សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ពលរដ្ឋខេត្តបាត់ដំបងជាង៨០០​គ្រួសារ ត្រូវបានជម្លៀស​​ទៅទីទួលសុវត្ថិភាព ដោយសារទឹកជំនន់ ខណៈខេត្តផ្សេងទៀតក៏ប៉ះពាល់ដែរ

ទិដ្ឋភាពស្ទឹងសង្កែឡើងខ្លាំងបណ្តាលឱ្យលិចថ្នល់ និងទីតាំងមួយចំនួនក្នុងក្រុងបាត់ដំបង។ រូបភាពថតនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/មាស ភារុណ)
ទិដ្ឋភាពស្ទឹងសង្កែឡើងខ្លាំងបណ្តាលឱ្យលិចថ្នល់ និងទីតាំងមួយចំនួនក្នុងក្រុងបាត់ដំបង។ រូបភាពថតនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/មាស ភារុណ)

ជំនន់ទឹកភ្លៀងយ៉ាងគំហុកបានវាយប្រហារខេត្តចំនួន ១០ នៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែខេត្តបាត់ដំបងបានក្លាយជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ។ យោងតាមរបាយការណ៍របស់​គណៈ​កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង ជំនន់ទឹកភ្លៀងបានលិចលង់ និងប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋក្នុង ១៤ ក្រុង-ស្រុក ស្មើនឹង ៧១ ឃុំ-សង្កាត់ សរុបជាង ១៩ ០០០ ខ្នងផ្ទះ និងប្រជាពលរដ្ឋជាង ៨០០ គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ជាមួយគ្នា​នេះដែរ ទឹកជំនន់ក៏បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសរុប ៧៨០ កន្លែង និងប៉ះពាល់ផ្ទៃដីដំណាំស្រូវសរុបជាង ៣៥ ៦០០ ហិកតា។

នៅក្នុងចំណោមប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារដែលកំពុងរងគ្រោះនៅក្នុងខេត្តនេះ អ្នកស្រី ស្រី មុំ ដែល​ធ្លាប់តែជិះម៉ូតូមកលក់ពោតឈីសនៅទំនប់ទឹកសាលាតាអន ត្រូវបង្ខំចិត្តដើរយួរអីវ៉ាន់ និងសុំគោយន្តអ្នកភូមិជិះចេញពីភូមិដែលមានទឹកលិចត្រឹមចង្កេះ និងកន្លែងខ្លះត្រឹមដើមទ្រូង ដើម្បីបន្តរបរចិញ្ចឹមជីវិត ខណៈស្រូវរបស់គាត់ដែលទុំដល់ពេលច្រូតកាត់ ត្រូវទឹកលិចខូចខាតទាំងស្រុងដោយសារជំនន់ចុងក្រោយនេះ។

អ្នកស្រី ស្រី មុំ វ័យ៣០ឆ្នាំផ្លាយ រស់នៅភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានរៀបរាប់ថា ស្រូវរបស់គាត់ចំនួន ៣ រ៉ៃ និងស្រូវម្តាយ៣ ទៅ៤ ហិកតា បានរងផលប៉ះពាល់ដោយសារទឹកជំនន់ ២លើករួចមកហើយ។ ប៉ុន្តែប៉ុន្មានថ្ងៃនេះ ស្រូវទាំងនោះត្រូវលិចលង់ដោយសារជំនន់លើកទី៣ ខូចខាតទាំងស្រុងតែម្តង ខណៈស្រូវទុំដល់ពេលច្រូតកាត់ទៅហើយនោះ។

អ្នកស្រី ស្រី មុំ បាននិយាយទាំងក្ដុកក្ដួលថា៖ «គ្មានសង្ឃឹមអីទៀតទេ មានតែតស៊ូមកលក់ពោតឈីសដើម្បី រកលុយផ្គត់ផ្គង់គ្រួសារខ្លះ បើស្រូវខូចអស់ហើយ ស្រូវអ្នកភូមិអីក៏ខូច… ទឹកលិចជិះម៉ូតូមិនកើតមានតែដើរ និងសុំគោយន្តប្អូនជិះមក ពេលលក់អស់ចាំសុំគោយន្ត​គេជិះតាមផ្លូវទៀត»។

នៅម្ខាងទៀត អ្នកស្រី មុំ គឹមយួម អាយុ ៦៤ឆ្នាំ កំពុងអង្គុយលក់កូនត្រី ដែលកូនប្រុសរបស់គាត់បានយកប្រាក់ឈ្នួលធ្វើសំណង់ ១០ម៉ឺនរៀល ទៅទិញសំណាញ់មកបង់ត្រីក្នុងទឹកជំនន់ដែលលិចក្នុងភូមិ ដើម្បីបានចំណូលខ្លះ បន្ទាប់ពីរបរធ្វើសំបកណែមរបស់គាត់ត្រូវបានផ្អាកប៉ុន្មានថ្ងៃមកនេះ ដោយសារភូមិលិចទឹកខ្លាំង។

អ្នកភូមិសួរអី ឃុំពាមឯក ស្រុកឯកភ្នំ រូបនេះ បាននិយាយថា នេះជាលើកទី១ ហើយក្នុងរយៈពេល ២២ឆ្នាំ ដែលគាត់រស់នៅភូមិនេះ ហើយត្រូវទឹកលិចផ្ទះបាយ និងផ្ទះធំត្រឹមជង្គង់ កន្លែងខ្លះត្រឹមភ្លៅ។ កន្លងមក ផ្ទះអ្នកភូមិផ្សេងទៀតលិច តែផ្ទះគាត់មិនដែលលិចនោះទេ ប៉ុន្តែលើកនេះទឹកឡើងលឿនខ្លាំង រហូតអណ្តែតសម្ភារៈប្រើប្រាស់ រៀបចំទុកដាក់មិនទាន់ឡើយ។

អ្នកស្រីបានបន្តថា ទឹកលិចខ្លាំងរយៈពេល ២ថ្ងៃ ២យប់មកហើយ គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ គាត់ថាមិនចង់ចាកចេញពីផ្ទះនោះទេ ដោយសុខចិត្តសម្រាកលើគ្រែដែលប្រៀបដូចជាអណ្តែតលើទឹកជំនន់រៀបនឹងលិច ដោយសារទៅនៅផ្ទះគេមិនស្រួលចិត្ត។

អ្នកស្រីបានសំណូមពរដល់អាជ្ញាធរថា៖ «ខ្ញុំធ្លាប់ធ្វើសំបកណែមលក់ មួយថ្ងៃបានចំណេញ ២ ម៉ឺនរៀល ឥឡូវខានលក់។ សូមអាជ្ញាធរជួយសម្រួលដល់ប្រជាពលរដ្ឋលិចទឹកនៅភូមិសួរអីផង ព្រោះពួកគាត់ខ្វះខាតខ្លាំង… ជួយជាអង្ករ ឬស្បៀងអាហារអញ្ចឹងទៅ ព្រោះម្តុំផ្ទះខ្ញុំសុទ្ធតែអ្នកក្រខ្សត់ប្រហែលជាង១០គ្រួសារ»។

របាយការណ៍បឋមរបស់អាជ្ញាធរស្រុកឯកភ្នំ គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា បានឱ្យដឹងថា ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង មានជាង ៣ពាន់ខ្នងផ្ទះ ស្មើនឹងជាង ៣ ៦០០ គ្រួសារ (ក្នុងនោះបានជម្លៀសចំនួន ១៥ គ្រួសារ ស្មើនឹងមនុស្សរាយ ៥៩ នាក់)។ ជំនន់នេះក៏បានប៉ះពាល់វត្តអារាមចំនួន ៧ វត្ត, ១៤ សាលារៀន, មណ្ឌលសុខភាព ១, ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៨៥ ទីតាំង ព្រមទាំងប៉ះពាល់ដំណាំស្រូវប្រមាណ ៣ ២០០ ហិកតា (ខូចខាតជាង ៣៥០ ហិកតា) និងដំណាំរួមផ្សំជាង ៦០ ហិកតាផងដែរ។

ប្រជាពលរដ្ឋដឹកជញ្ជូនសម្ភារៈនានាតាមគោយន្តកន្រ្តៃចេញពីភូមិដែលលិចទឹក ចំណុចឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។រូបភាពថតនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/មាស ភារុណ)

ស្ថានភាពអាកាសធាតុ និងជំនន់ស្ទឹងសង្កែ

តាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ព្យុះទី២៦ «ស៊ូរីហ្គាអេ» (Surigae) បានកើតឡើងនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងបង្កឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី។ ទោះបីជាព្រះរាជាណាចក្រកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះនេះក្តី ប៉ុន្តែចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ធាតុអាកាសនៅតំបន់វាលទំនាប (រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន រាជធានីភ្នំពេញ និងខេត្តផ្សេងទៀត) អាចមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៧០ភាគរយ។ តំបន់ខ្ពង់រាប និងជួរភ្នំ អាចមានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៥០ភាគរយ ខណៈតំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់ផ្ទៃដី ៧០ភាគរយ ជាមួយនឹងរលកសមុទ្របោកបក់ខ្លាំង (កម្ពស់ចន្លោះពី ០,៥០ ម៉ែត្រ ទៅ ១,៧៥ ម៉ែត្រ)។

ដៃម្ខាងកាន់ផ្តិលជ័រដួសទឹកដែលហៀរចេញពីស្ទឹងសង្កែចូលក្នុងផ្ទះ (ដែលមានចម្ងាយត្រឹមតែជាង ១០ ម៉ែត្រពីមាត់ស្ទឹង) លោកយាយវ័យ ៨៥ ឆ្នាំម្នាក់ រស់នៅភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង បានរៀបរាប់ថា ទឹកជំនន់បានហៀរចូលផ្ទះរបស់គាត់ និងអ្នកភូមិ ៣ថ្ងៃមកហើយ ហើយនេះជាលើកទី១ ដែលមានជំនន់ខ្លាំងបែបនេះ។

កូនស្រីរបស់គាត់ ដែលជាអតីតគ្រូបង្រៀនបានបន្តបន្ថែមថា គ្រួសារគាត់មករស់នៅទីនេះ ៤០ ឆ្នាំហើយ ប៉ុន្តែអាជ្ញាធរមិនចេញប្លង់កម្មសិទ្ធិឱ្យនោះទេ ដោយសាររស់នៅលើចំណីស្ទឹង ហើយច្រាំងស្ទឹងចេះតែបាក់បន្តិចម្តងៗពេលមានភ្លៀងធ្លាក់ខ្លាំង។ គាត់បន្ថែមថា ផ្ទះដែលរស់នៅសព្វថ្ងៃនេះធ្វើអស់រយៈពេល ១៤ឆ្នាំហើយ ទើបតែជួបជំនន់ខ្លាំងបែបនេះ ដែលកន្លងមកធ្លាប់ជន់ត្រឹមតែកាំជណ្តើរ ប៉ុន្តែលើកនេះជន់លិចដល់ក្នុងផ្ទះតែម្តង សំណាងបានអាជ្ញាធរជួយដាក់បាវខ្សាច់ទប់ទើបទឹកមិនហៀរចូលខ្លាំង។

លោកយាយបានសម្តែងក្តីបារម្ភថា៖ «អាជ្ញាធរណែនាំឱ្យទៅរកផ្ទះបងប្អូន ឬទីទួលសុវត្ថិភាពដែរ! ទឹកជំនន់ខ្លាំងចឹង ខ្ញុំភ័យចេះតែភ័យហើយ តែមិនដឹងទៅណា? អត់មានកន្លែងទៅផង!»។

