កម្ពុជាបានដកហូតអាជ្ញាបណ្ណកាស៊ីណូមួយចំនួនចាប់តាំងពីខែមេសាមក ក្នុងយុទ្ធនាការបង្ក្រាបទីតាំងឆបោកតាមអនឡាញ និងល្បែងស៊ីសងខុសច្បាប់ ខណៈព័ត៌មានពាក់ព័ន្ធនឹងចំណាត់ការលើម្ចាស់កាស៊ីណូនៅមិនទាន់ត្រូវបានផ្សព្វផ្សាយឱ្យដឹងជាសាធារណៈនៅឡើយទេ។
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម បានរាយការណ៍ថា យ៉ាងហោចណាស់អាជ្ញាបណ្ណកាស៊ីណូចំនួន៨ ត្រូវបានដកហូតនៅចន្លោះខែមេសា និងដើមខែឧសភា ដោយសារផ្តល់ទីតាំងសម្រាប់ប្រព្រឹត្តប្រតិបត្តិការឆបោក និងរំលោភច្បាប់ល្បែងស៊ីសងរបស់កម្ពុជា។
មនុស្សជាង ១ ១០០នាក់ ដែលភាគច្រើនជាជនជាតិបរទេស ត្រូវបានឃាត់ខ្លួនក្នុងការចុះបង្ក្រាបនានាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ ដែលពាក់ព័ន្ធនឹងការដកហូតអាជ្ញាបណ្ណទាំងនេះ ខណៈអាជ្ញាធរបានរឹបអូសទូរសព្ទរាប់ពាន់គ្រឿង និងកុំព្យូទ័រ ព្រមទាំងម៉ូនីទ័ររាប់រយគ្រឿង ដែលពួកគេអះអាងថា ត្រូវបានប្រើសម្រាប់ការឆបោកតាមអនឡាញ។
ទោះជាយ៉ាងណា យុទ្ធនាការបង្ក្រាបនេះមិនបានប៉ះពាល់កាស៊ីណូមួយចំនួនផ្សេងទៀត ដែលត្រូវបានភ្ជាប់ទៅនឹងបណ្តាញឆបោក និងជួញដូរមនុស្សដែលត្រូវបានចោទប្រកាន់នោះទេ ដោយក្នុងនោះមានចំនួន២ជារបស់សមាជិកព្រឹទ្ធសភាកម្ពុជា លោក កុក អាន។ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាបាននិយាយថា លោក កុក អាន នៅតែមាន«អភ័យឯកសិទ្ធិ» បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលោកកាលពីខែមុន ពាក់ព័ន្ធនឹងការចោទប្រកាន់ពីទំនាក់ទំនងជាមួយប្រតិបត្តិការទាំងនេះ។ លោក កុក អាន បានបដិសេធការពាក់ព័ន្ធនឹងសកម្មភាពឆបោកត្រូវបានចោទប្រកាន់ដោយអាមេរិក។
អង្គការសិទ្ធិមនុស្ស និងរដ្ឋាភិបាលសហរដ្ឋអាមេរិក បានកំណត់ថា កាស៊ីណូទាំងនោះជាមជ្ឈមណ្ឌលនៃឧស្សាហកម្មខុសច្បាប់ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ផ្លូវការណាមួយថា ទីតាំងទាំងនោះត្រូវបានបិទ ឬដកហូតអាជ្ញាបណ្ណនៅឡើយទេ ខណៈអាជ្ញាធរកំពុងបន្តយុទ្ធនាការជាសាធារណៈដើម្បីលុបបំបាត់បណ្តាញឆបោក បន្ទាប់ពីមានការត្រួតពិនិត្យនិងសម្ពាធអន្តរជាតិកើនឡើងក្នុងឆ្នាំនេះ។
រស់ ភីរុណ អតីតអគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានប្រាប់ថា លោកមិនអាចធ្វើអត្ថាធិប្បាយជុំវិញបញ្ហាដកហូតអាជ្ញាបណ្ណ ឬថាតើមានការចោទប្រកាន់លើម្ចាស់កាស៊ីណូណាមួយបានទេ ដោយថាលោក «លែងទទួលបន្ទុកការងារនេះទៀតហើយ»។
សារព័ត៌មានខេមបួចា មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក យ៉េត វីណែល ដែលបច្ចុប្បន្នកាន់តំណែងនេះបានទេ ខណៈការហៅទៅកាន់ខ្សែទូរសព្ទរបស់អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ក៏មិនមានអ្នកទទួលដែរ។
កាស៊ីណូចំនួន៨ នៅខេត្តព្រះសីហនុ បាត់ដំបង បន្ទាយមានជ័យ និងស្វាយរៀង ដែលត្រូវបានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាដកអាជ្ញាបណ្ណចាប់តាំងពីខែមេសាមក រួមមាន Jin Yu Man Tang Casino, Xin Hao Peak Casino, Eagle King Casino, Orchid Hotel & Rich Casino, Zhong Huawei Golden Sand International Entertainment និង Golden Galaxy Casino។
អាជ្ញាធរក៏បានដកហូតអាជ្ញាបណ្ណកាស៊ីណូ Gang Dao Casino នៅក្រុងព្រះសីហនុ និង Shanghai Resort Casino នៅក្រុងបាវិត កាលពីថ្ងៃទី៦ ខែមេសា ផងដែរ។
រដ្ឋាភិបាលបាននិយាយថា ខ្លួនបានបិទកាស៊ីណូចំនួន៩១ និងទីតាំងឆបោកតាមអនឡាញជាង២៥០កន្លែង ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ពាក់កណ្តាលខែមេសាឆ្នាំនេះ ព្រមទាំងបានបណ្តេញជនបរទេសជាង ១៣ ០០០នាក់ ដែលត្រូវបានចោទថាពាក់ព័ន្ធនឹងឧស្សាហកម្មនេះ ប៉ុន្តែមិនបានបញ្ជាក់ថា តើមានមនុស្សប៉ុន្មាននាក់ដែលអាចជាជនរងគ្រោះនៃការជួញដូរ ឬត្រូវបានបង្ខំឱ្យធ្វើការក្នុងឧស្សាហកម្មនេះនោះទេ។
កាស៊ីណូជាច្រើនដែលស្ថិតនៅតាមតំបន់ព្រំដែនរបស់កម្ពុជា ជាញឹកញាប់ត្រូវបានចាត់ទុកគ្រាន់ជាទីតាំងបំភ័ន្តដើម្បីបិទបាំងទីតាំងឆបោក។ អង្គការសហប្រជាជាតិបាននិយាយថា ទីតាំងក្នុងតំបន់ទាំងនេះអាចរកចំណូលបានរាប់សិបពាន់លានដុល្លារក្នុងមួយឆ្នាំ និងពឹងផ្អែកលើកម្មករយ៉ាងហោចណាស់ ៣០០ ០០០នាក់ មកពីរាប់សិបប្រទេស ដែលពួកគេជាច្រើនត្រូវបានជួញដូរ និងបង្ខំឱ្យធ្វើការ។
យោងតាមគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា កម្ពុជាធ្លាប់មានកាស៊ីណូបើកដំណើរការចំនួន១៦០ ក្នុងឆ្នាំ២០២៥ ដែលភាគច្រើនស្ថិតនៅក្រុងព្រះសីហនុ បាវិត និងប៉ោយប៉ែត ដែលបានក្លាយជាក្រុងល្បីថាជាមជ្ឈមណ្ឌលរបស់បណ្តាញឆបោក។
របាយការណ៍ស៊ើបអង្កេតរបស់អង្គការលើកលែងទោសអន្តរជាតិដែលចេញផ្សាយកាលពីខែមេសា បានចោទប្រកាន់ថា យ៉ាងហោចណាស់កាស៊ីណូដែលមានអាជ្ញាបណ្ណចំនួន១២ នៅកម្ពុជា មានទំនាក់ទំនងដោយផ្ទាល់ទៅនឹងទីតាំងឆបោក ដែលជនរងគ្រោះនៃការជួញដូរមនុស្សបានអះអាងថា ពួកគេត្រូវបានបង្ខំឱ្យធ្វើការ ទទួលរងនូវទារុណកម្ម ធ្វើជាទាសករ និងរងការរំលោភបំពានផ្សេងៗទៀត។
អង្គការសិទ្ធិមនុស្សដដែលនេះបាននិយាយថា គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានអនុម័ត ឬបន្តអាជ្ញាបណ្ណឱ្យគម្រោងកាស៊ីណូមួយចំនួន នៅខែធ្នូ និងខែមករា ទោះបីមានភស្តុតាងថាប្រតិបត្តការឆបោកដំណើរការនៅក្នុងដីកាស៊ីណូទាំងនោះក៏ដោយ។
បើទោះបីមន្ត្រីអនុវត្តច្បាប់ជាន់ខ្ពស់កម្ពុជាម្នាក់បាននិយាយថា ការរកឃើញទាំងនេះនឹងត្រូវយកទៅប្រើសម្រាប់ចាត់វិធានការអនុវត្តច្បាប់ក៏ដោយ ក៏មិនទាន់មានកាស៊ីណូណាមួយដែលមានឈ្មោះក្នុងរបាយការណ៍ ត្រូវបានដកហូតអាជ្ញាបណ្ណ ម្ចាស់ត្រូវបានចាប់ខ្លួន ឬបិទប្រតិបត្តិការនោះទេ។
Eagle King Casino ដែលជាកាស៊ីណូមួយត្រូវបានដកហូតអាជ្ញាបណ្ណកាលពីដើមខែនេះ ពីបទផ្តល់ទីតាំងសម្រាប់ប្រតិបត្តិការឆបោក ត្រូវបានដំណើរការដោយក្រុមហ៊ុន TS Chamnong Investment Co. Ltd.។
យោងតាមកំណត់ត្រាក្រុមហ៊ុនរបស់ក្រសួងពាណិជ្ជកម្ម និងសារព័ត៌មានក្នុងស្រុក ក្រុមហ៊ុននេះមានលោកស្រី សន ចំណុង ដែលត្រូវជាប្អូនថ្លៃរបស់អតីតរដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ជាប្រធានក្រុមហ៊ុន។ ចំណែកនាយកក្រុមហ៊ុនគឺលោកស្រី ទៀ សំណាង ដែលត្រូវបានរាយការណ៍ថា ជាក្មួយស្រីរបស់លោក។
ការហៅទៅកាន់លេខទូរសព្ទដែលបានដាក់ថា ជាលេខរបស់លោកស្រី សន ចំណុង ក្នុងកំណត់ត្រាក្រុមហ៊ុន មិនមានអ្នកទទួលទេ ខណៈលេខរបស់លោកស្រី សំណាង មិនអាចទាក់ទងបាន។
លោក ឆឹង ចន្ថា ទីប្រឹក្សាបច្ចេកទេសរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បាននិយាយថា ស្ថាប័នកំពុងរៀបចំក្រុមការងារដើម្បីឆ្លើយតបសំណួរពីប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែមិនបានបញ្ជាក់ពេលវេលាច្បាស់លាស់នោះទេ ហើយបានបង្វែរសំណួរបន្ថែមទៅកាន់ឆាណែល Telegram របស់ស្ថាប័នវិញ។
លោក ចន្ថា បាននិយាយថា មិនមានមន្ត្រីណាម្នាក់អាចឆ្លើយសំណួរអំពីកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងប្រតិបត្តិការឆបោកបានដោយឯករាជ្យទេ ព្រោះការចុះបង្ក្រាបពាក់ព័ន្ធនឹងអាជ្ញាធរច្រើនស្ថាប័ន។ លោកបន្ថែមថា គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មក៏មិនអាចឆ្លើយតបដោយឯករាជ្យចំពោះរបាយការណ៍របស់អង្គការលើកលែងអន្តរជាតិបានដែរ ប៉ុន្តែលោកមិនបានបញ្ជាក់ថា អ្នកណាជាអ្នកណែនាំឱ្យស្ថាប័នលោកមិនធ្វើអត្ថាធិប្បាយនោះឡើយ។
លោកបាននិយាយថា៖ «មានតែរដ្ឋាភិបាលប៉ុណ្ណោះដែលអាចឆ្លើយតបបាន ហើយយើងក៏កំពុងរង់ចាំដែរ។ នេះគ្រាន់តែជាការឆ្លើយតបផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយមិនតំណាងឱ្យស្ថាប័នដែលខ្ញុំធ្វើការនោះទេ»។
លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម បាននិយាយថា ខ្លួននឹងបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យ និងឆែកឆេរទីតាំងកាស៊ីណូបន្ថែមទៀត។
កន្លងមក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសន្យាថា នឹងលុបបំបាត់ប្រតិបត្តិការឆបោកតាមអនឡាញនៅក្នុងប្រទេសឱ្យអស់នៅមុនដំណាច់ខែមេសា ប៉ុន្តែក្រោយមកអ្នកនាំពាក្យរដ្ឋាភិបាលបានច្រានចោលកាលកំណត់នេះថា ជា«ពាក្យចចាមអារ៉ាម» ហើយនិយាយថា យុទ្ធនាការបង្ក្រាបនឹងបន្តដោយគ្មានកំណត់ពេលឡើយ។
អ្នកសង្កេតការណ៍ និងសកម្មជន បានរិះគន់ថា យុទ្ធនាការអនុវត្តច្បាប់នេះ នៅមិនទាន់អាចធ្វើឱ្យមេដឹកនាំបណ្តាញឆបោក និងមន្ត្រីដែលពាក់ព័ន្ធ ទទួលខុសត្រូវតាមផ្លូវច្បាប់បាននៅឡើយទេ។
លោក មាស នី អ្នកវិភាគនយោបាយឯករាជ្យ បាននិយាយថា ការចាប់ខ្លួនកន្លងមកភាគច្រើនផ្តោតលើកម្មករនៅក្នុងបរិវេណឆបោក ខណៈប្រតិបត្តិករកាស៊ីណូ និងមេខ្លោងដែលត្រូវបានចោទប្រកាន់ បានគេចផុតពីចំណាត់ការផ្លូវច្បាប់។
លោកបាននិយាយថា៖ «ការដកហូតអាជ្ញាបណ្ណតែមួយមុខមិនគ្រប់គ្រាន់ទេ។ នៅពេលយើងនិយាយអំពីឧក្រិដ្ឋកម្មតាមអនឡាញ យើងក៏ត្រូវនិយាយអំពីអ្នកដែលផ្តល់មធ្យោបាយ និងការគាំទ្រដល់វាផងដែរ»៕









