សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

គ្រូបង្រៀននៅសាលាឈូកវ៉ា តវ៉ាជាថ្មីឲ្យដកនាយកនិងនាយករង ដោយចោទថាប្រើប្រាស់ថវិកាមិនត្រឹមត្រូវ

ប្រជាពលរដ្ឋបើកម៉ូតូកាត់មុខវិទ្យាល័យជាស៊ីមឈូកវ៉ា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា)
ប្រជាពលរដ្ឋបើកម៉ូតូកាត់មុខវិទ្យាល័យជាស៊ីមឈូកវ៉ា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា)

ក្រុម​គ្រូបង្រៀន និង​សិស្សនៅ​វិទ្យាល័យ ​ជាស៊ីមឈូកវ៉ា បាន​តវ៉ា​ជា​ថ្មីម្តង​ទៀត ដោយមាន​លើក​ជា​បដាផង អំពាវនាវ​ឲ្យ​ក្រសួង​អប់​រំ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ដក​តំណែង​នាយក និង​នាយក​រង​ចេញ​ពី​សាលា​មួយនេះ។ នាយក និង​នាយក​រង បាន​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ប្រើ​ប្រាស់​ថវិកា​សាលា​ និង​ថវិកា​ពី​ប្រភព​ផ្សេង​ទៀត​សម្រាប់​ប្រយោជន៍​ផ្ទាល់​ខ្លួន​។​

កាលពី​ថ្ងៃអង្គារ ម៉ោង​១២​ថ្ងៃត្រង់ ក្រុម​គ្រូបង្រៀន និង​សិស្សនៅ​វិទ្យាល័យ​ជា​ស៊ីមឈូកវា​ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ ក្នុង​រាជធានីភ្នំពេញ បាន​តវ៉ា​ជាថ្មី បន្ទាប់​ពី​ការ​តវ៉ាលើកទី​មួយ​ធ្វើ​ឡើង​កាល​ពីខែ​មីនា មិនទទួលបានលទ្ធផលតាមការស្នើសុំ​។​​ ក្រុម​គ្រូបង្រៀន​បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល​ដក​នាយកសាលា​​ឈ្មោះ ប៊ុន មុនី និង​នាយករងឈ្មោះ យ៉ើ លាង ព្រោះថា «សកម្មភាព និង​ការដឹកនាំ» របស់​អ្នកទាំងពីរបានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សាលារៀន​។​

បើ​តាម​លិខិត​របស់​ក្រុម​គ្រូបង្រៀន​ដាក់ទៅ​ក្រសួង​អប់រំ បាន​លើក​ឡើង​ថា​គ្រូៗ​ស្នើ​ឲ្យ​ដក​នាយក និង​នាយក​រង​ចេញ​ពី​តំណែង ដោយ​ចោទ​ថាគ្មាន​តម្លាភាព​ក្នុង​ការ​ចាយវាយ​ថវិកា​ដែល​ប្រមូល​បាន​ពី​ប្រភព​ផ្សេង និង​មិន​មានការ​ដាក់ដេញ​ថ្លៃ​ចំពោះ​ចំណត​យាន​ជំនិះ​ជា​ដើម​។​ បន្ថែម​ពី​នេះ​ថវិកា​ប្រចាំ​ឆ្នាំ​៤៥​លាន​រៀល ដែល​បាន​អនុម័ត​ក្នុង​សម័យកូវីដ-១៩ សម្រាប់​រយៈ​ពេល​បី​ឆ្នាំក៏ «បាត់» ផង​ដែរ។​

ទាំង​នាយក និង​នាយក​រង ក៏​រង​ការ​ចោទ​ដែរថា​បាន​ប្រើ​ពាក្យ​សម្ដីប្រមាថ ដែល​មិន​ត្រឹម​ត្រូវ​តាម​ក្រម​សីលធម៌ វិជ្ជាជីវៈ​បុគ្គលិក​។​

ក្នុង​លិខិត​របស់​គ្រូបង្រៀនបាន​សរសេរ​ចោទ​ប្រកាន់ទៀតថា​នាយក​សាលា​បាន​ «ដាក់សម្ពាធលើ​គ្រូ​ៗ​ឲ្យ​បង់​ប្រាក់​៦ម៉ឺន​រៀល​សម្រាប់ប្រយោជន៍​ផ្ទាល់​ខ្លួន»​ក្នុង​ពេល​មាន​ការ​ប្រឡង​ថ្នាក់​បឋម ថ្នាក់​អនុវិទ្យាល័យ និង​វិទ្យាល័យ​។ ក្រៅ​ពីនេះ​ក៏​បាន​ធ្វើយុទ្ធនាការ​ឲ្យ​អាណាព្យាបាល​សិស្ស​បង់​ថ្លៃ​ទឹក ភ្លើង​មួយ​ខែ​២ ០០០​រៀល​ផង​ដែរ។​

