នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃអាទិត្យ បានអំពាវនាវឱ្យអ្នកប្រើប្រាស់កម្មវិធី Telegram លើប្រព័ន្ធប្រតិបត្តិការ Android ធ្វើបច្ចុប្បន្នភាពកម្មវិធីនេះជាបន្ទាន់ បន្ទាប់ពីអ្នកជំនាញបានរកឃើញចន្លោះប្រហោងផ្នែកសុវត្ថិភាពមួយ ដែលអាចឱ្យក្រុមចោរព័ត៌មានវិទ្យាលួចចូលគ្រប់គ្រងគណនីរបស់អ្នកប្រើប្រាស់តាមរយៈការហៅជាសំឡេង។
នៅក្នុងសារបង្ហោះលើទំព័រហ្វេសប៊ុក នាយកដ្ឋាននេះបានបញ្ជាក់ថា អ្នកប្រើប្រាស់កម្មវិធី Telegram សម្រាប់ប្រព័ន្ធ Android ប្រើកំណែ 12.x.x ប្រឈមនឹងហានិភ័យខ្ពស់ជាងគេ ហើយបានណែនាំឱ្យធ្វើបច្ចុប្បន្នភាពទៅកាន់កំណែ 12.10.4 ឬកំណែថ្មីជាងនេះ។
ភាពងាយរងគ្រោះនេះ បានបង្កការព្រួយបារម្ភដល់អ្នកជំនាញសន្តិសុខឌីជីថលអំពីហានិភ័យដែលអាចកើតមានចំពោះអ្នកប្រើប្រាស់។
លោក ជី សុផាត អ្នកជំនាញផ្នែកបច្ចេកវិទ្យា បានលើកឡើងថា៖ «ប្រសិនបើជនខិលខូចហ្នឹងវាយប្រហារបានជោគជ័យ កត្តាហានិភ័យមួយចំនួនសម្រាប់អ្នកប្រើប្រាស់ Android ដូចជាការជ្រៀតចូលទៅប្រើប្រាស់ទិន្នន័យ ដូចជារូបភាព សំឡេង ឯកសារ ដែលជាប់ពាក់ព័ន្ធជាមួយនឹងទូរស័ព្ទដៃ ឬក៏ permission ដែលទាក់ទងជាមួយនឹងទូរស័ព្ទដៃ Android»។
លោកបានបន្ថែមថា ការវាយប្រហារនេះជា«ការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យាកម្រិតខ្ពស់» ដែលកើតចេញពី«ចន្លោះប្រហោងផ្នែកសុវត្ថិភាព»នៅក្នុងកម្មវិធី Telegram។ លោកបានណែនាំឱ្យអ្នកប្រើប្រាស់ការពារខ្លួនដោយធ្វើបច្ចុប្បន្នភាពកម្មវិធី Telegram ទៅកាន់កំណែចុងក្រោយបំផុត និងកែសម្រួលការកំណត់ឯកជនភាព ដើម្បីទប់ស្កាត់ការហៅចូលពីក្រុមចោរព័ត៌មានវិទ្យាទាំងនោះ។
លោកក៏បានអំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ដោយមានការចូលរួមពីស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ ប្រតិបត្តិករទូរគមនាគមន៍ និងក្រុមហ៊ុនបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងចាត់វិធានការដោះស្រាយការគំរាមកំហែងដែលអាចកើតមាននេះ។
លោក សុផាត បានមានប្រសាសន៍ថា៖ «មិនមែនក្រសួង តែមួយទេ ក្រសួង អន្តរក្រសួង ព្រោះជាធម្មតា អ្នកប្រើប្រាស់ Telegram មានចំនួនច្រើន។ ខ្ញុំមិនមានទិន្នន័យជាក់លាក់ទេ ប៉ុន្តែដឹងថាមានចំនួនច្រើន អ៊ីចឹងគ្រប់ក្រសួងដែលគាត់ធ្វើការងាររឿងបច្ចេកវិទ្យាទាំងអស់ គួរតែជូនដំណឹង ហើយក្រុមហ៊ុនផ្សេងៗ ដូចជា Telecom ក៏គួរតែជាផ្នែកមួយក្នុងការផ្សព្វផ្សាយរឿងនេះដែរ»។
លោកក៏បានជំរុញឱ្យអាជ្ញាធរសហការជាមួយក្រុមហ៊ុន Telegram ដើម្បីវាយតម្លៃទំហំនៃការខូចខាតដែលអាចកើតមាន និងកំណត់វិធានការសមស្របក្នុងការដោះស្រាយចន្លោះប្រហោងផ្នែកសុវត្ថិភាពនេះ។
ទោះយ៉ាងណាក៏ដោយ លោកបានលើកឡើងថា៖ «កម្រិតណា [ការសហការ] ខ្ញុំអត់ដឹងទេ ព្រោះអានេះ គឺជាសមត្ថកិច្ចដែលរដ្ឋគេជាអ្នកដឹងឮ និងសម្រេចជាមួយនឹងម្ចាស់ platform»។
យោងតាមអ្នកជំនាញផ្នែកយុទ្ធសាស្ត្រនវានុវត្តន៍ឌីជីថល YCP ប្រចាំប្រទេសកម្ពុជា កម្មវិធី Telegram ជាវេទិកាទំនាក់ទំនងមួយក្នុងចំណោមវេទិកាដែលមានអ្នកប្រើប្រាស់ច្រើនបំផុតនៅកម្ពុជា ដោយមានអ្នកប្រើប្រាស់ប្រមាណ ៤ លាននាក់ក្នុងឆ្នាំ២០២៤។ វេទិកានេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយទាំងក្នុងទំនាក់ទំនងផ្ទាល់ខ្លួន និងការងារអាជីវកម្ម។
ដោយសារការប្រើប្រាស់វេទិកានេះមានទំហំធំ អ្នកប្រើប្រាស់នៅកម្ពុជានៅតែប្រឈមនឹងហានិភ័យនៃការឆបោកតាមប្រព័ន្ធអនឡាញ ដោយសារកម្រិតចំណេះដឹងផ្នែកឌីជីថលនៅមានកម្រិត។ យោងតាមអង្គការយូណេស្កូ មានប្រជាជនកម្ពុជាត្រឹមតែ ៣២ ភាគរយប៉ុណ្ណោះ ដែលមានជំនាញមូលដ្ឋានផ្នែកចំណេះដឹងឌីជីថល។
កម្មវិធី Telegram ក៏បានប្រឈមនឹងការព្រួយបារម្ភជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការក្លែងបន្លំអត្តសញ្ញាណ ដោយជនឆបោកតែងតែក្លែងខ្លួនជាមន្ត្រីជាន់ខ្ពស់ និងឥស្សរជនល្បីៗ ដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់ និងបង្កឱ្យមានការខាតបង់ថវិកាថែមទៀតផង។
នៅក្នុងឆ្នាំនេះ អ្នកប្រើប្រាស់ក៏បានប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងពីការឆបោកដែលប្រើប្រាស់កម្មវិធីដែលមានមេរោគដែលត្រូវបានបង្កើតឡើងដើម្បីលួចយកព័ត៌មាន និងទិន្នន័យផ្ទាល់ខ្លួនតាមរយៈកម្មវិធីបន្ថែមក្លែងក្លាយ។
នៅពាក់កណ្តាលឆ្នាំនេះ តាមរយៈការពិនិត្យលើមតិយោបល់ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្នុងចន្លោះខែមករា ដល់ខែមិថុនា សារព័ត៌មានខេមបូចាបានរកឃើញពាក្យបណ្តឹងរាប់រយពីអ្នកប្រើប្រាស់ ដែលរាយការណ៍អំពីការខាតបង់ថវិកាដែលពាក់ព័ន្ធនឹងកម្ចីអនឡាញក្លែងក្លាយ ជនឆបោកក្លែងខ្លួនជាបុគ្គលិកធនាគារ គណនី Telegram ត្រូវបានគេលួចគ្រប់គ្រង និងអាជីវកម្មអនឡាញក្លែងក្លាយជាដើម។
អ្នកប្រើប្រាស់ជាច្រើនបានបង្ហាញការមិនពេញចិត្តចំពោះនីតិវិធីដាក់ពាក្យបណ្តឹងដែលចំណាយពេលយូរ និងការខ្វះខាតព័ត៌មានជូនដំណឹងពីដំណើរការដោះស្រាយ បើទោះបីជាពួកគេបានផ្តល់ព័ត៌មានដែលអាចជួយអាជ្ញាធរកំណត់អត្តសញ្ញាណអ្នកប្រព្រឹត្តបទល្មើសក៏ដោយ។
យោងតាមទិន្នន័យរបស់ក្រសួងមហាផ្ទៃ ប្រជាជនកម្ពុជាបានខាតបង់ប្រាក់ជាង ៤៥ លានដុល្លារ ដោយសារការឆបោកតាមប្រព័ន្ធអនឡាញដែលកំណត់គោលដៅលើជនរងគ្រោះក្នុងស្រុកក្នុងឆ្នាំ២០២៥ ខណៈអាជ្ញាធរអាចប្រមូលមកវិញបានតិចជាង ២០លានដុល្លារ។
លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មានខេមបូចាទេរហូតដល់ពេលចេញផ្សាយនេះ៕









