ក្រសួងទេសចរណ៍ឱ្យដឹងថា ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិចូលមកប្រទេសកម្ពុជាមានចំនួនជាង ២,៤លាននាក់ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៦នេះ ដែលតួលេខនេះថយចុះប្រមាណជាង ៤៣,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានភ្ញៀវសរុបចំនួនដល់ទៅប្រមាណជិត ៤,៤លាននាក់។
តាមរយៈស្ថិតិទេសចរប្រចាំខែកញ្ញា ឆ្នាំ២០២៦ របស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរអន្តរជាតិដែលចូលមកប្រទេសកម្ពុជាក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៦នេះ មានចំនួនសរុប ២ ៤៦៤ ០៣៣នាក់ ថយចុះចំនួន ៤៣,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥។
ទន្ទឹមនឹងនេះ ភ្ញៀវទេសចរអន្តរជាតិដែលមកប្រទេសកម្ពុជាច្រើនជាងគេ គឺភ្ញៀវទេសចរពីប្រទេសវៀតណាមដែលមានចំនួនសរុប ៦៥១ ៤៨៦នាក់ ថយចុះ ២៨,១ភាគរយ ភ្ញៀវទេសចរចិនមានចំនួន ៦៤៣ ៣១៤នាក់ ថយចុះ ២៧,៦ភាគរយ ឯភ្ញៀវទេសចរពីសហរដ្ឋអាមេរិកមានចំនួន ១៤០ ២៧៦នាក់ ថយចុះ ៥,៦ភាគរយ។
យ៉ាងណាមិញស្ថិតិទេសចរដដែលឱ្យដឹងថា ចំនួនភ្ញៀវទេសចរណ៍ជាតិដែលដើរកម្សាន្តនៅទូទាំងប្រទេសកម្ពុជាមានចំនួនសរុប ២៧ ២២៧ ៣៧៧នាក់ ដែលចំនួននេះកើនឡើងចំនួន ៤៦,១ភាគរយ បើធៀបនឹងរយៈពេល ៩ខែដូចគ្នានៃឆ្នាំ២០២៥។
លោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍លើកឡើងថា ទោះបីជាភ្ញៀវទេសអន្តរជាតិថយចុះ ក៏ប៉ុន្តែទេសចរណ៍ក្នុងស្រុកមានការកើនឡើង ដែលនេះបញ្ជាក់ថាកម្ពុជាមានសុវត្ថិភាពសម្រាប់អ្នកទេសចរ។
លោក តុប សុភ័ក មានប្រសាសន៍ថា៖ «ការថយចុះនេះដូចដែលយើងបានដឹងទាំងអស់គ្នាហើយ ពាក់ព័ន្ធទៅនឹងកត្តាជាច្រើនទាំងកត្តាខាងក្នុង ហើយនិងកត្តាខាងក្រៅ។ ប៉ុន្តែទោះជាស្ថានភាពទេសចរអន្តរជាតិថយចុះក៏ពិតមែន ក៏ប៉ុន្តែសញ្ញាណនៃការកើនឡើងរបស់ទេសចរណ៍ផ្ទៃក្នុង[…]ការកើនឡើងនៃទេសចរជាតិក៏ជាសញ្ញាណមួយបញ្ជាក់ថា កម្ពុជារបស់យើងជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព ហើយដែលអាចមានស្ថិរភាព មានសុវត្ថិភាព និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរកម្សាន្ត»។
លោកថា រដ្ឋាភិបាលនិងក្រសួងទេសចរណ៍បានខំសហការជាមួយស្ថាប័នពាក់ព័ន្ធរួមទាំងវិស័យឯកជនផង ដើម្បីរួមគ្នាដាក់ចេញគោលនយោបាយ និងការផ្សព្វផ្សាយពីប្រទេសកម្ពុជាដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើន។
លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា សង្កេតឃើញថា បញ្ហាដែលអាចជះឥទ្ធិពលដល់ទេសចរណ៍រួមមានស្ថានភាពនយោបាយនៅកម្ពុជា បញ្ហាឆបោកតាមអនឡាញ បញ្ហាព្រំដែន បញ្ហាជំងឺផ្សេងៗ ព្រមទាំងបញ្ហានៅតំបន់មជ្ឈិមបូព៌ាជាដើម។
លោក ម៉ម រិទ្ធី មានប្រសាសន៍ថា៖ «ខ្ញុំគិតថាបញ្ហាទាំងអស់នេះវាជះឥទ្ធិពលមកលើប្រទេសយើងខ្លាំងមែនទែន។ ហើយយើងមិនបានរៀបចំផែនការយុទ្ធសាស្រ្ត ដែលលំអិតហើយឆ្លុះបញ្ចាំងទៅលើបញ្ហាទាំងអស់នេះទេ យើងច្បាស់ជាពិបាកនឹងទទួលយកភ្ញៀវអន្តរជាតិ ហើយយើងក៏ពិបាកនឹងជ្រោងសេដ្ឋកិច្ចប្រទេសយើងតាមរយៈវិស័យទេសចរណ៍នេះខ្លាំងណាស់»។
ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍រូបនេះក៏ចង់ឱ្យស្ថាប័នពាក់ព័ន្ធពិនិត្យយុទ្ធសាស្រ្តជំរុញទេសចរដែលមានស្រាប់ ដោយពិនិត្យមើលគុណភាព តម្លាភាព គណនេយ្យភាពរបស់យុទ្ធសាស្ត្រទាំងនោះ ដោយសារលោកយល់ថា យុទ្ធសាស្ត្រទាំងនោះហាក់មិនសូវបានផលតាំងពីអនុវត្តកាលពីអំឡុងពេលវិបត្តជំងឺកូវីដ១៩មក។
លោកបានផ្តល់យោបល់ថា៖ «នៅក្នុងអំឡុងពេលនេះខ្ញុំអាចនិយាយបានថា ក្រសួង(ទេសចរណ៍)គួរតែប្រជុំ អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ក្នុងហ្នឹងតាំងអស់តាំងពីក្រសួង ទាំងពីអង្គការសង្គមស៊ីវិល ទាំងសហជីព ទាំងអ្នកអាជីវកម្មផ្សេងៗ ក្រសួងគួរតែមានការប្រជុំ ហើយទទួលយកយោបល់របស់ពួកគាត់ ដើម្បីយកទៅពិចារណាឡើងវិញ[…]យើងត្រូវការឱ្យមានអ្នកជំនាញគាត់បញ្ចេញមតិ យើងត្រូវតែបើកចិត្តឱ្យទូលាយដើម្បីទទួលយក ទោះបីមានផលប៉ះពាល់»។

ចំណែកឯលោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជាវិញ ចំពោះបញ្ហាថយចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាមិនមានអ្វីចម្លែកទេ និងជារឿងធម្មតា ពីព្រោះពីខែមេសា ដល់ខែតុលាស្ថិតក្នុងរដូវកាលដែលមិនសម្បូរភ្ញៀវទេសចរ គួបផ្សំនឹងកត្តាផ្សេងៗមួយចំនួនទៀតដូចជាបញ្ហានៅមជ្ឍិមបូព៌ា និងបញ្ហាព្រំដែនជាដើម ដែលប៉ះពាល់ដល់ការដើរកម្សាន្តរបស់ទេសចរដែរ។
លោក ឌិន សុមេធារិទ្ធ មានប្រសាសន៍ថា៖ «អាជីវកម្មខាងផ្នែកទេសចរណ៍ជាមួយបរទេសហ្នឹង ភាគច្រើនយើងសម្បូរភ្ញៀវពីខែ១១ ខែ១២ ខែ១ ខែ២ ភ្ញៀវច្រើនជាងគេ ៤-៥ខែដល់ខែមីនាហ្នឹងក៏គួរសមដែរ។ អ៊ីចឹងខ្ញុំចង់និយាយខ្លីថាក្នុងវិស័យហ្នឹង យើងរកស៊ីប្រហែល ៥ខែមកចិញ្ចឹម ៧ខែ ហើយវាមិនមែនទើបតែឥឡូវទេ ស្រុកណាក៏ជួបដែរ ក្បែរៗយើងដូចតែគ្នាទេ»។
ជាមួយគ្នានេះ សុមេធារិទ្ធ ប្រាប់ថា អ្វីដែលជាបញ្ហានោះគឺរឿងមានចំនួនសណ្ឋាគារច្រើនមិនថានៅរាជធានីភ្នំពេញ ឬខេត្តសៀមរាបទេ ដែលធ្វើឱ្យគ្រប់ម្ចាស់កន្លែងស្នាក់នៅទាំងនោះពិបាករកបានភ្ញៀវ ស្របពេលរដូលកាលមិនសម្បូរភ្ញៀវទេសចរផង។
ប្រធានសហព័ន្ធទេសចរណ៍កម្ពុជារូបនេះលើកឡើងថា៖ «រដ្ឋត្រូវតែអន្តរាគមន៍រឿងហ្នឹង កុំចេះតែឱ្យ license (អាជ្ញាបណ្ណអាជីវកម្ម)ច្រើនពេក[…]រដ្ឋគួរតែកម្រិត license ហ្នឹងសម្រាប់វិស័យអស់ហ្នឹង ព្រោះម្នាក់ៗចេះតែបើកៗទៅសម្លាប់គ្នាអស់ហើយ ប្រជែងគ្នាឱ្យអតិថិជនហ្នឹងមានជម្រើសច្រើនណាស់ ដូចកន្លែងមួយចំនួន Service apartment ខ្ញុំមិនបាច់បញ្ចេញឈ្មោះទេ យកមួយយប់តែ ៣៥(ដុល្លារ)ហ្នឹង អ៊ីចឹងHotel(សណ្ឋាគារ)រកស៊ីម៉េចឈ្នះ?»។
ជុំវិញបញ្ហានេះ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាយល់ឃើញថា បញ្ហាថយចុះនៃភ្ញៀវទេសចរនេះជាបញ្ហាសកលដែលបណ្ដាប្រទេសនានាលើពិភពលោកកំពុងជួបប្រទះបញ្ហានេះដូចគ្នា ដោយសារកត្តាមួយចំនួនរួមមាន បញ្ហាសង្គ្រាមរ៉ុស្ស៊ីអ៊ុយក្រែន សង្គ្រាមមជ្ឈិមបូព៌ា ការឡើងថ្លៃធានារ៉ាប់រង ការឡើងថ្លៃនៃសេវាដឹកជញ្ជូន និងបញ្ហាថយចុះនៃសេដ្ឋកិច្ចអឺរ៉ុបជាដើម។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះថា ទោះបីជាកម្ពុជាមានយុទ្ធសាស្ត្រផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរយ៉ាងណាក៏ដោយ ក៏មិនអាចទទួលបានផលភ្លាមៗដែរ តែវានឹងហុចផលនាពេលខាងមុខ។
លោក គី សេរីវឌ្ឍន៍ លើកឡើងថា៖ «យុទ្ធសាស្ត្រគឺមិនអាចធ្វើជាយុទ្ធសាស្ត្រសម្រាប់ធ្វើឱ្យទាក់ទាញឱ្យមកភ្លាមៗបានទេ គឺត្រូវតែជាយុទ្ធសាស្ត្រសម្រាប់ទាញភ្ញៀវទេសចរសម្រាប់រយៈពេលខាងមុខ។ អ៊ីចឹងការផ្សព្វផ្សាយ ការរៀបចំខ្លួន ការផ្ដល់សេវា ត្រូវតែធ្វើដោយរលូនហើយទៅជាកញ្ចប់»។
លោកបន្ថែមថា៖ «មានតាំងពីអ្នកផ្ដល់សេវាមុនគេនៅព្រលានយន្តហោះ ខាងប៉ូលិសអន្តោប្រវេសន៍ ខាងដឹកជញ្ជូន[…]អ៊ីចឹងគួរតែបង្កើតជាកញ្ចប់ទេសចរណ៍រួមមួយ ហើយជាពិសេស គឺការប្រើ APP(កម្មវិធីទូរសព្ទ) មកដល់ព្រលានយន្តហោះត្រូវតែមាន APP មួយ ដើម្បីឱ្យភ្ញៀវទេសចរអាចស្កេនហើយអាចធ្វើដំណើរ គាត់ដឹងអំពីថ្លៃ អំពីការចំណាយ ដឹកពីកន្លែងស្នាក់នៅអីហ្នឹងមានភាពងាយស្រួល»។
គួរជម្រាបជូនថា កន្លងមករដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួនដើម្បីជំរុញទាំងទេសចរក្នុងស្រុក និងទេសចរណ៍អន្តរជាតិតួយ៉ាងការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4F កាលពីឆ្នាំ២០២៥។ យុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦» និង ការលើកលែងទិដ្ឋាការសាកល្បងដល់ប្រជាពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែន PRC ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ជាដើម៕










