ក្រុមហ៊ុន ផាសអ៊ែប (Pass App) សម្រេចដកចេញនូវសេវាកម្មសេវលុយ (Save Luy) ដែលកាត់កម្រៃជើងសារចំនួន១៨ភាគរយជូនក្រុមហ៊ុន តាមការស្នើសុំ ពីអ្នករត់រ៉ឺម៉កកង់បី តាមថ្នាលឌីជីថលរបស់ខ្លួន ក្រោមការសម្របសម្រួលពីអាជ្ញាធរ បន្ទាប់ពីមានការប្រមូលផ្ដុំគ្នាតវ៉ាប្រមាណ១០០នាក់ នៅមុខទីស្នាក់ការក្រុមហ៊ុន នៅរាជធានីភ្នំពេញ។ នេះបើតាមកំណត់ហេតុកិច្ចប្រជុំរវាងក្រុមហ៊ុន និងអ្នកដឹកជញ្ជូន ក្រោមការចូលរួមពីអាជ្ញាធរ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។
យោងតាមកំណត់ហេតុនៃកិច្ចប្រជុំចុះថ្ងៃទី១ ខែតុលា ជាលទ្ធផល ភាគីទាំងអស់បានស្រុះស្រួល និងឯកភាពលើចំណុចដែលស្នើសុំរួមមាន ក្រុមហ៊ុន ផាសអ៊ែប នឹងអនុវត្តឱ្យបានត្រឹមត្រូវតាមកិច្ចព្រមព្រៀង កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ និងដកចេញកម្មវិធី Tuktuk ទាំងស្រុង (អេប (App) អ្នកបើកបរ និង អេប (App) អតិថិជន) និងអនុវត្តកម្រៃជើងសារ១៥ភាគរយ ក្នុងមួយជើងដំណើរ។
ចំណែកតំណាងដៃគូបើកបរក្នុងវិស័យដឹកជញ្ជូនអ្នកដំណើរតាមថ្នាលបច្ចេកវិទ្យាទាំងអស់ ក៏យល់ព្រមអនុវត្តតាមយន្តការដោះស្រាយដោយសន្តិវិធី និងជៀសវាងការជួបជុំតវ៉ាបិទផ្លូវដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងមិនបង្កឱ្យមានការរើសអើងនានា ដែលបង្ខូចដល់កេរ្តិ៍ឈ្មោះភាគីណាមួយ ទាំងក្នុងទិដ្ឋភាពទូទៅ និងក្នុងបណ្ដាញសង្គម។
តំណាងអ្នករត់រ៉ឺម៉កកង់បីតាមថ្នាលឌីជីថល ផាសអ៊ែប មួយរូប ដែលចូលរួមកិច្ចប្រជុំផងដែរលោក រស់ សំអឿន និយាយថា លោកត្រេកអរចំពោះលទ្ធផលនៃកិច្ចប្រជុំ ដែលភាគីក្រុមហ៊ុនយល់តាមសំណើររបស់ដៃគូ ដើម្បីបញ្ចប់កម្មវិធីដែលតម្រូវឱ្យកាត់កម្រៃជើងសារ១៨ភាគរយ មកនៅត្រឹម១៥ភាគរយជូនក្រុមហ៊ុនវិញ ក្នុងការដឹកជញ្ជូនមួយលើក។
តែទោះជាយ៉ាងណាលោក ស្នើឱ្យក្រុមហ៊ុនពិរចារណាបន្ថែមទៀតក្នុងការទម្លាក់កម្រៃជើងសារមកនៅ១២ភាគរយ ក្នុងការដឹកជញ្ជូនមួយលើក ដូចកាលពី៥ឆ្នាំមុន។ ស្របពេលជាមួយគ្នា អ្នករត់រ៉ឺម៉កកង់បីរូបនេះ ក៏ស្នើឱ្យអាជ្ញាធរជួយកាត់បន្ថយតម្លៃហ្គាស ដែលបច្ចុប្បន្នលោកថា បានហក់ដល់ខ្ទង់ ៣ ៥០០ រៀល ក្នុងមួយលីត្រ។