ជាអ្នកភូមិជាមួយគ្នា អ្នកស្រី ជា សុវណ្ណរ័ត្ន អាយុ ៦០ឆ្នាំ ដែលមានផ្ទះចម្ងាយតែ ៥ម៉ែត្រប៉ុណ្ណោះពីមាត់ស្ទឹងដែលទើបទទួលបានអង្ករមួយការ៉ុងតូច និងមី១២កញ្ចប់ពីមេភូមិ បាននិយាយថា គាត់មករស់នៅទីនេះតាំងពីឆ្នាំ១៩៨១។ ច្រាំងស្ទឹងបានបាក់បន្តិចម្តងៗពីចម្ងាយប្រហែល ៥០ម៉ែត្រ រហូតមកដល់បច្ចុប្បន្នសល់ត្រឹមតែ ៥ម៉ែត្រប៉ុណ្ណោះដល់ខ្នងផ្ទះ។ ដោយ​សារ​ទឹកលិចជុំវិញផ្ទះត្រឹមដើមទ្រូង អាជ្ញាធរភូមិបានឱ្យប្រុងប្រយ័ត្ន និងឱ្យចាកចេញទៅនៅផ្ទះបងប្អូនមួយរយៈ ប៉ុន្តែអ្នកស្រីមិនអាចទៅចោលផ្ទះបានទេ ព្រោះខ្លាចអណ្តែតបាត់បង់ទ្រព្យសម្បត្តិ។ អ្នកស្រីសុខចិត្តទ្រាំនៅជាមួយចៅ និងម្តាយចាស់អាយុ ៨៨ឆ្នាំ ហើយបានជម្លៀសតែម្តាយក្មេកអាយុ ៩៨ឆ្នាំទៅនៅផ្ទះកូនប្រសារសិន។

អ្នកស្រីពោលដោយកង្វល់ថា៖ «ដោយសារទឹកឡើងខ្លាំងពិបាកធ្វើដំណើរ ខ្ញុំទៅផ្សារទិញម្ហូបទុក ២-៣ ថ្ងៃ អស់ពីហ្នឹងចាំទៅទៀត! ខ្ញុំមានអារម្មណ៍ពិបាកចិត្ត ដេកមិនលក់ យប់ឡើងឮសូរទឹកហូរវូៗ ខ្លាចតែបាក់ច្រាំង… ភ័យរហូតធ្លាក់ខ្លួនឈឺ»។

កត្តានៃការជន់លិច និងវិធានការឆ្លើយតប

បើតាមអាជ្ញាធរ និងមន្ត្រីជំនាញ ដោយសារទឹកភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា ពិសេសនៅភាគខាងលើនៃស្រុកសំឡូត ដែលជាប្រភពទឹកនៃស្ទឹងសង្កែ បានបង្កឱ្យមានជំនន់ទឹកភ្លៀង (ជំនន់រហ័ស) ហូរចូលមកអាងទឹកពហុបំណងបាត់ដំបង (សេកសក) ក្នុងស្រុករតនមណ្ឌល។ ដោយស្ថានភាពទឹកហូរមកខ្លាំង មន្ត្រីជំនាញបានបើកទ្វារទឹកបន្ធូរផ្ទៃអាងក្នុងកម្រិតគ្រប់គ្រងបាន ដើម្បីទម្លាក់ចូលស្ទឹងសង្កែចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ មក។

ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ទឹកស្ទឹងសង្កែបានចាប់ផ្តើមហក់ឡើងខ្លាំង បណ្តាលឱ្យលិចតំបន់ទំនាបមួយចំនួននៅស្រុកឯកភ្នំ និងតំបន់ផ្សារបឹងឈូកក្នុងក្រុងបាត់ដំបង ដោយកម្ពស់ទឹកបានហក់ឡើងដល់ ១៤,១៩ ម៉ែត្រ កាលពីថ្ងៃទី២៦ ខែកញ្ញា ខណៈកម្រិតប្រកាសអាសន្ន ឬកម្រិតប្រុងប្រយ័ត្នខ្ពស់មានត្រឹម ១៣,៥០ ម៉ែត្រប៉ុណ្ណោះ។ លុះមកដល់ព្រឹកថ្ងៃទី២៧ ខែកញ្ញា កម្ពស់ទឹកស្ទឹងសង្កែបានបន្តហក់ឡើងដល់ ១៤,២០ ម៉ែត្រ គឺឡើងបន្ថែមទៀត។

អ្នកស្រី ជា សុវណ្ណរ័ត្ន អាយុ ៦០ឆ្នាំ ដែលមានផ្ទះចម្ងាយតែ៥ម៉ែត្រប៉ុណ្ណោះពីមាត់ស្ទឹងរៀបរាប់ថា ទឹកលិចជុំវិញផ្ទះត្រឹមដើមទ្រូង អាជ្ញាធរភូមិបានឱ្យប្រុងប្រយ័ត្ន និងឱ្យចាកចេញទៅនៅផ្ទះបងប្អូនមួយរយៈ ប៉ុន្តែអ្នកស្រីមិនអាចទៅចោលផ្ទះបានទេ ព្រោះខ្លាចអណ្តែតបាត់បង់ទ្រព្យសម្បត្តិ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/មាស ភារុណ)

លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានឱ្យដឹងថា គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃទី២៧ ខែកញ្ញា ស្ថានភាពទឹកភ្លៀងនៅផ្នែកខាងលើស្រុកសំឡូតបានថមថយហើយ ប៉ុន្តែទឹកនៅតែបន្តហូរចូលមកអាងទឹកសេកសក។ ដោយសារបរិមាណទឹកភ្លៀងមានច្រើន មន្ត្រីជំនាញបានបើកទ្វារទឹកធំបន្ធូរអាងទម្លាក់ចូលស្ទឹងសង្កែ ទើបបណ្តាលឱ្យទឹកស្ទឹងសង្កែកើនឡើង លិចហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ ផ្ទះសម្បែង និងផលដំណាំរបស់ប្រជាកសិករ។

លោកបានបន្ថែមថា ភ្លៀងបានធ្លាក់គ្របដណ្តប់គ្រប់ទីកន្លែងក្នុងខេត្តបាត់ដំបងក្នុងរយៈពេល ៤ ទៅ ៥ ថ្ងៃនេះ ធ្វើឱ្យទឹកពីផ្នែកខាងលើ និងខាងក្រោមបូកបញ្ជូលគ្នា បង្កឱ្យមានការជន់លិចខ្លាំង។ ទោះជាយ៉ាងណា មន្ទីរនឹងបន្តតាមដានព័ត៌មានពាក់ព័ន្ធយ៉ាងយកចិត្តទុកដាក់ និងជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យការពារសុវត្ថិភាព និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។

លោក ខៃ សុដា បញ្ជាក់ថា៖ «នៅផ្នែកខាងលើមានការថយចុះហើយ បរិមាណទឹកជំនន់នេះអាច ២ ទៅ ៣ ថ្ងៃទៀត ក្រុងបាត់ដំបងនឹងធូរស្រាល ប៉ុន្តែលុះត្រាតែគ្មានភ្លៀងធ្លាក់បន្ថែម បើមានភ្លៀងបន្ថែមទៀត វានឹងប្រែប្រួលទៅតាមបរិមាណទឹកភ្លៀងដែលបង្អុរចុះមក»។

លោកបានបញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០២៦ នេះ ខេត្តបាត់ដំបងរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣លើករួចមកហើយ ហើយលើកទី៣ នេះ មានលក្ខណៈធ្ងន់ធ្ងរជាងគេ។

តាមរបាយការណ៍បឋមរបស់មន្ទីរកសិកម្មខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ការងារបង្កបង្កើនផលស្រូវប្រចាំឆ្នាំក្នុងខេត្តបាត់ដំបង សម្រេចបានរហូតដល់ ៤៣៨ ៤៦៩ ហិកតា (ស្មើនឹង ៩៦,១៦ភាគរយ នៃផែនការសរុប ៤៥៦ ០០០ ហិកតា)។ ជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃនេះបាននិងកំពុងជះឥទ្ធិពលប៉ះពាល់ដល់ផ្ទៃដីកសិកម្មក្នុងស្រុកចំនួន៥ ជាង ១ម៉ឺនហិកតា ហើយក្រុមការងារជំនាញកំពុងបន្តតាមដាន និងវាយតម្លៃបន្ថែមតាមបណ្តាស្រុកផ្សេងទៀត។

នៅថ្ងៃទី២៧ ខែកញ្ញា លោក អ៊ុក ឃ្នួច អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារចុះពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលបានជម្លៀសមកពីភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ដោយបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា៖ «ក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ធ្វើការតាមដានជាប្រចាំ ប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ ព្រមទាំងរាយការណ៍ផ្តល់ព័ត៌មានជូនខេត្ត និង គ.ជ.គ.ម. ដើម្បីបូកសរុបរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល និងដកស្រង់បទពិសោធន៍សម្រាប់រៀបចំគម្រោង​ឆ្លើយតប និងការស្តារឡើងវិញ»។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង ជំនន់ទឹកភ្លៀងបានប៉ះពាល់ផ្ទះប្រជាពលរដ្ឋក្នុង ១៤ ក្រុង-ស្រុក ស្មើនឹង ៧១ ឃុំ-សង្កាត់ សរុបជាង ១៩ ០០០ ខ្នងផ្ទះ និងបានជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពចំនួនជាង ៨០០ គ្រួសារ។ ទឹកជំនន់ក៏បានប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធសរុប ៧៨០កន្លែង និងដំណាំស្រូវរងផលប៉ះពាល់សរុបជាង ៣៥ ៦០០ ហិកតា។

ផលប៉ះពាល់នៅតាមបណ្តាខេត្តផ្សេងទៀត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនេះបានប៉ះពាល់ខេត្តចំនួន ១០ ក្នុងប្រទេសកម្ពុជា រួមមាន៖ បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ប៉ៃលិន, ពោធិ៍សាត់, ព្រះវិហារ និងឧត្តរមានជ័យ (ស្មើនឹង ៥២ ក្រុង-ស្រុក) ដែលក្នុងនោះខេត្តបាត់ដំបងរងគ្រោះធ្ងន់ធ្ងរជាងគេ។

ជុំវិញផលប៉ះពាល់នេះ សារព័ត៌មានខេមបូចា មិនទាន់អាចទំនាក់ទំនងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបាននៅឡើយទេ គិតត្រឹមម៉ោងចេញផ្សាយនេះ។

យ៉ាងណាក៏ដោយ លោក ឡាយ សុធី ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះប៉ះពាល់តែភូមិមួយចំនួនក្នុងក្រុងប៉ោយប៉ែតប៉ុណ្ណោះ ដែលបង្កឡើងដោយទឹកជំនន់ឆ្លងដែនហូរមកពីប្រទេសថៃផង និងទឹកភ្លៀងក្នុងស្រុកផង។ លោកបានឱ្យដឹងថា ស្ថានភាពទឹកបានថយចុះក្នុងកម្រិតអាចគ្រប់គ្រងបាននៅថ្ងៃទី២៧ ខែកញ្ញា ដោយសារមិនសូវមានភ្លៀងធ្លាក់ និងដោយសារមន្ត្រីជំនាញបានបង្ហូរទឹកបន្ធូរតាមប្រព័ន្ធប្រឡាយរំដោះទឹកនានា។

លោកប្រធានមន្ទីរបន្ថែមថា៖«មន្ទីរធនធានទឹកបន្តដើរពិនិត្យមុខទឹកដែលកកស្ទះ ឬមានការចាក់លប់ ដើម្បីជួយអន្តរាគមន៍។ ទ្វារទឹកទាំងអស់ត្រូវតែបើកបង្ហូរតាមប្រព័ន្ធ និងផ្តល់ព័ត៌មានដល់តំបន់ក្បែរខាងឱ្យមានការប្រុងប្រយ័ត្នខ្ពស់»។