លោកស្រី ចាន់ ហួត ជាគ្រូបង្រៀន​នៅ​ទី​នោះមាន​ប្រសាសន៍ថា គ្រូៗមាន​៦៧​នាក់ មាន​ការ​មិន​ពេញ​ចិត្ត​ចំពោះ «ការ​ប្រព្រឹត្តខុស និង​ការ​ដឹកនាំ» របស់​នាយក​សាលា ដែល​លោកស្រី​ថា​ទង្វើ​ទាំង​នេះ​បាន​ប៉ះពាល់ជា​ខ្លាំង​ដល់​គុណភាព​អប់រំ​។​

លោកស្រី​ប្រាប់​ខេមបូចាថា៖ «យើង​មិន​ស្បាយ​ចិត្តនឹង​សម្មភាព​របស់​ពួកគាត់ទេ​ ពីព្រោះថា​អ្នកទាំង​ពីរ​តែងគិតថា​អ្វី​ដែល​ខ្លួន​ធ្វើ គឺ​ត្រឹម​ត្រូវ។ ដូច​នេះ អ្វី​ដែល​យើង​កំពុង​ធ្វើ​នៅពេល​នេះ គឺ​ដក​អ្នក​ទាំងពីរ​នោះចេញ»។​

អ្នកគ្រូដដែល​បន្តថា នាយក និង​នាយករង រងការ​ចោទ «បាន​ប្រើ​ប្រាស់ថវិកា​សាលា​យ៉ាង​ច្រើន​ដោយ​មិន​មានចែក​រំលែក​ព័ត៌មាន​ដល់​បុគ្គលិក​ផ្សេង​ទៀតឲ្យ​ដឹង»។​

លោកស្រី​បន្តថា៖ «ពួកគេ​បាន​លាក់​លុយ​ពី​សប្បុរសជន។ យើង​មិន​ដឹងថាវាទៅណាទេ ហើយ​លុយ​រដ្ឋ​ឲ្យ​មក​សាលា​ក៏​មិន​ដឹង​ដែរ។  ពេល​យើង​សួរ គាត់​ដូរ​ប្រធានបទ និង​បាន​និយាយ​យ៉ាង​ឈ្លើយ ដែល​មិន​អាច​ទទួល​យក​បាន​ទេ»។​

លោកស្រី​ឲ្យ​ដឹងថា​បញ្ហា​បាន​កើត​មាន​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខណៈ​ដែល​ការ​ង់ចាំ​វិធានការ​ច្បាប់ គ្រូៗ​បាន​ពហិកា​រមិន​ចូល​បង្រៀន និង​ប្រជុំ​។​

កាលពី​ការតវ៉ា​លើកទី​មួយ មន្ទីរ​អប់រំ​បាន​ចុះមក​ស៊ើប​អង្កេត និង​បាន​រក​ឃើញ​ថា​បណ្ដឹង​របស់​លោកគ្រូ អ្នកគ្រូ គឺ​ត្រឹម​ត្រូវ ប៉ុន្តែមន្ទីរបាន​ស្នើ​ឲ្យ​គ្រូៗ​រង់ចាំ​ដល់​ខែឧសភា ដោយថា​បញ្ហា​បាន​ទៅ​ដល់​រដ្ឋ​មន្ត្រី​ហើយ​។​

លោកស្រីចាន់ ហួត រំពឹង​ថា​អាជ្ញាធរ​ពាក់​ព័ន្ធ​នឹង​ពន្លឿន​ការ​ស៊ើប​អង្កេត​លើ​បណ្ដឹង​របស់គ្រូៗ​​។​

ជាមួយ​គ្នា​នេះដែរ​ ឪពុក​របស់​សិស្ស​រៀន​ថ្នាក់​ទី​៧ ម្នាក់​ ដែល​សុំមិនបញ្ចេញ​ឈ្មោះ បាន​លើកឡើងថាគាត់​បារម្ភអំពី​ការ​សិក្សា​របស់​កូន ដោយសារតែ​ឃើញ​មាន​ការ​តវ៉ា​បែបនេះ និង​សង្ឃឹម​ថា​ក្រសួង​នឹង​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​។​

អាណាព្យាបាលរូបនេះបាននិយាយថា លោក​ក៏​ធ្លាប់​បង់​ប្រាក់​៣០ ០០០​រៀល​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ថ្លៃទឹក និង​ភ្លើង និង​២០​ដុល្លារ​ផ្សេង​ទៀត​សម្រាប់​កម្មវិធីសិក្សា​រាល់​ពេល​ដែល​សាលាស្នើ​។ ប៉ុន្តែលោកថា​ទឹក​ស្អាត​ប្រើ​ប្រាស់​មាន​កម្រិត និង​កង្ហារ​ក៏​ប្រើ​មិន​សូវ​កើត ដែល​វា​ប៉ះពាល់​ខ្លាំង​ដល់​ការ​សិក្សា​របស់​កូន​លោក​។​

អាណាព្យាបាលរូបនោះបញ្ជាក់ថា៖ «ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​ការស៊ើប​អង្កេត​លើ​រឿងនេះ​បាន​ឆាប់។ បើសិន​ជា​វា​នៅ​តែ​បន្ត ជនរងគ្រោះ​គឺជា​កូនសិស្ស»។​

នាយក​សាលា​លោក ប៊ុន មុនី មិន​ទទួល​ទូរសព្ទ​របស់​ខេមបូចា​ទេ ថ្វីបើ​បាន​ហៅ​ចូល​ច្រើន​ដង​។

ចំណែក​នាយករង លោក យ៉ើ លាង បាន​និយាយ​ថា​ករណីរបស់ពួក​លោក «គឺ​កំពុង​ដោះស្រាយ​តាមនីតិវិធី»។ លោក​បាន​បដិសេធឆ្លើយ​សំណួរ​ផ្សេង​ទៀត​ដោយ​និយាយ​ថា​លោក​ «កំពុង​ជាប់​ប្រជុំ»។​

អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ ប្រាប់​ខេមបូចា​ថា មន្ទីរ​អប់រំ​រាជធានី​បាន​រៀប​ចំក្រុម​អធិការកិច្ច និង​បាន​ដោះស្រាយ​បញ្ហា និង​ថា​គ្រូៗបាន​យល់ព្រម​ចូលធ្វើការ​វិញធម្មតា​។​

អ្នកស្រីអះអាងថា​គ្រូៗ​ប្រហែល​៩០​ភាគរយបាន​ចូល​បង្រៀន​វិញ «ដូច​ធម្មតា» លើក​លែង​តែ​គ្រូៗ​ «មួយចំនួន​នៅចូល​រួម​បន្ត​ការតវ៉ា»។​

អ្នកស្រី​ឲ្យ​ដឹង​ដែរថា​ដូច​ជា​ថ្ងៃនេះ កិច្ច​ប្រជុំ​ និង​សកម្មភាព​ក្រុម​ការងារ​បច្ចេកទេស គឺ​ដំណើរ​ការ​ជាធម្មតា មិនប៉ះពាល់​ការ​រៀន​សូត្រ​របស់​សិស្ស​នោះទេ​។​

អ្នកស្រី​បន្ថែមថា៖ «បញ្ហា​នឹង​ត្រូវ​ដោះស្រាយ​ដោយ​មន្ទីរ​អប់រំ។ ខ្ញុំ​សូម​បញ្ជាក់ថា​គ្រូៗ​ជាង​៩០​ភាគរយ​បានធ្វើការ​ធម្មតា»។​

កាលពីឆ្នាំមុន អង្គការ​ឃ្លាំ​មើល​អំពើ​ពុក​រលួយឈ្មោះថា​អង្គការ​តម្លាភាពអន្តរជាតិ​កម្ពុជា បានចេញ​រាយការណ៍​ថា​តម្លាភាព​លើ​ដំណើរការ​ថវិកា​ជាតិ​របស់​កម្ពុជា​ចន្លោះឆ្នាំ២០១៨ ដល់​២០២៣ មាន​កម្រិត​ទាប និង​ខ្វះបទបញ្ញត្តិច្បាស់​លាស់។ អង្ការអន្តរជាតិនេះ​បាន​ដាក់​ចំណាត់​ថ្នាក់​ឲ្យ​កម្ពុជា​១៥០ លើ​១៨០ ក្នុង​សន្ទស្សន៍​នៃការ​យល់ឃើញ​ពី​អំពើ​ពុក​រលួយ​សម្រាប់​ឆ្នាំ​២០២២​។​

អ្នកស្រី អ៊ុក ឆាយ៉ាវី   ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ប្រាប់​ខេមបូចា​ថា ក្រសួង​អប់រំ និង​អាជ្ញាធរ​ពាក់ព័ន្ធគួរ​តែ​ចាត់​វិធានការ​ភ្លាមៗ ពីព្រោះថា​វានឹង​ប៉ះពាល់ប្រព័ន្ធ​អប់រំ និង​កូន​សិស្ស​។​

អ្នកស្រី​លើកឡើង​ថានីតិវិធីទាំងអស់អាច​នឹង​រក​ឃើញ​នៅពេល​ស៊ើប​អង្កេត ហើយ​បើ​រក​ឃើញ​កំហុស គួរ​តែមាន​ការ​ដាក់ទណ្ឌកម្ម​​តាម​ច្បាប់​។​

អ្នកស្រី​បន្តថា៖ «ជា​ធម្មតាគ្រូៗ​មិន​តវ៉ាទេ ដរាបណា​មិន​ប្រឈមការលំបាក​ខ្លាំង។ បើសិនជា​ក្រសួង​មិន​អាច​ដោះស្រាយ​បញ្ហានេះ វាដូច​ជា​សារាចរណ៍​មុនៗ​របស់ក្រ​សួង​អត់ន័យ។ ដើម្បី​បង្ហាញពី​យុត្តិធម៌ ក្រសួង​គួរតែស៊ើបអង្កេត បញ្ឈប់អំពើ​ពុក​រលួយ​ក្នុងប្រព័ន្ធអប់រំ»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Teachers Protest Again To Remove Principal and Deputy Over Alleged Funds Misuse

710 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម