សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

នាយកសាលាម្នាក់ ពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវ​ភេទ​លើអនីតិជន ខណៈនគរបាលបីនាក់ ត្រូវបានសាកសួរអំពីការយកលុយពីម្តាយកុមារីរងគ្រោះ

រូបខ្ទមឈើ ប្រក់សង្ខ័សីតូចមួយទើបសង់ថ្មី ដែលម្តាយ និងក្មេងស្រីរងគ្រោះបានគេចចេញពីកន្លែងរងគ្រោះមករស់នៅឯស្រុកកំណើត ។ ។ រូបថតនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ។ (ខេមបូចា/មាស ភារុណ)
រូបខ្ទមឈើ ប្រក់សង្ខ័សីតូចមួយទើបសង់ថ្មី ដែលម្តាយ និងក្មេងស្រីរងគ្រោះបានគេចចេញពីកន្លែងរងគ្រោះមករស់នៅឯស្រុកកំណើត ។ ។ រូបថតនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ។ (ខេមបូចា/មាស ភារុណ)

បាត់ដំបង៖ ម្តាយបង្កើតក្មេងស្រីរងគ្រោះបាននិយាយទាំងទឹកមុខក្រៀមក្រំ និងសម្តែងនូវការសោកស្តាយចំពោះប្រាក់ ១ ០០០ ដុល្លារ ដែលបានប្រគល់ឱ្យទៅអធិការរងនគរបាលស្រុកឯកភ្នំម្នាក់ ដែលជាអ្នកកាន់សំណុំរឿងកូនស្រីរបស់គាត់។ អ្នកស្រីអះអាងថា ការប្រគល់ប្រាក់នេះ គឺធ្វើឡើងទៅតាមការទាមទារពីមន្រ្តីរូបនោះ ជាថ្នូរនឹងការជួយសម្របសម្រួលទទួលបានសំណងរដ្ឋប្បវេណីពីជនសង្ស័យចំនួន ៣ ៥០០ ដុល្លារ។

អ្នកស្រី ស៊ីណាន់ ម្តាយក្មេងស្រីរងគ្រោះបានរៀបរាប់ថា៖ «លុយ ១ ០០០ ដុល្លារខ្ញុំឱ្យប៉ូលិសមែន! គាត់ថាបើបានបីពាន់ គាត់សុំខ្ញុំ ១ ០០០ ចឹងឯង គាត់សុំបណ្តោយ។ ខ្ញុំស្មានតែកន្លែងធ្វើការគេតម្រូវចឹង ព្រោះខ្ញុំមិនចេះអក្សរ»។ អ្នកស្រីបន្តថា៖ « បើសិនគាត់មិនទារខ្ញុំទេ តាមទឹកចិត្តខ្ញុំ ជូនគាត់ ៥០ ឬ ១០០ អស់ហើយ… ២០០ ច្រើនសម្រាប់ខ្ញុំពេកហើយ! ប៉ុន្តែគាត់ទារខ្ញុំ! ខ្ញុំស្មានតែកន្លែងធ្វើការគេតម្រូវទារចឹង»។

នៅពេលសួរថា តើអ្នកស្រីស្គាល់ឈ្មោះមន្រ្តីនគរបាលរូបនោះដែរឬទេ? គាត់បាននិយាយថា ស្គាល់មុខច្បាស់តែមិនស្គាល់ឈ្មោះទេ ប៉ុន្តែដឹងថាគាត់ជាអធិការរងស្រុកឯកភ្នំ ដែលជាអ្នកកាន់សំណុំរឿងរបស់កូនស្រីគាត់តាំងពីដាក់ពាក្យបណ្តឹងដំបូង រហូតដល់ភាគីជនសង្ស័យប្រគល់ប្រាក់ ៣ ៥០០ ដុល្លារឱ្យ។ នៅពេលអ្នកសារព័ត៌មានបង្ហាញរូបថតលោកអធិការរងឈ្មោះ មាស ណារ៉ុង ដែលត្រូវបានបង្ហោះលើបណ្តាញសង្គម គាត់បានអះអាងថា គឺជារូបមន្ត្រីនោះពិតប្រាកដមែន។

