សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អ្នកជំនាញជំរុញភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យ AI និងបច្ចេកវិទ្យា​ឈាន​​​មុខ ខណៈស្ត្រីនៅជនបទនៅតែប្រឈមកង្វះឱកាស

វាគ្មិនជាតិ និងអន្តរជាតិជាស្ត្រី ចូលរួមចែករំលែកបទពិសោធន៍ភាពជាអ្នកដឹកនាំក្នុងបរិបទឌីជីថល និងបញ្ញាសិប្បនិម្មិត ក្នុងវេទិកាពិភាក្សាតុមូលមួយក្នុងព្រឹត្តិការណ៍ពិព័រណ៌ហ្រ្វង់កូតិច២០២៦ ក្នុងក្រុងភ្នំពេញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ (ខេមបូចា/ផុន សុទ្ធីរ័ត្ន)
វាគ្មិនជាតិ និងអន្តរជាតិជាស្ត្រី ចូលរួមចែករំលែកបទពិសោធន៍ភាពជាអ្នកដឹកនាំក្នុងបរិបទឌីជីថល និងបញ្ញាសិប្បនិម្មិត ក្នុងវេទិកាពិភាក្សាតុមូលមួយក្នុងព្រឹត្តិការណ៍ពិព័រណ៌ហ្រ្វង់កូតិច២០២៦ ក្នុងក្រុងភ្នំពេញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ (ខេមបូចា/ផុន សុទ្ធីរ័ត្ន)

ស្តាប់សំឡេងនៃអត្ថបទនេះ (បង្កើតដោយ AI)។

អាជ្ញាធរ និងអ្នកជំនាញផ្នែកបច្ចេកវិទ្យា បានជំរុញឱ្យមានការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងការចូល​រួមពេញលេញរបស់ស្ត្រីក្នុងការរចនា និងគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឈានមុខ ដើម្បីធានា​បាននូវសមភាព និងកាត់បន្ថយភាពលម្អៀងយេនឌ័រ ខណៈស្ត្រី និងយុវជននៅតំបន់ជនបទ​នៅតែ​ប្រឈម​នឹង​កង្វះ​ខាតចំណេះដឹង និងលទ្ធភាពប្រើប្រាស់ប្រព័ន្ធឌីជីថលនៅឡើយ។

ការលើកឡើងនេះ ធ្វើឡើងនៅក្នុងវេទិកាពិភាក្សាតុមូលមួយ​ ស្ដីពី«ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុង​បច្ចេកវិទ្យា​ឈានមុខ និងបញ្ញាសិប្បនិម្មិត (AI)»កាលពីថ្ងៃទី១៦ ខែវិច្ឆិកា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នវានុវត្តន៍ «ហ្រ្វង់កូតិច​ ២០២៦» (FrancoTech 2026) ដែលជាកម្មវិធីអមជាមួយនឹងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី​លើកទី២០ នៅរាជធានីភ្នំពេញ។ វេទិកានេះ ត្រូវបានសហការរៀបចំដោយក្រសួងកិច្ចការនារី និង​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍។

ថ្លែងបើកកិច្ចពិភាក្សាតុមូលនេះ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី បានមានប្រសាសន៍ថា សម្រាប់​កម្ពុជា ការបង្កើនការចូលរួមរបស់ស្ត្រីក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មិនមែន​គ្រាន់តែ​ជាអាទិភាពដើម្បីសមភាពយេនឌ័រប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកត្តាសំខាន់សម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច និង​ភាព​ប្រកួត​ប្រជែងរបស់ជាតិទាំងមូល។

