សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អ្នកជំនាញថា ការផុសរូបល្បែងស៊ីសងពេលបុណ្យទានធ្វើឱ្យបាត់បង់តម្លៃប្រពៃណី និងខុសច្បាប់

អ្នកលេងបណ្ដាញសង្គមថតបង្ហោះរូបភាពសន្លឹកបៀ និងក្រដាសប្រាក់រៀលកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ។ រូបភាពបានមកពីការបង្ហោះលើបណ្ដាញសង្គមInstagram។
អ្នកលេងបណ្ដាញសង្គមថតបង្ហោះរូបភាពសន្លឹកបៀ និងក្រដាសប្រាក់រៀលកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ។ រូបភាពបានមកពីការបង្ហោះលើបណ្ដាញសង្គមInstagram។

ការបង្ហោះរូបភាព ឬវីដេអូពាក់ព័ន្ធនឹងការលេងល្បែងស៊ីសងដូចជាការលេងបៀ នៅលើបណ្ដាញសង្គមក្នុងរដូវបុណ្យទាន ត្រូវបានអ្នកជំនាញសង្គម និងអ្នកពាក់ព័ន្ធចាត់ទុកថាជារឿងខុសច្បាប់។ ទង្វើនេះមិនត្រឹមតែប៉ះពាល់ដល់ខ្លួនឯង និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជះឥទ្ធិពលអវិជ្ជមានដល់ក្មេងៗ និងធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃពិធីបុណ្យប្រពៃណីជាតិ។

ការលើកឡើងទាំងនេះ ធ្វើឡើងបន្ទាប់ពីគេឃើញមានការបង្ហោះជាច្រើនទាក់ទងនឹងរូបភាពសន្លឹកបៀ និងមានការដាក់លុយ រៀងរាល់ឱកាសបុណ្យឈប់សម្រាកធំៗដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ រួមទាំងបុណ្យមួយចំនួនទៀត។

លោក ឆឹង ចន្ថា ទីប្រឹក្សាគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បញ្ជាក់ប្រាប់​សារព័ត៌មាន​ខេមបូចា​ថា នៅលើឌីជីថលគឺមិនអាចគ្រប់គ្រងបាន ហើយជាយន្តការរបស់រដ្ឋាភិបាលក៏មិនអនុញ្ញាតទាក់ទងនឹងការបង្ហោះរឿងល្បែងនេះដែរ។

លោកនិយាយថា ការបង្ហោះរូបភាពល្បែងជាបទល្មើសខុសច្បាប់ ព្រោះមិនអាចអនុញ្ញាតឱ្យមានការផ្សាយទាក់ទងនឹងល្បែងនេះទេ ការធ្វើបែបនេះគឺខុស ហើយនេះក៏មិនមែនជារឿងធម្មតានោះដែរ។

លោកបន្ថែមថា៖ «ទីមួយ ត្រូវបិទសិនដោយធ្វើសំណើទៅក្រសួង បុស្តិ៍ ហើយយើងចាប់ផ្ដើមចាត់វិធានការធ្វើការជាមួយសមត្ថកិច្ចដែលពាក់ព័ន្ធ ដើម្បីស្វែងរកបុគ្គលដែលផុសហ្នឹង ឬក្រុមហ៊ុនណាដែលអនុញ្ញាតឱ្យផុសហ្នឹង ដើម្បីចាត់វិធានការតាមច្បាប់ គឺយើងធ្វើរហូត»។

លោកឱ្យដឹងថា កន្លងមកគឺមានការផ្សព្វផ្សាយជាច្រើនប្រភេទទាក់ទងនឹងការលេងល្បែងស៊ីសងនេះ ទៅកាន់អ្នកប្រើប្រាស់ ដោយមានតាមរយៈការផ្ញើសារតាមប្រព័ន្ធទូរសព្ទ ផ្ញើសារសម្លេងនៅក្នុងការហៅទូរសព្ទ មានវីដេអូអប់រំ ប៉ុន្តែនៅមានការលេងល្បែងនេះជាបន្តបន្ទាប់ រួមទាំងមានការបង្ហោះជាសារធារណៈជាច្រើន។

អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកឃ្លាំមើលសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង លើកឡើងថា ការបង្ហោះរូបភាពល្បែងស៊ីសងគ្រប់ប្រភេទលើបណ្ដាញសង្គមជារឿងមិនត្រឹមត្រូវ។​ លោកបានភ្ជាប់នឹងសង្គមថា ល្បែងស៊ីសងជាអបាយមុខមួយក្នុងចំណោមអបាយមុខដទៃទៀត ហើយល្បែងនេះទៀតសោតជារឿងដែលធ្វើឱ្យមនុស្សវិនាស ញៀន អស់ទ្រព្យសម្បត្តិ មានបញ្ហាផ្លូវអារម្មណ៍ ខូចចិត្ត និងឈានដល់ការលួចឆក់ប្លន់។

លោកសង្កេតឃើញថា៖ «ការបង្ហាញដែលអាចទាក់ទាញការចាប់អារម្មណ៍ គឺនៅពេលរដូវបុណ្យទានម្ដងៗ ពេលរដូវបុណ្យទានមនុស្សទំនេរចឹងគាត់អាចលេងបណ្ដាញសង្គម ហើយមានការមើលច្រើន។ លោកថា​ នៅពេលមានការផ្សាយច្រើនគ្មានការរារាំង គ្មានការទប់ស្កាត់ គ្មានការបកស្រាយ មនុស្សយល់ថាជារឿងធម្មតា ហើយក៏ចេះតែធ្វើតៗគ្នា»។

លោកបន្តថា៖ «នៅក្នុងសង្គមមួយមានសីលធម៌ មានច្បាប់​ ប៉ុន្តែសីលធម៌អាចអនុវត្តទៅបានសម្រាប់តែមនុស្សគោរពច្បាប់សីលធម៌ ដឹងខុសដឹងត្រូវ ដឺងអ្វីគួរធ្វើដឹងអ្វីមិនគួរធ្វើទើបមានប្រសិទ្ធភាព ប៉ុន្តែបើសម្រាប់មនុស្សដែលមិនយកសីលធម៌ យកនិយាមសង្គមជាច្បាប់ទេទាល់តែយកច្បាប់រដ្ឋយកមករារាំងគាត់»។

លោកបានពន្យល់ពាក់ព័ន្ធនឹងការបង្ហាះរូបភាពល្បែងស៊ីសងនេះដដែលថា​ ប្រទេសយើងមានវប្បធម៌ ប្រពៃណីល្អផូផង់ ប៉ុន្តែនៅពេលមានការបង្ហោះផ្សេងៗទាក់ទងនឹងល្បែងស៊ីសងលើបណ្ដាញសង្គមច្រើន នោះនឹងធ្វើឱ្យគេយល់ថា​ រាល់ពេលមានបុណ្យឈប់សម្រាកប្រជាពលរដ្ឋ តែងលេងល្បែងស៊ីសង ដែលធ្វើឱ្យបាត់បង់តម្លៃនៃពិធីបុណ្យប្រពៃណីជាតិខ្មែរផងដែរ ។

លោកមេធាវី សុក សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទា​ លើកឡើងថា ការបង្ហាញរូបភាពសន្លឹកបៀ លេងបៀ គឺមិនទាន់មានទោសបទល្មើសអ្វីនោះទេ លុះត្រាតែដាក់លុយទើបបានក្លាយជាការលេងល្បែងស៊ីសង។ ដូច្នេះ ត្រូវមើលថា រូបភាព ឬវីដេអូទាំងអស់នោះមានបង្ហាញពីការស៊ីសងលុយកាក់ក្នុងការលេងបៀដែរឬអត់។

លោកគិតថា ចំពោះបញ្ហានេះក្រសួង ឬអង្គការសង្គមគួរតែអប់រំកុំឱ្យប្រជាពលរដ្ឋមានការបង្ហាញរូបភាពលេងបៀទាំងអស់ហ្នឹង។ លោកយល់ថា ៖ «ការបង្ហាញបែបហ្នឹងហាក់បីដូចជាបង្រៀនក្មេងឱ្យចេះលេងល្បែងទាំងអស់នោះ ហើយបន្ទាប់ពីការលេងល្បែងលេងៗវាអាចក្លាយទៅជាការលេងល្បែងស៊ីសងវិញ ដូច្នេះគួរតែអប់រំកុំឱ្យមានការបង្ហោះបែបហ្នឹង»។

លោកមេធាវីរូបនេះបានឱ្យដឹងបន្ថែមថា បើសិនជាសង្គមយល់ថាអំពើខាងលើជាអំពើមិនល្អ ជាអំពើដែលអប់រំក្មេងឱ្យញៀនល្បែង គួរតែធ្វើច្បាប់ដាក់ទោសពួកគេ ប៉ុន្តែអំពើទាំងអស់នេះ មិនមែនជាអំពើដែលមានលក្ខណៈយង់ឃ្នង់អ្វីនោះទេ។ ដូច្នេះគ្រាន់តែអប់រំ និងដាក់ទោសអ្នកប្រព្រឹត្តិនោះដោយពិន័យជាប្រាក់។

កញ្ញា ឈាន លីហ្សា និស្សិតឆ្នាំទី៤នៃជំនាញទំនាក់ទំនងអន្តរជាតិ បានចែករំលែកថា កន្លងមកកញ្ញាបានឃើញគេបង្ហោះរូបភាពទាក់ទងនឹងការលេងបៀនេះច្រើន ជាពិសេសនៅលើបណ្ដាញសង្គមហ្វេសប៊ុក រាល់ពេលមានពិធីបុណ្យឈប់សម្រាកធំៗដូចជាពិធីបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ និងបុណ្យមួយចំនួនទៀត ដែលអាចឱ្យពួកគេបានជួបជុំគ្នា គឺតែងមានការលេងបៀ ហើយថតបង្ហោះក្នុងបណ្ដាញសង្គមជាសាធារណៈ។

យុវតីរូបនេះបានរំលឹកថា៖ «ពីមុនខ្ញុំគិតថាគ្រាន់តែជារឿងធម្មតា តែឥលូវនៅពេលដែលយើងគិតឱ្យបានស៊ីជម្រៅទៅ យើងគិតថាអាការដែលផុសរូបភាពហ្នឹងទៅលើបណ្ដាញសង្គម វាជះឥទ្ធិពលខ្លាំងមែនទែនទៅលើអ្នកដែលតាមដានបណ្ដាញសង្គមរបស់ពួកគាត់»។

កញ្ញាបន្តថា៖ «ជាធម្មតានៅពេលយើងបង្ហោះអីមួយទៅអ្នកដែលតាមដានយើងហ្នឹងគឺតែងតែមើលឃើញពីទង្វើដែលយើងធ្វើ។ […] យើងដឹងហើយក្នុងប្រទេសយើងគេមិនឱ្យលេងល្បែងស៊ីសងទេ ប៉ុន្តែនៅពេលដែលយើងលេងហើយយើងបែរជាបង្ហោះវាទៅជាសាធារណៈ​ទៀត វាអាចជារឿងមួយដែលខុសច្បាប់​ និងក៏អាចជះឥទ្ធិពលដល់ក្មេងៗជំនាន់ក្រោយ»។

លោក សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា ច្បាប់គឺមិនអនុញ្ញាតឱ្យលេងល្បែងនោះទេ រីឯការបង្ហោះរូបភាពល្បែងបើសិនជាមិនពាក់ព័ន្ធជាមួយលុយក៏មិនត្រូវបានហាមឃាត់ ព្រោះថាបើលេងមិនមានពាក់ព័ន្ធជាមួយលុយនោះក៏មិនមែនជាល្បែងស៊ីសងដែរ។

លោកបានបញ្ជាក់ថា៖ «ពាក់ព័ន្ធជាមួយល្បែងស៊ីសង មិនមែនខាងខ្ញុំជាអ្នកគ្រប់គ្រងខាងការងារល្បែងទេ ព្រោះថា បើមានបទល្មើសជាមួយល្បែងក៏ពួកខ្ញុំទាក់ទងជាមួយនឹងពួកគាត់ដែរ(ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ) ទាក់ទងទៅសួរគាត់អាចច្បាស់ជាង»។


លោកក៏បានបន្តថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏មិនទាន់មានរៀបចំឧបករណ៍ ឬវិធានការណាមួយ ដើម្បីចាប់ទៅលើបុគ្គលណាដែលបង្ហោះរូបភាពទាក់ទងនឹងល្បែងស៊ីសងនៅលើបណ្ដាញសង្គមនៅឡើយ។

មកទល់ពេលនេះ សារព័ត៌មានខេមបូចា នៅមិនអាចទាក់ទងសុំការបកស្រាយពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បាននោះឡើយ ដោយទាក់ទងតាមលេខទូរសព្ទ និងតេឡេក្រាម​មិនមានការឆ្លើយតប។

យោងតាម ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ឆ្នាំ១៩៩៦ មាត្រា ១ ត្រួវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា លើកលែងតែទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ។ ក្នុងករណីមានការបើកកន្លែងលេងល្បែងស៊ីសងគ្រប់ប្រភេទដោយខុសច្បាប់ ឬគ្មានការអនុញ្ញាតពីរាជរដ្ឋាភិបាល នោះការចុះទៅបង្ក្រាប និងការទប់ស្តាត់ ជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

ចំពោះអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់ នឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយម៉ឺនរៀល ដល់ប្រាំម៉ឺនរៀល ឬដាក់ពន្ធនាគារពី ១សបា្តហ៍ ដល់ ១ខែ។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទា​ទោស​ពិន័យជាប្រាក់ពី ប្រាំម៉ឺនរៀល ដល់ប្រាំសែនរៀល និងដាក់ពន្ធនាគារពី ១ខែ ដល់ ១ឆ្នាំ​។

សូមជម្រាបថា ការបង្ក្រាប និងការទប់ស្តាត់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងប្រទេសកម្ពុជា ជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ។ ចំណែកឯ អ្នកលេងល្បែងស៊ីសង អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង នឹងត្រូវទទួលខុសត្រូវជាទោសពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម