បាត់ដំបង៖ ពលរដ្ឋម្នាក់បានលើកឡើងថា៖ «ពីដើមដៃស្កកអត់ទឹកខូចចោលអស់ទៅ ដល់ពេលយើងធ្វើបាន ហើយត្រូវទឹកលិចខូចម្តងទៀត និយាយមិនចេញទេ មានតែលក់ស្រែសងគេហើយ តើមានអីបានចំណូលមកវិញ?»។
នេះជាការលើកឡើងទាំងអួលដើមករបស់លោក ឌុល សុផល អាយុ ៤៥ឆ្នាំ កសិកររស់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខណៈលោកកំពុងបើកគោយន្តដឹកម៉ូតូ រទេះ និងសម្ភារប្រចាំថ្ងៃ ជម្លៀសចេញពីភូមិដែលកំពុងលិចលង់ ថ្វីត្បិតតែទឹកស្ទឹងសង្កែបានស្រកចុះជាច្រើនថ្ងៃហើយក៏ដោយ។
លោក សុផល បានរៀបរាប់ថា ស្រូវរបស់លោកចំនួន ១០ហិកតា ដែលកំពុងផ្លែអោនដាក់គ្រាប់ ត្រូវទឹកជំនន់លិចខូចខាតទាំងស្រុង។ អ្នកភូមិផ្សេងទៀតក៏ជួបប្រទះវាសនាមិនខុសគ្នាប៉ុន្មានដែរ។ ពួកគាត់កំពុងជួបការលំបាកយ៉ាងខ្លាំង ដោយសារទឹកជំនន់លិចផ្លូវ និងលិចផ្ទះសម្បែង ដោយអ្នកខ្លះទ្រាំរស់នៅលើផ្ទះដែលលិចទឹក និងអ្នកខ្លះទៀតបានជម្លៀសទៅស្នាក់នៅតាមវត្តអារាម និងទីទួលសុវត្ថិភាព។
លោក សុផល បន្ថែមថា៖ «ប្រជាជនប្រឈមនឹងការខ្វះស្បៀងខ្លាំងណាស់ ព្រោះទឹកលិចស្ទើរតែទូទាំងភូមិ។ អ្នកខ្លះជម្លៀសទៅនៅវត្ត អ្នកខ្លះទ្រាំនៅលើទឹកដោយលើកអីវ៉ាន់ដាក់លើធ្នើរ មិនដឹងគេចទៅណា ព្រោះជុំវិញសុទ្ធតែទឹក ឯគោ និងសត្វចិញ្ចឹមផ្សេងទៀតត្រូវជម្លៀសទៅទុកនៅលើចិញ្ចើមថ្នល់»។
ប្រជាពលរដ្ឋម្នាក់ទៀតដែលចេញមកទិញស្បៀង និងកំពុងជិះគោយន្តឆ្លងកាត់ទឹកត្រឡប់ចូលទៅភូមិត្រស់វិញ បានរៀបរាប់ថា ផ្ទះរបស់គាត់ត្រូវទឹកលិចត្រឹមចង្កេះជាងមួយសប្តាហ៍មកហើយ ប៉ុន្តែបានត្រឹមទ្រាំរស់នៅ ព្រោះមិនដឹងជម្លៀសទៅណា។ រីឯផ្ទះអ្នកភូមិខ្លះទៀតលិចត្រឹមក ឬដល់ដំបូល ក៏បានជម្លៀសទៅស្នាក់នៅតាមវត្ត និងតាមដងផ្លូវជាតិ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំនៅផ្នែកខាងលើផងលិចប៉ុណ្ណឹង ចុះអ្នកនៅខាងក្រោមៗទៀតលិចយូរណាស់មកហើយ។ ចាប់តាំងពីគេបើកទ្វារទំនប់កំពីងពួយមក គឺពិបាកទាំងការរស់នៅ បាយទឹក និងការធ្វើដំណើរ ថែមទាំងខ្វះខាតស្បៀងអាហារទៀត។ ស្រូវអ្នកភូមិលិចអស់ហើយ មិនដឹងសង្ឃឹមលើអីទេ… សូម្បីត្រសក់ និងសណ្តែកដែលខ្ញុំដាំ ក៏លិចងាប់អស់ដែរ មិនដឹងថាកន្លះខែទៀតស្រកឬអត់ទេ បើភ្លៀងនៅតែធ្លាក់បែបនេះ!»។
