បាត់ដំបង៖ អ្នកដាំម្នាស់នៅស្រុកមោងឫស្សី និងស្រុករុក្ខគីរី កំពុងប្រឈមមុខនឹងបញ្ហាខាតបង់យ៉ាងដំណំ ដោយសារតម្លៃម្នាស់ធ្លាក់ចុះជាបន្តបន្ទាប់ ហើយពួកគាត់បានអំពាវនាវដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធជួយរកទីផ្សារប្រកបដោយនិរន្តរភាព ដើម្បីកុំឱ្យបន្តពឹងផ្អែកទាំងស្រុងលើមាត់ឈ្មួញកណ្ដាល។
ស្ថានភាពតម្លៃ និងការលំបាករបស់អ្នកដាំដុះ
សំឡេងរណ្ដំនៃការលើកម្នាស់ចុះពីលើគោយន្ត ដែលទើបដឹកចេញពីចម្ការច្រកក្នុងថង់ រួចយកមកដាក់តម្រៀបលើរថយន្តតូរីសចតស្ងៀមនៅមុខទីធ្លាផ្ទះ បានបង្ហាញឱ្យឃើញពីសកម្មភាពមមាញឹក ប៉ុន្តែលាយឡំដោយទឹកមុខស្រងូតស្រងាត់របស់អ្នកដាំដុះ។
លោក ខុន ជី កសិករដាំម្នាស់ប្រមាណ ១០ម៉ឺនដើម លើផ្ទៃដី ១ហិកតាកន្លះ ស្ថិតនៅឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានរៀបរាប់ទាំងមុខស្ងួតថា តម្លៃម្នាស់ឡើងចុះលឿនខ្លាំងតាមការកំណត់របស់ឈ្មួញ។ មុនបុណ្យភ្ជុំបិណ្ឌជិតមួយខែ តម្លៃម្នាស់ធ្លាក់ចុះសល់ត្រឹម ១ផ្លែ ៣០០ ទៅ ៤០០រៀលប៉ុណ្ណោះ ហើយទើបតែងើបឡើងដល់ ៥០០រៀលវិញ នៅថ្ងៃឆ្លងបុណ្យភ្ជុំបិណ្ឌ។
លោក ខុន ជី បានបញ្ជាក់ថា៖«ដោយសារមានកូនម្នាស់ មានដីខ្លួនឯងមិនជួលគេ តម្លៃ៥០០រៀលនេះបានត្រឹមទប់ទល់ ដោយមិនគិតកម្លាំងពលកម្មខ្លួនឯង យើងចំណាយច្រើនដំណាក់កាលដាំកូន ធ្វើដី នៅចំណាយជី ថ្នាំស្មៅ២ទៅ៣ដង ថ្នាំប៉ូវជាច្រើនទៀត»។
កសិកររូបនេះបានពន្យល់ថា ម្នាស់ ១០ម៉ឺនដើមនេះ មិនត្រូវបានប្រមូលផលដំណាលគ្នាទេ។ លោកបានប្រើបច្ចេកទេសដាំបណ្ដាក់គ្នាដោយប្រើថ្មស្អុយពន្លឿនការទុំ ដើម្បីបែងចែកជា ៣ដំណាក់កាល គឺដើមដៃ ពាក់កណ្តាលដៃ និងចុងដៃ រីឯការប្រមូលផលនាពេលបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលពាក់កណ្តាលដៃ។ ចំណែកការប្រមូលផលដើមដៃ កាលពីខែមេសា គឺលក់មិនចេញទាល់តែសោះ ដោយឈ្មួញរើសយកតែផ្លែធំខ្នាតលេខ១ ក្នុងតម្លៃត្រឹម ៣០០រៀល ខណៈខ្នាតលេខ២ និងលេខ៣ ទុកចោលឱ្យទុំស្អុយពេញចម្ការ និងមានគេចុះមកទិញដល់ដេប៉ូខ្លះដែលលក់សល់យកទៅធ្វើជីក្នុងតម្លៃ ២០០រៀលក្នុងមួយគីឡូក្រាម។
យ៉ាងណាក៏ដោយ លោក ខុន ជី មានការរំពឹងទុកថា៖ «បើសិនការប្រមូលផលចុងដៃនៅចុងឆ្នាំបានឡើងថ្លៃ៧០០រៀលឡើងមួយផ្លែអាចចំណេញខ្លះ ស៊ីសងការខាតបង់ដើមដៃ និងពាក់កណ្តាលដៃ បើថោកទៀតចប់ហើយ!»។
ចំណែកស្ត្រីវ័យ ៤២ឆ្នាំម្នាក់ទៀត ដែលដាំម្នាស់ ៧ម៉ឺនដើម លើផ្ទៃដីជាង ១ហិកតា ក្នុងចំណោមដីសរុប ៣ហិកតា បានប្រាប់ដោយសុំមិនបញ្ចេញឈ្មោះថា អ្នកស្រីបានខាតបង់រួចម្ដងហើយ កាលពីពិធីបុណ្យចូលឆ្នាំខ្មែរ ដោយលក់បានតម្លៃត្រឹមតែ ១៥០រៀលប៉ុណ្ណោះក្នុងមួយផ្លែ។
អ្នកស្រីដែលមានបទពិសោធន៍ដាំម្នាស់២០ឆ្នាំរូបនេះ បានបញ្ជាក់ថា៖«តាំងពីដាំមក ឃើញឆ្នាំ២០២៥លក់បានមួយគ្រាប់១២០០រៀលម្តងគត់ បន្ទាប់មកធ្លាក់សល់៥០០រៀល។ តាមបទពិសោធន៍តម្លៃចាប់ពី៦០០ទៅ៧០០រៀលមួយផ្លែ បើយើងមិនទិញកូនម្នាស់ និងជួលដីគេទេចំណេញគ្រាន់បើដែរ តែបើជួលគេទាំងអស់ ទិញកូន ជួលដីទៀត គឺមិនសល់ទេ ខ្លះជាប់បំណុលវ័ណ្ឌក»។

ទស្សនៈ និងការលើកឡើងពីមន្ត្រីមូលដ្ឋាន
ជាមួយបញ្ហានេះ លោក អ៊ូច ភារម្យ ប្រធានការិយាល័យកសិកម្ម ស្រុកមោងឫស្សី បានឱ្យដឹងថា ស្រុកមោងឫស្សីមានកសិករដាំម្នាស់លើផ្ទៃដីជាង ៧០០ហិកតា ដោយឃុំរបស់មង្គល គឺជាកន្លែងដែលមានការដាំដុះច្រើនជាងគេ។ លោកបញ្ជាក់ថា បញ្ហាទឹកភ្លៀងធ្លាក់ខ្លាំងកន្លងមក ធ្វើឱ្យដំណាំម្នាស់ជ្រោកទឹកខ្លះ ប៉ុន្តែមិនដល់ថ្នាក់ខូចខាតធ្ងន់ធ្ងរនោះទេ។
លោក អ៊ូច ភារម្យ បានបន្ថែមថា៖«កាលពីមុនភ្លៀងច្រើន ខាងដេប៉ូផ្អាកទិញ ឬទិញរង្វើលចឹងទៅ ឈ្មួញចុះមកទិញដល់ចម្ការ មិនសូវហ៊ានទិញដែរ ទើបធ្វើឱ្យតម្លៃធ្លាក់ចុះ… បច្ចុប្បន្នឡើងថ្លៃវិញបន្តិចហើយ»។