លោកស្រីបន្តថា បញ្ហាមិនមែនស្ថិតនៅត្រង់ថាតើក្មេងស្រី និងស្ត្រីមានសមត្ថភាពរៀនបានពូកែឬអត់នោះទេ ប៉ុន្តែបញ្ហាប្រឈមពិតប្រាកដ គឺត្រូវធ្វើយ៉ាងណាបង្វែរភាពជោគជ័យក្នុងការសិក្សា និងជំនាញ STEM ឱ្យទៅជាអាជីពការងារក្នុងភាពជាអ្នកដឹកនាំ ការស្រាវជ្រាវ នវានុវត្តន៍ និងអាជីវកម្ម។

ដោយយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដើម្បីសមភាពយេនឌ័រ និងការផ្តល់ភាព​អង់អាច​ដល់​ស្ត្រី (UN Women) ដែលបានសិក្សាលើប្រព័ន្ធ AI ចំនួន ១៣៣ និងរកឃើញថា ៤៤ភាគរយមាន​ភាព​លម្អៀងពាក់ព័ន្ធនឹងយេនឌ័រ។ លោកស្រី កន្ថាផាវី បានសង្កត់ធ្ងន់ថា ការរិះរកវិធីសាស្ត្រការពារស្ត្រី​ពី​ហានិភ័យ​តាមប្រព័ន្ធឌីជីថលតែមួយមុខ គឺមិនគ្រប់គ្រាន់នោះទេ ដោយស្ត្រីត្រូវតែមានអំណាចក្នុងការកំណត់ទិសដៅ ទាំងការរចនា បង្កើត ដាក់ឱ្យប្រើប្រាស់ និងការគ្រប់គ្រងបច្ចេកវិទ្យា។

លោកស្រីបានថ្លែងថា៖ «ស្ត្រីត្រូវការការចូលរួមតំណាងឱ្យបានពិតប្រាកដ និងពេញលេញ ទាំងក្នុង​ការ​ស្រាវជ្រាវ AI ក្រមសីលធម៌ ការគ្រប់គ្រងទិន្នន័យ និងការរៀបចំគោលនយោបាយនានា ជាជាង​យើង​សួរ​ខ្លួន​ឯង​ត្រឹមតែថា តើត្រូវការការពារស្ត្រីពីហានិភ័យនៃ AI ដោយរបៀបណា»។

ជាមួយគ្នានេះ នៅពេលលើកឡើងអំពី «អភិបាលកិច្ច AI» វាគ្មិនទាំងអស់បានឯកភាពគ្នាថា ខណៈដែល AI កំពុងជំរុញកំណើនសេដ្ឋកិច្ច និងភាពច្នៃប្រឌិត ការរៀបចំអភិបាលកិច្ច AI គឺជាកត្តាចាំបាច់បំផុតដើម្បី​គ្រប់គ្រង​ហានិភ័យ។

លោកស្រី Julie Capley អ្នកជំនាញផ្នែកកម្មវិធី AI មកពីសាកលវិទ្យាល័យអូតាវ៉ា (University of Ottawa) ប្រទេសកាណាដា បានគូសបញ្ជាក់ថា បច្ចេកវិទ្យា AI មិនមែនជាវត្ថុអព្យាក្រឹតឡើយ ដូច្នេះវាទាមទារឱ្យ​មាន​ការ​ចូលរួមពីស្ត្រីនៅគ្រប់ដំណាក់កាលនៃការសម្រេចចិត្ត ដើម្បីការពារសិទ្ធិ និងធានាថាសំឡេង​របស់ស្ត្រី​ត្រូវ​បានតំណាង។

កិច្ចពិភាក្សានេះ បានប្រមូលផ្តុំវាគ្មិនកិត្តិយសចំនួន ៥រូប រួមមាន អ្នកស្រី Phuong Do នាយិកាអង្គការ Passerelles numériques ប្រចាំតំបន់អាស៊ាន និងសាធារណរដ្ឋម៉ាដាហ្គាស្ការ, លោកស្រី ម៉ានិត ពេជ្រ ស្ថាបនិកប្រ៊េនកាហ្វេក្នុងស្រុក Tube Coffee, លោកស្រី ជូលី កាភ្លី (Julie Capley) អ្នកជំនាញ AI ពីសាកលវិទ្យាល័យអូតាវ៉ា, លោកស្រី សូហ្វី (Sophie) តំណាងក្រសួងកិច្ចការនារី និងជាសហគ្រិនខ្មែរ-បារាំង រួមជាមួយលោកស្រី ឌីយែន (Diane) តំណាងសមាគម La French Tech ទីក្រុងភ្នំពេញ។

