សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ក្រៅពី​ ADB ​ខាង​ IMF ក៏​ព្យាករ​ថា ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​​នៅ​ត្រឹម​៣ភាគ​រយ​

អាគារ​ខ្ពស់ៗ​នៅ​ក្រុង​ព្រះ​សីហានុ​ដែល​សាងសង់​មិន​ទាន់សម្រេច ថត​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២៦​។ (ខេមបូចា/ព្រីង សំរាំង)​​​
អាគារ​ខ្ពស់ៗ​នៅ​ក្រុង​ព្រះ​សីហានុ​ដែល​សាងសង់​មិន​ទាន់សម្រេច ថត​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២៦​។ (ខេមបូចា/ព្រីង សំរាំង)​​​

ស្ថាប័ន​មូលនិធិ​រូបីយវត្ថុ​អន្តរជាតិ​ហៅ​កាត់​ថា​ IMF ​បាន​ឲ្យ​ដឹង​នៅ​សប្ដាហ៍​នេះ​ថា​​ សេដ្ឋកិច្ច​កម្ពុជា​​​នឹង​មាន​កំណើន​យឺត​គឺ​នៅ​ត្រឹម​៣ភាគ​រយ បើធៀប​នឹង​ឆ្នាំ​២០២៥ ​មាន​៥,៣​ភាគរយ​។ មូលហេតុ​​ដែល​នាំ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ថយ​ចុះ IFM  បាន​​លើក​ហេតុ​ផល​ថា​មក​ពី​តម្លៃ​ថាម​ពល​ឡើង​ថ្លៃ វិស័យទេសចរណ៍​ធ្លាក់​ចុះ និង​​ចំនួន​ប្រាក់​បញ្ញើ​ត្រឡប់​មក​ប្រទេស​កំណើត​របស់​ពលករ​​ចំណាក​ស្រុក​ក៏​ធ្លាក់​ចុះ ដែល​បញ្ហា​នេះ​បាន​ដាក់​បន្ទុក​យ៉ាង​ខ្លាំង​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​​​​។​

ការ​ព្យាករ​នេះ ​កើត​ក្រោយ​ការ​ព្យាករ​របស់​ធនាគារ​អភិវិឌ្ឍន៍​អាស៊ី ឬ​ADB  ប្រហែល​មួយ​សប្ដាហ៍​​។ ADB បាន​ទម្លាក់​តួលេ​ខ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៦ ​ពី​៤,១ភាគរយ មក​នៅ​ត្រឹម​៣,៩​ភាគ​រយ​វិញ ដោយ​លើក​ហេតុ​ផល​ថា​វិស័យ​ទេសចរណ៍ចុះ​ខ្សោយ វិបត្តិ​កើត​ឡើង​ដោយ​ការ​បិទព្រំដែន​គោក​រវាង​កម្ពុជា​-ថៃ និង​កង្វល់​ផ្សេង​ៗ​ទាក់​ទង​នឹង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ដែល​មាន​នៅ​កម្ពុជា​កន្លង​មក​។​ ចំណែក​អតិផរណា​ក្នុង​ឆ្នាំ​២០២៦ ​​វិញ ADB បាន​វាយ​តម្លៃ​ថាមាន​៤,៧ភាគរយ តែ​ IFM  ថាមាន​ចំនួន​៥,៦​ភាគរយ​។​​