មន្ត្រីកសិកម្មរូបនេះបានលើកឡើងថា កន្លងមកមន្ត្រីជំនាញធ្លាប់បានចងក្រងប្រមូលផ្តុំកសិករជាសហគមន៍ និងទាក់ទងឈ្មួញឱ្យចុះមកទិញផ្ទាល់ ប៉ុន្តែមានកសិករចូលរួមត្រឹម ៧០ ទៅ ៨០គ្រួសារប៉ុណ្ណោះក្នុងចំណោមអ្នកដាំរាប់រយគ្រួសារ ដោយសារកសិករខ្លះចូលចិត្តម៉ៅឱ្យឈ្មួញទិញដល់ចម្ការផ្ទាល់តែម្តង។
លោក អ៊ូច ភារម្យ បានបញ្ជាក់ថា៖«យើងកំពុងជំរុញឱ្យចូលជាសហគមន៍ តែអ្នកខ្លះគាត់ខ្ជិលគាត់ម៉ៅឱ្យឈ្មួញទិញដល់ចម្ការផ្ទាល់តែម្តង ឈ្មួញរកកម្មករចូលកាច់ ដឹកចេញតែម្តងខ្លួនឯង បើចូលសហគមន៍ រវល់កាច់ផង ដឹកមកប្រមូលផ្តុំខ្លួនឯងផងវាពិបាកដែរ»។
សភាពការណ៍នៅស្រុករុក្ខគីរី
បញ្ហាទីផ្សារម្នាស់នេះ មិនមែនកើតឡើងតែនៅស្រុកមោងឫស្សីនោះទេ ប៉ុន្តែនៅស្រុករុក្ខគីរីដែលមានភូមិសាស្ត្រជាប់គ្នា និងមានការដាំដុះម្នាស់រាប់រយហិកតាដែរនោះ ក៏បានជួបបញ្ហាដូចគ្នានេះផងដែរ។
លោក ស្រស់ សេង មេភូមិថ្នំ ឃុំព្រែកជីក បានឱ្យដឹងថា លោកនិងកូនៗបានដាំម្នាស់ប្រមាណ ២០ម៉ឺនកូន ដោយប្រើបច្ចេកទេសដាំបណ្ដាក់គ្នា។ លោកទើបតែលក់ម្នាស់មុនបុណ្យភ្ជុំបិណ្ឌក្នុងតម្លៃត្រឹមតែ ២២០រៀលប៉ុណ្ណោះក្នុងមួយផ្លែ ដោយសារគ្មានជម្រើស ព្រោះម្នាស់ទុំដល់ពេលប្រមូលផលមិនអាចប្រមូលទុកដាក់ដូចស្រូវបានឡើយ។
លោក ស្រស់ សេង បាននិយាយថា៖ «លក់បានតែ២២០រៀលមួយគ្រាប់ មិនរួចថ្លៃជី ថ្លៃថ្នាំផង បើមិនលក់វាចោលៗប៉ុណ្ណឹង! ហិហិ! វាមិនដូចស្រូវទុំ យើងច្រូតដាក់ជង្រុកឯណា! ម្នាស់តែទុំហើយ បើគ្មានឈ្មួញគឺយំលែងចេញតែម្តងអាហ្នឹង! ទុកបាក់ករលួយស្អុយចោល»។
លោកបានអះអាងថា មូលហេតុចម្បងដែលធ្វើឱ្យម្នាស់ធ្លាក់ថ្លៃ គឺដោយសារថៅកែធំៗ (ឈ្មួញ) គេនាំគ្នាមកជួលដីដាំម្នាស់ខ្លួនឯងច្រើន ដោយអ្នកខ្លះដាំ ១លានកូន និង២លានកូន ហើយនៅពេលប្រមូលផល ថៅកែទាំងនោះ រវល់ប្រមូលផលម្នាស់ខ្លួនឯងឱ្យរួចរាល់សិន ទើបចុះមកទិញម្នាស់កសិករ។ តែដោយសារម្នាស់ទុំមិនអាចទុកបាន អ្នកដាំម្នាស់ក៏សម្រេចចិត្តលក់ឱ្យឈ្មួញតូចៗ ទើបធ្វើឱ្យតម្លៃម្នាស់ធ្លាក់ចុះ។
