សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្ពុជាសម្រេច​បញ្ជូន​កីឡាចំនួន២១​ប្រភេទ ទៅ​​ប្រកួត​ស៊ីហ្គេម​នៅប្រទេស​ថៃ ប៉ុន្តែ​សហព័ន្ធគុនខ្មែរ និងប៊ីយ៉ា បានពហិការ

ការប្រកួតកីឡាកាយសម្ព័ន្ធ ក្នុងព្រឹត្តិការណ៍កីឡាជាតិ កាលពី​ថ្ងៃទី៣០ ខែតុលា ឆ្នាំ​២០២៤ ហើយ​​ប្រភេទ​កីឡា​នេះ ក៏​នឹង​ត្រូវ​ចូល​រួមការ​​ប្រកួត​កីឡាស៊ីហ្គេម លើក​ទី៣៣ ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ​ផងដែរ។ (ខេមបូចា/ ស៊ា បញ្ញា)
ការប្រកួតកីឡាកាយសម្ព័ន្ធ ក្នុងព្រឹត្តិការណ៍កីឡាជាតិ កាលពី​ថ្ងៃទី៣០ ខែតុលា ឆ្នាំ​២០២៤ ហើយ​​ប្រភេទ​កីឡា​នេះ ក៏​នឹង​ត្រូវ​ចូល​រួមការ​​ប្រកួត​កីឡាស៊ីហ្គេម លើក​ទី៣៣ ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ​ផងដែរ។ (ខេមបូចា/ ស៊ា បញ្ញា)

កម្ពុជាបានសម្រេច​ជា​ចុងក្រោយ ក្នុងការ​បញ្ជូនប្រតិភូកីឡា​​របស់ខ្លួនចំនួន ២១ ប្រភេទ ឱ្យ​ទៅចូលរួមការ​ប្រកួត​កីឡាស៊ីហ្គេម លើក​ទី៣៣ ឆ្នាំ​២០២៥ ដែលប្រទេស​ថៃ ធ្វើ​ជា​ម្ចាស់​ផ្ទះ ពី​ថ្ងៃទី៩ ដល់​ទី២០ ខែធ្នូ ប៉ុន្តែសហព័ន្ធកីឡា​ប្រដាល់​គុនខ្មែរ និងសហព័ន្ធ​កីឡាប៊ីកម្ពុជា បាន​ពហិការ​មិនចូលរួម​ទេ ព្រោះនៅ​តែ​បារម្ភ​ពីបញ្ហា​អសន្តិសុខ និងសុវត្ថិភាព។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា (NOCC) បាន​ឱ្យ​ដឹង​ថា កម្ពុជានឹងបញ្ជូនប្រតិភូកីឡាសរុប​​៣៣២នាក់ ក្នុងនោះមានកីឡាករ កីឡាការិនី ​២២២នាក់ ដោយពួកគេ នឹង​ត្រូវ​ប្រកួតប្រជែង នៅលើប្រភេទ​កីឡាចំនួន២១ រួមមាន​​កីឡា​អត្តពលកម្ម ហែលទឹក ជិះសេះ គុនដាវ កាយសម្ព័ន្ធ យូដូ តេក្វាន់ដូ(WT) ទ្រីយ៉ាត្លុង បាល់ទះ បាល់ទាត់ ចំបាប់ បញ្ចស៊ីឡាត់ ឃីកបុកស៊ីង ប៉េតង់ សីដក់ ម៉ូតូទឹក ការ៉ាតេ ជឺជីតស៊ូ វូស៊ូ បាល់ទាត់លើតុ និង​កីឡាអេឡិចត្រូនិក។

យ៉ាងណា​ក៏​ដោយ ចំពោះដំណឹង​នៃការ​សម្រេច​បញ្ជូន​ប្រតិភូកីឡា​កម្ពុជា ទៅចូលរួម​ការ​ប្រកួតស៊ីហ្គេម នៅប្រទេស​ថៃ​នេះ បានក្លាយជា​ប្រធានបទ​ក្តៅ ដែល​ត្រូវ​បានប្រជាពល​រដ្ឋកម្ពុជា និង​​មជ្ឈដ្ឋាន​ទូទៅ លើកយកមក​​វែងញែក​ខ្លាំង ព្រោះ​ពួកគេ នៅតែ​បារម្ភ​ទៅលើ​បញ្ហា​សុវត្ថិភាព និង​​សន្តិសុខ ដែល​អាច​កើត​មាន​ឡើង ចំពោះ​កីឡាករ កីឡាការិនី​ គ្រូបង្វឹក និងប្រតិភូ​កីឡា​កម្ពុជា ដោយសារបញ្ហាជម្លោះព្រំដែន​កម្ពុជា-ថៃ នៅតែមិនទាន់​មានភាពធូរស្រាលនៅឡើយ​ ហើយប្រជាជនថៃ ក៏កាន់តែមានកំហឹងមក​លើកម្ពុជា​ផងដែរ។

តែទោះបីជា​យ៉ាងណា ជុំវិញ​បញ្ហា និងក្តី​បារម្ភនេះ លោក វ៉ាត់ ចំរើន បាន​អះអាង​​ថា ការ​បញ្ជូន​ប្រតិភូ​កីឡាចំនួន២១ប្រភេទទៅ​ចូលរួមការ​ប្រកួត​ស៊ីហ្គេម​លើក​នេះ គឺ​ធ្វើ​ទៅតាមបទបញ្ញាត្តិកីឡា ក្រោមការ​អនុញ្ញាត​របស់​រាជរដ្ឋាភិបាល ហើយម្ចាស់​ផ្ទះ​ថៃ ក៏ដូចជា​គណៈកម្មាធិការអូឡាំពិក​ថៃ ក៏បានធានា ផ្តល់​សុខ​សុវត្ថិភាព​ដល់​ប្រតិភូ​កម្ពុជា​ផងដែរ។

លោកបាន​ប្រាប់​​កាលពី​ថ្ងៃ​សុក្រថា៖ «យើងអត់​មានការបារម្ភ​អ្វី​ទេ ដោយសារ​​ម្ចាស់​​ផ្ទះ ក៏ដូចជា​អូឡាំពិក​ថៃ គឺ​បានរៀបចំរក្សា​សុវត្ថិភាព និងពង្រឹងសន្តិសុខ​ឱ្យ​ប្រតិភូ​កម្ពុជា ចូលរួមការ​ប្រកួតហ្នឹង ហើយក៏ដូចជា​អប់រំ​ប្រជាពលរដ្ឋគេ​ដែរ អ៊ីចឹង​ក្នុងកម្រិត​ជា​កីឡា យើង​គោរពតាមបទបញ្ញាត្តិ​កីឡាជាតិ និងអន្តរជាតិ​ឱ្យបានល្អទាំងអស់​គ្នា»

លោក​បន្ថែម​ថា៖ «ការចូលរួម​នេះ ជាការបង្ហាញ​នូវឆន្ទៈ​ និងសាមគ្គី​ភាព មិត្ត​ភាព​របស់​យើង​ក្នុងវិស័យកីឡា និងពង្រឹងកាទូត​កីឡាជាមួយ​ប្រទេស​នៅក្នុងតំបន់​អាស៊ាន ក៏ដូចជា​ម្ចាស់​ផ្ទះដែរ គឺ​យើង​ត្រូវ​ធ្វើការ​រួមគ្នា អ៊ីចឹងរាជរដ្ឋាភិបាល​ បានផ្តល់​ភាពកក់ក្តៅ និងការ​អនុញ្ញាត​ឱ្យ​ចូលរួម​ ហេតុនេះ​យើង​ត្រូវ​តែ​ថែ​រក្សានូវជំហរនៃ​ការ​ផ្តល់​ភាពកក់ក្តៅ​នេះទាំងអស់​គ្នា»