ការ​សិក្សា​របស់ IFM  បាន​លើក​ឡើង​ថា៖ «កត្តា​​ហានិភ័យមួយ​ចំនួន​​ជា​ដើម​ចម​នៃ​ការ​ថយ​ចុះ​​កំណើន​សេដ្ឋកិច្ច ខណៈ​កត្តានាំ​ឲ្យ​មាន​អត្រាអតិផរណា​កើន​ឡើង​នៅ​តែ​មាន…​គោលនយោបាយ​​​ពាណិជ្ជកម្ម​​មិន​ប្រាកដ​ប្រជា​ និង​ការ​នៅ​តែ​មាន​សកម្មភាព​ឆបោក​តាម​អនឡាញ គឺ​បាន​ធ្វើ​ឲ្យ​ការនាំចេញ និង​វិស័យ​ទេចរណ៍​កាន់​តែ​ចុះ​ខ្សោយ រាំងស្ទះ​ដល់​​ការ​វិនិយោគ និង​កង្វល់​លើ​ស្ថិរភាព​ហិរញ្ញវត្ថុក៏​កើតមាន​ឡើង»។​ នេះបើ​តាម​ការ​សិក្សា​របស់​ IMF។​

IFM  រំពឹង​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​ហក់​ឡើង​ដល់​៤ភាគរយ​វិញ​នៅ​ឆ្នាំ​២០២៧ និង​ថា​អតិផរណា​នឹង​ចុះ​មកនៅ​៣,១ភាគរយ ដោយសារ​តម្លៃ​ថាម​ពល​អាច​នឹង​វិល​មក​រក​ភាព​ប្រក្រតី​វិញ​។​

ចំណែក​រដ្ឋាភិបាល​កម្ពុជា​វិញ​ក៏​មាន​ការព្យាករ​របស់​ខ្លួន​ដែរ ដោយ​ថា​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០២៦​ នឹង​មាន​៤,២​ភាគរយ និង​នៅ​ឆ្នាំ​២០២៧ នឹង​មាន​៥ភាគរយ​ ដោយ​ថា​កំណើន​នាំចេញ​ផលិត​ផល​មិនមែន​សម្លៀក​ពាក់​មាន​ការ​កើន​ឡើង​ខ្លាំងជា​ងការ​រំពឹង​ទុក ការ​ទទួល​បាន​វិនិយោគ​​ផ្ទាល់​ពី​បរទេស​បន្ថែម និង​រដ្ឋ​បាន​បន្ថែម​ការ​ចំណាយ និង​ធ្វើ​ឲ្យ​មាន​ភាព​ធន់​លើ​តម្រូវ​ការ​ប្រើ​ប្រាស់។ នេះ​បើ​តាម​របាយការណ៍​របស់ IMF។ ធនាគារ​ជាតិ​នៃកម្ពុជា​បាន​ប៉ាន់​ប្រមាណ​ថា​អតិផរណា​សម្រាប់​ឆ្នាំ​២០២៦ មាន​៤,៧ ​ភាគ​រយ​។​

IMF បាន​បញ្ជាក់​ទៀត​ថា ​សេដ្ឋកិច្ច​កម្ពុជា​កើន​ឡើង​កាល​ឆ្នាំ​២០២៥ គឺ​ផ្អែក​លើការ​នាំចេញ​​ផលិតផល​កម្មន្តសាល​ ការ​វិនិយោគ​ផ្ទាល់​ពីបរទេស និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធនានា​។ ប៉ុន្តែ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេសវិញ​បាន​ធ្លាក់​ចុះ​ជិត​៤៨ភាគរយ​នៅ​ឆមាស​ទី​១​ឆ្នាំ​២០២៦ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន ហើយ​បញ្ហា​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​ក៏​បាន​ធ្វើ​ឲ្យ​ពល​ករ​ចំណាក​ស្រុក​កម្ពុជា​ប្រហែល​១លាន​នាក់​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ដែល​ធ្វើ​ឲ្យ​កា​រផ្ញើ​ប្រាក់​ពី​បរទេស​មក​ស្រុក​កំណើត​ក៏​ធ្លាក់​ចុះ​​។​​

បើ​ទោះ​បីជា​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បាន​លើក​ឡើង​កាលពី​សប្ដាហ៍​មុន​ថា ​កម្ពុជា​បាន​កម្ទេច​ទីតាំង​ឆបោក​តាម​អនឡាញ​ធំៗ​ហើយ​ក្ដី ក៏​ IMF ​បាន​លើក​ឡើង​ថា​ការ​ខូច​ខាតមុខ​មាត់​របស់​កម្ពុជា​អំពី​រឿង​នេះ​នៅ​តែ​ជា​បញ្ហា​សម្រាប់​អ្នក​ទេស​ចរ និង​ទំនុក​ចិត្ត​របស់​អ្នក​ទាំង​នោះ និង​ថា​កង្វល់​លើ​អភិបាល​កិច្ច និង​នីតិរដ្ឋ​ ក៏​ជា​ឧបសគ្គ​រាំង​ស្ទះ​ដល់​អ្នក​វិនិយោគ​បរទេស​លំដាប់​ខ្ពស់​ផង​ដែរ។​​

នៅ​ក្នុង​ខែ​កញ្ញា រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​កម្មវិធី​មួយ​ដែល​មាន​ទឹកប្រាក់​១,២​ពាន់​លាន​ដុល្លារ​ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រជា​ពល​រដ្ឋ និង​ការងារ​រយៈពេល​ខ្លី និង​មធ្យម​។​ កាល​ពី​សប្ដាហ៍​មុន​ រដ្ឋាភិបាល​ចាប់​ផ្ដើម​បញ្ចេ​ញ​សាច់​ប្រាក់​សម្រាប់​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ចន្លោះពី​៤ម៉ឺន​រៀល ទៅ​៦ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ ដើម្បី​ជួយ​សម្រាល​បន្ទុក​កើត​ចេញ​ពី​ការឡើងថ្លៃ​របស់​ប្រេង​ឥន្ធនៈ ដោយ​ជំនួយ​សាច់​ប្រាក់​នេះ​នឹង​ធ្វើ​ឡើង​រហូត​ដល់​ខែ​ធ្នូ ឆ្នាំ​២០២៦​។ ត្រង់​ចំណុច​នេះ IFM ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​ដែរ​ថា​រដ្ឋាភិបាល​គួរ​កាត់​បន្ថយ​ការ​ឧបត្ថម្ភ​សាច់​ប្រាក់​លើ​ថ្លៃ​ប្រេង​ឥន្ធនៈ​​ជា​បណ្ដើរៗ​ដោយ​ទុក​សម្រាប់​តែ​ក្រុម​គ្រួសារ​ដែល​ត្រូវ​ការចាំ​បាច់​បំផុត​។​​

IFM ក៏​បាន​លើក​ឡើង​ថា ​កម្ពុជា​នៅ​មាន​«ភាព​កម្សោត​ខ្លាំង»​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ដោយថា​ធនាគារ ក្រុម​ហ៊ុន​ទូទាត់ប្រាក់ និង​កាស៊ីណូ ជា​ដើម​ មិន​ត្រូវបាន​ត្រួត​ពិនិត្យ​ថានរណា​ជា​ម្ចាស់​ ឬ​មានអំណះអំណាង​បញ្ជាក់​ថា​លុយ​ដែល​ពួក​គេ​ទទួល​បាន​មក​ពី​ប្រភព​ស្រប​ច្បាប់​នៅ​ពេល​ពួក​គេ​ទទួល​បាន​អាជ្ញាបណ្ណ​។ IMF  បានជំរុញ​ឲ្យ​ធនាគារ​ជាតិ​នៃកម្ពុជា និងគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហានេះ​ជា​ចម្បង​។ ​ក្នុង​ឆ្នាំ​នេះ​អាជ្ញាធរ​កម្ពុជា​បាន​បិទ​ធនាគារ​តូច​ៗចំនួន​ប្រាំ ហើយ​បី​ក្នុង​ចំណោម​នោះ​បានជាប់​ទណ្ឌកម្ម​ពី​ក្រ​សួង​រតនាគារអាមេរិក​ដោយ​ចោទថា​ជាប់​ពាក់ព័ន្ធ​បណ្ដាញ​ឆបោក​តាម​អនឡាញ​។​

ដូច​គ្នា​ដែរ IFM បាន​រក​ឃើញ​ថា​កម្ចីខូច​បាន​កើន​ឡើង​ជិត​៨ភាគរយ ក្នុង​ចំណោម​ប្រាក់​កម្ចី​សរុប​នៅ​ឆ្នាំ​២០២៥​។​

អ្នកនាំពាក្យ​ក្រ​សួង​សេដ្ឋកិច្ច​លោក មាស សុខសេនសាន មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង​រាល់​សម្មភាព​ទាំង​ឡាយ​ណាដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​មក​លើ​កម្ពុជា​​។​

លោក​ឱ្យ​ដឹង​ថា​៖ ​«​ជាមួយ​គ្នា​នេះ វា​ជា​រឿង​ចាំ​បាច់​ដែល​យើង​ត្រូវ​ទទួល​ស្គាល់​ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ស្គាល់ជា​សាធារណៈ​អំពី​បញ្ហា​សំខាន់ៗ និង​បាន​បង្កើន​វិធានការ​ចាំ​បាច់​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នោះ»។

លោក​បញ្ជាក់ថា៖ ​«​កេរ្តិ៍ឈ្មោះ និង​ទំនុ​កចិត្ត​ជា​ទ្រព្យ​សម្បត្តិ​របស់​សេដ្ឋកិច្ច»។​

លោក គី សេរីវឌ្ឍន៍ អ្នក​សេដ្ឋកិច្ច និង​ជា​នាយក​វិទ្យាស្ថាន​សិក្សា​ចិន របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា មាន​ប្រសាសន៍​ថា ​ធនាគារ​ជាតិ​បាន​បង្ហាញ​កង្វល់​ដូច​គ្នា​ទៅ​នឹង​រដ្ឋាភិបាលលើ​វិស័យ​ហិរញ្ញវត្ថុ ប៉ុន្តែ​នៅ​ខ្វះ​ឧបករណ៍​តាម​ដាន​ការ​ផ្ទេរ​ប្រាក់​ដែល​មិន​ស្រម​ច្បាប់​។​

លោក​ឱ្យ​ដឹង​ទៀត​ថា៖ «​ខ្ញុំ​ជឿថា​មាន​យន្តការ​ជាក់​លាក់​មួយ​ចំនួន​ដែលធនាគារ​ជាតិ​ប្រហែល​​ជា​មិន​អាច​តាម​ដាន​ដឹង​ពី​ការ​ផ្ទេរ​ប្រាក់[ខុសច្បាប់]​ ទាំង​នោះ ជា​ពិសេស​តាម​រយៈរូបិយបណ្ណ​​គ្រីបតូ ដែល​វា​ស្ថិ​ត​នៅ​ក្រៅ​ការ​គ្រប់​គ្រង​របស់ធានាគារ​ជាតិ»។ ​លោក​ថ្លែង​​នេះ​គឺ​​សម្ដៅ​ដល់​កង្វល់​ទាក់ទង​​ដំណើរ​ការ​របស់​ក្រុម​ឆបោក​ប្រើប្រាស់​ធានាគារ​ស្រប​ច្បាប់ និង​ក្រុម​ហ៊ុន​ទូទាត់​ប្រាក់​សម្រាប់លាងលុយ​។​​

លោក​បន្តថា៖ «បើ​សិន​ជា​ប្រព័ន្ធធនាគារ​ដួល​រលំ វា​ក៏​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​យើង​ដួល​រលំ​ដែរ»។​

IMF  និយាយ​ថា​ ភាព​ទន់​ខ្សោយ​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​បាន​កើន​ឡើង ប៉ុន្តែ​ថា​ប្រព័ន្ធគ្រប់​គ្រង​ហានិ​ភ័យ​នៅ​តែ​ដដែល​៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ After ADB Cut, IMF Sees Cambodia’s Growth Slowing to 3%

ព័ត៌មានថ្មី

អត្ថបទពេញនិយម