ជម្លោះប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ កាលពីចុងឆ្នាំ២០២៥ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយសារភ្ញៀវទេសចរមានការព្រួយបារម្ភអំពីសុវត្ថិភាព និងហានិភ័យពីការប្រយុទ្ធគ្នានៅតំបន់ក្បែរព្រំដែន ហើយលែងហ៊ានទៅលេងកម្សាន្តនៅតំបន់នោះទៀត ប៉ុន្តែបច្ចុប្បន្ន វិស័យទេសចរណ៍ធម្មជាតិនៅវាលវែង ចាប់ផ្តើមងើបឡើងវិញហើយ។
អាជ្ញាធរ បានអះអាងថា ចំនួនភ្ញៀវទេសចរ ដែលបានទៅលេងកម្សាន្តនៅតំបន់វាលវែង នាពេលបច្ចុប្បន្ន កំពុងខិតជិតដល់កម្រិតមុនពេលមានជម្លោះប្រដាប់អាវុធ នៅតាមព្រំដែនកម្ពុជា-ថៃវិញហើយ ធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសអាជីវករមូលដ្ឋាន ចាប់ផ្តើមទទួលបានប្រាក់ចំណូលពីការលក់ដូរឱ្យភ្ញៀវនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យទាន។
ជាអាជីវកររស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ដែលបានប្រកបរបរលក់ដូរនៅតំបន់អន្ទង់អាំង អ្នកស្រី គិត ផៃ បានឱ្យដឹងថា ការលក់ដូររបស់អ្នកស្រីពឹងផ្អែកខ្លាំងទៅលើភ្ញៀវទេសចរ ប៉ុន្តែក្រោយមានជម្លោះប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ គឺមានការលំបាក ដោយសារគ្មានភ្ញៀវ។
អ្នកស្រីបន្ថែមថា ទើបតែរយៈជាង២ខែនេះទេ មានភ្ញៀវទេសចរមកលេងកម្សាន្តនៅតំបន់នេះជាបណ្ដើរៗវិញ ជាពិសេសនៅថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យទាន ធ្វើឱ្យអ្នកស្រីរកចំណូលបានគួរសម ពីរបរលក់ដូររបស់ខ្លួន ចំណែកថ្ងៃធម្មតា លក់មិនសូវដាច់ប៉ុន្មានទេ គឺពេលខ្លះប្រាក់ចំណូលស្ទើរតែមិនគ្រប់ថ្លៃសាំងសម្រាប់ការធ្វើដំណើរមកលក់ដូរផង។
«សព្វថ្ងៃលក់ដាច់បានថ្ងៃសៅរ៍ ថ្ងៃអាទិត្យ គឺអាចចំណេញបាន៤ទៅ៥ម៉ឺនរៀល រីឯថ្ងៃធម្មតា ចំណូលអត់ទៀងទេ ជួនកាលរួចតែថ្លៃសាំង»។ អ្នកស្រី គិត ផៃ បានបន្ថែមថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ការលក់ដូរអាចទទួលបានប្រមាណ២០ម៉ឺនរៀល ខណៈថ្ងៃបុណ្យប្រពៃណីផ្សេងៗក៏មានភ្ញៀវមកកម្សាន្តច្រើនជាងថ្ងៃធម្មតាដែរ។
តែទោះបីមានភ្ញៀវធ្វើដំណើរឆ្លងកាត់ និងឈប់សម្រាកនៅតំបន់អន្ទង់អាំងជាបន្តបន្ទាប់ក៏ដោយ តែអ្នកស្រី គិត ផៃ បានកត់សម្គាល់ថា មិនមែនភ្ញៀវទាំងអស់សុទ្ធតែចំណាយប្រាក់ទិញទំនិញពីអាជីវករនោះទេ។ «ភ្ញៀវមកច្រើនដែរ ប៉ុន្តែគេអត់សូវជួយទិញ គេចេះតែទៅហួសៗ។ អ្នកណាគេឈប់ជួយទិញទៅ ក៏លក់ដាច់បានគ្រាន់ដែរ»។
ចំណែកលោក លៀង ពេជ្រ ម្ចាស់ចម្ការកាហ្វេ នៅឃុំអូសោម ស្រុកវាលវែង បានឱ្យដឹងថា នៅក្នុងអំឡុងពេលមានសង្រ្គាម និងក្រោយសង្រ្គាម ការលក់ដូររបស់អាជីវកម្មមានការធ្លាក់ចុះ មានការធ្លាក់ចុះជាគំហុក ព្រោះស្ងាត់ភ្ញៀវទេសចរដើរតែម្តង។
លោកបញ្ជាក់ថា៖ «ពីមុននៅតំបន់យើងនេះ ឱ្យតែដល់ថ្ងៃសុក្រ សៅរ៍ អាទិត្យ ភ្ញៀវពេញអស់ហើយ ប៉ុន្តែក្រោយមានសង្រ្គាមមកស្ងាត់ ព្រោះគេយល់ថា នៅអូសោមហ្នឹងនៅជិតព្រំដែន តែតាមពិតអត់ជិតទេ ១០០គីឡូឯណោះ ដល់ពេលអត់មានភ្ញៀវទេសចរដើរ ធ្វើឱ្យការលក់ដូរ ប្រកបអាជីវកម្ម ហាងលក់បាយខ្លះ ក៏ឃើញបិទទ្វារ ខ្លះក៏នៅដំណើរការ តែមិនមានមនុស្សចូលច្រើនទេ ទើបតែ២ខែចុងក្រោយនេះ ឃើញមានសម្ទុះភ្ញៀវទេសចរមកលេងស្រុកវាលវែងច្រើនវិញ»។
យ៉ាងណាក៏ដោយ លោក លៀង ពេជ្រ ដែលទើបដំណើរការដាំដំណាំកាហ្វេក្នុងជំហានទី១ លើផ្ទៃដី ១៤០ហិកតា ជាមួយការទទួលបានផលចន្លោះពី៣ទៅ៥តោន១ហិកតាក្នុង១ឆ្នាំនោះ បានអះអាងថា ការដំដំណាំ និងផលិតកាហ្វេ នៅតំបន់វាលវែង មិនបានប៉ះពាល់ ដោយសារបញ្ហាសង្គ្រាមនោះទេ ហើយលោកគ្រោងពង្រីកការដាំដុះជាមួយដៃគូសហការក្នុងចន្លោះពី៦០០ទៅ១០០០ហិកតា។
លោកបញ្ជាក់ថា៖ «ជាគោលការណ៍ ដែលខ្ញុំមានដៃគូសហការ គឺនៅឆ្នាំ២០២៨ យើងអាចធ្វើតម្រូវឱ្យបានយ៉ាងតិចពីចន្លោះ ៦០០ទៅ១០០០ហិកតា ដើម្បីយើងអាចធ្វើជារោងចក្រកាហ្វេ ហើយតាំងពីមុន និងក្រោយមានសង្រ្គាមនៅព្រំដែន ដំណាំកាហ្វេនេះអត់មានប៉ះពាល់អ្វីទេ ទាំងទីផ្សារ និងអ្វីផ្សេងៗទៀត មានភាពល្អប្រសើរ ព្រោះកាហ្វេដាំបានតាមតំបន់ ហើយកាហ្វេយើង មានទីផ្សារចាំប្រមូលទិញ អាចនឹងកែច្នៃគ្រប់ប្រភេទ អ៊ីចឹងអត់ប៉ះពាល់ទេ»។
បន្ថែមទៅលើការដាំដំណាំកាហ្វេ លោក លៀង ពេជ្រ ក៏មានចម្ការទុរេន កសិដ្ឋានចិញ្ចឹមគោ សំណង់ និងរីសតផងដែរ ដោយត្រូវការកម្លាំងពលកម្មជាង១០០នាក់ ហើយនៅអូសោម ក៏មានចម្ការដំណាំផ្សេងៗជាច្រើនទៀត ដែលផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចនេះ។
លោក ពេជ្រ បានទម្លាយថា៖ «ពាក់ព័ន្ធប្រជាពលរដ្ឋ នៅឃុំអូសោម អត់មានប៉ះពាល់អីធ្ងន់ធ្ងរទេ! នៅនេះសម្បូរការងារ ព្រោះមានចម្ការច្រើន ហើយធាតុពិតខ្វះកម្លាំងពលកម្មទៅវិញទេ ដោយយើងផ្តល់កម្រៃពលកម្មចន្លោះពី៣ទៅ៥ម៉ឺនរៀលក្នុង១ថ្ងៃ។ ម្យ៉ាងទៀតនៅអូសោមសម្បូរបន្លែបង្ការធម្មជាតិ ជាពិសេសត្រី សម្បូរណាស់ គឺគាត់អត់ខ្លាចថា គ្មានម្ហូបនោះទេ ឱ្យតែឧស្សាហ៍រក»។

ចំណែកលោក ប៉េង ចំរើន ម្ចាស់ផ្ទះសំណាក់សុខចំរើន ស្ថិតនៅអូសោម ស្រុកវាលវែង បានឱ្យដឹងថា ក្នុងអំឡុងពេលផ្ទុះសង្រ្គាមនៅតាមព្រំដែនកម្ពុជា-ថៃ ឃើញមានប្រជាពលរដ្ឋរត់គេចពីសង្គ្រាមនេះ ដោយខ្លះរត់ពីកោះកុងមកពោធិ៍សាត់ និងពីពោធិ៍សាត់ទៅកោះកុងវិញ គឺរត់ទៅវិញទៅមក ហើយភាពចលាចលនេះ បានធ្វើឱ្យភ្ញៀវទេសចរមានការបារម្ភ និងខ្លាចលែងហ៊ានមកលេងកម្សាន្តនៅតំបន់វាលវែង បើទោះបីជាតំបន់នេះ មិនបានប៉ះពាល់ និងនៅឆ្ងាយពីទីតាំងប្រយុទ្ធគ្នា។
បុរសវ័យ៥៦ឆ្នាំរូបនេះ បញ្ជាក់ថា៖ «មុនផ្ទុះសង្រ្គាម មានភ្ញៀវមកលេងច្រើនណាស់ លើស១០០ភាគរយ ហើយផ្ទះសំណាក់របស់ខ្ញុំ ថ្ងៃធម្មតាពីចន្ទ ដល់សុក្រ ក៏បាន៤ទៅ៥ផ្ទះដែរ ចំណែកថ្ងៃសៅរ៍ និងអាទិត្យ គឺពេញទាំង១៨ផ្ទះតែម្តង រីឯអាហារដ្ឋានរបស់ខ្ញុំក៏លក់ដាច់ដូចគ្នា ប៉ុន្តែក្រោយផ្ទុះសង្រ្គាម ចំនួនភ្ញៀវទេសចរបានធ្លាក់ចុះសឹងដល់កម្រិតសូន្យ គឺទើបតែជាង២ខែនេះទេ ឃើញងើបឡើងវិញ»។
នៅក្នុងអំឡុងស្ងាត់ភ្ញៀវទេសចរខ្លាំង ចន្លោះពីខែមករា ដល់ខែកក្កដា លោក ប៉េង ចំរើន បានទម្លាយថា ស្ថានភាពការរកស៊ីតាមរយៈការបើកផ្ទះសំណាក់ និងអាហារដ្ឋានរបស់លោកជួបការលំបាកខ្លាំង ដោយសប្តាហ៍ខ្លះ គ្មានភ្ញៀវមកតែម្តង ហេតុនេះទាំងការចំណាយទៅលើបុគ្គលិក ការហូកចុកស្នាក់នៅ និងការថែទាំផ្ទះគឺចំណាយដើមទុនស្ទើរទាំងស្រុង ហើយផ្ទះសំណាក់ និងអាហារដ្ឋានផ្សេងៗទៀត ក៏ជួបស្ថានភាពនេះដូចគ្នា។
លោក ប៉េង ចំរើន លើកឡើងថា៖ «ផ្ទះសំណាក់មួយៗ ជួបការលំបាកខ្លាំងទៅលើការចំណាយ គឺយើងត្រូវរ៉ាប់រងទាំងអស់ ព្រោះអត់មានចំណូល។ ជាក់ស្តែងផ្ទះសំណាក់របស់ខ្ញុំ ក្នុងរយៈពេល៦ទៅ៧ខែដើមឆ្នាំ២០២៦នេះ គឺចូលដើមប្រមាណ៣ម៉ឺនដុល្លារដែរហ្នឹង»។
ចំណែកការងើបឡើងវិញនៃភ្ញៀវទេសចរ នៅវាលវែល ចាប់ពីខែ៧មកដល់ខែ១០នេះ ក៏មិនទាន់ចំណេញដែរ គឺបានត្រឹមទប់ទល់នឹងការចំណាយផ្សេងៗ។ លោក ចំរើន បញ្ជាក់ថា៖ «យើងកំពុងប្រឹងទប់ខ្លួនមែនទែន ប៉ុន្តែយើងសង្ឃឹមថា នឹងទទួលបានផលចំណេញវិញ ព្រោះនៅខែ១១ខាងមុខនេះ មានភ្ញៀវបានកក់ផ្ទះសំណាក់របស់យើងជាបន្តបន្ទាប់ អ៊ីចឹងនៅរដូវប្រាំងនេះ បើមិនមានអ្វីកើតឡើង នៅតាមព្រំដែនទៀតទេ យើងនឹងកើនដូចដើម ដោយសារកំណើនទេសចរឃើញថាកើនខ្លាំងមកវិញលឿន ចាប់ពីពេលនេះទៅ»។
