សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កសិករកម្ពុជាស្វែងរកការគាំទ្របន្ថែម ខណៈការចំណាយកើនឡើង និងស្ថានភាពអាកាសធាតុកាន់តែអាក្រក់ទៅៗ

កសិករ​ម្នាក់​កំពុង​បាចជី​ក្នុង​ស្រែ​មួយ​កន្លែង​ក្នុង​ខេត្ត​កណ្ដាលកាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ២០២៦​។ (ខេមបូចា/ព្រីង សំរាំង)
កសិករ​ម្នាក់​កំពុង​បាចជី​ក្នុង​ស្រែ​មួយ​កន្លែង​ក្នុង​ខេត្ត​កណ្ដាលកាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ២០២៦​។ (ខេមបូចា/ព្រីង សំរាំង)

កសិករកម្ពុជាអំពាវនាវឱ្យមានគោលនយោបាយរដ្ឋ​រឹងមាំជាង​មុន​ ការផ្តល់ជំនួយ​ហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសបន្ថែមទៀត ខណៈពួកគាត់​កំពុងជួបការលំបាកដោយសារការប្រែប្រួលអាកា​ស​ធាតុ ការកើនឡើងនៃការចំណាយ​លើ​គ្រាប់ពូជ និង​ជីកសិកម្ម ព្រមទាំងលទ្ធភាពមានកម្រិតក្នុងការចូលទៅកាន់ទីផ្សារ។

នៅឆ្នាំនេះ កសិករនៅប្រទេសកម្ពុជា និងទូទាំងតំបន់ បានទទួលរងផល​ប៉ះពាល់​ដោយ​សារ​ការ​កើន​ឡើង​នូវ​តម្លៃ​ប្រេងឥន្ធនៈ និងជីកសិកម្ម ដែលជាប់ពាក់ព័ន្ធនឹងជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។ ទន្ទឹមនឹងនេះ អ្នកព្យាករណ៍ក៏បានព្យាករ​ផងដែរអំពីបាតុភូតអ៊ែនីញ៉ូ​ដ៏ខ្លាំងមួយ ដែលអាចនាំមកនូវកម្ដៅខ្លាំង​ និងគ្រោះរាំងស្ងួត។

អង្គការអាក់​សិន​អេតកម្ពុ​ជា​ (AAC) ជាអង្គការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងធ្វើការជាមួយសហគមន៍ក្រីក្របំផុតនៅក្នុងប្រទេស បានចេញសេចក្តីថ្លែងការណ៍មួយស្តីពីយុត្តិធម៌អាកាសធាតុ កាលពីថ្ងៃអង្គារ ដោយសហការជាមួយដៃគូក្នុងស្រុកជាង ១០ស្ថាប័ន។

អង្គការ​ទាំងនោះ​បានអំពាវនាវឱ្យមានការពង្រីកវិស័យ​កសិ​អេកូឡូស៊ី​ ជាវិធីសាស្ត្រមួយដែល​អនុវត្តគោលការណ៍បរិស្ថានក្នុងការធ្វើកសិកម្ម និងការផលិតស្បៀងអាហារ ដើម្បីជួយដល់កសិករខ្នាតតូចនៅក្នុងប្រទេស។ ពួកគាត់​ក៏បានជំរុញឱ្យរដ្ឋាភិបាលបង្កើនការវិនិយោគនៅក្នុងវិស័យនេះផងដែរ។

សេចក្តីប្រកាសនេះផ្តោតលើខេត្តពោធិ៍សាត់ កំពង់ធំ កំពត ឧត្តរមានជ័យ និងកោះកុង។ អង្គការអាក់សិន​អេត​កម្ពុជា​បានធ្វើការស្ទង់មតិកសិករចំនួន ២៥៦នាក់ និងមន្ត្រីមូលដ្ឋានចំនួន ៥១​នាក់ អំពីតម្រូវការរបស់ពួកគេ បន្ទាប់មកពិនិត្យមើល​ឡើងវិញនូវលទ្ធផលទាំងនោះជាមួយកសិករ និងមន្ត្រីចំនួន៣៨នាក់។ ប្រហែល ៦២ភាគរយ​ នៃកសិករដែលត្រូវបានស្ទង់មតិបានលើកឡើងថា ពួកគាត់​ជួបប្រឈម​បញ្ហាពាក់ព័ន្ធនឹងអាកាសធាតុ ទឹក ដី និងគ្រាប់​ពូជ ព្រមទាំង​ខ្វះចំណេះដឹងផ្នែកបច្ចេកទេស លទ្ធភាពចូលទៅកាន់ទីផ្សារ និងហិរញ្ញវត្ថុ។

លោក គឹមសាន ចាន់តារា នាយកស្តីទីប្រចាំប្រទេសរបស់អង្គការ AAC បានមានប្រសាសន៍ថា៖ “ការងារនេះមានគោលបំណងចម្បងក្នុងការកាត់បន្ថយការពឹងផ្អែកលើការនាំចូលវត្ថុ​ធាតុ​ដើម​កសិកម្ម​ លើកកម្ពស់សុវត្ថិភាពចំណីអាហារ ធានាការគ្រប់គ្រងធនធានធម្មជាតិប្រកប​ដោយនិរន្តរភាព និងពង្រឹងភាពធន់របស់សហគមន៍ទៅនឹងការប្រែប្រួលអាកាសធាតុ”។

វិធីសាស្ត្រនេះទទួលបានការពេញនិយមក្នុងចំណោមកសិករ​ ដែលបានជំពាក់បំណុលដោយ​សារ​ចំណាយ​លើ​ការ​ទិញថ្នាំសម្លាប់សត្វល្អិត និងជីគីមី។

អ្នកស្រី ហុក ឡៃឃាង ជាកសិករម្នាក់នៅឃុំកំពង់លួង ខេត្តពោធិ៍សាត់ បាននិយាយថា កាលពី​មុន អ្នក​ស្រី​ពឹងផ្អែកលើវិធីសាស្ត្រធ្វើកសិកម្ម ដែលរៀន​តៗគ្នាពីឪពុកម្តាយ។ អ្នក​ស្រី​ដាំបន្លែសម្រាប់បរិភោគក្នុងគ្រួសារ ដោយមិនបានគិតពីតម្រូវការរបស់ទីផ្សារឡើយ។ ភ្លៀងធ្លាក់ខ្លាំងតែងតែធ្វើឱ្យដំណាំរបស់អ្នក​ស្រី​រលួយ ខណៈកង្វះ​ទឹកនៅរដូវប្រាំងធ្វើឱ្យការដាំដុះបន្លែជួបការលំបាក ហើយសត្វល្អិតក៏បង្កការខូចខាតកាន់តែខ្លាំងផងដែរ។

អ្នក​ស្រី​បាននិយាយថា ការបណ្តុះបណ្តាលកសិអេកូឡូស៊ី​ ពីអង្គការនានា​ បានជួយកែលម្អទិន្នផលដំណាំរបស់អ្នក​ស្រី​ និងនាំមកនូវប្រាក់ចំណូលសម្រាប់គ្រួសាររបស់អ្នក​ស្រី​។

អ្នក​ស្រី​បាន​និយាយថា៖ «តាមរយៈវិធីសាស្ត្រកសិអេកូឡូស៊ី​ យើងប្រើប្រាស់ផ្ទះសំណាញ់ដើម្បីកាត់បន្ថយផលប៉ះពាល់ពីកម្ដៅ និងភ្លៀងធ្លាក់ខ្លាំង។ យើងដាំបន្លែដែលត្រូវការទឹកតិច ហើយចំពោះដំណាំខ្លះ​ យើងលែងចាំបាច់ទិញគ្រាប់ពូជទៀតហើយ»។

ប៉ុន្តែអ្នកស្រី ឡៃ​ឃាង បាននិយាយថា អ្នក​ស្រី​ចង់ឱ្យពង្រីក​ការគាំទ្រដល់តំបន់ផ្សេងៗទៀត ជា​ពិសេសដល់ស្ត្រីជាកសិករ ដើម្បីឱ្យពួកគេអាចរៀនសូត្រជំនាញ ដែលចាំបាច់សម្រាប់ការដាំ​បន្លែ។

អ្នកស្រី សៅ ស្រីពៅ ជាប្រធានក្រុមកសិករនៅឃុំត្រពាំងភ្លាំង ខេត្តកំពត បាននិយាយ​ថា កសិករនៅទីនោះខ្វះខាតទឹកសម្រាប់ស្រោចស្រព និងជួបប្រទះបញ្ហាសត្វល្អិតបំផ្លាញដំណាំកាន់តែខ្លាំងនៅរដូវប្រាំង។ ចំណែកឯនៅរដូវវស្សាវិញ ភ្លៀងធ្លាក់ខ្លាំងអាចបណ្តាលឱ្យបន្លែ និងដំណាំផ្សេងៗទៀតរលួយខូច។

អ្នកស្រី ស្រីពៅ បាន​និយាយថា៖ «យើងនឹងបាត់បង់ប្រាក់ចំណូល»។ អ្នក​ស្រី​បានបន្ថែមថា កសិករនឹងត្រូវខិតខំធ្វើការកាន់តែខ្លាំង ហើយនឹងកាន់តែ​ងាយ​រងគ្រោះ​ ខណៈដែលជីវភាពរស់នៅរបស់គ្រួសារនឹងរងផលប៉ះពាល់ផងដែរ។

ទោះបីជាកសិករនៅក្នុងសហគមន៍របស់អ្នកស្រី​បានរៀនសូត្រអំពីកសិអេកូឡូស៊ី​ខ្លះៗហើយក៏ដោយ ក៏អ្នកស្រី សៅ ស្រីពៅ បានលើកឡើងថា រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍មិនគួរឈប់គាំទ្រពួកគាត់​ឡើយ។ អ្នក​ស្រី​បានអំពាវនាវឱ្យមានការគាំទ្រផ្នែកគោលនយោបាយ និងជំនួយ​ហិរញ្ញវត្ថុពីរដ្ឋាភិបាល ក៏ដូចជាពីអង្គការផ្សេងៗទៀត។

អ្នក​ស្រីនិយាយថា៖ «យើងនៅតែត្រូវការអង្គការដៃគូ និងរដ្ឋាភិបាល ដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេសថ្មីៗ និងប្រព័ន្ធធារាសាស្ត្រ ដោយសារសហគមន៍នៅតែមិនទាន់មានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ពេញមួយឆ្នាំនៅឡើយ»។

លោក អ៊ឹម មុនីចូត មន្ត្រីនៃក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងថា កសិករខ្នាតតូច និងក្រុមដែលងាយរងគ្រោះ ទទួលបានចំណែកតិចតួចប៉ុណ្ណោះពីថវិកាដែលមាន។ លោកបានអំពាវនាវដល់អង្គការមិនមែនរដ្ឋាភិបាល និងដៃគូផ្សេងទៀតរបស់រដ្ឋាភិបាល ឱ្យបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុ។

លោកមាន​ប្រសាសន៍ថា៖ «អ្នកចងការប្រាក់​ក៏គួរពិចារណាផ្តល់អត្រាការប្រាក់ទាបជាងមុនដល់កសិករដែរ»។

អ្នកស្រី កែវ វណ្ណារី សមាជិកក្រុមប្រឹក្សាឃុំប្រឡាយ ខេត្តកំពង់ធំ និងជាសកម្មជនសិទ្ធិស្ត្រី បានលើកឡើងថា អាជ្ញាធរមូលដ្ឋានគួរតែពង្រឹងចំណេះដឹង និងដើរតួនាទីកាន់តែសកម្មក្នុងការអភិវឌ្ឍវិស័យកសិអេកូឡូស៊ី​ នៅក្នុងសហគមន៍របស់ខ្លួន ជាជាង​ពឹងផ្អែកទាំងស្រុងទៅលើអង្គការ​ផ្តល់ជំនួយ។

អ្នក​ស្រី​និយាយថា​៖ «ឃុំនីមួយៗមានថវិកាប្រចាំឆ្នាំសម្រាប់ការអភិវឌ្ឍ រួមទាំងវិស័យកសិកម្មផង​ដែរ ប៉ុន្តែបញ្ហាប្រឈម គឺថា តើមន្ត្រីមូលដ្ឋានចេះបែងចែកថវិកាទាំងនោះ ដើម្បីគាំទ្រដល់វិស័យ​កសិអេកូឡូស៊ី​ដែរឬទេ»។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលបានចង្អុលបង្ហាញពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថា ជាមធ្យោបាយមួយ ដើម្បីជួយដល់កសិករ។

លោក វ៉ាន់ ព្រំឡូម៉ា អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា អាទិភាពរបស់ក្រសួងរួមមាន ការសាងសង់ផ្លូវថ្នល់ ដែលលោកចាត់ទុកថា ជា «ខ្សែជីវិត» សម្រាប់ប្រជាកសិករ និងការផ្តល់ទឹកស្អាតព្រមទាំងអនាម័យ​។

លោកបានមានប្រសាសន៍ថា ក្រសួងក៏បានគាំទ្រដល់សហគមន៍នានាផងដែរ តាមរយៈកម្មវិធីដូចជាសហករណ៍កសិកម្មជាដើម។ កម្ពុជាបានទទួលស្គាល់ជាផ្លូវការនូវក្រុម ដែលគ្រប់គ្រងដោយកសិករទាំងនេះនៅឆ្នាំ២០០១ ហើយកសិករប្រើប្រាស់ក្រុមទាំងនេះ ដើម្បីប្រមូលថវិកា និងធនធានរួមគ្នា។

លោក ព្រំ​ឡូម៉ា​ បានលើកឡើងថា៖ «ក្រសួងកំពុងអនុវត្តការងារលើផ្លូវជនបទដែលមានភាពធន់រួចហើយ ប៉ុន្តែថវិកា គឺជាបញ្ហាប្រឈមមួយក្នុងការពង្រីកវិសាលភាពនៃផ្លូវទាំងនោះ»។

លោក​បានបន្ថែមថា ទឹកជំនន់ធ្វើឱ្យការរៀបចំផែនការជួបការលំបាក។ លោក​បានមាន​ប្រសាសន៍ទៀត​ថា៖ «យើងមិនអាចព្យាករបានច្បាស់លាស់ថា តើទឹកនឹងមកពីណា ឬហូរទៅទីណា។ ប្រសិនបើយើងមានបច្ចេកវិទ្យាផ្កាយរណប យើងអាចនឹងព្យាករបាន ប៉ុន្តែគ្រោះមហន្តរាយមិនអាចព្យាករបានទាំងស្រុងនោះទេ»៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodian Farmers Seek More Support as Costs Rise, Climate Worsens

ព័ត៌មានថ្មី

អត្ថបទពេញនិយម