ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB បានទម្លាក់ការព្យាកររបស់ខ្លួនលើកំណើនសេដ្ឋកិច្ចកម្ពុជាពី៤,១ភាគរយមកនៅ៣,៩ភាគរយវិញ ដែលឆ្លុះបញ្ចាំងពីសកម្មភាពខ្សោយជាងការរំពឹងទុកក្នុងវិស័យទេសចរណ៍ និងសេវាពាក់ព័ន្ធនានា។ ចំណែកការព្យាកររបស់រដ្ឋាភិបាលក៏មិនសូវខុសគ្នាប៉ុន្មានដែរ និងមានក្ដីកង្វល់រួមលើផលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ ការងារ និងថ្លៃចំណាយប្រចាំថ្ងៃឡើងខ្ពស់។
ការកែសម្រួលរបាយការណ៍ទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ី ខែកញ្ញា ឆ្នាំ២០២៦ បានឆ្លុះបញ្ចាំងពីសកម្មភាពចុះខ្សោយលើវិស័យទេសចរណ៍ ដែលនាំឲ្យប៉ះពាល់ដល់សេវាផ្សេងៗទៀត ប៉ុន្តែថាសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមានកំណើតល្អប្រសើរ៤,៧ភាគរយវិញនៅឆ្នាំ២០២៧ ដោយសារភាពធន់របស់វិស័យឧស្សាហកម្ម ការបន្តនូវពិពិធកម្មនាំចេញ និងការវិនិយោគផ្ទាល់ពីបរទេស។
អ្នកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានលើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «សេដ្ឋកិច្ចកម្ពុជាបន្តបង្ហាញភាពធន់។ កំណើនដ៏រឹងមាំនៃការនាំចេញផលិតផលកម្មន្តសាល និងការបន្តមានលំហូរចូលទុនពីបរទេស កំពុងជួយប៉ះប៉ូវបញ្ហាប្រឈមក្នុងវិស័យទេសចរណ៍។ កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនសមត្ថភាពប្រកួតប្រជែង ការគាំទ្រគ្រួសារងាយរងគ្រោះ ក៏ដូចជាការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ មានសារសំខាន់ណាស់ក្នុងការទ្រទ្រង់កំណើនប្រកបដោយបរិយាប័ន្ន»។
បើតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ការនាំចេញផលិតផលវាយនភ័ណ្ឌគិតក្នុងរយៈពេលដូចគ្នា បានកើនឡើង៦,៣ភាគរយ ដោយគិតជាទឹកប្រាក់បានពីការនាំចេញមានចំនួន៨ពាន់លានដុល្លារគិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ខណៈការនាំចេញផលិតផលកម្មន្តសាលផ្សេងទៀតបានកើនឡើង៣៨,៤ភាគរយ គិតជាទឹកប្រាក់មានចំនួន៦,៧ពាន់លានដុល្លារ។ កំណើននេះបានឆ្លុះបញ្ចាំងពីការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ឋលើផលិតផលមានតម្លៃខ្ពស់ រួមមានផលិតផលឈើ គ្រឿងអេឡិចត្រូនិច គ្រឿងបន្លាស់រថយន្ត និងសម្បកកង់យានយន្ត។ សហរដ្ឋអាមេរិក និងអ៊ឺរ៉ុបនៅតែជាទីផ្សារធំបំផុតរបស់ទំនិញកម្ពុជា។
ទោះយ៉ាងនេះក្ដី សកម្មភាពចុះខ្សោយរបស់វិស័យទេសចរណ៍ត្រូវគេរំពឹងថា បាននាំឲ្យប៉ះពាល់ដល់កំណើនរបស់សេវាផ្សេងៗទៀត។ ភ្ញៀវទេសចរអន្តរជាតិធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នៅក្នុងឆមាសទី១ឆ្នាំ២០២៦ បានធ្លាក់ចុះ៤៧,៩ភាគរយ ឬចំនួនភ្ញៀវបរទេសមានត្រឹម១,៨លាននាក់។
ទន្ទឹមនឹងនេះ វិស័យផ្សេងទៀតដូចជាវិស័យកសិកម្មក៏ត្រូវបានរំពឹងទុកថា បានចូលរួមក្នុងកម្រិតគួរសមក្នុងកំណើនសេដ្ឋកិច្ច តាមរយៈតម្រូវការនាំចេញផលិតផលគ្រាប់ស្វាយចន្ទី ដំឡូងមី និងអង្ករ។ ប៉ុន្តែ ADB បាននិយាយថា ហានិភ័យលើវិស័យកសិកម្មនៅតែមាន រួមមានបញ្ហាអាកាសធាតុដែលរំខានដោយបាតុភូតអ៊ែនីញ៉ូ នៅចុងឆ្នាំ២០២៦ និងដើមឆ្នាំ២០២៧។
ដូចគ្នាដែរ ADB ក៏បានព្យាករពីកម្រិតអតិផរណាដែរ ដោយយោងទៅលើតម្លៃប្រេងឥន្ធនៈខ្ពស់នៅលើទីផ្សាសកល និងការកើនឡើងតម្លៃនាំចូល។ បើតាមការព្យាកររបស់ ADB អតិផរណានៅឆ្នាំ២០២៦ មាន៤,៧ភាគរយ និងនៅឆ្នាំ២០២៧ មាន២,៨ភាគរយ ដោយសារវិធានការបន្ថូរបន្ថយពន្ធលើប្រេងឥន្ធនៈ និងតម្លៃប្រាក់រៀលដែលជាទូទៅមានស្ថិរភាព ជួយបន្ថូរបន្ថយសម្ពាធថ្លៃទំនិញ។
សម្រាប់គោលនយោបាយសារពើពន្ធ ក៏ត្រូវរំពឹងទុកថា នៅតែផ្ដល់ការគាំទ្រច្រើន ដោយរដ្ឋចំណាយលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងការគាំពារសង្គម ក្រោមកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយរបស់រដ្ឋាភិបាលក្នុងការជួយរក្សាស្ថិរភាពសកម្មភាពសេដ្ឋកិច្ច។ ADB បន្ថែមថាការបន្តមានលំហូរចូលវិនិយោគផ្ទាល់ពីបរទេសក៏នឹងជួយគាំទ្រដល់ស្ថានភាពហិរញ្ញវត្ថុកម្ពុជា និងទុនបម្រុងបរទេស។
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច ប្រាប់សារព័ត៌មានខេមបូចាថា រដ្ឋាភិបាល «មិនបានមើលឃើញថា (ការព្យាកររបស់ ADB ) មានភាពខុសគ្នាខ្លាំង» ពីអ្វីដែលរដ្ឋាភិបាលបានព្យាករទុកនោះដែរ។ លោកឲ្យដឹងថា រដ្ឋាភិបាលបានតាមដានយ៉ាងយកចិត្តទុកដាក់លើការអភិវឌ្ឍគ្រប់វិស័យ តាំងពីវិស័យទេសចរណ៍ ដល់វិស័យឧស្សាហកម្ម។
កម្ពុជារំពឹងថា សេដ្ឋកិច្ចរបស់ខ្លួននឹងមានកំណើនប្រហែល៤,១ភាគរយក្នុងឆ្នាំ២០២៦។
អ្នកនាំពាក្យដដែលបន្តថា កង្វល់ធំរបស់រដ្ឋាភិបាលមិនមែនមានត្រឹមតែជាកំណើនលើតួលេខនោះទេ ប៉ុន្តែគឺ «ជាភាពជាក់ស្ដែង» ដែលមានឥទ្ធិពលលើការងារ ជីវភាពប្រជាពលរដ្ឋ តម្លៃទំនិញ តម្លៃថាមពល និងការនៅដំណើរការទៅបានរបស់អាជីវកម្ម។
លោកបន្ថែមថា៖ «រដ្ឋាភិបាលបានកំណត់ហានិភ័យទាំងនេះរួចហើយ និងបានដាក់ចេញនូវវិធានាការអន្តរាគមន៍មួយចំនួន…វិធានការទាំងនោះរួមមានការបន្ថូរបន្ថយបន្ទុកពន្ធលើប្រេងឥន្ធនៈ ការបញ្ចុះតម្លៃប្រេងឥន្ធនៈ ការបញ្ចុះអាករពិសេសលើតម្លៃប្រេង និងពន្ធពាក់ព័ន្ធជាក់លាក់មួយចំនួនទៀត ព្រមជាមួយវិធានការជួយបញ្ចុះតម្លៃលើថ្លៃរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ»។
រដ្ឋាភិបាលក៏បានដាក់ឲ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» កាលពីដើមខែនេះ ដោយគ្រោងនឹងចំណាយថវិកាជាង១,២ពាន់លានដុល្លារ ដើម្បីរក្សាស្ថិរភាពជីវភាពប្រជាជន និងពង្រឹងសេដ្ឋកិច្ចជាតិ និងភាពធន់របស់សង្គមក្នុងរយៈពេលខ្លី និងមធ្យម។
កាលពីខែសីហារដ្ឋាភិបាលបានដាក់ចេញកម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាលំនឹងសេដ្ឋកិច្ច ដោយមានការគាំទ្រហិរញ្ញវត្ថុពីធនាគារអភិវឌ្ឍន៍អាស៊ីក្នុងទំហំទឹកប្រាក់២៥០លានដុល្លារ ដើម្បីគាំទ្រដល់ស្ថិរភាពសេដ្ឋកិច្ច កាត់បន្ថយផលប៉ះពាល់ដោយសារប្រេងឥន្ធនៈឡើងថ្លៃ ជំនួយសម្រាប់គ្រួសារងាយរងគ្រោះ និងគាំទ្រដល់ការផ្លាស់ប្ដូបៃតង។
ក្នុងសប្ដាហ៍នេះ រដ្ឋាភិបាលបានចាប់ផ្ដើមផ្ដល់ប្រាក់ទៅកាន់គ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ និងគ្រួសារស្ថិតក្នុងហានិភ័យរងគ្រោះខ្ពស់ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីជួយសម្រាលបន្ទុកបញ្ហាប្រេង និងឧស្ម័នឡើងថ្លៃ។ រដ្ឋាភិបាលក៏បានបន្ថែមថវិកាចាប់ពី៤ម៉ឺនទៅ៦ម៉ឺនរៀលសម្រាប់មួយគ្រួសារ បូកបន្ថែម៥០០០រៀលសម្រាប់សមាជិកគ្រួសារម្នាក់អាស្រ័យលើទីតាំងដែលអ្នកទាំងនោះកំពុងរស់នៅ។ ការផ្ដល់ថវិកានេះនឹងធ្វើឡើងចំនួនបួនដង រហូតដល់ខែធ្នូ ឆ្នាំ២០២៦។
ជាមួយគ្នានេះដែរ លោក មាស សុខសេនសាន ឲ្យដឹងទៀតថា រដ្ឋាភិបាលក៏បានចាត់ទុកវិស័យទេសចរណ៍ថាជាបញ្ហាបន្ទាន់ ព្រោះថាវាបានជះឥទ្ធិពលខ្លាំងលើសណ្ឋាគារ ភោជនីយដ្ឋាន រហូតដល់វិស័យអាកាសចរណ៍ ដឹកជញ្ជូន ពាណិជ្ជកម្ម ការលក់រាយ និងឱកាសការងារ។
លោកបន្តថា៖ «បច្ចុប្បន្ននេះ យើងមានទាំងយន្តការ និងដំណោះស្រាយជាក់លាក់រួចហើយ…រដ្ឋាភិបាលមិនផ្ដោតតែលើការទាក់ទាញទេសចរឲ្យបានច្រើននោះទេ ប៉ុន្តែលើខ្សែច្រវាក់សេដ្ឋកិច្ចទាំងមូលដែលទាក់ទងនឹងទេសចរណ៍។ លោកនាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខ្លាំងលើការវិនិយោគក្នុងវិស័យទេសចរណ៍»។
លោកបន្ថែមថា វិធានការណ៍ទាំងនោះរួមមានការផ្សព្វផ្សាយពាណិជ្ជកម្ម ពង្រឹងជើងហោះហើរ សម្របសម្រួលការធ្វើដំណើរ វិនិយោគលើផលិតផលទេសចរណ៍ថ្មីៗ និងគាំទ្រដល់អាជីវកម្ម និងសហគមន៍ដែលពឹងផ្អែកលើវិស័យទេសចរណ៍។
លោក គី សេរីវឌ្ឍន៍ អ្នកសេដ្ឋកិច្ចប្រចាំរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា កំណើតសេដ្ឋកិច្ចក្នុងរង្វង់៤ភាគរយគឺភាគច្រើនពឹងលើការនាំចេញ ជាពិសេសវិស័យកាត់ដេរ។ យ៉ាងណាលោកថា កំណើនសម្រាប់អាជីវករក្នុងស្រុក និងប្រជាពលរដ្ឋហាក់នៅទ្រឹង ជាពិសេសអ្នកលក់រាយ លក់ដុំ និងអ្នកផ្ដល់សេវាកម្ម។
លោកបន្ថែមថា៖ «ក្នុងស្ថានភាពនេះ អ្នកដែលប៉ះពាល់ខ្លាំងជាងគេគឺប្រជាពលរដ្ឋដែលជាអាជីវករក្នុងស្រុក…ទីពីរ គឺអ្នកនាំចូល ខណៈទីផ្សារក្នុងស្រុករបស់កម្ពុជាកំពុងជួបការលំបាក»៕