លោក លឹម នួន អនុប្រធានសហគមន៍អេកូទេសចរណ៍ឃុំអូសោម បានឱ្យដឹងថា ភ្ញៀវទេសចរចូលចិត្តទៅលេងវាលវែង ដោយសារតំបន់នេះ សម្បូរផ្លែឈើ ចាប់ពីខែ៦ដល់ខែ៨ ហើយវាលវែងមានភូមិជនជាតិដើមភាគតិច មានបឹងក្រពើភ្នំ បឹងធម្មជាតិ និងកន្លែងទឹកធ្លាក់ជាច្រើន ជាពិសេសមានបឹងវារីអគ្គិសនីស្ទឹងអាតៃ នៅលើភ្នំ ដោយមានធម្មជាតិជាប់ៗគ្នា សម្រាប់ការជិះទូកកម្សាន្តមើលសត្វស្លាប សត្វស្វា និងសត្វចម្រុះផ្សេងៗទៀត។
លើសពីនេះ នៅស្រុកវាលវែង មានអាកាសធាតុខ្យល់ត្រជាក់បរិសុទ្ធ មិនក្តៅទេ គឺគ្រប់យ៉ាងនៅធម្មជាតិ មិនទាន់មានកាកែច្នៃឡើយ ដោយមានភាពអំណោយផលខ្លាំងដល់អ្នកទេសចរបែបផ្សងព្រេង ចំណែកកន្លែងលេងកម្សាន្ត សម្រាប់ភ្ញៀវចូលចិត្តជិះឡានទៅដល់ មិនទាន់សំបូរប៉ុន្មានទេ ដោយសារមិនទាន់មានការកែច្នៃ ហើយផ្លូវជិះទៅ ក៏មិនទាន់មានភាពល្អប្រសើរ នៅគ្រប់ទីកន្លែងត្រូវកម្សាន្តនោះដែរ។
ជាមួយភាពអំណោយផលនេះ លោក លឹម នួន បានអះអាងថា នៅមុនផ្ទុះសង្រ្គាមឈ្លានពាន តំបន់វាលវែងមានភ្ញៀវទៅលេងច្រើនណាស់។ «ពីមុនមានភ្ញៀវទេសចរមកលេងច្រើនណាស់ គរជើងគ្នាយកទៅណាអស់ តែក្រោយពេលមានសង្គ្រាមរាងស្ងាត់ គឺទើបតែពេលនេះទេ ឃើញមានទៅមានមក គ្រាន់តែមិនទាន់ច្រើនដូចមុនទេ»។
ចំពោះស្ថានភាពរស់នៅ និងការប្រកបរបររកស៊ីរបស់អាជីវករនៅស្រុកវាលវែង ជាពិសេសនៅអូសោម លោក លឹម នួន បានឱ្យដឹងថា មានការលំបាក ជាពិសេសអ្នកដែលចំណាកស្រុកមកពីទីឆ្ងាយមករកស៊ីនៅតំបន់នេះ ដោយត្រូវបង្ខំចិត្តបិទតូប ឬទីតាំងរកស៊ីរបស់ខ្លួន ក្រោយមិនអាចរ៉ាប់រងលើការចំណាយ ដោយគ្មានចំណូល។
លោកបញ្ជាក់ថា៖ «មានការបិទតូបលក់ដូរមួយចំនួនដែរ អាចថា ១០តូបបិទ៣ សម្រាប់អ្នកចំណាកស្រុក មករកស៊ីនៅទីនេះ ព្រោះគាត់ជួលទីតាំងគេ អ៊ីចឹងគាត់រត់អត់រួចទៅលើការចំណាយគ្រប់បែបយ៉ាង ប៉ុន្តែសម្រាប់អ្នកស្រុកនៅទីនេះ ដែលលក់ដូរផង និងធ្វើចម្ការផង គឺគាត់អត់បិទទេ នៅតែបើកអាជីវកម្ម ព្រោះផ្ទះសម្បែងគាត់នៅទីនេះ ហើយមើលទៅដូចជាធម្មតា»។

លោក ធាង ឡេង អភិបាលស្រុកវាលវែង បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងដំណើរទស្សនកិច្ចនៅស្រុកវាលវែង កាលពីថ្ងៃទី២៣ ខែតុលា ថា ជម្លោះប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ កាលពីចុងឆ្នាំ២០២៥ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ក្នុងស្រុកវាលវែងព្រោះតំបន់ទេសចរណ៍មួយចំនួននៅក្នុងស្រុកនេះ មានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីតំបន់ដែលធ្លាប់មានការប្រយុទ្ធគ្នា ធ្វើឱ្យភ្ញៀវទេសចរមួយចំនួនយល់ថា ការធ្វើដំណើរមកកម្សាន្តនៅវាលវែងអាចប្រឈមនឹងគ្រោះថ្នាក់ពីគ្រាប់រំសេវ ឬការផ្ទុះអាវុធជាថ្មី។
លោកថ្លែងថា៖ «បញ្ហាសង្គ្រាមក្នុងរយៈពេល១ឆ្នាំមកនេះ មានការប៉ះពាល់ ព្រោះគិតពីកន្លែងយើងឈរទៅតំបន់សង្រ្គាម គឺជិតដែរ ចម្ងាយប្រហែល២០គីឡម៉ែត្រអីទេ វាជាចំណុចកណ្តាល អ៊ីចឹងប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលគាត់មក គាត់តែងតែបារម្ភ ព្រោះគិតថា មកវាលវែង ជាដីដែលមានសង្គ្រាមជាមួយព្រំដែនសៀម ហេតុនេះគាត់អត់ចង់មកទេ គាត់ខ្លាចមានបញ្ហាគ្រាប់រំសេវ»។
លោកបញ្ជាក់ថា ក្រោយការបញ្ចប់ការប្រយុទ្ធគ្នានៅចុងឆ្នាំ២០២៥ រហូតដល់ដើមឆ្នាំ២០២៦ សកម្មភាពទេសចរណ៍នៅតំបន់វាលវែង បានធ្លាក់ចុះយ៉ាងខ្លាំង ដោយចំនួនភ្ញៀវស្ទើរតែបាត់បង់ទាំងស្រុង ប៉ុន្តែចាប់ពីខែកក្កដា ឆ្នាំ២០២៦មក ស្ថានភាពបានប្រែប្រួលជាបន្តបន្ទាប់ ដោយមានភ្ញៀវទេសចរចាប់ផ្តើមវិលត្រឡប់មកកម្សាន្ត នៅតាមតំបន់ធម្មជាតិ និងទីតាំងទស្សនាទេសភាពឡើងវិញ។
«ចប់សង្គ្រាមភ្លាមៗ អត់មានភ្ញៀវទេ។ ភ្ញៀវបាត់សឹងថា១០០ភាគរយ ដោយសារវានៅជាប់សង្គ្រាម ប៉ុន្តែចាប់ពីខែ៧ ឆ្នាំ២០២៦ មកដល់បច្ចុប្បន្ន ភ្ញៀវមកប្រហាក់ប្រហែលនឹងមុនហើយ»។ លោក ធាង ឡេង បានបញ្ជាក់បន្ថែម តែលោកមិនបានផ្តល់ស្ថិតិជាក់លាក់អំពីចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកកម្សាន្តនៅស្រុកវាលវែង ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៦ ឬតួលេខប្រៀបធៀបជាមួយឆ្នាំមុននោះទេ។
ទន្ទឹមនឹងការងើបឡើងវិញនៃសកម្មភាពទេសចរណ៍នេះ អាជ្ញាធរស្រុកវាលវែង បាននឹងកំពុងជំរុញការកែលម្អហេដ្ឋារចនាសម្ព័ន្ធ សោភ័ណភាពទីប្រជុំជន និងការរៀបចំតំបន់កម្សាន្តធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវឱ្យមកស្នាក់នៅ និងចំណាយពេលកម្សាន្តបានយូរជាងមុន ព្រោះស្រុកវាលវែងមានសក្តានុពលធម្មជាតិច្រើន ប៉ុន្តែការទាញយកប្រយោជន៍ពីធនធានទាំងនោះទាមទារឱ្យមានការរៀបចំ និងកែលម្អបន្ថែម ជាពិសេសផ្លូវចូលទៅកាន់តំបន់ទឹកធ្លាក់ និងការរៀបចំបរិស្ថានឱ្យមានអនាម័យល្អ។
ជាមួយគ្នានេះ អាជ្ញាធរបានដាំដើមក្ងោកជិត ៧ ០០០ដើមនៅតាមដងផ្លូវ រួមទាំងការដាំផ្កាត្រែមាស ដើម្បីលម្អទីប្រជុំជន និងតំបន់សាធារណៈឱ្យមានសោភ័ណភាពស្រស់ស្អាត។ ក្រៅពីនេះ អាជ្ញាធរក៏បានរៀបចំធុងសំរាម និងស្លាកសញ្ញាអប់រំអំពីអនាម័យបរិស្ថាន ដោយចាត់ទុកថា បញ្ហាសំរាមអាចប៉ះពាល់ដោយផ្ទាល់ដល់ភាពទាក់ទាញរបស់តំបន់ទេសចរណ៍។
លើសពីនេះ អាជ្ញាធរ បានដំឡើងអំពូលបំភ្លឺផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យ នៅតាមដងផ្លូវសំខាន់ៗ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅពេលយប់ និងកែលម្អសោភ័ណភាពទីប្រជុំជន។ ចំណែកនៅតំបន់ផ្សារ បានរៀបចំផ្លូវថ្មើរជើងទទឹងប្រមាណ៤ម៉ែត្រ ដោយក្រាលការ៉ូឡា និងដាំផ្កាលម្អ ដើម្បីបង្កើតបរិយាកាសកាន់តែសមរម្យសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
លោក ធាង ឡេង បានអះអាងថា ស្រុកវាលវែងមានតំបន់ទឹកធ្លាក់ជាច្រើន ដែលអាចអភិវឌ្ឍជាគោលដៅកម្សាន្តបន្ថែម ក្នុងនោះមានទឹកធ្លាក់ភ្នំទំព័រ ទឹកធ្លាក់ថ្មចាំង និងទឹកធ្លាក់ថ្លើមថ្មខ្មៅ ដែលមានភ្ញៀវទៅកម្សាន្តជាបន្តបន្ទាប់។ ប៉ុន្តែលោកបានទទួលស្គាល់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទៅកាន់តំបន់ទឹកធ្លាក់មួយចំនួន នៅមិនទាន់មានភាពងាយស្រួលនៅឡើយ ដែលជាឧបសគ្គមួយសម្រាប់ការទាក់ទាញភ្ញៀវទេសចរ។
លោកបន្តថា រដ្ឋបាលស្រុក និងខេត្តពោធិ៍សាត់ កំពុងរៀបចំកែលម្អផ្លូវចូលទៅកាន់តំបន់ទាំងនោះជាបន្តបន្ទាប់ ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើរ និងពង្រីកសកម្មភាពទេសចរណ៍នៅមូលដ្ឋាន ព្រោះស្រុកវាលវែងប្រៀបធៀបដូចគ្រាប់ពេជ្រ ដែលត្រូវការការកែច្នៃ។ លោកបញ្ជាក់ថា៖ «បញ្ហានៅស្រុកវាលវែង យើងបានជជែកគ្នាហើយថា បើសិនជាយើងមានគ្រាប់ពេជ្រហើយ យើងមិនច្នៃ ក៏វាមិនអាចទាញភ្ញៀវ និងប្រយោជន៍បានដែរ»។

ជើងភ្នំ១៥០០ ជាតំបន់ល្អឯកតែមួយនៅកម្ពុជា ដែលនឹងត្រូវអភិវឌ្ឍជាសួនទេសចរណ៍បៃតង ជា«បុប្ផាលាក់ខ្លួន»
សម្រាប់តំបន់ជើងភ្នំ១៥០០ ដែលជាទីតាំងទេសចរណ៍សំខាន់មួយតាមបណ្តោយផ្លូវជាតិលេខ៥៥ លោក ធាង ឡេង បានឱ្យដឹងថា អាជ្ញាធរកំពុងជំរុញការរៀបចំតំបន់នេះឱ្យក្លាយជាសួនបៃតង និងកន្លែងកម្សាន្តមានសណ្តាប់ធ្នាប់ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ហើយពាក់ព័ន្ធនឹងប្រជាពលរដ្ឋ ដែលមានសំណង់បណ្តោះអាសន្ននៅតំបន់នេះ លោកបន្តទៀតថា ត្រូវបានដោះស្រាយរួចរាល់១០០ភាគរយហើយ ប៉ុន្តែសំណង់មួយចំនួន នៅមិនទាន់ត្រូវបានរុះរើចេញទាំងស្រុង ដោយអាជ្ញាធរអនុញ្ញាតឱ្យប្រជាពលរដ្ឋមានពេលវេលារៀបចំរុះរើដោយខ្លួនឯង។
លោក ឡេង បានលើកឡើងថា ការបើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ជាផ្លូវការនៅដើមឆ្នាំ២០២២ បានធ្វើឱ្យការធ្វើដំណើរមកកាន់វាលវែងមានភាពងាយស្រួល និងបើកឱកាសថ្មីសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅតំបន់ភ្នំមួយនេះ ហើយអាជ្ញាធរមានមហិច្ឆតាប្រែក្លាយវាលវែងទៅជាគោលដៅទេសចរណ៍សំខាន់មួយនៅកម្ពុជា តាមរយៈការរួមបញ្ចូលគ្នារវាងសម្រស់ធម្មជាតិ ហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំបរិស្ថាន។
លោកបញ្ជាក់ថា៖ «សូមភ្ញៀវទេសចរទាំងអស់ មកលេងឱ្យបានច្រើន ជើងភ្នំ១៥០០នេះ សម្តេចធិបតី បានមានប្រសាសន៍ហើយថា នឹងធ្វើឱ្យក្លាយជាសួនមួយដ៏អស្ចារ្យ អ៊ីចឹងជើងភ្នំក៏មាន ទឹកធ្លាក់ក៏មាន ប៉ុន្តែការអភិវឌ្ឍវាមិនបានលឿនដូចអ្វីដែលភ្ញៀវយើងចង់បាន ចំណែកសន្តិសុខនៅស្រុកខ្ញុំនេះល្អច្រើន។ វាតែងមានបទល្មើសតូចតាច តែករណីលួច ឆក់ ប្លន់អ្វីធំៗ គឺមិនមានទេ»។
គួររំឭកថា នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ ដែលបានតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចាត់ទុកតំបន់ភ្នំ១៥០០ ថា ជា «បុប្ផាលាក់ខ្លួន» នៅលើផ្លូវអន្ទង់អាំងប្រមាណ ៤គីឡូម៉ែត្រ គឺជាទីតាំងពិសេស នៅក្នុងប្រទេសកម្ពុជា ដែលមានការទាក់ទាញខ្លាំង។
លោកថ្លែងក្នុងអំឡុងពេលនោះថា៖ «តំបន់ភ្នំ១៥០០ គេហៅថាជា បុប្ផាលាក់ខ្លួន។ ផ្លូវអន្ទង់អាំងដែលតាមមើលដូចមាន៤គីឡូម៉ែត្រ។ ផ្លូវ ១០គីឡូម៉ែត្រ តែរង្វង់កន្លែងហ្នឹងគឺកន្លែងដែលល្អ កន្លែងធម្មជាតិ កន្លែងដែលមួយប្រទេសខ្មែរ ដូចជាមានតែមួយ។ ផ្លូវលេខ១០នេះ មានជាង១០០គីឡូម៉ែត្រ មានអន្ទង់អាំងច្រើន ប៉ុន្តែកន្លែងបុប្ផាលាក់ខ្លួនហ្នឹងពិសេស»។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវផ្តល់ដំណោះស្រាយសមរម្យជូនប្រជាពលរដ្ឋប្រមាណ៩០គ្រួសារ គឺយកពួកគាត់ពីកន្លែងដែលអត់មានកម្មសិទ្ធិស្របច្បាប់ សំណង់មិនទាន់រៀបរយ មកកន្លែងដែលរដ្ឋជួយរៀបចំផ្លូវ ទឹកស្អាត រៀបចំភ្លើងអគ្គិសនី និងផ្តល់ប្លង់ស្របច្បាប់ឱ្យគាត់ ដើម្បីទុក៤គីឡូម៉ែត្រនៅភ្នំ១៥០០ យកមករៀបចំឱ្យល្អ ដាំដើមឈើឡើងវិញ រៀបចំកន្លែងហេដ្ឋារចនាសម្ព័ន្ធទទួលទេសចរបម្រើឱ្យសហគមន៍ បម្រើឱ្យខេត្តពោធិ៍សាត់ ក្លាយទៅជាបុប្ផាលាក់ខ្លួន។
លោកបញ្ជាក់ថា៖ «ខ្ញុំសូមឱ្យមើល បើអាចបាន ធ្វើម៉េចថ្ពក់ជាមួយសហគមន៍នៅកន្លែងហ្នឹង ដើម្បីគាត់បានផលពីកន្លែងហ្នឹង។ គាត់មិនកាន់កាប់ដីកន្លែងហ្នឹងទេ កន្លែងហ្នឹងជាដីរបស់រដ្ឋ ដីរួមរបស់ខេត្តរបស់ជាតិ។ យកមកជាតំបន់ទេសចរណ៍សម្រាប់ជាតិ ជាតំបន់បុប្ផាលាក់ខ្លួន មួយប្រទេសមានតែមួយកន្លែងហ្នឹងដែលល្អ ហើយវានៅពោធិ៍សាត់ ដើម្បីឱ្យអ្នកពោធិ៍សាត់អាចទទួលបានផល»។
ជាមួយគម្រោងអភិវឌ្ឍជាច្រើន ដើម្បីកែប្រែស្រុកវាលវែង ក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល នៅក្នុងប្រទេសកម្ពុជានេះ បានផ្តល់ក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋ និងអាជីវករប្រកបរបររកស៊ីនៅតំបន់នេះ ហើយការបន្តចុះទៅសិក្សាស្រាវជ្រាវរបស់មន្រ្តីមកពីក្រសួង និងស្ថាប័នផ្សេងៗ ទៅលើគម្រោងអភិវឌ្ឍផ្សេងៗនៅពេលនេះ ធ្វើឱ្យពួកគាត់កាន់តែជឿជាក់ ក្នុងការបន្តបើកអាជីវកម្មឡើងវិញ។
អនុប្រធានសហគមន៍អេកូទេសចរណ៍ឃុំអូសោម លោក លឹម នួន បានថ្លែងថា៖ «ឥឡូវនេះពួកខ្ញុំ ជាសហគមន៍ និងជាប្រជាកសិកនៅក្នុងតំបន់ហ្នឹង នៅតែមានសង្ឃឹមមុតមាំទៅលើថ្នាក់ដឹកនាំ ព្រោះខាងវិស័យទេសចរណ៍នេះ ឃើញថាកំពុងឈានទៅអភិវឌ្ឍជាបន្តទៅទៀត។ បើទោះបីជាយើងមានសង្រ្គាម និងមានបញ្ហាអីខ្លះក៏ដោយ ក៏ប៉ុន្តែមើលទៅលើសម្ទុះនៃការអភិវឌ្ឍ ធ្វើឱ្យបងប្អូនយើងមានផែនការ ហើយចាប់ផ្តើមធ្វើបណ្ដើរៗពី៣០ទៅ៤០ភាគរយ ធ្វើឱ្យបងប្អូនក្នុងភូមិមានក្តីសង្ឃឹមបន្តទៀត ព្រោះតំបន់នេះមានភាពអំណោយផលល្អរួចទៅហើយ ខ្វះតែដើមទុន និងអ្នកធ្វើប៉ុណ្ណោះទេ»។
ចំណែកអភិបាលស្រុក លោក ធាង ឡេង បានឱ្យដឹងថា វាលវែងដែលធ្លាប់ទទួលបានរហស្សនាមថា «បុប្ផាលាក់ខ្លួន» កំពុងឈានទៅរកដំណាក់កាលថ្មីនៃការអភិវឌ្ឍទេសចរណ៍ បន្ទាប់ពីបានឆ្លងកាត់ផលប៉ះពាល់ពីជម្លោះព្រំដែន ដោយអាជ្ញាធរមានមហិច្ឆតាប្រែក្លាយវាលវែងទៅជាគោលដៅទេសចរណ៍សំខាន់មួយនៅកម្ពុជា។ លោកបញ្ជាក់ថា៖ «ឥឡូវបុប្ផាក៏លែងលាក់ដែរ បុប្ផាកំពុងរីកហើយ»៕