អ្នកស្រីបន្ថែមថា ក្មេងៗ និងអ្នករស់នៅតំបន់ខាងក្រោម ចាប់ផ្តើមមានជំងឺឈឺស្កាត់ខ្លះៗហើយ ដោយសារទឹកលិចជ្រៅ និងអូសបន្លាយពេលយូរថ្ងៃ។ អ្នកស្រីបានអំពាវនាវដល់សប្បុរសជន និងអាជ្ញាធរឱ្យមេត្តាចុះជួយប្រជាពលរដ្ឋរងគ្រោះ ជាពិសេសអ្នករស់នៅប៉ែកខាងក្រោមដែលកំពុងខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង។
កំពុងដើរលុយទឹកជញ្ជូនសម្ភារពីផ្ទះដែលលិចត្រឹមទ្រូងមកដាក់លើគ្រែជាប់ផ្លូវជាតិលេខ៥ ជាមួយប្រជាពលរដ្ឋ ៤គ្រួសារផ្សេងទៀត ដែលបានជម្លៀសមកទីនេះជិត ១០ថ្ងៃហើយនោះ អ្នកស្រី ឃឿងលាង អាយុ ៤៨ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី បានឱ្យដឹងថា ចៅរបស់គាត់ ២នាក់ បានធ្លាក់ខ្លួនឈឺកើតជំងឺគ្រុនឈាម ហើយទើបតែចេញពីមន្ទីរពេទ្យកាលពីម្សិលមិញ ដោយសារទឹកលិចគ្រប់កន្លែងធ្វើឱ្យកើតមានមូសច្រើន។
អ្នកស្រីបានបន្ថែមដោយក្តីក្តុកក្តួលថា ក្រៅពីកំពុងរងគ្រោះដោយសារទឹកជំនន់ហើយនោះ កូនរបស់គាត់ត្រូវចោរលួចកាច់កយកម៉ូតូម៉ាក Smash មួយគ្រឿង ដែលជិះយកបាយទឹកមកឱ្យគាត់ ជិះគេចខ្លួនបាត់ស្រមោល កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។ ទោះជាបានប្តឹងប៉ូលិសហើយក៏ដោយ ក៏មិនដឹងថានឹងអាចរកឃើញវិញឬយ៉ាងណានោះទេ។
អ្នកស្រីរៀបរាប់ទៀតថា៖ «ឆ្នាំ២០២០ លិចខ្លាំងចឹងដែរ… លើកនេះទឹកលិចតាំងពីថ្ងៃទី៣០ ខែកញ្ញា លិចខ្លាំង និងលំបាកណាស់ រកអីក៏មិនបាន ស្បៀងក៏ខ្វះ! ចៅឈឺទាំងពីររាគផងក្អួតផង ដល់យកទៅពេទ្យស្រុក ទើបដឹងថាកើតជំងឺគ្រុនឈាម ហើយទើបតែជាសះស្បើយចេញពីពេទ្យ។ មិនតែប៉ុណ្ណោះ ម៉ូតូសម្រាប់ជិះដឹកជញ្ជូនក៏ត្រូវចោរលួចបាត់ទៀត»។
អ្នកស្រីបន្តថា៖ «ខ្ញុំទើបតែទទួលបានតង់មួយពីលោកមេឃុំកាលពីព្រឹកមិញ។ ខ្ញុំសូមសំណូមពរឱ្យជួយអង្ករ និងស្បៀងអាហារផង ព្រោះមិនដឹងថាទឹកស្រកពេលណាទេ ហើយភ្លៀងកាលពីយប់មិញខ្លាំងដូចចាក់ទឹក ធ្វើឱ្យទឹកហក់ឡើងមកវិញទៀត»។

លោក ពេក គុំ មេឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានឱ្យដឹងថា នៅក្នុងឃុំអូរតាគី ទឹកជំនន់បានលិចលង់ និងប៉ះពាល់ដល់ប្រជាពលរដ្ឋទាំង ៨ភូមិ ដោយសារប្រភពទឹកហូរមកពីច្រើនច្រក មានពីអាងកំពីងពួយ ស្រុកបវេល និងទំនប់កង្ហត ធ្លាក់ឆ្លងកាត់ឃុំស្នឹង និងភ្នំសំពៅ ហូរចាក់មកទីនេះទាំងអស់។
លោកមេឃុំបានបន្ថែមថា ភូមិចំនួន៥ ក្នុងចំណោម ៨ភូមិ រួមមាន ភូមិអូរតាគី ពពាលខែ វាលទ្រា ត្រស់ និងភូមិព្រៃទទឹង បានរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយប៉ះពាល់ប្រជាពលរដ្ឋសរុប ២ ០៤៨ គ្រួសារ និងផ្ទៃដីស្រូវជិត ៥ ០០០ ហិកតា ដែលភាគច្រើនជាស្រូវកំពុងពេញប្រមូលផល។
លោកបន្ថែមថា៖ «ក្នុងនោះ ផ្ទៃដីស្រូវជាង ៣ ០០០ ហិកតា បានប្រមូលផលរួចរាល់ហើយ ប៉ុន្តែដោយសារត្រូវច្រូតប្រណាំងនឹងទឹកជំនន់ ទិន្នផលទទួលបានមិនដល់ពាក់កណ្តាលផង! កាលមុន ១ហិកតា ធ្លាប់ទទួលបានផលជាង ២តោន ប៉ុន្តែលើកនេះប្រមូលបានតែ ១តោន ឬខ្លះទៀតបានត្រឹម ៧០០ ទៅ ៨០០គីឡូក្រាមប៉ុណ្ណោះ»។ លោកបន្តថា៖ «ឯស្រូវដែលកំពុងទុំជិត ២ ០០០ ហិកតាទៀត មិនទាន់បានច្រូត ក៏ត្រូវទឹកលិច ដោយកន្លែងខ្លះសល់តែចុងកួរតិចៗ និងខូចខាតទាំងស្រុង ហើយក៏មានស្រូវទើបដាំដុះថ្មីជាង ២០០ ហិកតាទៀត ខូចខាតដូចគ្នា»។
លោកមេឃុំរៀបរាប់ទៀតថា ទឹកជំនន់បានលិចចូលក្នុងភូមិ ដោយផ្ទះខ្លះលិចក្រោមផ្ទះ ខ្លះលិចដល់ដំបូល។ អ្នកខ្លះជួបការលំបាកក្នុងការជម្លៀស ក៏បានសម្រេចចិត្តកល់គ្រែឱ្យខ្ពស់ រស់នៅជាប់ដំបូលផ្ទះ ព្រោះនៅឆ្ងាយពីទីទួលសុវត្ថិភាព និងគ្មានថវិកាទិញតង់ប្រក់ដំបូល។ ចំណែកអ្នកដែលត្រូវទឹកលិចខ្លាំង បានជម្លៀសឡើងមកស្នាក់នៅទីទួលសុវត្ថិភាព តាមវត្តអារាម និងដងផ្លូវ សរុបចំនួន ១៣៦គ្រួសារ។ ចំពោះបញ្ហាសុខភាព ថ្វីត្បិតតែមានផលប៉ះពាល់ខ្លះៗ ប៉ុន្តែដោយសារឃុំអូរតាគីមានមណ្ឌលសុខភាពនៅជាប់ផ្លូវជាតិលេខ៥ អាជ្ញាធរអាចធ្វើទំនាក់ទំនង និងជួយបញ្ជូនមកសង្គ្រោះបានទាន់ពេលវេលា។
លោក ពេក គុំ បានសំណូមពរបន្ថែមថា៖ «ក្នុងនាមតំណាងប្រជាពលរដ្ឋទូទាំងឃុំ ខ្ញុំសូមសំណូមពរជាពិសេសដល់អង្គការដៃគូ និងសប្បុរសជន ព្រោះខ្ញុំយល់ថា រាជរដ្ឋាភិបាលលោកមានបន្ទុកធ្ងន់ធ្ងរណាស់។ ខ្ញុំចង់សុំការជួយជ្រោមជ្រែងដល់ប្រជាពលរដ្ឋ រួមទាំងគ្រួសារក្រីក្រដែលបាត់បង់មុខរបរអំឡុងពេលទឹកលិចនេះ ក៏ដូចជាកញ្ចប់ពូជបន្លែ និងពូជស្រូវ ដើម្បីស្តារជីវភាពឡើងវិញបន្ទាប់ពីទឹកស្រក»។
ដោយឡែក អ្នកស្រី គន្ធា អាយុ ៤១ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល កំពុងដើរលុយទឹកនៅក្នុងខ្ទមដែលលិចទឹកជាច្រើនថ្ងៃមកហើយ។ អ្នកស្រីបានបង្ហាញដៃ និងជើងដែលត្រូវទឹកស៊ីឡើងរមាស់ ហើយនិយាយថា ដោយសារជីវភាពខ្វះខាត អ្នកស្រី និងកូនស្រីអាយុជាង ១០ឆ្នាំ បានដើររកបេះត្រកួន កញ្ឆែត រកក្តាមខ្យង និងរើសអេតចាយ ដើម្បីរកប្រាក់ចំណូលបន្តិចបន្តួចពី ៥ ០០០ ទៅ ៧ ០០០រៀល ក្នុងមួយថ្ងៃ។
អ្នកស្រីនិយាយទាំងទឹកភ្នែកថា៖ «ដល់យប់ឡើងមិនសូវហ៊ានដេកទេ ព្រោះឃើញពស់ និងក្អែបវារឡើងជញ្ជាំង ជួនកាលវាវារមកតោងជើងយើងក៏មានដែរ ដោយសារគ្មានទួល វាក៏មកតោងជញ្ជាំងផ្ទះ ធ្វើឱ្យយើងមិនសូវហ៊ានដេកលក់ទេ នាំកូនគោះជញ្ជាំងទម្លាក់»។
អ្នកស្រីបន្ថែមថា៖ «ថ្ងៃនេះមានអនិកជនគេចុះមកឃើញយើងខ្វះខាត គេបានជួយអង្ករ ២៥គីឡូក្រាម ទឹកត្រី ២ដប និងទឹកស៊ីអ៊ីវ ២ដប។ ខ្ញុំខ្វះខាតខ្លាំងណាស់ សូមអាជ្ញាធរជួយឧបត្ថម្ភអាហារហូបចុកប្រចាំថ្ងៃ ជួយជាអង្ករ និងស្បៀងអាហារដើម្បីចិញ្ចឹមកូនផង»។
យ៉ាងណាមិញ ក្រោយពេលកើតមានគ្រោះទឹកជំនន់នេះ គេសង្កេតឃើញអាជ្ញាធរបានចុះស្រង់ទិន្នន័យ និងនាំយកអំណោយជាស្បៀងសង្គ្រោះបន្ទាន់ទៅចែកជូនជាបន្តបន្ទាប់។
ក្នុងឱកាសនាំយកស្បៀងអាហារដែលជាអំណោយរបស់រាជរដ្ឋាភិបាល ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះចំនួន ៣៥០គ្រួសារ កាលពីថ្ងៃទី៦ ខែតុលា លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា ទឹកជំនន់បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុង ១៤ក្រុង-ស្រុក ទូទាំងខេត្តបាត់ដំបង។
លោក សុខ លូ បន្តថា ក្រុមការងារបានចែករំលែកស្បៀងបន្ទាន់ដល់បងប្អូនដែលកំពុងជួបការលំបាកបានមួយចំនួនហើយ។ ដោយឡែកថ្ងៃនេះ លោកបាននាំយកស្បៀងរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីដោះស្រាយជំហានដំបូងជូនប្រជាពលរដ្ឋ ៣ ០០០ គ្រួសារបន្ថែមទៀត រួមមាន៖ អង្ករ និងគ្រឿងឧបភោគបរិភោគ ដោយចែកជូននៅគ្រប់ទីកន្លែងដែលជួបការលំបាក។ អាជ្ញាធរបានសូមការអធ្យាស្រ័យដែលមិនបានចែកជូនទូទាំងទាំងអស់គ្នា ដោយសារត្រូវផ្តល់អាទិភាពជូនប្រជាពលរដ្ឋដែលរងការលិចលង់ខ្លាំង និងខ្វះខាតពិតប្រាកដ រួមទាំងស្ត្រីមេម៉ាយ និងចាស់ជរាគ្មានទីពឹងជាដើម។
លោក សុខ លូ បានបន្ថែមថា៖ «តាមរបាយការណ៍មកទល់ថ្ងៃនេះ ទូទាំងខេត្តបានផ្តល់ជូនជិត ១៥ ០០០ គ្រួសារហើយ ដោយបានមកពីទី១ សប្បុរសជន ទី២ ក្រុមការងារ និងទី៣ សម្តេចតេជោផ្តល់តាមរយៈកំពង់ផែមួយចំនួន ហើយសម្តេចធិបតីក៏បានឱ្យក្រុមការងាររបស់លោក ចុះផ្តល់ជូនដើម្បីជួយបងប្អូន ថ្វីត្បិតតែសម្ភារមិនដូចគ្នាទាំងស្រុង ប៉ុន្តែបានជួយសម្រាលទុក្ខធុរៈបានមួយកម្រិត»។
លោកអភិបាលខេត្ត ក៏បានណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ជាពិសេសការមើលថែមនុស្សចាស់ និងកុមារតូចៗ ដោយប្រកាន់ខ្ជាប់នូវអនាម័យ ហូបស្អាត ផឹកទឹកឆ្អិន ឬទឹកស្អាត បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអសិរពិស គ្រោះថ្នាក់នៃការលង់ទឹក និងជំងឺគ្រុនឈាម។ បន្ថែមពីនេះ លោកបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងស្តារជីវភាពគ្រួសារឡើងវិញ តាមរយៈការបង្កបង្កើនផល និងប្រកបមុខរបរផ្សេងៗបន្ទាប់ពីទឹកស្រកទៅវិញ។

លោក អ៊ិន សុវណ្ណមន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានឱ្យដឹងថា ទឹកជំនន់បានបង្កផលប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋសរុបជាង ១១៧ ០០០ ហិកតា ក្នុងនោះខូចខាតទាំងស្រុងជាង ៤៤ ០០០ ហិកតា។ ចំណែកដំណាំឧស្សាហកម្ម និងសាកវប្បកម្ម ប៉ះពាល់ជាង ១៥ ០០០ ហិកតា និងខូចខាតជាង ៦ ០០០ ហិកតា (រួមមាន បន្លែ ពោត និងដំឡូងជាដើម)។
លោកបន្ថែមថា៖ «បន្ទាប់ពីបានពិភាក្សាជាមួយមន្ទីរធនធានទឹក យើងបានរៀបចំផែនការស្តារដំណាំស្រូវឡើងវិញលើផ្ទៃដីជិត ៤០ ០០០ ហិកតា ដោយគ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ទី៣ ខែតុលាខាងមុខនេះ»។
លោកបញ្ជាក់ទៀតថា ក្រសួងកសិកម្ម មន្ទីរកសិកម្ម រដ្ឋបាលខេត្ត និងស្រុក បានប្រជុំដាក់ផែនការដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះដែលខ្វះខាត។ ប្រសិនពិនិត្យឃើញថា ផ្ទៃដីប៉ះពាល់មានលទ្ធភាពស្តារឡើងវិញ អាជ្ញាធរនឹងផ្តល់ពូជស្រូវ ១០០គីឡូក្រាម ក្នុងមួយគ្រួសារ។ បើគ្មានលទ្ធភាពស្តារស្រូវទេ ប៉ុន្តែមានដីដាំបន្លែ នោះខាងមន្ត្រីជំនាញកសិកម្មឃុំ និងភូមិ នឹងវាយតម្លៃដើម្បីផ្តល់ជាកញ្ចប់សម្ភារ (ឃីដ) និងគ្រាប់ពូជបន្លែ ១៦មុខ (ដូចជា ស្ពៃ ត្រប់ ត្រសក់ជាដើម)។ ប៉ុន្តែប្រសិនបើគ្មានផ្ទៃដីដាំដុះ រាជរដ្ឋាភិបាលនឹងផ្តល់ជាស្បៀងអាហារដូចជាអង្ករ ដើម្បីជួយសម្រាលការលំបាក។
លោក អ៊ិន សុវណ្ណមន្នី បានបញ្ជាក់ថា ក្នុងចំណោមប្រជាជនរងផលប៉ះពាល់ជាង ៤ម៉ឺនគ្រួសារ អាជ្ញាធរកំពុងបន្តប្រមូលទិន្នន័យនៅឡើយ ដើម្បីឱ្យដឹងច្បាស់ថាតើមានប៉ុន្មានគ្រួសារដែលខ្វះខាតលទ្ធភាពពិតប្រាកដ។
លោកបានបន្ថែមថា៖ «ស្រូវដែលគ្រោងនឹងស្តារឡើងវិញ ជាប្រភេទស្រូវស្រាលសម្រាប់ហូបចុក និងលក់ដូរលើទីផ្សារ ដូចជាប្រភេទស្រូវស្រង៉ែ ឬ OM5451 ជាដើម។ យើងមិនទាន់អាចប៉ាន់ប្រមាណបានច្បាស់លាស់នៅឡើយទេ ព្រោះតំបន់ខ្លះទឹកនៅលិចខ្លាំង… ប៉ុន្តែយើងនឹងធ្វើការស្តារបណ្តើរៗ ដោយមិនរង់ចាំទាល់តែទឹកស្រកអស់នោះទេ គឺដើម្បីសន្សំសំចៃទឹក!»។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាល្ងាចថ្ងៃទី៨ ខែតុលា មិនទាន់អាចឆ្លើយតបសំណួរសារព័ត៌មានខេមបូចា ជុំវិញទំហំនៃផលប៉ះពាល់ និងការឆ្លើយតបចំពោះគ្រោះមហន្តរាយដោយសារទឹកជំនន់ទូទាំងប្រទេសបាននៅឡើយទេ ដោយលោកបានបញ្ជាក់ថា កំពុងចុះវាយតម្លៃបន្ថែមនៅតាមវាលស្រែក្នុងខេត្តបាត់ដំបងនៅឡើយ។
លោក សុទ្ធ គឹមកុលមុនី បានបន្ថែមថា៖ «យើងបានបញ្ចប់របាយការណ៍ហ្នឹងហើយ ឥឡូវកំពុងសរុបឡើងវិញ មិនទាន់មានថ្មីទេ។ ខ្ញុំកំពុងនៅវាលស្រែ មិនទាន់អាចឆ្លើយតបបានទេ ជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី កំពុងចុះវាយតម្លៃវាលស្រែនៅបាត់ដំបងនេះ»។
ទោះជាយ៉ាងណា លោកធ្លាប់បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៨ ដល់ល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ដល់ខេត្តចំនួន ១០ (បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ប៉ៃលិន ពោធិ៍សាត់ ព្រះវិហារ និងឧត្តរមានជ័យ) ស្មើនឹង ៥៣ ក្រុង-ស្រុក។ ក្នុងនោះ មានគ្រួសាររងផលប៉ះពាល់សរុបជាង ៧៣ ៩០០ គ្រួសារ (កើនឡើងជាង ១៥ ៩០០ គ្រួសារ) ផ្ទះសម្បែងប៉ះពាល់ជាង ៦២ ៨០០ ខ្នង ប្រជាពលរដ្ឋ ៦ ៣៤៤ គ្រួសារ ត្រូវជម្លៀសទៅទីទួលសុវត្ថិភាព និងផ្ទៃដីស្រូវរងផលប៉ះពាល់សរុបជាង ១៤៤ ៤០០ហិកតា។ លោកបញ្ជាក់ថា ខេត្តបាត់ដំបងរងគ្រោះធ្ងន់ធ្ងរជាងគេ បន្ទាប់មកគឺខេត្តបន្ទាយមានជ័យ និងសៀមរាប។

ជុំវិញស្ថានភាពនេះ អ្នកស្រី ច្រឹក សុភា អ្នកសម្របសម្រួលអង្គការសកម្មភាពសង្គមដើម្បីសហគមន៍ និងការអភិវឌ្ឍន៍ (SACD) បានផ្តល់ទស្សនៈថា រាជរដ្ឋាភិបាលមានលទ្ធភាព និងសមត្ថភាពពេញលេញក្នុងការឆ្លើយតបបញ្ហានេះ ដូចជា៖ ការផ្តល់ជំនួយមនុស្សធម៌ និងកញ្ចប់ថវិកាឆ្លើយតបដើម្បីស្តារជីវភាពពលរដ្ឋរងគ្រោះ ជាពិសេសអ្នកដែលជួបវិបត្តិបន្តបន្ទាប់ចាប់តាំងពីកូវីដ-១៩ ដើម្បីឱ្យពួកគេមានស្បៀងអាហារ និងអាចបន្តប្រកបរបរចិញ្ចឹមជីវិតបាន។
បន្ថែមពីនេះ ការរៀបចំប្រព័ន្ធផ្តល់ព័ត៌មានទាន់ពេលវេលា និងប្រកាសអាសន្នមុនគ្រោះមហន្តរាយ មានភាពចាំបាច់ណាស់ ជាពិសេសការគាំទ្រដល់ក្រុមងាយរងគ្រោះ ដូចជា កុមារ ស្ត្រីមានផ្ទៃពោះ និងជនមានពិការភាពជាដើម។
អ្នកស្រីបន្ថែមថា៖ «ត្រូវមានការផ្តល់ការគាំទ្រ និងឧបត្ថម្ភធនដល់កសិករខ្នាតតូច និងមធ្យម ដើម្បីកុំឱ្យពួកគាត់ធ្លាក់ក្នុងវិបត្តិកាន់តែជ្រៅ។ ក្នុងកាលៈទេសៈនេះ ការលើកលែងបំណុលចំពោះគ្រួសារកសិករដែលរងគ្រោះធ្ងន់ធ្ងរ គួរបែរមកពិចារណា ដើម្បីបញ្ចៀសមិនឱ្យពួកគាត់ធ្លាក់ក្នុងវដ្តនៃបំណុលវណ្ឌក»។
អ្នកស្រី ច្រឹក សុភា លើកឡើងទៀតថា សម្រាប់រយៈពេលវែង ការបត់បែនរស់នៅជាមួយបម្រែបម្រួលអាកាសធាតុគួរត្រូវបានពិភាក្សាឱ្យបានច្រើន ជាពិសេសដំណោះស្រាយបែបប្រពៃណី/មូលដ្ឋាន ព្រោះគ្រោះធម្មជាតិជុំវិញអាកាសធាតុនឹងបន្តកើតឡើងអាក្រក់ទៅៗ។ គួរមានការលើកទឹកចិត្តឱ្យមានការដាំដុះចម្រុះដំណាំ ដើម្បីធានាតម្រូវការ និងប្រមូលផលបានគ្រប់រដូវកាល។
អ្នកស្រីបន្តថា៖ «គួរលើកកម្ពស់ការធ្វើកសិកម្មដែលមិនពឹងផ្អែកខ្លាំងលើពូជនាំចូល ឬពូជបង្កាត់ដែលត្រូវការធាតុចូលកសិកម្មច្រើន (ដែលត្រូវចំណាយថវិកាច្រើន និងបំពុលបរិស្ថាន»។
អ្នកស្រីផ្តល់យោបល់បន្ថែមថា ត្រូវលើកកម្ពស់ការផលិតធាតុចូលកសិកម្មធម្មជាតិ ដោយប្រើប្រាស់វត្ថុធាតុដើម និងរុក្ខជាតិជុំវិញភូមិ/សហគមន៍ ដើម្បីកាត់បន្ថយការចំណាយ និងកាត់បន្ថយការពឹងផ្អែកលើទីផ្សារនាំចូល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបង្កើនចំណាយដែលមិនរំពឹងទុកថាកើតឡើងជាច្រើន ដូចជាបញ្ហាសង្គ្រាមជាមួយប្រទេសជិតខាង ហើយពេលនេះត្រូវចំណាយបន្ថែមទៅលើបញ្ហាទឹកជំនន់ទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា៖ «នៅពេលដែលយើងបង្កើនចំណាយដែលមិនរំពឹងទុក ដូចជាសង្គ្រាម ឥឡូវទឹកជំនន់ឆ្នាំនេះវាធំ សុទ្ធតែក្នុងពេលចរចាថវិកាជាតិឆ្នាំ២០២៦ អត់មានព្យាករណ៍ថាឆ្នាំនេះទឹកធំថាខ្ទេចផ្លូវច្រើន ទាំងផ្លូវជាតិដាច់អស់ច្រើនត្រូវស្តារឡើងវិញទៀតផង ដៃម្ខាងយើងកាត់បន្ថយចំណូលដើម្បីជួយជីវភាពរស់នៅរបស់ប្រជាជនទូទៅ ដៃម្ខាងយើងត្រូវដោះស្រាយបញ្ហាចំពោះមុខដែលមិនបានព្យាករណ៍ទុកដោយសារទឹកជំនន់»។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីខាងលើនេះ ធ្វើឡើងខណៈលោកអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្ពោធអគារសិក្សាថ្មី ២ខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា៖ «តើឆ្នាំ២០២៧មានអីទៀតទេ? ពីនេះទៅដល់ចុងឆ្នាំមានអីទៀតទេ? យើងសង្ឃឹមថាគ្មានអីទាំងអស់! អាក្រក់ៗឱ្យវាហូរទៅតាមទឹកហ្នឹងទាំងអស់ទៅ។ ប៉ុន្តែយើងបានត្រឹមសង្ឃឹមនូវអ្វីដែលល្អ ជាមួយគ្នានេះត្រូវត្រៀមលក្ខណៈក្នុងករណីអាក្រក់ដែលវាកើតឡើង»៕