ទោះជាយ៉ាងណា ងាកមកមើលការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះឌីជីថលដល់យុវជនវិញ អ្នកស្រី Phuong Do នាយិកាអង្គការ Passerelles numériques ប្រចាំតំបន់អាស៊ាន និងសាធារណរដ្ឋម៉ាដាហ្គាស្ការ ដែល​មាន​បទពិសោធន៍ដឹកនាំបណ្ដុះបណ្ដាលជាង ២០ឆ្នាំ បានឱ្យដឹងថា គិតមកទល់បច្ចុប្បន្ន អង្គការរបស់អ្នកស្រី​បាន​បណ្តុះ​បណ្តាលយុវជនប្រមាណជាង ៣ ២៦៥នាក់ ដែលក្នុងនោះមានស្ត្រី និងក្មេងស្រីចំនួន ៥០ភាគរយ។

អ្នកស្រីបន្តថា កម្រិតដែលយុវជនចូលទៅប្រើប្រាស់ប្រព័ន្ធឌីជីថលនៅមានភាពយឺតយ៉ាវនៅឡើយ ដោយ​យុវជនខ្លះមិនធ្លាប់ទាំងប្រើប្រាស់កុំព្យូទ័រទាល់តែសោះ មុនពេលមកដល់មជ្ឈមណ្ឌល។ ដូច្នេះ ការបញ្ជ្រាប​ចំណេះដឹងប្រព័ន្ធឌីជីថលនេះ មិនត្រូវធ្វើឡើងលឿនហួសហេតុពេកទេ ពោលគឺ​ត្រូវធ្វើតាម​ដំណាក់កាល​ពីមួយជំហានទៅមួយជំហាន និងតម្រង់ទិសគោលដៅឱ្យពួកគេមានសមត្ថភាពសម្របខ្លួនទាន់ពេលវេលា។ 

អ្នកស្រីបន្ថែមថា មុនពេលមានវត្តមាន AI យុវជនដែលទទួលបានការបណ្តុះបណ្តាលក្នុងរយះ២ទៅ៣ឆ្នាំ អាចទទួលបានការងារដែលមានគុណភាព។ ប៉ុន្តែបច្ចុប្បន្ន ស្ថាប័នត្រូវកែលម្អកម្មវិធីសិក្សារៀងរាល់២ឆ្នាំម្តង ដើម្បីឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យា។

លោកស្រីបន្ថែមថា៖ «យើងត្រូវតែសម្របទៅតាមយុគសម័យថ្មី ជាពិសេសក្នុងយុគសម័យបញ្ញាសិប្បនិម្មិតនេះ បើសិនជាយើងមិនដូរវិធីសាស្ត្ររៀនទេ គឺថាមិនកើតទេ»។

ក្មេងស្រី និងស្ត្រី ដែលជាអ្នកបង្កើត និងសាកល្បងឧបករណ៍បច្ចេកវិទ្យា ដែលដាក់តាំង នៅពិព័រណ៌ហ្រ្វង់កូតិច ២០២៦ ក្នុងក្រុងភ្នំពេញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ (ខេមបូចា/ផុន សុទ្ធីរ័ត្ន)

អ្នកស្រី ហាវ សុខហៀង ប្រជាពលរដ្ឋរស់នៅភូមិទួលធ្នង់ ឃុំតាស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ បានប្រាប់​អ្នកសារព័ត៌មានខេមបូចាថា ការសិក្សារបស់សិស្សនៅតំបន់ដាច់ស្រយាល​នៅមានចំណុចខ្វះខាតខ្លាំង ដោយ​សារ​ខ្វះគ្រូបង្រៀនបច្ចេកវិទ្យា និងភាសាបរទេស ដូចជាភាសាអង់គ្លេស និងបារាំង។ អ្នកស្រីលើកឡើងថា កូនស្រី​របស់អ្នកស្រីដែលរៀនថ្នាក់ទី៧ ក៏ជួបការលំបាកក្នុងការទទួលបានការបណ្តុះបណ្តាលផ្នែកឌីជីថល ដោយសារ​សាលារៀនមានចម្ងាយឆ្ងាយពីសហគមន៍រហូតដល់ ៦ ទៅ ៧គីឡូម៉ែត្រ។

អ្នកស្រី សុខហៀង បន្ថែមថា៖ «សំណូមពរទៅខាងមន្ត្រីពាក់ព័ន្ធ ឬរដ្ឋាភិបាល សូមជំរុញលើកទឹកចិត្ត​ដល់​គ្រូបង្គោល​តាមជនបទ ជាពិសេសឱ្យគាត់បង្រៀនភាសា និងផ្នែកកុំព្យូទ័រឱ្យបានខ្លាំង មិនថាសាលារដ្ឋ ឬ​អង្គការក្រៅរដ្ឋាភិបាលនោះទេ ដើម្បីឱ្យសិស្សនៅតំបន់ដាច់ស្រយាលមានឱកាសក្នុងការសិក្សារៀនសូត្រ»។

ចំណែកកញ្ញា ឆេន លក្ខិណា ជាអ្នកសារព័ត៌មានពលរដ្ឋនៅខេត្តស្ទឹងត្រែង បានលើកឡើងថា បញ្ញាសប្បនិមិត្ត (AI) ជួយសម្រួលការងារស្រាវជ្រាវនិងព័ត៍មាន ឱ្យមានភាពងាយស្រួលជាងមុន ប៉ុន្តែកញ្ញា ក៏បង្ហាញ​ពីការ​ព្រួយ​​បារម្ភចំពោះការកើនឡើងរបស់AI ផងដែរ។

កញ្ញាលើកឡើងថា៖ «បើយើងប្រើម្ដងម្កាលអត់អីទេ ប៉ុន្តែបើយើងងប់ជាមួយនឹងវា អាហ្នឹងវាអាចទៅជា​ផលអវិជ្ជមាន​​របស់យើង។ ពេលដែលយើងសិក្សាអីមួយចំនួន ហើយយើងអត់អាចផ្ទៀងផ្ទាត់ អាហ្នឹងវាគ្រាន់តែជាឧបករណ៍ជំនួយយើងម្ដងម្កាលទេ វាអត់អាចជួយយើងរហូតទេ»។

មួយវិញទៀត កញ្ញាក៏បានលើកឡើងដែរថា ក្មេងប្រុសមានអាទិភាពជាងក្មេងស្រីនៅក្នុងវិស័យឌីជីថល ដោយសារតែកត្តាផ្នត់គំនិតសង្គមនៅជនបទ។ 

កញ្ញាបន្ថែមថា៖ «ពេលដែលយើងនឹកឃើញថាប្រព័ន្ធបច្ចេកវិទ្យា យើងនឹកឃើញទៅលើក្មេងប្រុស ហើយ​យើង​​អត់នឹកឃើញក្មេងស្រីទេ។ បរិបទជាក់ស្តែងគឺបែបហ្នឹងមែន យើងមិនបានបោះបង់ចោលក្មេងស្រី ឬស្ត្រីទេ ប៉ុន្តែ​យើង​មើលឃើញថាបច្ចុប្បន្នមានបុរសច្រើនជាង»៕

រាយការណ៍បន្ថែមដោយ ផុន សុទ្ធីរ័ត្ន

ព័ត៌មានថ្មី

អត្ថបទពេញនិយម