន សុគន្ធា បាន​មាន​ប្រសាសន៍​ថា៖ «ការផ្តន្ទាទោសលោក សុផល ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ បានប៉ះពាល់ដល់​សេរីភាព​នៃការបញ្ចេញមតិ ជាពិសេសអ្នកសារព័ត៌មាន​ដែលហ៊ាន​រាយការណ៍​ពីបញ្ហារសើប»។

លោកស្រីបានអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រសួងការពារជាតិ ធ្វើការស៊ើប​អង្កេត​ជា​មុន​សិនថា តើព័ត៌មានដែលលោក សុផល រាយការណ៍អំពីការខ្វះ​ទឹកប្រើប្រាស់​របស់​កង​ទ័ព​ជួរមុខ ថាជាការពិតឬយ៉ាងណា មុននឹងសម្រេចចោទប្រកាន់លោក។

នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា  លោក ណុប វី ក៏បានបង្ហាញ​ទស្សនៈ​​ស្រដៀង​គ្នានេះដែរ ដោយលោកបានលើកឡើងថា វិធានការផ្លូវច្បាប់បែបនេះ «មាន​ហា​និ​ភ័យជាង» ការរាយ​ការណ៍​អំពីជម្លោះព្រំដែនទៅទៀតសម្រាប់អ្នកសារព័ត៌មាន។

លោកបានថ្លែងថា៖ «នៅតែខ្វះភាពច្បាស់លាស់។ អាជ្ញាធរគួរបញ្ជាក់ឱ្យច្បាស់អំពីការ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធនឹងជម្លោះព្រំដែន បទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​​ជា​អាទិ៍​»។

លោកបានបន្តថា ប្រសិនបើស្ថានភាពបែបនេះនៅតែបន្ត ប្រព័ន្ធផ្សព្វផ្សាយនឹងពិបាក​បំពេញ​តួនាទី​ក្នុងការផ្តល់ព័ត៌មានដល់សាធារណជនទាំងក្នុង និងក្រៅប្រទេស អំពីផលប៉ះពាល់​នៃ​សង្រ្គាម។

លោកបានបន្ថែមថា៖ «ខ្ញុំសូមអំពាវនាវឱ្យមានការអនុវត្តស្តង់ដារច្បាប់អន្តរជាតិ និងគោរព​សេរីភាព​​ជា​មូល​​ដ្ឋានក្នុងការផ្សព្វផ្សាយព័ត៌មានដែលមានប្រយោជន៍សាធារណៈ ជាជាង​ការបកស្រាយច្បាប់​យ៉ាង​ទូលំទូលាយ ដែលនាំឱ្យមានការរឹតត្បិតសេរីភាព»។

ចាប់តាំងពីការចាប់ផ្តើមកើតជម្លោះព្រំដែនកម្ពុជា និងថៃមក អ្នកសារព័ត៌មានចំនួនបីនាក់ និង​អ្នកមានឥទ្ធិពលលើបណ្តាញសង្គមម្នាក់ គឺអ្នកស្រី ធី សុវណ្ណថា ត្រូវបានផ្តន្ទាទោស​ពីបទ​ពាក់​ព័ន្ធ​នឹងអំពើក្បត់ជាតិ និងបទធ្វើឱ្យខូចទឹកចិត្តកងទ័ព។

ចន្លោះពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែកុម្ភៈ ឆ្នាំ២០២៦ មនុស្សជាង ៣០នាក់ រួមមានមន្ត្រី​គណបក្ស​​​ប្រឆាំង សកម្មជន និងអ្នកសារព័ត៌មាន ត្រូវបានចាប់ខ្លួន ដោយសារការបង្ហោះសារ​នៅ​លើ​បណ្តាញ​សង្គម​ពាក់ព័ន្ធនឹងការប៉ះទង្គិចតាមព្រំដែនរវាងកម្ពុជា និងថៃ។

កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ ១៦១ ក្នុងចំណោម ១៨១ ប្រទេស នៅក្នុងសន្ទស្សន៍​សេរីភាព​​​សារ​ព័ត៌​មាន​​ពិភពលោកឆ្នាំ២០២៥ ហើយនៅតែជាប្រទេសមួយក្នុងចំណោម​ប្រទេស​ដែលមាន​ការ​អនុវត្ត​​នីតិរដ្ឋទាបជាងគេនៅលើពិភពលោក។ កន្លងមក រដ្ឋាភិបាល​កម្ពុជា​តែង​តែ​ច្រានចោលរបាយ​ការណ៍​រិះគន់របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ ដោយអះអាងថា មាន​ភាព​លម្អៀង៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Online Journalist Found Guilty of Publishing Story on Frontline Soldiers Facing Water Shortage

ព័ត៌មានថ្មី

អត្ថបទពេញនិយម