បើតាមរបាយការណ៍របស់រដ្ឋបាលក្រុងប៉ោយប៉ែត គិតត្រឹមម៉ោង ៧:៤៥ នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបានប៉ះពាល់ប្រជាពលរដ្ឋក្នុង ៣ សង្កាត់ (អូរជ្រៅ ផ្សារកណ្តាល និងនិមិត្ត) ស្មើនឹង ៧ ទីតាំង សរុប ១,២៤៨ គ្រួសារ និងបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពសរុប ៩២៣ គ្រួសារ។

ដោយឡែក សារព័ត៌មានខេមបូជា ក៏មិនទាន់អាចទំនាក់ទំនងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានដែរ។ ប៉ុន្តែតាមរបាយការណ៍បណ្តោះអាសន្នរបស់ រដ្ឋបាលខេត្តប៉ៃលិន ផ្តល់ជូនអ្នកសារព័ត៌មាននាថ្ងៃទី២៧ ខែកញ្ញា ជំនន់ទឹកភ្លៀងបានប៉ះពាល់ប្រជាពលរដ្ឋចំនួន ៦ ឃុំ-សង្កាត់ (ស្មើនឹង ១៩ ភូមិ, ២៣២ ខ្នងផ្ទះ) ផ្លូវកៅស៊ូ បេតុង ដំណាំកសិផលមួយចំនួន និងបានបណ្តាលឱ្យមនុស្ស ០១ នាក់បាត់បង់ជីវិតដោយសារទឹកជំនន់គួច។

លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ទឹកជំនន់នៅខេត្តប៉ៃលិនមានស្ថានភាពនឹងន ហើយបើគ្មានភ្លៀងធ្លាក់បន្ថែមទេ ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ទឹកនឹងចាប់ផ្តើមស្រកចុះជាបណ្តើរៗ ដោយសារមន្ទីរជំនាញបានបើកទ្វារទឹកទម្លាក់ទៅស្ទឹងស្រុកបវេល (ខេត្តបាត់ដំបង) និងស្រុកមង្គលបូរី (ខេត្តបន្ទាយមានជ័យ)។ លោកថាជំនន់នេះកើតឡើងដោយសារការទទួលរបបទឹកពីស្ទឹងចំនួនបី គឺ៖ ស្ទឹងប៉ៃលិន (ផ្ទៃរងទឹកនៅលើជួរភ្នំខៀវ), ស្ទឹងកុយ (ផ្ទៃរងទឹកមួយផ្នែកពីថៃ) និងស្ទឹងកំរៀង (ផ្ទៃរងទឹកភាគច្រើនពីថៃ)។

លោកបន្ថែមថា៖«មន្ទីរបានដាក់ក្តារម៉ែត្រវាស់កម្ពស់ទឹកតាមក្បាលស្ទឹងក្នុងទឹកដីកម្ពុជា ដើម្បីតាមដាន និងព្យាករណ៍ជំនន់ ព្រមទាំងផ្សព្វផ្សាយព័ត៌មានដល់តំបន់ប្រឈម… ចំណែកអាជ្ញាធរបានជួយសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា»។

លោកយាយលឹមទៀង វ័យ ៨៥ឆ្នាំម្នាក់ រស់នៅភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង បានដួសទឹកខេញក្នុងផ្ទះបណ្តើរ បានរៀបរាប់ថា ទឹកជំនន់បានហៀរចូលផ្ទះរបស់គាត់ និងអ្នកភូមិ ៣ថ្ងៃមកហើយ នេះជាលើកទី១ហើយ ដែលមានជំនន់ធំ។ រូបភាបថតនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/មាស ភារុណ)

ផលប៉ះពាល់រួមទូទាំងប្រទេស និងសន្តិសុខស្បៀង

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ គ.ជ.គ.ម. បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ (ម៉ោង ៥:០០ ល្ងាច) សរុបផលប៉ះពាល់ទូទាំងប្រទេស ប្រជាពលរដ្ឋរងផលប៉ះពាល់៤៤ ៨៨៩ គ្រួសារ (កើនឡើង ១៩,៣២៨ គ្រួសារ ធៀបនឹងថ្ងៃម្សិលមិញ ដោយកើនច្រើននៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប)  ផ្ទះសម្បែងរងផលប៉ះពាល់ ៤០ ៣៨៤ ខ្នង, ជម្លៀសទៅទីទួលសុវត្ថិភាព ៣ ៦៨៥ គ្រួសារ និង ដំណាំស្រូវរងផលប៉ះពាល់៤៩ ៩២៥ ហិកតា។