លោកលើកឡើងថា៖ «ក្នុងឱកាស ហ្គាសកំពុងតែឡើងថ្លៃនេះ ក្នុងនាមខ្ញុំអ្នកប្រកបរបរកង់បី ចង់ស្នើទៅអាជ្ញាធរ ឬថ្នាក់ដឹកនាំឱ្យជួយសម្រួលរឿងបញ្ហាថ្លៃហ្គាសហ្នឹងឱ្យរាងបន្ធូរបន្ថយតិចមក ព្រោះអីឥឡូវថ្លៃណាស់។ កន្លែងខ្លះ ៣ ៥០០ ឬ ៤ ០០០ រៀល ក្នុងមួយលីត្រ ដោយកន្លែង។ […] ទើបរយៈពេលជាង១ខែហ្នឹង បើមុន ២ ៥០០ រៀលអីទេ»។
អ្នករត់រ៉ឺម៉កកង់បីតាមថ្នាលឌីជីថលរបស់ក្រុមហ៊ុន ផាសអ៊ែប មួយរូបទៀត លោក ហួន កុសល ថា លោកសប្បាយរីករាយនៅពេលដែលក្រុមហ៊ុនយល់ព្រមអនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់ជាមួយក្រសួងពាណិជ្ជកម្ម។
លោកក៏ស្នើឱ្យក្រុមហ៊ុនបញ្ចុះកម្រៃជើងសារបន្ថែមទៀត មកនៅ១២ភាគរយ ក្នុងការដឹកជញ្ជូនមួយលើក ដោយសារបច្ចុប្បន្ននេះ ប្រាក់ចំណូលរបស់លោកបានធ្លាក់ចុះរង្វង់៥០ភាគរយ ស្របពេលដែលតម្លៃប្រេងឥន្ធនៈ និងឧស្ម័នក៏ឡើងថ្លៃ។
លោកបានបញ្ជាក់ថា៖ «កាលពីមុនមកយើងរក ៨ម៉ោង ទៅ១០ម៉ោងចឹង យើងបាន១០ម៉ឺនអីដែរ។ អីឡូវវាធ្លាក់នៅពាក់កណ្ដាលនៅត្រឹម៥ម៉ឺន នេះយើងរត់រហូតអាចពេលខ្លះ១២ម៉ោងអី ផាត់[ចំណាយ]អីអស់ហើយអាចសល់ត្រឹម៥ម៉ឺនអី»។
លោកបានអះអាងថា សព្វថ្ងៃចំណូលរបស់លោកក្នុងមួយថ្ងៃ អាចរកបានខ្ទង់៥ម៉ឺនរៀល ខុសពីលើកមុនអាចហក់បាន១០ម៉ឺនរៀល។ លោកសង្កេតឃើញថា ការធ្លាក់ចុះប្រាក់ចំណូលម្ដងបន្តិចៗនេះ កើតឡើងចាប់ពីដើមឆ្នាំ២០២៦ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញនូវវិធានការបង្រ្កាបបទល្មើសឆបោកតាមបច្ចេកវិទ្យា ដែលភ្ញៀវរបស់លោកធ្លាប់ដឹកប្រមាណ៤០ភាគរយជាជនបរទេសស្ទើរតែលែងមានបន្តទៀតនៅពេលនេះ។
បើតាមឃ្លីបវីដេអូដែលផ្ញើដោយអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ មកកាន់សារព័ត៌មានខេមបូចា តាមប្រព័ន្ធតេឡេក្រាម តំណាងក្រុមហ៊ុន ផាសអ៊ែប លោក ឈឹម ពុទ្ធីណារា មានប្រសាសន៍ថា កិច្ចប្រជុំជាមួយតំណាងអ្នករត់រ៉ឺម៉កក់ងបី ប្រកបដោយផ្លែផ្កា និងបានអនុម័តលទ្ធផលមួយដែលភាគីទាំងសងខាងពេញចិត្ត។
លោកបានបន្តថា៖«ចឹងក្រោយពីប្រជុំនេះទៅ ខ្ញុំគិតថា យោងទៅតាមស្មារតីនៃអង្គប្រជុំ ក្រុមហ៊ុន ក៏ដូចជាដៃគូតំណាងអ្នកបើកបរ ពួកយើងនឹងធ្វើការចាប់ដៃគូជាមួយគ្នាបន្ត ហើយពួកយើងនឹងរក្សាឱ្យបាននូវស្ថិរភាព សណ្ដាប់ធ្នាប់សង្គម ហើយធ្វើម៉េចឱ្យប្រទេសជាតិយើង មានការរីកចម្រើនទៅមុខ»។
ពាក់ព័ន្ធនឹងការស្នើសុំបញ្ចុះថ្លៃប្រេងឥន្ធនៈ និងហ្គាស អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ ថ្លែងថា អំឡុងពេលកិច្ចប្រជុំ មិនមានការលើកឡើងពីក្ដីកង្វល់នេះនោះឡើយ។
បើតាមអ្នកនាំពាក្យដដែល ក្រសួងពាណិជ្ជកម្ម ថា ចំពោះកិច្ចប្រជុំនេះ ភាគីពាក់ព័ន្ធបានព្រមព្រៀងបញ្ចប់វិវាទ ដោយប្ដេជ្ញាបន្តអនុវត្តតាមស្មារតីនៃកិច្ចប្រជុំលើកទី១ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឱ្យបានខ្ជាប់ខ្ជួន និងបានបង្ហាញឆន្ទៈចូលរួមសហការជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីធានាបាននូវផលប្រយោជន៍រួមសម្រាប់ភាគីទាំងអស់។
គួរជម្រាបផងដែរថា កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ អ្នករត់រ៉ឺម៉កកង់បីតាមថ្នាលឌីជីថលរបស់ក្រុមហ៊ុន ផាសអ៊ែប (Pass App) ជាង១០០នាក់ បានប្រមូលផ្ដុំគ្នាតវ៉ានៅទីស្នាក់ការរបស់ក្រុមហ៊ុន ក្នុងរាជធានីភ្នំពេញ ស្នើសុំឱ្យលុបចោលកម្មវិធីមានឈ្មោះ សេវលុយ ឬសន្សំប្រាក់ (Save Luy) ដោយអះអាងថា បានតម្រូវឱ្យពួកគេបង់កម្រៃជើងសាររហូតដល់១៨ភាគរយជូនក្រុមហ៊ុន ខណៈសេវាកម្មធម្មតាបង់ត្រឹម១៥ភាគរយចំពោះការដឹកជញ្ជូនភ្ញៀវមួយលើក ស្របពេលដែលពួកគេក៏ត្អូញត្អែរជុំវិញតម្លៃហ្គាសហក់ឡើងថ្លៃ។
អំឡុងពេលប្រមូលផ្ដុំនៅមុខទីស្នាក់ការរបស់ក្រុមហ៊ុន ក្រុមអ្នកតវ៉ា បានលើករូបថតលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងសេចក្ដីណែនាំរបស់ក្រសួងពាណិជ្ជកម្ម រួមទាំងបដាដែលសរសេរសុំកិច្ចអន្តរគមន៍ពីថ្នាក់ដឹកនាំផងដែរ។ ពួកគេ បានស្រែកទាមទារឱ្យក្រុមហ៊ុន ផាសអ៊ែប គោរពតាមការព្រមព្រៀងគ្នាជាមួយក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១១ ខែកញ្ញា ដែលណែនាំឱ្យផ្អាកជាបណ្ដោះអាសន្ននូវសេវាកម្មនេះក្នុងរយៈពេល៣ខែ បណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ តទៅ៕










