ការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងយ៉ាងពិសេស តាមបែបស្តងដារអន្តរជាតិ ព្រោះកម្ពុជាបានកំណត់យកព្រឹត្តិការណ៍នេះ ដើម្បីជាភាពគំរូ សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗចំនួន៣ជាប់គ្នា ហើយពិធីបើកកីឡាជាតិលើកនេះ នឹងមានការបង្ហាញនូវទស្សនីយភាពដ៏អស្ចារ្យ ជាមួយការបង្ហាញនូវក្បាច់គុនអត្តសញ្ញាណជាតិ របាំ សិល្បៈប្រពៃណីគ្រប់ទម្រង់ ពិសេសការបង្ហាញពីប្រភពនៃ «ស្បៃខ្មែរ» ឱ្យបរទេសបានឃើញកាន់តែច្បាស់ ចៀសវាងភាន់ច្រឡំ និងជឿទៅលើប្រទេសជិតខាងកម្ពុជា ដែលខំកាឡៃប្រវត្តិសាស្រ្តថា «ស្បៃ» ជារបស់ខ្លួន។
ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC), គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា, សមាគមបវរកញ្ញាកម្ពុជា, សមាគមសិល្បករខ្មែរ និងសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងសហព័ន្ធកីឡាជាតិចំនួន៣២ និងភាគីពាក់ព័ន្ធជាច្រើនទៀត បានត្រៀមខ្លួនរួចហើយ ដើម្បីរួមគ្នារៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៥នេះ ឱ្យបានល្អបំផុត ទាំងទៅលើបច្ចេកទេស ការប្រកួត និងការបង្ហាញនូវទស្សនីយភាពប្លែកៗជាច្រើន ដើម្បីធ្វើឱ្យមានការទាក់ទាញខ្លាំង ដូចពេលកម្ពុជា ធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែរ។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងជាអគ្គលេខាធិការ NOCC បានថ្លែងនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី៧ ខែតុលាថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៥នេះ គឺជាការត្រៀមខ្លួនយ៉ាងសំខាន់ និងជាការវាស់ស្ទង់សមត្ថភាពរបស់កម្ពុជា ក្នុងដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗចំនួន៣ រួមមានព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨ ព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេមអាស៊ី ឆ្នាំ២០២៩ និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០៣១។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «កីឡាជាតិ លើកនេះ យើងធ្វើដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន៣ជាប់គ្នា ហើយវាជាលើកដំបូងផងដែរ ដែលកម្ពុជាបានទទួលសិទ្ធិ ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗទាំង៣នេះ»។
អ្នកជំនាញកីឡារូបនេះ បានលម្អិតថា ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨ មានកម្រិតប្រហាក់ប្រហែលស៊ីហ្គេម ដោយមាន១១ប្រភេទ ចំណែកកីឡាប៉ារ៉ាហ្គេមអាស៊ី ឆ្នាំ២០២៩ និងកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ជាការប្រកួតកម្រិតទ្វីប មាន៤៥ប្រទេសដូចគ្នា អ៊ីចឹងការដឹកនាំចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជា គឺកាន់តែទទួលបាននូវទំនុកចិត្តរៀបចំព្រឹត្តិការណ៍ធំឡើងៗ ចាប់ពីកម្រិតអាស៊ាន១១ប្រទេសដល់កម្រិតអាស៊ី ៤៥ប្រទេស ហើយយើងនឹងនាំគ្នាសុបិនទៅរកការធ្វើម្ចាស់ផ្ទះអូឡាំពិកហ្គេម មាន២០៥ប្រទេស នៅក្នុងរយៈពេលណាមួយ។
លោកបញ្ជាក់ថា៖ «អានេះជាសុបិនរបស់យើង ហើយមហិច្ឆតារបស់មនុស្ស ត្រូវតែដាក់គោលដៅ ដើម្បីយើងទាំងអស់គ្នាធ្វើបានល្អ ទៅតាមការកំណត់គោលដៅនោះ អ៊ីចឹងក្នុងនាមក្រសួងអប់រំ និង NOCC គឺយើងរួបរួមគ្នា ដើម្បីធ្វើការងារនេះ ប៉ុន្តែបើគ្មានការចូលរួមពីគ្រប់ផ្នែកទាំងអស់ គឺយើងមិនអាចធ្វើបានទេ ព្រោះទំហំនៃការរៀបចំរបស់យើង ដើម្បីបង្ហាញសក្តានុពលជាតិ បង្ហាញពីយុវជនរបស់យើង ដែលមានភាពក្លាហានធ្វើព្រឹត្តិការណ៍ធំបាន»។
យ៉ាងណាក៏ដោយ លោក វ៉ាត់ ចំរើន បានទទួលស្គាល់ថា ការរៀបចំព្រឹត្តិការណ៍កីឡាមួយឱ្យបានល្អ វាមិនមែនជាការងារងាយស្រួលនោះទេ ប៉ុន្តែយើងត្រូវជម្នះរាល់ការងារលំបាកទាំងអស់នោះដើម្បីធ្វើវាឱ្យទទួលបានជោគជ័យ។
លោកបានលើកឡើងថា៖ «ប្រពន្ធផ្សព្វផ្សាយទាំងអស់ នឹងផ្សព្វផ្សាយទូទាំងប្រទេស និងទៅក្រៅប្រទេស ចំពោះព្រឹត្តិការណ៍របស់យើង ហើយមហាជន និងប្រជាពលរដ្ឋ គឺគាត់ចាំទស្សនាតែអ្វីដែលយើងបង្ហាញពីភាពល្អឥតខ្ចោះ នៅក្នុងសក្តានុពលសិល្បៈវប្បធម៌ អរិយធម៌ និងកីឡារបស់យើង ប៉ុន្តែអ្នកធ្វើ ត្រូវជួបឧបសគ្គ គ្រេចដៃគ្រេចជើង បែកដៃបែកជើង និងស្ត្រេសទាំងអស់គ្នាសិន ទើបបង្ហាញភាពល្អបាន អ៊ីចឹងទាមទារឆន្ទៈនៅក្នុងការចូលរួមធ្វើកិច្ចការទាំងអស់នេះ»។

នៅក្នុងការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦នេះ បែងចែកការងារធំៗចំនួន៣ ទី១ ការងារពិធីបើក-បិទ និងពិធីផ្សេងៗទៀត ទី២ ភាពអស្ចារ្យ នៅក្នុងការប្រកួត ដែលមានស្តង់ដារ ហើយទី៣ គឺការបដិសណ្ឋារកិច្ច ទទួលរៀបចំស្នាក់នៅ ហូបចុក ធ្វើដំណើរ ការការពារសុខសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ដល់គ្រប់ប្រតិភូកីឡា មកពី២៥រាជធានី-ខេត្ត។
នៅក្នុងចំណុចទាំង៣នេះ លោក វ៉ាត់ ចំរើន បញ្ជាក់ថា៖ «បើយើងធ្វើឱ្យពិធីបើក-បិទផ្ទុះធំ គឺយើងនឹងទាញឱ្យប្រជាពលរដ្ឋ និងមតិជាតិ-អន្តរជាតិចាប់អារម្មណ៍ ដូចស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាយើងបានរៀបចំអ៊ីចឹង ហេតុនេះជ័យជម្នះ និងភាពអស្ចារ្យរបស់ព្រឹត្តិការណ៍កីឡា គឺពិធីបើក និងបិទនេះតែម្តង»។
លោកបន្ថែមថា៖ «ទោះយើងធ្វើកីឡាជាតិនេះ ក៏យើងទទួលយុវជន សិស្សនិស្សិតមកពី ២៥រាជធានី-ខេត្ត គឺគាត់មកជួបជុំគ្នា ក្នុងពេលវេលាតែមួយ អ៊ីចឹងយើងក៏ត្រូវតែធ្វើអីដែលសំខាន់ គឺការបដិសណ្ឋារកិច្ច ទទួលរៀបចំស្នាក់នៅ ហូបចុក ធ្វើដំណើរ ការការពារសុខសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់។ ធ្វើអាហ្នឹងបានល្អទៅ ព្រឹត្តិការណ៍របស់យើង ឈានទៅទទួលបានជោគជ័យហើយ»។
ចំណែកលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦នេះ នឹងចាប់ផ្តើមពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ខេត្តកែប កំពង់ឆ្នាំង និងខេត្តស្វាយរៀង ក្រោមប្រធានបទ «កីឡាជាតិដើម្បីឯកភាពជាតិ» ដោយក្នុងនោះកីឡាជាតិ មាន៣២ប្រភេទកីឡា និងកីឡាជាតិជនពិការមាន ១០ប្រភេទកីឡា សរុប ៣០៤ វិញ្ញាសា ដោយមានប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុប ៤ ៧៧៣ នាក់។
អ្នកទាំងអស់នេះ នឹងត្រូវប្រកួតប្រជែងតំណាងឱ្យ២៥ រាជធានី-ខេត្ត និង៣ក្រសួង គឺក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំណែកពិធីបើកជាផ្លូវការ នឹងប្រារព្ធឡើង នៅថ្ងៃទី៧ ខែវិច្ឆិកា ចាប់ពីល្ងាចម៉ោង៦ទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ហើយពិធីបិទ ធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិកដូចគ្នា នៅថ្ងៃទី ១៣ ខែតុលា ក្រោមអធិបតីភាពលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
កម្ពុជានឹងបង្ហាញគ្រប់ទម្រង់សិល្បៈ ពិសេស «ស្បៃខ្មែរ» ដើម្បីបង្ហាញពីភាពជាម្ចាស់ដ៏ពិតប្រាកដ
នៅក្នុងពិធីបើកផ្លូវការនៃការប្រកួតកីឡាជាតិ លើកទី៥ ឆ្នាំ២០២៦ នាថ្ងៃទី៧ ខែវិច្ឆិកាខាងមុខនេះ ក្រុមបវរកញ្ញា បុរសឯក ប្រមាណ៥០នាក់ និងសិល្បករសិល្បការិនី ជាច្រើននាក់ទៀត បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីរួមគ្នាបង្ហាញនូវទស្សនីយភាពប្លែកៗ និងដ៏អស្ចារ្យជាច្រើន មានទាំងការច្រៀងចម្រៀងបុរាណ-សម័យ របាំ សិល្បៈគ្រប់ទម្រង់ ជាពិសេសការបង្ហាញពី «ស្បៃខ្មែរ» ដើម្បីឱ្យអន្តរជាតិ បានឃើញកាន់តែច្បាស់ថា «ស្បៃ» ជារបស់ខ្មែរដ៏ពិតប្រាកដ មិនមែនដូចការទាមទារចង់បានរបស់ថៃនោះទេ។
លោកស្រី យ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានសមាគមបវរកញ្ញាកម្ពុជា បានឱ្យដឹងថា សមាគមបវរកញ្ញាកម្ពុជា បានរៀបចំសមាសភាពបវរកញ្ញាកម្ពុជា មកពីស្ថាប័ន និងក្រុមហ៊ុនជាច្រើនដូចជា Miss World , Miss Univers, Miss Universal Woman, Miss international, Miss Supranational ត្រៀមខ្លួនក្នុងការចូលរួមដោយស្ម័គ្រចិត្តក្នុងស្មារតី ដើម្បីជាតិ បង្ហាញពីគ្រប់ទម្រង់ «ស្បៃខ្មែរ» ក្នុងកម្មវិធីបើកកីឡាជាតិ លើកទី៥ ជាផ្លូវការខាងមុខនេះ។
សម្រាប់ការបង្ហាញខ្លួនជាលើកដំបូងរបស់សមាគមបវរកញ្ញាកម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡាជាតិនេះ លោកស្រី យ៉ែម មរកត បានឱ្យដឹងថា បវរកញ្ញា២រូប ដែលមានឥទ្ធិពល និងប្រជាប្រិយភាពខ្លាំង គឺ កញ្ញា អ៊ិន លក្ខិណា ជា Miss World Cambodia និងបវរកញ្ញា កុយ អេនណា អនុប្រធានសមាគមបវរកញ្ញាកម្ពុជា នឹងចូលរួមរត់ភ្លើងគប់ ជានិមិ្មតរូបនៃថាមពលស្រ្តីក្នុងសង្គមខ្មែរ។
ជាមួយគ្នានេះ បរវកញ្ញាដ៏មានប្រជាប្រិយអ្នកទាំង២នេះ ក៏នឹងចូលរួមជាមួយបវរកញ្ញា និងបុរសឯកប្រមាណ៥០នាក់ទៀត ដើម្បីផ្សារភ្ជាប់វិស័យបវរកញ្ញា ជាមួយវិស័យកីឡា និងចូលរួមអភិរក្ស លើកស្ទួយអត្តសញ្ញាណវប្បធម៌ជាតិ តាមរយៈការបង្ហាញឈុតសម្លៀកបំពាក់ប្រពៃណីបុរាណ «ស្បៃខ្មែរ» រក្សាមរតកដូនតា កុំឱ្យប្រទេសជិតខាងរំលោភបំពានយក។
លោកស្រី មរកត បញ្ជាក់ថា៖ «បវរកញ្ញា និងបុរសឯក ចំនួន ៥០ រូប ស្មើនឹង២៥គូ នឹងចូលរួមដោយស្ម័គ្រចិត្តក្នុងស្មារតីស្ម័គ្រចិត្តដើម្បីជាតិ បង្ហាញពីគ្រប់ទម្រង់ «ស្បៃខ្មែរ» គឺយើងដាក់ឱ្យផ្ទុះតែម្តង ព្រោះថៃកំពុងរករឿងនឹងស្បៃខ្មែរ អ៊ីចឹងខ្ញុំស្នើសុំឱ្យដាក់បវរកញ្ញា និងបុរសឯកឱ្យបានច្រើន ដើម្បីបង្ហាញនូវស្បៃខ្មែរ ហើយបច្ចុប្បន្ន ស្បៃខ្មែរ កំពុងតែប្រទាំងប្រទើសទាញទៅទាញមករវាងថៃ និងកម្ពុជា អ៊ីចឹងបវរកញ្ញា និងបុរសឯក ជាអ្នកផ្សព្វផ្សាយ និងអភិរក្សនូវគ្រប់ទម្រង់នៃស្បៃខ្មែរ ដែលជាកេរមរតកដូនតាយើង»។