យ៉ាងណា​ក៏ដោយ សម្រាប់ការ​សម្រេចជា​ចុងក្រោយ ក្នុងការ​បញ្ជូន​ប្រតិភូកីឡា ទៅចូលរួមការ​ប្រកួត ស៊ីហ្គេម លើក​ទី៣៣ ឆ្នាំ​២០២៥នេះ កម្ពុជាបានកាត់​បន្ថយ​ចំនួន​ប្រតិភូ​កីឡាពី​ចំនួន​ជាង ៦០០នាក់ ពេលចុះ​ឈ្មោះ​ដំបូង មក​សល់​ត្រឹម ៣៣២នាក់​ ហើយពួកគេ នឹង​ត្រូវដាក់​ឱ្យស្នាក់នៅជុំ​គ្នា នៅ​សណ្ឋាគារតែមួយ ក្នុង​ក្រុងបាងកក ដើម្បី​ងាយស្រួលគ្រប់​គ្រង និងការពារសុខសុវត្ថិភាព។

នៅត្រង់ចំណុចនេះ លោក វ៉ាត់ ចំរើន បាន​បញ្ជាក់ថា៖ «ដំបូង យើងត្រៀមចុះឈ្មោះជាង ៦០០នាក់ ប៉ុន្ដែក្រោយមក យើង​បាន​ចម្រាញ់ និងរៀបចំ យកតែកីឡាណា ដែលមានសក្ដានុពល និង​មិនមានហានិភ័យខ្លាំង។ យើងយកកីឡាណា ដែលយើងមានប្រៀបទៅលើការងារប្រកួត និងការងារ ដែលធ្លាប់មានស្នាដៃល្អនៅក្នុងការប្រកួតស៊ីហ្គេម ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ»។

ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន ដែល​ជា​រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និង​កីឡា ផង​នោះ បាន​ឱ្យដឹង​ថា កម្ពុជា ត្រូវតែ​បញ្ជូន​ប្រតិភូ​កីឡា​របស់​ខ្លួន ទៅ​ចូលរួមការប្រកួតព្រឹត្តិការណ៍​ស៊ីហ្គេម នេះ ដោយសារតែ កម្ពុជា ជាសមាជិកកីឡាអាស៊ីអាគ្នេយ៍ ហេតុនេះ​ កម្ពុជាត្រូវទៅ​​ចូលរួមប្រកួត ដើម្បី​ឱ្យ​ស្របតាមច្បាប់ និងធម្មនុញ្ញកីឡាអន្ដរជាតិ ក្នុងនាមជាសមាជិកសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍។ ប៉ុន្ដែ ករណីដែលអាចបង្កជាអសន្ដិសុខខ្ពស់ ឬហានិភ័យខ្ពស់ កម្ពុជា​ក៏មានសិទ្ធិបដិសេធមិនចូលរួមផងដែរ។

លោក​បញ្ជាក់ថា៖ «យោងទៅតាមច្បាប់កីឡាអន្ដរជាតិ ក្នុងនាមជាសមាជិករបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ យើងត្រូវទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម ដែលរៀបចំ២ឆ្នាំម្តងនេះ ព្រោះ​នេះជាច្បាប់ អ៊ីចឹង​យើង ត្រូវតែបំពេញកាតព្វកិច្ច ​ក្នុង​នាមជាសមាជិក។ លើកលែង តែក្នុងករណីដែលអសន្ដិសុខខ្ពស់ ឬហានិភ័យខ្ពស់ សម្រាប់យើង ទើបយើងមិនចូលរួម»

