សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

មុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី​ តំណាង​​សង្គម​ស៊ីវិល ​និង​សហជីព ​ទទូច​ឱ្យបារាំង និងកាណាដា លើកឡើងពីកង្វល់​ពាក់ព័ន្ធសិទ្ធិមនុស្ស

តំណាងសង្គមស៊ីវិល និងសហជីពរង់ចាំនៅមុខស្ថានទូតបារាំង ដើម្បីដាក់ញត្តិ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។ (ខេមបូចា​/ អ៊ឹង ស៊ា​)
តំណាងសង្គមស៊ីវិល និងសហជីពរង់ចាំនៅមុខស្ថានទូតបារាំង ដើម្បីដាក់ញត្តិ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។ (ខេមបូចា​/ អ៊ឹង ស៊ា​)

សម្ព័ន្ធសហជីព និងអង្គការ​សង្គម​ស៊ីវិល​ នៅ​ថ្ងៃទី១១ ខែវិច្ឆិកា ​បានដាក់ញត្តិទៅកាន់ស្ថានទូតបារាំង និង​ស្ថានទូតកាណាដា ប្រចាំរាជធានីភ្នំពេញ ដោយទទូចឱ្យប្រទេសទាំងពីរជួយដាក់សម្ពាធលើរដ្ឋា​ភិបាលកម្ពុជា ឱ្យបន្ធូរបន្ថយការរឹតត្បិតលើលំហសង្គមស៊ីវិលនៅ​មុនកិច្ចប្រជុំកំពូលហ្វ្រង់​​កូហ្វូនី​លើកទី២០ ដែលកម្ពុជានឹង​ធ្វើជាម្ចាស់ផ្ទះនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទខាងមុខនេះ។

ញត្តិ ដែលចុះហត្ថលេខាដោយសហជីព និងអង្គការ​សិទ្ធិមនុស្សចំនួន២៦ រួមទាំងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់​ថា សង់ត្រាល់ បានលើកឡើងពីក្តីបារម្ភទាក់ទងនឹង​​ការរឹតត្បិតសេរីភាពជា​មូលដ្ឋាន និងការចូលរួមតាម​បែបប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា​។

អ្នកចុះហត្ថលេខាទាំងនោះ បាន​អំពាវនាវដល់រដ្ឋសមាជិក នៃអង្គការហ្វ្រង់កូហ្វូនីឱ្យ «គោរព និង​លើក​កម្ពស់តម្លៃស្នូលនានា រួមមាន សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ការសន្ទនាសង្គម សម​ភាពយេនឌ័រ និងការចូលរួមប្រកបដោយអត្ថន័យរបស់ប្រជាពលរដ្ឋ ដែលជាមូលដ្ឋានគ្រឹះនៃស្ថាប័នរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)»។

លោក វន់​ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងបន្ទាប់ពីបានដាក់ញត្តិថា ក្រុមអង្គការ​សង្គមស៊ីវិល​ទាំងនោះចង់ឱ្យរដ្ឋសមាជិកលើកឡើងពីកង្វល់ពាក់ព័ន្ធនឹងសិទ្ធិមនុស្សជាមួយរដ្ឋាភិបាលកម្ពុជា មុនការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០២៧ និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៨។

លោកបានថ្លែងថា៖ «យើងចង់ឃើញសិទ្ធិសហជីព និងសិទ្ធិមនុស្សត្រូវបានផ្តល់តម្លៃ​នៅក្នុងប្រទេសកម្ពុជា ដែលកាន់លទ្ធិ​ប្រជាធិបតេយ្យ។ យើងបានជំរុញឱ្យបណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំង ដែលមានអាជីវកម្មដំណើរការនៅក្នុងប្រទេសកម្ពុជា គោរពដល់ការចូលរួមរបស់សហជីព ហើយប្រទេសកម្ពុជាក៏គួរតែបើកលំហសម្រាប់សហជីព ដើម្បីឱ្យពួកគេអាចសម្តែង​មតិ​បានដោយសេរី តាមគ្រប់ទម្រង់ទាំងអស់»។

ក្រុមអង្គការសង្គមស៊ីវិល​​ទាំងនោះក៏បានអំពាវនាវឱ្យបញ្ចប់​ការធ្វើទុក្ខបុកម្នេញលើសកម្មជន និងដើម្បី​​ឱ្យប្រជាពលរដ្ឋអាចអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេ​ក្នុងការបញ្ចេញមតិ ការបង្កើតសមាគម និងការជួបជុំ។

អង្គការសិទ្ធិមនុស្សលីកាដូ​ បានកត់ត្រា​​​ «អ្នកជាប់ឃុំ​ដោយ​ប្រើសិទ្ធិ​» ចំ​នួន១១០នាក់ កំពុងត្រូវ​បាន​ឃុំខ្លួន ដែលក្នុងនោះមាន សកម្មជន មន្ត្រី​​គណបក្សប្រឆាំង អ្នកសារព័ត៌មាន និងបុគ្គលផ្សេង​ទៀត ដែលអង្គការនេះ អះអាងថា ត្រូវបានចាប់ដាក់ពន្ធនាគារដោយសារតែសកម្មភាពនយោបាយ សកម្មភាពតស៊ូមតិ ឬការបញ្ចេញមតិរបស់ពួកគេ។

លោក វន់ ពៅ បានបន្ត​ថា បុគ្គលិកស្ថានទូតបារាំងបានប្រាប់លោកថា ឯក​អគ្គរដ្ឋទូត​បារាំង លោក អូលីវីយេ រីស្ហា​ នឹងលើកឡើងពីក្តីកង្វល់ទាំងនេះនៅក្នុងកិច្ចប្រជុំកំពូល។ ឯក​​​​អគ្គរដ្ឋទូតកាណាដា លោក គ្រីស្ទៀន ដេសរ៉ូស បានជួបជាមួយតំណាង​សហជីពនិង​ក្រុម​អង្គការសង្គម​ស៊ីវិល​នៅខាងក្រៅស្ថានទូត ដើម្បីទទួលយកញត្តិ។

លោកបានមានប្រសាសន៍ថា៖ «ខ្ញុំចង់ឱ្យអ្នក​ទាំង​អស់​គ្នា​មាន​ការ​ជឿជាក់ថា ប្រទេសកាណាដា​នឹង​បន្តសហការជាមួយសង្គមស៊ីវិល ដើម្បីជួយការពារសិទ្ធិមនុស្ស។ យើងនឹងនៅតែជាមិត្តនឹង​​គ្នា។ ដូច្នេះ ខ្ញុំសង្ឃឹមថា យើងអាចបន្តការសន្ទនាជាមួយគ្នាបាន»។

សមាជិកសហជីពកាន់បដាអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកការ​ពារ​​​សិទ្ធិមនុស្ស នៅមុខស្ថានទូតបារាំង នៅ​រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។(ខេមបូចា/ អ៊ឹង ស៊ា)​

ស្ថានទូតកាណាដាបានលើកឡើងតាម​រយៈ​សារ​បង្ហោះលើហ្វេសប៊ុកនៅ​ថ្ងៃពុធថា៖ «កាណា​ដា​ផ្តល់តម្លៃដល់លំហសង្គម​ស៊ីវិល​ ការចូលរួមតាមបែបប្រជាធិបតេយ្យ ការសន្ទនាក្នុងសង្គម និងការការពារសិទ្ធិមនុស្ស​»។ ស្ថានទូតបារាំងមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា អង្គការសង្គមស៊ីវិល និងអ្នកនយោ​បាយមួយចំនួន “​ឆ្លៀតប្រើឱកាសទាំងនេះ ដើម្បីបង្កភាពចលាចល ​”។ លោកបានបញ្ជាក់​​ថា កម្ពុជា គឺជារដ្ឋឯករាជ្យមួយ ហើយប្រទេសដទៃទៀតមិនអាចជ្រៀតជ្រែកចូលក្នុងច្បាប់ និងស្ថាប័នរបស់កម្ពុជាបានឡើយ។

លោក​បាន​មាន​ប្រសាសន៍​ដោយ​ជំទាស់​នឹង​តួលេខ​របស់​អង្គការ​ លីកាដូ​ ថា៖ «អ្នកមិនអាចពឹងផ្អែក​លើប្រទេសដទៃឱ្យជួយអ្នក ដោយការដាក់សម្ពាធមកលើប្រទេសខ្លួនឯងនោះទេ។ យើងចាំបាច់ត្រូវគោរពតាមនីតិរដ្ឋរបស់កម្ពុជាផ្ទាល់​​ ហើយគ្មាន​បញ្ហាអ្វីនោះទេ»។

ញត្តិ​នេះ​ ធ្វើ​ឡើង ​បន្ទាប់​ពី​មាន​ញត្តិ​ស្រដៀង​គ្នាមួយ​​ ​ត្រូវ​បាន​ដាក់​ជូន​កាល​ពី​ដើម​ខែ​នេះ​ដោយ​​លោក រ៉ុង ឈុន ជា​សកម្មជន​នយោបាយ​ដ៏​លេច​ធ្លោ​ម្នាក់។ ញត្តិ​នេះ​កើតមាន​តែ​​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនីលើក​ទី២០ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​​ទី១៥-១៦ ខែ​វិច្ឆិកា ដែល​ជា​ការ​ជួប​ជុំ​គ្នា​របស់​មេដឹកនាំ​មក​ពី​រដ្ឋ និង​រដ្ឋាភិបាល​សមាជិក​ចំនួន​៩០ ប្រទេស​ នៃ​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី​។

មេដឹកនាំនៃ​បណ្តា​ប្រទេស​ទាំងនោះ នឹង​ជួបប្រជុំគ្នា ដើម្បីកំណត់គោលនយោបាយរយៈពេលវែងរបស់អង្គការ ពិភាក្សាអំពីការទូតអន្តរជាតិ សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ព្រមទាំងបោះឆ្នោតជ្រើសរើសតំណែង​ដឹកនាំក្នុង​អង្គការ​។ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី ត្រូវគេ​រំពឹងថា នឹងចូល​រួមក្នុងកិច្ចប្រជុំនេះដែរ​។

លោក ថម អេន​ឌ្រូ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស​នៅកម្ពុជា ក៏បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាកាល​ពី​ថ្ងៃចន្ទនេះ ឱ្យដោះលែងសកម្មជននានា រួមមានលោក កើត សារ៉ាយ លោក​ស្រី សេង ធារី និងសកម្មជន​ចលនា​មាតាធម្មជាតិ​ចំនួន៥នាក់ ដែលកំពុងជាប់ពន្ធនាគារ​ មុនកិច្ចប្រជុំកំពូលមកដល់។ លោកបានលើកឡើង​​ថា ពួកគេត្រូវបានឃុំខ្លួនដោយសារតែការ​អនុវត្តសិទ្ធិបញ្ចេញមតិ ការជួប​ជុំដោ​យសន្តិវិធី និងការបង្កើតសមាគម។

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់​សិទ្ធិ​ការ​ងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ បានលើកឡើងថា កញ្ញា​សង្ឃឹមថា ញត្តិ​នេះនឹងទៅដល់ដៃលោក ម៉ាក្រុង។ កញ្ញា​ក៏បាន​​អំពាវនាវដល់រដ្ឋាភិបាលឱ្យជួយដោះស្រាយវិវាទការងារដ៏​អូសបន្លាយអស់រយៈពេលជាច្រើន​ឆ្នាំនៅកាស៊ីណូណាហ្គាវើលដ៍ផងដែរ។

កញ្ញា​ ស៊ីថរ បានលើកឡើងថា៖ «យើងមិនអាចនិយាយថា កម្ពុជាគោរពសិទ្ធិសហជីពបាន​​ទេ​ ប្រសិនបើរដ្ឋាភិបាលមិនដោះស្រាយវិវាទសហជីព។ សមាជិកសហជីព ដែលត្រូវ​បានបញ្ឈប់ពីការងារ បាន​រងនូវការប្រព្រឹត្តដោយអយុត្តិធម៌ ដូចជាអំពើហិង្សា ការយាយី និងការចោទ​ប្រកាន់នានា ដែលទាំងអស់នេះ បង្ហាញឱ្យឃើញនូវស្ថានភាពដ៏អាក្រក់ នៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។

កញ្ញា ស៊ីថរ បានលើកឡើងពីការដកហូតមួយ​ផ្នែកនៃប្រព័ន្ថ​អនុគ្រោះពន្ធ​សម្រាប់​កម្ពុជាដោយ​សហភាពអឺរ៉ុបកាល​ពី​ឆ្នាំ២០២០ ដោយសារក្តីបារម្ភពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ កញ្ញា​បានបន្ថែមថា៖ «បណ្តាប្រទេសដែលវិនិយោគនៅកម្ពុជា ផ្តល់តម្លៃដល់សិទ្ធិមនុស្ស និងសិទ្ធិសហជីព ដូច្នេះប្រសិនបើយើងមិនអនុវត្តតាមទេនោះ កិច្ចសហប្រតិបត្តិការរបស់យើងជាមួយពួកគេនឹងមានកម្រិត»។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ច​ការ​ទូទៅ នៃអង្គការ លីកាដូ​ បានលើកឡើងពីក្តីបារម្ភពាក់ព័ន្ធនឹងសេរីភាព នៃការបញ្ចេញមតិ និងសេរីភាព ក្នុងការជួបជុំនៅក្នុងប្រទេសកម្ពុជា ដោយ​​លោកបានបញ្ជាក់ថា របាយការណ៍នានាបង្ហាញថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រ​ទេសកម្ពុជា​បានធ្លាក់ចុះ។

លោកបានមានប្រសាសន៍ថា៖ «កម្ពុជាត្រូវពិចារណាលើអ្វី ដែលសហគមន៍អន្តរជាតិបានលើកឡើងពាក់ព័ន្ធនឹងការរឹតត្បិតលើលំហសង្គមស៊ីវិល និង​បើកលំហសម្រាប់សេរីភាពនៃការបញ្ចេញ​មតិ និងសហជីព»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Before Francophonie Summit, Groups Urge France, Canada to Raise Rights Concerns

ព័ត៌មានថ្មី

អត្ថបទពេញនិយម