សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អ្នកដឹកជញ្ជូនភ្ញៀវទេសចរនៅសៀមរាបស្នើឱ្យលុបចោលថ្លៃសេវាផ្លូវចូល-ចេញអាកាសយានដ្ឋាន ខណៈចំណាយកើនឡើង

អ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវទេសចរណ៍នៅខេត្តសៀមរាប ជាង៥០នាក់មកសាលាខេត្តសៀមរាប ដើម្បីចូលរួមស្នើសុំអន្តរាគមន៍ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។ (រូបភាពផ្តល់​ឱ្យ)
អ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវទេសចរណ៍នៅខេត្តសៀមរាប ជាង៥០នាក់មកសាលាខេត្តសៀមរាប ដើម្បីចូលរួមស្នើសុំអន្តរាគមន៍ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។ (រូបភាពផ្តល់​ឱ្យ)

អ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវទេសចរ ជាង៥០នាក់ តំណាងឱ្យ៤៦៧នាក់ នៅខេត្តសៀមរាប បានជួបជុំគ្នានៅសាលាខេត្ត នាព្រឹកថ្ងៃទី៣១ ខែតុលា ដើម្បីស្នើសុំអន្តរាគមន៍ឱ្យលុបចោលការដំឡើងថ្លៃសេវាផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលគ្រោងអនុវត្តពីថ្ងៃទី១ ខែវិច្ឆិកា ខណៈពួកគាត់បារម្ភពីការកើនឡើងនៃបន្ទុកចំណាយ ក្នុងពេលចំណូលពីការដឹកភ្ញៀវមានតិចតួច។​

អ្នកដឹកជញ្ជូនលើកឡើងថា ការដំឡើងថ្លៃសេវានេះមិនសមស្របនឹងស្ថានភាពសេដ្ឋកិច្ច និងចំណូលដែលពួកគាត់រកបាននាពេលបច្ចុប្បន្នឡើយ។ ពួកគាត់ស្នើឱ្យអាជ្ញាធរជួយសម្របសម្រួល ដើម្បីរក្សាតម្លៃចាស់ ឬលុបចោលការយកថ្លៃសេវាប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានចំពោះមធ្យោបាយដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរគ្រប់ប្រភេទ។

រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា កំពុងចរចាជាមួយក្រុមហ៊ុនអាកាសយានដ្ឋាន និងស្នើសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំ ដើម្បីរក្សាការបញ្ចុះថ្លៃសេវាផ្លូវចូល-ចេញអាកាសយានដ្ឋានឱ្យនៅដដែល ជាការឆ្លើយតបនឹងសំណើរបស់ក្រុមអ្នកដឹកជញ្ជូន។

យោងតាមលិខិតស្នើសុំដែលផ្ញើជូនអភិបាលខេត្តសៀមរាបពួកគាត់ចង់ឱ្យលុបចោលការយកថ្លៃសេវាប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានចំពោះរថយន្តដឹកអ្នកដំណើរ រថយន្តដឹកភ្ញៀវទេសចរ រ៉ឺម៉កម៉ូតូកង់បី និង PassApp ព្រមទាំងស្នើឱ្យការកំណត់តម្លៃចំណត និងសេវាពាក់ព័ន្ធនៅអាកាសយានដ្ឋានសៀមរាបអង្គរ អនុវត្តតាមស្តង់ដារដូចអាកាសយានដ្ឋានអន្តរជាតិតេជោ។

តម្លៃសេវាថ្មីដែលគ្រោងអនុវត្តចាប់ពីថ្ងៃទី១ ខែវិច្ឆិកា រួមមាន PassApp និងរថយន្តតូចត្រូវបង់៤ដុល្លារ កើនពី២ដុល្លារ រថយន្តចាប់ពី៨ដល់១៩កៅអី បង់៨ដុល្លារ កើនពី៤ដុល្លារ រថយន្តចាប់ពី២០ដល់៥៦កៅអី បង់១៦ដុល្លារ កើនពី៦ដុល្លារ និងរថយន្តដឹកទំនិញទម្ងន់ពី១០ដល់២០តោន បង់១៦ដុល្លារ កើនពី៨ដុល្លារ។

លោក ស្វាយ ស៊ីថុល អាយុ៤៥ឆ្នាំ ដែលជាអ្នកប្រកបរបរដឹកជញ្ជូនភ្លៀវ បានប្រាប់ថា គោលបំណងនៃការជួបជុំនៅសាលាខេត្តនេះ គឺដើម្បីសាកសួរអំពីលទ្ធផលនៃសំណើសុំអន្តរាគមន៍ដែលពួកគាត់បានដាក់ជូនរដ្ឋបាលខេត្តកាលពីថ្ងៃទី២៦ ខែតុលា ប៉ុន្តែមិនទាន់ទទួលបានចម្លើយច្បាស់លាស់។

លោកបន្តថា ក្នុងកិច្ចជួបពិភាក្សានៅថ្ងៃនេះ ខាងរដ្ឋបាលខេត្តបានជម្រាបថា នឹងបញ្ជូនសំណើរបស់ពួកគាត់ទៅកាន់ក្រសួងសារធារណការ និងដឹកជញ្ជូន និងនាយករដ្ឋមន្ត្រីផងដែរ ដើម្បីស្វែងរកដំណោះស្រាយ ។

លោកថ្លែងថា៖ «ខាងខេត្តនឹងផ្តល់ចម្លើយពួកយើងខ្ញុំទាំងអស់គ្នានៅពេលដែលគាត់បានចម្លើយពីក្រសួងខាងលើដែរ។ សូមបញ្ជាក់ដែរថា ខាងខេត្តគាត់ធ្លាប់ប្រាប់ពួកយើងថាបញ្ហានេះវាហួសដែនសមត្ថកិច្ចរបស់គាត់អ៊ីចឹងគាត់ត្រូវការ ពេលវេលាដើម្បីធ្វើការដោះស្រាយ មកទល់ពេលនេះមិនទាន់មានដំណោះស្រាយឲ្យដូចអ្វីដែលយើងបានដាក់ ស្នើសុំជួយអន្តរាគមន៍ឡើយទេ»។

ចំណែក លោក ម៉ន ប៊ុនម៉ី ដែលជាអ្នកប្រកបរបរដឹកជញ្ជូន បានលើកឡើងថា ការដំឡើងថ្លៃសេវានេះនឹងធ្វើឱ្យអ្នកបើកបរជួបការលំបាកកាន់តែខ្លាំង ដោយសារបច្ចុប្បន្នចំនួនភ្ញៀវទេសចរ​មិនសូវមាន ខណៈការចំណាយលើប្រេងឥន្ធនៈ និងថ្លៃសេវាផ្សេងៗនៅតែមានកម្រិតខ្ពស់។

លោកលើកឡើងថា ចំណូលពីការដឹកភ្ញៀវរបស់លោកក្នុងមួយខែអាចរកបានត្រឹមជាង ២០០ដុល្លារប៉ុណ្ណោះ ហើយក្នុងការដឹកភ្ញៀវមួយជើងដែលអាចរកចំណូលបានប្រមាណ ៣៥ដុល្លារ ក៏ត្រូវចំណាយលើប្រេង និងថ្លៃផ្សេងៗអស់មួយចំនួនធំផងដែរ។

លោកនិយាយថា៖ «គេអត់យល់ព្រមដោយសារ តម្លៃលើសលុបពេកចំណាញផ្លូវតែដី ២៤គីឡូ ហើយមកយកគ្នាច្រើនដែរ ហើយណាមួយទៀតអត់សូវមានភ្លៀវ ថ្លៃប្រេងក៏ថ្លៃ ហើយភ្លៀវអត់មាន ការរកគេវាពិបាកដែរ ចឹងយើងស្នើសុំយកតម្លៃដដែល។ វាប៉ះពាល់ រកបានតិចហើយវាចំណាយច្រើនហា ចំណាយលើប្រេងក៏ច្រើន ចំណតលើផ្លូវព្រលានក៏ច្រើនដែរ ចំណត៣២០០០៛ ទៀត តម្លៃយើងទៅ១វេនយើងបានតែ ៣៥$ មានអីអស់បាត់ហើយ»។

លោកស្នើឱ្យអាជ្ញាធរ និងក្រុមហ៊ុនពាក់ព័ន្ធរក្សាតម្លៃសេវាដូចមុន ដោយលោកថា អ្នកប្រកបរបរមិនអាចស្នើសុំឱ្យក្រុមហ៊ុនលុបចោលការយកថ្លៃទាំងស្រុងបានទេ ប៉ុន្តែយ៉ាងហោចណាស់គួររក្សាតម្លៃដែលពួកគាត់អាចទទួលយកបាន។

លោកបញ្ជាក់ថា៖ «សំណូមពរ បើអាចជួយបានសូមឲ្យតម្លៃដដែលទៅបានហើយ ពីពេលមុនចឹងហា យើងមិនអាចស្នើសុំអត់លុយសោះទេ»។

លោក ដង សេរី បានសម្តែងការខកចិត្តចំពោះការឆ្លើយតបរបស់រដ្ឋបាលខេត្ត ដោយថា នៅពេលប្រជាពលរដ្ឋស្នើសុំអន្តរាគមន៍ដោះស្រាយបញ្ហា អាជ្ញាធរបែរជាឆ្លើយថាត្រូវរង់ចាំការសម្រេចពីថ្នាក់លើ។

លោក ដង សេរី បាននិយាយថា៖ «ដល់ពេលមានបញ្ហាចឹងសុំឲ្យខេត្តអន្តាគមន៍ខេត្តបែរជាសួរថ្នាក់លើ។ តើរដ្ឋបាលរបស់កម្ពុជានឹងចាំតែនាយករដ្ឋមន្ត្រី១ឬក៏យ៉ាងណានៅតែមិនយល់?»។

លោកក៏ស្នើឱ្យមានជម្រើសផ្លូវធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋ ដោយមិនតម្រូវឱ្យបង់ថ្លៃប្រើប្រាស់ផ្លូវរបស់ក្រុមហ៊ុនជាចាំបាច់ ព្រោះលោកយល់ថា ផ្លូវមួយចំនួនជាផ្លូវរបស់រដ្ឋ និងមិនមែនជាកម្មសិទ្ធិឯកជនទាំងអស់នោះទេ។

លោកលើឡើងថា៖ «ហើយទុកផ្លូវជាជម្រើសឲ្យពួកខ្ញុំផង ជាជម្រើសរបស់ប្រជាពលរដ្ឋផង ទៅរត់ឬមិនទៅរត់ ព្រោះផ្លូវធម្មតាក្នុងនាមជាប្រជាពលរដ្ឋនៅខេត្តសៀមរាបក៏ដឹងខ្លះៗទាក់ទងទៅនឹងផ្លូវព្រលាននេះមិនមែន របស់ក្រុមហ៊ុនទិញដាច់ទាំងអស់ទេ វាមានផ្លូវចាស់របស់រដ្ឋដែរ ។ ប្រសិនជាដីទិញឯកជនដាច់ជួនណាគាត់ដាក់ផ្លាករបស់ឯកជន ផ្លូវណារបស់ពលរដ្ឋពួកបងមានជម្រើសតើ។បើពួកបងមិននចង់ឡើងផ្លូវព្រលានពួកបងជិះផ្លូវផ្សេងទៅ »​។​

លោកបន្ថែមថា ការដំឡើងថ្លៃសេវានេះបង្កភាពអយុត្តិធម៌ដល់អ្នកប្រកបរបរនៅខេត្តសៀមរាប ខណៈសេដ្ឋកិច្ចកំពុងជួបការលំបាក ទំនិញឡើងថ្លៃ និងចំណូលប្រចាំថ្ងៃមិនគ្រប់គ្រាន់សម្រាប់ជីវភាព។

តារាងតម្លៃនៃប្រភេទយានយន្តដែលឆ្លងកាត់ផ្លូវចូលទៅព្រលានយន្តហោះខេត្តសៀមរាបថ្មី ដែលកសាងឡើងដោយក្រុមហ៊ុនចិន និងគ្រប់គ្រងរយៈពេល៥៥ឆ្នាំ។ រូបថតថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)
តារាងតម្លៃនៃប្រភេទយានយន្តដែលឆ្លងកាត់ផ្លូវចូលទៅព្រលានយន្តហោះខេត្តសៀមរាបថ្មី ដែលកសាងឡើងដោយក្រុមហ៊ុនចិន និងគ្រប់គ្រងរយៈពេល៥៥ឆ្នាំ។ រូបថតថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

ឆ្លើយតបនឹងការស្នើសុំនេះ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ បានប្រាប់ថា រដ្ឋបាលខេត្តកំពុងពិភាក្សាជាមួយក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋាន និងស្នើសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំ ដើម្បីឱ្យក្រុមហ៊ុនពិចារណារក្សាតម្លៃចាស់ ឬពន្យារពេលការអនុវត្តតម្លៃថ្មីដែលគ្រោងចាប់ផ្តើមនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោកមានប្រសាសន៍ថា៖ «ឥលូវយើងកំពុងតែចរចារជាមួយនឹងក្រុមហ៊ុន យើងនឹងសុំគោលការណ៍ អន្តរាគមន៍ពីថ្នាក់ដឹកនាំ ជាពិសេសសម្តេចបវមហាធិបតីរបស់យើងដើម្បីសុំឲ្យគាត់ជួយអន្តរាគមន៍ដើម្បីជួយក្រុមហ៊ុនរក្សាការបញ្ចុះតម្លៃហ្នឹងនៅដដែល»។

លោកបន្ថែមថា រដ្ឋបាលខេត្តក៏បានស្នើឱ្យក្រុមអ្នកដឹកជញ្ជូនអត់ធ្មត់ និងរង់ចាំការសម្រេចពីថ្នាក់ដឹកនាំ ដោយមិនគួរចាត់វិធានការបិទផ្លូវឡើយ ព្រោះអាចប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងមុខមាត់ខេត្តសៀមរាប។

លោកថ្លែងថា៖ «សុំឲ្យបងប្អូនពាក់ព័ន្ធទៅនឹងការដឹកជញ្ជូនភ្លៀវព្រលានយន្តហោះដែលប្រើប្រាស់ផ្លូវសុំឲ្យគាត់អត់ធ្មត់ការសម្រេចរបស់ថ្នាក់ដឹកនាំ គាត់នឹងយល់លំបាកដល់បងប្អូនប្រជាពលរដ្ឋ គាត់នឹងជួយ ប៉ុន្តែសុំកុំឲ្យគាត់ធ្វើអីដែលខុសច្បាប់ដែលធ្វើឲ្យប៉ះពាលដល់ខេត្តយើង ដូចជាប្រទេសយើង បាតុកម្មបិទផ្លូវភ្លៀវទេសចរណ៍គេមក គេឃើញចឹងវាអត់ល្អមើលទេ»។

ជាមួយគ្នានេះ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា បានសង្កេតឃើញថា ការដំឡើងថ្លៃសេវាប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋាននៅពេលនេះ អាចបង្កបន្ទុកបន្ថែមដល់អ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវទេសចរ ដែលកំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ចស្រាប់។

លោកយល់ថា ការវិនិយោគលើអាកាសយានដ្ឋានគឺជារឿងមួយ ប៉ុន្តែការយកថ្លៃលើផ្លូវចូល-ចេញដែលប្រជាពលរដ្ឋ និងមធ្យោបាយដឹកជញ្ជូនត្រូវប្រើប្រាស់ដើម្បីទៅដល់អាកាសយានដ្ឋាន គួរត្រូវបានពិចារណាឡើងវិញ ហើយក្រុមហ៊ុនគួរផ្តោតលើការផ្តល់សេវាកម្ម និងការគិតថ្លៃនៅក្នុងបរិវេណអាកាសយានដ្ឋាន ជាជាងយកថ្លៃលើការធ្វើដំណើរតាមផ្លូវចូល-ចេញ។

លោកថ្លែងថា៖«មានផលប៉ះពាល់ធ្ងន់ពីព្រោះពួកគាត់កំពុងតែត្រូវការភ្ញៀវហើយពួកគាត់កំពុងតែពាក់ព័ន្ធនឹងការចំណាយច្រើនហើយសាំងក៏កំពុងតែឡើងថ្លៃដែរហើយ ហ្គាសក៏ឡើងថ្លែងថាវិបត្តិទំនិញទីផ្សារដូចជាសាំង ដូចជាហ្គាសដូចជាគ្រឿងបន្លាស់ថយន្តពួកគាត់ផ្សេងៗកំពុងមានបញ្ហាដែលកំពុងតែឡើងថ្លៃដែរ»។ លោកបានបន្តថា៖ «សួរថាប៉ះពាល់ជីវភាពរបស់គាត់ទេ គឺប៉ះធ្ងន់ធ្ងរ យើងមិនគួរណាធ្វើឲ្យមានបញ្ហាបន្ថែមហើយធ្វើប៉ះពាល់ដល់ជីវភាពពួកគាត់ភ័យជួបផលលំបាកបន្ថែមទេពេលនេះរួចយើងនិយាយថាពីទឹកចិត្តអ្នកដែលរកស៊ីក្នុងវិស័យទេសចរហ្នឹងវាយកអីជាដើមដែលខ្ទេចខ្ទាំ»។

លោក ម៉ម រិទ្ធី បន្ថែមថា ការដំឡើងថ្លៃសេវានេះក៏មិនសមស្របនឹងស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្នដែរ ដោយសារអ្នកប្រកបរបរក្នុងវិស័យទេសចរណ៍កំពុងជួបការលំបាកក្នុងការរកចំណូល ខណៈតម្លៃប្រេងឥន្ធនៈ ហ្គាស និងគ្រឿងបន្លាស់រថយន្តក៏ជាបន្ទុកចំណាយមួយទៀត។

លោកស្នើឱ្យរដ្ឋបាលខេត្តសៀមរាប ក្រសួងពាក់ព័ន្ធ និងក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋាន ពិចារណាឡើងវិញចំពោះការដំឡើងថ្លៃសេវានេះ ដោយលោកចង់ឱ្យមានការលុបចោលការយកថ្លៃប្រើប្រាស់ផ្លូវ ឬយ៉ាងហោចណាស់រក្សាតម្លៃចាស់ដែលអ្នកប្រកបរបរអាចទទួលយកបាន​។

លោកមានប្រសាសន៍ថា៖ «សំណូមពរទៅដល់រដ្ឋាភិបាលក្រសួងពាក់ព័ន្ធហើយនឹង ជាពិសេសគេអ៊ីចឹងគេសាលាខេត្តសៀមរាបដែលប្រជាជនមានទីពឹងពំនាក់ថាជាម៉ែជាឪអីទៅរកឲ្យមានការជួយសម្របសម្រួលការដោះស្រាយ»។ លោកបន្ថែមថា៖ «ខ្ញុំស្នើសុំសាលាខេត្តសៀមរាបជាពិសេសអភិបាលខេត្តសៀមរាប សូមមេត្តាជួយសម្របសម្រួលកុំឲ្យមានការឡើងថ្លៃបន្ថែមដើម្បីជួយសម្រួលទៅដល់ពួកគាត់ដែលកំពុងតែរកស៊ីក្នុងអាជីវកម្មមួយនេះមិនគួរណាមានការបន្ថែមតម្លៃទេ ហើយខ្ញុំជឿជាក់ថាសាលាខេត្តសៀមរាបនឹងយកចិត្តទុកដាក់និងជួយដោះស្រាយ​សម្របសម្រួលទៅដល់ប្រជាជននៅខាងក្នុងខេត្តសៀមរាបជាពិសេសអ្នកដែលពាក់ព័ន្ធក្នុងវិស័យទេសចរណ៍»។

គួររំឭកថា កាលពីខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានយល់ព្រមបញ្ចុះតម្លៃសេវាប្រើប្រាស់ផ្លូ​វចូល-ចេញអាកាសយានដ្ឋានរយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ តាមរយៈការសម្របសម្រួលរបស់គណៈកម្មការចំពោះកិច្ចដែលដឹកនាំដោយលោក ស៊ុន ចាន់ថុល។ កិច្ចព្រមព្រៀងនោះក៏បានកំណត់មិនយកថ្លៃចំណតសម្រាប់រថយន្តតូចដែលចូលក្នុងអាកាសយានដ្ឋានក្រោម១៥នាទី និងរថយន្តប្រភេទផ្សេងទៀតក្រោម៣០នាទីផងដែរ។

ជាមួយគ្នានេះ តាមស្ថិតិទេសចរណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៦ របស់ក្រសួងទេសចរណ៍ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២ ៤៦៤ ០៣៣នាក់ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៦ ថយចុះ៤៣,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានចំនួនជិត៤,៤លាននាក់។ ខណៈភ្ញៀវទេសចរជាតិដែលធ្វើដំណើរកម្សាន្តក្នុងប្រទេសមានចំនួនជាង២៧,២លាននាក់ កើនឡើង៤៦,១ភាគរយ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម