សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
ពាណិជ្ជកម្ម

កក្តាសុវត្ថិភាព និងបញ្ហា​ទឹកជំនន់នៅ​ថៃ ធ្វើឱ្យកម្ពុជាសម្រេច​ដកប្រភេទកីឡា​មួយចំនួនពីការប្រកួតស៊ីហ្គេម ឆ្នាំ​២០២៥

ប្រតិភូ​កីឡាកម្ពុជា ដែលត្រៀម​ចូលរួម​ការ​ប្រកួតស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេស​ថៃ ខណៈជួប​សំណេះសំណាលជាមួយ​រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន នៅ​វិមាន​សន្តិភាព កាលពី​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ (ខេមបូចា/ ស៊ា បញ្ញា)
ប្រតិភូ​កីឡាកម្ពុជា ដែលត្រៀម​ចូលរួម​ការ​ប្រកួតស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេស​ថៃ ខណៈជួប​សំណេះសំណាលជាមួយ​រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន នៅ​វិមាន​សន្តិភាព កាលពី​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ (ខេមបូចា/ ស៊ា បញ្ញា)

នៅសល់តែកីឡាចំនួន១៣ប្រភេទដែលកម្ពុជាសម្រេចចុងក្រោយ ដើម្បីបញ្ជូនទៅចូលរួមប្រកួតស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ទី២០ ខែធ្នូ ខាងមុខ ដោយកាត់បន្ថយពី២១ប្រភេទកីឡា ព្រោះតែបារម្ភពីសុវត្ថិភាព និងបញ្ហាទឹកជំនន់ នៅតំបន់រៀបចំប្រកួតមួយចំនួនរបស់ម្ចាស់ផ្ទះថៃ។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងអប់រំ យុវជន និង​កីឡា បានចេញ​​សេចក្តី​​ជូន​​ដំណឹង​រួម​គ្នា នៅព្រឹក​ថ្ងៃទី២៧ ខែវិច្ឆិកា​នេះ ស្តីពីការ​ធ្វើ​បច្ចុប្បន្នភាព នៃការ​ចូលរួម​ស៊ីហ្គេម លើក​ទី៣៣ ហើយ​ដោយ​សារ​ការ​គិត​គូរ​ខ្ពស់​ពី​សុវត្ថិភាព​កីឡាករ និង​កីឡាការិនី​ ជា​​អាទិភាព​​ចម្បង​​បំផុត និង​​ធានា​បាន​​ការ​​ចូល​​រួម​​ប្រកប​​ដោយ​​ការ​​ទទួល​​ខុស​​ត្រូវ​​ខ្ពស់​​បំផុត​នោះ កម្ពុជាសម្រេច​កាត់បន្ថយ​ពី ២១​ប្រភេទកីឡា​ មក​នៅ​ត្រឹម ១៣ប្រភេទ​កីឡា សម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍​នេះ។ ​

សេចក្តីជូនដំណឹងនេះ បញ្ជាក់​ថា៖ «ថ្នាក់​ដឹក​នាំ​​គណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា និង​ក្រសួង​អប់រំ យុវជន និងកីឡា ពិសេស​ទទួល​បាន​អនុសសាន៍​ណែនាំ​ដ៏​ខ្ពង់​ខ្ពស់បំផុត ​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល បាន​សម្រេច​ជា​ចុង​ក្រោយ កាត់​បន្ថយ​ហានិភ័យ​ជា​អតិប្បរមា ដោយ​រៀបចំ​កាត់​បន្ថយ​ចំនួន​ប្រភេទ​កីឡា ដែល​ប្រកួត​នៅ​សុងខ្លា តំបន់​ទឹក​ជំនន់​ចេញ និង​កីឡាមួយ​ចំនួ​ន​ទៀត»។

«បច្ចុប្បន្ន​ប្រតិភូ​កីឡា​កម្ពុជា​សរុប​មាន​ចំនួន​តែ ១៥០​នាក់ ក្នុង ១៣​ប្រភេទកីឡា​ប៉ុណ្ណោះ។ នេះ​ជា​ស្មារតី​បុរេ​សកម្ម និង​ការ​សម្រេច​ចិត្ត​ដ៏​លំបាក​របស់​ថ្នាក់​ដឹកនាំ ដើម្បីធានាឱ្យ​មាន​ការ​ចូល​រួម​ផង និ​ង​ធានា​សុវត្ថិ​ភាព​ខ្ពង់ ​ដល់​ប្រតិភូ​កីឡា​កម្ពុជា​ផង។ សង្ឃឹម​ថា បងប្អូន​ជន​រួម​ជាតិ​យោគ​យល់ អធ្យា​ស្រ័យ​ខ្ពង់ ​ចំពោះ​ការ​សម្រេច​ចិត្ត​ដ៏​លំបាក​នេះ»។  NOCC និងក្រសួងអប់រំ បានបញ្ជាក់បន្ថែម។

គួរបញ្ជាក់ថា សម្រាប់ការ​ប្រកួតស៊ីហ្គេម លើក​ទី៣៣ ឆ្នាំ២០២៥​នេះ ម្ចាស់​ផ្ទះថៃ បានសម្រេច​យក​ទីក្រុងបាងកក រួមទាំងខេត្តឈុនបុរី និង​ខេត្តសុងខ្លា ដើម្បីរៀបចំការ​ប្រកួត នៅលើ​ប្រភេទ​​​កីឡា​ចំនួន៥០ មាន​អត្តពលិក​ជាង ១២០០០នាក់ មកពី ១១​ប្រទេស ចូលរួម ប៉ុន្តែ​ពេល​នេះ ខេត្តសងខ្លា នៅភាគខាងត្បូងប្រទេស​ថៃ បាននឹងកំពុង​ទទួល​រងការជន់លិចខ្លាំង ដោយសារ​ទឹកជំនន់។

ម្ចាស់​ផ្ទះ​ថៃ បានសម្រេច​នាំ​យក​ប្រភេទកីឡា ដែល​ត្រូវ​ធ្វើ​នៅ​ខេត្ត​សង់ខ្លា ទៅ​រៀបចំ​នៅ​ខេត្ត ដែល​មិន​ទទួលរងការវាយប្រហារដោយទឹកជំនន់ ជំនួស​វិញ ប៉ុន្តែ​កម្ពុជាបាន​សម្រេច​រួច​ហើយ ក្នុងការ​ដក​ប្រភេទ​កីឡា​​របស់ខ្លួន ដែល​ត្រូវ​ប្រកួត​នៅ​ខេត្តសុងខ្លា រួមទាំងប្រភេទ​កីឡា ងាយ​រងសម្ពាធមួយចំនួន​ទៀត សរុប​ ៨ប្រភេទ ចេញពីការ​ប្រកួត​ស៊ីហ្គេម លើក​ទី ៣៣ នេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន​ផ្ញើ​លិខិត​ផ្លូវការ កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា ទៅកាន់​លោក Dato’ Seri Chaiyapak Siriwat នាយកប្រតិបត្តិសហ​ព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍ (SEAGF) ដើម្បីប្រាប់ពីសំណើ នៃ​ការ​ដក​ប្រភេទ​កីឡា​ចំនួន ៨ នេះ​រួច​ហើយ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ នៅក្នុង​លិខិតនោះ​ថា៖ «យើង​សរសេរ​លិខិត​នេះ ដើម្បីជម្រាប​ជា​ផ្លូវ​ការ​ដល់ SEAGF ថា កម្ពុជា​នឹង​ចូល​រួម​ក្នុង​កីឡា​ចំនួន​ដប់បី (១៣) ហើយ​នឹង​ដកខ្លួន​ចេញ​ពី​កីឡា​ចំនួន​ប្រាំបី (៨)។ ការ​កែ​តម្រូវ​នេះ ត្រូវ​បាន​ធ្វើ​ឡើងដោយសារ​តែ​កង្វល់​សន្តិ​សុខ​យ៉ាង​សំខាន់ ដែល​បង្ក​បញ្ហា​ប្រឈម​ដល់​ការ​ធានា​សុវត្ថិភាព និងការការពារ​អត្តពលិក និង​មន្ត្រី​របស់​យើង»

យ៉ាងណាក៏​ដោយ លោក វ៉ាត់ ចំរើន តាងនាម​ឱ្យ​ NOCC បាន​ថ្លែងអំណរគុណ​ដល់​សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ចំពោះការបន្តដឹកនាំរបស់ខ្លួន និងគណៈកម្មាធិការរៀបចំកីឡាស៊ីហ្គេមថៃ (THASOC) ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងការខិតខំប្រឹងប្រែងក្នុងការរៀបចំកីឡាស៊ីហ្គេមនេះ។ លោក​សម្តែងទំនុកចិត្តយ៉ាងពេញទំហឹង ចំពោះការរៀបចំកីឡាស៊ីហ្គេម ដ៏ជោគជ័យនាពេលខាងមុខនេះ។

លោក ចំរើន បានបញ្ជាក់​បន្ថែមក្នុងលិខិត​​ថា៖ «ទោះបីជាមានការកាត់បន្ថយចាំបាច់នេះក៏ដោយ កម្ពុជានៅតែប្តេជ្ញារក្សាការចូលរួមរបស់ខ្លួន នៅ​ក្នុង​កីឡា ​ដែល​លក្ខខណ្ឌ​អនុញ្ញាត​ឱ្យ​មាន​ការ​ចូល​រួម​ពី​សាធារណជន។ យើងសូមកោតសរសើរ​យ៉ាង​ជ្រាលជ្រៅ ចំពោះការយល់ដឹង និង​កិច្ច​សហ​ប្រតិបត្តិការ​របស់ SEAGF និង THASOC»។

តាមការ​បញ្ជាក់នៅក្នុងលិខិត​ផ្លូវការ កាលពី​ថ្ងៃពុធ​នោះ គឺ​កម្ពុជា​បាន​ស្នើដកប្រភេទ​កីឡាចំនួន៨ រួម​មាន​កីឡា​យូដូ ការ៉ាតេ បញ្ចស៊ីឡាត់ ប៉េតង់ ចំបាប់ វូស៊ូ បាល់ទាត់ និងសីប៉ាក់តាក្រ ហើយ​រក្សា​ទុក ១៣ ប្រភេទ​កីឡា មាន ហែលទឹក អត្តពលកម្ម កីឡាអេឡិចត្រូនិក គុនដាវ កាយសម្ព័ន្ធ ជឺជីតស៊ូ ឃីកបុកស៊ីង តេក្វាន់ដូ ជិះសេះ ម៉ូតូទឹក ទ្រីអាត្លុងបាល់ទាត់លើតុ និង បាល់ទះ។

ជុំវិញប្រធានបទ​នេះ មហាជនមួយចំនួន​ធំ នៅតែមិនអស់​ចិត្ត និងបន្តរិះគន់ ចំពោះការ​សម្រេច​បញ្ជូនប្រតិភូ​កីឡាកម្ពុជា ទៅចូលរួម​ប្រកួតស៊ីហ្គេម នៅប្រទេស​ថៃនេះ។ ពួកគាត់ បានលើកជាមតិយោបល់ សុំ​ឱ្យ​ដកប្រភេទកីឡា​ ១៣​ទៀត គឺមិន​ចាំបាច់​ទៅ​ចូលរួម​ទាំងអស់តែម្តង ដោយលើក​ហេតុផល​ថា ថៃស្អប់ខ្មែរ​យើង​ខ្លាំងណាស់ ហេតុនេះពួកគេ នឹង​ធ្វើបាប​អត្តពលិក​កម្ពុជា ជាមិនខាន។

ការប្រកួតកីឡាកាយសម្ព័ន្ធនារី ក្នុងព្រឹត្តិការណ៍កីឡាជាតិ កាលពី​ថ្ងៃទី៣០ ខែតុលា ឆ្នាំ​ ២០២៤ ហើយ​​ប្រភេទ​កីឡា​នេះ ក៏​នឹង​ត្រូវ​ចូល​រួមការ​​ប្រកួត​កីឡាស៊ីហ្គេម លើក​ទី៣៣ ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ​ផងដែរ។ (ខេមបូចា/ ស៊ា បញ្ញា)
ការប្រកួតកីឡាកាយសម្ព័ន្ធនារី ក្នុងព្រឹត្តិការណ៍កីឡាជាតិ កាលពី​ថ្ងៃទី៣០ ខែតុលា ឆ្នាំ​ ២០២៤ ហើយ​​ប្រភេទ​កីឡា​នេះ ក៏​នឹង​ត្រូវ​ចូល​រួមការ​​ប្រកួត​កីឡាស៊ីហ្គេម លើក​ទី៣៣ ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ​ផងដែរ។ (ខេមបូចា/ ស៊ា បញ្ញា)

តែទោះបីជា​យ៉ាងណា ចំពោះបញ្ហានេះ លោកឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា ហង់ជួន ណារ៉ុន បានថ្លែង​នៅចំពោះមុខ​ប្រតិភូកីឡា​​កម្ពុជា ត្រៀម​ទៅ​ប្រកួតស៊ីហ្គេម​នេះ នៅក្នុង​ពិធី​​ជួប​សំណេះសំណាល កាលពី​ថ្ងៃទី២៣ ខែវិច្ឆិកា​ថា កម្ពុជា នឹង​បាត់បង់​កិត្តិយស បើសិនជា​​ធ្វើ​​ពហិការ​មិនចូលរួម​ការ​ប្រកួត​កីឡាស៊ីហ្គេម ឆ្នាំ​២០២៥ ហើយ​ម្ចាស់​ផ្ទះ​ថៃ ក៏បាក់​មុខ​ខ្លាំង បើ​សិនជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កីឡាករ កីឡាការិនី និងប្រតិភូកីឡា​កម្ពុជា។

លោក ណារ៉ុន ថា កម្ពុជាបាន​គិតគូរពិចារណាទាំងលំបាក និង​ថ្លឹងថ្លែង​ច្បាស់​លាស់ ​ក្នុងស្ថានភាពដ៏តានតឹង ដែលកម្ពុជាបានជួបប្រទះជាមួយថៃ ប៉ុន្តែ​បើ​កម្ពុជាមិន​ចូលរួម​ស៊ីហ្គេម​នេះ ​នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់ធ្ងន់ធ្ងរ ស្របពេលកម្ពុជាកំពុងក្លាយជា​គោល​ដៅ ដែលប្រទេសក្នុងតំបន់ តាមដានយ៉ាងយកចិត្តទុកដាក់ អ៊ីចឹង​រឿងនេះ នឹងធ្វើឱ្យកម្ពុជាបាត់បង់កិត្តិយស ជាពិសេស ​គឺការបំបាក់មុខទៅ​ដល់អាស៊ាន ព្រោះស៊ីហ្គេម ជា​ព្រឹត្តិការណ៍​របស់អាស៊ាន​ទាំងមូល ដែលមានគណៈកម្មាធិការ​កីឡាអាស៊ាន ជាអ្នកត្រួតពិនិត្យ។

លោក​រដ្ឋមន្រ្តី បាន​បញ្ជាក់ថា៖ ​«ក្នុងករណី​យើងមិនបញ្ជូន​ទៅ ឬធ្វើពហិការ នឹង​ធ្វើ​ឱ្យប៉ះពាល់​ធ្ងន់​ជាង ដោយសារ​គេ​ថា យើង​ធ្វើ​ឱ្យប៉ះពាល់​ដល់​កិត្តិយស​អាស៊ាន​ អ៊ីចឹង​វាមិន​មែន​តែ​រឿងជាមួយម្ចាស់​ផ្ទះ​ទេ។ ម្ចាស់ផ្ទះថៃ គ្មានសិទ្ធិណាមួយ ក្នុងការសម្រេច​ថា មិនឱ្យកម្ពុជា ចូលរួម ឬ​មិនចូល​រួម​ឡើយ ប៉ុន្តែ​បើ​យើងមិនចូលរួម គេនឹងវ៉ៃ​យើង​ថា​ យើង​មិន​មែន​បំបាក់​មុខម្ចាស់​ផ្ទះ​ទេ តែ​បំបាក់​មុខ​​អាស៊ាន»។

យ៉ាង​ណាក៏​ដោយ លោក ហង់ជួន ណារ៉ុន បានសង្កត់ធ្ងន់​ទៅលើ​តួនាទី​របស់​ម្ចាស់​ផ្ទះ​​ថៃ ដែលត្រូវ​ផ្តល់នូវសន្តិសុខ និង​សុវត្ថិភាព​ដល់​ប្រតិភូកីឡាកម្ពុជា និងត្រូវ​រក្សា​ឱ្យបាន​នូវ​គោលការណ៍​​តម្លាភាព​ក្នុងការ​ប្រកួត​ប្រជែង ព្រោះ​បើ​ថៃបំពាន​លក្ខខណ្ឌទាំងអស់នេះ ថៃនឹង​បាក់​មុខ​ខ្លាំងជាមិនខាន។

លោក​បានសង្កត់ធ្ងន់​ថា៖ «រឿងស៊ីហ្គេម​នេះ យើងបានពិ​ភាក្សាគ្នា និងថ្លឹង​ថ្លែងមុននឹងសម្រេច ហើយ​ការសម្រេច​នេះ ដើម្បីផល​ប្រយោជន៍ជាតិ និង​កិត្តិយស​ជាតិ។ យើងយល់​ឃើញ​ថា ម្ចាស់​ផ្ទះ​ថៃ ត្រូវមានកាតព្វកិច្ច​ក្នុងការ​ថែ​រក្សា​សុវត្ថិភាព​របស់​ប្រតិភូ​កីឡា​យើង ផ្ទុយទៅវិញ​​បើ​មានរឿងអីកើត​ឡើង​ប៉ះពាល់​ដល់​កីឡាករ កីឡាការិនី​កម្ពុជា គឺ​ម្ចាស់​ផ្ទះ​​ថៃ នឹងបាក់​មុខវិញ»

ជាមួយគ្នានេះ ថ្នាក់ដឹកនាំ​ប្រតិភូកីឡា​ស៊ីហ្គេម​កម្ពុជា បាន​រៀបចំ​ក្រុម​អន្តរា​គមន៍​​ពិសេស​ សម្រាប់​​​ពិនិត្យ​​តាម​ដាន វាយតម្លៃ​សភាព​ការណ៍ និងការ​គ្រប់​គ្រងដល់​អត្តពលិក​របស់​ខ្លួន ដើម្បី​ធានាសុវត្ថិភាព ក៏​ដូចជា​ឆ្លើយតបទៅ​វិញ​ភ្លាមៗ នៅពេលមានវិបត្តិកើត​ឡើង ក្នុងការ​ចូលរួម​​ការ​ប្រកួត​ស៊ីហ្គេម​លើក​​នេះ។ នេះ​បើតាម​សេចក្តី​ប្រកាសព័ត៌មាន ​របស់​អគ្គនាយកដ្ឋាន​កីឡា​​នៃ​​ក្រសួងអប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា។

នៅក្នុងចំណុចទី៣ ដល់​ទី៥ នៃ​សេចក្តីប្រកាស​ព័ត៌មាន​​នេះ បញ្ជាក់ថា៖ «ថ្នាក់​ដឹកនាំ​ប្រតិភូ​កីឡា​ស៊ីហ្គេម​កម្ពុជា ​បាន​រៀបចំ​ក្រុម​អន្តរាគមន៍​​ពិសេស​ ​ពិនិត្យ​​តាម​ដាន វាយតម្លៃ​សភាព​ការណ៍ និង​ទំនាក់​ទំនង​ភ្លាមៗ​​ជាមួយ​​ក្រុម​​ការងារ​ទទួល​បន្ទុក​របស់​ភាគី​ថៃ និង​បានរៀបចំ​ផែន​ការ​គ្រប់​ជ្រុង​ជ្រោយ ​ចំពោះ​សុវត្ថិភាព​អត្តពលិក និង​ការ​គ្រប់​​គ្រង​​ពេល​​មាន​​វិបត្តិ»

ក្រុម​អន្តរាគមន៍​ពិសេស បាន​ដាក់​អនុវត្ត​គោល​ការណ៍​ណែ​នាំ​តឹង​រឹង និង​យន្ត​ការ​សន្តិ​សុខ ចំពោះ​​ប្រតិភូ និង​ក្រុមកីឡា ដើម្បី​ធានា​សន្តិសុខ​ក្នុង​ពេល​ស្នាក់​នៅ-ធ្វើ​ដំណើរ និង​សុវត្ថិភាព​ក្នុងពេល​ប្រកួតស៊ីហ្គេម លើកទី៣៣ នេះ។

អគ្គនាយកដ្ឋាន​កីឡា បានសង្កត់ធ្ងន់ នៅ​ក្នុងចំណុច​ទី​៥​ នៃ​សេចក្តីប្រកាសព័ត៌មានថា៖ «ក្រុម​ការងារ​ចុះ​ត្រួត​ពិនិត្យ​គ្រប់​ការ​ប្រកួត​ទាំង​អស់ ករណី​មាន​បញ្ហា​កើត​ឡើង ភាព​មិន​ប្រក្រតី នឹង​ពិនិត្យ​​នីតិវិ​ធី​ប្ដឹង​នៅ​នឹង​កន្លែង។ ចំពោះ​ករណី​កម្រិត​ធ្ងន់​ធ្ងរ ក្រុម​ការងារនឹង​ពិនិត្យ​​នីតិ​វិធី​បញ្ជូន​ប្រតិភូ​កីឡា​ត្រឡប់​មក​កម្ពុជា​វិញ»

71 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម