អ្នកជំនាញសេដ្ឋកិច្ច ជំរុញឱ្យរដ្ឋាភិបាលប្រើប្រាស់ប្រាក់កម្ចី ២៥០លានដុល្លារពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ប្រកបដោយតម្លាភាព ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ពលរដ្ឋ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ ថែមទាំងបែងចែកថវិកាជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាផងដែរ។
ការជំរុញនេះ ធ្វើឡើងបន្ទាប់ពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីសប្ដាហ៍មុន បានប្រកាស ត្រៀមទម្លាក់ថវិកាកម្ចីចំនួន ៤៥០ លានដុល្លារ ដើម្បីការពារគ្រួសារក្រីក្រ និងពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងស្រីលង្កា ខណៈដែលជម្លោះនៅមជ្ឈិមបូព៌ាកំពុងរុញច្រានតម្លៃទំនិញឱ្យកើនឡើង និងបង្កើនភាពមិនប្រាកដប្រជានៅទូទាំងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច លោក ជ័យ តិច ថ្លែងថា រដ្ឋាភិបាលត្រូវកំណត់លក្ខខណ្ឌពលរដ្ឋក្រីក្រ និងងាយរងហានិភ័យឱ្យបានច្បាស់ កុំតាមរយៈបក្សពួក ដើម្បីទទួលបានប្រសិទ្ធភាពក្នុងការឆ្ពោះទៅអភិវឌ្ឍន៍ជីវភាពពលរដ្ឋពិតប្រាកដ។
លោកក៏បានផ្ដល់យោបល់ដែរថា រដ្ឋាភិបាលគួរប្រើប្រាក់កម្ចីនេះ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងការពង្រឹងអាជីវកម្ម ផ្ដល់ជំនាញបច្ចេកទេសថ្មីៗ និងការអភិវឌ្ឍផ្នែកឌីជីថល ការវេចខ្ចប់ និងការផលិត ដើម្បីឱ្យសហគ្រាសនៅកម្ពុជាអាចផលិតផលិតផលប្រកបដោយគុណភាពខ្ពស់ និងការប្រកួតប្រជែងលើទីផ្សារ។
លោកបានថ្លែងថា៖ «ទាក់ទង SME ជាក្បាលម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា ការគាំទ្រនេះ រំពឹងថា ការទទួលបាននូវហរិញ្ញវត្ថុ ទុន ក្នុងការពង្រឹងអាជីវកម្ម ការផ្ដល់នូវចំណេះជំនាញបច្ចេកទេសថ្មី និងមានភាពកែច្នៃ ក៏ដូចជាអភិវឌ្ឍន៍សមត្ថភាពផ្នែកឌីជីថល ការវេចខ្ចប់ ការផលិត ក៏ដូចជាការផ្សាភ្ជាប់នឹងទីផ្សារជាដើម ដើម្បីឱ្យវិស័យសហគ្រាសធុនតូចនិងមធ្យមរបស់យើងផលិតបាននូវសមត្ថភាពផលិតខ្ពស់ ប្រកបដោយគុណភាពមានការប្រកួតប្រជែងលើទីផ្សារ»។
រីឯអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ស្នើរដ្ឋាភិបាលចៀសវាងប្រើប្រាស់ប្រាក់កម្ចីដ៏ច្រើននេះ ខុសគោលដៅ ព្រោះថវិកាសន្ធឹកសន្ធាប់នេះ គឺពលរដ្ឋជាអ្នកសងត្រឡប់វិញ តាមរយៈការបង់ពន្ធ។
លោកលើកឡើងថា៖ «គោលដៅប្រសិនបើកំណត់យ៉ាងម៉េច គឺសុំប្រើប្រាស់វាឱ្យបានត្រឹមត្រូវ ដើម្បីធ្វើឱ្យផែនការទាំងអស់នោះមានភាពជោគជ័យ ដើម្បីឆ្លើយតបនឹងការកាត់បន្ថយនូវហានិភ័យចំពោះបងប្អូនដែលមានបញ្ហារងគ្រោះអីចឹង»។
ចំណែកអ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាលោក ហុង វណ្ណៈ លើកឡើងថា ប្រសិនបើកម្មវិធីផ្ដល់កម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនេះ ប្រើប្រាស់អ្នកជំនាញបរទេសដែលចំណាយខ្ពស់លើប្រាក់ឈ្នួល និងប្រាក់ឧបត្ថមផ្សេងៗខ្ពស់ពេក នោះនឹងនាំឱ្យសាច់ប្រាក់ចាក់ចូលទីផ្សារកម្ពុជាមានកម្រិត ដែលនាំឱ្យខាតបង់ប្រយោជន៍សេដ្ឋកិច្ច-សង្គម នៅកម្ពុជា។
លោកបានថ្លែងថា៖ «បើសិនយើងអាចប្រើកម្លាំងផ្ទៃក្នុងបាន ឬអ្នកជំនាញហ្នឹងក៏ដោយ ប៉ុន្តែបើគាត់មិនបានបញ្ជូនថវិកាហ្នឹងត្រឡប់ទៅវិញ ប្រយោជន៍សេដ្ឋកិច្ច-សង្គម កម្ពុជា នៅតែទទួលបាន នៅពេលដែលគម្រោងអនុវត្តជាក់ស្ដែង លុយទាំងអស់នឹងសាយភាយទៅគ្រប់អ្នកពាក់ព័ន្ធទាំងអស់នៅក្នុងគម្រោងផែនការ»។
សារព័ត៌មានខេមបូចា មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក មាស សុខសេនសាន បានទេ ដោយទូរសព្ទចូល លោកប្រាប់ថាកំពុងជាប់រវល់។
ពលរដ្ឋបម្រើការងារនៅក្រុមហ៊ុនឯកជនផ្នែកលក់ម៉ាស៊ីនព្រីន (Print) មួយរូប អ្នកស្រី ផាន់ វាសនា លើកឡើងថា ជារៀងរាល់ថ្ងៃការលក់ដូរមានការធ្លាក់ចុះ ដែលនាំឱ្យប្រាក់ឧបត្ថមផ្សេងៗរបស់អ្នកស្រីក៏មានការធ្លាក់ចុះផងដែរ។ ជាមួយគ្នានេះ អ្នកស្រី វាសនា ស្នើឱ្យរដ្ឋាភិបាលគិតគូរលើការកំណត់អត្រាការប្រាក់របស់ធនាគារ ដោយបន្ធូរបន្ថយជាងពេលបច្ចុប្បន្ន។
អ្នកស្រី និយាយថា៖ «ចង់ឱ្យគាត់ (រដ្ឋាភិបាល) ទម្លាក់តម្លៃទាបតិចចឹង ក៏ល្អដែរ។ បើសិនជាការប្រាក់ធូរតិចទៅ ប្រជាពលរដ្ឋរកស្រួលដែរក្នុងការបង់ចឹង»។
កញ្ចប់ថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី រួមបញ្ចូលគ្នានូវការគាំទ្រវិបត្តិភ្លាមៗ ជាមួយនឹងការកែទម្រង់សេដ្ឋកិច្ចរយៈពេលវែង។ ក្នុងនោះរួមមាន កម្ចីចំនួន ២៥០លានដុល្លារ សម្រាប់កម្មវិធីអន្តរាគមន៍រហ័សដើម្បីស្ថិរភាពសេដ្ឋកិច្ច (RISE) របស់កម្ពុជា និងកម្ចីផ្អែកលើគោលនយោបាយចំនួន ២០០លានដុល្លារ សម្រាប់កម្មវិធីអភិវឌ្ឍន៍ពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្មរបស់ស្រីលង្កា។
លោក Masato Kanda ប្រធានធនាគារ ADB បានមានប្រសាសន៍ថា៖ «មិនគួរមានគ្រួសារណាមួយត្រូវធ្លាក់ចូលទៅក្នុងភាពក្រីក្រកាន់តែជ្រៅ ដោយសារតែជម្លោះដែលកើតឡើងនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រនោះឡើយ។ យើងកំពុងធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីការពារគ្រួសារដែលកំពុងជួបការលំបាកជាង ១លានគ្រួសារនៅកម្ពុជា ព្រមទាំងជួយស្រីលង្កាក្នុងការបង្កើតការងារ ទាក់ទាញការវិនិយោគ និងពង្រីកពាណិជ្ជកម្ម។ ការវិនិយោគទាំងនេះនឹងជួយឱ្យប្រទេសទាំងពីរអាចទប់ទល់នឹងសម្ពាធនាពេលបច្ចុប្បន្ន និងរំលេចខ្លួនឡើងវិញយ៉ាងរឹងមាំពីវិបត្តិនាពេលខាងមុខ»។
នៅកម្ពុជា កម្មវិធី RISE នឹងផ្តល់មូលនិធិបណ្តោះអាសន្ន វិធានការសារពើពន្ធកំណត់គោលដៅ និងការពារការចំណាយសង្គមដែលបានគ្រោងទុកនៅក្នុងថវិកាជាតិឆ្នាំ ២០២៦។ វាក៏នឹងលើកកម្ពស់បច្ចេកវិទ្យាថាមពលស្អាតផងដែរ។ គ្រួសារក្រីក្រជាង ១លាននាក់ ដែលបានចុះឈ្មោះក្រោមកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (ID Poor) របស់រដ្ឋាភិបាលនឹងទទួលបានការគាំទ្រប្រាក់ចំណូល រួមទាំងយ៉ាងហោចណាស់ ៣៥០ ០០០ គ្រួសារដែលដឹកនាំដោយស្ត្រី។ ជំនួយក៏នឹងរួមបញ្ចូលផងដែរនូវការបន្ធូរបន្ថយបំណុល និងការគាំទ្រសម្រាប់ធាតុចូលកសិកម្មនៅតំបន់ជនបទ៕