លោក ស្រស់ សេង បានបន្ថែមទៀតថា៖ «រង់ចាំទម្រាំដល់យើងរបស់យើងរលួយអស់ ហៅគេមកទិញគេមិនទិញទេ គេលក់តែរបស់គេមិនអស់ផង ហើយម្យ៉ាងទៀតវាអត់សូវមានមនុស្សហូប។ ថៅកែគេដាំខ្លះ១លានកូន ខ្លះ២លានកូនអីនុះ (១ហិកតា៦ម៉ឺនកូន) ថៅកែដាំស្ទើរគ្រប់គ្នា ជួលពីប្រជាពលរដ្ឋ លែងសូវទិញ.. កាលពីខែ៩ លក់បាន១គ្រាប់២០០ទៅ៣០០រៀល… តែឥឡូវឡើងតិចដែរ បាន៥០០រៀល តែតាមបទពិសោធន៍តម្លៃ៧០០ទៅ៨០០រៀលអាចចំណេញខ្លះ»។
ស្មៀនឃុំព្រែកជីក លោក ហម សម្បត្តិ បានបញ្ជាក់ដែរថា ប្រជាពលរដ្ឋក្នុងឃុំទាំង១០ បានងាកមកដាំម្នាស់យ៉ាងច្រើន ហើយក៏កំពុងប្រឈមនឹងបញ្ហាតម្លៃឡើងចុះនេះដូចគ្នា។ លោកបានរៀបរាប់ថា៖ «តម្លៃមុនភ្ជុំ ៣០០ ទៅ៤០០រៀល ខ្លះ៥០០រៀល មកទល់ពេលនេះ (ក្រោយភ្ជុំ) ឃើញតម្លៃឡើងបន្តិច ដោយឃើញមានឈ្មួញវៀតណាមចូលមកខ្លះ គេកាត់ក្បាល ទិញថ្លឹងគីឡូខ្លះ… មានឈ្មួញតូចៗមកប្រមូលទិញទៅបាត់ដំបង ភ្នំពេញ និងបណ្តាខេត្តនានា មិនទាន់មានក្រុមហ៊ុនធំៗនាំចេញនៅឡើយ និងមិនទាន់ចងក្រងជាសហគមន៍ទេ គឺឈ្មួញមកទិញតាមចម្ការផ្ទាល់តែម្តង»។

សំឡេងពីឈ្មួញកណ្តាល និងអាជីវករលក់រាយ
ជាឈ្មួញកណ្តាលទិញម្នាស់ចូល១០ឆ្នាំ យកមកលក់នៅផ្សារភូពុយ ក្រុងបាត់ដំបង អ្នកស្រី ចុង បារាំង បានឱ្យដឹងកាលពីថ្ងៃទី១៤តុលាថា អ្នកស្រីបានម៉ៅចម្ការពីអ្នកដាំផ្ទាល់ក្នុងតម្លៃ ៤០០រៀលទាំងតូចទាំងធំ រួចយកមកលក់ឱ្យម៉ូយបន្តដោយបែងចែកជា ៥លេខ តម្លៃខុសគ្នា និងលក់បានមួយថ្ងៃ ២ឡាន ប្រហែល ១ម៉ឺនផ្លែ។
អ្នកស្រីបាននិយាយថា៖ «តម្លៃមកបោះដុំឱ្យម៉ូយ លេខ១តម្លៃ១០៥០រៀល លេខ២ ៥៥០រៀល លេខ៣ ៤០០រៀល លេខ៤ ២៥០រៀល និងចុងក្រោយ១០០រៀល បើទូទាត់ទិញចូល៤០០រៀល ផាត់ទាត់កម្មករ និងថ្លៃដឹកបានចំណេញខ្លះ»។