លោកបានបន្ថែមថា៖ «ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស គ.ជ.គ.ម. បន្តចុះពិនិត្យស្ថានភាពទឹកជំនន់ដែលប៉ះពាល់ខ្លាំងជាងគេក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប ខណៈរដ្ឋបាលខេត្តមានភាពម្ចាស់ការក្នុងការដោះស្រាយ និងជម្លៀសប្រជាពលរដ្ឋ។ យ៉ាងណាមិញ ទឹកទន្លេមេគង្គនៅស្ថានីយសំខាន់ៗភាគច្រើននៅក្រោមកម្រិតប្រុងប្រយ័ត្ន និងមាននិន្នាការស្រកចុះ»។

ដោយឡែក លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា យោងតាមរបាយការណ៍បឋមគិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ គ្រោះទឹកជំនន់បានប៉ះពាល់ដំណាំស្រូវ ៥០ ៦១៤ ហិកតា នៅក្នុងខេត្តចំនួន៨។ យ៉ាងណាមិញ លោកបញ្ជាក់ថា «ផលប៉ះពាល់» មិនមែនមានន័យថាជា «ការខូចខាត» ទាំងស្រុងនោះទេ ហើយជាទូទៅ ទំហំនៃការខូចខាតជាក់ស្តែងតែងតែមានកម្រិតទាបជាងនេះឆ្ងាយ។

លោកបានបន្ថែមថា៖ «បច្ចុប្បន្ន យើងរង់ចាំការវាយតម្លៃការខូចខាតចុងក្រោយឱ្យបានច្បាស់លាស់ ប៉ុន្តែជាគោលការណ៍ យើងតែងត្រៀមពូជស្រូវរួចជាស្រេច ដើម្បីជួយកសិករស្តារការដាំដុះឡើងវិញ ក្នុងលក្ខខណ្ឌដែលមានប្រភពទឹកគ្រប់គ្រាន់»។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់អះអាងថា ទោះបីគ្រោះទឹកជំនន់នេះបង្កការលំបាកដល់កសិករមួយចំនួនក្តី ប៉ុន្តែវាមិនបានគំរាមកំហែងដល់សន្តិសុខស្បៀងរបស់ប្រទេសជាតិឡើយ ដ្បិតផ្ទៃដីរងផលប៉ះពាល់មានទំហំតូច បើធៀបនឹងផ្ទៃដីផលិតកម្មស្រូវរដូវវស្សាសរុបជាង ៣ លានហិកតានៅទូទាំងប្រទេស។ យើងនៅតែអាចធានាបាននូវបរិមាណស្រូវអង្ករគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងបម្រើឱ្យការនាំចេញ។

ទោះបីយ៉ាងណាកសិករបានលើកឡើងថា ទោះបីសន្តិសុខស្បៀងថ្នាក់ជាតិមិនគំរាមកំហែង ប៉ុន្តែជីវភាពប្រជាកសិកររងគ្រោះផ្ទាល់នៅតែរង់ចាំការស្ដារឡើងវិញ និងការជួយជ្រោមជ្រែងជាបន្ទាន់ពីគ្រប់ភាគីពាក់ព័ន្ធ ។

អ្នកស្រី មុំ ដែលស្រូវខ្លួនបីរ៉ៃ និង ម្តាយ៣ទៅ៤ហិកតាខូចខាតអស់ បានបន្ថែមថា៖ «ខ្ញុំចង់ឱ្យអាជ្ញាធរជួយផ្តល់ពូជស្រូវ និងស្បៀង អាហារអីក៏បាន ព្រោះម៉ែមិនដែលបានទទួលជំនួយអីផង»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម