ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងធម្មការ និងក្រសួងវប្បធម៌ រួមគ្នាបង្កើតក្រឹត្យក្រមរួមមួយ ដើម្បីការពារវប្បធម៌ប្រពៃណីខ្មែរ កុំឱ្យប្រែក្លាយហួសហេតុខុសពីទម្រង់ដើម និងចៀសវាងការចម្លងវប្បធម៌បរទេសមកអនុវត្តដោយសារការភាន់ច្រឡំ។
លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស លើកទី១១ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។
លោកនាយករដ្ឋមន្ត្រី កត់សម្គាល់ឃើញថា ទំនៀមទម្លាប់ប្រពៃណីខ្មែរមានការវិវត្ត ឬប្រែក្លាយពីមួយជំនាន់ទៅមួយជំនាន់ ទាំងពិធីមង្គលការ និងពិធីសាសនាផ្សេងៗ។ លោកបារម្ភថា ការប្រែក្លាយនោះអាចប្រាសចាកពីទំនៀមទម្លាប់វប្បធម៌ខ្មែរ ដែលនាំឱ្យបាត់អត្តសញ្ញាណជាតិ ខណៈទំនៀមទម្លាប់វប្បធម៌របស់ប្រទេសជិតខាងក៏ស្រដៀងនឹងរបស់ខ្មែរដែរ។ លោកបន្តថា ការប្រែប្រួលទៅតាមការវិវត្តនៃសង្គមជារឿងមិនអាចប្រកែកបាន ក៏ប៉ុន្តែកម្ពុជាត្រូវមានការកំណត់ច្បាស់លាស់ ដើម្បីការពារកុំឱ្យបាត់បង់អត្តសញ្ញាណជាតិខ្មែរ។
លោកបញ្ជាក់ថា៖ «ប្រែប្រួលយ៉ាងណាត្រូវមានក្រឹត្យក្រម ការគ្រប់គ្រងច្បាស់លាស់ កុំឱ្យបាត់អត្តសញ្ញាណជាតិ ហើយជាពិសេសបារម្ភបំផុតគឺការ Copy(ចម្លង)អត្តសញ្ញាណខុស នេះគឺជាបញ្ហា។ សាសនាក៏ដូចគ្នា ប្រយ័ត្នតែក្លាយ។ ដូចពិធីមង្គលការខ្មែរយើងវែង ឃើញ(មង្គលការ)គេដូចខ្លីសោះ ទាញអាស្អីមកដាក់លើក្បាលហ្នឹងទៅ ចប់!»។
លោកជំរុញឱ្យអ្នកពាក់ព័ន្ធធ្វើយ៉ាងណាឱ្យពលរដ្ឋយល់ដឹងពីអ្វីជាអត្តសញ្ញាណខ្មែរ និងអ្វីជាអត្តសញ្ញាណបរទេស ចៀសវាងច្រឡំគ្នា៖ «រឿងប្រពៃណី រឿងសម្លៀកបំពាក់ប្រពៃណីអីយើងស្រដៀងគ្នា អ៊ីចឹងត្រូវបណ្ដុះបណ្ដាល។ ឧទាហរណ៍ថាផ្នួង ត្រូវបង្រៀនគាត់ឱ្យយល់ថា អីជាស្បៃរបស់យើង អីជាស្បៃរបស់អ្នកជិតខាង។ អាបន្តិចៗហ្នឹង ប្រយ័ត្នគាត់អត់ដឹងគាត់ទៅមើល(យូធូប)YouTube ឃើញអាហ្នឹងស្អាតទិញមក ហើយវាថោកទិញមក ចង់មិនចង់ អ្នកជិតខាងគេថាអរគុណណាស់ដែលបានប្រើស្បៃគេ»។
លោកនាយករដ្ឋមន្ត្រីក៏ជំរុញឱ្យក្រសួងធម្មការ ក្រសួងវប្បធម៌ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតរួមគ្នាអភិវឌ្ឍសាសនាព្រះពុទ្ធនៅកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីរក្សាវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ។ បន្ថែមលើនេះ លោក ហ៊ុន ម៉ាណែត ចាត់ទុកថា អាចារ្យជាភាគីសំខាន់មួយក្នុងវិស័យសាសនា ដោយថាគ្រប់កម្មវិធីសាសនាទាំងអស់ពួកគាត់ជាអ្នកចាប់ផ្តើម។ ដូច្នេះលោកជំរុញឱ្យអាចារ្យនៅទូទាំងប្រទេសអនុវត្តវិជ្ជាជីវៈដូចគ្នា ចៀសវាងតំបន់ផ្សេងគ្នា ការអនុវត្តផ្សេងគ្នា។
លោកថ្លែងថា៖ «អាចារ្យដើរតួនាទីសំខាន់នៅក្នុងការថែរក្សាទំនៀមទម្លាប់។ ទំនៀមទម្លាប់មានភាពច្បាស់លាស់ណាស់ ដែលត្រូវបន្តអនុវត្ត ហើយពុទ្ធបរិស័ទអ្នករៀបពិធីគឺជឿអាចារ្យ ព្រោះពេលរៀបពិធីអត់មានព្រះសង្ឈមករៀបទេ ភាគច្រើនគឺអាចារ្យអ្នករៀបមុន»។
លោកបន្តថា៖ «អ្វីដែលខ្ញុំចង់និយាយនោះ គឺថាចាំបាច់ត្រូវមានស្តង់ដារ សង្គតិភាព ព្រោះវប្បធម៌តែមួយ ជាតិតែមួយ ទំនៀមទម្លាប់តែមួយ។ បើក្លាយៗទៅជាមួយគ្នា កុំឱ្យក្លាយ មួយឆ្វេង មួយស្តាំ បកស្រាយខុសគ្នា»។
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ចាយ បូរិន បានលើកឡើងនៅក្នុងកម្មវិធីនោះថា ដើម្បីលុបបំបាត់ការអនុវត្តខុសៗគ្នា និងដោះស្រាយវិបត្តិខ្វះខាតអាចារ្យនៅតាមមូលដ្ឋាន ក្រសួងបានប្រមូលផ្តុំព្រឹទ្ធាចារ្យដែលមានបទពិសោធន៍ជ្រៅជ្រះ មកបើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរបានចំនួន ៥៣វគ្គហើយ ដែលមានសិក្ខាកាមចូលរួមសរុបជាង ១៤ ០០០នាក់ ក្នុងនោះរួមមានទាំងព្រះសង្ឃ និងអាចារិនីផង។ ក្រៅពីនេះ ក្រសួងក៏បានបើកវគ្គបណ្តុះបណ្តាលដូនជីបាន ២វគ្គផងដែរ។
មិនតែប៉ុណ្ណោះ លោកបន្តថា ក្រសួងធម្មការបានបង្កើត«សមាគមសាមគ្គីធម៌អាចារ្យ» កាលពីខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីប្រមូលផ្តុំ និងពង្រឹងការងារនេះឱ្យមានប្រសិទ្ធភាព។ ទោះជាយ៉ាងណា ដោយសារចំនួនអាចារ្យដែលបានបណ្តុះបណ្តាលរួចនៅតែមិនទាន់ឆ្លើយតបគ្រប់គ្រាន់តាមតម្រូវការរបស់ពលរដ្ឋ ដែលតម្រូវឱ្យក្រសួងបន្តបើកវគ្គបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីធានាឱ្យការរៀបចំពិធីសាសនា និងពិធីមង្គលការទូទាំងប្រទេសមានស្តង់ដារ សង្គតិភាព និងឯកភាពគ្នាតាមក្បួនខ្នាតបុរាណ។
លោកថ្លែងថា៖ «[ការបណ្តុះបណ្តាលនេះ] ក្នុងគោលដៅតម្រង់ទិស និងការដឹកនាំរៀបចំសាសនាវិធី និងទម្រង់ជើងការនៃពិធីអាពាហ៍ពិពាហ៍ឱ្យមានលក្ខណៈត្រឹមត្រូវ សុគតភាព […] ស្របតាមក្បួនច្បាប់ដែលបានកំណត់ទុកពីបុរាណរៀងមក និងឱ្យមានការយល់ស្របនូវទម្រង់ប្រតិបត្តិពីតំបន់មួយទៅតំបន់មួយទូទាំងប្រទេស»។

ឆ្លើយតបនឹងសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ុំ ម៉ាប់ បានប្រាប់សារព័ត៌មានខេមបូចាថា ក្រសួងកំពុងខិតខំលើកស្ទួយ និងអភិរក្ស «ស្បៃខ្មែរ» តាមរយៈការបណ្តុះបណ្តាលអ្នកច្នៃម៉ូត និងម្ចាស់សំអាងការ ការចុះផ្សព្វផ្សាយតម្រង់ទិសអាជីវករនៅតំបន់អង្គរ ការចូលរួមពិព័រណ៍អាពាហ៍ពិពាហ៍ និងការស្រាវជ្រាវចងក្រងឯកសារបុរាណដើម្បីកំណត់ប្រភេទ ម៉ូដ និងក្បាច់ស្បៃខ្មែរឱ្យបានច្បាស់លាស់សម្រាប់បោះពុម្ពផ្សាយ។
ទោះជាយ៉ាងណា លោកបញ្ជាក់ថា សម្អាងការមួយចំនួននៅតែបន្តប្រើប្រាស់ស្បៃនាំចូល ឬកែច្នៃពីប្រទេសជិតខាងដើម្បីផលចំណេញ ស្របពេលដែលពលរដ្ឋខ្មែរភាគច្រើនមិនទាន់បែងចែកដាច់រវាងស្បៃខ្មែរពិត និងស្បៃកែច្នៃប្លែកៗនៅឡើយ។
លោកមានប្រសាសន៍ថា៖ «ទោះបីជាក្រសួងវប្បធម៌ បានផ្សព្វផ្សាយ អប់រំ និងបណ្តុះបណ្តាល ពីស្បៃខ្មែរជាច្រើនលើកហើយក៏ដោយ ក៏នៅមានផ្នួងមួយចំនួនផ្តោតលើផលចំណេញ និងតម្រូវការរបស់អតិថិជន ជាជាងការគោរពតាមទម្រង់បុរាណ»។
ម្ចាស់សម្អាងការមួយនៅរាជធានីភ្នំពេញ អ្នកស្រី ស៊ឹម សោភ័ណ្ឌ ទទួលស្គាល់ថា កាលពីចន្លោះឆ្នាំ២០១៩ ដល់២០២០ របស់ប្រើប្រាស់ក្នុងពិធីមង្គលការមួយចំនួនដូចជា ស្បៃ និងសំពត់សឹងនាំចូលពីថៃ ត្រូវ បានប្រើប្រាស់ឡូកឡំខ្លះ ដោយសារមានលក់ច្រើននៅតាមទីផ្សារ និងមានតម្លៃធូរថ្លៃ។ យ៉ាងណាមិញ ម្ចាស់សម្អាងការរូបនេះបញ្ជាក់ថា របស់នាំចូលទាំងនោះប្រើប្រាស់បានរយៈពេលខ្លី និងគុណភាពមិនសូវល្អ បើធៀបនឹងសំពត់ផាមួង និងស្បៃធំរបស់ខ្មែរដែលមានគុណភាពខ្ពស់ និងស្រស់ស្អាតបានយូរ។
បើតាមអ្នកស្រី សោភ័ណ្ឌ គាត់ធ្លាប់ទទួលបានការបណ្តុះបណ្តាលពីក្រសួងវប្បធម៌ ជុំវិញទម្រង់សម្លៀកពាក់របស់ខ្មែរ ដែលធ្វើឱ្យសម្អាងការរបស់គាត់អនុវត្តតាម និងព្យាយាមពន្យល់អតិថិជនឱ្យជ្រើសរើសតែសម្លៀកបំពាក់ប្រពៃណីខ្មែរ។ ជាមួយគ្នានេះ អ្នកស្រីបានសំណូមពរឱ្យក្រសួងបន្តបើកវគ្គបណ្តុះបណ្តាលឱ្យបានទូលំទូលាយដល់គ្រប់ម្ចាស់អាជីវកម្មសម្អាងការទាំងអស់ ដើម្បីចៀសវាងការច្នៃប្រឌិតតាមចិត្ត ដែលនាំឱ្យបាត់បង់អត្តសញ្ញាណជាតិ និងច្រឡំជាមួយវប្បធម៌បរទេស។
អ្នកស្រីបន្ថែមថា៖ «សំណូមពរឱ្យខាងក្រសួង បើកបង្រៀនគ្រប់អាជីវកម្ម គ្រប់សម្អាងការ ឱ្យគាត់យល់ដឹង កុំឱ្យគាត់ចេះតែធ្វើតាមចិត្តគាត់ផ្សេងៗ ខុសៗពីគ្នា។ អ៊ីចឹងវាបែងចែកអត់ច្បាស់ ថាមួយណាជារបស់គេ មួយណាជារបស់យើង ប្រើឡូកឡំគ្នា»។
ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ឈត ប៊ុនថង ពន្យល់ថា ការប្រែប្រួល និងការជះឥទ្ធិពលផ្នែកវប្បធម៌ ប្រពៃណី និងជំនឿសាសនាទៅមករវាងសង្គមមួយ និងសង្គមមួយទៀត គឺជាដំណើរវិវត្តន៍ធម្មជាតិនៃមនុស្ស តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ដោយលោកថាមកពីការពេញចិត្ត ហើយស្ម័គ្រចិត្តយកទាំងស្រុង ឬយកមកកែច្នៃបន្ថែម។
លោកសង្កេតឃើញថា បច្ចុប្បន្ន ប្រពៃណីទំនៀមទម្លាប់ខ្មែរក្នុងមង្គល ពិធីបុណ្យសព និងពិធីផ្សេងៗទៀត ក៏មានការប្រែប្រួលច្រើនដែរ។
លោកមានប្រសាសន៍ថា៖«ដើម្បីរក្សាអត្តសញ្ញាណហ្នឹង ទាល់តែយើងប្រមូលចងក្រង សិក្សាស្រាវជ្រាវ ហើយយកមកផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋយើងដឹង ថាតើឫសគល់នៃវប្បធម៌(បុរាណ)យើងយ៉ាងម៉េច ហើយវាវិវត្តមកដល់ណា ហើយអ្វីខ្លះដែលយើងទទួលឥទ្ធិពលពីបរទេស»។
ក្រសួងវប្បធម៌កាលពីខែកុម្ភៈកន្លងទៅ ធ្លាប់បានអំពាវនាវឱ្យសាធារណជន និងអ្នកច្នៃម៉ូតសម្លៀកបំពាក់ សិក្សាស្រាវជ្រាវពីប្រវត្តិ ទម្រង់ និងបរិបទដើមនៃសម្លៀកបំពាក់ប្រពៃណីឱ្យបានច្បាស់លាស់មុននឹងយកទៅប្រើប្រាស់ជាសាធារណៈ ដើម្បីចៀសវាងការប្រើប្រាស់ដោយខ្វះការយល់ដឹង ដែលអាចបណ្តាលឱ្យប៉ះពាល់ ខូចខាត ឬបាត់បង់តម្លៃបេតិកភណ្ឌជាតិ៕