យ៉ាងណាក៏ដោយ ឈ្មួញកណ្តាលរូបនេះ បានទទួលស្គាល់ថា ការទិញតម្លៃ ៤០០រៀលពីម្ចាស់ចម្ការពិតជាថោកមែន បើផាត់ទាត់ថ្លៃថ្នាំ ជី និងកម្មករ គឺមិនរួចខ្លួនទេ តែធ្វើម៉េចគាត់ត្រូវទិញតាមតម្លៃទីផ្សារ។ អ្នកស្រីបន្ថែមថា ម្នាស់បានធ្លាក់ថ្លៃមួយខែមកហើយ ដោយសារមានទឹកភ្លៀងធ្វើឱ្យកសិករប្រមូលផលដំណាលគ្នា ធ្វើឱ្យទីផ្សារជន់ ហើយបច្ចុប្បន្នតម្រូវការទីផ្សារក៏មិនសូវសម្បូរច្រើនដូចខែប្រាំង។
ចំណែកកញ្ញា សឿន ស្រីពេជ្យ ឈ្មួញកណ្តាលម្នាក់ទៀតដែលលក់ម្នាស់ ៧ឆ្នាំមកហើយនៅផ្សារពុយ ដោយបោះឱ្យម៉ូយតាមបណ្តារាជធានីខេត្ត ពិសេសខេត្តសៀមរាប បានឱ្យដឹងថា កញ្ញាបានទិញតពីឈ្មួញដែលម៉ៅពីចម្ការផ្ទាល់យកមកឈរលក់បន្ត ដោយលក់មួយថ្ងៃបាន ១២ ០០០ ទៅ ១៣ ០០០ផ្លែ។
ស្រីពេជ្យ បានបញ្ជាក់ថា៖«ខ្ញុំលក់ម្នាស់លេខ១ស្តង់ដារ ១២ ០០០រៀល ប៉ុន្មានថ្ងៃមុន ១១ ០០០រៀល ធម្មតា១ផ្លែ៧៥០រៀលសម្រាប់លេខ២ រីឯលេខ៣ ១០ផ្លែ៦០០០រៀល បោះដុំ២៥ខេត្តក្រុង ភាគច្រើនទៅខាងសៀមរាបច្រើន… ខ្ញុំចង់ឱ្យបងៗពលរដ្ឋខ្មែរគាំទ្ររបស់ធម្មជាតិ គាត់ខំដាំ គាត់ប្រើជី កម្លាំងពលកម្ម សុំឱ្យគាំទ្រច្រើនតម្លៃនឹងល្អជាងនេះ គាត់មានកម្លាំងទឹកចិត្តក្នុងការដាំ ហើយអ្នកលក់ក៏សប្បាយចិត្តដែរ»។
ចំណែកនៅតាមដងផ្លូវជាតិលេខ៥ ម្តុំឃុំគារ ស្រុកមោងឫស្សី ក៏មានអ្នកតាំងម្នាស់តាមមុខផ្ទះហូរហែអមសងខាងផ្លូវ ដើម្បីលក់ឱ្យភ្ញៀវធ្វើដំណើរឆ្លងកាត់។ អ្នកស្រី សា រុំ ក្រៅពីលក់ម្នាស់ គាត់ក៏លក់ពោតស្ងោរ និងឃ្មុំផងដែរ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំលើកតពីគេ គេយកមកលក់អាធំ១៥០០រៀល អាតូច១៣០០រៀល ខ្ញុំលក់ចេញអាធំបាន១៨០០រៀល បើប្រហែលពីរខែមុន ថ្លៃខ្ញុំទិញចូលអាធំ១៨០០រៀល ប៉ុន្តែខ្ញុំមិនដឹងថា គេទិញពីម្ចាស់ចម្ការប៉ុន្មាន ខ្ញុំមិនដឹងទេ»។
ស្ថាប័នរដ្ឋ និងការប្តេជ្ញាចិត្តក្នុងការជួយ
អភិបាលស្រុករុក្ខគីរី លោកស្រី ប៊ិន បូឡែន បានប្រាប់អ្នកសារព័ត៌មានដឹងថា ស្រុករុក្ខគីរីមានផ្ទៃដីដាំម្នាស់ត្រៀមដាំ ១ ០០០ហិកតា តែប្រមូលផលអត់ដំណាលគ្នាទេ គឺត្រៀមប្រមូលផល ៧០០ ទៅ ៨០០ហិកតា ដោយប្រមូលផលបន្តប្រដេញគ្នា។
លោកស្រីបញ្ជាក់ថា៖ «មកទល់ពេលលនេះតម្លៃម្នាស់ធ្លាក់មែន បងប្អូននៅចម្ការផ្ទាល់លក់មិនសូវបានថ្លៃទេ ជាទូទៅតម្លៃល្អបំផុតសម្រាប់គាត់ឡើង១គ្រាប់៨០០រៀលអស់ហើយ លេខ១ តម្លៃធ្លាក់ចុះខ្លាំងអាច៣០០ ទៅ២០០ក៏មាន ដែលធ្វើឱ្យពួកគាត់ខាតបង់ថ្លៃដើម»។
អ្នកស្រីបន្ថែមថា៖ «បើសិនកសិករគាត់លក់បាន៦០០ ទៅ៨០០រៀល អាចចំណេញ… ការឡើងចុះនេះអាចបណ្តាលមកពីឈ្មួញកណ្តាល ព្រោះបងប្អូនអ្នកដាំបាន មិនមែននាំចេញដោយខ្លួនឯងទេ បច្ចុប្បន្ននេះខាងក្រសួងពាណិជ្ជកម្ម កំពុងចុះមកដើម្បីនិយាយពីតម្លៃជាមួយអាជីវករចូលពីរអាទិត្យហើយ»។
ចំណែកលោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានឱ្យដឹងថា បើកសិករប្រឈមបញ្ហាទីផ្សារ សូមឱ្យកសិករប្រាប់តាមរយៈអាជ្ញាធរ ដើម្បីទាក់ទងមកខាងមន្ទីរពាណិជ្ជកម្ម ឬមន្ទីរកសិកម្ម ដោយលោកនឹងបញ្ជូនមន្ត្រីមកពិនិត្យជាក់ស្តែង និងសិក្សាទីផ្សារ។
លោក គឹម ហួត បានបញ្ជាក់បន្ថែមថា៖ «កាលពីអាទិត្យមុន ភូមិថ្នំយើងដោះស្រាយជូនគាត់ម្តងហើយ កាលហ្នឹងយើងប្រមូលផ្តុំគាត់ទាំងមេភូមិ ទាំងមន្រ្តីកសិកម្មស្រុក ហៅគាត់មកសួរនាំទាក់ទងផ្ទៃដី ការដាំដុះ និងទាក់ទងប្រមូលផល កាលនោះតម្លៃគាត់លក់បានតែ២០០ទៅ៣០០រៀលទេ យើងក៏បានទំនាក់ទំនងទៅខាងក្រសួង ដើម្បីខាងគាត់ជួយរកផ្សារទំនើបឱ្យជួយមកចុះទិញ…!»។
លោកបន្ថែមថា៖ «ចៃដន្យអី! នៅពេលយើងភ្ជាប់ជាមួយផ្សារអ៊ីអន ខាងគេរៀបមកចុះទិញ ម្នាស់ក៏ឡើងថ្លៃវិញ ពេលម្នាស់ឡើងថ្លៃ កសិករមិនលក់ឱ្យខាងអ៊ីអនទេ សុខចិត្តលក់អួឱ្យឈ្មួញដែលបានថ្លៃជាង»។

មតិយោបល់ពីអង្គការសង្គមស៊ីវិល
អ្នកស្រី ច្រឹក សុភា អ្នកសម្របសម្រួលអង្គការសកម្មភាពសង្គមដើម្បីសហគមន៍ និងការអភិវឌ្ឍន៍ បានឱ្យដឹងថា វិបត្តិតម្លៃកសិផលរបស់អ្នកស្រែ កសិករ និងអ្នកផលិតស្បៀង វាមិនមែនជាលើកទីមួយទេ ហើយវាក៏មិនមែនទើបតែកើតឡើងក្នុងឆ្នាំនេះដែរ ដោយបានកើតឡើងជាបន្តបន្ទាប់នៅអំឡុងពេលប្រមូលផល។
អ្នកស្រីបន្ថែមថា៖ «ការធ្លាក់ចុះតម្លៃកសិផល បើធៀបទៅនឹងការចំណាយក្នុងការវិនិយោគទៅលើដំណើរការដាំដុះ និងផលិតនេះ វាជាបញ្ហាចម្បងមួយដែលបានបន្តជំរុញឱ្យអ្នកស្រែ កសិករ និងអ្នកផលិតស្បៀងខ្នាតតូចនិងមធ្យម ធ្លាក់ទៅក្នុងវដ្តនៃបំណុល។ កក្តានេះ បាននិងកំពុងជំរុញឱ្យអ្នកស្រែ កសិករ និងអ្នកផលិតស្បៀងមួយចំនួនបោះបង់ការដាំដុះ និងកសិកម្ម»។
អ្នកស្រី ច្រឹក សុភា បន្តថា បញ្ហាវិបត្តិតម្លៃកសិផលកើតឡើងដោយសារតែកត្តាមួយចំនួនដូចជាការពឹងផ្អែកលើផលពីដំណាំតែមួយមុខ បញ្ហាអតុល្យភាពអំណាចរវាងអ្នកស្រែ កសិករ និងអ្នកផលិតស្បៀង បើធៀបទៅនឹងឈ្មួញ និងក្រុមហ៊ុនកសិឧស្សាហកម្ម ជាពិសេសពេលកសិករត្រូវការលក់ប្រមូលថវិកាបន្ទាន់ (ប្រាក់បង្វិលសងថ្លៃធាតុចូល) និងការបន្តបាត់បង់ភាពជាម្ចាស់លើប្រព័ន្ធស្បៀងមូលដ្ឋាន រាប់ពីពូជដំណាំ របៀបដាំដុះ និងការពឹងផ្អែកខ្លាំងលើធាតុចូលកសិកម្មពីទីផ្សារ។
អ្នកស្រីបានសន្និដ្ឋានថា៖ «ប្រសិនបើការអនុវត្តនេះនៅតែបន្ត អ្នកស្រែ កសិករ និងអ្នកផលិតស្បៀង នឹងបាត់បង់ភាពជាម្ចាស់លើប្រព័ន្ធស្បៀងមូលដ្ឋាន ដែលវាជាហេតុធ្វើឱ្យពួកគាត់បន្តធ្លាក់ក្នុងវដ្តនៃការផលិតទៅតាមមាត់របស់ឈ្មួញ មិនអាចគ្រប់គ្រងតម្លៃ ឬសូម្បីតែកសិផលដែលចង់ផលិត និងចុងក្រោយធ្លាក់ក្នុងវដ្តនៃបំណុល ហើយក្នុងករណីធ្ងន់ធ្ងរគឺបោះបង់របរនេះ ឬអាចសម្លាប់ខ្លួន»។
ជាមួយបញ្ហាទីផ្សារម្នាស់ ដែលមានការធ្លាក់ចុះជាបន្តបន្ទាប់នេះ លោក ខុន ជី ដែលបានខាតបង់ក្នុងការប្រមូលផលដើមដៃ និងទប់ទល់ថ្លៃដើមលើការប្រមូលផលពាក់កណ្តាលដៃថ្មីៗនេះ បានបង្ហាញការយល់ឃើញ និងសំណូមពរយ៉ាងខ្លីថា៖ «មូលហេតុថោក ដោយសារលើសតម្រូវការទីផ្សារ មិនមាននាំចេញ លក់តែក្នុងស្រុក… ខ្ញុំសំណូមពរឱ្យមានក្រុមហ៊ុនធំៗនាំចេញនៅពេលដែលម្នាស់ជន់ម្តងៗ»៕