លោក វ៉ាត់ ចំរើន ​ពេល​ផ្តល់បទសម្ភាស​ឱ្យប្រព័ន្ធ​ផ្សព្វ​ផ្សាយ កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ប៉ុន្តែនៅ​ថ្ងៃទី២១ ខែវិច្ឆិកា កន្លងមកនេះ លោក​​បានលើកឡើង​ថា កម្ពុជានឹងបញ្ជូន​ប្រតិភូកីឡាចំនួន ២១ ទៅចូលរួមការ​ប្រកួត​កីឡា​ស៊ីហ្គេម លើកទី៣៣ ឆ្នាំ​២០២៥ នៅប្រទេស​ថៃ។ (ខេមបូចា/ ស៊ា បញ្ញា)

តែទោះបីជា​យ៉ាងណា សហព័ន្ធ​កីឡាប្រដាល់គុនខ្មែរ បានធ្វើពហិការ​មិនចូលរួមការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៥ ដែល​ថៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះទេ ហើយ​លោក ខូវ ឆាយ ជា​ប្រធានសហព័ន្ធ បាន​អះអាង​ថា ការពហិការ​នេះ គឺជាការសម្រេចចិត្តត្រឹមត្រូវ ព្រោះ​កាលស៊ីហ្គេម លើកទី​៣២ ឆ្នាំ២០២៣ នៅកម្ពុជា ថៃ ក៏បានពហិការមិនចូលរួមប្រកួតគុនខ្មែរដូចគ្នា។

លោក ខូវ ឆាយ បាន​លើក​ឡើង​ទៀត​ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មិនមែនជា មួយថៃ (Muay Thai) ឡើយ ហើយកម្ពុជាក៏មិនមានសហព័ន្ធកីឡាមួយថៃ នោះ​ដែរ ហេតុនេះ​ការធ្វើពហិការនេះ មិនខុសទៅនឹង​ចលនាអូឡាំពិក​នោះទេ។

លោក ខូវ ឆាយ បានប្រាប់ប្រព័ន្ធផ្សព្វ​​ផ្សាយ​ថា៖ «ការពហិការនេះ មិនពាក់ព័ន្ធជាមួយចលនាអូឡាំពិកទេ ដោយសារយើងទៅប្រកួតនេះ មិនមែន​ប្រកួតក្នុងកីឡាគុនខ្មែរ​ឡើយ គឺគេប្រកួត​កីឡា Muay Thai ហើយ​យើង មិនមែនជាសមាជិករបស់កីឡាមួយ​ហ្នឹងទេ ហេតុនេះ​យើងចូល​រួម ឬ​មិនចូលរួម ​ជាសិទ្ធិរបស់យើង ព្រោះ​កាលយើងរៀបចំគុនខ្មែរ ក៏គេមិនមកដែរ អ៊ីចឹង​ឥឡូវគេរៀបចំ​កីឡា Muay Thai វិញ ក៏យើងមិនទៅដែរ»។

ជាមួយគ្នានេះ លោក ខូវ ឆាយ បានអះអាង​ថា ក្នុងកាលៈទេសៈ ដែលប្រទេស​កម្ពុជា និង​ថៃ កំពុងមានជម្លោះបញ្ហាព្រំដែន​បែបនេះ ការបញ្ជូនអត្ដពលិកគុនខ្មែរ ទៅប្រកួត​ស៊ីហ្គេម នៅថៃច្បាស់ជាអាចបង្ក​ហានិភ័យណាមួយកើតឡើង ដោយក្រុមពួកថៃជាតិនិយមជ្រុល ហេតុ​នេះ​ការពហិការមិនប្រកួត គឺដើម្បីការពារដល់សុវត្ថិភាពអត្ដពលិក ព្រោះ​​​កន្លង​មក​កីឡាអត្ដ​សញ្ញាណជាតិ របស់​ប្រទេសទាំង២​នេះ តែងមាន​ការ​ប្រទាំងប្រទើសគ្នាខ្លាំង និងប្រឈមបង្កហិង្សាកើតឡើង។

ប្រធានសហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ​រូបនេះ បានសង្កត់​ធ្ងន់ថា៖ «យើងមិនបានគិតពីរឿងនយោបាយទេ ប៉ុន្ដែយើងគិតពីសុវត្ថិភាពអត្ដពលិករបស់យើង។ យើងឃើញថា ស្ថានការណ៍នៅទីនោះ មិនអាចផ្ដល់​ទំនុកចិត្តផ្នែកសុវត្ថិភាព និងភាពកក់ក្ដៅទៅដល់យើងបានទេ។ យើងមិនជឿជាក់លើការសន្យា(របស់ថៃ)នេះបានទេ»។

«គុនខ្មែរ និង Muaythai មានពាក់ព័ន្ធគ្នា​នឹង​រឿងវប្បធម៌ ហើយ​កន្លងមក យើងមានការប៉ះទង្គិចគ្នា។ យើងមានស្នាម និងរឿងអាស្រូវជាមួយគ្នាយូរណាស់ហើយ ដូច្នេះវាងាយនឹងបង្កើតជាបញ្ហា តែ​ប្រភេទកីឡាផ្សេង មិនអីទេ»។ លោក ខូវ ឆាយ បានបញ្ជាក់​បន្ថែម។

ដូចគ្នានេះ សហព័ន្ធ​កីឡាប៊ីយ៉ា​កម្ពុជា ​បានសម្រេច​ជា​ឯកច្ឆន្ទ ពហិការ​មិន​បញ្ជូន​ក្រុម​ប្រតិភូ អត្តពលិក និង​មន្ត្រី​ពាក់​ព័ន្ធ​ទាំង​អស់ ទៅ​ចូលរួមការ​ប្រកួត​កីឡា​ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ​នៅ​ប្រទេស​​ថៃដែរ ហើយសហព័ន្ធ​នេះ ក៏នឹង​មិន​ចូលរួម​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត នៅ​​ប្រទេស​ថៃ​ដែរ។

តាម​​​សេចក្តី​ថ្លែងការណ៍​ផ្លូវ​ការ​របស់សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា កាល​ពី​ថ្ងៃទី១៨ ខែវិច្ឆិកា បានបញ្ជាក់ថា ការធ្វើ​ការពហិការ មិន​ចូលរួម​ការ​ប្រកួតស៊ីហ្គេម និង​ព្រឹត្តិការណ៍​កីឡាផ្សេងៗ នៅប្រទេស​ថៃ ក្នុង​ឆ្នាំ​២០២៥​នេះ គឺជា​ការ​សម្រេច​ចិត្ត​​ដ៏លំបាក ដោយ​ផ្អែកលើហេតុផលចម្បងៗ​ចំនួន​២ ទី​១ កង្វល់ធ្ងន់ធ្ងរផ្នែកសុវត្ថិភាព និងសន្តិសុខ និងទី​២ ​បញ្ហា​ស្មារតី និង​តម្លៃ​ជាតិ។

លោក ជុំ កុសល ប្រធានសហព័ន្ធកីឡាប៊ីយ៉ា​កម្ពុជា បាន​អះអាង​តាម​រយៈ​​សេចក្តី​ថ្លែង​ការណ៍​ថា កាលៈទេសៈបច្ចុប្បន្ន រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ពុំទាន់មានលក្ខខណ្ឌអំណោយ​ផល​គ្រប់​​គ្រាន់ សម្រាប់​ធានា​សុវត្ថិភាព ជូន​ដល់​​ប្រតិភូ​​កីឡា​​កម្ពុជា​ឡើយ​។

លោក​បញ្ជាក់​ថា៖ «ជាមួយ​​នឹង​​ជម្លោះ​ព្រំដែន ដែល​នៅ​តែ​បន្ត និង​ការ​បន្ត​បិទ​ច្រក​ព្រំដែន​នានា ព្រម​ទាំង​ករណីអសន្តិសុខ ដែល​បាន​កើត​ឡើង ដោយ​ការ​បាញ់​ប្រហារ​​លើ​​ប្រជាជន​​កម្ពុជាពី​​សំណាក់​​កង​កម្លាំងយោធា​ថៃ ដែល​ជា​ទង្វើ​ផ្ទុយ​ពី​ស្មារតី​មនុស្ស​ធម៌ និង​កិច្ច​ព្រម​ព្រៀង​សន្តិភាព គឺ​បាន​បង្ក​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ក្លា​ ចំពោះ​សុខ​សុវត្ថិភាព​របស់​ក្រុម​ប្រតិភូ​យើង​ខ្ញុំ»។

លោកបានសង្កត់​ធ្ងន់​ថា៖​ «ក្នុង​នាម​ជា​អ្នក​តំណាង​ឱ្យ​​ជាតិ និង​ប្រជាជន​កម្ពុជា ការ​ចូលរួម​ប្រកួត​នៅ​ក្រោម​ស្ថានភាព ដែល​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួនកំពុងទទួល​រង​នូវ​ការ​ឈឺ​ចាប់ និង​ការ​បាត់​បង់​ជីវិត ដោយសារ​តែ​សកម្មភាព នៅ​តាម​បណ្ដោយ​ព្រំដែន គឺ​ជា​រឿង​ ដែល​មិនអាច​ទទួល​យក​បាន ​ទាំង​ផ្នែក​សីលធម៌ និង​ស្មារតី​ជាតិ។ ការចូលរួមប្រកួតកីឡា​នៅ​ពេលនេះ អាចចាត់​ទុក​ជាការ​មើល​​រំលង​​នូវ​ការ​ឈឺ​ចាប់​របស់​ប្រជា​ជាតិ​ទាំងមូល»។

ការប្រកួតកីឡាកាយសម្ព័ន្ធនារី ក្នុងព្រឹត្តិការណ៍កីឡាជាតិ កាលពី​ថ្ងៃទី៣០ ខែតុលា ឆ្នាំ​ ២០២៤ ហើយ​​ប្រភេទ​កីឡា​នេះ ក៏​នឹង​ត្រូវ​ចូល​រួមការ​​ប្រកួត​កីឡាស៊ីហ្គេម លើក​ទី៣៣ ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ​ផងដែរ។ (ខេមបូចា/ ស៊ា បញ្ញា)

 បន្ថែម​លើនេះ សហព័ន្ធ​ ​បាន​ធ្វើ​ការព្រមាន និងមិនទទួលខុសត្រូវ ចំពោះអ្នក​ចង់​ទៅ​ចូល​រួម​ ដោយអះអាង​ថា ទោះបីជាកីឡាករ កីឡាការិនីរបស់​សហព័ន្ធ​ ឬបុគ្គលជាជនជាតិខ្មែរណាផ្សេងទៀត ដែលមានចំណេះដឹងខាង​លេង​​កីឡា​​ប៊ីយ៉ា សម្រេច​ចិត្ត​ចូល​រួម​ប្រកួត​ណាមួយ​នៅ​លើ​ទឹក​ដីប្រទេស​ថៃ ដោយ​ខ្លួន​ឯង ហើយ​មិន​មែន​ជា​ការ​បញ្ជូនជា​ផ្លូវ​ការ​របស់​សហព័ន្ធទេ នោះ​សហព័ន្ធ នឹងមិនទទួល​ខុស​ត្រូវ ឬ​ដឹង​ឮ ចំពោះ​សុវត្ថិភាព ឬ​សកម្មភាព​របស់​បុគ្គល​នោះ​ឡើយ។

«បុគ្គល​ដែល​ចូល​រួម​ដោយ​ឯក​ឯង​​ទាំង​​នោះ មិន​តំណាង​ឱ្យ​កម្ពុជា ឬ​សហព័ន្ធ​កីឡា​ប៊ីយ៉ា​កម្ពុជា ជា​ផ្លូវ​ការ​ឡើយ»។ សហព័ន្ធ​កីឡាប៊ីយ៉ាកម្ពុជា បានបញ្ជាក់​នៅ​ក្នុងសេចក្តីថ្លែងការណ៍​របស់ខ្លួន។

ចំណែក លោក ណយ ផាណា អគ្គលេខាធិការ​សហព័ន្ធកីឡាកាយសម្ព័ន្ធ​កម្ពុជា បានអះអាង​ថា ការ​សម្រេច​ចិត្តបញ្ជូន​ប្រភេទ​កីឡា​កាយសម្ព័ន្ធកម្ពុជា ទៅ​ចូលរួមការ​ប្រកួតស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេស​ថៃ​នេះ គឺ​សហព័ន្ធ ក្រោមការ​ដឹកនាំ​របស់លោក​ទេសរដ្ឋមន្រ្តី ថោង ខុន បានពិនិត្យ​យ៉ាងគ្រប់​ជ្រុង​ជ្រោយ ពាក់ព័ន្ធទៅនឹងលក្ខន្តិកៈ និងបទដ្ឋាន​ផ្លូវច្បាប់​នានា គឺ​ធ្វើ​យ៉ាងណា​ឱ្យស្រប​តាម​លក្ខន្តិកៈ​របស់​សហព័ន្ធកីឡាកាយសម្ព័ន្ធ​អន្តរជាតិ ក្នុងនាម​យើងជាសមាជិក​ពេញ​សិទ្ធិ។

លោក​បានបញ្ជាក់ថា៖​ «យើង​ខ្ញុំ​ បានពិនិត្យ​គ្រប់ជ្រុង​ជ្រោយ​ទៅលើការងារ​មួយនេះ ដោយ​សារ​​នៅក្នុងលក្ខន្តិកៈ គេបានចែងច្បាស់​ថា ត្រូវប្រឆាំងដាច់​ខាត រាល់ការ​រើសអើងពាក់ព័ន្ធនឹងនិន្នាការ​នយោបាយ ជាតិសាសន៍ សាសនា ពណ៌សម្បុរ និង​សារធាតុហាមឃាត់ អ៊ីចឹង​ការ​ចូលរួម​របស់​យើងនេះ អនុវត្ត​ទៅតាមស្មារតីកីឡាពិត សាមគ្គីភាព មិត្តភាព គឺ​កីឡាជាវេទិកាសន្តិភាព ប្រកួតប្រជែងគ្នា ​ដោយភាពអត់ធ្មត់ មិន​បង្ក​បញ្ហា អ៊ីចឹង​នេះជា​ចំណុច​ ដែល​យើងបានអនុវត្ត​ទៅតាម​លក្ខន្តិកៈ ក៏ដូចជាបទដ្ឋាន​នានា​របស់សហព័ន្ធ​អន្តរជាតិ គឺ​រាល់​ព្រឹត្តិការណ៍​យើង​ត្រូវ​ទៅ​ចូលរួមការ​ប្រកួត»

ជាមួយគ្នានេះ លោក ណយ ផាណា បានឱ្យ​ដឹង​ថា ការ​ប្រកួតស៊ីហ្គេម មិនមែនជាបុព្វសិទ្ធិ​ផ្តាច់មុខ​របស់ប្រទេស​ណាមួយនោះ​ទេ តែ​ជា​បុព្វ​សិទ្ធិ​របស់​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ ទាំង​១១ប្រទេស គ្រប់​គ្រង​ដឹកនាំ រីឯ​ម្ចាស់​ផ្ទះ​ ជា​អ្នក​រៀបចំ​ទៅ​តាម​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សហ​ព័ន្ធកីឡា​អាស៊ីអាគ្នេយ៍ (SEAGF Council) ទាំង១១ប្រទេស។

លោក​ថ្លែង​ថា៖ «ស៊ីហ្គេម ជាព្រឹត្តិការណ៍​​២ឆ្នាំមាន​​ម្តង​របស់ប្រទេស​នីមួយៗ ដែល​ត្រូវ​ទទួល​លេខ​រៀងធ្វើម្ចាស់​ផ្ទះ ជាបន្ត​បន្ទាប់គ្នា អ៊ីចឹង​លទ្ធផលជា​មេដាយ មិនមែនជា​មេដាយ និងបំពាក់មេដាយ​របស់ម្ចាស់​ផ្ទះ​ថៃ​នោះ​ទេ ប៉ុន្តែជាមេដាយ​របស់​គណៈកម្មការរៀបចំ​​ហ្គេម ហេតុនេះ​យើងមើលឃើញ​ថា ការ​ចូលរួមនេះ វាសមស្រប​ទៅនឹង​លក្ខន្តិកៈ និងបច្ចេក​ទេស​របស់ហ្គេម ក៏ដូចជាលក្ខន្តិកៈរបស់សហព័ន្ធកីឡាជាតិ​ផ្ទាល់ និងសហព័ន្ធ​អន្តរជាតិ»។

ទន្ទឹមនឹងនេះ លោក ណយ ផាណា ក៏បាន​មើល​​ឃើញពីការ​លើក​ឡើង​របស់មហាជនជាច្រើន ដែល​បានសម្តែងការបារម្ភ​ទៅលើ​ក្រុមប្រតិភូកីឡា​កម្ពុជា សម្រាប់ការ​សម្រេច​ចិត្តចូលរួម​ការ​ប្រកកួតស៊ីហ្គេម នៅប្រទេស​ថៃ នាពេលខាងមុខ​នេះ ព្រោះពួកគាត់ ខ្លាច​ប្រតិភូកីឡា​កម្ពុជា គ្មានសុវត្ថិភាព។

ចំពោះ​បញ្ហានេះ លោក ផាណា បានសង្កត់​ធ្ងន់ថា៖ «ពួក​យើង ពិតជាសូមអរគុណ​ចំពោះការព្រួយបារម្ភ​របស់​មហាជន ប៉ុន្តែ​អ្វីដែល​យើងចូលរួមស៊ីហ្គេមនេះ គឺអនុវត្ត​ទៅតាម​មូលដ្ឋាន​គ្រឹះនៃ​ច្បាប់កីឡាជាសាកល និងច្បាប់កីឡាអន្តរជាតិ ក៏ដូចជាសហព័ន្ធកីឡាកាយសម្ព័ន្ធ​អន្តរជាតិ ក្រោមការ​ឯក​ភាព និងអនុញ្ញាត​ពីគណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និង​កីឡា ​ផងដែរ»

គួរបញ្ជាក់ថា សម្រាប់ការ​ប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ​ម្ចាស់ផ្ទះ​កម្ពុជា ដណ្តើមបានមេដាយមាស៨១ ប្រាក់៧៤ និង សំរឹទ្ធ១២៧ សរុបចំនួន ២៨២ ហើយ​ឈរនៅចំណាត់ថ្នាក់លេខ​៤ ក្នុងចំណោម​ ១១ប្រទេស ចំណែកស៊ីហ្គេម លើកទី៣៣ ឆ្នាំ​២០២៥ នៅប្រទេស​ថៃ​នេះ ​ក្រសួងអប់រំ យុវជន និង​កីឡា បានអនុញ្ញាត​ឱ្យប្រភេទកីឡា​ចំនួន៣៩ ប្រមូល​ផ្តុំ​ហ្វឹកហាត់ ត្រៀម​ការ​ប្រកួត​នេះ និងព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេងៗ​ទៀត ប៉ុន្តែ​ចុងក្រោយមាន​តែ​ប្រភេទ​កីឡាចំនួន២១ទេ ត្រូវបាន​សម្រេចបញ្ជូនឱ្យ​ទៅចូលរួមការ​ប្រកួតស៊ីហ្គេម​ លើក​នេះ៕

243 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម