កម្មករមួយចំនួនពីវិស័យចំណីអាហារ ភេសជ្ជៈ និងដឹកជញ្ជូនជាដើម បានលើកឡើងពីការប្រឈមមុខនឹងការប្រែប្រួលស្ថានភាពការងារ ឬអាចបាត់បង់ការងារ ខណៈដែលកន្លែងការងារពួកគេធ្វើទំនើបកម្មដោយប្រើប្រាស់បច្ចេកវិទ្យា និងសម្ភារបរិក្ខារទំនើបៗ។
ការលើកឡើងនេះត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងសិក្ខាសាលាស្តីពី «សន្តិសុខការងារ អភិវឌ្ឍ ដោយយុត្តិធម៌ ក្នុងសម័យកាលបច្ចេកវិទ្យា» នៅរាជធានីភ្នំពេញ។
អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) បានប្រាប់ថា ទាំងកម្មករនៅតាមភោជនីយដ្ឋាន ក្រុមហ៊ុនផលិតភេសជ្ជៈ និងអ្នកដឹកជញ្ជូន សុទ្ធតែប៉ះពាល់ដោយសារក្រុមហ៊ុន ឬកន្លែងដែលពួកគេធ្វើការដាក់ឱ្យប្រើនូវបច្ចេកវិទ្យាទំនើបដូចជា សេវាកុម្ម៉ង់ម្ហូបអាហារដោយស្វ័យប្រវត្តិ ម៉ាស៊ីនទំនើបក្នុងផលិតកម្មភេសជ្ជៈជាដើម។
អ្នកស្រីបានលើកឡើងថា៖ «អ្នកដែលមានអាយុរាងច្រើនបន្តិច បាត់បង់ការងារមុនគេ[…]វិស័យនៅក្នុងផ្នែកផលិតចំណីអាហារ ឧស្សាហកម្មផ្នែកផលិតចំណីអាហារភាគច្រើនគឺក្រុមហ៊ុនទាំងអស់ហ្នឹង អត់សូវជួយស្ត្រីទេ អ៊ីចឹងស្ត្រីត្រូវបានផាត់ចេញពីការងារផ្នែកឧស្សាហកម្ម ផ្នែកផលិតស្បៀង ឬក៏ភេសជ្ជៈជាដើម»។
តាមរយៈរបាយការណ៍សិក្សាស្រាវជ្រាវជាង១០ទំព័ររបស់សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បានរកឃើញថា ក្នុងចំណោមអ្នកចូលរួមសម្រង់មតិទាំង ១២៨នាក់ដែលនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ គឺមានចំនួន ៣៥,៧ភាគរយ អះអាងថា នៅកន្លែងធ្វើការពួកគេមានការកាត់បន្ថយបុគ្គលិកដោយសារបច្ចេកវិទ្យា ឬប្រព័ន្ធស្វ័យប្រវត្តិកម្ម។
របាយការណ៍សិក្សាស្រាវជ្រាវដដែលបន្ថែមថា៖ «ចំពោះបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកឆ្លើយសំណួរចំនួន ១២២ នាក់ បន្ទាប់ពីការណែនាំបច្ចេកវិទ្យា ឬប្រព័ន្ធស្វ័យប្រវត្តិកម្ម ១៧,៧ភាគរយ បានរាយការណ៍ថា បានបាត់បង់ការងារ។ ចំនួន ២១% បានជួប ប្រទះការកាត់បន្ថយម៉ោងធ្វើការ និង ៣០,៦ភាគរយ បានរាយការណ៍ថា ប្រាក់ចំណូលរបស់ពួកគេបានថយចុះ»។
ក្រឡេកទៅមើលក្នុងសិក្ខាសាលាវិញ មានកិច្ចពិភាក្សាមួយស្តីពី «កិច្ចសន្យាការងារក្នុងបរិបទជំនួសកម្លាំងពលកម្មដោយម៉ាស៊ីននិងបច្ចេកវិទ្យាអេអាយ» ហើយតំណាងកម្មករពីវិស័យផ្សេងៗបានលើកឡើងពីការលំបាករៀងៗខ្លួន ដែលកើតចេញពីការដាក់ប្រើប្រាស់បច្ចេកវិទ្យាថ្មី។
លោក កែ ច័ន្ទរិទ្ធី ជាថ្នាក់ដឹកនាំសហជីពប្រចាំក្រុមហ៊ុនកូកាកូឡា បានលើកឡើងថា នៅពេលភាគីក្រុមហ៊ុនធ្វើទំនើបកម្មម៉ាស៊ីនដែលពន្លឿនល្បឿនផលិតកម្មនោះ ខាងនិយោជកមិនបានជជែកជាមួយកម្មករ និងសិក្សាពីចំណេះជំនាញកម្មករដែលកំពុងធ្វើការនោះទេ។
លោក ច័ន្ទរិទ្ធី បានថ្លែងថា៖ «នៅពេលដែលក្រុមហ៊ុនបានបំពាក់បច្ចេកវិទ្យាថ្មីនិងទំនើបទាំងអស់ហ្នឹង គឺក្រុមហ៊ុនមិនបានជជែកជាមួយនឹងបងប្អូនកម្មករទេ[…]ថែមទាំងនៅពេលដែលគេបំពាក់ម៉ាស៊ីនស្វ័យប្រវត្តជឿនលឿនហ្នឹង គឺគេត្រូវមើលតើថាកម្មករទាំងអស់ដែលគ្មានជំនាញបញ្ជាទៅលើម៉ាស៊ីនទំនើបហ្នឹងគឺចាប់ផ្ដើមកាត់បន្ថយកម្លាំង»។
ជាមួយគ្នានេះលោក កែ ច័ន្ទរិទ្ធី បានស្នើសុំរដ្ឋាភិបាលថា៖ «សូមឱ្យជួយពិនិត្យមើលថាតើគួរតែពិចារណារបៀបម៉េចនៅពេលដែលអ្នកវិនិយោគស្នើសុំឱ្យដាក់បច្ចេកវិទ្យាទំនើប ដែលមានល្បឿនលឿនហ្នឹង ពិនិត្យមើលថាតើកម្មករដែលធ្វើការតាមគ្រឹះស្ថាននានាហ្នឹង តើគាត់ត្រូវទទួលបានអីគាត់មានអី គាត់មានអីពីរដ្ឋាភិបាលដែលជាអ្នកតាក់តែងច្បាប់ ជាពិសេសគឺតម្រូវឱ្យក្រុមហ៊ុនមើលថាគួរផ្ដល់ចំណេះជំនាញថ្មីៗសម្រាប់ពួកគាត់»។
ចំណែកលោក ម៉ម ប៊ូន ណារ័ត្ន អ្នកដឹកជញ្ជូនម្ហូបអាហារបាននិយាយក្នុងកិច្ចពិភាក្សាថា ក្រុមហ៊ុនដែលគាត់កំពុងធ្វើការបានជំរុញឱ្យអ្នកដឹកជញ្ជូនប្ដូរពីម៉ូតូប្រើសាំងទៅជាម៉ូតូអគ្គិសនីវិញ ដោយផ្ដល់លក្ខខណ្ឌងាយស្រួលដល់អ្នកដឹកជញ្ជូនដែលប្រើម៉ូតូអគ្គិសនី។ លោក ម៉ម ប៊ូន ណារ័ត្ន និយាយថា៖ «ម៉ូតូអគ្គិសនីគឺម៉ោងសេរីទេ យើងអាចចូលម៉ោងប៉ុន្មានក៏បាន តែម៉ូតូសាំងអត់ទេ»។
ចំពោះអ្នកចូលរួមសិក្ខាសាលាផ្សេងទៀត ដែលជាអ្នកដឹកជញ្ជូនក៏បានឱ្យដឹងដែរថា ក្រៅពីការជំរុញឱ្យអ្នកដឹកជញ្ជូនប្រើម៉ូតូអគ្គិសនី កម្មវិធីទូរសព្ទរបស់ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនក៏កម្រិតលក្ខខណ្ឌទូរសព្ទដែលទាល់តែសេរីទំនើបទើបអាចប្រើកម្មវិធីបានជាដើម ហើយបញ្ហាទាំងនេះបានប៉ះពាល់ដល់សេដ្ឋកិច្ចអ្នកដឹកជញ្ជូន ដោយសារពួកគេត្រូវបង្ខំចិត្តបង់រំលួស ឬយកកម្ចីទៅទិញសម្ភារៈទាំងនោះ។
ជុំវិញបញ្ហានេះ អ្នកស្រី ជា ច័ន្ទវន្នី មន្ត្រីនៅនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារីដែលបានចូលរួមសិក្ខាសាលាដែរនោះ បានចាប់អារម្មណ៍នឹងសំណួរដែលក្រុមសហជីពចោទសួរនៅក្នុងវេទិកា រួមមាន «តើការដាក់ម៉ាស៊ីនស្វ័យប្រវត្តហ្នឹងធ្វើដើម្បីអ្វី?» «តើវាអាចជួយអ្វីខ្លះដល់កម្មករ ឬដាក់ហើយឱ្យគាត់បង្កើនបំណុល?» និងសំណួរ «តើផលប្រយោជន៍ចុងក្រោមបានលើអ្នកណា?»។
អ្នកស្រី ជា ច័ន្ទវន្នី បានបន្ថែមថា៖ «អ៊ីចឹងសំណួរបីហ្នឹង បងនឹងយកទៅផ្ដល់ឱ្យដល់ថ្នាក់ដឹកនាំរបស់បង ថាគេយកសំណួរហ្នឹងចោទមកខាងបងដែលជាក្រុមការងាររបស់រដ្ឋាភិបាលដែរ ហើយបងក៏ជាក្រសួងកិច្ចការនារី ដោយសារតែក្រុមការងារជាកម្មករអីក៏ភាគច្រើនសុទ្ធតែនារី។ តើចាំមើលថ្នាក់ដឹកនាំបង គាត់នឹងមានដំណោះស្រាយ ឬក៏មានចម្លើយអីយ៉ាងម៉េចផ្តល់ឱ្យពួកគាត់វិញ»៕