ដំណើររឿងនៃការរំលោភបំពាន

ស្ត្រីជាម្តាយបានរៀបរាប់បន្ថែមថា នៅថ្ងៃទី១៣ ខែសីហា គាត់ និងកូនស្រីបានមកស៊ីឈ្នួលវេចសង្វាក់ឱ្យអ្នកភូមិក្បែរសាលារៀន។ ក្រោយមកកូនស្រីរបស់គាត់បានត្រឡប់មកផ្ទះមុន។ លុះដល់ម៉ោង ៤ល្ងាច ពេលគាត់ត្រឡប់មកផ្ទះវិញរកកូនមិនឃើញ ក៏សង្ស័យហើយដើរទៅមើលនៅផ្ទះលោកគ្រូ ជក់ ហុង ជានាយកសាលាបឋមសិក្សាវត្តកែវ ដែលមានផ្ទះនៅក្នុងបរិវេណសាលានោះ។ ពេលទៅដល់ គាត់បានប្រទះឃើញលោកគ្រូរូបនេះកំពុងចាប់រំលោភកូនស្រីរបស់គាត់។ ពេលនោះ គាត់បានដើរចេញរួចបបួលអ្នកភូមិម្នាក់ឈ្មោះ ចែធារី ទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកឯកភ្នំភ្លាមៗ ដោយទាមទារសំណង ៣ ០០០ ដុល្លារ និងសុំឱ្យអនុវត្តតាមច្បាប់លើជនសង្ស័យ។

ក្រោយពេលដាក់ពាក្យបណ្តឹង មានគ្រូបង្រៀនម្នាក់ឈ្មោះ គ្រូ វុធ ដែលជាមិត្តភក្តិរបស់ជនសង្ស័យ បានទូរសព្ទមកសុំឱ្យគាត់ដកពាក្យបណ្តឹងវិញ ដោយលោកគ្រូ ហុង សន្យាផ្តល់ប្រាក់ ៥ ០០០ ដុល្លារ និងម៉ូតូស៊េរីឆ្នាំ២០២៤ មួយគ្រឿង។ ប៉ុន្តែអ្នកស្រីបានបដិសេធ និងឆ្លើយតបថា ហួសពេលហើយ ព្រោះគាត់បានដាក់ពាក្យបណ្តឹងរួចរាល់ហើយ។

ការសម្របសម្រួល និងសមត្ថកិច្ចទារប្រាក់

អ្នកស្រីបានឱ្យដឹងទៀតថា ក្រោយដាក់ពាក្យបណ្តឹង មន្រ្តីនគរបាល ៤ ទៅ ៥ នាក់ បានចុះទៅរកចាប់ខ្លួនលោកគ្រូ ហុង តែមិនជួប។ ថ្ងៃបន្ទាប់ ខាងនគរបាលបានកោះហៅភាគីតំណាងជនសង្ស័យ (រួមមានប្អូនប្រុសជនសង្ស័យ និងលោកគ្រូឈ្មោះ វុធ) ព្រមទាំងអ្នកស្រី មកដោះស្រាយគ្នានៅក្នុងបន្ទប់បិទទ្វារមួយក្នុងអធិការដ្ឋានស្រុកឯកភ្នំ ដោយមានលោកអធិការរងខាងលើជាអ្នកសម្របសម្រួលតែម្នាក់ឯង។