ជាមួយគ្នានេះ ការផ្តល់ឱកាសដល់បវរកញ្ញា និងបុរសឯក បង្ហាញខ្លួនក្នុងពិធីបើកកីឡាជាតិនេះ លោកស្រី យ៉ែម មរកត ថា គឺដើម្បីលើកទឹកចិត្តដល់យុវជនយុវតី ដែលជាម្ចាស់ជ័យលាភីក្នុងវិស័យបវរកញ្ញា និងបុរសឯក មានឱកាសបានចូលរួមបង្ហាញសមត្ថភាព ទេពកោសល្យរបស់ខ្លួនក្នុងព្រឹត្តការជាតិធំៗ ព្រមទាំងតម្កល់ខ្លួនជាគំរូដ៏ប្រពៃក្នុងការលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់កុមារ យុវជន យុវតី ឱ្យហ៊ានស្វែងរកក្តីស្រមៃ មានទំនុកចិត្តលើខ្លួនឯង និងក្លាយជាកម្លាំងចលករដ៏ធំដើម្បីជាតិ ជាពិសេសចូលរួមផ្សព្វផ្សាយចលនាវិស័យកីឡាឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

បវរកញ្ញា អ៊ិន លក្ខិណា បានបង្ហាញមោទនភាពខ្លាំង សម្រាប់ការត្រៀមខ្លួនបង្ហាញឈុតសម្លៀកបំពាក់ប្រពៃណីបុរាណរបស់ដូនតាខ្មែរ ជាពិសេស «ស្បៃខ្មែរ» ក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិ លើកទី៥នេះ ដោយកញ្ញាយល់ថា នេះជាពេលវេលាដ៏មានតម្លៃ ដែលបវរកញ្ញា និងបុរសឯកមកពីស្ថាប័នផ្សេងគ្នា ត្រូវរួមគ្នាបង្កើនស្មារតីស្រឡាញ់ និងការពារវប្បធម៌ជាតិ ព្រមទាំងដាស់តឿនស្មារតីរបស់ពួកយើង ក៏ដូចជាប្រជាជនកម្ពុជា ឱ្យមានការរួបរួម ស្រឡាញ់ សាមគ្គី និងទាមទារនូវសន្តិភាពនៅក្នុងប្រទេសរបស់យើង។
លក្ខិណា បានឱ្យដឹងថា៖ «ខ្ញុំពិតជាមានអារម្មណ៏រំភើបខ្លាំងមែនទែន ក្នុងការជួយទៅដល់សង្គមជាតិ ក៏ដូចជាប្រទេសជាតិរបស់ខ្ញុំ ក្នុងការការពារនូវវប្បធម៌របស់ជាតិ ហើយអ្វីដែលសំខាន់មួយទៀត គឺការដើរស្បៃខ្មែរនេះ យើងមានការចូលរួមពីបវរកញ្ញាជាច្រើន មកពីស្ថាប័នផ្សេងគ្នា»។
ជុំវិញការអះអាងរបស់ភាគីថៃ ដែលថា «ស្បៃ» ជារបស់ថៃនោះ អ៊ិន លក្ខិណា បានអះអាងថា វាមិនអាចទៅរួចទេ តែខ្មែរយើងក៏ត្រូវខំប្រឹងប្រែងការពារឱ្យបានល្អដូចគ្នា ហេតុនេះការគ្រងឈុត «ស្បៃខ្មែរ» របស់បវរកញ្ញា នៅក្នុងព្រឹត្តិការណ៍កីឡាជាតិនេះ ពិតជាមានអាទិភាព ក្នុងការផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីជាតិខ្មែរ ព្រោះរាល់បវរកញ្ញា សុទ្ធតែមានអ្នកគាំទ្រផ្ទាល់ខ្លួនច្រើន ទាំងក្នុង និងក្រៅប្រទេស។
កញ្ញាបន្តថា៖ «ស្បៃខ្មែរ ជារបស់យើង គ្មាននរណាមកកាត់ថ្លៃលើវប្បធម៌របស់យើងបាននោះទេ តែអ្វីសំខាន់ ទាល់តែយើងរួបរួមនៅក្នុងប្រទេសជាតិយើងដូចគ្នា ក្នុងការបង្ហាញស្បៃ ក៏ដូចជាវប្បធម៌បុរាណខ្មែររបស់យើងឱ្យបានច្រើន ហើយខ្ញុំគិតថា នេះជាចំណុចសំខាន់ ក្នុងការការពារវប្បធម៌របស់យើងទាំងអស់គ្នា»។
អ៊ិន លក្ខិណា បន្ថែមថា៖ «បើគេចង់បាន យើងគួរការពារឱ្យបានល្អ! បើសិនជាយើងការពារអត់បានល្អទេ វាអាចនឹងមានរឿងមួយកើតឡើង ដែលយើងនឹកស្មានមិនដល់ដូចគ្នា អ៊ីចឹងខ្ញុំសង្ឃឹមថា ប្រជាជនកម្ពុជា រួបរួមគ្នាការពារវប្បធម៌ ហើយអ្នកទាំងអស់គ្នា ត្រូវគាំទ្រនៅពេលឃើញនរណាមួយកំពុងការពារវប្បធម៌ ក៏ដូចជាស្លៀកពាក់ស្បៃខ្មែរ និងឈុតបុរាណខ្មែរណាក៏ដោយ ដើម្បីឱ្យវីដេអូទាំងអស់ហ្នឹង កាន់តែរីកសាយនៅក្នុងបណ្តាញសង្គម និងអាចផ្ទុះចេញទៅខាងក្រៅ ឱ្យប្រទេសផ្សេងៗ បានឃើញដូចគ្នា»។
ចំណែកលោក ប៊ុត ចាន់ណា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា នៅក្នុងពិធីបើកកីឡាជាតិ លើកទី៥នេះ ក្រសួងបានលើកជាទម្រង់ទស្សនីយភាពចម្រុះ និងមានភាពសម្បូរបែបនៃប្រទេសកម្ពុជា ក្នុងនោះដែរ លោកស្រី យ៉ែម មរកត បានរៀបចំសម្លៀកបំពាក់ ស្បៃខ្មែរ ទាំងស្បៃរបៀបបុរាណ និងស្បៃសម័យបច្ចុប្បន្ន។
លោកថ្លែងថា មានគោលការណ៍៣ សម្រាប់បង្ហាញ ទី១ យើងចង់បង្ហាញពីភាពសម្បូរបែបនៃសិល្បៈ និងរបាំខ្មែរ ទី២ បង្ហាញពីល្ខោនខោល ដែលជាសម្បត្តិបេតិកភណ្ឌអរូបី និងមនុស្សជាតិ ដែលយើងបានបញ្ចូលទៅអង្គការយូណេស្កូហើយ ទី៣ ការបង្ហាញនូវរបាំបុរាណ ដែលជាប្រភពដើមនៃស្បៃខ្មែរ ដើម្បីបង្ហាញពីភាពជាម្ចាស់នៃស្បៃខ្មែរ ដោយពេលនេះកំពុងមានការប្រទាញប្រទង់គ្នាជាមួយថៃ។
លោក ប៊ុត ចាន់ណា បញ្ជាក់ថា៖ «កម្ពុជាមានអំណះអំណាងនៃស្បៃខ្មែរ នៅចម្លាក់អង្គរ ប៉ុន្តែភាគីថៃ នៅតែទាមទារថា ជារបស់គេ ហេតុនេះការរួមចំណែកផ្សព្វផ្សាយ «ស្បៃខ្មែរ» របស់បវរកញ្ញា របស់សមាគមបវរកញ្ញាកម្ពុជា ពិតជាសំខាន់ ហើយសមាគមសិល្បករខ្មែរ ក៏អាចជួយបានខ្លះ ក្នុងទស្សនីយភាពនៃការបង្ហាញ «ស្បៃខ្មែរ» នៅក្នុងព្រឹត្តិការណ៍កីឡាជាតិនេះផងដែរ»។
លោកបន្ថែមថា៖ «ទស្សនីយភាពនេះ មានរំលេចស្បៃខ្មែរជាច្រើន គឺខាងបវរកញ្ញា ក៏ស្បៃខ្មែរ ខាងសមាគមសិល្បៈ ក៏ស្បៃខ្មែរ ហើយខាងអ្នករបាំ ក៏ស្បៃខ្មែរ តាមរបៀបបុរាណ ហេតុនេះសិល្បៈ និងកីឡា ជាក្តីសង្ឃឹមរបស់ជាតិខ្មែរ។ ខ្មែរចង់រស់ក្រោមម្លប់សន្តិភាព ខ្មែរមិនចង់មានអ្វីដែលកើតឡើងទេ ស្នាមញញឹមខ្មែរ ជាស្នាមញញឹមសន្តិភាព»៕