អ្នកស្រីបានបញ្ជាក់ថា ពេលនោះគាត់ទារ ៥ ០០០ ដុល្លារ ប៉ុន្តែភាគីជនសង្ស័យតវ៉ាថា ពាក្យបណ្តឹងទារតែ ៣ ០០០ ដុល្លារទេ ក្រោយមកគាត់ក៏សម្រេចយក ៣ ៥០០ ដុល្លារ។ លុយនោះ គាត់មិនដឹងថាភាគីជនសង្ស័យប្រគល់ឱ្យមន្រ្តីនគរបាលពេលណានោះទេ ព្រោះគាត់ចេញទៅខាងក្រៅ។ ពេលចូលមកវិញ មន្រ្តីនគរបាលរូបនោះបានដកប្រាក់ ៣ ៥០០ ដុល្លារពីក្នុងថតតុប្រគល់ឱ្យគាត់ ដោយមានការថតរូបការប្រគល់-ទទួលប្រាក់ទុកជាភស្តុតាងផងដែរ។

អ្នកស្រីបន្ថែមថា៖ «ភាគីជនសង្ស័យចេញផុត ខាងប៉ូលិសនិយាយថា “ចែឯងបាន ៣ ៥០០ ខ្ញុំសុំ ១ ២០០ មក!”… ខ្ញុំក៏អង្វរថា “ខ្ញុំសុំ ១ ០០០ ដុល្លារហ្នឹងបានហើយ!” ប៉ូលិសថាបើមិនបាន ១ ២០០ ក៏បាន ១ ១០០ ដែរ! ខ្ញុំក៏ថាមិនមានលុយទេពូអើយ! បើកូនខ្ញុំយកទៅពេទ្យសៀមរាប មានបញ្ហា មានកូនមានអីក្នុងពោះហ្នឹង មើលកូនអត់គ្រាន់ទេ»។ អ្នកស្រីបន្ថែមទៀតថា៖ «ពេលនោះគាត់ (ប៉ូលិស) ក៏ព្រមយកលុយ ១ ០០០ ដុល្លារទៅ (ក្រដាស ១០០ ដុល្លារចំនួន ១០ សន្លឹក)។ ពេលហ្នឹងមានតែខ្ញុំពីរនាក់គាត់ទេ អត់មានអ្នកណានៅកន្លែងហ្នឹងទេ ទ្វារបិទជិត»។

សារព័ត៌មានខេមបូចា បានព្យាយាមទាក់ទងលោក មាស ណារ៉ុង អធិការរងស្រុកឯកភ្នំ ដើម្បីសុំការឆ្លើយតបជុំវិញការចោទប្រកាន់នេះតាមទូរសព្ទ ប៉ុន្តែនៅពេលលោកឮថាកាសែត ទូរសព្ទ​ត្រូវបានផ្តាច់ចោល។ ការព្យាយាមទាក់ទងជាច្រើនលើកបន្ទាប់ រហូតមកដល់ថ្ងៃទី២៥ ខែកញ្ញា ក៏នៅតែមិនមានអ្នកទទួលទូរសព្ទដែរ។

អ្នកស្រី ស៊ីណាន់ ម្តាយបង្កើតក្មេងស្រីរងគ្រោះបានបង្ហាញមន្រ្តីនគបាលស្រុកឯកភ្នំម្នាក់ដែលអ្នកស្រីអះអាងថា បានប្រគល់ប្រាក់ ១ ០០០ ដុល្លា ក្រោយសម្របសម្រួលបានលុយពីភាគីល្មើសបាន ៣ ៥០០ ដុល្លារ ក្នុងបន្ទប់បិទទ្វារជិតតែ២នាក់ ក្នុងអធិការស្រុកឯកភ្នំ។ រូបភាពថតនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/មាស ភារុណ)

ការរៀបរាប់ពីការរងគ្រោះ និងការប្រព្រឹត្តបទល្មើសបន្តបន្ទាប់

ស្ថិតក្នុងសភាពស្លេកស្លាំង ក្មេងស្រីរងគ្រោះដែលអ្នកសារព័ត៌មានដាក់ឈ្មោះឱ្យថា «កញ្ញា» បានរៀបរាប់ប្រាប់ថា ជនសង្ស័យជានាយកសាលារូបនេះ បានលួងលោមនាងរួមភេទនៅផ្ទះរបស់គាត់ក្នុងសាលារៀន ចាប់តាំងពីខែសីហា ឆ្នាំ២០២៥ មកម្ល៉េះ ដោយមួយខែប្រព្រឹត្តិប្រមាណ ៣ដង រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ១២ ថ្ងៃត្រង់ នៅពេលដែលសិស្សចេញពីរៀនគួរអស់។

ក្មេងស្រីនិយាយថា៖ «ដោយសារផ្ទះខ្ញុំនៅជិតផ្ទះគ្រូនោះ គាត់តែងតែដើរទៅហៅ ដោយថាកុំនៅតែឯង មកផ្ទះគ្រូមក ខ្លួនជាស្រី។ ខ្ញុំនៅម្នាក់ឯង ម្តាយទៅវេចសង្វាក់ឱ្យគេ ពេលខ្លះខ្ញុំអត់ចង់ទៅទេ តែគាត់បង្ខំខ្ញុំ គាត់បន្លាចខ្ញុំថានៅម្នាក់ឯងប្រយ័ត្នគេចូលមកចាប់អីចឹងទៅ»។

ក្មេងរងគ្រោះបន្ថែមថា ពេលលោកគ្រូប្រព្រឹត្តិលើខ្លួនម្តងៗ គាត់ឱ្យប្រាក់ ៤ ទៅ ៥ ម៉ឺនរៀល ហើយរៀងរាល់លើក ជនសង្ស័យតែងតែគំរាមមិនឱ្យប្រាប់អ្នកណាឡើយ សូម្បីតែម្តាយ បើហ៊ានប្រាប់ គាត់នឹងវាយ។

កុមារីនិយាយទាំងភ័យខ្លាចថា៖ «ខ្ញុំមានអារម្មណ៍ភ័យខ្លាចតក់ស្លុត ខ្លាចម៉ាក់វាយពេលម៉ាក់ដឹង ហើយក៏ភ័យខ្លាចគ្រូវាយផងពេលប្រាប់ម៉ាក់ ឬអ្នកផ្សេង»។

ម្តាយក្មេងស្រីរងគ្រោះបញ្ជាក់ថា ក្រោយពេលដាក់ពាក្យបណ្តឹង និងទទួលប្រាក់រួច ជនសង្ស័យ​ជានាយកសាលានោះ មិនដែលឃើញនៅផ្ទះនោះទេ ប៉ុន្តែឃើញគណនី Facebook និង Telegram របស់គាត់លេងជាធម្មតា ហើយក៏មិនឃើញសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យមកអនុវត្តច្បាប់ចំពោះអំពើដែលបានប្រព្រឹត្តិលើកូនស្រីរបស់គាត់ឡើយ។

ប្រតិកម្មពីអាជ្ញាធរ និងនីតិវិធីផ្លូវច្បាប់

ព័ត៌មានដែលម្តាយក្មេងស្រីអះអាងថា បានផ្តល់ប្រាក់ ១ ០០០ ដុល្លារដល់លោកអធិការរងស្រុកឯកភ្នំជាថ្នូរនឹងការជួយសម្របសម្រួលរឿងក្តីខាងលើ បានស្ងប់ស្ងាត់អស់រយៈពេលជាង ២០ថ្ងៃ។ ប៉ុន្តែបន្ទាប់ពីអ្នកសារព័ត៌មានបានសម្ភាសន៍ម្តាយក្មេងស្រីរងគ្រោះ និងផ្សព្វផ្សាយលើបណ្តាញសង្គម មានការចែករំលែកយ៉ាងព្រោងព្រាតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកញ្ញា។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការបំភ្លឺកាលពីថ្ងៃទី៨ ខែកញ្ញាភ្លាមៗ ក្រោយផ្ទុះការរិះគន់លើបណ្តាញសង្គម ដោយបញ្ជាក់ថា លោក​ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានចាត់តាំង​ឱ្យ​ធ្វើការស្រាវជ្រាវលើករណីនេះ ក្នុងនោះរួមមាន៖១- ករណីនាយកសាលាឈ្មោះ ជក់ ហុង គឺជាករណីរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ ឆ្នាំ ហើយករណីនេះត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចេញដីកាបញ្ជាឱ្យចូលខ្លួន ដែលសមត្ថកិច្ចនគរបាលកំពុងអនុវត្តស្របតាមនីតិវិធី។ ២- ករណីដែលលើកឡើងទាក់ទងនឹងម្តាយជនរងគ្រោះបានឱ្យប្រាក់ទៅមន្រ្តីនគរបាលនោះ លោកស្នងការបានចាត់ឱ្យផែនការងារធនធានមនុស្សនៃស្នងការដ្ឋាន ធ្វើការកោះហៅមន្រ្តីពាក់ព័ន្ធមកធ្វើការសាកសួរស្រាវជ្រាវហើយ។

 ក្រុមប្រតិកម្មរហ័សបញ្ជាក់ថា៖ «ប្រសិនបើរកឃើញថា មន្រ្តីរូបណាពាក់ព័ន្ធ នឹងត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខវិន័យរបស់កងកម្លាំងនគរបាលជាតិ»។

ក្រោយស្នងការខេត្តចេញបំភ្លឺបានមួយថ្ងៃ ជនសង្ស័យឈ្មោះ ជក់ ហុង ដែលបានរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចសហការស្រាវជ្រាវរកឃើញនៅស្រុកបវេល ខេត្តបាត់ដំបង នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ និងបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។ កិច្ចប្រតិបត្តិការនេះ មានការចូលរួមពីនាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ, អង្គការការពារ​កុមារ (CPU), ផែនជំនាញ និងនគរបាលពាក់ព័ន្ធក្នុងស្រុកឯកភ្នំ និងស្រុកបវេល។

អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបងបានបញ្ជាក់ថា ផ្អែកតាមសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ របស់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ចុះថ្ងៃទី១១ ខែកញ្ញា លើឈ្មោះ ជក់ ហុង ពីបទ «ទិញពេស្យាចារកុមារ» ប្រព្រឹត្តនៅចំណុចសាលាបឋមសិក្សាវត្តកែវ ស្ថិតក្នុងភូមិកំពង់សំបូរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីអំឡុងខែសីហា ឆ្នាំ២០២៥ រហូតដល់ខែកក្កដា ឆ្នាំ២០២៦ និងបទ «រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ ឆ្នាំ» ប្រព្រឹត្តនៅទីតាំងដដែល កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។ បទល្មើសទាំងនេះ មានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៣៤ កថាខណ្ឌទី២ និងមាត្រា ៤២ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

យោងតាមច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ត្រង់មាត្រា ៣៤ កថាខណ្ឌទី២ បានចែងថា ជនណារួមភេទ ឬធ្វើអំពើគ្រប់រូបភាពផ្សេងទៀតដែលទាក់ទងនឹងភេទជាមួយអនីតិជនដែលមានអាយុតិចជាង ១៥ ឆ្នាំដោយផ្ទាល់… ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ដល់ ១៥ (ដប់ប្រាំ) ឆ្នាំ។ ចំណែកមាត្រា ៤២ នៃច្បាប់នេះ បានចែងថា ជនណាដែលរួមភេទជាមួយជនដទៃដែលមានអាយុតិចជាង ១៥ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ដល់ ១០ (ដប់) ឆ្នាំ។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ រូបភាពថតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/មាស ភារុណ)

ការស្រាវជ្រាវលើករណីពុករលួយរបស់សមត្ថកិច្ច

ជុំវិញការចោទប្រកាន់ពីស្ត្រីជាម្តាយរបស់ក្មេងរងគ្រោះ ដែលអះអាងថា បានផ្តល់ប្រាក់ ១ ០០០ ដុល្លារ ដល់មន្រ្តីនគរបាលនោះ សារព័ត៌មានខេមបូចា មិនអាចទាក់ទងលោក ឆាយ ម៉ាប់ អធិការនគរបាលស្រុកឯកភ្នំ ដើម្បីធ្វើការបំភ្លឺបានឡើយ។

តាមព័ត៌មានក្នុងស្រុកបានឱ្យដឹងថា លោកស្នងការនគរបាលខេត្តបាត់ដំបង បានឱ្យផែនការងារធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្ត កោះហៅមន្រ្តីពាក់ព័ន្ធក្នុងអធិការដ្ឋានស្រុកឯកភ្នំចំនួន ៣ រូប មកសាកសួរនៅថ្ងៃទី១០ ខែកញ្ញា រួមមាន៖ លោក ឆាយ ម៉ាប់ អធិការ, លោក មាស ណារ៉ុង អធិការរងផ្នែកព្រហ្មទណ្ឌ និងលោក លី ឡេង នាយផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋានស្រុកឯកភ្នំ។

ក្រោយការសាកសួរមន្រ្តីទាំង៣រូបខាងលើ មិនទាន់មានប្រភពផ្លូវការណាមួយទម្លាយ ឬផ្សព្វ​ផ្សាយ​ជាសាធារណៈអំពីចម្លើយសារភាព ឬលទ្ធផលនៃការសាកសួរនោះទេ ដែលធ្វើឱ្យអ្នកតាមដានបណ្តាញសង្គម រួមទាំងអ្នកសារព័ត៌មាន មានការងឿងឆ្ងល់ និងចង់ដឹងពីការពិត​។

អ្នកស្រី រស់ ជីវី ស្នងការរងនគរបាលទទួលផែនការងារស្ត្រី និងកុមារ បានបញ្ជាក់នៅថ្ងៃទី២១ ខែ​កញ្ញាថា មន្រ្តីខាងលើត្រូវបានស្នងការកោះហៅមកសួរនាំរួចហើយ ប៉ុន្តែអ្នកស្រីមិនដឹងលទ្ធផលយ៉ាងណានោះទេ ព្រោះមិនមែនជាជំនាញរបស់អ្នកស្រីឡើយ ពោលគឺខាងធនធានមនុស្ស ជាអ្នកទទួលបន្ទុក ចំណែកខាងអ្នកស្រីធ្វើតែលើនីតិវិធីប៉ុណ្ណោះ។

 អ្នកស្រីបញ្ជាក់បន្ថែមថា៖ «បងកំពុងនៅភ្នំពេញ ប៉ុន្តែដូចស្នងការបញ្ជាក់ហើយ កំពុងមានចំណាត់​ការហើយ»។

ទាក់ទងនឹងលទ្ធផលនៃការកោះហៅមន្រ្តីខាងលើមកសាកសួរនេះ សារព័ត៌មានខេមបូចា ក៏មិនអាចសុំការបំភ្លឺពីលោក ឡុង យោធាវីរៈ នាយការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដែរ។

ជុំវិញលទ្ធផលនៃការសាកសួររឿងប្រាក់ ១ ០០០ ដុល្លារនោះ លោក អ៊ឹម កុសល ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់នៅថ្ងៃទី២២ ខែកញ្ញាថា៖ «ការងារនេះ ស្នងការដ្ឋានបានបញ្ជូនទៅឯកឧត្តមអគ្គស្នងការលោកសម្រេច»។

នៅពេលសួរថា តើមន្ត្រីនគរបាលដែលត្រូវបានកោះហៅសាកសួរនោះ បានសារភាពថាពិតជាបានទារប្រាក់ ១ ០០០ ដុល្លារ ពីស្ត្រីជាម្តាយក្មេងរងគ្រោះពិតមែនឬយ៉ាងណា? លោក អ៊ឹម កុសល បានឆ្លើយយ៉ាងខ្លីថា មន្រ្តីដែលហៅមកសាកសួរនោះ «បានបដិសេធ»។

ទោះជាយ៉ាងណា បើតាមលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានសរសេរលើគណនី Facebook របស់ខ្លួនកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ មានខ្លឹមសារថា៖ «ករណីស្រុកឯកភ្នំ បានស្រាវជ្រាវបញ្ចប់ហើយ។ លទ្ធផលយ៉ាងណាកំពុងស្នើសុំគោលការណ៍សម្រេចពីថ្នាក់ដឹកនាំ»។

នៅពេលសួរដេញដោលតាមខ្លឹមសាររបស់លោកស្នងការខេត្តបាត់ដំបងខាងលើ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានបញ្ជាក់ថា៖ «នៅពេលស្នងការដ្ឋានចាត់នីតិវិធី នឹងបន្តនីតិវិធីមកអគ្គស្នងការដ្ឋាន។ ដូច្នេះ សូមទាក់ទងបញ្ជាក់ជាមួយអគ្គស្នងការដ្ឋានវិញ។ សូមអរគុណច្រើន»។

សារព័ត៌មានខេមបូចា មិនអាចសុំការអត្ថាធិប្បាយពី លោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានទេគិតត្រឹមម៉ោងចេញផ្សាយនេះ។

សាលាដំបូងខេត្តបាត់ដំបង។ រូបភាពថតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/មាស ភារុណ)

ទស្សនៈ និងសំណូមពរពីសង្គមស៊ីវិល

លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលអង្គការលីកាដូ (LICADHO) ប្រចាំតំបន់ បានឱ្យដឹងថា ក្នុងនាមសង្គមស៊ីវិល លោកស្នើសុំឱ្យសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ពន្លឿនការធ្វើរបាយការណ៍បញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ ចំណែកអគ្គស្នងការដ្ឋាននគរបាលជាតិ សូមស្នើពិនិត្យមើលរបាយការណ៍ស្នងការដ្ឋាន ដើម្បីស្នើសុំគោលការណ៍ទៅឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្វើការសម្រេច។

លោកបន្ថែមថា បើសិនរកឃើញកំហុសមន្រ្តីនគរបាលខាងលើ លោកស្នើសុំ ២ ចំណុច៖ «ទី១ អាចស្នើសុំដកហូតមន្រ្តីនគរបាលហ្នឹងពីតួនាទី ព្រោះបើរក្សាតួនាទីទៀត ប្រជាពលរដ្ឋអត់មានជំនឿទេ! ទី២ បើពាក់ព័ន្ធអំពើពុករលួយ ស្នើបញ្ជូនសំណុំរឿងហ្នឹងទៅអង្គភាពប្រឆាំងអំពើពុករលួយចាត់ការតាមច្បាប់»។

មន្រ្តីសិទ្ធិមនុស្សរូបនេះបានបន្ថែមថា ថ្នាក់លើត្រូវអនុវត្តឱ្យបានតឹងរ៉ឹង ដើម្បីជាការព្រមាន និងបង្ហាញនូវការអនុវត្តច្បាប់ជាគំរូ សម្រាប់មន្រ្តីនគរបាលក្នុងអង្គភាពផ្សេងទៀតកុំឱ្យធ្វើតាម។

លោក អ៊ិន គង់ជិត បានសំណូមពរថា៖ «ស្នើសុំឯកឧត្តមស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកព្រះរាជអាជ្ញា សុំក្រើនរំលឹកបណ្តាអង្គភាពនគរបាលយុត្តិធម៌ទាំងអស់ ដើម្បីកុំឱ្យមន្រ្តីនគរបាលយុត្តិធម៌ពាក់ព័ន្ធលុយកាក់របស់ដើមបណ្តឹង ឬជនរងគ្រោះ ហើយត្រូវអនុវត្តក្រមសីលធម៌វិជ្ជាជីវៈមន្រ្តីនគរបាលយុត្តិធម៌ នូវអ្វីដែលបានស្បថនៅសាលាឧទ្ធរណ៍កន្លងមក»។

ក្តីសង្ឃឹម និងការអំពាវនាវរបស់អ្នករងគ្រោះ

«កញ្ញា»ឈ្មោះអ្នកកាសែតដាក់ឱ្យ ដែលជាក្មេងស្រីរងគ្រោះ និងបច្ចុប្បន្នបានបញ្ចប់ថ្នាក់ទី៦ បាននិយាយថា បន្ទាប់ពីគេចចេញពីកន្លែងដែលនាងធ្លាប់រងគ្រោះ ដោយសារបានតាមម្តាយមកសង់ខ្ទមរស់នៅក្រោយផ្ទះយាយនៅស្រុកកំណើត នាងមានអារម្មណ៍ធូរស្បើយជាងមុន និងមិនសូវភ័យខ្លាចឡើយ ដោយសារមានមីង ពូ បងប្អូន និងម្តាយជួយគាំទ្រ និងលើកទឹកចិត្ត។

កញ្ញានិយាយថា៖ «ពីមុនខ្ញុំភ័យខ្លាច ពេលនេះគ្រាន់បើហើយ! បើសិនមានអង្គការណាជួយ ខ្ញុំចង់ទៅរៀនបន្ត»។

ដោយឡែក អ្នកស្រី ស៊ីណាន់ ម្តាយក្មេងស្រីរងគ្រោះ នៅតែសម្តែងក្តីតូចចិត្តទាំងទឹកភ្នែកជារឿយៗ ចំពោះទង្វើរបស់ជនសង្ស័យ ដែលធ្លាប់រាប់អានគ្នាតែប្រែជាមកប្រព្រឹត្តិអំពើថោកទាបលើកូនស្រីរបស់គាត់។ អ្នកស្រីបញ្ជាក់ថា ដោយសារភាពឆោតល្ងង់ និងមិនចេះអក្សរ ស្មានតែច្បាប់តម្រូវឱ្យបង់ប្រាក់ឱ្យមន្រ្តីនៅពេលដោះស្រាយសំណុំរឿងដូច្នេះ បើដឹងថាគ្មានច្បាប់ណាតម្រូវទេ ម៉្លោះពេលនោះគាត់មិនឱ្យច្រើនដល់ថ្នាក់នេះឡើយ។

អ្នកស្រី ស៊ីណាន់ និយាយថា ពេលនេះអ្នកស្រីចង់បានប្រាក់នោះមកវិញ ព្រោះ ១ ០០០ ដុល្លារច្រើនណាស់សម្រាប់រូបគាត់ ខណៈដែលគាត់ដើរស៊ីឈ្នួលវេចសង្វាក់ឱ្យគេបានមួយថ្ងៃត្រឹមតែ ១៥ ០០០ ទៅ ២០ ០០០ រៀលប៉ុណ្ណោះ។

ម្តាយក្មេងស្រីរងគ្រោះបានសំណូមពរទាំងអួលដើមកថា៖ «សូមយល់ពីប្រជាពលរដ្ឋដែលខ្វះខាតផង! ប្រជាពលរដ្ឋអត់ដឹងច្បាប់ បានជាពឹងសមត្ថកិច្ចហ្នឹង… បើសមត្ថកិច្ចទារអះអាងប៉ុណ្ណេះ! ប៉ុណ្ណោះចឹង! ប្រជាពលរដ្ឋសង្ឃឹមអីទៀត! មានតែសង្ឃឹមសមត្ថកិច្ចហ្នឹងឯងខាងផ្នែកច្បាប់ បើឃើញគ្នាអត់ហើយ កុំជាន់គ្នាពន្លិចបន្ថែមទៀត ត្រូវជួយគ្នា! ពេលគ្នាមានទុក្ខហើយ កុំធ្វើឱ្យគ្នាមានទុក្ខថែមចឹងទៀត!»។

ព័ត៌មានថ្មី

អត្ថបទពេញនិយម